ខ្ញុំជាអ្នកណា?
ប៉ាម៉ាក់បានរៀបការដោយអង្គការនៅក្នុងសម័យឈុតខ្មៅឆ្នាំ១៩៧៧ ។ ដោយក្តីស្រលាញ់របស់ប៉ាម៉ាក់ ខ្ញុំក៏បានចាប់កំណើតឡើងនៅឆ្នាំ១៩៧៩ នៅក្រោយពេលរំដោះជាតិបាន។ ខ្ញុំជាកូនស្រីច្បងក្នុងគ្រួសារ និងមានប្អូនប្រុសពីរនាក់ ។ ប៉ាម៉ាក់មានមុខរបររកស៊ីតិចតួច និងធ្វើការងារផង។ ពួកគាត់មានខ្សែស្រឡាយជាកូនចៅកាត់ចិន ជាអ្នករៀនសូត្រ និងបន្តធ្វើការមន្រ្តីរាជការរហូតមកដល់ចូលនិវត្តន៍ឆ្នាំ២០១២ ។ ពួកគាត់តស៊ូ អត់ធ្មត់ រស់នៅជាមួយគ្នាដោយក្តីស្រលាញ់ស្មោះស្ម័គ្រ ស្មោះត្រង់ រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ ។
គ្រានោះជីវភាពគ្រួសារមិនសម្បូរធូរធារទេ តែខ្ញុំមិនដែលលំបាកឡើយ ខ្ញុំ រស់នៅបានសមរម្យ បានរៀនសូត្ររហូតបានចប់មហាវិទ្យាល័យ មានចំណេះដឹងល្មមអាចយល់ការរាក់ជ្រៅក្នុងសង្គមបានគ្រាន់បើដែរ ជាទុនក្នុងការអប់រំកូនចៅជំនាន់ក្រោយៗបាន ព្រមទាំងអាចធ្វើការរាជការ និងមានមុខរបរតិចតួចចិញ្ចឹមជីវិតបានសមរម្យនៅក្នុងសង្គម ។ ទោះជាខ្ញុំគ្មានអ្វីលេចធ្លោ ក៏ខ្ញុំជាមនុស្សអស្ចារ្យសម្រាប់ប៉ាម៉ាក់ និងកូនៗរបស់ខ្ញុំជានិច្ច។ ប៉ាម៉ាក់បង្កើតខ្ញុំមកដើម្បីធ្វើជាមនុស្សល្អ ស្មោះត្រង់ កតញ្ញូ ហេតុផលនេះហើយទើបខ្ញុំជាខ្ញុំនៅថ្ងៃនេះ ។
«កូនជាកូនល្អជាងគេ» «ម៉ាក់ជាម៉ាក់ល្អជាងគេ» ពាក្យនេះជាកម្លាំងចិត្តដ៏ មហិមាសម្រាប់ខ្ញុំ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ខ្ញុំមិនចង់ និងមិនអាចបោះបង់ចោលពួកគាត់ឡើយ រិតតែមិនអាចបោះបង់ចោលខ្លួនឯងបានដែរ។ យើងរួមសុខ រួមទុក្ខជាមួយគ្នារហូតដល់វិនាទីចុងក្រោយ មិនបោះបង់ចោលគ្នាឡើយ ។
សេចក្តីសុខ និងស្នាមញញឹមរបស់ពួកគាត់ជាក្តីសង្ឃឹម និងជាកត្តាលីក ជម្រុញឱ្យខ្ញុំមានថ្ងៃនេះ ។ ជោគជ័យរបស់ខ្ញុំគឺខ្ញុំអាចយកឈ្នះចិត្តខ្លួនឯង និងស្គាល់ខ្លួនឯងច្បាស់នៅពេលនេះ ។ ទោះបីឆ្លងកាត់ព្យុះភ្លៀង ភាពរីករាយ រំភើប សោកសៅ ឯកាយ៉ាងណាក៏មិនអាចកែប្រែខ្ញុំក្លាយទៅជាមនុស្សផ្សេងពីនេះដែរ ។
ខ្ញុំមិនប្រាថ្នាជួបមនុស្សល្អគ្រប់ពេលវេលាទេ តែខ្ញុំសុំធ្វើជាមនុស្សល្អម្នាក់ដែលមិនផ្តល់ផលអាក្រក់ដល់សង្គមរបស់ខ្ញុំ ។
សូមអរគុណចំពោះលោកអ្នកដែលស្រលាញ់ និងគាំទ្រខ្ញុំកន្លងមក ។ ហើយក៏សូមអធ្យាស្រ័យចំពោះអ្នកទាំងឡាយដែលមិនបានពេញចិត្ត និងមិនបានស្រលាញ់ខ្ញុំផងដែរ ។ ខ្ញុំមិនមានការចងចាំបានល្អទេ តែសំណេរទីនេះមិនបានប្រាសចាកការពិតឡើយ។ ខ្ញុំសូមអរគុណមនុស្សជុំវិញខ្លួន បរិយាកាស និងពេលវេលាកន្លងមកដែលផ្តល់ឱ្យខ្ញុំមានថ្ងៃនេះ ។
ប្រវត្តិស្នេហ៍…
ឆ្នាំ១៩៨៣ ខ្ញុំបានចូលរៀនសាលាមត្តេយ្យនៅអាយុ៤ឆ្នាំនៅសាលា មត្តេយ្យវត្តកោះ ។ ឆ្នាំ១៩៨៤-១៩៩១ បន្តនៅបឋមសិក្សា មធ្យមសិក្សាកម្រិត១-២ វត្តកោះ។ ឆ្នាំ១៩៩២-១៩៩៥ បន្តរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។
