រឿង៖ សំណោកអនុស្សារស្នេហ៍

នៅក្រុមហ៊ុនឯកជនមួយកន្លែង

– កញ្ញា គ្នាសូមអញ្ជើញឯង និងបងមេសា មកចូលរួមក្នុងពិធីមង្គលការគ្នាផងណ៎ា! នេះជាធៀបអញ្ជើញ…កញ្ញា ត្រូវតែមកចូលរួម កុំឱ្យខកខានថ្ងៃពិសេសមួយនេះឱ្យសោះ បើមិនអីចឹងទេ គ្នាខឹងឯងជាមិនខាន!

នារី សម្បុរស្រអែម សក់រួញៗបែបអង្គាដី ឈរញញិមពព្រាយ លូកដៃហុចធៀបការអញ្ជើញ ទៅកាន់ស្រីស្រស់ នារីស្អាតតូចម្នាក់ទៀត ដែលជាមិត្តជិតស្និទ្ធ ជាមិត្តរួមការងារដែលអង្គុយជាប់នៅនិងតុធ្វើការជាមួយគ្នា ដែលកំពុងសម្លឹងមើលនិងមុខកញ្ចក់អេក្រង់កុំព្យូទ័រ ដៃញាប់វាយនិងឃីប៊តកំព្យូទ័រញាប់ស្មេរ កំពុងប្រញាប់បញ្ចប់ធ្វើរបាយការណ៍ការងាររបស់ខ្លួន។

ម្នាក់ស្រីនោះ នាងមានឈ្មោះថា កញ្ញា។ កញ្ញា ពេលបានឮពាក្យ ពោលអញ្ចើញហៅទទួលធៀបការពីសំណាក់មិត្តនារីម្ខាងទៀតបែបនេះ នាងស្ទើរតែហើបពីតុ ភ្ញាក់ឡើងស៊ើបប្រាយ ស្ទុះចង់ទៅឱបអ្នកម្ខាងទៀត។ មើលចុះ សូម្បីតែដៃរបស់នាងទាំងពីរដែលកំពុងចុចឃីប៊តកុំព្យូទ័រ គាំងស្ញេញ លែងកម្រើកសង្កត់ជាប់ចំឃីអក្សរAនិងH ដូចអារម្មណ៍ដែលនាងកំពុងចង់ស្រែកទៅកាន់អ្នកម្ខាងទៀត…

ពាក្យ «AHhhhh…» វាយជាប់ពេញក្រដាសរបាយការណ៍របស់នាង!

– មិថុនា នេះជាការពិតមែនឬ ឯងកំពុងជិតរៀបការ? (កញ្ញា ស្រដីសួរបញ្ជាក់ទៅកាន់មិត្ត ហាក់បីមិនជឿលើរឿងដែលអ្នកម្ខាងទៀតនិយាយនេះទេ…ព្រោះនេះវា…វាមានអារម្មណ៍ថាលឿនពេក! សុខៗមិត្តម្នាក់នេះ នឹងបានរៀបការ​​)

– អ្ហឺ! ហើយនេះគ្នា ទៅពោលពាក្យកុហកប្រាប់ឯងធ្វើអី…បើធៀបការ គ្នាក៏ហុចដល់ដៃរបស់ឯងដែរ កញ្ញា! បើឯង មិនព្រមជឿ ឯងអាចហែកមើលធៀបការមួយនេះបានតើ! ហក៎ យកទៅមើលចុះ!

ឮពាក្យរបស់ មិថុនា កញ្ញាពិតជាចង់បញ្ជាក់ស្រាយចម្ងល់របស់នាងណាស់។ នាង មិនបង្អង់យូរ ទទួលធៀបអញ្ជើញ ហែកស្រោមសំបុត្រធៀបការនោះមកបញ្ជាក់…

នាងឃើញច្បាស់និងភ្នែកនូវតួអក្សរធំៗ ចារសរសេរប្រាប់បញ្ជាក់នូវអត្ថន័យនៃឈ្មោះរបស់កូនកំលោះ និងកូនក្រមុំ ដែលចារដិតលើធៀបអញ្ជើញនោះ «កូនប្រុសនាម ឃឹម សីហា ជាគូនិង កូនស្រីនាម គង់ មិថុនា»

នាងបើកភ្នែកធំៗ ពេលដឹងនូវការពិតមួយនេះ!

ពិតជាការពិតមែន មិនខុសទេ…មិនខុសពីសម្ដីមិត្តនាងប្រាប់ឡើយ មិថុនាកំពុងជិតដល់ថ្ងៃចូលរោងជ័យ នាងជិតបានក្លាយជាកូនក្រមុំ មានពិធីមង្គលការនាពេលថ្ងៃខាងមុខនេះហើយ…នាងបានបញ្ចប់ងារជាឈ្មោះ ក្រមុំចាស់ហើយ!

