រជ្ជកាលដែលក្រុងបាកដាដឡើងដល់ក្នុងយុគសម័យដ៏អស្ចារ្ស ពីឆ្នាំ៧៨៦មុនគស តំណាលពី ក្មេងជំទង់ម្នាក់ឈ្មោះថា អាឡាដាំងដែលឆ្លាតនិងរហ័សរហួនសព្វសារពើ។ ឳពុក របស់អាឡាដាំង បានស្លាប់ទៅ បន្សល់ទុកនូវ ម្ដាយម៉េម៉ាយល្ងង់ខ្លៅរក្សាគេ តែគ្រួសារនេះបានគោរពសាសនាខ្ជាប់ ខ្ជួន។
ម្តាយគេតែងបួងសួងថា ទោះជីវិតគាត់លំបាកដល់ថ្ងៃមរណាសុំតែកូនប្រុសមានភព្វសំណាងភ្លឺស្វាង។
មានថ្ងៃមួយ ពេលអាឡាដាំង កំពុងដើរចច្រប់រកការងារលីសែងធ្វើយកប្រាក់ទិញខោអាវខែរងា ជាមួយមិត្តភ័ក្ដិគេ ស្រាប់តែមានមនុស្សចម្លែកម្នាក់ ស្លៀកពាក់ដូចជនពនេចរមកពីនគរឆ្ងាយ មកឈរផ្អៀងផ្អងមើលគេ។
មួយសន្ទុះបុរសនោះពោលសួរអាយុគេ ហើយបញ្ជាក់ឡើងថា៖
-តើឯងជាកូនប្រុសរបស់ ម៊ូស្ដាប៉ា មែនទេ?
អាឡាដាំង បានឆ្លើយតបដោយឥតស្ទាក់ស្ទើរថា ៖
-បាទ! ខ្ញុំជាកូនរបស់គាត់។
តាមពិត បុរសចម្លែកម្នាក់នោះជាអ្នកចេះប្រើយុទ្ធសិល្ប៍ មន្តអាគមអូមអាម ដ៏ល្បីល្បាញម្នាក់ ដែលទើបតែត្រាច់ចរមកពីទ្វីបអាហ្វ្រិក។ ក្រោយពីស្ដាប់ចម្លើយរបស់គេរួច បុរសម្នាក់នោះបានមក អង្អែលក្បាល និងថើបរូបគេ រួចនិយាយថា ៖
-ខ្ញុំជាពូរបស់ឯង ណាក្មួយប្រុស។ យើងស្គាល់ឯង ដោយសារឯង មានមុខប្រហាក់ប្រហែលបងប្រុសយើង។ ទៅប្រាប់ម្ដាយឯងទៅ ថាយើងមកលេង។
ក្រោយពីបានឮបែបនេះភ្លាម អាឡាដាំង មិនបាននៅលេងជាមួយមិត្តភ័ក្ដិគេទៀតទេ គេបានរត់ទៅផ្ទះ ហើយបានប្រាប់ម្ដាយពីរឿងបានជួបពូម្នាក់នោះ។
ឮដូចនេះ ម្ដាយអាឡាដាំង បានសួរទៅកូនវិញទាំងទឹកមុខញញឹមថា ៖
-ពិតមែនហ៎កូន? ឪពុកឯងមានប្អូនប្រុសម្នាក់ តែម៉ែគិតថា គាត់ស្លាប់បាត់យូរហើយ។ ម៉ែ មិនដែលបានជួបមុខមាត់គាត់ទេ។
ម្ដាយរបស់គេបានរៀបចំបង្អែម និងអាហារ ហើយប្រាប់អាឡាដាំងឲ្យទៅហៅពូរបស់គេមក។
បុរសម្នាក់ដែលអះអាងថាជាពូរបស់អាឡាដាំងបានដើរដោយនាំយកស្រា និងផ្លែឈើមកជាមួយផង។ ក្រោយពីចូលដល់ផ្ទះភ្លាម គាត់បានលុតជង្គង់ ហើយអង្អែលកន្លែងដែល លោក ម៊ូស្ដាប៉ា ឪពុករបស់ អាឡាដាំង ធ្លាប់អង្គុយ រួចនិយាយទៅកាន់ម្ដាយរបស់អាឡាដាំងថា ៖
–កុំភ្ញាក់ផ្អើលអី។ នាងមិនដែលបានជួបខ្ញុំទេ ព្រោះថា ខ្ញុំបានចាកចេញពីប្រទេសជាង ៤០ឆ្នាំហើយ។
ដោយនិយាយបានបន្តិច គាត់បានបែរទៅមើលមុខ អាឡាដាំង ហើយសួរទៅគេថា ៖
–ឯងចង់ធ្វើជំនួញអីអត់ក្មួយ?
ដោយឮបែបនេះ ម្ដាយអាឡាដាំងបានស្រស់ទឹកភ្នែកដោយមានសង្ឃឹមថាគាត់នឹងមានសង្ឃឹមថា ពូរបស់អាឡាដាំងនឹងអាចកែប្រែអាឡាដាំងបាន។ ម្ដាយអាឡាដាំង ក៏នឹកស្រណោះដល់ប្ដីគាត់ដែរ បើសិនជាគាត់នៅរស់នោះនឹងបានជួបគ្នាជាប្អូនគាត់ នឹងអាចរកស៊ីជាមួយគ្នា មិនពិបាកដូចសព្វថ្ងៃនោះទេ។
បុរសម្នាក់នោះ ប្រាប់ អាឡាដាំង ថា ចង់ឱ្យគេមើលថែហាងរបស់គាត់មួយ។
ក្រោយពីបានស្នាក់នៅផ្ទះអាឡាដាំងមួយយប់ ពូអាឡាដាំង បាននាំ អាឡាដាំង ទៅទិញសំលៀកបំពាក់ថ្មីៗ ហើយនាំដើរលេងជុំវិញក្រុងរហូតដល់យប់ជ្រៅទើបត្រលប់មកវិញ។ ម្ដាយរបស់អាឡាដាំងសប្បាយចិត្តខ្លាំងណាស់ ព្រោះបានឃើញគេបានដើរលេងជាមួយពូគេ ហើយក៏គាត់មានសង្ឃឹមថា គេនឹងចេះគិតគូរ ជួយគ្រួសារ មិនដូចពីមុននោះទេ។
នៅថ្ងៃបន្ទាប់ បុរសម្នាក់នោះបានទៅលេងក្នុងសួនដ៏ស្រស់ស្អាតមួយកន្លែងទៀត នៅក្រៅក្លោងទ្វាក្រុង។ បន្ទាប់ពីដើរលេងអស់កម្លាំង អ្នកទាំងពីរបានអង្គុយនៅកន្លែងបាញ់ទឹក ហើយពូ អាឡាដាំង ក៏បានយកនំដែលគាត់ទុកក្នុងសម្ពាយរុំជាប់ចង្កេះ ចែកជាពីរចំណែក ដោយមួយចំណែកហុចទៅឲ្យអាឡាដាំង និងមួយចំណែកទៀតទុកសម្រាប់ខ្លួនគាត់។ ក្រោយពីអង្គុយមួយសន្ទុះ អ្នកទាំងពីរ បានបន្តដំណើរឡើយភ្នំទៀត។ ដោយមិនធ្លាប់ឡើងភ្នំពីមុនមក ក្រោយពីឡើងបានមួយស្របក់ អាឡាដាំង ហត់ អស់កម្លាំង ហើយក៏សុំពូគេគេទៅផ្ទះវិញ។
ពូគេ មិនបានអនុញ្ញាតឲ្យទៅផ្ទះភ្លាមនោះទេ ដោយគាត់អង្គុយសម្រាកបន្តិច និងនិយាយពីនេះពីនោះ និងបាននិទានរឿងកំប្លែងប្រាប់គេ ដើម្បីបន្លប់អារម្មណ៍នឿយហត់ និងចង់ទៅផ្ទះវិញ។
សម្រាកប្រហែលមួយសន្ទុះ អ្នកទាំងពីរបានបន្តដំណើរទៅឡើងភ្នំ ពីរទៀតដែលមានជ្រោះដ៏ជ្រៅ មួយនៅចំកណ្ដាល។
ក្រោយពីឡើងបានបន្តិច ពូអាឡាំង បានងាកប្រាប់ អាឡាដាំង ថា គាត់នឹងបង្ហាញរឿងដ៏អស្ចារ្យប្រាប់គេ។
–យើងនឹងបន្តដំណើរទៅមុខទៀត។ ពូនឹងបង្ហាញឯងនូវរបស់ដ៏អស្ចារ្យមួយ ដែលឯងមិនដែលឯងមិនដែលធ្លាប់ឃើញពីមុនមក។ ឯងទៅប្រមូលកម្ទេចអុសមក យើងនឹងដុតភ្លើងឲ្យឯងមើល។
តាមពិតទៅបុរសម្នាក់នេះបានរៀនសិល្ប៍វិជ្ជា មន្តអាគមអូមអាម អស់ពេលជាច្រើនឆ្នាំ តែមិនដែលមករស់នៅទឹកដីអាណាចក្រដែលគ្រប់គ្រងដោយព្រះចៅស៊ុលតង់នោះទេ។
ក្រោយពីអាឡាដាំងទៅយកកម្ទេចឧសមកហើយ រំពេចនោះ ពូ អាឡាដាំង បានសូត្រមន្តអាគម និងបានបញ្ចេញថាមពលធ្វើឱ្យកក្រើកភ្នំ។ ស្រាប់តែពេលនោះ ដីនៅលើកំពូលភ្នំបានរង្គើម្ដងបន្តិចៗ រួចប្រេះបែកនៅចំមុខអាឡាដាំង។ ក្រោយមក បុរសម្នាក់នោះបានបង្ហាញផ្ទាំងថ្មរាងសំប៉ែតការ៉េនៅក្បែរនោះ ដោយមានកងដែកផុសចេញមក សម្រាប់បើក។
អាឡាដាំង បានឃើញបែបនេះ មានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង ហើយប្រុងរត់ចេញពីបុរសម្នាក់នោះ ប៉ុន្តែត្រូវបុរសនោះឃាត់មិនឱ្យទៅណានោះទេ។
អាឡាដាំង បានសួរពូគេទាំងភ័យតក្កមាថា៖
-តើពូកំពុងធ្វើអ្វីហ្នឹង? បុរសនោះ បានឆ្លើយដោយសម្ដីទន់ភ្លន់ទៅវិញថា ៖
-កុំភ័យអីក្មួយ។ យើងមានកំណប់ទ្រព្យដ៏មានតម្លៃ នៅខាងក្រោមផ្ទាំងថ្មក្នុងរូងភ្នំខាងក្រោម។ គ្មាននរណាម្នាក់អាចប៉ះពាល់បាននោះទេ តែឯងត្រូវធ្វើតាមយើង ទើបឯងអាចយកវាបាន។
ដោយឮថា មានកំណប់ អាឡាដាំង បាត់អស់ភាពភ័យខ្លាច ហើយបានចាប់កាន់ដែកទំពក់ ដោយនឹកទៅដល់ឈ្មោះឪពុក ម៉ែ និងយាយរបស់គេ ក្នុងទឹកចិត្តដ៏មុះមុតថានឹងយកកំណប់នោះឱ្យទាល់តែបាន។
