រឿង៖ អ្នកណាកំណត់

ខ្យល់ជំនោរខែវិច្ឆិកា បក់នាំចំហាយត្រជាក់ឱ្យរសាត់មកគ្របដណ្ដប់លើផែនដី។ បវេសនកាលឆ្នាំថ្មីបានមកដល់ សិស្សទាំងប្រុសទាំងស្រីស្លៀកពាក់ឯកសណ្ឋានស្អាតបាត ធ្វើដំណើរទៅសាលាដោយទឹកមុខរីករាយត្រេកអរ ព្រោះបានមកចួបជុំគ្នាឡើងវិញ ក្រោយពីឈប់សម្រាកវ៉ាកងធំអស់រយៈពេល២ខែ។ ឈ្មោះរបស់ខ្ញុំគឺ «សុខយុត្តិ» ជាសិស្សថ្នាក់ទី១០ថ្មី តែបើមើលមករូបរាងរបស់ខ្ញុំ គឺគ្មានត្រង់ណាអាចសម្គាល់បានថាខ្ញុំជាសិស្សវិទ្យាល័យឡើយ។ ខ្ញុំមានមាឌល្អិតដូចជាក្មេងបឋម សម្បុរខ្មៅក្ងិត សក់ក្រញាញ់ សម្លៀកបំពាក់ចាស់ពព្លិកពព្លាក់ មិនសមជាមនុស្សដែលមានអាយុ១៦ឆ្នាំសោះ។ ខ្ញុំតែងតែលួចច្រណែនជាមួយនឹងមិត្តភក្តិដែលរៀនជាមួយគ្នា ព្រោះឃើញពួកគេមានរូបរាងធំខ្ពស់ជាងខ្ញុំ សម្លៀកបំពាក់ស្អាតៗ មានសម្ភារប្រើប្រាស់ទំនើបៗ។ ទោះបីជាពួកគេភាគច្រើនពុំសូវនិយាយរកខ្ញុំ តែយ៉ាងណាក៏ខ្ញុំនៅសប្បាយចិត្ត ព្រោះខ្ញុំបានទៅរៀននៅសាលាដូចគេឯងដែរ។

ផ្ទះរបស់ខ្ញុំមានសមាជិក ២នាក់គឺ ខ្ញុំនិងម៉ែ។ គាត់ឈ្មោះ  ណយ អាយុ ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយ ចំណែកពុករបស់ខ្ញុំដើរចោលផ្ទះតាំងពីពេលដែលខ្ញុំចេះដើរតេះតះមកម៉្លេះ។ ជារៀងរាល់ព្រឹកម៉ែតែងក្រោកវេចនំ ដើម្បីលក់យកប្រាក់មកផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និងការរៀនសូត្ររបស់ខ្ញុំ។

ថ្ងៃនេះខ្ញុំក្រោកពីព្រលឹមដើម្បីជួយដុតភ្លើងចំហុយនំឱ្យគាត់យកទៅលក់នៅផ្សារ ។ បន្ទាប់ពីនំឆ្អិនហើយ ខ្ញុំងូតទឹករួចស្លៀកពាក់តឺនុយខោអាវដែលសល់មកពីឆ្នាំចាស់ ព្រមទាំងទាញថង់កំណាត់ដាក់ពេញដោយសៀវភៅមកយួរបម្រុងដើរចេញទៅ ស្រាប់តែម៉ែបង្កូកប្រាប់មកពីក្រោយផ្ទះ។

“យុត្តិអ្ហា៎! កូនឯងម៉េចមិនជិះកង់ទៅ?”

“អត់អីទេម៉ែ ខ្ញុំអាចដើរទៅបាន… ម៉ែទុកកង់ដឹកនំយកទៅលក់ទៅ!”

“អ៊ីចឹងដើរប្រយត្នប្រយែងណា៎កូន! ឆ្លងថ្នល់ឆ្លងអីមើលម៉ូតូឡានផង!”

“បាទម៉ែ!” ខ្ញុំឆ្លើយទទួលពាក្យបណ្ដាំរបស់ម៉ែហើយដើរចេញទៅ។

ម៉ឺងៗៗ! ស្នូរជួងបានបន្លឺប្រាប់ថាម៉ោងសិក្សាថ្ងៃនេះបានបញ្ចប់។ ដោយសារជាថ្ងៃដំបូងដូច្នេះពួកយើងមិនបានរៀនមេរៀនទេ គឺគ្រាន់តែកត់បទបញ្ជាផ្ទៃក្នុងសាលា​និងកាលវិភាគជាមួយគ្រូបន្ទុកថ្នាក់តែប៉ុណ្ណោះ។ លោកគ្រូបន្ទុកថ្នាក់របស់ខ្ញុំឆ្នាំនេះឈ្មោះ កវី គាត់បង្រៀនមុខវិជ្ជាភាសាខ្មែរ។ គាត់ប្រាប់ថា គាត់ជាអ្នកនៅស្រុកឆ្ងាយ តែដោយសារគាត់ទើបចេញបង្រៀន ក៏ចាប់ប៉ុស្តិ៍បានចំសាលានេះតែម្ដង។ គាត់ស្លូតបូត រួសរាយរាក់ទាក់ មានចិត្តល្អណាស់ ហើយថែមទាំងញញិមដាក់ខ្ញុំ ហាក់ដូចជាយើងធ្លាប់ស្គាល់គ្នាពីមុនមកអ៊ីចឹង។ ចំណុចដែលធ្វើឱ្យខ្ញុំរឹតតែចូលចិត្តគាត់នោះគឺ គាត់ពុំបានយករូបសម្បត្តិរបស់ខ្ញុំទៅនិយាយលេងសើច ដូចដែលលោកគ្រូបន្ទុកថ្នាក់ខ្ញុំឆ្នាំមុនធ្លាប់ធ្វើឡើយ។

ខ្ញុំរត់ត្រលប់មកផ្ទះវិញជាមួយនឹងក្ដីរំភើប ដើម្បីប្រាប់ម៉ែអំពីជីវិតថ្មីជាសិស្សនៅវិទ្យាល័យ។ ម៉ែរបស់ខ្ញុំជាម្ដាយដ៏ល្អម្នាក់ គាត់ថែមទាំងជាគ្រូ និងជាមិត្តរបស់ខ្ញុំទៀតផង។ មានរឿងអ្វីក៏ដោយ ខ្ញុំតែងតែនិយាយប្រាប់គាត់ទាំងអស់ ព្រោះខ្ញុំគ្មានមិត្តជិតស្និទ្ធទេ។ គ្រប់គ្នាដែលស្គាល់ខ្ញុំ និយាយជាមួយខ្ញុំតែពេលចាំបាច់ប៉ុណ្ណោះ ព្រោះដោយសារតែពួកគេមិនចូលចិត្តកាយសម្បទារបស់ខ្ញុំ។ ម៉្យាងវិញទៀត អ្នកភូមិគ្រប់គ្នាសុទ្ធតែដឹងថាម្ដាយខ្ញុំគឺជាមនុស្សដែលមាន «ជំងឺសរសៃប្រសាទ» ថ្ងៃខ្លះនិយាយល្អជា តែថ្ងៃខ្លះទៀតគាត់ទៅជាកាច ដូចជាមនុស្សបាត់បង់ការចងចាំ និយាយគ្នាមិនដឹងរឿង។ ដូច្នេះ ទោះចង់ឬមិនចង់ ក៏ម្ដាយឪពុកគេមិនឱ្យកូនមកលេងជាមួយខ្ញុំដែរ។

គ្រាន់តែចូលមកដល់មុខផ្ទះវិញ សំឡេងចូកឆាឮមកប៉ះត្រចៀកខ្ញុំ រីឯក្លិនឈ្ងុយដែលហើរមកពីចម្ងាយធ្វើឱ្យពោះខ្ញុំកូរគ្រូកៗតែម្ដង។ ខ្ញុំទម្លាក់ថង់សៀវភៅដាក់លើគ្រែ ហើយរត់ទៅឱបម៉ែ។

“ម៉ែ! ខ្ញុំមកពីសាលារៀនវិញហើយ!”

ម៉ែយកដៃម្ខាងដែលទំនេរមកឈ្លីក្បាលខ្ញុំតិចៗ៖

“អឺម!​ ល្អហើយកូន… ប្រញាប់ដូរខោអាវទៅនឹងអាលលាងដៃញ៉ាំបាយ ថ្ងៃនេះមានភ្ញៀវមកលេងផងណា៎កូន!”​

ខ្ញុំនឹកឆ្ងល់នឹងសម្ដីគាត់ ព្រោះតាំងតែពីណាពីណីមក មិនដែលឃើញមាននរណាមកលេងផ្ទះសោះ។ ខ្ញុំរឹតតែមិនដែលដឹងទៀតថាម៉ែមានសាច់ញាតិមកពីណា ព្រោះគាត់មិនដែលរំឭកដល់។ ថ្វីបើមិនដឹងថាជានរណា តែខ្ញុំមិនបានសួរនាំច្រើនទេ ព្រោះខ្ញុំគិតថាបន្តិចទៀតក៏គង់តែនឹងបានស្គាល់។ គ្រាន់តែចូលទៅក្នុងផ្ទះភ្លាម ខ្ញុំប្រទះឃើញខោអាវខៀវសថ្មីមួយកំប្លេ ព្យួរនៅលើស្នួរឫស្សី។ ខ្ញុំលើកយកមកដាក់លលើខ្លួនសាកមើល ឃើញថាល្មមម៉ាច់តែម្ដង។

“សង្ស័យតែម៉ែចង់ឱ្យខ្ញុំភ្ញាក់ផ្អើលហើយមើលទៅ!”

ខ្ញុំគិតហើយនិយាយតិចៗតែម្នាក់ឯង។ មិនតែប៉ុណ្ណោះខ្ញុំក៏ដោះខោអាវចាស់ចេញ លើកឈុតថ្មីមកពាក់យ៉ាងរំភើប រួចរត់វឹងមកក្រៅដើម្បីបង្អួតម៉ែ។

“ម៉ែៗ! មើលខ្ញុំសង្ហាទេ?” ខ្ញុំស្រែកខ្លាំងៗ ធ្វើឱ្យម៉ែដកភ្នែកពីខ្ទះឆានៅលើចង្ក្រានមកសម្លឹងមើលខ្ញុំដោយក្ដីពេញចិត្ត។

“ស្រឡាញ់ទេកូន?” មនុស្សប្រុសមុខមាត់ចម្លែកម្នាក់ មានអាយុប្រហែលជា៤០ឆ្នាំ អង្គុយលើគ្រែនៅចំហៀងផ្ទះតាំងពីពេលណាមិនដឹងស្រាប់តែសួរមកខ្ញុំ ធ្វើឱ្យខ្ញុំឈរងីងើតែម្នាក់ឯង។

ម្ដាយខ្ញុំទំនងជាយល់ពីអាកប្បកិរិយារបស់ខ្ញុំក៏ដើរចូលមក កាន់ទាំងចានម្ហូបដែលទើបតែដួសរួចមកដាក់លើគ្រែមុខបុរសម្នាក់នោះ ហើយបក់ដៃហៅខ្ញុំឱ្យចូលទៅរកគាត់។

“នេះគឺអ៊ំ សុធា ជាឪពុកថ្មីរបស់កូនណា៎! មកជម្រាបសួរគាត់ ហើយអរគុណគាត់ទៅកូន ព្រោះខោអាវថ្មីមួយកំប្លេនេះ គឺអ៊ំរបស់ឯងជាអ្នកទិញឱ្យ!” ម្ដាយខ្ញុំនិយាយទាំងរំភើប ភ្នែករបស់គាត់កំពុងបង្ហាញថាគាត់មានក្ដីសុខ។

“ពុកថ្មីអ្ហេ៎?”