កុមារភាពរបស់ខ្ញុំក៏មិនខុសពីក្មេងៗដទៃដែរ ខ្ញុំចូលចិត្តគូររូប សូនរូបពីដីឥដ្ឋ ធ្វើរូបសត្វពីក្រដាស និងបង្កើតរបស់លេងដោយខ្លួនឯង។ សម័យនោះមិនសម្បូររបស់លេងច្រើនដូចពេលនេះទេ ហើយជីវភាពគ្រួសារក៏មិនសម្បូរបែបដែរ ។ តែ វ័យកុមាររបស់ខ្ញុំមានភាពរីករាយណាស់ ។
ពេលវេលាចេះតែកន្លងផុតទៅជាច្រើនខែឆ្នាំ ខ្ញុំបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ(Bac II) នាឆ្នាំ១៩៩៥ ហើយបន្តការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យា អស់រយៈពេល៥ឆ្នាំ ១៩៩៧-២០០១ ។
យុវវ័យរបស់ខ្ញុំពោរពេញដោយភាពរីករាយនឹងការរៀនសូត្រដែលមិនចេះជិនណាយ។ ខ្ញុំធ្លាប់បានប្រលងជាប់ថ្នាក់សិស្សពូកែខ្មែរ កាលពីថ្នាក់ទី៧-៨ ជាសេរីB និងជាសិស្សថ្នាក់២ភាសាខ្មែរ-បារាំង នៅថ្នាក់ទី១០-១១ ។ អំឡុងពេលនេះខ្ញុំបានរៀនភាសាជប៉ុន បារាំង អង់គ្លេស តែមិនជាដុំកំភួនអីទេព្រោះត្រូវអាក់ខានជាច្រើនលើកច្រើនសារ ហើយការងារក៏មិនបានប្រើប្រាស់ភាសាជាយានក្នុងការទំនាក់ទំនង ចឹងវាក៏ហោចទៅៗ។
ក្នុងវ័យនេះមានបុរសជាច្រើនតាមស្រលាញ់ខ្ញុំ តែខ្ញុំមិនដែលភ្លើតភ្លើន តែងតែបដិសេធជានិច្ច ព្រោះជាវ័យសិក្សា ហើយនៅក្មេងសេចក្តីណាស់ក្នុងរឿងស្នេហា ។ មានបុរសម្នាក់មានចិត្តស្មោះ ជាសុភាពបុរសតែងតែព្យាយាមសុំក្តីស្រឡាញ់ពីខ្ញុំ ទោះជាខ្ញុំបដិសេធ ក៏នៅតែមានចិត្តស្មោះ តែមិនដែលប្រព្រឹត្តិអ្វី អសីលធម៌ចំពោះខ្ញុំឡើយ ។
ចំពោះខ្ញុំវិញស្រលាញរាប់អានជាមិត្តសម្លាញ់ល្អម្នាក់ តែហាក់គ្មាននិស្ស័យជាគូស្នេហ៍នឹងគេឡើយ ។ បុរសនោះតស៊ូតាមសុំក្តីស្រលាញ់ខ្ញុំ តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ ។ អស់រយៈពេល៦ឆ្នាំ គេមិនដែលបែកចិត្តវៀចវេរឡើយ ទោះជាត្រូវឃ្លាតឆ្ងាយពីគ្នា ត្រូវរៀននៅមហាវិទ្យាល័យផ្សេងពីគ្នាក៏ដោយ ។ តែចុងក្រោយនេះខ្ញុំបានប្រាប់គាត់ថា៖
«ឈប់មកខាតពេលជាមួយខ្ញុំទៀតទៅ! ពេលដែលរៀនចប់មានការងារ រកនារីណាម្នាក់ដែលសក្តិសម សាងអនាគតជាមួយគេចុះ»
ខ្ញុំក៏បានសុំទោសគេដែលមិនអាចទទួលយកនូវសេចក្តីស្រលាញ់នោះពីគេបាន ជាស្នេហ៍ស្មោះ ជាស្នេហ៍គ្រាហ៍ដំបូងរបស់បុរសម្នាក់នោះ ។ ខ្ញុំសុំទោសចំពោះបុរសចិត្តស្មោះស្នេហ៍ដូចគាត់ និងសូមជូនពរឱ្យគាត់បានជួបជួននឹងនារីល្អម្នាក់ដែលសក្តិសម ល្អជាងខ្ញុំ និងស្រលាញ់គេពិត ។
«មនុស្សដែលគេស្រលាញ់យើង មិនប្រាកដថាយើងស្រលាញ់គេ
មនុស្សដែលយើងស្រលាញ់គេ ក៏មិនប្រាកដជាគូជីវិតយើងរហូតដែរ។ បានជួបគ្នាហើយ បានស្រលាញ់គ្នាហើយ ក៏មិនប្រាកដថាស្រលាញ់គ្នាអស់១ជីវិត មិនមែនជាគូជីវិតពិតដែលអាចរស់នៅជាមួយគ្នារហូតនោះទេ!»
អ្វីៗប្រែប្រួលមិនទៀងសោះឡើយ មិនថាធម្មជាតិ សត្វលោក…..