បន្តិចក្រោយមក ផ្ទាំងថ្ម នៅលើភ្នំនោះ ក៏បានរំកិលចេញ ហើយក៏ឃើញមានជណ្ដើរជាច្រើនកាំចូលទៅក្នុងរូងភ្នំ។
បុរសនោះបាននិយាយទៅកាន់អាឡាដាំងថា ៖
-ឯងចុះទៅក្រោមទៅ។ ទៅតាមជណ្ដើរនោះ ឯងនឹងឃើញទ្វាបើកចំហមួយ រួចដើរចូលទ្វានោះទៅ ឯងនឹងឃើញបន្ទប់ធំៗចំនួនបីរួចឯងត្រូវដើរកាត់បន្ទប់ទាំងបីនោះទៅមុខត្រង់ តែមិនត្រូវប៉ះពាល់អ្វីទាំងអស់ បើមិនដូច្នោះទេ ឯងនឹងស្លាប់នៅក្នុងរូងភ្នំនោះជាមិនខាន។ ឆ្លងកាត់បន្ទាប់ទាំងបីនោះ ឯងនឹងទៅដល់សួនមួយដែលមានដើមឈើដ៏ស្រស់បំព្រង។ ឯងត្រូវបន្តដំណើរឆ្លងកាន់សួននោះ ទៅមុខទៀត រហូតដល់ឃើញកន្លែងដែលមានចង្កៀងមួយកំពុងតែឆេះមួយ។ ក្មួយឯងត្រូវចាក់ប្រេងពីចង្កៀងនោះ ចេញហើយយកចង្កៀងនោះមកឱ្យយើង។
បន្ទាប់មកបុរសម្នាក់នោះ បានជប់ចិញ្ចៀនដោយប្រើប្រាមដៃរបស់គាត់គូរជារាងចិញ្ចៀន រួចហុចទៅឲ្យអាឡាដាំង ហើយនិយាយទៅកាន់រូបអាឡាដាំងថា ៖ ឯងយកចិញ្ចៀននេះពាក់ទៅក្មួយ។ ថែរក្សាខ្លួនណា។ ឯង ត្រូវយកចង្កៀងនោះយកមកឱ្យយើងឱ្យបានណា។
ក្រោយពីចូលទៅក្នុងរូងភ្នំបានបន្តិច អាឡាដាំង បានឃើញអ្វីៗគ្រប់យ៉ាងដូចដែលបុរសម្នាក់នោះបានប្រាប់។
គេបានដើរកាត់តាមជណ្ដើរនៅក្នុងរូងភ្នំនោះ ហើយថែមទាំងបានយកផ្លែឈើមកជាមួយផង ព្រមទាំងបានរកឃើញចង្កៀងដូចដែលបុរសម្នាក់នោះប្រាប់អីចឹង។
នៅពេលដែលអាឡាដាំងយកចង្កៀងនោះបានហើយ គេក៏ប្រញាប់រត់ចេញពីរូងភ្នំវិញ។ ខណៈពេលកំពុងរត់ជិតផុតមាត់រូងភ្នំហើយ ស្រាប់តែបុរសម្នាក់នោះបន្លឺសំឡេង ដ៏គួរឱ្យខ្លាច និងខ្លាំងៗដាក់អាឡាដាំងថា ៖
-រត់ឲ្យលឿនមក ហើយឱ្យចង្កៀងមកយើងភ្លាម។
ឮបែបនេះ ធ្វើឱ្យអាឡាដាំងភ្ញាក់ខ្លួនព្រើតតែម្ដង តែគេមិនបានឱ្យទៅបុរសនោះទេ។ គេព្យាយាមរត់គេចដើម្បីចេញឱ្យផុតពីរូងភ្នំ។ បន្ទាប់មក បុរសនោះខឹងយ៉ាងខ្លាំង ព្រោះថាអាឡាដាំងមិនព្រមឱ្យចង្កៀងនោះទៅគេ។ រំពេចនោះ ផ្ទាំងថ្មមួយផ្ទាំងធំ ក៏បានហោះទៅទីតាំងដើមរបស់វាវិញ បិទជិតរូងភ្នំនោះដែលអាឡាដាំងបានចូលទៅចង្កៀងនោះ ហើយអ្វីៗគ្រប់យ៉ាងបានប្រែជាមានស្ថានភាពដូចដើមវិញ។
ស្របពេលងងឹតផង អាឡាដាំងបានគេចផុតពីក្រញាំដៃបុរសម្នាក់នោះ។
ដោយយកចង្កៀងមិនបានសម្រេច ហើយគិតថាអាឡាដាំងប្រហែលនឹងស្លាប់នៅក្នុងរូងភ្នំនោះផង បុរសម្នាក់នោះ ក៏បានចាកចេញពីអាណាចក្រពែក្យត្រលប់ទៅអាហ្វ្រិកវិញ។
តាមពិតទៅ បុរសម្នាក់នោះ មិនមែនជាពូរបស់អាឡាដាំងនោះទេ តែគេជាជនដែលបានរៀនសិល្បសាស្ត្រ និគម្ពីរវេទ និងបានអានសៀវភៅបានដឹងពីរឿងចង្កៀងទិព្វក្នុងរូងភ្នំនោះ។ ចង្កៀងនោះ នឹងអាចធ្វើឲ្យគេកាន់តែមានថាមពល រស់នៅជាអមត និងក្លាយជាបុរសដែលខ្លាំងជាងគេក្នុងលោក។
មានតែគេបុរសម្នាក់នេះគត់ ដែលបានដឹងពីរឿងចង្កៀងនេះគេមិនអាចទៅយកចង្កៀងនោះដោយផ្ទាល់ដៃបាននោះទេ ព្រោះថាក្នុងរូងភ្នំនោះអាចនឹងមានវត្ថុការពារ ដែលអាចសម្លាប់ជីវិតគេបានជាយថាហេតុ។ អីចឹងបានជាគេ ប្រើប្រាស់អាឡាដាំងដើម្បីសម្រេចបំណងរបស់គេ។ ប៉ុន្តែផ្ទុយទៅវិញ គោលបំណងបែរជារលាយសាបសូន្យទៅវិញ។
ក្រោយពីគេចខ្លួនរួច អាឡាដាំងបានជាប់នៅក្នុងព្រៃងងឹតរយៈពេលពីរបីថ្ងៃ។ គេយំផង និងដើររហូតដល់ទន់ជង្គង់ទៅមុខលែងរួច។ ដោយអស់សង្ឃឹម និងគិតថា ជីវិតរបស់គេប្រហែលជានឹងចោលនៅក្នុងព្រៃនោះ អាឡាដាំងបានលើកដៃសំពះ អង្វរករវត្ថុសក្ដិសិទ្ធិក្នុងព្រៃនោះឱ្យជួយគេផង។
ក្រោយពីនិយាយចប់ គេស្រាប់តែនឹកឃើញចិញ្ចៀនដែលបុរសម្នាក់នោះបានឱ្យគេ មុនចូលទៅយកចង្កៀង។ អាឡាដាំង បានយកដៃទៅអង្អែលចិញ្ចៀននោះ។ អង្អែលៗស្រាប់តែមានអារក្សហោះចេញពីចិញ្ចៀននោះ ដែលធ្វើឱ្យអាឡាដាំងភិតភ័យយ៉ាងខ្លាំង។ អារក្សចិញ្ចៀនបាននិយាយទៅកាន់រូបគេថា ៖
-កុំភ័យអី។ ខ្ញុំជាអារក្សជាចិញ្ចៀន ដែលរស់នៅក្នុងចិញ្ចៀននេះ។ តើលោកម្ចាស់ចង់បានអ្វី? ខ្ញុំអាចជួយលោកម្ចាស់បាន។
ដោយឮបែបនេះ អាឡាដាំង ហាក់មានកម្លាំង និងសង្ឃឹមឡើងវិញ រួចបានឆ្លើយតបទៅកាន់អារក្សចិញ្ចៀនដោយទឹកមុខរីករាយទៅវិញថា ៖
-យកយើងចេញពីទីនេះទៅ។
អារក្សចិញ្ចៀន ក៏បាននាំ អាឡាដាំង បានឃើញពន្លឺថ្ងៃវិញ ហើយគេក៏បានទៅដល់ផ្ទះដោយសុវត្ថិភាព។
នៅពេលដែលអាឡាដាំង ទៅដល់ផ្ទះ គេបានបានប្រាប់រឿងរ៉ាង គ្រប់យ៉ងដល់ម្ដាយរបស់គេ ហើយថែមទាំងបានបង្ហាញម្ដាយគេ ផ្លែឈើដែលគេបេះបានពីរូងភ្នំថែមទៀតផង។
អង្គុយសន្ទុះ ដោយខានស្គាល់រសជាតិបាយពីរបីថ្ងៃ អាឡាដាំង ក៏បានឱ្យម្ដាយគេរៀបចំអាហារឱ្យគេ។
ម្ដាយរបស់គេបាននិយាយទៅកាន់អាឡាដាំងថា ៖
-កូនសំឡាញ់! ម្ដាយគ្មានបាយទេ។ ម្ដាយសល់តែសំពត់នេះ ចាំម្ដាយយកវាទៅលក់ដូរយកបាយមកឱ្យឯង។
អាឡាដាំងបានឆ្លើយប្រាប់ម្ដាយវិញថា ៖
-ម៉ែ មិនបាច់លក់សំពត់នេះទេ ចាំខ្ញុំយកចង្កៀងនេះទៅលក់វិញម៉ែ។ នេះនែ…ម៉ែយកទៅលក់ទៅ។
ដោយសារតែចង្កៀងនោះប្រឡាក់ប្រឡូសពេក ម្ដាយរបស់អាឡាដាំង ក៏បានយកវាទៅដុះលាងចេញ ដើម្បីលក់បានតម្លៃថ្លៃ។ កំពុងតែដុះៗ ស្រាប់តែអារក្សចង្កៀងនោះចេញមក ហើយសួរទៅម្ដាយអាឡាដាំងថា៖ តើនាងម្ចាស់ចង់បានអ្វី? ម្ដាយអាឡាដាំងភ័យជាពន់ពេក បន្ទាប់ពីឃើញដូច្នេះ។ អាឡាដាំងបានចាប់កាន់ចង្កៀង យ៉ាងប្រញាប់ក្រោយពីបានឃើញអារក្សចង្កៀងបែបនេះ។ អាឡាដាំងបាននិយាយទៅកាន់អារក្សចង្កៀងថា ៖
-ឯងទៅរកអី ឲ្យយើងស៊ីបន្តិច។ អារក្សចង្កៀងនោះ បានជប់គោមប្រាក់មួយ ចានទាបប្រាក់ចំនួន១២ ដោយមានម្ហូបពេញចាន។ ក្រៅពីនេះនៅមានកែវទឹកប្រាក់ពីរទៀត រួមជាមួយស្រាពីរដបផង។
ភ្លាមៗនោះ ម្ដាយរបស់អាឡាដាំងមានការភ្ញាក់ផ្អើលមែនទែន ស្រែកដោយសំឡេងភ្ញាក់ផ្អើលថា ៖
-អាហារនិងចានមានតម្លៃទាំងនេះ បានមកពីណាកូន?