ពេលនេះខ្ញុំស្រាប់តែស្រឡាំងកាំងធ្វើអ្វីមិនត្រូវ ព្រោះសូម្បីតែយល់សប្តិក៏ខ្ញុំមិនដែលនឹកស្មានថានៅសុខៗ ខ្ញុំស្រាប់តែមានឪពុកថ្មីដែរ! តើពួកគាត់ទាក់ទងគ្នាតាំងពីពេលណា? ហេតុអ្វីម៉ែចាំបាច់ត្រូវមានប្ដីថ្មី? សំណួរជាច្រើនផុសនៅក្នុងខួរក្បាលរបស់ខ្ញុំ។

ចាប់តាំងពីថ្ងៃនោះមក អ៊ំ សុធា ឪពុកចុងរបស់ខ្ញុំ បានចូលមករស់នៅក្នុងផ្ទះជាមួយពួកយើង។ ថ្វីបើគាត់មិនដែលបាននិយាយ ឬធ្វើទង្វើអ្វីមិនល្អដាក់ខ្ញុំ តែខ្ញុំហាក់មានអារម្មណ៍ថាខ្លួនឯងមិនមែនរស់នៅក្នុងផ្ទះរបស់ខ្លួនឯង។ ខ្ញុំមិនបានឈ្លោះគ្នាជាមួយគាត់ តែខ្ញុំមានអារម្មណ៍ថាមិនចូលចិត្តគាត់ ឬអាចថាស្អប់គាត់ ព្រោះគាត់កំពុងតែដណ្ដើមយកពេលវេលានិងក្ដីស្រឡាញ់ដែលម្ដាយខ្ញុំធ្លាប់មានឱ្យខ្ញុំ ម្ដងបន្តិចៗ រហូតដល់ខ្ញុំមានអារម្មណ៍ថាឯកា។

“សុខយុត្តិ! សុខយុត្តិ! នេះកូនមិនទាន់ទៅផ្ទះទេ?” លោកគ្រូ កវី ដើរចូលមកគោះស្មាខ្ញុំ ពេលដែលឃើញខ្ញុំអង្គុយក្នុងខ្ចូសម្នាក់ឯង។

“បាទៗ លោកគ្រូ! អឺ… គឺខ្ញុំ… គឺ…” ខ្ញុំស្ទាក់ស្ទើរក្នុងការនិយាយជាមួយគ្រូ ព្រោះតាំងពីដើមមកមិនដែលមាននរណាចាប់អារម្មណ៍ ឬអើពើជាមួយខ្ញុំឡើយ។

“កូនមានបញ្ហាអ្វីនៅផ្ទះមែនទេ? អាចប្រាប់លោកគ្រូបាន ចាត់ទុកលោកគ្រូជាមិត្ត ឬជាបងប្រុសក៏បានណា៎!”

“គឺខ្ញុំ… ខ្ញុំមិនចង់ទៅផ្ទះវិញទេលោកគ្រូ!”

“ម៉េចអ៊ីចឹងកូន? អាចប្រាប់គ្រូបានទេ?” លោកគ្រូព្យាយាមសួរ ធ្វើឱ្យខ្ញុំមិនអាចខ្វះសុជីវធម៌ ទើបត្រូវតបទៅគាត់វិញ។

“គឺម្ដាយខ្ញុំគាត់មានប្ដីថ្មី គាត់ជាអ្នកបើកឡានដឹកទំនិញឱ្យគេ តែខ្ញុំមិនចូលចិត្តគាត់ទេ!”

“ហេតុអីបានជាកូនមិនចូលចិត្តគាត់?”

“ម្ដាយខ្ញុំគាត់កាន់តែព្រងើយពីមួយថ្ងៃទៅមួយថ្ងៃ! គាត់លែងសូវខ្វល់ លែងសូវនិយាយស្ដីជាមួយខ្ញុំដូចមុន! ពេលដែលគាត់នៅក្បែរខ្ញុំម្ដងៗ គឺជាពេលដែលជំងឺរបស់គាត់រើឡើង! ខ្ញុំមានអារម្មណ៍ថាទំនាក់ទំនងរវាងពួកយើងកាន់តែឃ្លាតឆ្ងាយ គាត់លែងស្រឡាញ់ខ្ញុំទៀតហើយលោកគ្រូ!”

“ម្ដាយកូនឈឺអី?” លោកគ្រូសួរដោយភ្ញាក់ផ្អើល។

“គាត់មានជំងឺសរសៃប្រសាទ! សុខភាពរបស់គាត់ទន់ខ្សោយ ព្រួយបារម្ភច្រើន ឆាប់ភ័យ ឆាប់តក់ស្លុត! ខ្ញុំមិនអាចពិភាក្សាអ្វីជាមួយគាត់បានដូចពីមុនឡើយ!”

លោកគ្រូដាក់ខ្លួនអង្គុយចុះលើកៅអីនៅជិតខ្ញុំ ហើយយកដៃមកទះខ្នងខ្ញុំស្រាលៗ។ អារម្មណ៍ខ្ញុំពេលនេះពិតជារកអ្វីមកបកស្រាយពុំបានសោះ ថាដូចជាកក់ក្ដៅ តែក៏ដូចជាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាអាណិតខ្លួនឯងលើសដើម។ ឃើញខ្ញុំស្ងៀមស្ងាត់បែបនេះលោកគ្រូក៏និយាយលួងលោម៖

“កូនកុំគិតបែបហ្នឹងអី! ថ្វីបើគ្រូមិនធ្លាប់មានកូន តែគ្រូក៏ចាស់ទុំល្មមអាចយល់បានថាចិត្តជាឪពុកម្ដាយគឺស្រឡាញ់កូនប៉ុណ្ណា! ហើយគ្រូជឿថាម្ដាយរបស់កូនគឺនៅតែស្រឡាញ់កូនដូចមុនអ៊ីចឹង គ្រាន់តែពេលខ្លះគាត់មកពីធ្វើការនឿយហត់ ហើយគាត់អាចនឹងត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះដើម្បីបន្ធូរអារម្មណ៍ដែលតានតឹងក្នុងខ្លួន ព្រោះមានរឿងខ្លះមនុស្សចាស់ពិបាកនិយាយប្រាប់កូនក្មេងឱ្យយល់ណាស់!”

“ហើយគាត់ក៏ទុកខ្ញុំចោលមែនដែរទេ? ពុកទៅចោលខ្ញុំម្នាក់ហើយ ហើយពេលនេះម៉ែក៏លែងសូវអើពើជាមួយខ្ញុំទៀត!”

“គាត់មិនបានទុកកូនចោលទេ! គាត់ប្រហែលជាគិតថាកូនធំហើយ ចង់ផ្ដល់ពេលវេលាឱ្យកូនបានរៀនសូត្រនិងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំ ឯករាជ្យ និងឱ្យកូនមានឱកាសបានរាប់អានជាមួយមិត្តភក្តិនិងពិភពលោកខាងក្រៅខ្លះ…”

“លោកគ្រូមើលមកខ្ញុំរាល់ថ្ងៃនេះទៅមើល មានមនុស្សប៉ុន្មាននាក់ចង់រាប់អានខ្ញុំជាមិត្តភក្តិ?” ខ្ញុំស្រាប់តែរំជួលចិត្តជាខ្លាំង ទើបធ្លោយមាត់និយាយកាត់លោកគ្រូ។

“ខ្ញុំសុំទោសលោកគ្រូ! ខ្ញុំគ្មានចេតនានិយាយបែបនេះទេ!”

លោកគ្រូកវី ងក់ក្បាលតិចៗ៖

“មិនអីទេ គ្រូយល់! តែទោះបីជាយ៉ាងណាក៏ដោយ គ្រូនៅតែលើកទឹកចិត្តកូនកុំឱ្យមានអារម្មណ៍គិតបែបនេះទៀត… កូនសាកមើលទៅជ្រុងម្ខាងទៀតដែលវិជ្ជមានជាងនេះ…”

ខ្ញុំសម្លឹងមុខលោកគ្រូ ហើយជ្រួញចិញ្ចើមផ្ដល់សញ្ញាថាខ្ញុំមិនយល់អ្វីដែលគាត់កំពុងនិយាយ។

“ឥឡូវបែបនេះវិញ! យុត្តិសាកគិតថា ទេវតាប្រហែលជាអាណិតកូនដែលកំព្រាឪពុក ទើបគាត់ផ្ដល់ឪពុកម្នាក់ទៀតឱ្យមកមើលថែកូននិងម្ដាយកូនជំនួស! ចំណែករូបរាងកាយរបស់កូនបែបនេះ គឺទ្រង់កំពុងតែបង្រៀនកូនឱ្យចេះតស៊ូក្នុងជីវិត ឱ្យកូនធ្វើជាគំរូដល់មនុស្សដទៃឱ្យពួកគេបានដឹងថា ទោះបីជាយើងកើតមកមានកាយសម្បទាមិនពេញលេញក៏មិនមែនជាឧបសគ្គក្នុងការសិក្សា និងជីវិតរស់នៅដែរ! កូនមានម្ដាយដ៏អស្ចារ្យ ដែលខិតខំតស៊ូចិញ្ចឹមកូនឱ្យបានរៀនសូត្ររហូតមកដល់ថ្ងៃនេះ ដោយកម្លាំងញើសឈាមរបស់គាត់ផ្ទាល់!” លោកគ្រូនិយាយរួចបែរមកញញិមដាក់ខ្ញុំ។

មែនហើយ ហេតុអ្វីក៏ខ្ញុំគិតមិនដល់ពីក្ដីស្រឡាញ់ដែលម៉ែធ្លាប់ផ្ដល់ឱ្យខ្ញុំកន្លងមក? ទោះបីជាពេលខ្លះសតិស្មារតីរបស់គាត់មិនគ្រប់ ឬឈឺគាត់ងើបពីកន្ទេលមិនរួច ក៏គាត់មិនដែលបង្ខំខ្ញុំឱ្យឈប់រៀនដែរ មានតែជំរុញថែមទៀត។ គាត់ពុំដែលហ៊ានឈឺយូរទេ ពេលខ្លះគាត់ខំត្រដរងើបមកវេចនំលក់ ព្រោះបារម្ភខ្លាចគ្មានប្រាក់ឱ្យកូនមករៀន។ ចំណែកពេលនេះគាត់គ្រាន់តែចង់មានមនុស្សម្នាក់ដែលអាចជួយសម្រាលបន្ទុក ជួយមើលថែរក្សាគ្នាប៉ុណ្ណឹង ហេតុអ្វីក៏ខ្ញុំបែរជាមានអារម្មណ៍អន់ចិត្ត និងគិតថាគាត់ឈប់ស្រឡាញ់ខ្ញុំទៅវិញ?