កញ្ញា នាងនឹកភ្នកក្នុងចិត្ត៖

 «​មិថុនា ជិតក្លាយជាប្រពន្ធរបស់គេហើយ…មិត្តចរិតប្រុសរបស់ខ្ញុំម្នាក់នេះ វ៉ៃចេញលក់ដាច់ហើយ! សល់តែខ្ញុំទេមើលទៅ ដែលមិនទាន់បានចូលរោងជ័យដូចគេដទៃទៀតនោះ…ហ៊ឺសហ៊ឺ អាណិតខ្លួន…មានសង្សារនិងគេដែរ តែសេពគប់គ្នារាប់ឆ្នាំដែរ តែមិនទាន់មានដំណឹងល្អអីប្រាប់គេទៀត!» កញ្ញា លួចគិតក្នុងចិត្ត។

មិថុនា ឃើញកញ្ញាអង្គុយនឹកភ្លឹក ដកដង្ហើមធំបែបនេះ ក៏ធ្វើជាសួរលេងសើចនិងនាង

– ម៉េច កញ្ញា ឯងមិនចង់ឱ្យមិត្តម្នាក់នេះរៀបការឬ ទើបធ្វើមុខជូរហ៊ុយ ដូចគេមិនទាន់បានដោះទុក្ខសត្វរួចកាលពីព្រឹកមិញអីចឹង?

– អ៊ាវ…ភើយៗ ឯងនេះ! កុំចូលចិត្តលើកពាក្យពិត មកហែកប្រាប់គេពេក…ខូចក្រីឌីតគ្នាអស់ហើយ ឮបែបនេះ នរណាគេមកចាប់អារម្មណ៍ ស្រីស្អាតដូចជាគ្នាទៀត ហ្អាស់! គ្នានេះ គឺវាត្រេកអរ រកពាក្យអ្វីនិងបរិយាយនិងណា! មិនគិតថា​ ឯងនេះបែរជាបានចូលរោងការ ស៊ីក្បាលជ្រូកមុនគ្នាសោះ…មឹះៗតែកេះឆ្នាំងបាយធ្លុះ!

– ពុទ្ធោមិត្ត! ហើយឯងចង់ឱ្យគេមកចាប់អារម្មណ៍និងឯងអីទៀត? បើឯងបានបិទទ្វារបេះដូងរបស់ខ្លួនឯងព្រោះមានម្ចាស់រួចហើយ និងនៅមានសល់កន្លែងបេះដូងទំនេរឯណា ដាក់សម្រាប់ដាក់អ្នកដទៃដែរឬ? បើបេះដូងរបស់ឯង ពេញដោយវត្តមានបងមេសា ម្ចាស់ដង្ហើមរបស់កញ្ញាម្នាក់នេះហើយតើ។ នេះគ្នាដឹងណា បងមេសា សង្សារឯង នៅច្រងោៗនៅនិងមុខសោះ សេពគប់គ្នាបានយ៉ាងយូរជាង៥ឆ្នាំជាងហើយហ្នឹង! តែនិយាយបែបនេះ ឯងនេះរៀនចេះមានចិត្តសាវ៉ាតាំងពីអង្កាល់ ប្រាប់គ្នាមើល!…នឹកចង់រកអ្នកថ្មីមកថែបេះដូងរបស់ខ្លួនម្នាក់ទៀត?

– ឯងនេះ កុំមកចេះចង់ដឹងរករឿងគ្នាពេកបានទេ? រឿងឯងវិញឱ្យស្ងាត់ នេះមិថុនា គ្នាសុំសរសើរឯងហើយ ឯងនិងបងសីហា ទៅលួចលាក់ស្រលាញ់គ្នាតាំងពីអង្កាល់ ហ្អាក? សុខៗ មកហុចធៀបការឱ្យគ្នា…ដឹងអត់? បើគ្នាខ្សោយបេះដូង គ្នាច្បាស់ជាគាំងស្លាប់ មិនបានចូលរួមស៊ីការឯងជាមិនខាន។

– ហាហា…ស្នេហារវាងគ្នា និងបងសីហា គឺគេដាក់Private ! គេមិនប្រាប់សាធារណៈជនឱ្យបានដឹងឮឡើយ ប្រាប់ឱ្យដឹង។

– អូហ! លេងដល់អីចឹងផង? បានហើយ គ្នាសុំមកបញ្ចប់របាយការណ៍មួយនេះឱ្យរួចសិន ព្រោះត្រូវយកទៅដាក់ឱ្យលោកប្រធានពិនិត្យ រសៀលថ្ងៃនេះផង!