អាឡាដាំងឆ្លើយទៅវិញថា ៖ ម៉ែ មិនចាំបាច់សួរទេ ពិសាទៅ។
ពីរនាក់ម្ដាយកូន អង្គុយហូបអាហារពេលព្រឹកយ៉ាងឆ្ងាញ់ពិសា និងរហូតដល់ពេលល្ងាចក៏ហូបអាហារនោះទៀត។ អាឡាដឹង ក៏បានប្រាប់ពីអាថ៌កំបាំងនៃចង្កៀងនោះដល់ម្ដាយ។
ដោយភ័យខ្លាចថា ចង្កៀងទិព្វនោះអាចបង្កគ្រោះថ្នាក់ដល់អាឡាដាំង ម្ដាយរបស់គេ ក៏បានប្រាប់ឲ្យគេលក់ចោល ហើយកុំឱ្យធ្វើអ្វីបន្តទៀតជាមួយចង្កៀងនោះ។
អាឡាដាំងបានឆ្លើយទៅវិញថា ៖
-ទេម៉ែ។ ខ្ញុំស្ទើរតែបាត់បង់ជីវិតទម្រាំបានចង្កៀងនេះមក។ វាមានតម្លៃណាស់ យើងនឹងបន្តប្រើប្រាស់វា ហើយចិញ្ចៀននេះក៏អីចឹងដែរ។ ខ្ញុំមិនអាចបោះបង់វាចោលដោយទទេៗនោះទេ។
ឱ្យតែអស់អាហារ អារក្សចង្កៀងនឹងជប់ឱ្យគ្រួសារអាឡាដាំងរាល់ពេល។ ក្រោយមកទៀត អាឡាដាំង បានលក់ចានប្រាក់ កែវប្រាក់ ម្ដងមួយៗ រហូតទាល់តែអស់។ ក្រោយពីលក់អស់ គេឱ្យអារក្សចិញ្ចៀន ជប់ឱ្យថែមទៀត។ គ្រួសាររបស់អាឡាដាំង រស់នៅក្នុងស្ថានភាពសុកស្រួលបែបនេះ អស់ពេលជាច្រើនឆ្នាំ។
ថ្ងៃមួយ អាឡាដាំង ក៏ដូចជាពលរដ្ឋផ្សេងទៀត បានទទួលរាជបញ្ជារបស់ស្ដេចស៊ុលតង់ ដែលបានប្រកាសថា ឱ្យពលរដ្ឋគ្រប់រូបនៅផ្ទះគ្រប់ៗគ្នា បិទទ្វា បង្អួច ដោយមិនត្រូវចេញទៅណាជាដាច់ខាត ព្រោះបុត្រីរបស់ព្រះអង្គត្រូវទៅស្រង់ទឹកនៅ ក្នុងភូមិមិនឆ្ងាយពីផ្ទះអាឡាដាំង។
ភ្លាមៗនោះ អាឡាដាំង មានចិត្តចង់ឃើញព្រះភ័ក្ត្រទ្រង់។ ដូចដែលដឹងស្រាប់ហើយថា ស្ត្រីម៊ូស្លីម ប្រើស្បៃបិទមុខដោយទុកតែរង្វង់ភ្នែកតែប៉ុណ្ណោះតាំងពីបុរាណកាលមក ចំណែកព្រះនាងវិញក៏ដូចគ្នានឹងស្ត្រីដទៃទៀតដែរ។
នៅថ្ងៃដែលព្រះនាងមកស្រង់ទឹក អាឡាដាំងបានទៅលាក់ខ្លួននៅមាត់ទ្វាបន្ទប់ទឹក ហើយលួចមើលព្រះភ័ក្ត្រព្រះនាងតាមចន្លោះប្រហោងមួយ។ ព្រះនាងបានដកស្បៃមុខចេញ ពេលដែលយាងចូលទៅដល់ក្នុងបន្ទប់ទឹក។ ភ្លាមនោះធ្វើឱ្យអាឡាដាំងកើតចិត្តស្រលាញ់ព្រះនាងយ៉ាងខ្លាំង។
បន្ទាប់ពីបានលួចមើលព្រះភ័ក្ត្រ អាឡាដាំងបានត្រលប់ទៅផ្ទះវិញ។ ការណ៍នេះធ្វើឱ្យម្ដាយគេភិតភ័យយ៉ាងខ្លាំង ព្រោះគាត់ដឹងថាកូនគាត់ទៅលមលួចមើលបុត្រីស្តេចស៊ុលតង់ ដែលនេះបានល្មើសនឹងរាជបញ្ជារបស់ស្ដេច។
អាឡាដាំង បានរៀបរាប់ប្រាប់ម្ដាយថា ៖
-ម៉ែ ខ្ញុំស្រលាញ់បុត្រីស្តេចស៊ុលតង់ខ្លាំងណាស់។ ខ្ញុំមិនអាចរស់នៅដោយអត់ព្រះនាង បានទេ ម៉ែត្រូវចូលស្តីព្រះនាងយកមកធ្វើជាប្រពន្ធឱ្យបាន។ ព្រះនាងមានសម្រស់ ស្អាតគ្មានពីរទេម៉ែ។
ឮដូចនេះ ម្ដាយក៏អស់សំណើចជាខ្លាំង ព្រោះគិតថាអាឡាដាំងនិយាយលេង។ តែនេះមិនមែនជាការនិយាយលេងរបស់គេនោះទេ គឺគេចង់ឱ្យម្ដាយទៅស្ដីដណ្ដឹងព្រះនាងពិតប្រាកដមែន។
ដោយដឹងថា អាដាឡាំងលង់ស្រលាញ់ព្រះនាងមែនទែន ហើយតែងតែបង្ខំឱ្យគាត់ទៅស្តីដណ្ដឹង គាត់ក៏រៀបចំខ្លួនដើម្បីទៅស្ដីព្រះនាងឱ្យអស់ចិត្តកូន ដោយទាំងគ្មានក្ដីសង្ឃឹមបន្តិចសោះថាបានជោគជ័យ។
ម្ដាយអាឡាដាំង បានយកកន្សែងបុរាណសម្រាប់ជូនមាត់ និងយកមកដាក់ក្នុងផ្លែឈើដែលបេះបានពីចម្ការដ៏ស្រស់ស្អាតកាលអាឡាដាំងចូលទៅយកចង្កៀងនៅក្នុងរូងភ្នំ។
ផ្លែឈើនោះ បញ្ចេញពន្លឺយ៉ាងចិញ្ចាចចិញ្ចែង ប្រៀបបាននឹងគ្រឿងអលង្ការដ៏ស្រស់ស្អាត និងមានតម្លៃបំផុត។ ម្ដាយអាឡាដាំង ក៏បានត្រៀមគ្រឿងរណ្ដាប់នោះ ប៉ុនប៉ងយកទៅថ្វាយស្តេចស៊ុលតង់ ឱ្យបាន តែពិបាកបន្តិចសម្រាប់រូបគាត់ ក្នុងឋានៈជារាស្ត្រធម្មតាដើម្បីបានចូលទៅក្នុងរាជវាំង ជាពិសេសទៅកន្លែងជំនំដែលព្រះអង្គម្ចាស់តែងតែជួបប្រជុំជាមួយមន្ត្រី និងរាស្ត្រម្ដងម្កាល។
នៅពេលទៅដល់ព្រះរាជវាំង ម្ដាយអាឡាដាំងបានសុំការអនុញ្ញាតពីអមាត្យរាជវាំងចូលក្នុងបន្ទប់ជំនុំ។ ក្រុមអមាត្យក៏បាននាំម្ដាយអាឡាដាំងចូល ដោយដាក់គាត់អង្គុយនៅទីជំនុំ ដែលអាចឱ្យស្តេចស៊ុលតង់ទតឃើញ តែមិនមែននៅជិតស្តេចប៉ុន្មានទេ។
ក្នុងរយៈពេលជិតមួយសប្ដាហ៍ ស្តេចស៊ុលតង់ មិនបានចាប់អារម្មណ៍នឹងគាត់សោះ បើទោះបីជាគាត់ទៅអង្គុយកន្លែងដដែលៗ ក្នុងបន្ទប់ជំនុំជារៀងរាល់ថ្ងៃក៏ដោយ។ នេះក៏ព្រោះថាព្រះអង្គជាប់រាជកិច្ចច្រើន។
ក្រោយពីទតឃើញម្ដាយអាឡាដាំងមកជារៀងរាល់ថ្ងៃ ព្រះអង្គ ក៏នឹកឆ្ងល់ ហើយបានបញ្ជាទៅពួកអមាត្យ ទៅម្ដាយអាឡាដាំងឱ្យចូលគាល់ទ្រង់នៅថ្ងៃបន្ទាប់៖
-នែ អមាត្យ…យើងឃើញ ស្ត្រីម្នាក់នោះមកអង្គុយទៅនីនោះរាល់ថ្ងៃ។ ដៃកាន់កន្សែងចាំងចិញ្ចាចដូចមានអ្វីចង់គាល់យើង។ ថ្ងៃស្អែក ហៅគាត់ឱ្យមកចូលគាល់យើង?
ថ្ងៃបន្ទាប់ដោយទទួលបានការអនុញ្ញាតពីអមាត្យ ម្ដាយអាឡាដាំងបានចូលខាងក្នុងជំនុំ កន្លែងមន្ត្រីវាំងប្រជុំជាមួយព្រះអង្គ រួចក៏លត់ជង្គង់នៅចំពោះព្រះភ័ក្ត្រស្តេចស៊ុលតង់។ គាត់នៅអង្គុយនៅទីនោះរហូតដល់ ព្រះអង្គចេញព្រះរាជអនុញ្ញាតឱ្យក្រោកឡើង។
នៅពេលជួបព្រះភក្ត្រព្រះអង្គភ្លាម គាត់ហាក់ដូចជាធ្វើស្ទាក់ស្ទើរ មិនហ៊ានទូលព្រះអង្គពីរឿងនោះទេ។ ព្រះអង្គក៏បានឱ្យមន្ត្រី អមាត្យទាំងអស់ចេញពីក្នុងបន្ទប់។ ម្ដាយរបស់អាឡាដាំងក៏បានរៀបរាប់រឿងកូនរបស់គាត់ ថ្លើមធំហ៊ានទៅលួចស្រលាញ់បុត្រីរបស់ព្រះអង្គថ្វាយទ្រង់។
ម្ដាយអាឡាដាំង បានទូលព្រះអង្គថា ៖
-ខ្ញុំព្រះករុណាបានហាមឃាត់វាដែរ តែវានៅតែគំរាមខ្ញុំព្រះករុណា មិនឈប់សោះឱ្យមកគាល់ព្រះអង្គដើម្បីឱ្យព្រះអង្គរាជានុញ្ញាតចំពោះរឿងនេះ។ ខ្ញុំព្រះករុណា សូមអង្វរព្រះអង្គ មេត្តាប្រទានទោសដល់ខ្ញុំព្រះករុណា និងកូនប្រុសខ្ញុំព្រះករុណា សូមព្រះអង្គកុំដាក់ទោសទណ្ឌអី។
ដោយដឹងថា ម្ដាយអាឡាដាំងកាន់រស់មានតម្លៃនៅក្នុងដៃ ព្រះអង្គក៏មានព្រះបន្ទូលសួរម្ដាយអាឡាដាំងថា ៖
-តើនាងកាន់អ្វីនៅក្នុងដៃ?
ម្ដាយអាឡាដាំង ក៏លាក្រណាត់ដែលកាន់ក្នុងដៃ និងបង្ហាញដល់ព្រះអង្គ។
ព្រះអង្គស៊ុលតង់ ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានទតវត្ថុដែលភ្លឺចិញ្ចែងចិញ្ចាចនោះ។ ព្រះអង្គបានមានព្រះបន្ទូលសួរទៅអមាត្យថា ៖ វត្ថុនេះជាអ្វី អមាត្យ? តើយើង គួរសម្ដែងនូវការគោរពចំពោះអ្នកដែលឱ្យតម្លៃបុត្រីយើងដល់ថ្នាក់ហ្នឹងទេមែនទេ?
មន្ត្រីរាជវាំងម្នាក់ ដែលចង់បានព្រះនាងយកមកធ្វើជាកូនប្រសាដែរនោះ បានសុំអង្វរស្តេចស៊ុលតង់កុំចេញរាជាអនុញ្ញាតលើកព្រះនាងឱ្យអាឡាដាំង។ មន្ត្រីនោះបានអង្វរព្រះអង្គ ទុកពេលបីខែដើម្បីឱ្យកូនគាត់អាចស្វែងរករបស់មានតម្លៃជាងនេះទៅថ្វាយព្រះអង្គ និងអាចយកបុត្រីទ្រង់ ធ្វើជាកូនប្រសាបាន។
ស្តេចស៊ុលតង់ ក៏យល់ព្រមនឹងរឿងនេះ ហើយក៏មានព្រះរាជបន្ទូលទៅកាន់ម្ដាយអាឡាដាំងថា ៖
-យើងទុកពេលបីខែទៀត គឺមិនទាន់សម្រេចយ៉ាងណានោះទេ។ សូមនាង កុំមករាជវាំងទៀតរយៈពេលបីខែនេះ។
អាឡាដាំងបានរង់ចាំយ៉ាងអន្ទះសា។ ពីរខែក្រោយមក ម្ដាយអាឡាដាំងបានធ្វើដំណើរចូលទៅក្នុងក្រុងដើម្បីទិញប្រេងកាត។ ស្រាប់តែពេលនោះ គាត់បានឃើញមនុស្សម្នាជាច្រើនស្លៀកពាក់សំលៀកបំពាក់ស្អាតៗ មើលទៅដូចជាបម្រុងទៅចូលរួមពិធីមង្គលការរបស់មន្ត្រីមានសក្ដិធំណាម្នាក់អីចឹង។ គាត់ក៏បានសួរទៅបុរសម្នាក់ រួចបុរសនោះក៏ឆ្លើយថា ៖
-អ្នកមិនដឹងទេក៏អី? ថ្ងៃនេះជាថ្ងៃរៀបអភិសេករវាងបុត្រីព្រះអង្គម្ចាស់ស៊ុលតង់ និងកូនប្រុសមន្ត្រីរាជវាំងម្នាក់?