ខ្ញុំគិតឃើញដូច្នេះហើយក៏ញញិមដាក់គ្រូវិញ។ លោកគ្រូងើបឈរ ហើយនិយាយ៖

“គិតយល់ហើយមែនទេ? តស់! ចាំលោកគ្រូជូនកូនទៅផ្ទះវិញណា៎!”

ថាហើយគាត់ក៏ដើរនាំមុខខ្ញុំទៅយកម៉ូតូ រួចជូនខ្ញុំទៅ។ គ្រាន់តែដល់មុខផ្ទះភ្លាម ខ្ញុំឃើញម្ដាយរបស់ខ្ញុំកំពុងទាញកង់ បម្រុងធាក់ចេញមកក្រៅ។ លុះដល់ក្រឡេកឃើញខ្ញុំជិះម៉ូតូមកជាមួយលោកគ្រូ គាត់ក៏សួររន្ថាន់ឡើងខ្លាចក្រែងខ្ញុំមានបញ្ហាអ្វីកើតឡើងនៅសាលា។

“យុត្តិ! កូនឯងបាត់ទៅណាយូរម៉្លេះ ថ្មើរនេះហើយទើបមកដល់ផ្ទះ? ម៉ែបារម្ភណាស់ ចាំមើលតែផ្លូវកូន… នេះម៉ែប្រុងថាជិះទៅតាមដល់សាលាហើយតើ!”

ពេលឃើញទឹកមុខរបស់ម៉ែបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសខ្លួនជាខ្លាំង។ ខ្ញុំគួរតែដឹងហើយថាម៉ែឆាប់ភ័យ ឆាប់តក់ស្លុត នៅពេលដែលគាត់គិតច្រើន។ ខ្ញុំស្ទុះចុះពីម៉ូតូរត់ទៅឱបម៉ែ ក្រោមក្រសែភ្នែកពោរពេញទៅដោយការងឿងឆ្ងល់របស់គាត់។

ម៉ែមិនឮខ្ញុំប្រាប់ទើបគាត់សួរគ្រូបញ្ជាក់៖

“កូនខ្ញុំមានរឿងអីនៅសាលាមែនទេលោកគ្រូ?”

លោកគ្រូបែរមកមើលមុខខ្ញុំរួច ទើបបែរទៅនិយាយនឹងម៉ែវិញ៖

“យុត្តិមិនបានកើតអីទេមីង គឺថ្ងៃនេះខ្ញុំមានការងារចាំបាច់ទើបសុំឱ្យគេនៅជួយ ទម្រាំតែរួចដៃ រាងជ្រុលម៉ោងបន្តិច!”

ខ្ញុំពិតជាអរគុណលោកគ្រូខ្លាំងណាស់ ដែលគាត់មិននិយាយអ្វីដែលខ្ញុំបានជម្រាបគាត់មុននេះ។ ម៉ែនៅឆ្លៀតផ្ដាំផ្ញើលោកគ្រូឱ្យជួយណែនាំខ្ញុំបន្ថែមទៀត។ លោកគ្រូទទួលពាក្យហើយ ក៏លាចេញទៅ ពីរនាក់ម៉ែកូនយើងក៏បណ្ដើរគ្នាចូលទៅក្នុងផ្ទះវិញ។ ម៉ែប្រាប់ថាថ្ងៃនេះគាត់បានត្រៀមម្ហូបដែលខ្ញុំចូលចិត្តចាំខ្ញុំទៀតផង។

ចាប់តាំងពីថ្ងៃនោះមក ទំនាក់ទំនងរវាងខ្ញុំនិងម៉ែ បានវិលត្រលប់មករកភាពប្រក្រតីវិញ។ ពេលខ្ញុំនៅសាលា ថ្វីបើពុំសូវមានមិត្តភក្តិជិតស្និទ្ធ តែក៏គ្មាននរណានិយាយឡកឡឺយដៀមដាមរឿងរូបរាងកាយខ្ញុំទៀតដែរ ព្រោះលោកគ្រូ កវី តែងតែណែនាំឱ្យសិស្សទាំងអស់ចេះស្រឡាញ់គ្នា  ជួយយកអាសាគ្នាទៅវិញទៅមក។ ពាក្យមួយម៉ាត់ដែលលោកគ្រូតែងនិយាយដាស់តឿនសិស្សនោះគឺ «យើងមិនអាចជ្រើសរើសទីកន្លែងកើតនិងកំណត់រូបរាងកាយខាងក្រៅបានឡើយ តែយើងអាចប្រើបេះដូងនិងជ្រើសរើសការគិតរបស់យើងទៅមើលឃើញពីគុណតម្លៃខាងក្នុងរបស់មនុស្សម្នាក់ៗបាន»។

ធ្មេចបើកៗ ការប្រឡងឆមាសទី១ ជិតមកដល់។ មួយរយៈពេលនេះខ្ញុំខំប្រឹងមើលមេរៀននិងធ្វើលំហាត់រហូតពុំសូវមានពេលបាននិយាយលេងជាមួយម៉ែទេ។ ស្អែកគឺជាថ្ងៃប្រឡងហើយ ដូច្នេះថ្ងៃអាទិត្យនេះខ្ញុំពុំបានមើលមេរៀនទៀតទេ គឺទុកពេលឱ្យខួរក្បាលបានសម្រាកខ្លះ សម្រាប់បញ្ចេញថាមពលនៅថ្ងៃស្អែក។ ខ្ញុំកំពុងតែរៀបចំសៀវភៅ ប៊ិក ទុកក្នុងកាតាបដែលលោកគ្រូនិងមិត្តរួមថ្នាក់ប្រមូលលុយគ្នាទិញ ដើម្បីលើកទឹកចិត្តដល់ខ្ញុំដែលប្រឡងគណិតបានពិន្ទុច្រើនជាងគេ៣ខែជាប់គ្នា ពេលនោះស្រាប់តែឮសូរមាត់កោកកាករបស់អ៊ំសុធានិងម៉ែមកពីចម្ងាយ។ មិនដឹងថាពួកគាត់រវល់តែឈ្លោះគ្នាទើបពុំបានចាប់អារម្មណ៍ថាខ្ញុំនៅទីនោះ ឬឃើញខ្ញុំហើយតែធ្វើមិនឃើញ ពួកគាត់គិតតែពីដំឡើងសរសៃកដាក់គ្នា។ ខ្ញុំឃើញទឹកមុខពួកគាត់មិនស្រួលក៏ដើរចេញមកក្រៅផ្ទះ ចាំលបមើលពីខាងក្រៅបង្អួចវិញ។

“គេប្រាប់ខ្ញុំម្ដងហើយម្ដងទៀត តែខ្ញុំមិនជឿថាឯងមានស្រី ឥឡូវនេះចាប់បាននៅនឹងមុខ ឯងមានពាក្យអ្វីដោះស្រាយហា៎?” ម៉ែស្រែកដាក់អ៊ំសុធាទាំងមុខឡើងក្រហម។

“អើ! ខ្ញុំវាមានស្រីហើយឯងចង់យ៉ាងម៉េច?”

“ឯងសួរខ្ញុំចង់យ៉ាងម៉េច? ខ្ញុំមិនដែលចង់យ៉ាងម៉េចទេ! រាល់ថ្ងៃនេះខ្ញុំខំប្រឹងធ្វើនំលក់ផង មកវិញខំប្រឹងធ្វើការងារផ្ទះ បោសច្រាសផ្ទះសម្បែងសព្វគ្រប់ ដាំបាយធ្វើម្ហូបចាំប្ដី តែឯងបែរទៅជាមានស្រីញីនៅខាងក្រៅ តើរាល់ថ្ងៃនេះឯងទុកខ្ញុំជាស្អី?”

“មែន! ឯងវាចេះហើយអារឿងដាំបាយធ្វើម្ហូប តែត្រង់អារឿងលើគ្រែនេះ សួរថាឯងដែលបានជួយឱ្យខ្ញុំមានក្ដីសុខម្ដងណាទេ? យប់ណាក៏មិនស្រួលខ្លួន! យប់ណាក៏ឈឺ! បើមិនឱ្យខ្ញុំទៅរកស្រីខាងក្រៅ ឯងចង់ឱ្យខ្ញុំស្ទះងាប់អ្ហេស?”

ខ្ញុំចាប់ផ្ដើមយល់សាច់រឿងហើយ ឪពុកចុងរបស់ខ្ញុំគាត់លួចមានស្រីថ្មី ដល់ពេលម៉ែដេញទាន់ជាន់កែង ទើបគាត់ប្រើលេសថាម៉ែមិនអាចផ្ដល់សេចក្ដីសុខឱ្យគាត់បាន។ ម៉ែរាងស្រឡាំងកាំងបន្តិច ទឹកភ្នែករបស់គាត់ចាប់ផ្ដើមស្រក់តក់ៗ។

“ក្រែងឯងក៏ដឹងដែរតើ​ ថាខ្ញុំនេះវាមានជំងឺជាប់ខ្លួន! កោតតែឯងចេះមកបន្ទោសខ្ញុំកើត! ឯងស្មានតែរាល់ថ្ងៃនេះខ្ញុំចង់ឈឺមែនទេ?”

“ហ៊ឹស!” មើលទៅអ៊ំ សុធា ហាក់ជាកំពុងតែខឹងផង ខ្មាសផងទើបបានត្រឹមតែស្រែកគ្រហឹម។

“ចាត់ទុកថាខ្ញុំសុំអង្វរឯង!” ម៉ែរាងបន្ទន់សំឡេងបន្តិច ”អាណិតខ្ញុំ! កុំទៅមានស្រីនៅខាងក្រៅទៀត… នរណាទៅដឹងថានាងនោះមានរោគ មានជំងឺអីក្នុងខ្លួនឬអត់? ស្រួលមិនស្រួលវាចម្លងដល់ឯង ហើយឯងនាំមកចម្លងដល់ខ្ញុំទៀត បាននរណាមើលនរណា?”