ដូច្នេះយើងត្រូវហ៊ានទទួលស្គាល់ការពិតទើបជីវិតរីករាយ និងមិនឈឺចាប់ជាមួយអតីតកាល។ ដោះលែងគេ ដូចដោះលែងខ្លួនឯង។
កុំបន្ទោសខ្លួនឯងចំពោះរឿងអតីតកាល អ្នកណាក៏ធ្លាប់គិតខុស អ្នកណាក៏ធ្លាប់ធ្វើខុសដែរ សំខាន់យើងដឹងពីកំហុស និងចេះរៀនសូត្រពីកំហុសនោះ ទុកជាមេរៀន ។
មនុស្សស្រឡាញ់គ្នាស្មោះពិត ទោះជាមានឧបសគ្គយ៉ាងណាក៏មិនអាចបែកគ្នា មិនបោះបង់ចោលគ្នា ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវតស៊ូ ពុះពារ រួមសុខ រួមទុក្ខ ជាមួយគ្នាគ្រប់កាលៈទេសៈ ។
……………………
ភពប្រសព្វ…
ឆ្នាំ១៩៩៧ ខ្ញុំបានប្រលងជាប់ចូលរៀនមហាវិទ្យាល័យបុរាណវិទ្យា ។ នៅទីនេះខ្ញុំមានមិត្តរួមជំនាន់ចំនួន១៨នាក់ និងរាប់អានជាមួយរៀមច្បងជាច្រើនជំនាន់ និងមហាវិទ្យាល័យផ្សេងៗនៅទីនោះជាមួយគ្នា ។ ពួកគាត់បានជួយណែនាំ និង ផ្តល់បទពិសោធន៍ពីការរៀនសូត្រ និងចំណេះដឹងនានាជាច្រើនផងដែរ ។ មិត្តរួមជំនាន់របស់យើងស្រលាញ់រាប់អានគ្នាណាស់ដូចជាបងប្អូន ពួកយើងត្រូវចុះកម្មសិក្សាទៅតាមទីជិតឆ្ងាយ និងខេត្តនានាដូចជាខេត្តតាកែវ កំពង់ចាម កំពង់ស្ពឺ បាត់ដំបង សៀមរាប កំពត ជាដើម ត្រូវស្នាក់នៅឆ្ងាយពីផ្ទះ ដោយមានសាស្រ្តាចារ្យជាច្រើននាក់ ដឹកនាំ និងមើលការខុសត្រូវ នេះជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ មិនដែលទៅណាក្រៅពីជាមួយឳពុកម្តាយ និងបងប្អូនឡើយ ជាទំព័រថ្មីរបស់ជីវិតយុវវ័យ ។ ពួកយើងជួយយកអាសារគ្នា ជួយមើលថែគ្នា រៀនសូត្រជាមួយគ្នា បង្កើតអនុស្សាវរីយ៍ជាច្រើន ក្នុងរយៈពេល៥ឆ្នាំនេះ ។ ពួកយើងរៀនពីចំណេះដឹងទូទៅ ការរស់នៅរបស់ប្រជាជាតិ អរិយធម៌ ជំនឿ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងអរិយធម៌បរទេស នានា។
អំឡុងពេលនោះមានបុរសម្នាក់តាមជួយយកអាសាខ្ញុំជាងគេ គ្រប់វេលាហើយជួយមើលថែមិត្តភក្តិផ្សេងៗទៅទៀតដែរ ដោយសារទង្វើល្អរបស់គេ ខ្ញុំចូលចិត្តគេ រាប់អានគ្នាកាន់តែជិតស្និត ។ គេជាមនុស្សទទួលខុសត្រូវក្នុងការងារ រាក់ទាក់ ទឹកចិត្តល្អប្រពៃ ចេះជួយទុក្ខធុរៈ មានរូបរាងសមសួន កម្ពស់កម្ពរសមរម្យ មានមិត្តភក្តិស្រឡាញ់រាប់អានច្រើន ចាស់ៗក៏ចូលចិត្ត។ ចាប់ពីចូលឆ្នាំទី៣មក ពួកយើងត្រូវត្រៀមរៀបចំជ្រើសរើសប្រធានបទដើម្បីធ្វើសារណាបញ្ចប់ការសិក្សារបស់ពួកយើង សម្រាប់ថ្នាក់បរិញ្ញាប័ត្រនេះ ។ ពួកយើងត្រូវរើសធ្វើផ្ទាល់ខ្លួន ឬរួមគ្នាធ្វើជាក្រុម២-៣នាក់សម្រាប់ប្រធានបទនីមួយៗ ។ ដោយការរាប់អាន ការទុកចិត្ត ចំណង់ចំណូលចិត្តជ្រើសរើសប្រធានបទត្រូវគ្នា ខ្ញុំនិងមិត្តម្នាក់នោះក៏សម្រេចធ្វើសារណាជាមួយគ្នា ដោយត្រូវចុះស្រាវជ្រាវ និងជួយសរសេរអត្ថបទរួមគ្នា ដឹកនាំដោយលោកសាស្រ្តាចារ្យម្នាក់ ។ ពួកយើងកាន់តែស្និតស្នាលគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ពន្លកស្នេហ៍ក៏ចាប់ផ្តើមឡើង ។ ឆ្នាំ២០០១ ពួកយើងបានបញ្ចប់ និងទទួលបានបរិញ្ញាប័ត្រទាំងអស់គ្នា ហើយបានប្រឡងចូលធ្វើការតាមចំណូលចិត្តរៀងខ្លួន ។ យើងទាំងពីរនាក់ និងមិត្តខ្លះទៀតបានប្រលងទៅបន្តកម្មសិក្សា