– អូខេ ឯងធ្វើការរបស់ឯងសិនចុះ គ្នា ទៅអញ្ជើញដើរហៅការគេទៀតសិន។

បន្ទាប់ពីមិថុនា ចាកចេញបន្ដិច កញ្ញាចាប់ផ្តើមបន្ដការងាររបស់ខ្លួន ប៉ុន្តែក្នុងចិត្តអារម្មណ៍ក្នុងខ្លួននាងពេលនេះ គឺរសាប់រសល់ ផ្ដុំមិនមូលសោះ…នាងនៅតែគិតពីរឿងរៀបការរបស់មិថុនា…

និយាយពាក្យក្នុងចិត្ត នាងលួចច្រណែនមិត្តរបស់នាង ដែលអាចចូលរោងការមុននាងបាន ព្រោះរឿងស្នេហារបស់គេទាំងពីរ ទោះបីម្ចាស់ខ្លួនគេមិនប្រាប់ឱ្យដឹង តែកញ្ញាអាចដឹងបានដែលថាមិថុនា និងសីហា ស្គាល់គ្នាមិនប៉ុន្មានឆ្នាំ ព្រោះម្នាក់ៗសុទ្ធតែជាមិត្តភក្ដិនិងគ្នា។

ការពិត កញ្ញា នាងចង់រៀបការណាស់ នាងមិនចង់នៅក្នុងសម្ព័ន្ធភាពសង្សារជាមួយមិត្តប្រុសខ្លួននោះទេ។ នាងចាប់ផ្តើមមានអារម្មណ៍ថា ភ័យខ្លាចនិងរឿងអាយុខ្លួនឯង ចាប់ផ្តើមយល់ថា សម្ព័ន្ធភាពរវាងគេនិង មេសា សង្សារនាង មិនផ្អែមល្ហែមដូចគេផ្សេង…នាងពេលខ្លះមិនដឹងថាត្រូវឬខុស ដែលមានសង្សារសុភាពពេក ឬអាចនិយាយថា មានសុភាពបុរសជាសង្សារនោះ!

«ណ្ហើយ! កញ្ញាអើយ ល្មមឈប់គិតពីរឿងនេះទៅ អារឿងរៀបការចង់ឱ្យខាងប្រុសជាអ្នកសុំឯងនោះ មើលទៅវាមិនអាចទៅរួចទេ! បើសិនជាឯងចង់រៀបការមែន មានតែខ្លួនឯងត្រូវតាំងចិត្តខ្លាំង សុំគាត់ខ្លួនឯងតែម្ដងវិញ ប្រហែលជាលឿនជាង…សុំខាងប្រុសរៀបការតែម្ដងទៅ។ បើអង្គុយដេកចាំបងមេសា សុំឯងរៀបការ មើលទៅ៥ឆ្នាំទៀតក៏មិនដឹងគាត់ហ៊ានចូលឬអត់ផង! បានហើយ ម៉ោះបញ្ចប់ការងាររបាយការណ៍នេះរួច អាល់នឹងបានរកបាយញុំាវិញ…ហ៊ើយ ជីវិត!»

កញ្ញា ពោលដាស់តឿនខ្លួនឯង ចប់ឃ្លាប្រយោគដោយដង្ហើមធំ។

រ៉ឺងៗរ៉ឺង! សំឡេង ទូរស័ព្ទដៃរបស់កញ្ញារោទ៍ឡើង

– ជម្រាបសួរ ម៉ាក់! ចម្លែកម៉្លេះ ម៉ាក់ខលទូរស័ព្ទមករកខ្ញុំ ទាំងថ្ងៃត្រង់បែបនេះហ្នឹង?

– កញ្ញា! កូនរវល់ធ្វើការងារទេ ថ្មើរនេះនុះ? ម៉ាក់ ខលទៅរំខានដែរឬអត់? (ម៉ាក់កញ្ញា ស្រដីសួរ)

– មិនអីទេណ៎ាម៉ាក់ កូនសម្រាកចេញពីការងារហើយ។ ម៉ាក់ មានការងារអ្វីមែនទេ ទើបបានជាខលមករកខ្ញុំបែបនេះ?

– គឺគ្មានអ្វីច្រើនទេ ចុងសប្ដាហ៍នេះ កូនទំនេរទេ? ម៉ាក់មានរឿងចង់ពឹងឱ្យកូនជួយ…

– ចុងសប្ដាហ៍នេះ? ម៉ាក់ ខ្ញុំរវល់ហើយ!

– សំខាន់ឬអត់? អាចឈប់បានទេ រឿងការងារមួយហ្នឹងនោះ? (ខ្សែម្ខាងទៀត សួរបញ្ជាក់ មើលទៅការងារដែលគាត់រកពឹងឱ្យកញ្ញាជួយនោះ ទំនងជារឿងសំខាន់ផងដែរ)

– ម៉ាក់ គឺ….

ឮសំនួនពាក្យស្ទាក់ស្ទើររបស់អ្នកម្ខាងទៀតបែបនេះ ម៉ាក់របស់កញ្ញា អាចទាយដៅដឹងខ្លះៗថា ការងារដែលកូនស្រីខ្លួនជាប់ធ្វើនៅចុងសប្ដាហ៍ អាចជារឿងអ្វី?