ឮដូច្នេះ ម្ដាយអាឡាដាំង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះដឹងថាព្រះអង្គមិនគោរពព្រះរាជសន្យាជាមួយគាត់។ គាត់មិនបាននៅផ្សារយូរនោះទេ ដោយរត់មកប្រាប់កូនភ្លាមៗពីរឿងនេះ។
ក្រោយពីដឹងរឿងនេះពីម្ដាយអស់ហើយ អាឡាដាំងខឹងព្រះអង្គស៊ុលតង់យ៉ាងខ្លាំង។ គេក៏បាននឹងដល់ចង្កៀងទិព្វ។ អាឡាដាំងបានយកចង្កៀងនោះមកអង្អែល ហើយអារក្សចង្កៀងក៏ចេញមក រួចសួរទៅអាឡាដាំងថា ៖ តើមានបញ្ហាអ្វីឬលោកម្ចាស់?
អាឡាដាំង បានឆ្លើយតបទៅវិញថា ៖ ស្តេចស៊ុលតង់បានក្បត់ព្រះរាជសន្យាជាមួយយើង ហើយកូនរបស់មន្ត្រីជាន់ខ្ពស់នោះ បានបុត្រីព្រះអង្គធ្វើជាប្រពន្ធ។ ឯងត្រូវធ្វើតាមបញ្ជារបស់យើង គឺនៅយប់នេះ ត្រូវទៅចាប់កូនកំលោះ និងព្រះនាង ពីក្នុងព្រះរាជពិធីមង្គលការនោះ យកមកឱ្យយើង។
អារក្សចង្កៀងនោះបានធ្វើតាមបញ្ជា។ អាឡាដាំងបានទៅពួននៅបន្ទប់ជំនុំ កន្លែងស្ងាត់ដែលអាចឱ្យអារក្សចង្កៀងទិព្វហោះយកព្រះទែនសយនា ដែលបុត្រីស្តេចស៊ុលតង់ និងកូនកំលោះកំពុងផ្ទំយកមកបាន។
បន្ទាប់ពីអារក្សចង្កៀងទិព្វយកអ្នកទាំងពីរមកដល់ អាឡាដាំង បានឱ្យអារក្សចង្កៀងយកកូនកំលោះទៅដាក់នៅកន្លែងត្រជាក់ឆ្ងាយពីទីនោះ ហើយរូបគេក៏បានឡើងទៅលើព្រះទែនសយនា ដេកជាមួយព្រះនាង។
-កុំភ័យអី។ ព្រះនាង គឺជាប្រពន្ធរបស់ខ្ញុំម្ចាស់ហើយ។ ព្រះអង្គម្ចាស់បិតាព្រះនាង បានក្បត់ព្រះរាជសន្យាជាមួយខ្ញុំម្ចាស់។ ព្រះនាងផ្ទំទៅ កុំបារម្ភអី ខ្ញុំម្ចាស់មិនធ្វើបាបព្រះនាងទេ។
ព្រះនាង ភិតភ័យយ៉ាងខ្លាំង មិនហ៊ានមានព្រះសុវណ្ណីសូម្បីតែមួយម៉ាត់ ហើយព្រះនាងមិនបានផ្ទំពេញមួយយប់ ព្រោះតែខ្លាចអាឡាដាំងដែលកំពុងតែដេកយ៉ាងស្កប់ស្កល់លើព្រះទែនសយនាជាមួយព្រះនាង។ ដល់ពេលព្រឹក អារក្សចង្កៀង បាននាំយកព្រះទែនសយនា នោះទៅកាន់ព្រះរាជវាំងដាក់កន្លែងដើមវិញដោយទុកតែព្រះនាងនៅទីនោះ រួចយកអាឡាដាំងត្រលប់មកផ្ទះវិញ។
នាព្រឹកព្រលឹម ព្រះចៅស៊ុលតង់ បានធ្វើដំណើរទៅសួរសុខទុក្ខព្រះនាងដូចសព្វមួយដង។ ពេលនោះ កូនប្រុសមន្ត្រី ដែលបានរៀបអភិសេកជាមួយព្រះបុត្រីមិនហ៊ានចេញទៅជួបព្រះអង្គស៊ុលតង់ឡើយ។ ចំណែកព្រះនាងវិញ មិនមានព្រះសុវណ្ណី សូម្បីមួយម៉ាត់ និងមានព្រះភក្ត្រភិតភ័យជាខ្លាំង។
ទ្រង់ទតឃើញបែបនេះ ព្រះអង្គ ក៏បានឱ្យមហេសីទៅមើលបុត្រីដោយចង់ដឹងច្បាស់ថា ហេតុអ្វីបុត្រីមានព្រះភក្ត្រក្រៀមក្រំម្ល៉េះ។ នៅពេលបានជួបព្រះមាតា ព្រះនាងបានរៀបរាប់រឿងរ៉ាងដែលបានកើតឡើងកាលពីពេលរាត្រី ដោយមានព្រះសុវណ្ណីថា ព្រះទែនសយនា របស់ព្រះនាងត្រូវគេនាំយកទៅផ្ទះចម្លែកមួយ។ ព្រះមាតាមិនជឿព្រះបុត្រីឡើយ ហើយគិតថា ប្រហែលជាព្រះបុត្រីយល់សប្ដ ផ្ដេសផ្ដាសហើយ។
នៅយប់បន្ទាប់ អាឡាដាំងបន្តធ្វើដូចកាលពីយប់ទីមួយទៀត ហើយព្រឹកឡើងព្រះនាងឈប់មានសុវណ្ណីតែម្ដង ទោះបីព្រះបិតាបានសួរជាច្រើនលើកច្រើនសារក៏ដោយ។ ព្រះចៅស៊ុលតង់ បានគំរាមកាត់ព្រះកេសាព្រះនាង បើសិនព្រះនាងមិនព្រមមានព្រះសុវណ្ណី។
ដោយសារព្រះបិតា គំរាមបែបនេះ ព្រះនាង បានទូលព្រះបិតា រឿងរ៉ាងទាំងអស់ ហើយឱ្យហៅកូនប្រុសមន្ត្រីនោះមកសួរទៀតផង។ ព្រះចៅស៊ុលតង់បានបញ្ជាឱ្យមន្ត្រីនោះទៅសួរកូនប្រុសរបស់ខ្លួនមកសួរបញ្ជាក់ទៀត ដើម្បីឱ្យបានដឹងប្រាកដថា តើពិតជាមានរឿងរ៉ាងបែបនោះកើតឡើងមែនទេ?
នៅពេលគ្រប់បីខែ អាឡាដាំងបានឱ្យម្ដាយមករំលឹកព្រះចៅស៊ុលតង់ម្ដងទៀត។ នៅពេលទ្រង់ទតព្រះភក្ត្រឃើញម្ដាយអាឡាដាំងមក ព្រះអង្គបាននឹកឃើញដល់ អាឡាដាំង ហើយក៏បានហៅម្ដាយអាឡាំដាំង ឱ្យចូលគាល់ទ្រង់។
ដោយសារតែឃើញសំលៀកបំពាក់ម្ដាយអាឡាដាំងដែលមើលទៅដឹងថា ជាអ្នកមកពីត្រកូលកសិករ ក្រីក្រ ព្រះអង្គគ្មានព្រះទ័យបន្តិចសោះក្នុងការលើកឱ្យបុត្រីទ្រង់ឱ្យរៀបអភិសេកជាមួយអាឡាដាំង។ ព្រះអង្គ ក៏បានសុំយោបល់ពីមន្ត្រីជាន់ខ្ពស់។ មន្ត្រីជាន់ខ្ពស់បានផ្ដល់យោបល់ថា ព្រះអង្គគួរកំណត់ថ្លៃបណ្ដាការខ្ពស់បំផុតដែលមនុស្សក្នុងលោកមិនរកថ្វាយព្រះអង្គបាន ដូច្នេះអាឡាដាំងពិតជាគ្មានលទ្ធភាពរៀបអភិសេកជាមួយបុត្រីព្រះអង្គបានឡើយ។
ព្រះអង្គមានបន្ទូលទៅម្ដាយអាឡាដាំងថា ៖
-យើងជាព្រះចៅស៊ុលតង់…ក្នុងនាមជាព្រះរាជាមួយអង្គ ត្រូវតែចាំពាក្យសន្យារបស់គេ ហើយយើងក៏ចាំពាក្យសន្យាយើងដែរ ប៉ុន្តែកូនប្រុសរបស់នាងត្រូវយកមាសសុទ្ធឱ្យយើងចំនួន ៤០ការុង អ្នកបម្រើស្បែកខ្មៅចំនួន ៤០នាក់ និង អ្នកបម្រើស្បែកសរជាច្រើននាក់ដោយត្រូវស្លៀកពាក់ស្អាតៗបំផុត។ ទៅប្រាប់គេទៅថា យើងរង់ចាំចម្លើយរបស់គេ។
ម្ដាយអាឡាដាំងបានឱនក្រាបបង្គំគោរពលាព្រះចៅស៊ុលតង់ត្រលប់មកវិញ និងបានត្រលប់ទៅផ្ទះ ដោយគិតថា កូនខ្លួនមិនអាចធ្វើបាននោះទេ។
មកដល់ផ្ទះភ្លាម ម្ដាយអាឡាដាំងបានប្រាប់ទៅអាឡាដាំងថា ៖
-ព្រះចៅស៊ុលតង់កំពុងរង់ចាំចម្លើយរបស់ឯង។ ម៉ែ គិតថា ឯងមិនអាចធ្វើបានតាមការត្រាស់បង្គាប់របស់ព្រះអង្គនោះទេ។
អាឡាដាំងឆ្លើយទៅវិញថា ៖
-មិនដូចម៉ែគិតឡើយ ខ្ញុំនឹងធ្វើឱ្យបាន គឺបានអស្ចារ្យជាងម៉ែគិតទៅទៀត ដើម្បីបានព្រះនាងដែលខ្ញុំស្រលាញ់។
អាឡាដាំងបានឱ្យអារក្សចង្កៀងជប់អ្នកបម្រើចំនួន ៨០នាក់ ដាក់ក្នុងផ្ទះមួយ និងក្នុងសួនច្បារ ហើយបានឱ្យអ្នកបម្រើទាំងនោះ ដើរជាគូឆ្ពោះទៅកាន់ព្រះរាជវាំងជាមួយម្ដាយគេ ដែលម្នាក់ៗបានស្លៀកពាក់ថ្មីៗ ស្អាតៗ ដោយមានគ្រឿងអលង្ការលម្អពេញខ្លួនទៀតផង និងលីមាសលើស្មាម្នាក់មួយៗ។ ប្រជាពលរដ្ឋ កកកុញ បានចោមរោមមើលទិដ្ឋភាពដង្ហែចូលរាជវាំង។
នៅពេលចូលដល់រាជវាំង អ្នកបម្រើទាំងអស់បានឈរតម្រៀបគ្នាជារាងកន្លះរង្វង់ ដោយខ្វែងដៃគ្នានៅចំពោះព្រះភក្ត្រព្រះអង្គស៊ុលតង់។
ព្រះអង្គស៊ុលតង់ មានព្រះបន្ទូលមិនស្ទាក់ស្ទើរដូចមុនទៀតឡើយ។ ព្រះអង្គបានមានព្រះឱង្ការទៅកាន់ម្ដាយអាឡាដាំងថា ៖ ល្អហើយ។ នាងទៅប្រាប់កូននាងថា យើងនៅរង់ចាំទទួលគេដោយហត្ថាទាំងទ្វេរបស់យើង។
ក្រោយពីឮបែបនេះ ម្ដាយអាឡាដាំងបានត្រលប់ទៅប្រាប់អាឡាដាំងភ្លាមៗ ប៉ុន្តែអាឡាដាំងមិនបានមកភ្លាមៗនេះទេ។ គេបានឱ្យអារក្សចង្កៀងទិព្វ ជប់អាងទឹកក្រអូបមួយ សំលៀកបំពាក់ថ្លៃថ្នូរ គ្រឿងអលង្ការ ព្រមមានអ្នកបម្រើ២០ នាក់ ដើម្បីចាំអមដំណើរគេដោយយកសេះជាយានជំនិះទៅព្រះរាជវាំង។
មិនត្រឹមតែប៉ុណ្ណោះ អាឡាដាំងបានឱ្យអារក្សចង្កៀងទិព្វ ជប់អ្នកបម្រើដែលស្លៀកពាក់ស្អាតៗចំនួន ៦នាក់ សម្រាប់ទៅរង់ចាំទទួលម្ដាយគេត្រលប់មកវិញ និងជប់មាស ១០ពាន់បន្ទះដាក់ក្នុងការុងធំចំនួន១០សម្រាប់ថ្វាយព្រះចៅស៊ុលតង់ទៀតផង។
