ស្នូរបិទទ្វារគ្រឹប ដាស់ខ្ញុំភ្ញាក់ដឹងខ្លួន ទ្រូងញ័រ ចិត្តរន្ធត់រកដកដង្ហើមមិនចង់ដល់គ្នា សោះទេ។
នៅជុំវិញខ្លួន ក្រៅពីភាពងងឹតសូន្យសុង ខ្ញុំអត់សម្គាល់លើអ្វីបានទាំងអស់ ។ ដើម្បីឲ្យស៊ាំទៅនឹងសភាពនេះខ្ញុំសម្ងំបិទភ្នែកវិញបន្តិចសិន។
សម្រឹបជើងនៅខាងក្រៅបន្ទប់ បានធ្វើឲ្យខ្ញុំបើកភ្នែកដោយបង្ខំឡើងវិញសាជាថ្មីម្ដងទៀតរហ័សរហួន។ ផ្លេកបន្ទោរនិងសូរផ្គរលាន់ ប្រណាំងគ្នា បញ្ចេញមហិទ្ធិរិទ្ធម្ដងពីបង្អួចខាងឆ្វេងម្ដងនៅបង្អួចខាងស្ដាំម្ដងនៅចុងជើងខ្ញុំ។
បន្ទប់នេះ មានបង្អួចច្រើនពេកហើយ ខ្ញុំដឹងតាំងពីដំបូងដែលមកជួលទីនេះស្នាក់ ប៉ុន្តែដោយសារថាគ្មានជម្រើស បានជាខ្ញុំត្រូវជ្រើសរើសវា។
នេះគឺជារាត្រីដំបូងរបស់ខ្ញុំ សម្រាប់ការមកស្នាក់នៅក្នុងខេត្តបាត់ដំបងដើម្បីបំពេញការងាររយៈពេលខ្លី។ ចំណែកបន្ទប់នេះឋិតនៅជាន់ទីមួយ ផ្នែកខាងត្បូងឆៀងខាងលិចដែលម្ចាស់ផ្ទះ ជួលឲ្យខ្ញុំស្នាក់នៅក្នុងតម្លៃសមរម្យ។
ខ្ញុំដឹងថា នៅខាងមុខនៃជាន់ដដែលនេះ មានបន្ទប់ពីរទៀតដែលមួយជារបស់ម្ចាស់ផ្ទះនិងមួយទៀតជារបស់ប្អូនប្រុសគាត់ស្នាក់នៅ។
ទោះបីថាថ្ងៃនេះប្អូនប្រុសគាត់ជាប់ទៅបុណ្យមិត្តភក្តិមិនទាន់មកវិញ ក៏ខ្ញុំជឿថា ម្ចាស់ផ្ទះប្តីប្រពន្ធនិងកូនស្រីតូចរបស់គាត់នៅគេងមិនឆ្ងាយពីខ្ញុំដែរ។
ម៉ោងប៉ុន្មានហើយ?
ខ្ញុំលើកទូរស័ព្ទមកចុចពិនិត្យម៉ោងទាំងឈឺក្បាលខ្ទោកៗ។
ម៉ោង១២ជាង?
មិនចូលចិត្តការភ្ញាក់ឡើងដោយបង្ខំកណ្តាលអធ្រាត្រដូច្នេះទេ ម៉ោងទើបតែដប់ពីរយប់ហ្នឹង! ខ្ញុំគេងដឹងពីថ្មើរម៉ានមក?
ធម្មតាពេលខ្លះ ខ្ញុំនៅដល់យប់ជ្រៅជាងនេះទៀត ប៉ុន្តែប្រហែលជាមកពីថ្ងៃនេះខ្ញុំរើអីវ៉ាន់មកហត់ខ្លាំងពេក បានជាទម្លាក់ខ្លួនភ្លែតក៏លក់ភ្លាមតែម្ដង។
ប្រសើរដែរដែលគេងលក់បានប៉ុន្តែអ្នកណា បិទទ្វារអម្បាញ់មិញ?
កណ្តាលអធ្រាត្របិទទ្វារឮៗម៉េះ?