– នេះជាប់ណាត់ជាមួយ សង្សារប្រុសរបស់ឯងមែនទេ?

– ម៉ាក់ គឺ… (កញ្ញា ឆ្លើយរាងរដិករដុប ព្រោះនាងដឹងថា ម៉ាក់របស់នាង ហាក់បីមិនសូវពេញចិត្តបងមេសា សង្សាររបស់ខ្លួនឡើយ)

– កូនកញ្ញា ម៉ាក់ មិនជំទាស់ទេរឿងកូនមានសង្សារ ហើយមិនប្រកាន់ដែលថាសង្សារកូនជានរណា។ ប៉ុន្តែម៉ាក់សុំប្រាប់កូនឱ្យដាច់ស្រេច បើឆ្នាំនេះសង្សារកូន មិនចូលមកដណ្ដឹងកូនយកទៅរៀបការទេ ម៉ាក់នឹងបង្ខំកូនរៀបការជាមួយនិងមនុស្សដែលម៉ាក់គិតថាសក្តិសមជាមួយនិងរូបកូនហើយ! ម៉ាក់ ប្រាប់ឱ្យដឹង បញ្ជាក់ឱ្យច្បាស់ កូនជួយប្រាប់ទៅខាងប្រុសផង!

– អ្នកម៉ាក់ ធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េច? ខ្ញុំជាកូនស្រីរបស់ម៉ាក់ ណ៎ា!

 – ហ្នឹងហើយ ដោយសារតែឯងជាកូនស្រីរបស់ម៉ាក់ហើយ ទើបម៉ាក់គិតគូ បារម្ភរឿងគូជីវិតរបស់កូននោះ! ឯងមិនដឹងទេឬ ថាឆ្នាំនេះឯង មានអាយុប៉ុន្មានឆ្នាំហើយ? ចូលឆ្នាំនេះ ឯងអាយុ២៩ឆ្នាំហើយណ៎ា កញ្ញា! ឯងចង់ដល់ឆ្នាំណាទើបរៀបការ ឯងមិនដឹងទេឬថាស្ត្រីយើង តែអាយុ៣០ឆ្នាំ គឺពិបាកក្នុងការចាំគេមកដណ្ដឹង រៀបការនិងយើងណាស់…រឿងយកកូនមួយទៀត អាយុកាន់តែជ្រេ ការបង្កើតកូនក៏ពិបាកដែរ​ ម៉ាក់មិនចង់ឱ្យឯងក្លាយចំណីមាត់ញាតិក្នុងស្រុកអ្នកដទៃឡើយ។ ហើយនេះ ឯងក៏មានសង្សារ សេពគប់គ្នារាប់ឆ្នាំរួចហើយ នឹងចង់គិតថាអង្កាល់ទៀតទើបបានរៀបការ សាងគ្រួសារអ្ហៈ? ម៉ាក់មិនចង់រង់ចាំយូរច្រើនឆ្នាំបែបនេះទេ! ឯងត្រូវតែរៀបការឱ្យបានក្នុងឆ្នាំនេះ!        

– អ្នកម៉ាក់! (កញ្ញា ស្រែកប្រកែកជំទាស់)

– ម៉ាក់សម្រេចចិត្តរួចហើយ! បានហើយ ប៉ុណ្ណឹងចុះ ម៉ាក់រវល់!

ទឺតៗទឺត! ខ្សែម្ខាងទៀត បិទទូរស័ព្ទយ៉ាងលឿន មិនរង់ចាំស្ដាប់ពាក្យប្រកែកពីកញ្ញា។ កញ្ញា ឮបែបនេះ នាងចាប់ផ្តើមចងចិញ្ចើម ក្នក់ក្នុងចិត្ត ព្រោះគិតមិនដឹងថាត្រូវសម្រេចគួរបែបណា? ប្រាប់បងមេសាពីរឿងនេះ ឬគួរតែគិតថានឹងសុំបែកជាមួយគាត់វិញ…ស្នេហារបស់គេទាំងពីរ ដល់ផ្លូវបំបែកហើយមែនទេ?

គិតមិនដឹងរកដំណោះស្រាយត្រូវធ្វើបែបណាឱ្យល្អមួយសោះ នាងមានតែសម្រេចចិត្តខលទូរស័ព្ទសួរអ្នកចងបញ្ហា…

– អាឡូ បងមេសា! បងរវល់ទេ? (កញ្ញា ស្រដីសួរទៅកាន់ខ្សែម្ខាងទៀត ដោយសំឡេងមុត)

– បាទ ពេលនេះមិនរវល់អ្វីសំខាន់នោះទេ អូនមានរឿងអ្វីមែនទេ? (មេសា តប ក្នុងចិត្តរាងចម្លែកដែរ)

– បងមានដឹងរឿងរបស់ មិថុនានិងបងសីហាទេ?