និងធ្វើការនៅខេត្តសៀមរាប ដោយក្តីគោរពស្រឡាញ់លោកសាស្រ្តចារ្យ ពេញចិត្តការងារ និងខេត្តជាទីមនោរម្យនោះ យើងបានដាក់ពាក្យប្រលង ។ ជាសំណាងល្អយើងបានប្រលងជាប់ទាំងពីរនាក់ ក៏បានបន្តកម្មសិក្សា និងធ្វើការនៅខេត្តសៀមរាប ចាប់ពីឆ្នាំ២០០១មក។ ដោយក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់យើង និងការយល់ព្រមពីចាស់ទុំទាំងសងខាង ពួកយើងបានភ្ជាប់ពាក្យ មុនពេលទៅធ្វើការនៅសៀមរាប ។
ក្តីស្រម៉ៃ…
កន្លងមកបាន១ឆ្នាំ នៅឆ្នាំ២០០២ ដោយសារសេចក្តីស្រឡាញ់ស្មោះស្ម័គ្រ និងការជឿជាក់គ្នាទៅវិញទៅមក ពួកយើងក៏រៀបអាពាហ៍ពិពាហ៍ ប្រកបដោយភាពសប្បាយរីករាយ អបអរសាទរ និងមានការចូលរួមពីចាស់ទុំ ញាតិមិត្តទាំងសងខាង និងមិត្តភក្តិជាច្រើន។ ឆ្នាំ២០០៤ ពួកយើងមានកូនប្រុសម្នាក់ ។ ក្រោយពីរៀបការមក ពួកយើងរស់យ៉ាងមានសុភមង្គល គាត់ស្រលាញ់ ការពារ មើលថែខ្ញុំ និងកូនបានល្អណាស់ ទំនាក់ទំនងក្រុមគ្រួសារទាំងសងខាងក៏ល្អូកល្អិននឹងគ្នា ធ្វើឱ្យខ្ញុំក៏រីករាយនឹងជោគវាសនាខ្លួនឯង និងសរសើរសំណាងខ្លួនឯងដែលមានស្វាមីដ៏ល្អ ឪពុកម្តាយក្មេក និងបងប្អូនសាច់ថ្លៃក៏ល្អ ស្រលាញ់ខ្ញុំ និងកូនណាស់ ។
ពួកយើងជាប្តីប្រពន្ធរស់នៅជាមួយគ្នារយៈពេល១៦ឆ្នាំំ ។ គេមានទំនួលខុសត្រូវមើលថែខ្ញុំ និងកូនបានល្អណាស់ តែជីវិតគូរបស់ពួកយើងមានភាពផ្អែមល្ហែមបានជិត៧ឆ្នាំប៉ុណ្ណោះ។
ដំបូងយើងគ្រាន់តែជួលផ្ទះគេរស់នៅជុំគ្នាជាមួយមិត្តរួមការងារ ស្រលាញ់
គ្នាដូចបងប្អូន ។ គាត់ជាមនុស្សឧស្សាហ៍ ព្យាយាម ឆ្លៀតពេលក្រៅម៉ោងធ្វើការងារ ខំប្រឹងរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ។ ក្រោយមកគាត់រកលុយសន្សំបានខ្លះ ទិញឡាន១គ្រឿង មុនពេលកំណើតកូនទី១ ឆ្នាំ២០០៤។ ឆ្នាំ២០០៥ ដោយការប្រឹងប្រែងរកប្រាក់របស់គាត់ និងការសន្សំ ព្រមទាំងមានជំនួយពីប៉ាម៉ាក់ និងបងស្រីខ្លះ ពួកយើងបានសង់ផ្ទះ១ជាផ្ទះផ្ទាល់ខ្លួន រស់នៅយ៉ាងសុខសាន្ត ។
អនុស្សាវរីយ៍…
ទំនាក់ទំនងរវាងគ្រួសារយើងទាំងពីរល្អូកល្អិននឹងគ្នាល្អណាស់ បានដើរលេងជួបជុំគ្នាញឹកញាប់ ធ្វើបុណ្យរួមគ្នា ទៅវត្តពេលរដូវបិណ្ឌភ្ជុំ ពិធីបុណ្យនៅស្រុកកំណើតទាំងសងខាង។ ចាស់ទុំរាប់អានគ្នា បងប្អូនសាច់ថ្លៃក៏ល្អ ស្រលាញ់រាប់អានខ្ញុំដូចបងប្អូនបង្កើត ។ រាល់ទំនាក់ទំនង ទង្វើ ដំណើរកម្សាន្ត និងការចូលរួមពិធីនានាបានក្លាយជាការចងចាំ និងជាអនុស្សាវរីយ៍ដ៏ប្រពៃ ខ្ញុំសូមបួងសួងឱ្យបានបែបនេះរហូតទៅ ។
មិនយូរប៉ុន្មានសេចក្តីសុខរបស់ពួកយើងកាន់តែឃ្លាតឆ្ងាយបន្តិចម្តងៗ រហូតដល់មានពេលទាស់សម្តីគ្នា គេដើរលេងផឹកស៊ីសប្បាយស្ទើររាល់យប់ មិនលួសថ្ងៃឡើយ ម៉ោង១២អាធ្រាត-ឬម៉ោង៣-៤ភ្លឺចូលផ្ទះក៏មាន មកពីគេថារវល់ជាប់ជួបពិភាក្សាការងាររកស៊ីជាមួយភ្ញៀវ? ក្រោយមកគេក៏ចាប់ផ្តើមនឿយណាយ ពេលខ្ញុំកំពុងមានទម្ងន់កូនទី២ គេរវល់ការងារផង មានបុណ្យស័ក្តិគួរសម មានគេស្គាល់ច្រើន មិត្តភក្តិក៏ច្រើន សប្បាយឡូយឆាយ ។ ការទទួលខុសត្រូវក្នុងនាមជាប្តីល្អម្នាក់ក៏ចាប់ផ្តើមថយចុះ គេចូលចិត្តដើរលេងផឹកស៊ី ស្រីស្រា គឺពូកែទាំងព្រមតែ ម្តង។ ម្តាយក្មេក និងបងប្អូនសាច់ថ្លៃក៏ចាប់ផ្តើមសោះអង្គើយបន្តិចម្តងៗ ។