នៅពេលអាឡាដាំងដើរចូលដល់រាជវាំង ព្រះអង្គបានយាងចុះពីរាងបល្ល័ង្ក ទៅទទួលស្វាគមន៍អាឡាដាំង និងរៀបចំកម្មវិធីដ៏អ៊ឹកធឹកក្នុងគោលបំណងរៀបអភិសេកបុត្រីព្រះអង្គឱ្យអាឡាដាំងនៅថ្ងៃនោះតែម្ដង។ ប៉ុន្តែអាឡាដាំងមិនបានយល់ព្រមនឹងព្រះអង្គឱ្យរៀបចំពិធីអភិសេករបស់ខ្លួនជាមួយព្រះនាង នៅថ្ងៃនោះទេ ព្រោះគេចង់ធ្វើរាជវាំងមួយទៀត សម្រាប់ខ្លួនគេ និងបុត្រីទ្រង់ មិនចង់រស់នៅក្នុងរាជវាំងព្រះអង្គស៊ុលតង់ក្រោយរៀបអភិសេកឡើយ។
នៅពេលទៅដល់ផ្ទះ គេបានឱ្យអារក្សចង្កៀងទិព្វ ធ្វើរាជវាំងមួយពីថ្មម៉ាបដែលមានតម្លៃបំផុត ដោយមានពន្លិចត្បូងគ្រប់ប្រភេទនៅតាមជញ្ជាំង។ នៅចំកណ្ដាល មានបន្ទប់រោងជំនុំដ៏ធំមួយ ដោយផ្នែកខាងលើជាប៉មខ្ពស់ត្រដែត ហើយជញ្ជាំងទាំងបួនខាងលើបិទទៅដោយមាស និងប្រាក់។ ជញ្ជាំងម្ខាងៗ មានបង្អួចចំនួន ៦ ធ្វើពីឈើ តែទុកបង្អួចមួយមិនទាន់ធ្វើឱ្យហើយនោះទេ គឺទុកបិទដោយត្បូង និងពេជ្រមានតម្លៃបំផុត។ ក្រៅពីនេះនៅមានសេះ អ្នកថែសេះ អ្នកបម្រើជាច្រើននាក់។
ការសាងសង់ រាជវាំងថ្មីនេះ ប្រើពេលតែមួយថ្ងៃប៉ុណ្ណោះ។ អារក្សចង្កៀងទិព្វបាននាំយកទ្រព្យសម្បត្តិ អ្នកបម្រើ និងវត្ថុមានតម្លៃទៅទុកក្នុងរាជវាំងថ្មីនោះទៅតាមបញ្ជារបស់អាឡាដាំង ហើយពិសេសទៅទៀតនោះ ថែមទាំងបានក្រាលកម្រាលព្រំពីរាជវាំងអាឡាដាំង រហូតដល់រាជវាំងព្រះចៅស៊ុលតង់ថែមទៀតផង។
ម្ដាយអាឡាដាំងបានស្លៀកពាក់សំលៀកបំពាក់ក្នុងឫក្សពារអ្នកថ្លៃថ្នូរបំផុត ដោយហែហមដោយអ្នកបម្រើជាច្រើននាក់ ធ្វើដំណើរទៅរាជវាំងរបស់ព្រះចៅស៊ុលតង់ ដើម្បីទៅទទួលបុត្រីព្រះអង្គមករាជវាំងថ្មី។ ព្រះចៅ ស៊ុលតង់ បានបញ្ជូនក្រុមអ្នកភ្លេង ដោយមានត្រុំប៉ែត និងស្គរលេងតាមផ្លូវយ៉ាងអ៊ូអរកងរំពងរង់ចាំទទួលម្ដាយអាឡាដាំងទៀតផង។
ម្ដាយអាឡាដាំងបានជួបបុត្រីព្រះអង្គស៊ុលតង់ ដោយបានគោរពព្រះនាងក្នុងឋានៈជាបុត្រីស្តេច មិនមែនជាកូនប្រសានោះទេ។ ពេលរាត្រីមកដល់ បុត្រីព្រះចៅស៊ុលតង់ ក្រាបបង្គំលាព្រះបិតា ហើយបានយាងតាមកម្រាលព្រំ មករាជវាំងថ្មីដោយហែហមដោយទាសាទាសីរាប់រយនាក់ និងព្រះមាតាក៏បានយាងជូនដំណើរមកដែរ។ ព្រះនាងនៅថ្ងៃនោះ មានសម្រស់ស្រស់ស្អាតផូរផង់រកអ្នកណាផ្ទឹមគ្មាន។
មិនទាន់បានយាងទៅដល់រាជវាំងផង អាឡាដាំងបានរត់មកទទួលព្រះនាងដោយទឹកមុខរីករាយបំផុត។
អាឡាដាំង និយាយទៅកាន់ព្រះនាងថា ៖ បើសិនព្រះនាង មិនពេញចិត្តខ្ញុំម្ចាស់ ត្រង់ណា អាចមានសុវណ្ណីប្រាប់បាន ខ្ញុំម្ចាស់នឹងកែប្រែការតុបតែងខ្លួនទៅតាមចិត្តព្រះនាង។
ព្រះនាង បានឆ្លើយតបទៅវិញថា ៖ ខ្ញុំមានឆន្ទៈគោរព និងធ្វើតាមព្រះរាជសន្យារបស់ព្រះបិតារបស់ខ្ញុំជាមួយលោក ខ្ញុំមិនយល់ទាស់ទេ។ ពិធីរៀបអភិសេកបានចាប់ផ្ដើម អាឡាដាំងបាននាំព្រះនាងទៅក្នុងរោងជំនុំធំនៅកណ្ដាលវាំង ដែលជាកន្លែងព្រះរាជពិធីអភិសេកប្រារព្ធឡើង ហើយព្រះនាងបានសោយអាហាររហូតដល់យប់ជ្រៅ។
ចាប់តាំងពីពេលនោះមក អាឡាដាំងបានក្លាយជាអង្គម្ចាស់ដែលប្រសិទ្ធិនាមដោយព្រះអង្គម្ចាស់ស៊ុលតង់។
នៅថ្ងៃបន្ទាប់អាឡាដាំងបានអញ្ជើញព្រះចៅស៊ុលតង់មកទតព្រះរាជវាំងថ្មី។ បន្ទាប់ពីយាងចូលក្នុងរោងជំនុំធំចំកណ្ដាលរួចមក ព្រះអង្គទ្រង់ទតព្រះនេត្រឃើញត្បូង ពេជ្រ និងវត្ថុមានតម្លៃរាប់សិបបិទលម្អនៅលើជញ្ជាំង ឃើញដូច្នេះទ្រង់ព្រះកន្សែង រួចក៏មានព្រះបន្ទូលថា ៖
-ពិតជាពិភពដ៏អស្ចារ្យមែន! វាពិតជាធ្វើឱ្យយើងភ្ញាក់ផ្អើលបំផុត។
ព្រះអង្គបានងាកទៅឃើញបង្អួចមួយមិនទាន់ជួសជុលហើយ។ ទ្រង់ទតឃើញដូច្នេះ បានមានព្រះបន្ទូលសួរទៅព្រះអង្គម្ចាស់អាឡាដាំងថា ៖
-ហាក…ម៉េចក៏បង្អួចមួយនេះនៅមិនទាន់ធ្វើហើយទៀត? រាជធីតុបតី (កូនប្រសាប្រុស)។
អាឡាដាំង បានឆ្លើយតបទ្រង់វិញថា ៖ “មិនមែនទេ ព្រះករុណាថ្លៃវិសេស។ ខ្ញុំព្រះករុណា ទុកឱ្យព្រះអង្គជាអ្នករចនាបង្អួចមួយនេះ។ តើទ្រង់ចង់ធ្វើបង្ហើយបង្អួចមួយនេះទេ។
ព្រះចៅស៊ុលតង់ក៏យល់ព្រមជាមួយអាឡាដាំងថានឹងធ្វើបង្អួចមួយនោះបង្ហើយ។
មកដល់ព្រះរាជវាំងវិញ ព្រះចៅស៊ុលតង់បានចេញរាជបញ្ជាឱ្យអ្នកធ្វើគ្រឿងអលង្ការពេញមួយរាជធានី ធ្វើបង្អួចនោះប៉ុន្តែអ្នកធ្វើគ្រឿងអលង្ការទាំងអស់នោះ បានទូលទៅព្រះអង្គវិញថា ក្នុងរាជវាំងមិនមានគ្រឿងអលង្ការ និងវត្ថុមានតម្លៃគ្រប់គ្រាន់ដើម្បីធ្វើបង្អួចឱ្យហើយនោះទេ។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គនៅតែបញ្ជាឱ្យពួកគេធ្វើទៀត។
រយៈពេលមួយខែ បង្អួចនោះធ្វើបានតែពាក់កណ្ដាលប៉ុណ្ណោះ ព្រោះអត់មានវត្ថុមានតម្លៃ និងគ្រឿងអលង្ការគ្រប់គ្រាន់។ អាឡាដាំង ដឹងថា ព្រះអង្គម្ចាស់ស៊ុលតង់ពិតជាមិនអាចធ្វើបង្អួចនោះហើយទេ ដូច្នេះ ក៏បានបញ្ជាឱ្យយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃចេញពីបង្អួច ហើយយកទៅថ្វាយព្រះចៅស៊ុលតង់វិញ ដោយអាឡាដាំងជាអ្នកធ្វើបង្ហើយ។
ដោយបានទទួលគ្រឿងអលង្ការ និងវត្ថុមានតម្លៃទាំងអស់នោះវិញ ព្រះចៅស៊ុលតង់មានព្រះទ័យរីករាយយ៉ាងខ្លាំង ព្រះអង្គក៏យាងមកលេងអាឡាដាំងដល់រាជវាំង។ យាងដល់ព្រះរាជវាំង ព្រះអង្គបានទតឃើញបង្អួចនោះជួសជុលរួចរាល់អស់ហើយ ព្រះអង្គមានព្រះទ័យសប្បាយរីករាយ និងពេញព្រះរាជហឫទ័យនឹងសម្រស់ដ៏ល្អឯកនៃបង្អួចនោះ។ ឃើញដូច្នេះ ពួកមន្ត្រីរាជវាំង និងអមាត្យគិតថា នេះពិតជាធ្វើឡើងដោយប្រើមន្តអាគមជាមិនខាន ទើបស្អាត និងធ្វើលឿនដោយប្រើពេលតែមួយថ្ងៃបែបនេះ។
ក្រោយពីរស់នៅក្នុងរាជវាំងថ្មីមិនបានប៉ុន្មានផង ប្រជាពលរដ្ឋជាច្រើន បានស្រលាញ់ពេញចិត្តអាឡាដាំងដោយសារតែឫក្សពារសុភាពរាបសាររបស់គេ។ គេបានក្លាយជាមេទ័ព និងបានដឹកនាំទ័ពទៅច្បាំងឈ្នះជាច្រើនសមរភូមិ និងបានរស់នៅដោយសុខសាន្តជាច្រើនឆ្នាំជាមួយបុត្រីព្រះអង្គស៊ុលតង់។
ថ្ងៃមួយស្រាប់តែបុរសចេះមន្តអាគមដែលបានប្រើប្រាស់អាឡាដាំងឱ្យទៅយកចង្កៀងទិព្វរស់នៅអាហ្វ្រិកនោះ បានដឹងថាអាឡាដាំងមិនបានស្លាប់ក្នុងរូងភ្នំទេ ហើយផ្ទុយទៅវិញគេថែមទាំងបានរៀបអភិសេកជាបុត្រីស្តេចស៊ុលតង់ និងរស់នៅក្នុងឋានៈជាក្សត្រដ៏សប្បាយទៀតផង។ គេដឹងថា ភាពសម្បូរសប្បាយ និងភាពរុងរឿងរបស់អាឡាដាំងបានមកពីចង្កៀងទិព្វដែលយកបានពីរូងភ្នំនោះ។
គេនៅមិនសុខទេ បន្ទាប់ពីបានទទួលដំណឹងនេះ។ គេបានធ្វើដំណើរទាំងយប់ទាំងថ្ងៃដោយកាត់តាមរាជធានីប្រទេសចិន ដោយប៉ុនប៉ងទៅឱ្យដល់រាជវាំងរបស់អាឡាដាំង។
នៅពេលបុរសចេះមហិទ្ធិឫទ្ធិដ៏អស្ចារ្យឆ្លងកាត់ទីក្រុងរបស់អាឡាដាំង គេបានឮពាក្យសរសើរស្ទើរតែចេញពីមាត់មនុស្សគ្រប់ៗគ្នាពីសម្រស់ដ៏ល្អឯកនៃរាជវាំងរបស់អាឡាដាំង។
បុរសចេះមន្តអាគមនេះបានសួរទៅអ្នកភូមិម្នាក់ដែលគេបានជួបតាមផ្លូវថា ៖
-សូមទោស…លោកកំពុងនិយាយពីកន្លែងអស្ចារ្យនៅឯណាដែរលោក?