“យី! នាងនេះមាត់ស៊ីអំបិលប្រហុក! ធ្វើឱ្យអញខ្មាសគេហើយ នៅហ៊ានមកដាក់បណ្ដាសាអញទៀត តិចថាអញបានមិនបានប្រាប់…” អ៊ំសុធាបែរទៅសម្លឹងមុខម៉ែ ហើយលើកជើងទៅទាត់កញ្ច្រែងខោអាវបែករាត់រាយពេញផ្ទះ រួចទើបដើរចេញទៅក្រៅបាត់ទុកឱ្យម៉ែនៅអង្គុយយំម្នាក់ឯង!

ឃើញម៉ែបែបនេះ ក្នុងចិត្តខ្ញុំឈឺចាប់ជាខ្លាំង។ ខ្ញុំដើរចូលទៅឱបម៉ែដែលកំពុងតែយំសសិត ដៃគក់ទ្រូងឌឹបៗដូចជាកំពុងតឹងថប់ក្នុងខ្លួន។ ម៉ែមិននិយាយអី បានត្រឹមតែយកដៃម្ខាងមកអង្អែលក្បាលខ្ញុំ ហើយដៃម្ខាងទៀតក្រសោបខ្លួនខ្ញុំទៅក្នុងរង្វង់ទ្រូងគាត់។

តាំងពីព្រឹកដល់យប់ព្រលប់ អ៊ំសុធាបាត់មិនឃើញមកផ្ទះសោះ ម៉ែថ្វីបើគាត់ខឹងនឹងប្ដីដែលលួចមានស្រី តែគាត់ក៏បារម្ភខ្លាំងណាស់ដែរ។ ខ្ញុំអង្គុយមើលមេរៀនទាំងអារម្មណ៍មិននៅក្នុងខ្លួន ភ្នែកចេះតែដៀងមើលទៅម៉ែដែលអង្គុយនៅមុខផ្ទះ ​ចាំផ្លូវប្ដីទាំងមុខស្រពោន។ លុះដល់យប់ជ្រៅបន្តិច ប្រហែលជាគាត់ឃើញភ្លើងក្នុងផ្ទះនៅភ្លឺនៅឡើយ ទើបដើរចូលមកប្រាប់ឱ្យខ្ញុំបិទភ្លើងចូលគេងមុនគាត់ទៅ ព្រោះស្អែកខ្ញុំត្រូវក្រោកពីព្រឹកទៅប្រឡងផង។

មាន់រងាវកឺត ខ្ញុំភ្ញាក់ដឹងខ្លួនប្រញាប់ក្រោកបង្កាត់ភ្លើងទុកឱ្យម៉ែស្ងោរនំ តែចម្លែកណាស់ ព្រឹកថ្មើរនេះទៅហើយម៉ែនៅមិនទាន់ក្រោកទៀត សង្ស័យមកពីយប់មិញក្របានចូលសម្រាន្ដហើយ។ ខ្ញុំដើរចូលទៅក្នុងវិញដើម្បីដាស់ម៉ែ ស្រាប់តែខ្លួនម៉ែក្ដៅដូចភ្លើង ប្រហែលជាមកពីឥទ្ធិពលទឹកសន្សើមកាលពីយប់ធ្វើឱ្យម៉ែទៅជាគ្រុន។ ខ្ញុំដាក់ដាំបបរ ហើយប្រញាប់យកកន្សែងជ្រលក់ទឹកមកជូតខ្លួនឱ្យគាត់ ដូចដែលគាត់ធ្លាប់បានធ្វើឱ្យខ្ញុំ ពេលខ្ញុំគ្រុនក្ដៅម្ដងៗ។ ពេលបបរឆ្អិន ខ្ញុំក៏ដួសដាក់ចានហើយលើកយកមកឱ្យគាត់ពិសារជាមួយត្រីងៀតអាំង។

“ម៉ែ! ម៉ែ! ក្រោកឡើង ពិសារបបរ!”

ម៉ែបើកភ្នែកសន្សឹមៗ ហើយសម្លឹងមើលមកខ្ញុំ។

“ម៉ោងប៉ុន្មានហើយ? កូនឯងមិនទាន់ទៅសាលាទៀត តិចចូលប្រឡងមិនទាន់គេណា៎កូន!”

“ខ្ញុំមិនទៅប្រឡងទេ ខ្ញុំនឹងនៅមើលម៉ែ! ម៉ែឆាប់ពិសារបបរទៅនឹងអាលបានលេបថ្នាំ!”

ម៉ែនិយាយខ្សាវៗមកខ្ញុំវិញ៖

“ម៉ែមិនអីទេកូន! កូនទៅប្រឡងចុះ ទុកបបរនិងថ្នាំនៅត្រង់ហ្នឹងហើយ ចាំម៉ែញ៉ាំខ្លួនឯង!”

“តែ…” ខ្ញុំមិនទាន់បាននិយាយផង ម៉ែគ្រវីក្បាលតិចៗដើម្បីកុំឱ្យខ្ញុំរកលេសអ្វីទៀត។

“កូនឯងទៅប្រឡងចុះ ចាំពេលចេញពីសាលាវិញ ចូលទិញថ្នាំដែលម៉ែតែងលេបមកឱ្យម៉ែផង!”

ម៉ែនិយាយបានប៉ុណ្ណេះ ហើយក្រឡេកមើលឆ្វេងស្ដាំរួចក៏សួរទៀត៖

“អ៊ំកូនឯងមានមកផ្ទះវិញទេ?”

ខ្ញុំស្រាប់តែមានអារម្មណ៍មិនល្អឡើង នេះគាត់ធ្វើដាក់ម៉ែដល់ថ្នាក់ហ្នឹងហើយ ម៉ែនៅតែបារម្ភពីគាត់ទៀត។ ខ្ញុំមិនតបគ្រាន់តែគ្រវីក្បាល ហើយដើរចេញទៅរៀបចំខ្លួន។ ដោយសារម៉ែពុំបានទៅលក់នំ ទើបថ្ងៃនេះខ្ញុំអាចជិះកង់ទៅសាលា។ ថ្ងៃនេះពេលព្រឹកមានប្រឡង គណិតវិទ្យានិងរូបវិទ្យា។ ខ្ញុំធ្វើរួចមុនម៉ោងកំណត់ ព្រោះសំណួរនិងលំហាត់ សុទ្ធតែខ្ញុំធ្លាប់បានមើលនិងធ្វើវាពីមុនមករួចហើយ។

ឈូរៗ!!! គ្រាន់តែខ្ញុំចេញពីទិញថ្នាំឱ្យម៉ែភ្លាមមិនទាន់ មេឃក៏ស្រាប់តែបង្អុរភ្លៀងយ៉ាងខ្លាំង។ ខ្ញុំជិះកង់កាត់ភ្លៀង ទម្រាំតែមកដល់ផ្ទះខ្លួនប្រាណទាំងមូលក៏ទទឹកជោគទៅហើយ ទើបប្រញាប់ដាក់ចន្ទល់កង់ ហើយរត់ចូលមកក្នុងផ្ទះ ឃើញម៉ែនៅសម្រាកលើគ្រែនៅឡើយ។ ខ្ញុំរូតរះប្ដូរខោអាវ ហើយដាក់ដាំបាយនិងច្នៃធ្វើម្ហូបក្រៀមក្រោះដែលមានស្រាប់នៅក្នុងទូ។

មេឃនៅបន្តធ្លាក់ភ្លៀងរហូតដល់យប់។ អាការៈម៉ែហាក់ដូចជាបានធូរគ្រាន់ហើយ តែដោយសារយប់នេះគាត់ត្រូវពិសារថ្នាំសម្រួលអារម្មណ៍ ធ្វើឱ្យគាត់ងងុយគេង ទើបចូលសម្រាកមុនទៅ។ ខ្ញុំនៅរំឭកមេរៀននិងធ្វើលំហាត់បន្តទៀត ព្រោះពេលព្រឹកខ្ញុំត្រូវប្រឡងភាសាខ្មែរនិងគីមីវិទ្យា។ ខ្យល់បក់មកពីក្រៅ នាំយកទាំងតំណក់ទឹកភ្លៀងចូលតាមបង្អួចមកផង។ ខ្ញុំក្រោកបិទបង្អួចដែលនៅចំពីមុខតុរៀនរបស់ខ្ញុំ រួចដើរទៅបម្រុងបិទទ្វារដែលមុននេះរបើកដោយសារខ្យល់។ ភ្លាមនោះស្រាប់តែលេចមុខអ៊ំសុធា ដើរចូលមកទាំងដំណើរទ្រេតទ្រោត ខោអាវប្រឡាក់ដីទំនងជាមកពីដើរដួលព្រោះស្រវឹងស្រា។

ខ្ញុំឈរទ្រឹងនៅមាត់ទ្វារ ធ្វើឱ្យគាត់យកដៃមករុញខ្ញុំចេញទៅម្ខាង។ គាត់ដើរចូលទៅរកម៉ែហើយទាញបំបែរខ្លួនម៉ែដែលសម្រាន្តផ្អៀងឱ្យផ្ងារឡើង ហើយឱនទៅថើបញីញក់។ ខ្ញុំឃើញដូច្នេះក៏ប្រញាប់រត់ទៅទាញគាត់ចេញ ហើយស្រែកតិចៗប្រាប់គាត់៖

“អ៊ំកុំរំខានម៉ែអី គាត់មិនស្រួលខ្លួនពេញមួយថ្ងៃហើយ!”​

“ហ៊ឹស! លែងអញ!”

អ៊ំសុធា មិនត្រឹមតែមិនស្ដាប់ ថែមទាំងគ្រវាសខ្ញុំចេញទាំងកំរោល ធ្វើឱ្យក្មេងដែលមានរាងល្អិតដូចជាខ្ញុំត្រូវខ្ទាតទៅម្ខាងជញ្ជាំងទាំងឈឺចាប់។ ម៉ែដូចជាដឹងខ្លួនតិចៗ តែគ្មានកម្លាំងកំហែង បានត្រឹមតែស្រែកថ្ងូរ ហើយលើកដៃគ្រវាសចុះឡើង។ ឪពុកចុងខ្ញុំយកដៃទៅខ្ទប់ច្រមុះម៉ែធ្វើឱ្យគាត់សន្លប់ស្ងៀមឈឹង រួចឱនទៅប្រឡេះឡេវអាវម៉ែម្ដងមួយគ្រាប់ៗ។ ខ្ញុំគិតអ្វីមិនទាន់ ក៏ប្រញាប់ស្រវាចាប់បានថូផ្កានៅលើតុ ស្ទុះទៅសំពងចំកញ្ចឹងកគាត់។

ភូស! ថូផ្កាថ្មបែកជ្រុះពេញដី អ៊ំសុធាក៏បញ្ឈប់សកម្មភាពរួចបែរមករកខ្ញុំ។ ពេលដែលឃើញគាត់មិនអី ហើយងាកមកសម្លឹងថ្មែដាក់ខ្ញុំបែបនេះ ខ្ញុំស្រាប់តែញ័រពេញខ្លួនហើយលើកដៃសំពះគាត់។

“ខ្ញុំ… ខ្ញុំសុំទោសអ៊ំ ខ្ញុំគ្មានចេតនាទេ! គឺមកពីម៉ែឈឺ អ៊ំកុំធ្វើបាបម៉ែខ្ញុំអីណា៎!”