– រឿងរបស់មិថុនានិងសីហា? គេទាំងពីរមានរឿងអ្វីឬ? ទើបអូនសួរមកកាន់បងបែបនេះ?

– គឺចុងខែហ្នឹង គេទាំងពីរចូលរោងការហើយ…

– ចូលរោងការ? ពិតមែនឬ? (មេសា ឆ្លើយដោយសំឡេងស្មើ ហាក់បីមិនភ្ញាក់ផ្អើល ឬមិនសំខាន់អ្វីសោះ)

– បងពិតជាមិនដឹងរឿងនេះដែរឬ? បងសីហា ជាមិត្តរួមការងារជាមួយនិងបងណា៎…ខ្ញុំគិតថា រវាងបងទាំងពីរគ្មានអ្វីលាក់បាំងនិងគ្នាទេ បងច្បាស់ជាដឹងរឿងនេះជាមិនខាន! តែម៉េចក៏បងមិនដែលនិយាយប្រាប់ខ្ញុំអីបន្ដិចសោះ…(កញ្ញា ដំឡើងសំឡេង ដូចជាចង់ខឹងទៅកាន់ខ្សែទូរស័ព្ទម្ខាងទៀត)

– ហ្ហឹម! សូមទោសអូន…បងដូចធ្លាប់ឮសីហា វានិយាយពីរឿងនេះដែរ តែបងមិនសូវចាប់អារម្មណ៍និងរឿងរបស់វាប៉ុន្មាននោះទេ! អូនក៏ដឹងដែរថា អាសីហា វាជាមនុស្សចូលចិត្តប៉ប៉ាច់ប៉ប៉ោចយ៉ាងណា។ តែនេះ ហេតុអ្វីអូននិយាយរឿងនេះធ្វើអី?

– បង…គេរៀបការហើយ! (កញ្ញា សង្កត់សំឡេងលើពាក្យ រៀបការ)

– បងដឹងហើយ! បងច្បាស់ជាសារ៉េពេលទៅចូលរួមពិធីមង្គលការជាមួយអូនទាល់តែបាន…មិនខកសន្យាដូចមុននោះទេ លើកនេះ បងនិងទៅចូលរួមពិធីមង្គលរបស់គេទាំងពីរជាមួយអូន!

– បង ខ្ញុំមិនចង់សំដៅពីរឿងនេះទេ! បង មិត្តខ្ញុំម្នាក់ៗ គេរៀបការអស់ហើយ អ្នកខ្លះគេក៏មានកូនរត់ពេញដីដែរ ហើយចុះរឿងរបស់…

ឃ្លាប្រយោគពាក្យសម្ដីរបស់ កញ្ញា មិនទាន់ពោលចប់ សួរគេឱ្យច្បាស់ផង ស្រាប់តែសំឡេង ទឺតៗទឺត! បញ្ជាក់ពីការដាច់សេវាបញ្ចប់ការសន្ទនាពីចុងខ្សែម្ខាងទៀត។

– នេះកើតថីហ្នឹង បងមេសា ខ្ញុំមិនទាន់បានសួរគាត់ថា ចុះរឿងរៀបនោះ បងមិនធា្លប់គិតទេ?

កញ្ញា រអ៊ូព្រោះនេះ ទម្រាំគេខំប្រមូលកម្លាំងចិត្ត ក្លាហានចង់សួរពីចម្លើយអ្នកម្ខាងទៀត បែរជាត្រូវបរាជ័យ ព្រោះតែបញ្ហាខ្សែទូរស័ព្ទម្ខាងទៀតដាច់សេវា…តើនេះជាឧប្បទ្ទវហេតុ ឬចេតនារបស់គាត់?

មួយសន្ទុះ សំឡេងសារមួយ លោតចូលមកក្នុងទូរស័ព្ទរបស់កញ្ញា

ទឺតៗទឺត! សំឡេងសារ

– សូមទោស ទូរស័ព្ទបងអម្បាញ់មិញអស់ថ្ម! បងរវល់បន្ដិច ចាំល្ងាច យើងចួបគ្នា!

ឃើញគាត់ផ្ញើសារមានអត្ថន័យបែបនេះ កញ្ញា ចាប់ផ្តើមមានអារម្មណ៍ខឹង តូចចិត្តនិងមេសា ពេលខ្លះនាងចាប់ផ្ដើមមានអារម្មណ៍ សង្កេតដឹងខ្លះៗថា រាល់ពេលដែលគេនិងនាង និយាយពីរឿងរៀបការ គេតែងតែគេចវេសនិងសំនួរនាង ឬរកមូលហេតុ លេសដោះសារមិនផ្ដល់ចម្លើយឱ្យនាងច្បាស់នោះទេ..