បុរសនោះឆ្លើយ៖
-តើលោកធ្លាប់ឮព្រះរាជវាំងព្រះអង្គម្ចាស់អាឡាដាំងទេ? នោះគឺជាអច្ឆរិយវត្ថុដែលស្រស់ស្អាតបំផុតក្នុងលោក។ ខ្ញុំអាចនាំលោកទៅមើលបាន ប្រសិនបើលោកចង់ទៅឃើញ។
បុរសចេះសិល្បសាស្ត្រនោះបានអរគុណអ្នកភូមិម្នាក់នោះ រួចក៏បន្តដំណើរឆ្ពោះទៅរាជវាំងអាឡាដាំង។ បន្ទាប់ពីបានឃើញរាជវាំងនោះមក គេដឹងថា រាជវាំងនោះ គឺពិតជាកសាងឡើងដោយអារក្សចង្កៀងទិព្វ។ គេខឹងអាឡាដាំងយ៉ាងខ្លាំង ហើយគេប្ដេជ្ញាថា នឹងយកចង្កៀងទិព្វមកវិញឱ្យបាន និងធ្វើឱ្យអាឡាដាំងក្លាយជាអ្នកបំផុត។
ជួនជាពេលដែលអាឡាដាំងបានទៅប្រពាតព្រៃបាញ់សត្វរយៈពេលប្រាំបីថ្ងៃ ធ្វើឱ្យរូបគេមានពេលគ្រប់គ្រាន់ដើម្បីទៅយកចង្កៀងទិព្វនោះមកវិញ។ គេបានរៀបឧបាយកលមួយ គឺគេទិញចង្កៀងថ្មីចំនួន១០ ដាក់នៅក្នុងកន្ត្រកមួយ ហើយដើរទៅចូលក្នុងរាជវាំង ដោយស្រែកពពាយនាយថា ចង្កៀងថ្មីៗសម្រាប់ដូរយកចង្កៀងចាស់ៗ។
ព្រះមហេសីអាឡាដាំងបានឮដូច្នេះ ក៏បានចេញព្រះរាជបញ្ជាឱ្យទាសីម្នាក់ចេញទៅរកមើលថានរណាស្រែកអីឡូឡានៅក្រៅរាជវាំង។
ទាសីនោះបានត្រលប់មកវិញ និងទូលព្រះនាងថា ៖ ”ព្រះម៉ែម្ចាស់ មានបុរសម្នាក់កាន់ចង្កៀងថ្មីមួយកន្ត្រក ដើរពពាយនាយចង់ដូរយកចង្កៀងចាស់”។
អ្នកបម្រើម្នាក់ទៀតដែលអង្គុយក្បែរនោះ បានទូលទៅព្រះនាងថា ៖
-ព្រះម៉ែម្ចាស់ ក្នុងរាជវាំងមានចង្កៀងចាស់មួយទុកនៅកែងរោងជំនុំ។
តាមពិតទៅ ចង្កៀងចាស់នោះគឺជាចង្កៀងទិព្វដែលអាឡាដាំងមិនបានដាក់តាមខ្លួននៅពេលដើរទៅបាញ់សត្វក្នុងព្រៃ។ ដោយព្រះមហេសីអាឡាដាំងមិនដឹងពីអានុភាពនៃចង្កៀងនោះ ក៏ឱ្យអ្នកបម្រើដូរយកចង្កៀងថ្មីទៅ។
អ្នកបម្រើក៏យកចង្កៀងទៅដូរបុរសម្នាក់នោះ។
នៅពេលបានឃើញចង្កៀងចាស់ភ្លាម បុរសចេះសិល្បសាស្ត្រនោះ ក៏បានដូរយកចង្កៀងនោះ ហើយក៏ប្រញាប់ចាកចេញពីរាជវាំងភ្លាមៗតែម្ដង។ គេក៏បានពួននៅកន្លែងស្ងាត់មួយតែម្នាក់ឯងរហូតដល់ពេលយប់ជ្រៅ គេក៏ត្រដុសចង្កៀងនោះ រហូតដល់អារក្សចង្កៀងទិព្វចេញមក។ គេបានបញ្ជាឱ្យអារក្សចង្កៀងទិព្វ ហោះយករូបគេ រាជវាំងរបស់អាឡាដាំង រួមទាំងមហេសីអាឡាដាំងផង ទៅអាហ្វ្រិកដែលជាទីស្ថានគេរស់នៅទីនោះជាយូរមកហើយ។
ព្រឹកឡើង ព្រះចៅស៊ុលតង់តើនពីដំណេក ហើយក៏បើកព្រះនេត្រមើលទៅរាជវាំងរបស់អាឡាដាំង។ ដោយទតព្រះនេត្រមិនឃើញរាជវាំង ទ្រង់ខ្លាចស្រវាំងព្រះនេត្រ ព្រះអង្គក៏ព្យាយាមញីព្រះនេត្តនិងទ្រង់ទតម្ដងទៀត ក៏នៅតែមិនឃើញរាជវាំងអាឡាដាំងទាល់តែសោះ។
ព្រះចៅស៊ុលតង់ខ្ញាល់យ៉ាងខ្លាំង ដោយបានចេញរាជបញ្ជាឱ្យអមាត្យចេញទៅមើល ថាតើមានរឿងអ្វីកើតឡើងចំពោះរាជវាំងរបស់អាឡាដាំង។ អមាត្យបានទៅដល់កន្លែង តែពុំឃើញអ្វីទាំងអស់ សូម្បីតែស្លាកស្នាមបន្តិចក៏គ្មាន ហើយអមាត្យក៏បានទូលព្រះអង្គថា រាជវាំងព្រះអង្គម្ចាស់អាឡាដាំងរលាយបាត់អស់ហើយ។ ព្រះអង្គបានជ្រាបថា ព្រះរាជវាំងនោះពិតជាកសាងឡើងដោយប្រើមន្តអាគមជាមិនខានបានជារលាយបាត់ស្រមោលលឿនបែបនេះ។
ព្រះអង្គបានចេញរាជបញ្ជាឱ្យអមាត្យ និងទាហានវាំង ៣០នាក់ជិះសេះទៅចាប់អាឡាដាំងពីក្នុងព្រៃដាក់ច្រវាក់។ ស្របពេលដែលអាឡាដាំងកំពុងជិះសេះ វិលមករាជវាំងវិញ អមាត្យក៏ចាប់អាឡាដាំងនៅតាមផ្លូវដោយអូសបណ្ដើរមកតែម្ដង។ ប្រជាជនដែលធ្លាប់ស្គាល់ ស្រលាញ់ និងគោរព អាឡាដាំង បានរត់តាមមើលពួកអមាត្យចាប់អាឡាដាំង ហើយអ្នកខ្លះទៀត មានទាំងយកអាវុធមកជាមួយផងប៉ុនប៉ងរំដោះអាឡាដាំង ដោយអ្នកទាំងនោះពុំបានដឹងថា អាឡាដាំងមានទោសអ្វី បានជាព្រះអង្គចេញព្រះរាជាបញ្ជាឱ្យអមាត្យចាប់គេដាក់ច្រវាក់ដូច្នេះ។
ក្រុមអមាត្យ របស់ស្តេចស៊ុលតង់ បានចាប់អុសអាឡាដាំងទៅដាក់នៅកន្លែងប្រហារជីវិតចំពោះមុខមហាជនជាច្រើននាក់។ ព្រះចៅស៊ុលតង់បានបញ្ជាឱ្យពេជ្ឈឃាដកាត់ក្បាលអាឡាដាំងនៅថ្ងៃនោះតែម្ដង ដោយពុំចាំបាច់ស្វែងរកហេតុផងវែងឆ្ងាយឡើយ។
ពេជ្ឈឃាដបានរុញអាឡាដាំងឱ្យលុតជង្គង់ ចងមុខ រួចក៏លើកដាវឡើងបម្រុងនឹងកាត់ក្បាលគេតែម្ដង។
ភ្លាមៗនោះ មានមន្ត្រីម្នាក់ដែលបានឃើញមនុស្សម្នាមកកកកុញ ជាពិសេសពួកអ្នកធ្លាប់គាំទ្រអាឡាដាំងត្រៀមរំដោះអាឡាដាំងចេញពីក្រញាំពេជ្ឈឃាដ ដោយអ្នកខ្លះមានដំបង អ្នកខ្លះមានព្រួញ និងអាវុធជាច្រើនប្រភេទ ក៏បានបញ្ជាឱ្យពេជ្ឈឃាដផ្អាកកាត់ក្បាលអាឡាដាំង។ កម្លាំងអ្នកស្រុកកាន់តែពុះកញ្ជ្រោលធ្វើព្រះចៅស៊ុលតង់ភិតភ័យ ហើយក៏បញ្ជាឱ្យពេជ្ឈឃាដស្រាយចំណង និងដោះលែងអាឡាដាំងនៅចំពោះមុខមហាជនតែម្ដង។
មុននឹងបញ្ញាឱ្យអមាត្យដោះលែង ព្រះចៅស៊ុលតង់ បានមានព្រះបន្ទូលសួរទៅកាន់អាឡាដាំងថា ៖
-អាមនុស្សអាក្រក់! ឯងមើលទៅមើល រាជវាំងរបស់ឯងទៅណាបាត់ហើយ? ឯងពិតជាបន្លំព្រះនេត្រយើងបានល្អណាស់? ឯងប្រើមន្តអាគមអីទៅ?