ដោយសារក្តីស្រលាញ់ ភាពជឿជាក់ ទំនុកចិត្ត ភាពស្មោះត្រង់ ខ្ញុំរស់នៅ តស៊ូអត់ធ្មត់រហូតមក មានបញ្ហាអ្វីក៏មិនដែលហ៊ានប្រាប់ប៉ាម៉ាក់ ឬមិត្តភក្តិឡើយ ព្រោះគិតថាជារឿងក្នុងគ្រួសារ មិនត្រូវឱ្យមានអ្នកទីបីដឹងឮឡើយ ។
សម្អាងលើអនុស្សាវរីយរាប់ឆ្នាំ ការតស៊ូជាមួយគ្នាក្នុងគ្រាដំបូងដែលមិនទាន់មានអ្វីសោះ លុយ ឡាន ផ្ទះ …ថានៈ តួនាទី បុណ្យស័ក្តិ… ម៉េចយើងអាចមានសេក្តីសុខ មើលថែគ្នាបានល្អ ធ្វើជាស្វាមីដែលទទួលខុសត្រូវ ៖
«បងជាប្តី ជាបង្គោលគ្រួសារ បងតស៊ូរ៉ាប់រងការលំបាកគ្រប់យ៉ាង ឱ្យតែអូន និងកូនបានសុខ» «បងអាណិតអូន សុខភាពមិនសូវមាំមួន បងរ៉ាប់រងចិញ្ចឹម និងមើលថែអូន និងកូនឱ្យបានល្អ» «បងស៊ូធ្វើការលំបាកក្រៅផ្ទះទាំងអស់ ដើម្បីតែអូន និងកូន» «អូននៅផ្ទះមើលថែ អប់រំកូនជំនួសបង បើគ្មានអូន បងក៏គ្មានពេលចេញទៅក្រៅបានស្ងប់ចិត្ត និងមានដំណែង តួនាទី មានពេលធ្វើការបានគ្រប់គ្រាន់ដែរណា» «អូនឈប់ធ្វើការទៅ កុំឱ្យហត់នឿយពេក នៅផ្ទះមើលកូន បង្កើតកូនឱ្យបង ឱ្យបានច្រើនៗ កូនៗយើងល្អ ស្អាត ពូកែ… អូនកើត ឱ្យបានច្រើនមក…បងចង់បានកូន៥នាក់ ស្រីក៏បាន ប្រុសក៏បាន ព្រោះវាជាកូនរបស់យើង »…
នៅមានច្រើនទៀត……ខ្ញុំស្រលាញ់ និងជឿជាក់លើគេគ្រប់យ៉ាង មិនដែលហ៊ានគិត និងមិនចង់គិតថាគេមានចិត្តមិនស្មោះ ឬវៀចវេរបន្តិចណាឡើយ ។
សម្តីគ្រប់មាត់ ដែលក្នុងនាមជាភរិយាម្នាក់តែងតែជឿជាក់ គោរពចំពោះស្វាមី ទុកចិត្ត និងផ្តល់នូវក្តីស្រលាញ់អស់ពីបេះដូង ទាំងចិត្តស្មោះត្រង់សម្រាប់តែម្ចាស់ចិត្តម្នាក់ប៉ុណ្ណោះ ។
តើពាក្យទាំងនេះជាពាក្យសន្យា ជាពាក្យលួងលោម របស់ស្វាមីគ្រប់គ្នាដែរឬទេ? បើមិនចង់ធ្វើ ឬធ្វើមិនបាន តើសន្យាដើម្បីអ្វីទៅ គ្រាន់តែនិយាយឱ្យពិរោះ ស្តាប់ ដូចជាការទទួលខុសត្រូវខ្ពស់ណាស់ សម្លាប់ចិត្ត និងសេរីភាពរបស់ខ្ញុំអស់ រយៈពេល១៦ឆ្នាំ តែទីបំផុតអ្វីៗក៏ប្រែប្រួលអស់…ទង្វើ និងចិត្តប្រែប្រួលមិនទៀង…
ភាពព្រងើយកន្តើយ វាជាមូលហេតុនៃការបែកបាក់ មិនថាមិត្តភាពឬស្នេហាឡើយ ។
មូលហេតុអ្វីដែលធ្វើឱ្យគេប្រែប្រួលយ៉ាងនេះ ?
ដោយសារអស់ស្រឡាញ់?
សប្បាយភ្លេចខ្លួន? ស្តាប់ពាក្យញុះញង់?
ឈ្លក់នឹងបុណ្យសក្តិ ឈ្លក់នឹងទឹកប្រាក់ ?
ជីវិតគូមានគ្រប់រស់ជាតិ ផ្អែមល្ហែម ប្រៃ ល្វីង ជូរ ចត់ ល្អូកល្អិន យល់ចិត្តគ្នា ឈ្លោះទាស់ចិត្ត ទាស់សម្តីគ្នា អន់ចិត្ត ខឹង ប្រច័ណ្ឌ សោះអង្គើយ រហូតដល់នាទីចុងក្រោយ យើងក៏បែកគ្នា ស្របតាមផ្លូវច្បាប់ ។ មូលហេតុគឺរស់នៅមិនចុះសម្រុងនឹងគ្នា គេមានចិត្តស្រលាញ់ស្រីផ្សេង យកលេសទម្លាក់កំហុស ចោទប្រកាន់ខ្ញុំខុសគ្រប់យ៉ាង ទាំងខ្ញុំមិនបានប្រព្រឹត្តសោះក៏អាចនិយាយចេញរួច សូមសរសើរគេពូកែសម្តែងបានសាកសមណាស់ ។
គ្មានមនុស្សស្រីណាម្នាក់ដែលស្រលាញ់បុរសម្នាក់ហើយ ចង់រស់នៅឆ្ងាយគ្នា ឃើញទុក្ខលំបាករបស់ស្វាមី ហើយខ្លួនរស់នៅសុខស្រួលនោះទេ មិនចង់បែកបាក់ ព្រាត់គ្នា មិនចង់ឱ្យកូនកំព្រាឳពុកនោះដែរ!!!
