នៅទីបំផុត ប្រលោមលោកBL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានចំណងជើងថា «ថ្ងៃណាមួយ» ចេញផ្សាយជា “hardcopy”ហើយ។
ដោយទទួលបាននូវការគាំទ្រជាវិជ្ជមាន នៅក្នុងចំណោមយុវវ័យមិត្តអ្នកអាន ក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាថា នេះជាខ្សែប្រលោមលោកអប់រំជីវិតយ៉ាងល្អសម្រាប់ឱ្យវ័យជំទង់ អាចរឹងមាំឡើង ជួយឯង ក៏ដូចបំណិននៃការតស៊ូជាមួយនឹងឧបសគ្គនានានៅក្នុងជីវិត សៀវភៅ «ថ្ងៃណាមួយ» របស់អ្នកនិពន្ធ ម៉ីសន សុធារី ត្រូវបានបោះពុម្ពផ្សាយជា Special Editions ដើម្បីចូលរួមអបអរសាទរទិវាពិព័រណ៍សៀវភៅកម្ពុជាលើកទីប្រាំបួននៅបណ្ណាល័យជាតិរាជធានីភ្នំពេញ។
កញ្ញា ទូច បុប្ផា នាយិកាតម្រាបានឱ្យដឹងថា រយៈពេលជាងពីរឆ្នាំមកនេះ តម្រាបានផ្អាកសកម្មភាពទាំងអស់របស់ខ្លួនក្រោយវិបត្តិកូវីដ។
ការវិលមកវិញលើកនេះ ប្រាកដណាស់បានសម្រិតសម្រាំងមាតិកាមិនឱ្យអ្នកអានជាវទៅខកចិត្តនោះទេ។ កញ្ញាបានឱ្យដឹងដូច្នេះថា «ជាទូទៅសៀវភៅយើងតែងតែគិតលើសាច់រឿង ហើយមិនចង់ឱ្យការជាវទៅត្រូវយកទៅទុកចោលអានមិនចប់! ក្រុមការងារបានអានរឿងថ្ងៃណាមួយ ហើយយល់ថា ការបោះពុម្ពសំណៅHard Copy ស្នាដៃដ៏ល្អមួយនេះ ជាមោទនភាពថ្មីនៃការវិលមកវិញរបស់តម្រា!»
លោក លី សូផាត អ្នកពិនិត្យគុណភាពសាច់រឿង និងជាក្រុមការងារតម្រាលើកឡើងថា នេះជាប្រលោមលោកជីវិតដ៏ពិសេសមួយដែលយុវវ័យគួរបានអាន ហើយមាតាបិតាទាំងឡាយផង។
ខ្សែរឿង ថ្ងៃណាមួយ បានសរសេរឡើងនៅឆ្នាំ២០២១ ជាពេលដែលអ្នកនិពន្ធបានឆ្លើយតបទៅនឹងសំណូមពររបស់អ្នកអានជាភេទទីបីនិងភេទផ្សេងៗទៀត។ សាចរឿងបរិយាយពីតួអង្គភក្ត្រា មានឈ្មោះហៅក្រៅថាជេមស៍ ជាក្មេងមានចរិយាមារយាទល្អ មានសមានចិត្តទូលំទូលាយ ស្គាល់ខុសត្រូវ ឯបេះដូងគេ ស្រលាញ់បុរសដូចគ្នា។
នៅក្នុងវ័យជំទង់ ជេមស៍បានប្រឈមនឹងស្នេហាបោកប្រាស់ ប្រឈមទៅនឹងវិបត្តិនៃការបាក់បែកក្នុងគ្រួសារ ប្រឈមនឹងការវាយប្រហារបន្ទោសបង្អាប់រើសអើង តើភក្ត្រាឬជេមស៍និងដោះស្រាយបញ្ហាទាំងអស់ដែលគេត្រូវប្រឈមមុខដោយវិធីយ៉ាងណា ?
អ្នកនិពន្ធ បានសន្យាថា នៅក្នុងសៀវភៅនេះមិត្តអ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញ ឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សានិងឧបសគ្គផ្សេងៗច្រើនទៀត។
សៀវភៅប្រលោមលោករឿង «ថ្ងៃណាមួយ» មានលក់ ដុំនិងរាយ តាមរយៈលេខទូរស័ព្ទ ០១២៤៧២០០៣ ។
អ្នកនិពន្ធម៉ីសនសុធារី នឹងចុះហត្ថលេខាលើសៀវភៅដំបូង ចំនួន១០០ច្បាប់ សម្រាប់អ្នកគាំទ្រដែលមកជាវផ្ទាល់នោស្តង់តម្រា លេខ៣៤និង៣៥ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែធ្នូនេះ ទីតាំងបណ្ណាល័យជាតិរាជធានីភ្នំពេញ។