អាឡាដាំង ភ្ញាក់ផ្អើលបំផុតនៅពេលដែលព្រះរាជវាំងដែលត្រូវបានមហាជនចាត់ទុកថា ជាអច្ឆរិយដ៏ល្អឯករបស់គេបាត់ពីកន្លែងដើមសូន្យឈឹង។
ព្រះចៅស៊ុលតង់ បានមានព្រះឱង្ការខ្លាំងៗដាក់គេថា ៖
-តើបុត្រីរបស់យើងយ៉ាងម៉េចទៅហើយ? យើងបារម្ភបំផុតបុត្រីរបស់យើង? ឯងត្រូវតែទៅរកបុត្រីយើងឱ្យឃើញ បើមិនដូច្នោះទេ ក្បាលរបស់ឯងនឹងធ្លាក់ពីលើស្មាហើយ។
អាឡាដាំង បានសុំពេល ៤០ថ្ងៃ ដើម្បីស្វែងរកព្រះនាង។ គេទូលព្រះចៅស៊ុលតង់ថា បើរកមិនឃើញទេ គេយល់ព្រមឱ្យព្រះអង្គកាត់ក្បាលដើម្បីបំពេញព្រះរាជហឫទ័យរបស់ព្រះអង្គ។ ចាប់តាំងពីពេលនោះមក អាឡាដាំងប្រៀបដូចមនុស្សឆ្កួត។ គេបានដើរគ្រប់ទីកន្លែង សួរគេឯងថា មាននរណាបានឃើញព្រះមហេសី និងព្រះរាជវាំងរបស់គេឬអត់។ មហាជនដែលបានឃើញគេ ខ្លះសើចចំអក ចំណែកខ្លះទៀតអាណិតអាសូររូបគេជាពន់ពេក។
ថ្ងៃមួយ គេដើរបណ្ដើរ សួរគេបណ្ដើរ ក៏បានទៅដល់មាត់ទន្លេ។ អាឡាដាំងបានលុតជង្គង់ចុះ ហើយក៏បានអង្អែលចិញ្ចៀនកំពុងពាក់ដើម្បីឱ្យអារក្សចិញ្ចៀនចេញមក។
អាឡាដាំង បាននិយាយទៅកាន់អារក្សចិញ្ចៀនថា ៖
-អារក្សសូមជួយជីវិតយើងផង។ សូមជួយនាំយករាជវាំងយើងមកវិញ។
អារក្សចិញ្ចៀនបានឆ្លើយតបទៅវិញថា ៖
-នេះមិនមែនជាអំណាចរបស់ខ្ញុំទេ។ ខ្ញុំជាអារក្សចិញ្ចៀន ខ្ញុំមិនអាចជួយលោកម្ចាស់បានទេ។ លោកម្ចាស់ទៅសួរអារក្សចង្កៀងទៅ ទើបគេអាចជួយលោកម្ចាស់បាន។
អាឡាដាំង បាននិយាយទៀតថា ៖
-បើអីចឹងឯងមិនអាចនាំយើងទៅកាន់រាជវាំងយើងបានមែនមែនទេ? ឯងមិនអាចសូម្បីតែ យកយើងទៅជួបព្រះមហេសីយើងបានមែនទេ? ហើយឯងក៏មិនដឹងថារាជវាំងយើងនៅឯណាដែរមែនទេ?
ក្រោយពីនិយាយបានប៉ុណ្ណេះ រូបគេក៏សន្លប់បាត់ស្មារតី។
អ្វីដែលនឹកស្មានមិនដល់នោះគឺនៅពេលភ្ញាក់ពីសន្លប់ រូបគេកំពុងតែស្ថិតនៅទ្វីបអាហ្វ្រិក គឺនៅក្បែររាជវាំងរបស់គេតែម្ដង។ គេដឹងខ្លួន ដោយសារតែសំឡេងសត្វបក្សាបក្សីស្រែកខ្ញៀវខ្ញារ។ អាឡាដាំងបានដឹងថា វាសនារបស់គេជួបរឿងអាក្រក់ដូចថ្ងៃនេះគឺមកពីគេបាត់បង់ចង្កៀងទិព្វដែលយកបានពីរូងភ្នំនោះ។ គេឆ្ងល់ថា នរណាជាអ្នកយកចង្កៀងទិព្វរបស់គេ?
និយាយដល់មហេសីរបស់អាឡាដាំងវិញ ព្រះនាងតែងតែតើនពីព្រឹកព្រហាមចាប់តាំងពីបុរសនោះចាប់មកអាហ្វ្រិកម្ល៉េះ។ ព្រះនាងមិនដែលបានផ្ទំស្រួលមួយយប់ណាឡើយ។ មួយយប់ៗ តែងតែនឹករលឹកទៅដល់ព្រះស្វាមី និងមេត្តា ជាពិសេសអនុស្សាវរីយធ្លាប់សុខសាន្តស្រាន្តរយៈ ពេលប៉ុន្មានឆ្នាំ។ ព្រះនាងបានដឹងខ្លួនថា ព្រះនាងមិនអាចរស់នៅជាមួយបុរសចេះមន្តអាគមនោះបានទេ ព្រោះគេតែងបង្ហាញចរិតកោងកាចខុសពីអាឡាដាំង។
ខណៈដែលព្រះនាងកំពុងតុបតែងព្រះកាយា មានទាសីម្នាក់ក៏បានឃើញអាឡាដាំងកំពុងដេកនៅប្របជញ្ជាំងរាជវាំងនៃព្រះរាជដំណាក់ព្រះនាង។ ព្រះនាងក៏បានបើកបង្អួចរួចក៏ឱនទតឃើញអាឡាដាំង។ ព្រះនាងក៏មានព្រះសុវណ្ណីហៅព្រះស្វាមី ហើយបានឱ្យឡើងមកលើជួបព្រះនាង។ នេះគឺជាពេលមួយដែលអ្នកទាំងពីរបានជួបគ្នា ចាប់តាំងពីបុរសចេះមន្តអាគមចាប់ព្រះនាងមក។
អាឡាដាំងបានអង្អែលព្រះកេសាព្រះនាង រួចថើបព្រះភក្ត្រទ្រង់ ព្រមទាំងយំ រួចបាននិយាយទៅកាន់ព្រះនាងថា ៖ បងសូមអង្វរដល់មហេសី មុនពេលដែលបងនិយាយពីយោគវាសនាយើងទាំងពីរ បងសូមសួរព្រះនាងថា មានអ្វីកើតឡើងជាមួយចង្កៀងដែលបងបានទុកនៅកែងរោងជំនំនៅពេលបងកំពុងដើរប្រមាញ់សត្វ?
ព្រះនាងបានមានព្រះសុវណ្ណីតបទៅវិញថា ៖ ព្រះជាម្ចាស់! ខ្ញុំម្ចាស់មិនបានដឹងអ្វីទាំងអស់ពីចង្កៀងទិព្វនោះ។ ព្រះនាងក៏មានព្រះសុវណ្ណីប្រាប់គ្រប់ហេតុផល ពីការដោះដូរចង្កៀងចាស់យកចង្កៀងថ្មីនោះ។
អាឡាដាំងបានសម្រស់ទឹកភ្នែក រួចបានថ្លែង ថា ៖ បងដឹងហើយព្រះមហេសី! ចុះចង្កៀងនោះទៅណាហើយឥឡូវនេះ?
ព្រះនាងបានមានព្រះសុវណ្ណីតបវិញថា ៖ បុរសចេះមន្តអាគមនោះ បានយកទៅតាមខ្លួនបាត់ទៅហើយ។ ខ្ញុំម្ចាស់បានឃើញគេទាញចេញពីចង្កេះមកបង្ហាញខ្ញុំ។ គេចង់ឱ្យខ្ញុំម្ចាស់ក្បត់ព្រះស្វាមី និងយល់ព្រមរៀបអភិសេកជាមួយគេ។ គេថែមទាំងបាននិយាយទៀតថា ព្រះអង្គម្ចាស់ត្រូវព្រះបិតាខ្ញុំម្ចាស់កាត់ព្រះកេសាបាត់ហើយ។ គេតែងតែនិយាយដើមព្រះអង្គម្ចាស់ថាកូនកសិករក្រីក្រ។ ខ្ញុំម្ចាស់មិនដែលមានព្រះសុវណ្ណីឆ្លើយតបគេមួយម៉ាត់ណាឡើយ ក្រៅតែពីព្រះកន្សែងជារៀងរាល់ថ្ងៃ។ ប្រសិនបើខ្ញុំម្ចាស់ប្រឆាំងគេ ខ្ញុំគិតថា គេនឹងសម្លាប់ខ្ញុំម្ចាស់ភ្លាម។
អាឡាដាំងបានលួងលោមព្រះនាង ហើយបានចាកចេញពីព្រះនាងមួយរយៈ។ អាឡាដាំង បានប្ដូរសំលៀកបំពាក់ជាមួយបុរសម្នាក់ ដែលរូបគេបានជួបក្រោយពេលជួបព្រះមហេសី រួចក៏បានដើរទៅទិញម្សៅយកទៅឱ្យមហេសី ដោយអ្នកទាំងពីរបានលួចទំនាក់ទំនងគ្នាលួចលាក់នៅក្នុងរាជវាំងនោះ។
អាឡាដាំងបានឱ្យព្រះនាង រោយម្សៅនោះនៅលើសំលៀកបំពាក់ ហើយឱ្យញញឹមដាក់បុរសនោះដោយទឹកមុខស្រស់ស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យគេគិតថា ព្រះនាងបានបំភ្លេចអាឡាដាំងហើយ។ បន្ទាប់មកអាឡាដាំងបានបង្គាប់ឱ្យព្រះនាងនាំបុរសម្នាក់ទៅញ៉ាំភោជនីយាហារជាមួយគ្នា ហើយត្រូវនិយាយថាព្រះនាងចង់សោយសុរាប្រទេសរបស់គេ។
ព្រះនាងបានស្ដាប់យ៉ាងប្រុងប្រយ័ត្នបំផុត។ បន្ទាប់ពីអាឡាដាំងចាកចេញបាត់ ព្រះនាងបានតុបតែងព្រះកាយា ជាមួយគ្រឿងអលង្ការ និងសំលៀកបំពាក់ដ៏ស្រស់ស្អាតបំផុតដែលគេមិនដែលបានឃើញចាប់តាំងពីព្រះនាងចាកចេញពីប្រទេសមកដើម្បីទៅទទួលបុរសនោះ។
ព្រះនាងមានព្រះសុវណ្ណីទៅកាន់បុរសនោះថាថា ៖
-ខ្ញុំត្រៀមចិត្តបានហើយថាព្រះស្វាមីខ្ញុំបានចូលទិវង្គតហើយ ហើយព្រះកន្សែងរបស់ខ្ញុំក៏មិនអាចធ្វើឱ្យគាត់ត្រលប់មកវិញបានដែរ ដូច្នេះខ្ញុំឈប់កាន់ទុក្ខទៀតហើយ។ ខ្ញុំត្រូវធ្វើព្រះទ័យឱ្យរីករាយ ហើយថ្ងៃនេះខ្ញុំចង់សោយអាហារជាមួយលោក ប៉ុន្តែខ្ញុំដូចជាស៊ាំទៅហើយជាមួយស្រានៅប្រទេសចិន ខ្ញុំចង់សាកស្រានៅអាហ្វ្រិកវិញម្ដង។
បន្ទាប់បានឮដូច្នេះ បុរសនោះបានឡើងជាន់ខាងលើដើម្បីទៅយកស្រាមកឱ្យព្រះនាងសោយ។ ឆ្លៀតឱកាសគេទៅបាត់ ព្រះនាងបានយកម្សៅដែលអាឡាដាំងបានទុកឱ្យចាក់ចូលទៅក្នុងកែវស្រារបស់ព្រះនាង។ នៅពេលដែលរូបគេមកដល់ គេបានចាក់ស្រាមួយកែវដែរ។ ព្រះនាងបានប្ដូរកែវជាមួយរូបគេដើម្បីជាសញ្ញាបង្ហាញថា ព្រះនាងចង់ផ្សះផ្សាជាមួយគេ។