 «​តើនេះបងមេសា ពិតជាមិនគិតចង់រៀបការជាមួយខ្ញុំមែនទេ? បើបែបនេះមែន តើខ្ញុំគួរតែសុំគាត់បែកគ្នាដែរទេ? ខ្ញុំពេលនេះ លែងចង់បន្ដសម្ព័ន្ធភាពមិនច្បាស់លាស់បែបនេះទៀតហើយ…ខ្ញុំចង់រៀបការ…ស្លៀកពាក់ឈុតប្រពៃណីខ្មែរ សំពះផ្ទឹមដូចកូនក្រមុំ នារីដទៃទៀតដែរ»

គិតបែបនេះរួច នាងទាញទូរស័ព្ទរបស់ខ្លួន ហើយតបសារទៅកាន់មេសាវិញ

– ចាស៎ អូនយល់ហើយ! ល្ងាចនេះអូនរវល់ មិនបាច់ចួបគ្នាទេ បងមេសារ! (នាងផ្ញើសារខ្លីបែបនេះ ក្នុងចិត្តគេសង្ឃឹមថា មេសា គេនឹងលួងនាង)

មួយស្របក់ សំឡេងសារជាថ្មីចូលមកទូរស័ព្ទនាង

– អូខេ អ៊ីចឹងចាំស្អែក ថ្ងៃសៅរ៍ ចាំចួបគ្នាក៏បាន!

នាងឆ្លើយតប ទៅកាន់នាងវិញខ្លីៗ

– ចាស៎បង!

—————-

ស្អែកឡើង

មេសា បបួលនាងធ្វើដំណើរកម្សាន្តទៅលេងកំពង់សោម ដោយជិះម៉ូតូរបស់ខ្លួន។ វេលានោះ កញ្ញា ក៏រំភើបចិត្តណាស់ ហើយក៏ភិតភ័យបុកពោះក្នុងខ្លួនផងដែរ ព្រោះនាងសម្រេចចិត្តរួចហើយ ថានឹងនិយាយពាក្យបែកទៅកាន់មេសានៅថ្ងៃនោះផងដែរ…នាងចង់រក្សាអនុស្សាវរីយ៍ល្អៗជាមួយគេឱ្យបានច្រើន ជាជាងគិតរឿងអាក្រក់ដែលមាននៅថ្ងៃខាងមុខ។

ពួកគេមកដល់ឆ្នេរសមុទ្រ រាងថ្ងៃជ្រេទៅហើយ តែម្នាក់ៗសប្បាយចិត្តពេលបានឃើញសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ជាមួយខ្យល់បក់ផាត់កាយដ៏ត្រជាក់…ភាពនឿយហត់ទាំងប៉ុន្មានដែលមានក្នុងខ្លួនក៏បាត់អស់។ ពួកគេទាំងពីរនាំគ្នាលេងទឹកសមុទ្រ រហូតដល់ល្ងាចបន្តិច អ្នកទាំងពីរអង្គុយមាត់ឆ្នេរ រង់ចាំមើលថ្ងៃលិច។​

មួយសន្ទុះស្រាប់តែ មេសា សម្លឹងមើលភ័ក្ររបស់កញ្ញា រួចវាចាឡើងថា…

-កញ្ញា អូន! បើមានថ្ងៃមួយបងនឹងលែងនៅក្បែរអូនជារៀងរហូត តើអូននឹងគិតធ្វើយ៉ាងណា?”

កញ្ញា ឮមេសាសួរបែបនេះ នាងគិតវាគ្រាន់តែជាសំនួរលេងសើចដូចជាគេដទៃ នាងឆ្លើយដោយមិនសូវខ្វល់ថា…

– អូននឹងយកសង្សារថ្មី ដែលសង្ហាជាងបង ឡូយជាងបង និងល្អជាងបងគ្រប់បែបយ៉ាង…អូនមិនធ្វើជាក្រមុំសៅកែ រង់ចាំអ្នកដែលមិនវិលវិញនោះទេ…ហាហា…បងខឹងនឹងអូនទេ?

ឮចម្លើយរបស់នាងបែបនេះ មេសា ញញិមចេញធ្មេញមក រួចតបទៅវិញថា…

– មិនខឹងទេ…សង្សារបងទាំងស្អាតនិងឆ្លាតបែបនេះ ពិតណាស់មិនខ្វះអ្នកមកស្រលាញ់ឡើយ

ឮពាក្យសម្ដីតបរបស់មេសាបែបនេះ កញ្ញារំជួលចិត្ត មិនគិតថាគេក៏ជាអ្នកមានសម្ដីផ្អែមបែបនេះដែរ នាងគិតមួយសន្ទុះ សួរទៅកាន់មេសាវិញ

– ចុះបងវិញ ប្រសិនបើគ្មានអូន បងនឹងធ្វើបែបណា?