ខ្ញុំមិនចង់ចុចភ្លើងនោះទេ ទើបបំបែរទូរស័ព្ទទៅរកទ្វារ។
ទ្វារឈើនិងរនុកពីខាងក្នុងនៅជាប់ដដែលសោះ។ ចំណែកនៅខាងក្រៅវិញ ខ្ញុំចាំបានថា ពីកន្លែងខ្ញុំគេងនេះ ទៅដល់បន្ទប់របស់ម្ចាស់ផ្ទះ រំលងយ៉ាងហោចណាស់ក៏ដប់ម៉ែត្រដែរ។ នៅជាន់ខាងលើនេះ វាហាក់ធំល្វឹងល្វើយ ព្រោះជាផ្ទះសល់តាំងពីជំនាន់បារាំងមក។
ទោះជាមុននេះមានគេបិទទ្វារក៏មិនសមថា អាចលាន់សំឡេងរំលងមកដល់ខាងក្នុងនេះដែរ។ស្នូរមុននេះឮច្បាស់ដូចផ្ទប់ត្រចៀក រហូតបង្ខំខ្ញុំឲ្យបើកភ្នែកភ្ញាក់ចេញពីដំណេកថ្នាក់នេះ?
ភ្លៀងធ្លាក់ប្រាវៗឥតព្រាងទុកនៅខាងក្រៅ។
ខ្ចិលយ៉ាងណា ខ្ញុំត្រូវតែក្រោកដើរទៅពិនិត្យមើលជុំវិញបន្ទប់ដែលទើបនឹងមកជួលសម្រាកបានយប់ដំបូងនេះដែរ។
មិនទាន់ ស្គាល់កន្លុកកន្លៀតច្បាស់ប៉ុន្មាននៅឡើយ ។ ត្រូវតែបើកភ្លើងឡើងចៀសមិនរួចដើម្បីឲ្យដឹងថាកន្លែងណាខ្លះមិនទាន់បានបិទ កុំឲ្យត្រូវភ្លៀងសាចចូលត្រូវទទឹក។ បរិវេណខាងក្រោមខៀវស្រងាត់ដោយអំពូលភ្លើងសូឡា ។
ដៃខ្ញុំទាញបង្អួចទាំងសងមកក្នុង។ ស្វាងចែសទៅហើយ ព្រោះជាតិតំណក់ភ្លៀងជះសាចមកលើមុខខ្ញុំឡើងត្រជាក់ស្រេង។
អ្វីមួយលាន់មកពីផ្ទះខាងក្រោម។
ដូចសូរមនុស្សបុកគ្រឿង?
ម្ចាស់ផ្ទះនេះឡើងធ្វើម្ហូបទាំងកណ្ដាលអធ្រាត្រ? វាមិនសម?
ស្នូរបុកគ្រឿង ឮឡើងទ្វេឡើងខណៈខ្ញុំផ្ទៀងស្តាប់ ញាំងខ្ញុំឱ្យដើរសំដៅទៅកាន់មាត់ទ្វារ ហើយរាវដករនុក។
កន្លងមករឿងខ្មោចលងស្អីខ្ញុំមិនចេះខ្លាចទេ ។ មនុស្សខ្ញុំ នេះខ្លាចតែចោរនិងគេគាបស៊ី។ នៅខាងក្រៅបន្ទប់ គ្មានអ្នកណាទាំងអស់សំឡេងបុកគ្រឿងក៏រលត់បាត់ឈឹងសល់តែគ្រាប់ភ្លៀងជញ្ជ្រំ។
ខ្ញុំបង្វែរភ្លើងទូរស័ព្ទសម្លឹងជុំវិញខ្លួនមួយត្រួស។
អត់មានអ្នកណាទាំងអស់បើសិនជាមនុស្សចេញមក គាត់ច្បាស់ជាបើកភ្លើងឬមានអ្វីបំភ្លឺ។
បណ្តាបន្ទប់នានាជុំវិញនេះស្ងាត់ណាស់ មិនចង់ឱ្យមានជាពន្លឺឬស្នូរអ្វីរំខាន់គាត់ទេព្រោះថា យើងទើបនឹងជួលផ្ទះគេនៅដំបូង។
ខ្ញុំបែរមកវិញទាំងស្ងាបថាចូលគេងទៀតមេឃត្រជាក់ស្រួលស្រាប់តែ….. ស្នូរចានប៉ះទង្គិចជាមួយចានដែក ស្នូរឆ្នាំងដែកប៉ះគ្នានៅជាន់ខាងក្រោម។ អ្នកណាហេវហត់ឡើងរកបាយទឹកដឹង? ឆ្មា?
ខ្ញុំបែរក្រោយខ្វាច់ សម្លឹងទៅជណ្តើរចុះដោយរេពិលទៅផង។
ចានកែវកាន់តែប៉ះទង្គិចដូចមនុស្សឈ្លោះគ្នាឬមានចេតនាបង្កជាសំឡេង លងខ្ញុំសាកទេដឹង?