ភ្នែករបស់គាត់ពេលនេះ ប្រែជាក្រហមពេញទៅដោយកំហឹងនិងតណ្ហាដុតរោល។ ឪពុកចុងខ្ញុំស្រាប់តែដើរចូលមកច្របាច់ដៃខ្ញុំ ហើយសម្លុតដាក់ខ្ញុំខ្លាំងៗ៖

“បាន! អញមិនធ្វើអីម៉ែឯងក៏បាន… តែឯងត្រូវតែជាអ្នកពន្លត់ភ្លើងនេះជំនួសវិញ!”

ថាហើយគាត់ក៏ចាប់ហែកអាវខ្ញុំខ្វោក រួចច្រានផ្ដួលខ្ញុំឱ្យដេកទៅលើដី មុខរបស់គាត់ឱនមកថើបញីញក់ពេញទាំងខ្លួនរបស់ខ្ញុំ។ ទោះបីជាខ្ញុំព្យាយាមក្ដិចខ្ញាំគាត់យ៉ាងណា ក៏គាត់ហាក់ដូចជាគ្មានអារម្មណ៍ថាឈឺអ្វីបន្តិចសោះ។ ក្លិនស្រាភាយពេញច្រមុះ ធ្វើឱ្យខ្ញុំចង់ក្អួត។

“កុំអីអ៊ំ! កុំធ្វើបាបខ្ញុំ! ខ្ញុំខ្លាចហើយ… ម៉ែអើយជួយកូនផង! ហ៊ឺៗ!”

ខ្ញុំខំប្រឹងអស់ពីកម្លាំង ច្រានខ្លួនអ៊ំសុធា ដែលនៅពីលើខ្ញុំចេញ តែមិនបានសម្រេច មានតែបង្កើនកំហឹងដល់គាត់វិញ។ គាត់ដាល់ពោះខ្ញុំមួយដៃចំកណ្ដាលចុងដង្ហើម ធ្វើឱ្យខ្ញុំចុកស្ទើរដាច់ខ្យល់។ ពេលនេះខ្ញុំប្រៀបដូចជាកូនបក្សីស្ថិតនៅក្នុងក្រញាំឥន្ទ្រី ដែលត្រូវគេដករោមម្ដងមួយសរសៃៗចេញ។ ភ្នែកទាំងពីររបស់ខ្ញុំព្រិលស្រវាំង ខំសម្លឹងមើលទៅម៉ែដែលដេកស្ងៀមសង្ឃឹមថាគាត់អាចដឹងខ្លួន ហើយចុះមកជួយខ្ញុំ តែសូម្បីតែបន្តិចក៏គ្មានសញ្ញាថាម៉ែអាចកម្រើកខ្លួនបានដែរ។

ខ្ញុំខំប្រឹងស្រែកថ្ងូរទាំងឈឺចាប់ប្រណាំងស្នូរទឹកភ្លៀងដែលស្រក់មកលើដំបូលផ្ទះ ដើម្បីស្វែងរកជំនួយពីអ្នកដទៃនិងអង្វរចិត្តឪពុកចុងល្មោភកាមដែលកំពុងតែរំលោភក្មេងប្រុសតូចល្អិតម្នាក់។ តែឥតបានការអ្វីទាំងអស់ ព្រោះសូម្បីទឹកភ្លៀងដែលអាចលាងបន្សាបជាតិស្រវឹង ក៏មិនអាចពន្លត់ភ្លើងតណ្ហាដែលមាននៅក្នុងខ្លួនគាត់ឱ្យសាបសូន្យបានឡើយ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺពេញសព្វទាំងខ្លួន ចំណែកឯដំបូលផ្ទះក៏វិលខ្ញាល់ ហើយប្រែជាពណ៌ខ្មៅបន្តិចម្ដងៗ រហូតដល់ខ្ញុំបាត់បង់សតិលែងដឹងថាមានរឿងអ្វីកើតឡើងបន្តទៀត។

ភ្លៀងរាំងហើយ ព្រះអាទិត្យក៏ចាប់ផ្ដើមរះមកបំភ្លឺថ្ងៃថ្មី។ ឪពុកចុងរបស់ខ្ញុំបានចាកចេញទៅដោយបន្សល់ទុកពាក្យមួយឃ្លាចុងក្រោយគឺ ហាមមិនឱ្យខ្ញុំនិយាយរឿងនេះប្រាប់នរណាដាច់ខាត បើមិនចង់ខ្មាសគេធ្វើឱ្យម្ដាយរបស់ខ្ញុំឈឺក្អួតឈាមស្លាប់។ ក្នុងសភាពននលគោក ខ្ញុំពិតជាមិនដឹងថាខ្លួនឯងត្រូវរស់ដើម្បីអ្វីបន្តទៀតនោះទេ។ ភ្លាមនោះខ្ញុំឃើញម៉ែកម្រើកខ្លួនតិចៗ ខួរក្បាលរបស់ខ្ញុំស្រាប់តែនឹកឃើញថា… ខ្ញុំនៅមានម៉ែ! ខ្ញុំមិនអាចស្លាប់ទេ… រឹតតែមិនអាចឱ្យគាត់ឃើញសភាពរបស់ខ្ញុំនៅពេលនេះដែរ។ ខ្ញុំជូតទឹកភ្នែកចេញ ហើយយកខោអាវដែលរហែកប្រឡាក់ទៅលាក់ទុក។

ព្រឹកនេះខ្ញុំចូលក្នុងថ្នាក់អង្គុយប្រឡងទាំងវិញ្ញាណមិននៅជាប់ខ្លួន។ សំណួរនិងសំណេរទាំងប៉ុន្មានដែលមានក្នុងក្រដាសវិញ្ញាសាសុទ្ធតែខ្ញុំធ្លាប់បានរៀនធ្វើ តែពេលដែលលើកដៃបម្រុងសរសេរ ខ្ញុំបែរជាស្ទាក់ស្ទើរមិនដឹងត្រូវចាប់ផ្ដើមពីណាទៅមុន។ ខ្ញុំសង្កេតឃើញលោកគ្រូកវីសម្លឹងមើលខ្ញុំជាញឹកញាប់ តែគាត់ពុំបានសួរនាំអ្វីទេព្រោះពេលនេះជាម៉ោងប្រឡង។

“សុំទោសផងលោកគ្រូ! ខ្ញុំធ្វើឱ្យលោកគ្រូអស់សង្ឃឹមហើយ!” ខ្ញុំគិតក្នុងចិត្តម្នាក់ឯង។

ខ្ញុំព្យាយាមអង្គុយធ្វើសំណួររហូតទាល់តែដល់ម៉ោង ដែលខុសពីរាល់ដងគឺខ្ញុំតែងតែយកទៅដាក់ពិន្ទុមុនគេជានិច្ច។ សំឡេងជួងបន្លឺឡើង ខ្ញុំប្រញាប់យកក្រដាសកិច្ចការទៅដាក់នៅលើតុគ្រូ។ ខ្ញុំឃើញលោកគ្រូហើបមាត់ហាក់ដូចជាប្រុងនិយាយអ្វីមកកាន់ខ្ញុំ តែពេលនេះខ្ញុំពិតជាគ្មានអារម្មណ៍បកស្រាយអ្វីទាំងអស់។ ខ្ញុំដឹងថាប្រសិនបើខ្ញុំហាមាត់និយាយអ្វីតែមួយម៉ាត់ ទឹកភ្នែករបស់ខ្ញុំប្រាកដជាហូរចុះមកមិនខាន ដូច្នេះហើយទើបខ្ញុំបែរខ្នងរត់ចេញពីថ្នាក់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។

មួយសប្ដាហ៍កន្លងផុតទៅយ៉ាងត្រដាបត្រដួស ការប្រឡងរបស់ខ្ញុំក៏ត្រូវបានបញ្ចប់។ ខ្ញុំមានអារម្មណ៍កាន់តែស្មុគស្មាញក្នុងចិត្តនិងគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ។ ពេលនេះម៉ែបានធូរស្រាលដូចធម្មតាហើយ មើលទៅគាត់ហាក់ដូចជាពុំបានចងចាំ ឬដឹងរឿងរ៉ាវដែលកើតឡើងនៅយប់នោះទេ។

ពេលខ្ញុំចូលរៀនវិញនៅឆមាស២ ម៉ែនិងប្ដីចុងរបស់គាត់កាន់តែមានរឿងឈ្លោះគ្នាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​ ខ្ញុំចាប់ផ្ដើមបែកអារម្មណ៍រៀនលែងចូល ស្ទើរតែគ្រប់មុខវិជ្ជា។ មធ្យមភាគពិន្ទុរបស់ខ្ញុំចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ រហូតធ្វើឱ្យលោកគ្រូកវី គ្រវីក្បាលហួសចិត្ត។ គាត់ព្យាយាមចូលមកសួរនាំខ្ញុំ តែខ្ញុំខ្លួនឯងដែលតែងតែគេចមុខពីគាត់ ព្រោះខ្ញុំពិតជាមិនដឹងពិតមែនថាត្រូវនិយាយអ្វីជាមួយគាត់ រឹតតែមិនដឹងគួរប្រឈមមុខជាមួយគាត់យ៉ាងម៉េចប្រសិនបើគាត់ដឹងថា ខ្ញុំជាក្មេងប្រុសដែលត្រូវបានគេ «រំលោភសេពសន្ថវៈ»!