– បងនឹងទៅរកអូន…ជីវិតបងរស់មិនអាចមានសេចក្ដីសុខឡើយ បើខ្វះវត្តមានអូននៅក្បែរបង!

————-

រៀបត្រលប់មកភ្នំពេញវិញហើយ អារម្មណ៍របស់កញ្ញាហាក់ជាមិនស្រួលសោះ ភ្នែកខាងឆ្វេងរបស់នាងញាក់រហូត ហាក់ប្រាប់ក្រើនរម្លឹកពីប្រផ្នូលមិនល្អអ៊ីចឹង…នាងដកដង្ហើមធំ សម្រេចចិត្តនឹងមិនទាន់ប្រាប់ទៅមេសាពីរឿងបែកគ្នាឡើយ។

ពេលមកដល់កន្លែងផ្ញើ ស្រាប់តែប្រផ្នូលមិនល្អនោះ ឆុតមែនទែន…មួកសុវត្ថិភាពពណ៌ផ្កាឈូកដែលជាកាដូថ្ងៃកំណើតដែលមេសាបានទិញជូនឱ្យនាង…នាងស្រលាញ់វាណាស់ ព្រោះវាជារបស់តែមួយ ថ្ងៃតែមួយដែលមេសាទិញឱ្យនាងជាលើកដំបូង។ កញ្ញាមានអារម្មណ៍ខូចចិត្ត និងសោកស្តាយណាស់ដែលមិនបានមើលថែរក្សា ការពារវាឱ្យបានល្អ មេសា ឃើញនាងបែបនេះ ក៏និយាយលួងនាងថា…

– កុំខូចចិត្តអីអូន ចាំត្រលប់ទៅដល់ភ្នំពេញវិញ បងនឹងទិញអាថ្មីដែលល្អជាងនេះឱ្យអូន…គ្រាន់អូនតែងតែរអ៊ូប្រាប់បងថាមួកនេះកញ្ចាស់ មិនស្អាតនោះអី?

– តែនេះវា… (នាងបង្អាក់សម្ដី គិតមួយសន្ទុះទើបនិយាយត)  មិនអីទេបង…របស់ដែលបាត់ហើយ ទោះទិញថ្មីជំនួសវិញ វាក៏លែងដូចដើមវិញដែរ!

ម្នាក់ៗ ស្ងាត់ស្ងៀមរៀងៗខ្លួន ហើយក៏គេឡើងជិះម៉ូតូរបស់ខ្លួនទៅទាំងបែបនេះ ដោយកញ្ញា មិនបានពាក់មួកសុវត្ថិភាពឡើយ។

នៅអំឡុងពេលធ្វើដំណើរនៅតាមផ្លូវ ពួកគេឆ្លងកាត់រោងការមួយកន្លែង សំឡេងភ្លេងតន្ដ្រីប្រគុំអ៊ឹកធឹក កំដររោង ធ្វើឱ្យកញ្ញាស្រណោះ នឹកស្រមៃមិនដឹងកាលណា ខ្លួនមានឱកាសក្លាយជាកូនក្រមុំចូលរោងពិធីបែបនេះដូចគេ ស្រាប់តែពេលនោះ សំឡេងមេសានិយាយស្រែកខ្លាំងៗឡើង

– កញ្ញា អូនចង់រៀបការទេ?

– បងនិយាយស្អី? (កញ្ញា សួរបញ្ជាក់)

– គឺបងចង់សុំអូនរៀបការនៅពេលនេះ…យល់ព្រមរៀបការនឹងបងទេ កញ្ញា?

– បង.. (កញ្ញានៅពីក្រោយឱបចង្កេះអ្នកកំលោះឡើងណែន នាងរំជួលចិត្តរំភើបពេក គាំងនិយាយលែងចេញ)

– បងសន្សំលុយគ្រប់ហើយ…កញ្ញា ព្រមរៀបការនឹងបងទេ? (មេសា ស្រែកខ្លាំង និយាយបន្ដ)

មេសា និយាយរួចហើយ ល្បឿនម៉ូតូរបស់ខ្លួនបរកាន់តែលឿន ស្របពេលជាមួយផ្លូវទេរចុះចំនោទ ធ្វើឱ្យម៉ូតូអ្នកទាំងពីរដែលកំពុងជិះនេះរឹតតែរត់បរទៅមុខលឿនស្លេវ រហូតដល់កុងទ័រល្បឿនចង្អុលដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង…ខ្យល់ត្រជាក់ដែលហើរកាត់និងរាងកាយកញ្ញា និងល្បឿនលឿនដូចហោះបែបនេះ ធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចឡើង…

នាងស្រែកប្រាប់ទៅអ្នកកំពុងបើកកាន់ដៃចង្កូតម៉ូតូទាំងញ័រមាត់ថា…

– បងមេសា..បងអាចបន្ថយល្បឿនម៉ូតូសិនបានទេ? អូនរងាណាស់!