តស៊ូយ៉ាងណា អត់ធ្មត់យ៉ាងណា បើអស់ស្រលាញ់ហើយ ក្តីស្រលាញ់តែម្ខាង ការអត់ធ្មត់តែម្ខាងវាគ្មានន័យអ្វីឡើយសម្រាប់ជីវិតគូ ។
បើគេចង់បែកហើយគេមានមួយលានហេតុផលសម្រាប់បែក
បើគេនៅស្មោះពិត សូម្បីហេតុផលមានតែមួយគត់ក៏អាចឃាត់ចិត្តគេឱ្យនៅជាមួយយើង មិនអាចបែកគ្នាបានដែរ។
កម្លាំងចិត្ត…
ខ្ញុំសូមអរគុណបុរសម្នាក់នោះដែលបានផ្តល់កំណើតនូវកូនប្រុសទាំង៣របស់ខ្ញុំ និងជួយចិញ្ចឹម មើលថែ បាន១រយៈពេល ។ បុរសម្នាក់ដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ ហើយក៏បានចាកចេញទៅវិញទាំងកណ្តាលទី ។ អ្វីៗដែលពួកយើងបានកសាងរួមគ្នា ទាំងផ្ទះ មុខរបរ ដីធ្លី ត្រូវប្រមូលលក់ដើម្បីតែអាជីវកម្មដែលខាតបង់ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការរៀនសូត្ររបស់កូនៗ ។ វាស្ទើរតែគ្មានសល់អ្វី ក្រៅពីកូនសំណព្វចិត្តទាំងបី ទ្រព្យសម្បត្តិខ្លះៗ និងស្នាមឈឺចាប់នៃការបែកបាក់ ព្រាត់ប្រាស ខ្វះក្តីស្រលាញ់ ខ្វះភាពកក់ក្តៅ បន្សល់ទុកនូវស្រមោលអតីតកាលដែលឈឺចាប់មិនធ្លាប់បានជួបប្រទះ ។ ដោយសារក្តីស្រឡាញ់ ភាពស្មោះត្រង់ និងភាពធត់ធ្មត់នេះធ្វើឱ្យខ្ញុំអាចរស់នៅជាមួយគេជាគ្រួសារដែលមើលមកមានសេចក្តីសុខណាស់អស់រយៈពេល១៦ឆ្នាំ ។
ចង្កៀងផ្ទះអ្នកណា បំភ្លឺផ្ទះអ្នកនោះ
កូនស្រីត្រូវរក្សាភ្នក់ភ្លើងទាំង៣ ដើម្បីគ្រួសារមានសុភមង្គល
គ្រួសាររុងរឿងឬបែកបាក់មកពីភរិយា កំហុសគ្រប់យ៉ាងមកពីភរិយា
ស្វាមីជាមនុស្សដែលត្រូវជានិច្ច ទោះជាប្រព្រឹត្តិក្បត់ចិត្តភរិយា ក៏មិនអី គ្មានទោសពៃ គ្មានកំហុស ប្រុសៗតែប៉ុណ្ណឹង?
ចុះបើស្រលាញ់គ្នាហើយ ស្មោះត្រង់នឹងគ្នា មិនបានឬ? មានប្រពន្ធហើយ ឆ្លៀតទៅមានស្រី ក្បត់ប្រពន្ធ ក្បត់កូន ផ្តល់គម្រូមិនល្អដល់កូនៗ តើត្រឹមត្រូវដែរមែនទេ?
ហេតុអីសង្គមនេះអយុត្តិធម៌ចំពោះមនុស្សស្រី? សិទ្ធិស្មើគ្នាតែលើក្រដាសទេ តែការពិត លំអៀងជានិច្ច!!!!
មនុស្សស្រីក៏អាចរៀនចេះដឹង អាចធ្វើការដូចមនុស្សប្រុសបាន ចេះរកស៊ី រកលុយចិញ្ចឹមគ្រួសារបាន និងលើសពីមនុស្សប្រុស ពូកែទ្រាំ អត់ធ្មត់ ពពោះរយៈពេល១០ខែ បង្កើត និងមើលថែកូនបាន ឯមនុស្សប្រុសលើសពីមនុស្សស្រីត្រង់អាចក្បត់ចិត្តប្រពន្ធបានដោយគ្មានទោស ហើយរួចខ្លួនរហូតចឹងឬ?