ចូលដល់ខែមិថុនា ម៉ែចាប់ផ្ដើមធ្លាក់ខ្លួនឈឺកាន់តែញឹកមិនអាចយកនំទៅលក់បាន ខ្ញុំត្រូវរៀនខានៗ ដោយសារថ្ងៃខ្លះរវល់ជួយយកនំដែលម៉ែវេចរួចយកទៅលក់ឯផ្សារជំនួសគាត់។ រីឯអ៊ំសុធាវិញ គាត់លែងចេញទៅបើកឡានឱ្យគេទៀតហើយ ម៉្ងៃៗគាត់នៅប្រចាំការនឹងតៀមស្រាផ្ទះចឹកម៉ាប់ចុងភូមិ។ ពីព្រឹកទល់ព្រលប់គាត់ឥតឃ្លានបាយទឹកទេ ទាល់តែថ្ងៃណាដាច់លុយទើបមកផ្ទះម្ដង ហើយរករឿងធ្វើបាបវាយដំម៉ែ ដើម្បីទារលុយទៅបង់ជំពាក់ថ្លៃស្រា។

ថ្ងៃមួយពេលដែលខ្ញុំមកពីលក់នំនៅឯផ្សារវិញ ស្រាប់តែឮសូរមាត់កោកកាកចេញពីក្នុងផ្ទះខ្ទមរបស់ខ្ញុំ។ គ្មាននរណាក្រៅពីម៉ែនិងអ៊ំសុធាឈ្លោះគ្នាទៀតនោះទេ។ ដោយសារធាក់កង់ផ្លូវឆ្ងាយមកពីផ្សារផងនិងប៉ុន្មានថ្ងៃនេះ ខ្ញុំចេះតែមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃផង ទើបខ្ញុំពុំបានចូលទៅជួយវែកញែកខុសត្រូវអីទេ ព្រោះគិតថាបន្តិចទៀតពេលពួកគាត់ឈ្លោះគ្នាហត់នឹងអស់អីហើយ។ ខ្ញុំយករបស់របរទុកដាក់រួចក៏ទម្លាក់ខ្លួនទៅលើគ្រែដើម្បីសំងំយកកម្លាំង។ តែខ្ញុំមិនទាន់ទាំងបានបិទភ្នែកស្រួលបួលផង សំឡេងក្ឌូងក្ឌាំងឮចេញមកពីក្នុងផ្ទះ។

“ឯងឆ្កួតហើយ! មិនបានផឹកស្រាក៏មកបោកប្រាស់របស់របរក្នុងផ្ទះទៅវិញ!” ម៉ែបង្កូកជេរ។

“អើ! នរណាប្រើឱ្យឯងមិនឱ្យលុយអញទៅផឹកស្រាធ្វើអី!” សំឡេងក្ងួរៗបង្អូសវែងៗឆ្លើយតប។

“បើឯងចង់បានលុយទៅផឹកស្រាណាស់ ម៉េចក៏មិនចេះទៅរកស៊ីឱ្យបានលុយមក? ប្រុសស្អី មិនគិតធ្វើការងាររកស៊ី ម៉្ងៃៗគិតតែមកលាដៃសុំលុយប្រពន្ធទៅចាយ!”

“យើស! យូរៗទៅហ៊ានសម្ដីថ្លោសដាក់អញផង ចង់ថាអញរស់ដោយសារស្រីមែនទេ?”

“អើ គិតមើលទៅ! រាល់ថ្ងៃនេះបើមិនយកលុយដែលខ្ញុំនិងកូនខំប្រឹងលក់នំ ស្មានតែឯងបានទៅអង្គុយធ្វើម៉ូយចឹកម៉ាប់អ្ហេស?”

“ឯងស្មានតែអញចង់អ្ហេ៎? អញផឹករាល់ថ្ងៃនេះគឺផឹកដើម្បីបំភ្លេចទុក្ខណា៎វើយ!”

“ទុក្ខអ៊ីចឹងអ្ហេ៎? ហើយទុក្ខស្អីរបស់ឯង វាធំជាងអត់លុយទៀតនោះតាកញ្ចាស់?”

“គឺព្រោះអញវាកើតអេដស៍!”

“ហា៎!​ ឯងនិយាយថាម៉េច?”

“អើ! អញវាកើតអេដស៍! ម៉េចឯងសប្បាយចិត្តហើយមែនទេ?”

“ថាម៉េចអ៊ំសុធាកើតអេដស៍?” ខ្ញុំភ្ញាក់ដូចគេគប់ត្រូវនឹងដំបង ស្ទុះក្រោកបម្រុងចូលទៅ។

“ពុទ្ធោ!… អាកញ្ចាស់ធា ម៉េចក៏ឯង… ម៉េចក៏ឯងទៅជាអ៊ីចឹង! ឯងកើតអេដស៍ពីពេលណា ម៉េចមិនប្រាប់ខ្ញុំផង? ហ៊ឺៗ… ឯងកំពុងតែធ្វើបាបពីរនាក់ម៉ែកូនខ្ញុំហើយ! ហ៊ឺៗ..” ម៉ែមិននិយាយតែមាត់ ថែមទាំងយកដៃទៅគក់ប្ដីរបស់គាត់ឌឹបៗផង។

“ហ៊ឹស! អញអត់មិនបានទេ មីខ្នយ!” ឪពុកចុងរបស់ខ្ញុំស្រាប់តែស្រែកសម្លុតខ្លាំងឡើង។

“អូយ!”

ខ្ញុំឮសូរមាត់ម៉ែស្រែក ទើបប្រញាប់រត់ចូលទៅក្នុងផ្ទះ។ គ្រាន់តែខ្ញុំដើរទៅដល់មាត់ទ្វារភ្លាមស្រាប់តែមានរបស់អ្វីម៉្យាងដែលខ្ញុំមើលមិនទាន់ ហោះមកភឹលមកចំកណ្ដាលសៀតផ្កាខ្ញុំ។ កម្លាំងទង្គិចរបស់វត្ថុរឹងនោះមកលើក្បាល ធ្វើឱ្យខ្ញុំទៅជាឡេឡឺលែងដឹងទិសតំបន់។ ដៃរបស់ខ្ញុំយកមកក្ដោបក្បាលដែលឈឺ រំពេចនោះស្រាប់តែឮសំឡេងមនុស្សប្រុសស្រីពីរនាក់ ស្រែកហៅឈ្មោះខ្ញុំដំណាលគ្នា។

“កូនយុត្តិ / សុខយុត្តិ!”

ខ្ញុំដួលប្រូសទៅលើដី។​ ទោះបីភ្នែកខ្ញុំស្រវាំង តែខ្ញុំចាំបានសំឡេងនិងដំណើរនេះបាន គឺលោកគ្រូ កវី។ គាត់ស្ទុះមកលើកខ្លួនខ្ញុំអង្រួនតិចៗ ហើយដោះអាវរបស់គាត់មកជួយខ្ទប់ឈាមដែលកំពុងតែហូរចេញមិនឈប់ពីក្បាលរបស់ខ្ញុំ។

“កូនយុត្តិៗ! កូនយ៉ាងម៉េចហើយ? កូនកុំធ្វើឱ្យម៉ែភ័យណា៎! លោកគ្រូ ជួយកូនខ្ញុំផង!” ម៉ែអង្គុយជិតនោះគិតតែពីយំស្រែកហៅឈ្មោះខ្ញុំមិនឈប់។

“មីងស្ងប់អារម្មណ៍សិនទៅ! យុត្តិ… យុត្តិ… កូនឯងយ៉ាងម៉េចហើយ? ឆ្លើយលោកគ្រូមក!” លោកគ្រូអង្រួនខ្លួនខ្ញុំតិចៗ ប្រាប់ឱ្យខ្ញុំឆ្លើយគាត់។

“ខ្ញុំ… ខ្ញុំមិនអីទេ…អូយ!” ឈាមនៅតែបន្តហូរចេញពីក្បាលខ្ញុំជោគពេញអាវ និងដៃរបស់លោកគ្រូ។ ខ្ញុំចង់ប្រាប់ពួកគាត់ថាខ្ញុំមិនអីទេ កុំឱ្យពួកគាត់បារម្ភ ស្រាប់តែក្បាលរបស់ខ្ញុំចាប់ឈឺយ៉ាងខ្លាំង។

លោកគ្រូនិងម៉ែប្រញាប់លើកខ្ញុំដាក់លើម៉ូតូហើយនាំខ្ញុំទៅមន្ទីរពេទ្យ។ ខ្ញុំប្រឹងខាំមាត់អត់ទ្រាំមិនចង់ឱ្យម៉ែបារម្ភកាន់តែខ្លាំង។ ត្រចៀកទាំងពីរឮសូរតែសំឡេងខ្យល់វូៗខ្សោយម្ដងបន្តិចៗ ចំណែកឯចក្ខុវិញ្ញាណក៏ចាប់ផ្ដើមមើលអ្វីលែងឃើញ។ ពេលមកដល់ពេទ្យ គេលើកខ្ញុំដាក់ចុះឱ្យដេកនៅលើគ្រែ ស្ថានភាពខ្ញុំពេលនេះដូចជាស្ថិតក្នុងភាពពាក់កណ្ដាលដេកលក់ ពាក់កណ្ដាលភ្ញាក់។

“លោកគ្រូពេទ្យ ជួយកូនខ្ញុំផង! កូនយុត្តិ កុំកើតកើតអីឱ្យសោះណា៎កូន!” ខ្ញុំដូចជាបានឮសំឡេងម៉ែ តែក្នុងខ្លួនខ្ញុំកាន់តែល្វើយ ហើយក៏បាត់បង់ស្មារតីទៅ។

ទឺត! ទឺត! ទឺត! … ជាសំឡេងដែលខ្ញុំបានឮមុនគេ ពេលដែលខ្ញុំមានស្មារតីឡើងវិញ។ ខ្ញុំនៅពុំទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីបើកភ្នែក តែខ្ញុំអាចស្មានដឹងថាពេលនេះខ្ញុំពុំទាន់ស្លាប់ទេ។ ភ្លាមនោះខ្ញុំស្រាប់តែឮសំឡេងមនុស្សប្រុសម្នាក់និយាយឡើង៖

“បន្ទាប់ពីពេទ្យបានធ្វើការតាមដានសភាពអ្នកជំងឺមក ឃើញថាអាការរបស់គាត់ចុះខ្សោយលឿន ដូច្នេះគ្រូពេទ្យបានធ្វើការបូមឈាមយកទៅពិនិត្យ! លទ្ធផលបង្ហាញថាអ្នកជំងឺមានប្រព័ន្ធភាពស៊ាំចុះទាប ទើបពិនិត្យរកឃើញមាន…វិជ្ជមានមេរោគអេដស៍!” សម្ដីរបស់គាត់រាងអាក់បន្តិចដូចជាមិនចង់និយាយ ឬមិនដឹងគួរប្រាប់របៀបណាឱ្យអ្នកស្ដាប់ងាយស្រួលទទួលយកបាន។

“ថាម៉េច? ពុទ្ធោ! កូនយុត្តិ… មិនអាចទេ…  ម៉េចក៏កូនខ្ញុំអាចមានជំងឺនេះទៅកើតទៅលោកគ្រូពេទ្យ? ហ៊ឺៗ” ម៉ែយំសសិត។

“រឿងនេះខ្ញុំក៏ពុំច្បាស់ដូចគ្នា… តើក្នុងសមាជិកគ្រួសាររបស់មីង មាននរណាផ្ទុកមេរោគអេដស៍ ឬក៏ក្មេងធ្លាប់ទទួលការចាក់ដោយប្រើម្ជុល ឬសឺរ៉ាំងដែលពុំមានការសម្អាតត្រឹមត្រូវដែរទេ?”

