ធ្វើយ៉ាងណាពេលអស់អារម្មណ៍សរសេរទាំងសាច់រឿងនិពន្ធមិនទាន់ចប់

អ្នកនិពន្ធ ម៉ីសន សុធារី បានឆ្លើយតបចំពោះសំណួរនេះយ៉ាងដូច្នេះថា ជាធម្មតាដែលអ្នកនិពន្ធមួយចំនួន ជួបប្រទះអារម្មណ៍ធុញថប់ពេលសរសេរ ទាំងដែល​សាច់រឿងនោះ មិនទាន់និពន្ធចប់ផងក៏លែងមានជំនក់ចិត្ត​ ថែមទាំងមិនដឹងត្រូវបញ្ចប់បែបណា។

ជាទូទៅ អ្នក​និពន្ធ​អាជីព​ទាំង​អស់​ រមែងតែងមាន​គំនរ​សៀវភៅ​សរសេរមិន​ទាន់​ចប់
កុំថាអ្នកនិពន្ធថ្មីៗមិនទាន់ថ្នឹក។ កន្លែងនេះ​ត្រូវការ ការតាំងចិត្ត ការលើកទឹកចិត្ត និងត្រូវការយោបល់ត្រឡប់ដែរ។ ជាការប្រសើរក្នុងសម័យនេះ ដែលខ្ញុំបានបន្តសរសេររាល់ថ្ងៃ​លើអ្វីដែលមានអ្នកតាមដានអាន ហើយ​កាន់តែងាយស្រួលបំផុតដែលទទួលអារម្មណ៍ថា​មានមនុស្ស​រង់ចាំសាច់រឿងបន្ត នេះជាការលើកទឹកចិត្ត​ឬសម្ពាធវិជ្ជមាន​មួយដែរ។
ប្រសិនបើអ្នកសរសេរ ទទួលបានប្រិយមិត្ត​លើប្លុក នោះការធ្វើអ្វីដែលយើងចាំបាច់ត្រូវ​ធ្វើ គឺជាការទទួលខុសត្រូវ មួយបន្ថែមពីលើការតាំងចិត្ត អ្នកនិពន្ធសម័យមុន​សរសេរពេលមានអារម្មណ៍​សរសេរ តែពេលនេះ​អាចថា ត្រូវទទួលខុសត្រូវ​ទោះបីមាន​អ្នកអានឬអ្នករង់ចាំតែម្នាក់ក្តី។

ខ្ញុំធ្វើដូច្នេះ​ពេលដែលអស់អារម្មណ៍ គឺវិលទៅអានឬទស្សនាអ្វីមួយ​ដែលពីមុនធ្លាប់បណ្តាលចិត្ត​យើងឱ្យចង់សរសេរ។ ខ្ញុំជឿថា មាន​កុនខ្លះ ឬសៀវភៅខ្លះ ឬអ្នកនិពន្ធខ្លះ ដែល​មានអំណាច​ជំរុញ​ទឹកចិត្ត​ឱ្យយើងចង់សរសេរឡើងវិញ ដូចគ្នាពេលយើងឃើញគេច្រៀងពិរោះ ក៏ចង់ច្រៀងតាម។​

មួយទៀត ការទម្លាប់បង្កើតនិងកត់ត្រាគំនិតរឿង ទាំងអស់នៅពេលមុន ជាការល្អ យើងអាចរំលឹកឡើងមកវិញថា កាលណោះហេតុអ្វី​យើងចង់សរសេររឿងមួយនេះម្ល៉េះ? ត្រូវចងចាំដែរថា យើងមានសិទ្ធិផ្លាស់ប្តូរចុងបញ្ចប់ យើងជាម្ចាស់នៃបទនិពន្ធនោះមិនចាំបាច់តែ​ធ្វើតាមគំនិតរឿងពីដំបូងៗទេ។

ចូលព្រីមៀមក្លឹប​ដើម្បីទទួលបានឱកាសអានអត្ថបទនេះ និងអត្ថបទស្តីអំពីវិធីសាស្ត្រតែងនិពន្ធជាច្រើនទៀត។