ដោយសារភាពស្មោះត្រង់ខុសមនុស្ស ខ្ញុំក្លាយជាមនុស្សដែលល្ងង់ម្នាក់ ល្ងង់ព្រោះចង់សុខ ល្ងង់ព្រោះចង់ឱ្យកូនមានឳពុកនឹងគេ ល្ងង់ព្រោះស្រលាញ់គេ ចង់រស់នៅមានគ្រួសារ ល្ងង់ព្រោះទុកចិត្តគេ តែបែរជាជួបតែការបោកប្រាស កុហកម្តងហើយម្តងទៀត ។ ខ្ញុំសុខចិត្តលះបង់សេរីភាព ពេលវេលា និងការអភិវឌ្ឍន៍ខ្លួនឯង ក៏ព្រោះតែកូនៗ និងគ្រួសារ ។ កូននៅតូចៗ ឈឺច្រើន ត្រូវចំណាយពេលលំបាក និងរវល់អស់ជិត១០ឆ្នាំ ដើម្បីមើលថែសុខភាពកូន និងខ្លួនឯង គ្មានបានធ្វើអ្វីសម្រាប់ខ្លួនឯងសូម្បីតែការរៀនជំនាញបន្ថែម និងបង្កើតមុខរបរផ្ទាល់ខ្លួន ឱ្យបានល្អ ដើម្បីមានប្រាក់ចំណូលសម្រាប់ផ្ទាល់ខ្លួន បំពេញការងារក៏មិនបានឌិតដល់ ព្រោះត្រូវរ៉ាប់រងការងារគ្រប់យ៉ាង ស្ទើរតែម្នាក់ឯងរហូតកន្លងមកនេះ ។
តែខ្ញុំនៅតែតែពេញចិត្តនឹងខ្លួនឯងដែលអាចឆ្លងកាត់គ្រាលំបាក ឆ្លងកាត់ភាពជាម្តាយ ដែលអាចផ្តល់កំណើតឱ្យកូន និងចិញ្ចឹមមើលថែកូនៗបានល្អ មិនពិសេសជាងគេ ក៏ជាកូនល្អ សិស្សល្អ ខិតខំរៀនសូត្រ បានល្អរហូតមក ។
ឆ្លងកាត់រឿងរ៉ាវជីវិតដែលប្រេះស្រាំផ្លូវចិត្ត ខ្វះភាពកក់ក្តៅ ឯកោ អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យខ្ញុំស្ទើរតែគ្មានថាមពលដើម្បីបន្តជីវិតរស់នៅទៀតបាន ។ ដោយសារតែជីវិតទាំង៣នេះ ដែលបណ្តាលឱ្យខ្ញុំត្រូវទទួលខុសត្រូវក្នុងនាមជាមនុស្សម្នាក់ ជាម្តាយម្នាក់ ជាកូនម្នាក់ ជាពលរដ្ឋក្នុងសង្គមមានច្បាប់ត្រឹមត្រូវ ជាមនុស្សបានរៀនសូត្រ មានចំណេះដឹង ស្គាល់គុណ ស្គាល់ទោស ទើបអាចបន្តរស់នៅដើម្បីបានមើលថែកូនៗ និងអ្នកមានគុណរហូតដល់ពេលនេះ។
ដើម្បីតែមនុស្សក្បត់ចិត្តម្នាក់ហេតុអីត្រូវលះបង់ច្រើនដល់ម្លឹង គេតែម្នាក់ មិនត្រូវការយើង តែមានមនុស្សជាច្រើនទៀតត្រូវការយើង ស្រលាញ់យើង។ ដូច្នេះយើងត្រូវរស់នៅកាន់តែរឹងមាំជាងមុន ត្រូវធ្វើជាឳពុកផង ធ្វើជាម្តាយផង។
ជីវិតរបស់ខ្ញុំដើម្បីតែគ្រួសារ និងកូនៗរហូតមក លះបង់ពេលវេលា សេរីភាព ក្តីស្រម៉ៃ ភ្លេចក្នុងការអភិវឌ្ឍន៍ខ្លួនអស់រយៈពេល១៦ឆ្នាំមកហើយ ភ្លេចទាំងមើលថែខ្លួនឯងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំសុំទោសខ្លួនឯង ដែលមិនបានស្រលាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យបានល្អ។ ភាពសោកសៅនេះបានញាំញីជីវិតរបស់ខ្ញុំអស់ជាច្រើនឆ្នាំ ។
ទម្រាំតែខ្ញុំបានភ្ញាក់ខ្លួនពីសុបិន្តអាក្រក់ដែលមានរយៈពេលវែងនេះ វាបានសណ្តំខួរក្បាលរបស់ខ្ញុំស្ទើរតែបាត់ការចងចាំអស់ហើយ ។ ពេលនេះខ្ញុំបានស្គាល់ខ្លួនឯងច្បាស់ជាងពេលមុនឆ្ងាយណាស់ ដោយត្រូវមើលថែខ្លួនឯងឱ្យបានរឹងមាំទាំងកាយ និងចិត្ត ទើបមានកម្លាំងអាចមើលថែកូនៗ និងប៉ាម៉ាក់បាន ខ្ញុំជាបង្គោល និងជាខួរក្បាលនៅក្នុងផ្ទះ ត្រូវតែរិះរកវិធីព្យាបាលខ្លួនឯងពីភាពអវិជ្ជា ដើម្បីអាចរំដោះខ្លួនឯងចេញពីភាពសោកសៅ ជាប់នូវកំអែលអតីតកាលដែលមិនអាច ត្រលប់ទៅកែប្រែអតីតកាលឡើងវិញឡើយ។ មានតែចាប់ផ្តើមសារជាថ្មីក្នុងបច្ចុប្បន្នឱ្យបានល្អ រឹងមាំ ទាំងកាយ ទាំងចិត្ត ដើម្បីរំដោះរូបកាយ វិញ្ញាណដើមរបស់យើងដែលសស្អាតត្រលប់មកសារជាថ្មី ។