“គឺ… គឺប្ដីចុងរបស់ខ្ញុំ លោកគ្រូពេទ្យ … ខ្ញុំក៏ទើបតែដឹងដែរថាគាត់មានជំងឺនេះ!”

“អ៊ីចឹងករណីដែលអាចកើតមាន គឺក្មេងបានប៉ះពាល់ដោយផ្ទាល់ជាមួយឈាមអ្នកជំងឺ… ដូច្នេះដើម្បីសុវត្ថិភាព ខាងខ្ញុំផ្ដល់យោបល់ឱ្យមីងនិងលោកគ្រូធ្វើតេស្តដើម្បីរកមេរោគអេដស៍ផងដែរ ព្រោះមុននេះអ្នកទាំងពីរបានប៉ះពាល់ឈាមរបស់អ្នកជំងឺ! ”

“បាទ! លោកគ្រូពេទ្យ! ទោះបីដៃរបស់ខ្ញុំពុំមានមុត ឬរបួសអ្វីថ្មី ហើយក្រោយពេលប៉ះពាល់ឈាមខ្ញុំបានលាងសម្អាតដៃជាមួយអាល់កុលស្អាតក៏ដោយ តែខ្ញុំនឹងធ្វើតេស្តដើម្បីឱ្យបានប្រាកដក្នុងចិត្ត” លោកគ្រូ កវី ដែលស្ងាត់ស្ងៀមយូរហើយបានយល់ព្រមទៅពិនិត្យឈាម។

ស្នូរជើងរបស់អ្នកគ្រប់គ្នាដើរចេញទៅក្រៅបន្ទប់ ទើបខ្ញុំហ៊ានបើកភ្នែកសន្សឹមៗ ឃើញជញ្ជាំងពណ៌ស ដែលចាំងដោយអំពូលភ្លើងវែងៗ។ ខ្ញុំមិនដឹងថាខ្លួនឯងសន្លប់យូរប៉ុណ្ណឹងហើយទេ តែតាមរយៈបង្អួចដែលបើកនៅចំហៀងបន្ទប់ ប្រាប់ខ្ញុំឱ្យដឹងថាថ្មើរនេះជាពេលយប់ហើយ។

“ខ្ញុំកើតអេដស៍!” ខ្ញុំគិតក្នុងចិត្តតែម្នាក់ឯង អង្គធាតុរាវដែលធ្លាប់លាក់ទុកក្នុងក្រពេញទឹកភ្នែកពីមុនក៏ចាប់ផ្ដើមស្រក់ចុះពពាក់ពពូនគ្នា។

ទិដ្ឋភាពនាយប់ភ្លៀងធ្លាក់ បានរសាត់ខ្មួលខ្មាញ់មកចាក់បញ្ចាំងនៅលើផ្ទៃពិដាន ហាក់ដូចកំពុងហៅទឹកភ្នែករបស់ខ្ញុំឱ្យរន្ថាន់ចេញក្រៅ មុនពេលដែលវាអាចហូរចុះទៅស្ទះក្នុងទ្រូង។ ខ្ញុំពិតជាមិនដឹងថា តើតទៅមុខទៀតខ្ញុំនឹងអាចរស់នៅបានដោយរបៀបណានោះទេ? ខួរក្បាលរបស់ខ្ញុំស្រមៃឃើញតែទឹកមុខដ៏គួរឱ្យស្អប់ខ្ពើមរបស់ឪពុកចុងរបស់ខ្ញុំ និងរូបភាពសើចចំអករបស់មិត្តរួមថា្នក់របស់ខ្ញុំនៅពេលដែលគេដឹងថាខ្ញុំត្រូវបានគេរំលោភ ហើយក្លាយជាក្មេងដែលមានផ្ទុកមេរោគអេដស៍។

មួយសន្ទុះក្រោយមក ខ្ញុំឮសូរស្នូរស្បែកជើងមកឈប់នៅមុខបន្ទប់។

“ខ្ញុំសុំអង្វរលោកគ្រូ កុំទាន់ប្រាប់ស្ថានភាពជំងឺរបស់យុត្តិឱ្យគេដឹងអី… ខ្ញុំខ្លាចគេទទួលយកមិនបាន!” នេះជាសំឡេងម៉ែ ណយ… តែខ្ញុំមិនឮការឆ្លើយតបរបស់លោកគ្រូ កវី នោះទេ។ ខ្ញុំខំជូតទឹកភ្នែកចេញឱ្យអស់ កុំឱ្យម៉ែបារម្ភ។

ម៉ែនិងលោកគ្រូ បើកទ្វារចូលមកទាំងទឹកមុខស្រពាប់ស្រពោន លុះពេលឃើញខ្ញុំប្រឹងក្រោកអង្គុយ ពួកប្រញាប់ស្ទុះចូលមកជិតខ្ញុំ។

“កូនយុត្តិ! កូនដឹងខ្លួនហើយអ្ហេ៎? យ៉ាងម៉េចហើយ​ មានត្រង់ណាមិនស្រួលដែរទេ?” ម៉ែសួរមកខ្ញុំដោយក្ដីបារម្ភ។

ខ្ញុំគ្រវីក្បាលដាក់គាត់តិចៗ ទើបគាត់យកទឹកមកបញ្ចុកខ្ញុំ។ ខ្ញុំបឺតទឹកបានបន្តិច ក៏ងាកមើលទៅលោកគ្រូ ឃើញគាត់ញញិមស្រាលដាក់ខ្ញុំ។

“ពេលនេះកូនផុតពីគ្រោះថ្នាក់ហើយ!” លោកគ្រូចូលមកអង្អែលក្បាលខ្ញុំ។

តាំងពីធំដឹងក្ដីមករហូតដល់ពេលនេះ ខ្ញុំពុំដែលនឹកស្ដាយអ្វីសោះនៅក្នុងជីវិត លើកលែងតែមនុស្សពីរនាក់ដែលកំពុងនៅជិតខ្ញុំពេលនេះ។ សេចក្ដីស្រឡាញ់ និងការព្រួយបារម្ភរបស់ពួកគាត់ធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍ខុសឆ្គងដែលពុំអាចធ្វើកូនល្អ និងសិស្សល្អសម្រាប់ពួកគាត់បាន។

“ម៉ែនិងលោកគ្រូមិនអីទេមែនទេ?” ខ្ញុំសួរទាំងបន់ក្នុងចិត្ត កុំឱ្យពួកគាត់មានរឿងអ្វីកើតឡើង។

          ពួកគាត់ទាំងពីរមើលមុខគ្នាទៅវិញទៅមក ដូចជាមិនដឹងថាគួរនិយាយប្រាប់ខ្ញុំថាម៉េចឱ្យសម។

“ខ្ញុំដឹងរឿងអស់ហើយ! ខ្ញុំ… ខ្ញុំមានផ្ទុកមេរោគអេដស៍!” ខ្ញុំបិទភ្នែក ព្រោះមិនដឹងប្រឈមមុខនឹងពួកគាត់យ៉ាងដូចម្ដេច។

          “ឱ្យម៉ែសុំទោស! គ្រប់យ៉ាងគឺមកពីម៉ែ… ម៉ែមើលថែឯងមិនបានល្អ! ម៉ែធ្វើឱ្យឯងក្លាយទៅជាបែបនេះ! ហ៊ឺៗ”

ម៉ែស្រវាឱបខ្ញុំហើយយំបន្ទោសខ្លួនឯង។ ខ្ញុំឱបគាត់តបវិញ ហើយបែរទៅមើលលោកគ្រូ ឃើញគាត់ដាក់មុខចុះស្រងូត។

          “មីងគាត់មានជំងឺអេដស៍ដូចយុត្តិដែរ… ចំណែកគ្រូទទួលបានលទ្ធផលអវិជ្ជមាន តែក៏ត្រូវរង់ចាំរយៈពេល៣ខែក្រោយទើបមកធ្វើតេស្តម្ដងទៀត ដើម្បីឱ្យប្រាកដថាមាន ឬអត់!”

          “ម៉ែ! លោកគ្រូ!…ខ្ញុំមានរឿងចង់ប្រាប់អ្នកទាំងពីរ!” ពួកគាត់នៅស្ងៀមរង់ចាំឱ្យខ្ញុំនិយាយពាក្យក្នុងចិត្ត “ខ្ញុំ… ខ្ញុំធ្លាប់ត្រូវបានអ៊ំសុធា ចាប់រំលោភ! ហ៊ឺៗ” ទឹកភ្នែករបស់ខ្ញុំធ្លាយហូរមកម្ដងទៀត។

          “ពុទ្ធោកូនម្ដាយ!” ម៉ែតក់ស្លុតរហូតដល់និយាយអ្វីមិនចេញ គិតតែពីយំឱបខ្ញុំ។

          លោកគ្រូស្រឡាំងកាំង ប្រហែលជាកំពុងគិតស្រមៃទៅដល់អាកប្បកិរិយាចម្លែកៗរបស់ខ្ញុំកន្លងមក។ បានបន្តិចទើបខ្ញុំព្រលែងដៃឱបចេញពីម៉ែ ហើយបែរមកសំពះលោកគ្រូ កវី។

          “ឱ្យខ្ញុំសុំទោសលោកគ្រូ! ដោយសារតែខ្ញុំទើបធ្វើឱ្យលោកគ្រូត្រូវមកពិបាកដូច្នេះ… ខ្ញុំជាសិស្សមិនល្អ! ខ្ញុំធ្វើឱ្យលោកគ្រូខកបំណងហើយ!” លោកគ្រូចាប់ដៃរបស់ខ្ញុំ ហើយគ្រវីក្បាលទាំងភ្នែករលីងរលោង។

          “មិនមែនជាកំហុសកូនទេ! គ្រប់យ៉ាងគឺមកពីម៉ែ! បើកុំតែម៉ែនាំមនុស្សចង្រៃដូចគេចូលផ្ទះ… បើកុំតែម៉ែទុកចិត្តគេ ហើយសង្ឃឹមថាគេអាចមើលថែម៉ែកូនយើងបាន កូនក៏មិនត្រូវគេរំលោភបំពាន ចំណែកពួកយើងក៏មិនអាចឆ្លងជំងឺនេះដែរ! ឱ្យម៉ែសុំទោស! ម៉ែគ្មានចេតនាទេ ហ៊ឺៗ!” ម៉ែយំរៀបរាប់ទម្លាក់កំហុសឱ្យខ្លួនឯង។

          “អ្នកទាំងពីរគ្មានកំហុសទេ! អ្នកដែលខុសគឺជាពូ សុធា! រឿងរ៉ាវដែលបានកើតឡើងគ្រប់យ៉ាង គ្រប់គ្នាគឺគ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ ដូច្នេះសូមអ្នកទាំងពីរកុំបន្ទោសខ្លួនឯងអី! ”

          “តែពួកយើងធ្វើឱ្យនាំទុក្ខដល់លោកគ្រូ!” ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំជាអ្នកធ្វើឱ្យលោកគ្រូត្រូវមកជាប់ពាក់ព័ន្ធជាមួយក្នុងរឿងនេះ។

          “មិនអីទេ! គ្រូមិនដែលគិតថាស្ដាយក្រោយនៅក្នុងរឿងនេះទេ… គ្រាន់តែឃើញឯងមិនមានគ្រោះថ្នាក់ដល់ជីវិត គ្រូក៏សប្បាយចិត្តណាស់ទៅហើយ! អ្វីដែលសំខាន់ពេលនេះ អ្នកទាំងអស់គ្នាត្រូវបើកចិត្តទទួលយកគ្រប់យ៉ាង ហើយរឹងមាំក្នុងការដើរលើផ្លូវអនាគតដែលគ្មាននរណាម្នាក់មើលឃើញ! យើងមិនអាចទន់ជ្រាយ ឬអស់សង្ឃឹមឡើយ ព្រោះមានតែការមានជីវិតរស់នៅតែប៉ុណ្ណោះ ទើបអាចដឹងថាថ្ងៃស្អែកទេវតានឹងប្រគល់វិញ្ញាសាអ្វីមកឱ្យយើងប្រឡងទៀត!”

