អ្នកផលិតកុនមិនអាចបន្ទោស​ទស្សនិកជនទេ!

អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធ​ប្រលោម​លោក និងភាពយន្ត។
អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធ​កម្ពុជា

កិច្ចសម្ភាសន៍របស់អ្នកនិពន្ធម៉ីសន សុធារី ជាមួយកាសែត ដោយ​ ខេមបូណូមីស Cambonomist

សន្ទុះ​នៃ​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក ទាំងរឿងភាគ និងបញ្ចាំង​នៅ​រោង ឬផ្សាយលើ​បណ្តាញ Internet ​កាន់​តែ​មាន​ភាព​ពុះ​កញ្ជ្រោល​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​កម្សាន្ត​កម្ពុជា។ ទោះ​បី​យ៉ាង​ណា ទីផ្សារ​ពិត​ប្រាកដ​របស់​វិស័យ​នេះ​នៅតែ​មិន​មាន​ភាព​ប្រាកដ​ប្រជា ធ្វើ​ឲ្យ​មាន​មតិ​ទោមនស្ស​លេច​ចេញ​ជា​បន្ត​បន្ទាប់ ដូចជា ខ្លះ​បន្ទោស​ថា រដ្ឋាភិបាល​បាន​ព្រងើយ​ក្នុង​ការ​ជួយ​វិស័យ​នេះ ខ្លះ​ទៀត​ថា ទស្សនិក​ជន​ខ្មែរ​​នៅតែ​មាន​គំនិត​មិន​ជឿន​លឿន​ក្នុង​ការ​ជ្រើស​រស​និយម​នៃ​ភាពយន្ត ហើយ​ខ្លះ​ទៀត​ថា ផលិតករ​មាន​​សមត្ថភាព​ក្នុង​ព្រំដែន​មួយ​ក្រៅ​តម្រូវការ​ទីផ្សារ។

ជុំវិញ​មូលហេតុ​នៃ​ការ​ពិបាក​បោះ​ជំហាន​ទៅ​រក​អនាគត​ច្បាស់​លាស់​មួយ​សម្រាប់​អ្នក​ផលិត​ភាពយន្ត​ក្នុង​ស្រុក លោក ថៃ សុធា និពន្ធនាយក ខេមបូណូមីស មាន​បទ​សម្ភាសន៍​ពិសេស​មួយ​ជាមួយ​អ្នក​និពន្ធ ម៉ីសន សុធារី។

ខេមបូណូមីស៖ ឃើញថា ស្នាដៃ​និពន្ធ​មួយ​ចំនួន​របស់​អ្នកស្រី​បាន​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់ នៅ​ពេល​ផលិត​ទៅ​ជា​ភាពយន្ត។ តើ​អ្នកស្រី​មាន​យោបល់​អ្វី​ខ្លះ​ជុំវិញ​ទីផ្សារ​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា?

អ្នកស្រី ម៉ីសន សុធារី៖ ការ​មើល​ឃើញ​របស់​ខ្ញុំ វីដេអូ​ភាគ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​បាន​បង្ហាញ​នូវ​របត់​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ រហូត​ដល់​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​នេះ! ការ​ដំឡើង​ហិរញ្ញប្បទាន​ពី​កម្រិត ២០០០​ដុល្លារ​អាមេរិក​សម្រាប់​រឿង​មួយ​ភាគ ៤០​នាទី នៅ​មុន​ឆ្នាំ​២០១៧ ឡើង​ដល់ ៥​ពាន់​ដុល្លារ​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ ដែលទូរទស្សន៍ CTN បាន​នាំ​មុខ​គេ​ក្នុង​ការ​សាកល្បង​ជំហាន​ថ្មី​សន្លាង​នេះ ដោយ​រឿង ស្រទន់​មន្ត​ស្នេហ៍ ជា​រឿង​ដែល​ចាប់​ផ្តើម​។ ចំពោះ​​ភាពយន្ត​​ចាក់​​ផ្សាយ​​ក្នុង​​រោង​​វិញ ពិត​ណាស់ នៅ​ឆ្នាំ​២០១១ យើង​មាន​រោង​ភាពយន្ត​ទំនើប​មួយ​របស់ Sabay ហើយ​នៅ​ឆ្នាំ​២០១៤ ក្រុម Major ត្រូវ​បាន​លោក ជី សិលា នាំ​ចូល​មក​កម្ពុជា! រោង​ភាពយន្ត​ជា​ទីផ្សារ​មួយ​សម្រាប់​ប្រមូល​យក​មក​ឲ្យ​កម្ពុជា​នូវ​ទស្សនិកជន ដែល​ខាន​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ក្នុង​រោង​ជាង​មួយ​ទសវត្សរ៍​មក​ហើយ គឺ​ចាប់​តំាង​ពី​ការ​ដួល​រលំ​ទៅ​នូវ​ការ​ផលិត​កុន​ក្នុង​ស្រុក​អំឡុង​ឆ្នាំ​១៩៩៨! ទោះយ៉ាង​នេះ​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ ការ​ផលិត​កុន​ខ្មែរ​ចាក់​នៅ​រោង នៅតែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​«តស៊ូ»! ខ្ញុំ​ថា វិស័យ​នេះ​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ប្រកាស​អាសន្ន ឈាន​ទៅ​រក​ការ​ដួល​សា​ជា​ថ្មី ហើយ​ដួល​យូរ​ជាង​មុន ប្រសិន​បើ​មនុស្ស​ទំាង​ឡាយ​នៅ​ក្នុង​វិស័យ​នេះ​មិន​អាច​កំណត់​បាន​នូវ​វិធានការ​អទិភាព!»។