មុនពេលគេលើកកែវស្រា បុរសម្នាក់នោះបាននិយាយសរសើរសម្រស់របស់ព្រះនាង ប៉ុន្តែព្រះនាងបានមានព្រះសុវណ្ណីកាត់បុរសនោះថា ៖
-ទុក្ខឱ្យខ្ញុំសោយមួយកែវនេះមុន រួចលោកត្រូវផឹកតាមក្រោយ។ តាមពិតទៅ ព្រះនាងមិនបានលាបស្រានោះទេ គឺគ្រាន់តែដាក់កែវស្រាលើប្របេរមាត់តែប៉ុណ្ណោះ ខណៈបុរសម្នាក់នោះបានលាបមួយកែវយ៉ាងឆ្ងាញ់ និងសប្បាយរីករាយបំផុត ព្រោះថាព្រះនាងបានបន្ទន់ព្រះហឫទ័យចង់រួមរស់ជាមួយគេ។ មួយកែវនោះបានធ្វើឱ្យរូបគេដេកស្ដូកតែម្ដង។ ដោយឃើញដូចនេះ ព្រះនាងបានស្ទុះទៅបើកបង្អួចឱ្យអាឡាដាំងចូលមក។
នៅពេលដែលអាឡាដាំងដើរចូលមក ព្រះនាងបានស្ទុះទៅឱបករប៉ុន្តែអាឡាដាំងមិនបានបីត្រកងព្រះនាងនោះទេ។ អាឡាដាំងបានយកព្រះនាងទៅទុកនៅកន្លែងសុវត្ថិភាព រួច គេ ទៅសម្លាប់បុរសម្នាក់នោះ។ ក្រោយពីសម្លាប់បានសម្រេច អាឡាដាំងបានយកចង្កៀងទិព្វនោះមកវិញ ហើយបានបញ្ជាឱ្យអារក្សចង្កៀងនាំព្រះនាង រូបគេ អ្នកហែហម ព្រមទាំងរាជវាំងត្រលប់ទៅប្រទេសកំណើតវិញ។
ព្រះចៅស៊ុលតង់ដែលកំពុងប្រថាប់ក្នុងរាជវាំង បានទន្ទឹងរង់ចាំដំណឹងបុត្រីព្រះអង្គយ៉ាងអន្ទះសា។ ព្រះអង្គបានគិតថា បុត្រីទ្រង់ត្រូវគេធ្វើគត់បាត់ទៅហើយ ហើយព្រះអង្គថែមទាំងបានធ្វើពិធីកាន់ព្រះរាជមណរៈទុក្ខថែមទៀតផង។ ប៉ុន្តែរំពេចនោះ ព្រះអង្គស្រាប់តែបានឃើញព្រះរាជវាំងដែលសាងសង់ដោយអាឡាដាំងនោះស្ថិតនៅកន្លែងដើមវិញ។ ព្រះអង្គក៏ប្រញាប់ប្រញាល់ទៅ ព្រះរាជវាំង និងទៅមើលបុត្រីព្រះអង្គ។
អាឡាដាំង និងព្រះបុត្រីព្រះអង្គបានរង់ចាំព្រះអង្គក្នុងរោងជំនុំ ហើយអាឡាដាំងក៏បានរៀបរាប់រឿងរ៉ាងដែលបានកើតឡើងថ្វាយទ្រង់ និងថែមទាំងបានបង្ហាញសាកសពបុរសចេះសិល្បសាស្ត្រដែលអាឡាដាំងបានសម្លាប់នៅអាហ្វ្រិកថែមទៀតផង ដែលធ្វើឱ្យព្រះចៅស៊ុលតង់ជឿជាក់ និងទុកចិត្តគេឡើងវិញ។ ព្រះរាជពិធីជប់លៀង និងពិសាភោជនីយាហារដ៏ធំត្រូវបានធ្វើឡើងរយៈពេលដប់ថ្ងៃ សម្រាប់ការវិលត្រឡប់របស់ព្រះអង្គម្ចាស់អាឡាដាំង និងព្រះនាង។
តាមពិតទៅបុរសចេះសិល្បសាស្ត្រនោះនៅមានប្អូនប្រុសម្នាក់ទៀត ដែលកាយសាហាវ និងខ្លាំងពូកែជាងគេទៅទៀត។ ក្រោយពីបានដឹងថា អាឡាដាំងបានសម្លាប់បងប្រុសរបស់គេហើយ គេបានធ្វើដំណើរមកប្រទេសអាឡាដាំងភ្លាម ដើម្បីសងសឹកឱ្យបងប្រុសគេ។ គេបានទៅជួបស្ត្រី ម្នាក់ដែលមានឈ្មោះថា ហ្វ៉ាទីម៉ា ដើម្បីប្រើប្រាស់នាងជាឧបករណ៍សម្លាប់អាឡាដាំង។
គេបានលបចូលទៅផ្ទះហ្វ៉ាទីម៉ា ហើយបានយកកាំបិតភ្ជង់ចង្កេះនាង ដោយឱ្យនាងដោះសំលៀកបំពាក់ចេញ ដើម្បីតែងខ្លួនធ្វើជារូបនាង។ បន្ទាប់មកគេបានប្ដូរសំលៀកបំពាក់ជាមួយនាង ផាត់មុខឱ្យដូចនាង រួចក៏បានសម្លាប់នាងចោលតែម្ដង។
គេបានដើរចូលទៅក្នុងរាជវាំងរបស់អាឡាដាំងដោយប៉ុនប៉ងសម្លាប់អាឡាដាំងឱ្យបាន។ នៅពេលដែលរូបគេដើរចូលក្នុងរាជវាំង មនុស្សគ្រប់គ្នាបានចូលមកមើលកកកុញ ជុំវិញ ដោយខ្លះសុំពរជ័យ ខ្លះទៀតសុំថើបដៃ ព្រោះពួកគេគិតថា ជាហ្វ៉ាធីម៉ាពិតប្រាកដ ដែលគេស្គាល់ថា ជាស្ត្រីតាំងសិល្បគួរឱ្យគោរពបូជាម្នាក់។ សំឡេងស្វាគមន៍ហ៉ា្វធីម៉ា បានលានឭរំពងទៅដល់មហេសីអាឡាដាំង។ ព្រះមហេសីក៏បានឱ្យទាសីទៅមើល។ ទាសី ម្នាក់ក៏បានទូលព្រះនាងថា ស្ត្រីឈ្មោះហ្វ៉ាធីម៉ាមក។
ដោយមានព្រះទ័យចង់ជួប និងចង់ស្គាល់យូរហើយផង ព្រះនាងបានឱ្យទាសីហៅគាត់ឱ្យចូលគាល់។ នៅពេលបានជួប ហ្វ៉ាធីម៉ា បានថ្វាយរបស់មួយដែលគេប្រាប់ថាជារបស់សក្ដិសិទ្ធិដល់ព្រះនាង។ ព្រះនាងបានហៅស្ត្រីនោះចូលទៅអង្គុយជិត ហើយថែមទាំងចង់ឱ្យស្ត្រីនោះរស់នៅក្នុងវាំងជាមួយព្រះនាងជារៀងរហូតថែមទៀតផង។
ដោយសារខ្លាចគេសម្គាល់អត្តសញ្ញាណបា មុននឹងចូលរាជវាំងគេបានប្រើស្បៃមុខគ្របយ៉ាងជិតសល់តែរង្វង់ភ្នែក។
ព្រះនាងបាននាំគេដើរក្នុងរាជវាំង ដោយបានបង្ហាញទាំងរោងជំនំ និងរបស់របរមានតម្លៃមួយចំនួនទៀតផង ហើយព្រះនាងក៏មានព្រះសុវណ្ណីសួរទៅគេថា តើគេយល់យ៉ាងម៉េចដែរចំពោះព្រះរាជវាំងនេះ។
ហ្វ៉ាធីម៉ា បានឆ្លើយតបទៅវិញថា ៖ ពិតជាស្អាតគ្មានពីរមែន។
តែសម្រាប់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់យល់ឃើញថា រាជវាំងនេះនៅខ្វះវត្ថុមួយទៀត។
ព្រះនាងបានសួរថា ៖ តើនេះជាអ្វីទៅ?
គេបានឆ្លើយតបទៅវិញថា ៖ ប្រសិនបើមានស៊ុតឥន្ទ្រីធំមួយធ្វើពីថ្មចងភ្ជាប់ពីប៉មខាងលើវាំងនោះ រឹតតែកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតជាមិនខាន។
នៅពេលអាឡាដាំងត្រលប់មកពីប្រពាតព្រៃវិញ ឮតែមហេសីរំលឹកពីស៊ុតឥន្ទ្រីមិនដាច់ពីមាត់សោះហើយមានស្ថានភាពហាក់បីដូចត្រូវគេដាក់អំពើ វង្វេងរង្វាន់ឥតមានដឹងអ្វីទាំងអស់។ ព្រះនាង មានព្រះសុវណ្ណីទាំងរវើរវាយប្រាប់ព្រះអង្គម្ចាស់អាឡាដាំងថា ៖
-រាជវាំងនេះបាត់បង់សម្រស់ពិតរបស់វាអស់ហើយ ព្រោះតែគ្មានពងឥន្ទ្រីចងភ្ជួរពីប៉មខាងលើ។
អាឡាដាំង បានមានព្រះបន្ទូលត្រលប់វិញថា ៖
-កុំបារម្ភព្រះមហេសី។ យើងនឹងរកឱ្យទាល់តែបាន។
អាឡាដាំងបាន ប្រើអារក្សចង្កៀងជប់ស៊ុតឥន្ទ្រីធ្វើពីថ្មដូចអ្វីដែលព្រះនាងបានប្រាប់។ ស្រាប់តែភ្លាមនោះ អារក្សចង្កៀងបានបន្លឺសំឡេងយ៉ាងខ្លាំងដាក់ ដែលធ្វើឱ្យរង្គើទៅដល់ប៉មរាជវាំងទាំងមូល។
អារក្សបានស្រែកខ្លាំងៗ ដោយថែមទាំងបង្ហូរទឹកភ្នែកផងថា ៖
-វានៅតែមិនគ្រប់គ្រាន់ឡើយ ចំពោះអ្វីដែលខ្ញុំបង្កើតឱ្យលោកម្ចាស់។ លោកម្ចាស់គួរតែបញ្ជាខ្ញុំឱ្យទៅយកម្ចាស់របស់ខ្ញុំមកចងភ្ជួរពីលើប៉មនោះវិញប្រសើរជាជាងមែនទេ?
លោកដឹងទេថា លោកម្ចាស់ ព្រះនាង និងរាជវាំងទាំងមូលនេះនឹងរលាយជាផេះមិនខាន ប្រសិនបើព្រមធ្វើដូចព្រះនាងមានព្រះបន្ទូលនោះ។ នេះគឺជាល្បិចកលរបស់ប្អូនប្រុសបុរសចេះសិល្បសាស្ត្រដែលលោកម្ចាស់បានសម្លាប់នោះ។ គេប៉ុនប៉ងសម្លាប់លោកម្ចាស់ និងបំផ្លាញរាជវាំងនេះចោល។ គេកំពុងតែបន្លំខ្លួនជាហ្វ៉ាធីម៉ា។ គេបានដាក់អាគមដល់ព្រះនាង ដើម្បីឱ្យព្រះនាងបង្ខំលោកឱ្យធ្វើបែបនេះ។ ថែរក្សាខ្លួនណាលោក។ ខ្ញុំលាហើយ។
ចាប់តាំងពីពេលនោះមក អារក្សចង្កៀងក៏រលាយខ្លួនបាត់ស្រមោលទៅ។
បន្ទាប់ពីបានដឹងរឿងនេះហើយ អាឡាដាំងបានបញ្ឆោតឱ្យហ្វ៉ាធីម៉ា បង្ហាញខ្លួន រួចក៏សម្លាប់គេបានសម្រេច។
ចាប់តាំងពីពេលនោះមក អាឡាដាំងបានរស់នៅយ៉ាងសុខសាន្ត ហើយគេក៏បានឡើងសោយរាជ្យបន្តពីព្រះចៅស៊ុលតង់បានជាច្រើនព្រះវស្សា និងមានឈ្មោះល្បីរន្ទឺរហូតមក៕