          “តើខ្ញុំត្រូវធ្វើយ៉ាងម៉េចចំពោះគេម្នាក់នោះទៅលោកគ្រូ? ខ្ញុំខ្លាចថាបើខ្ញុំប្ដឹងផ្ដល់ នោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងផ្លូវចិត្តរបស់កូន!” ម្ដាយរបស់ខ្ញុំសួរពីការយល់ឃើញរបស់លោកគ្រូចំពោះឪពុកចុងរបស់ខ្ញុំ។

          លោកគ្រូបែរមកមើលមុខខ្ញុំបន្តិច ទើបនិយាយតទៀត៖

          “ខ្ញុំមានចម្លើយក្នុងចិត្តរួចហើយ តែចំពោះរឿងនេះមានតែយុត្តិនិងមីងប៉ុណ្ណោះ ដែលអាចសម្រេចចិត្តបាន!”

          ខ្ញុំទ្រឹងគិតបន្តិច មុននឹងស្រូបដង្ហើមចូលយកកម្លាំងនិយាយបន្ត៖

          “រឿងមកដល់ពេលនេះ លែងមានអ្វីជាអាថ៌កំបាំង ឬការខ្មាសអៀនទៀតហើយ! ឱ្យតែមានម៉ែនិងលោកគ្រូយល់ពីខ្ញុំ គាំទ្រខ្ញុំ នោះខ្ញុំគ្មានថ្ងៃខ្លាចការសើចចំអកពីអ្នកដទៃជាដាច់ខាត! ខ្ញុំមិនអាចឱ្យអ្នកដែលប្រព្រឹត្តរឿងនេះ រស់នៅដោយស្រួលហើយដើរធ្វើបាប និងចម្លងជំងឺទៅអ្នកដទៃទៀតទេ! គាត់ត្រូវតែទទួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើ!”

          ម៉ែញញិមទាំងទឹកភ្នែកព្រមទាំងដៃមកអង្អែលដៃខ្ញុំ៖

“កូនម៉ែ! ម៉ែមិនដែលគិតថាទុកកូនចោលនោះទេ… ទោះជាកូនមានរឿងអ្វីកើតឡើងក៏ដោយ ម៉ែម្នាក់នេះនឹងនៅក្បែរកូន ចាំមើលថែកូនជានិច្ច! ម៉ែសន្យា!”

          “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលម្ដាយកូនអ្នកទាំងពីរយល់ឃើញដូច្នេះ! កំហុសលើកនេះគឺជាមេរៀនកុំឱ្យមនុស្សឆាប់ជឿទុកចិត្តគេ ព្រមទាំងបំភ្លេចជំងឺអេដស៍ឱ្យសោះ! តាមពិតទៅការរំលោភសេពសន្ថវៈភាគច្រើនត្រូវបានគេដឹងថាកើតមានចំពោះក្មេងស្រី តែតាមពិតក្មេងប្រុសក៏អាចមានឱកាសក្នុងការត្រូវបានគេបំពានដោយបង្ខំដូចគ្នា! ហើយចំពោះជំងឺអេដស៍ មិនមែនសុទ្ធតែអាចសម្លាប់ពួកយើងបានទេ សំខាន់ឱ្យតែពួកយើងរៀនស្វែងយល់ពីវា ហើយថែរក្សាសុខភាពឱ្យបានល្អ និងមកធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញបានទៀងទាត់ នោះយើងសឹងតែអាចរស់នៅបានយូរជាងអ្នកដែលគ្មានផ្ទុកជំងឺនេះផង!“

          ម៉ែនិងខ្ញុំ បានអរគុណលោកគ្រូដែលតែងតែជួយណែនាំ ព្រមទាំងលើកទឹកចិត្តដល់ពួកយើងកន្លងមក។ លោកគ្រូក៏បានសន្យាថានឹងជួយណែនាំដល់មិត្តរួមថ្នាក់ឱ្យពួកគេបានយល់ដឹង និងកុំឱ្យមានការស្អប់ខ្ពើមចំពោះរូបខ្ញុំ ម៉ែ និងអ្នកផ្ទុកមេរោគអេដស៍ដទៃទៀត។

          ម៉ែបានរៀបចំដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលដើម្បីឱ្យពួកគេស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ចំពោះឪពុកចុងរបស់ខ្ញុំ ដែលបានគេចខ្លួនបាត់តាំងពីពេលដែលគាត់ធ្វើបង្ករឿងនៅថ្ងៃនោះមក។ ថ្វីបើជីវិតមួយនេះមិនស្រស់បំព្រងដូចដែលពួកយើងធ្លាប់ប្រាថ្នាចង់បាន តែយើងមិនដែលបោះបង់ចោលការថែទាំទេ។

          ក្រោយពេលខ្ញុំចេញពីពេទ្យ ម៉ែចាប់ផ្ដើមទទួលយកការអប់រំតាមបែបពុទ្ធសាសនា។ គាត់តែងទៅវត្តដើម្បីសមាទានសីល នៅរៀងរាល់ព្រឹកថ្ងៃសីល ព្រមទាំងរៀនធ្វើសមាធិអប់រំផ្លូវចិត្តឱ្យមានសេចក្ដីស្ងប់។ តាំងពីពេលនោះមកម៉ែហាក់ដូចជាបានធូរស្បើយច្រើន ជំងឺលែងសូវរើឡើងញឹកញាប់ដូចពីមុន ហើយទឹកមុខនិងសាច់ឈាមកាន់តែស្រស់ថ្លា។ ជារៀងរាល់ខែ ពួកយើងតែងតែទៅពិនិត្យសុខភាព និងបើកថ្នាំយកមកលេបជាមួយគ្នា ហើយក្រោយពីត្រលប់មកពីមន្ទីរពេទ្យវិញ ម៉ែតែងធ្វើម្ហូបដែលខ្ញុំចូលចិត្តដើម្បីលើកទឹកចិត្តដល់ខ្ញុំដែលខិតខំរៀនសូត្រ និងថែរក្សាសុខភាពបានល្អ។

ទោះបីជាខ្ញុំមិនអាចមានសុខភាពល្អជាដូចគេឯងដទៃ តែចាត់ទុកថាខ្ញុំនៅមានសំណាងដែរ ព្រោះខ្ញុំអាចនៅដើរលេង ហាត់កីឡានិងរៀនសូត្របាន! នៅក្នុងសាលា ខ្ញុំចាប់ផ្ដើមមានមិត្តភក្តិរាប់អាននិងមកសុំឱ្យខ្ញុំជួយណែនាំពួកគេពីគន្លឹះក្នុងការសិក្សា ព្រមទាំងបទពិសោធក្នុងការរស់នៅជាមួយនឹងជំងឺអេដស៍ រហូតដល់លោកនាយកសាលាចាត់តាំងឱ្យខ្ញុំធ្វើជាប្រធានក្រុមមិត្តអប់រំមិត្តប្រចាំវិទ្យាល័យ ដោយមានលោកគ្រូ កវី ជាទីប្រឹក្សា។ ពួកយើងបានផ្ដើមគំនិតរៀបចំកម្មវិធីផ្សព្វផ្សាយផ្សេងៗដែលពាក់ព័ន្ធនឹងការថែរក្សាសុខភាព អនាម័យ និងវិធីបង្ការទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀត។ បីខែក្រោយមកលោកគ្រូ កវី បានទៅធ្វើតេស្តឈាមរកមេរោគអេដស៍ម្ដងទៀត ហើយទទួលបានលទ្ធផលអវិជ្ជមាន។ នេះគឺជាដំណឹងល្អបំផុតសម្រាប់ពីរនាក់ម៉ែកូនយើង ព្រោះរាល់ថ្ងៃពួកយើងតែងតែអុជធូបបន់ទេវតាសូមឱ្យលោកតាមថែរក្សាមនុស្សល្អដូចជាលោកគ្រូ។

មែនទែនទៅ តើនរណាជាអ្នកកំណត់រឿងរ៉ាវជីវិតមួយនេះ? កើត ចាស់ ឈឺ ស្លាប់ ចួប ព្រាត់ តើជាព្រហ្មលិខិតចារមក ហើយតម្រូវឱ្យយើងត្រូវទទួលយក ឬមួយយើងអាចធ្វើការសម្រេចចិត្តជ្រើសរើសបាន? ចម្លើយសម្រាប់សំណួរទាំងនេះ ខ្ញុំពិតជាមិនដឹងថាត្រូវឆ្លើយដូចម្ដេចទេ។

តែមានមេរៀនមួយដែលបានបង្រៀនខ្ញុំ ក្នុងពេលដែលខ្ញុំកំពុងរស់នៅជាមួយជំងឺអេដស៍នោះគឺ    «សុខភាពគឺជារឿងសំខាន់… តែប្រសិនបើយើងឈឺហើយ អ្វីដែលអាចធ្វើបានគឺយើងត្រូវហ៊ានទទួលយកការពិត ក្រោកឈរតតាំង មិនត្រូវបាក់ទឹកចិត្ត ឬស្ពឹកស្រពន់ទៅតាមការអូសទាញនៃជំងឺឡើយ! ស្រឡាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិ គឺត្រូវផ្ដើមពីស្រឡាញ់សុខភាពជាមុនសិន»។

“អរោគ្យបរមា លាភា”

“ការមិនមានរោគ ជាលាភដ៏ប្រសើរ!”

(ព្រះពុទ្ធគាថា)