ខេមបូណូមីស៖ បើ​អ្នកស្រី​លើក​ឡើង​អំពី​វិធានការ​អាទិភាព បាន​ន័យ​ថា អ្នកស្រី​អាច​មើល​ដឹង​ពី​ឫសគល់​នៃ​បញ្ហា​របស់​ភាព​ផុយ​ស្រួយ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ?

អ្នកស្រី ម៉ីសន សុធារី៖ ខ្ញុំ​មក​ក្រោយ​គេ​សម្រាប់​ការងារ​នេះ តែ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​នៅ​ឆ្ងាយ​ពី​ភាពយន្ត​ឡើយ! មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ជួប បាន​បន្ទោស​លើ​កង្វះ​ខាត​នូវ​ប្រភព​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គាំទ្រ​វិស័យ​នេះ ហើយ​គេ​ជឿ​ថា បើ​គេ​មាន​លុយ​ច្រើន​គេ​អាច​ធ្វើ​កុន​ល្អ​មួយ រួមទំាង​ការ​ធ្វើ​ទីផ្សារ​ឲ្យ​កុន​នោះ​ល្បី​ផង! តែ​ខ្ញុំ​ជឿ​ថា យើង​ខ្វះ​លើស​ពី​លុយ! យើង​ខ្វះ​អ្នក​ជំនាញ ខ្វះ​អ្នក​ស្រាវជ្រាវ ហើយ​យើង​ខ្វះ​ការ​ចូលរួម​ពី​អ្នក​ពាក់ព័​ន្ធ។ នៅ​ពេល​ដែល​យើង​ខ្វះ​ស្នាដៃ​ប្រកប​ដោយ​គុណភាព យើង​បាន​ចាញ់​ប្រៀប​ជា​ទម្ងន់​នៅ​ក្នុង​យន្តការ AFTA (Asian Free Trad Area) ដែល​យើង​បាន​ក្លាយ​ទៅ​ជា​អ្នក​រងគ្រោះ​ដោយសារ​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជាន់​ពន្លិច​ភាពយន្ត​ក្នុង​ស្រុក​ដែល​កំពុង​ក្មេង​ខ្ចី​ស្រាប់!

ខេមបូណូមីស៖ យើង​ឃើញ​មាន​ការ​បន្ទោស​គ្នា​ច្រើន​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ។ ខ្លះ​ថា គេ​ធ្វើ​រឿង​បាន​ល្អ តែ​គ្មាន​អ្នក​ទៅ​មើល ហើយ​ថា ទស្សនិកជន​ខ្មែរ​ចូលចិត្ត​តែ​រឿង​រន្ធត់ រឿង​ប្រភេទ​ឡឺកឺ សើច​សប្បាយ! នៅ​ត្រង់​នេះ ខ្ញុំ​មាន​សំណួរ​ទៀត តើ​អ្នកស្រី​យល់​បែប​ណា​ចំពោះ​រសនិយម​ទស្សនិកជន​ខ្មែរ? 