–  អូនប្រាប់បងសិនមក អូនយល់ព្រមជាមួយបងទេ?

– អូ…អូន យល់…យល់ព្រម! អូនចាំពាក្យបងសុំរៀបការអូនយូរហើយ បងដឹងទេ បើបងមិនសុំអូនរៀបការថ្ងៃនេះទេ អូននឹងសុំបែកពីបងហើយ!

– បងដឹង បងសូមទោសអូន…(មេសា និយាយដោយសំឡេងអួលដើមក ក្រៀមក្រំ យ៉ាងចម្លែក)

– បង… (កញ្ញា មិនត្រូវរកពាក្យអ្វីមកសូមទោសអ្នកម្ខាងទៀត នាងមិនគួរភ្លាត់មាត់និយាយពាក្យទាំងនោះចេញមកសោះ)

– កញ្ញា បងអាចសុំអូនមួយបានទេ? អូនអាចដកមួកសុវត្ថិភាពរបស់បងដែលកំពុងពាក់នេះ យកទៅពាក់នៅក្បាលអូនសិន ហើយអូនថើបលួងបង នៅថ្ពាល់ខាងឆ្វេងបងមួយខ្សឺតមក…ជាសក្ខីភាពថា ពួកយើងទាំងពីរយល់ព្រមរៀបការជាមួយគ្នា។ អូនធ្វើបានទេ?

– អូនធ្វើបាន!

កញ្ញា និយាយរួចក៏ធ្វើតាមសម្ដីរបស់មេសា…កញ្ញា ងាកសម្លឹងមើលទៅកញ្ចក់ដៃម៉ូតូ នាងឃើញមេសា ញញិមយ៉ាងក្រៀមក្រំ កែវភ្នែករបស់គេក្រហម ចាប់ផ្ដើមស្រក់ទឹកភ្នែក…នាងរន្ធត់ចិត្តជាខ្លាំង ព្រោះនេះជាលើកទី១ ដែលនាងឃើញមេសាយំ…នេះមេសា គាត់កើតថី?

– កញ្ញា បងសូមទោស…ព្រោះបងស្រលាញ់អូន!

គ្រាំង!!! ផាំងប្រាវ!​ សំឡេងលាន់ឮសូរស្ទើរបែកត្រចៀក!

ម៉ូតូដែលអ្នកទាំងពីរកំពុងជិះបានដួលបោកនឹងថ្នល់…ថ្លុកឈាមហូរដាមពេញលើគំនូសផ្លូវ រាងកាយមនុស្សពីរនាក់បានខ្ទាតចាកឆ្ងាយចេញពីគ្នា ប៉ុន្ដែអ្វីដែលចម្លែកនោះ ទោះបីរាងកាយពេញដោយរបួស ដាច់រលាត់ឈាមប្រឡាក់ពេញអាវ សភាពមើលលែងចង់ស្គាល់យ៉ាងណា កែវភ្នែកដ៏មានពន្លឺរបស់អ្នកកំលោះ ជនរងគ្រោះបង្ហាញនូវស្នាមញញិមនៅលើផ្ទៃមុខខ្លួន ដែលដៀងភ្នែកកំពុងសម្លឹងមើលទៅកាន់នារីម្នាក់ ពាក់មួកសុវត្ថិភាព ដេកសន្លប់ ឆ្ងាយពីខ្លួន៥ម៉ែត្រ…

————

៣ថ្ងៃក្រោយមក កញ្ញា កាន់កាសែតមួយអានទាំងស្រក់ទឹកភ្នែកថា..

មានគូស្នេហ៍ស្មោះស្ម័គ្រមួយ នៅពេលកំពុងបើកបរយ៉ាងលឿនពីកំពង់សោមត្រលប់មកភ្នំពេញវិញ ហ្រ្វាំងម៉ូតូត្រូវបានដាច់ ប៉ុន្តែអ្នកកំលោះជាសង្សារនាងមិនបានប្រាប់មិត្តស្រីរបស់ខ្លួនទេ ដោយភ័យខ្លាចនាងភ័យ ប៉ុន្ដែបែរជាបញ្ឆោតនាង សុំនាងរៀបការ ដែលជាវិធីត្រជាក់ឱ្យនាងយល់ព្រមដកពាក់មួកសុវត្ថិភាពខ្លួន មកពាក់ជំនួសវិញ។ បន្ទាប់ពីពាក់រួចភ្លាម គ្រោះថ្នាក់ចរាចរណ៍ក៏កើតមានឡើង។ ខាងប្រុសបានស្លាប់ តែសំណាងខាងស្រីនៅរស់រានមានជីវិត ព្រោះការលះបង់មួកការពាររបស់សង្សារនាង៕

ចប់