ខ្ញុំងាកមកសម្លឹងទៅចុងគេ ដែលខ្ញុំជឿថាជាបន្ទប់គេងរបស់ម្ចាស់ផ្ទះផ្ទាល់ព្រោះបានឈរជជែកគ្នាលេងកាលពីល្ងាច។
ប្ដីរបស់គាត់ឈ្មោះថុល ចំណែកបងស្រីមិនដឹងឈ្មោះអ្វីទេ ដឹងតែថាកូនស្រីអាយុប្រាំមួយឆ្នាំរបស់គាត់ឈ្មោះ ចន្ធូ ។
ខ្ញុំនឹងបងថុល បានឈរជជែកគ្នាលេងយូរដែរ និយាយច្រើនអំពីបញ្ហានយោបាយស្រុកទេសនឹងរឿងកូវីដដប់ប្រាំបួន ប៉ុន្ដែ ដោយហត់ពេកខ្ញុំក៏លាគាត់មកសម្រាកមុន។
អូយទើបតែនឹកឃើញ បងថុលឱ្យខ្ញុំជួយរកមនុស្សជួលឱ្យផង ព្រោះជុំវិញនេះបុគ្គលិកធនាគារដែលធ្លាប់ជួលគេបកទៅផ្ទះវិញអស់ហើយ មិនមានអ្នកណាវិលមកជួលវិញឆាប់ៗនេះទេដោយសារវិបត្តិសេដ្ឋកិច្ចនៅខេត្តបាត់ដំបងនេះធ្វើឱ្យខាងធនាគារ កាត់ចំនួនបុគ្គលិក។
បានន័យថានៅឯណេះ ក្រៅពីគ្រួសារបងថុល មានតែបន្ទប់ខ្ញុំទៀតប៉ុណ្ណោះ។
នៅសុខៗភ្លើងបន្ទប់គាត់ភ្លឺឡើង ប៉ុណ្ណឹងសោះអាចធ្វើខ្ញុំភ្ញាក់បានដែរ។ ដឹងហើយគឺដោយសារខ្ញុំកំពុងតែគិតព្រឺព្រួចនៅក្នុងភាពងងឹត បានជាពន្លឺភ្លើងបន្តិចបន្តួចសោះអាចធ្វើឲ្យខ្ញុំភ្ញាក់ដល់ថ្នាក់នេះ?
ខ្ញុំអរដែលពួកគាត់ភ្ញាក់មកបើកភ្លើងបានជាខ្ញុំចុចទូរស័ព្ទបិទ ហើយឈានដើរមួយៗ ប្រុងថាទៅកាន់ទីនោះនិយាយនឹងម្ចាស់ផ្ទះណាម្នាក់ថាឮសូរសំឡេងនៅចង្ក្រានបាយ។
ក្រែងលោមានចោរលួចចូលផ្ទះដឹង?
ខ្ញុំដើរមួយៗ នៅចំហៀងខាងស្ដាំដៃ មុនពេលទៅដល់បន្ទប់គាត់ជាបន្ទប់វាលទំនេរ មានបង្អួចធំមួយមិនទាន់បិទ។
ដោយសារតែគោលដៅរបស់ខ្ញុំគឺបន្ទប់ចុងបានជាខ្ញុំមិនមានចេតនាថានៅសម្លឹងទេ ជួនអីនឹកឃើញខ្លាចថាភ្លៀងទទឹកក៏បែរទៅបិទឱ្យសិនចុះ។
រំពេចនោះអ្វីមួយបានធ្វើឲ្យខ្ញុំ ភ្លឹកស្មារតី អស់មួយខណៈ ដោយសារ ក្នុងភាពវឹកវរខ្ញុំឃើញនរណាម្នាក់កំពុងអង្គុយបែរខ្នងលើមាត់បង្អួចនោះ ដូចជាកំពុងចុចទូរស័ព្ទ ឬក៏កំពុងអានសៀវភៅ ប៉ុន្តែហេតុអ្វីអង្គុយលើនោះមិនខ្លាចធ្លាក់ទេ?
ហើយមិនទទឹកទេ?