អ្នកស្រី ម៉ីសន សុធារី៖ ខ្ញុំ​ទទួល​ស្គាល់​ថា ការ​រុករក​មធ្យោបាយ​បំពេញ​ចិត្ត​ទស្សនិកជន​តាម​រោង ពុំ​មែន​ជា​រឿង​ដែល​ងាយ​នឹង​និយាយ​ឡើយ! ទស្សនិកជន​ខ្លួន​ឯង​ក៏​គាត់​ឆ្លើយ​សំណួរ​នេះ​មិន​បាន​ដែរ។ បើ​ប្អូន ថៃ សុធា សួរ​ខ្ញុំ​ថា តើ​ខ្មែរ​ចូលចិត្ត​តែ​រឿង​ខ្មោច និង​រឿង​ឡឺកឺ ខ្ញុំ​ថា​ទេ! ខ្ញុំ​ជា​ចៃកុន​ម្នាក់! ជា​រៀង​រាល់​ខែ ពីរ​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​ពីរ​នាក់​តែង​ចំណាយ​តិច​បំផុត​ក៏ ១០០​ដុល្លារ​គ្រាន់​តែ​ទៅ​លើ​ការ​មើល​កុន! នេះ​មិន​បញ្ជាក់​ថា ខ្ញុំ​ជា​អ្នក​មាន​ទេ តែ​ខ្ញុំ​យល់​ថា គ្មាន​ការ​ចំណេញ​ណា​ដែល​មិន​បោះទុន​នោះ​ឡើយ! ការ​ទស្សនា​នៅ​រោង វា​ខុស​ពី​ការ​ទិញ Netflix មើល​នៅ​ផ្ទះ! 

នៅ​ក្នុងចំណោម​ទស្សនិកជន យើង​នឹង​អាច​សង្កេត​បាន​ពី​ប្រភព​ពួក​គេ ភេទ វ័យ កម្រិត​វប្បធម៌ បទដ្ឋាន​រស់នៅ និង​ទំនោរ​និន្នាការ​ដែល​គេ​កំពុង​ដើរ​ពី​លើ! ខ្ញុំ​ថា ទស្សនិកជន​ខ្មែរ​មិន​បាន​ងប់ងល់​នឹង​រឿង​រន្ធត់ ខ្មោច ឬ​ឡឺកឺ​តែ​មួយ​មុខ​ឡើយ! ភាពយន្ត​ផ្សង​ព្រេង គំនូរ​ជីវចល វិទ្យាសាស្ត្រ រឿង​ព្រេង​និទាន និង​ស្នេហា​ផ្អែម​ល្ហែម​នៅ​តែ​ទទួល​មនុស្ស​ពេញៗ​រោង។ ជួនកាល បើ​អ្នក​បន្ទោស​ទស្សនិកជន អ្នក​ប្រហែល​ត្រូវ​គិត​ឡើង​វិញ! ខ្ញុំ​គិត​ថា ទស្សនជន​ខ្មែរ​មាន​រសនិយម​ទំនើប​ឡើង​ជា​លំដាប់ ប៉ុន្តែ ប្រហែល​ជា​​យើង​មិន​ដឹង​ថា គាត់​ត្រូវការ​អ្វី​ពី​ភាពយន្ត​ក្នុង​ស្រុក! ប្រាកដ​ណាស់ យើង​មិន​អាច​ធ្វើ​រឿង​ផ្សង​ព្រេង ឬ​ព្រេង​និទាន ដូច ហូលីវូត តែ​​យើង​​គួរ​រុករក​​អ្វី​ម្យ៉ាង​ដែល​ពិសេស​ជាមួយ​នឹង​លក្ខណៈ​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ឯង! 

នៅឆ្នាំ​២០១៤ លោក ប៉ុល វិបូ បាន​ដាក់​មហា​របៀន​ខ្មែរ​មួយ ទៅ​ក្នុង​កុន​ដំបូង​របស់​លោក គឺ​របៀន​ស្បែកគង់ ដែល​យើង​នៅសល់​តែ​ការ​ដំណាល​តៗ​គ្នា​មក! គ្រប់​គ្នា​សរសើរ​ថា រឿង​នេះ​បាន​ល្បី​កក្រើក ហើយ​គិត​ថា ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​រឿង​នេះ​ជោគជ័យ ប៉ុន្តែ ខ្ញុំ​យល់​ផ្សេង ខ្ញុំ​យល់​ថា យុទ្ធសាស្ត្រ​ទីផ្សារ​ពឹង​ផ្អែក​ដាច់​ខាត​លើ​ចំណុច​ស្នូល​ល្អ​មួយ​របស់​សិល្បៈ! ការ​ធ្វើ​ទីផ្សារ​ដែល​គ្មាន​មូលដ្ឋាន​នៃ​ការពិត គឺ​ជា​ការ​បោកប្រាស់! យើង​មិន​អាច​ឃើញ​គេ​ជោគជ័យ ហើយ​បន្ទោស​ថា គេ​ចាយ​លុយ​ទីផ្សារ​ច្រើន ដោយ​មើល​រំលង​ភាព​ពិសេស​នៅ​ក្នុង​កុន​របស់​គេ​​ឡើយ! គំនិត​ដែល​មិន​ទទួល​ស្គាល់​គ្នា​នៅ​តែ​ជា​សត្រូវ​ដ៏​ធំ​ក្នុង​ការ​រុញ​ទូក​ភាពយន្ត​ខ្មែរ​ឲ្យ​ចេញ​ទៅ​ដល់​ត្រើយ!

ខេមបូណូមីស៖ ចុង​ក្រោយ​នេះ យើង​ឃើញ​មាន​កុន​ពីរ​រឿង​ដែល​គេ​លើក​ឡើង ទីមួយ​រឿង ធ្មប់ ដ៏​ជោគ​ជ័យ ហើយ​និង​រឿង វិបល្លាស ដែល​មាន​ការ​ជជែក​លើ​បណ្តាញ​សង្គម​ថា ល្អ​មើល តែ​មិន​ជោគជ័យ តើ​សម្រាប់​អ្នកស្រី អ្នកស្រី​បកស្រាយ​យ៉ាង​ណា​លើ​កុន​មួយ ដែល​មាន​គុណភាព​ខ្ពស់ ហើយ​គ្មាន​អ្នក​មើល?

អ្នកស្រី ម៉ីសន សុធារី៖ ខ្ញុំ​បាន​មើល​រឿង​ វិបល្លាស ប្រមាណ ៣០​នាទី ដោយសារ​ដល់​ពេល​ខ្ញុំ​ត្រូវ​ទៅ​ព្រលាន​យន្តហោះ ខ្ញុំ​ស្តាយ​មិន​ទាន់​បាន​បញ្ចប់ ព្រោះ​ខ្ញុំ​ចូលចិត្ត​គ្រប់​ឈុតឆាក​និង​បច្ចេកទេស​របស់​កុន​នេះ! ភាពយន្ត​​រឿង​ធ្មប់ ខ្ញុំ​មិន​ទាន់​បាន​មើល​នៅ​ឡើយ ដោយសារ​តែ​មាន​បេសកកម្ម​ជាន់​គ្នា​រហូត! ខ្ញុំ​អាច​ឆ្លើយ​បាន​ខ្លី ដោយ​ប្រើ​ទស្សនៈ​ឯករាជ្យ​របស់​ខ្ញុំ​ថា គុណភាព​នៃ​ភាពយន្ត តើ​យើង​កំណត់​តាម​របៀប​ណា? យើង​កំណត់​តាម​បទដ្ឋាន​អ្វី? តើ​យើង​រំពឹង​ថា អ្នក​ទៅ​ទស្សនា​ជា​អ្នក​ដែល​មាន​សមត្ថភាព​កំណត់​បញ្ហា​នេះ? សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ចូល​ទៅ​មើល​កុន គឺ​ខ្ញុំ​មើល​រឿង​ណា​ដែល​ទាក់ទង​ផ្សារ​ភ្ជាប់​ភ្លាមៗ​ជាមួយ​បេះដូង​ខ្ញុំ! វា​ត្រូវតែ​ចូល​តាម​ភ្នែក ជ្រាប​ដល់​បេះដូង ហើយ​បេះដូង​ខ្ញុំ​ទទួល​យក​វា! ខ្ញុំ​ជឿ​ថា គ្រប់គ្នា​ក៏​ដូច្នេះ! យើង​ទទួល​យក​សិល្បៈ​ណា​​មួយ​មក​បាន ដោយ​បេះដូង មិនមែន​ភ្នែក​ឡើយ ទោះ​សោតទស្សន៍​ក៏​ដោយ! ទស្សន​វិជ្ជា​សំខាន់​នៅ​ក្នុង មូលដ្ឋាន​គ្រឹះ​នៃ​សិល្បៈ​គ្រប់​ប្រភេទ គឺ​បែប​នេះ យើង​មើល​វា​ដោយ​បេះដូង បើ​វា​ភ្ញោច​យើង​បាន​ឲ្យ​ហូរ​ទឹក​ភ្នែក ឬ​ចំហ​មាត់ ឬ​ញញឹម​កក់​ក្តៅ ឬ​សើច​ក្អាក​ក្អាយ នោះ​ហើយ ជា​និយមន័យ​នៃ​ពាក្យ​ថា «គុណភាព»។