ផ្លេកបន្ទោរ ស្នូរផ្គរលាន់បែបនេះងងឹតទៀត ខ្ញុំថយក្រោកស្រឹបស្រៀវអស់ជើងដៃ។
នេះជាលើកដំបូងខ្ញុំចេះព្រឺសម្បុរ។
«ហេ៎»
ខ្ញុំហៅតិចៗមាត់ខ្ញុំញ័រអត់ចេញសំឡេងទេ។
ខឹងដែរមិនសមណាចេញមកតក់ស្លុតដល់និយាយមិនចេញ? ហៀបនឹងហាមាត់សួរជាលើកទីពីរទៅហើយ ស្រាប់តែ ស្នូរឡានស៊ីផ្លេ មកពីខាងក្រោម។
ស៊ីផ្លេចង់ចូលផ្ទះនេះច្បាស់ណាស់?
កណ្តាលយប់ហើយអ្នកណាមករកអី?
ម្ចាស់ផ្ទះនេះមានញាតិតមករកទេដឹង ម៉េចគាត់មិនឃើញចេញមក? ខ្ញុំងាកមកសម្លឹងបន្ទប់បងថុលព្រោះភ្លើងនៅទីនោះចាប់ផ្តើមញាក់។
សញ្ញាញាក់នេះ លេងសើចនឹងខ្ញុំណាស់។
ខ្ញុំរត់វឹងបោលចុះដៅតាមជណ្តើរ មិនខ្វល់ប៉ះអ្វីទេ។
«ខ្មោចលង!»
ខ្ញុំស្រែកឮៗ។
មកដល់ខាងក្រោមកាលណា ខ្ញុំឃើញ ពិតជាមានឡានកំពុងបើកចូលក្នុងរបងពិតមែន។ ឡានបងថុល?
ស្គាល់ច្បាស់ទាំងលេខទាំងម៉ាក។
ចុម សក្តា? សក្តាឯងក្រែងស្អែកបានមក?
គាត់សើចពីក្រោមភ្លៀងហើយសួរខ្ញុំដែលកំពុងឈរញាក់ក្នុងសំយ៉ាប។
តាមរយៈអំពូលភ្លើងដែលគាត់ដាក់បំភ្លឺមុខផ្ទះ ខ្ញុំមើលថាបងថុលហាក់ភ្ញាក់ដែលឃើញខ្ញុំទៅវិញ?ហើយមកនិយាយសួរដូចប្លែកៗ។
នៅខណៈដែលខ្ញុំកំពុងតែងឿងឆ្ងល់ ភ្លាមស្រាប់តែឃើញ ប្រពន្ធបងថុលបើកទ្វារចេញមក ដែរ ដោយមានបីចន្ធូកូនគាត់ចេញមកផង។
«បងជាប់យកកូនទៅពេទ្យ!»
បងស្រីនិយាយ។ ហា៎ក ស្រុកនេះគេទៅពេទ្យទាំងកណ្តាលយប់?
ចុះមុននេះ តើអ្នកណានៅក្នុងបន្ទប់គាត់ បើកភ្លើងក្រឡុកខ្ញុំ។ បែករ៉ាដាប្រព័ន្ធគិត។ ខ្លួនបែកញើសល្អិតប៉ុនៗគ្រាប់ពោត។
ខ្ញុំងើយសម្លឹងទៅខាងលើ បន្ទប់របស់គាត់ គ្មានភ្លើងភ្លឺដូចដែលខ្ញុំបានឃើញអម្បាញ់មិញទៀតទេ ខ្ញុំលែងយល់ហើយ។
ខ្ញុំថយក្រោយយឺតៗ ទាំងអ្វីមួយក្នុងអារម្មណ៍បញ្ជាខ្ញុំថា ខ្ញុំមិនគួរនៅកន្លែងនេះទេ រើចេញស្អែក។ នរណាម្នាក់ឈរពីក្រោយខ្នងខ្ញុំ ខ្ញុំមិនចង់ងាកទៅទេ ប៉ុន្តែ មានអារម្មណ៍ថាខ្ញុំចាំបាច់ត្រូវតែងាកទៅមើល ពីព្រោះគេនោះមិននិយាយស្ដីសោះ ។
មនុស្សបីនាក់នៅខាងក្រៅឃើញអំបាញ់មិញមិនសមឈរហាលភ្លើងធ្វើហីមិនរងា ឥឡូវមានពីណាមកឈរក្រោយខ្នងខ្ញុំទៀត?
ម្នាក់អានសៀវភៅនៅខាងលើ៕
ខ្ញុំបែរខ្វាច់ !