យើង​មិន​អាច​និពន្ធ​បទ​មួយ​យ៉ាង​ពិរោះ ហើយ​ប្រើ​បទភ្លេង​មិន​រណ្តំ​មួយ បង្គាប់​ឲ្យ​វា​រត់​ចូល​ជ្រៅ​ទៅ​ក្នុង​បេះដូង​អ្នក​ស្តាប់​ឡើយ! មាន​អត្ថន័យ​ហើយ ត្រូវតែ​មាន​ភ្លេង​ល្អ​ទៀត​ដែល​ជា​យាន​នាំចូល​ទៅ​ដល់​បេះដូង​បាន! សូម​អ្នក​ផលិត​កុន​ទំាង​អស់​គិត​ឡើង​វិញ ពី​យោបល់​ទស្សនិកជន​ម្នាក់​នេះ សួរ​ខ្លួន​ឯង​នូវ​សំណួរ​២ ទីមួយ ដែល​អ្នក​កំពុង​រំភើប​ជាមួយ​រឿង​នោះ តើ​អ្នក​ប្រាកដ​​​ទេ ថា​បាន​បញ្ជូន​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ការ​រំភើប​នោះ​ទៅ​ដល់​បេះដូង​អ្នក​ដែល​កំពុង​មើល? ឬ​មួយ មនោសញ្ចេតនា​នោះ​បាន​ជ្រុះ​តាម​ផ្លូវ​ដោយសារ​ការ​បញ្ជូន​គ្មាន​ប្រសិទ្ធ​ភាព? បើ​មែន ប្រហែល​ជា​មិនមែន​កំហុស​អ្នក​មើល​ឡើយ!

ទីពីរ តើ​អ្នក​ចេះ​របៀប​បញ្ជូន​សិល្បៈ​របស់​អ្នក​ទៅ​ក្នុង​បេះដូង​អ្នក​មើល​កម្រិត​ណា? សូម​កុំ​ស្តាប់​មតិ​អ្នក​ផ្សេង​ដែល​អ្នក​កោត​ស្ញប់ស្ញែង​ហើយ​ព្រងើយ​កន្តើយ​នឹង​មតិ​របស់​ទស្សនិកជន! ប្រសិន​បើ​អ្នក​ចង់​បាន​ការ​គំាទ្រ​ពីបុគ្គល​ម្នាក់ ទោះ​ជា​យ៉ាងណា ត្រូវ​ចំណាយ​ពេល​យល់​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​ពី​កុន​ខ្មែរ ដោយ​សិក្សា​ពី​កុន​ដែល​គេ​ជោគជ័យ ដូចជា ទឹក​ចិត្ត​ម្តាយ ធ្មប់ ស្បែក​គង់ ជាដើម។ 

ខ្ញុំ​ជូន​ទស្សនៈ​មួយ របស់ Jean-Jacques Rousseau «អ្នក​ណា​ក៏​មាន​ការ​គិត​និង​ច្នៃ​ប្រឌិត​ដែរ ប៉ុន្តែ តើ​អ្នក​ណា​មាន​វិធី​ល្អ​ជាង​គេ​ក្នុង​ការ​ពន្យល់​ឲ្យ​គេ​យល់​ស្រប​និង​ទទួល​យក?» ហើយ​ឈប់​ទៅ ការ​បន្ទោស​ទស្សនិកជន! គាត់​មិនមែន​ជា​ចំណាប់​ខ្មាំង​ឡើយ!»៕