នោះគឺរូបរាងបងថុលជាមួយការឈរស្កុបកាន់ឆ័ត្រ។
ខ្ញុំរបូតទូរសព្ទពីដៃមាត់ចង់ស្រែកបន្តិចជើងចង់រត់បន្តិចប៉ុន្តែមិនបានស្រែកចេញនោះទេ បានត្រឹមឈឬញ័រជើង។
«ភ្ញាក់ដឹងខ្លួនឡើង ចាកចេញពីសុបិនអាក្រក់ នេះ!»
ខ្ញុំប្រាប់ខ្លួនឯង តែនៅដដែលដដែល។ បងថុលដែលឈរកាន់ឆ័ត្រមិនខ្វល់នឹងខ្ញុំទេគាត់គិតពីធ្មឹងសម្លឹងប្តីប្រពន្ធខាងក្រៅ។
«ហើយអ្នកណាបើកទ្វារឱ្យសក្តាឯងចូលផ្ទះបាន!»
ខ្ញុំនៅញ័រៗទន់ជើងងាកមករកម្ចាស់សំនួរ។
បងថុលមានពីរ?
ត្រូវហើយ ខ្ញុំមិនទាន់ទៅបាត់ដំបងផង ទើបនឹងរៀបចំខោអាវហើយបានជជែកលេងជាមួយបងថុលរឿងនយោបាយកាលពីល្ងាចតាមហ្វូនសោះហ្នឹង។
«អញយល់សប្ដិអាក្រក់!»
ខ្ញុំស្ទុះក្រោកក្រោយពេលត្រួវបានមិត្តខ្ញុំដាស់ឡើង។
«ស្រែកឮម៉េះអ្ហ៎ា ខ្មោចស្រីឬប្រុស?!»
« កុំនិយាយលេង! អញមិនទៅនៅផ្ទះបងថុលទេ»។
ភ្លាមៗនោះសុខាបានប្រាប់ខ្ញុំថាគេក៏ចង់ប្រាប់ដែរពេលខ្ញុំខលទៅរកជួបបន្ទប់ផ្ទះបងថុលតែគេមិនហ៊ាននិយាយខ្លាចខ្ញុំបន្ទោស។
តាមពិតបងថុលមានបងម្នាក់ភ្លោះ ជាមួយគាត់ឈ្មោះថុន។ បងនោះបានស្លាប់ច្រើនឆ្នាំមកហើយដោយសារជំងឺ តែមិនមែនស្លាប់នៅផ្ទះមួយនោះទេ។
ក្រោយមក ប្រពន្ធបងថុលដែលបានឡើងមកលេងផ្ទះម្តាយសុខានៅភ្នំពេញនេះម្តងម្កាលនាងនិយាយថា ចង់រកគ្រូកែជំងឺប្តីនាងដែលតែងតែក្រោកទៅនិយាយម្នាក់ឯងយប់ៗឡើង។
មានគ្រូម្នាក់ប្រាប់នាងថា ប្តីនាងមានបងប្អូនភ្លោះមកនៅផ្ទះជាមួយ។ នាងខ្លាចពេកបានជាពេលឮថាខ្ញុំជិតរើទៅធ្វើការនៅបាត់ដំបងអង្វរខ្ញុំឱ្យជួយនៅជាគ្នា យកថ្លៃតែទឹកភ្លើងប៉ុណ្ណោះ
ខ្ញុំមិនដឹងរឿងនិងមិនជឿខ្មោចព្រាយអីផងក៏យល់ព្រមក្តាប់ឱកាសចំណេញនេះទៅ។
«អ្ហែងមិនឃើញអ្នកនៅជួលហ្នឹង គេរើចេញអស់ហើយទេស?!»
ខ្ញុំប្រកែកវិញភ្លាមទាំងបែកញើស៖
«ក្រែងបងថុលថាមកពីធនាគារកាត់បុគ្គលិក?!»
«អ្ហឺយកុំឆោតពេកសម័យកូវីដពួកធនាគារហ្នឹងហើយដែលនៅរក្សាបុគ្កលិកបានច្រើនជាងគេនោះអី!»
ងាកទៅនាឡិកា ម៉ោងទើបតែ១យប់ ។ ខ្ញុំក្រោកចេញទៅវេរ៉ងដាមុខផ្ទះហើយរិះគិតសារជាថ្មី ម្តងទៀតរឿងទៅនៅផ្ទះបងថុល។
អីវ៉ាន់រៀបចំរួចហើយ តាមថាស្អែកនេះខ្ញុំត្រូវទៅហើយ គួរទៅតាមសន្យា ឬដូររកផ្ទះជួលផ្សេង?