ទឹកចិត្តជាម្តាយបានជំរុញឱ្យខ្ញុំត្រូវធ្វើជាឪពុកផង ម្តាយផង ដើម្បីអាចមើលថែកូនៗឱ្យបានល្អ វាជាកាតព្វកិច្ចរបស់យើង។ ម៉្យាងទៀតត្រូវប្រឹងជំនះខ្លួនឯងឱ្យមានជំហររឹងមាំអាចមើលថែខ្លួនឯងជាមុនទើបអាចមើលថែកូនៗ និងប៉ាម៉ាក់បាន។ ខ្ញុំខិតខិតស៊ូរស់នៅទាំងក្រៀមក្រំដែលដក់ជាប់នូវការឈឺចាប់ ការព្រាត់ប្រាស់ ការបាក់ទឹកចិត្ត ទម្រាំបានរសាយចិត្ត យល់ត្រូវ ស្ទើរតែបាត់បង់ការចងចាំអស់ ព្រោះត្រូវបំភ្លេចរឿងទាំងនោះចោល ។ ការវិលវល់ក្នុងអារម្មណ៍ធ្វើឱ្យការចងចាំ និងកម្លាំងកាយចិត្ត បញ្ញាស្មារតី ចុះខ្សោយ សុខភាពធ្លាក់ចុះ កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ។ ឆ្អែតនឹងសម្តីឥតន័យ សន្យាខ្យល់ សុភាពបុរសក្លែងក្លាយ ។ ដោយសារមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងៗ ប្អូនៗ កូនៗ ដែលផ្តល់នូវការគាំពារគ្រប់បែបយ៉ាងទើបខ្ញុំក្លាយជាខ្ញុំនៅពេលនេះ ឈរនៅទីនេះ ។ គ្រូពេទ្យដែលផ្តល់ការយកចិត្តទុកដាក់ ផ្តល់ការព្យាបាល និងប្រឹក្សាយោបល់យ៉ាងត្រឹមត្រូវ ។
ពេលនេះខ្ញុំមានសេចក្តីក្លាហាន និងបើកចំហរខ្លួនឯងចំពោះសង្គមទាំងមូលទោះជាមានអ្នកពេញចិត្ត ឬមិនពេញចិត្ត ស្រលាញ់ឬស្អប់ គាំទ្រ ឬមិនគាំទ្រ វាមិនសំខាន់ទេ សំខាន់ខ្ញុំបានធ្វើអ្វីដែលខ្ញុំចង់ធ្វើ និងបានចែករំលែកបទពិសោធន៍ជាមេរៀនសម្រាប់ជីវិត ។ ខ្ញុំរស់នៅដើម្បីបំពេញនូវក្តីស្រមៃរបស់ខ្ញុំ គឺមានគ្រួសារតូច១មានសេចក្តីសុខ កូនៗបានរៀនចេះដឹង មានអនាគតល្អ ដែលជាគោលដៅដែលខ្ញុំកំពុងដើរទៅរក ឆ្ពោះទៅមុខជានិច្ច ទោះជាដើរយឺត ឬហត់នឿយប៉ុណ្ណា សម្រាកខ្លះ យំខ្លះ សើចខ្លះ ក៏ត្រូវក្រោកឈរ ជូតទឹកភ្នែក បន្តដំណើរទៅមុខជាដរាប។
សូមជូនពរខ្លួនឯងសម្រេចក្តីស្រមៃមួយនេះ និងត្រូវនៅពីក្រោយភាពជោគជ័យរបស់កូនៗជានិច្ច វាជាក្តីសង្ឃឹមសម្រាប់ម្តាយគ្រប់រូប ។
គ្រប់គ្នាតែងមានគំនិតយោបល់ ការពិចារណា ការយល់ឃើញខុសៗគ្នា ហើយក៏ឱ្យនិយមន័យជីវិតខុសៗគ្នាមួយបែបម្នាក់។
កើតមកជាមនុស្សស្រី ឬប្រុស គឺមានភាពស្មើគ្នាជាជីវិត១នៅលើពិភពលោកតែមួយ ត្រូវការគ្នាទៅវិញទៅមក ជាច្បាប់ធម្មជាតិ ដើម្បីបង្កបង្កើតមនុស្សជំនាន់ក្រោយបន្តបន្ទាប់ ។ មនុស្សស្រី ឬប្រុសមានសមត្ថភាព កម្លាំងប្រាជ្ញាស្មារតីល្អដូចគ្នា អាចជួយដល់គ្រួសារ និងសង្គមជាតិបានដូចគ្នា គ្រាន់តែមានកម្លាំងកាយចិត្ត និងភាពអត់ធ្មត់ខុសគ្នាបន្តិច ។ តែនៅតែត្រូវការគ្នា រស់នៅជាមួយគ្នា ធ្វើការរួមគ្នា សហការគា្ន បង្កើតជាមនុស្សជំនាន់ក្រោយៗដែលមានការអភិវឌ្ឍន៍ទៅមុខជានិរន្តន៍ មិនអាចខ្វះមួយណាបានឡើយ ។
ក្នុងទីនេះ ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ចំពោះការលើសលោះ ក្រែងមានប៉ះពាល់ចំពោះអារម្មណ៍មិត្តអ្នកអាន!!!
មនុស្សស្រី ឬប្រុស ពេលពេញវ័យមានត្រូវការរស់នៅ ចំណង់ចំណូលចិត្ត តម្រេក កាមារម្មណ៍ ប្រហាក់ប្រហែលគ្នា ។ ជាលក្ខណៈធម្មជាតិ និងជីវសាស្ត្រ មនុស្សស្រីមានការលាក់លៀម និងការអៀនខ្មាសច្រើន ដោយសារសភាវគតិ ប្រពៃណី ទំនៀមទម្លាប់ ច្បាប់ប្រទេស និងការរើសអើងភេទលើសកលលោក ជាពិសេសចំពោះនារីអាស៊ី ។ វាអយុត្តិធម៌ពេកហើយ ដែលស្រីជាភេទទន់ខ្សោយហើយ មិនត្រូវបានការពារ និងការសណ្តោស បែរជាត្រូវទទួលភាពអាម៉ាស រងទុក្ខទោស រងការប្រមាថ និងត្រូវខូចកិត្តិយសតែម្នាក់ឯងទៅវិញ ។ ខ្ញុំនិយាយក្នុងពេលនេះមិនមែនបរិហារ ឬវាយប្រហារលើបុរសណាម្នាក់ឡើយ តែចង់ឱ្យគ្រប់សង្គមទទួលស្គាល់នូវតម្លៃរបស់មនុស្សឱ្យស្មើគ្នា កុំលំអៀង មិនថាស្រី ឬប្រុសឡើយ មានតម្លៃដូចគ្នា មានសិទ្ធិស្មើគ្នា ក្នុងការសម្រេចចិត្ត ការប្រព្រឹត្ត ចំណង់ចំណូលចិត្ត ការបញ្ចេញមតិ ការបង្ហាញអារម្មណ៍ដោយគ្មានភាពភ័យខ្លាច ដោយមានទំនុកចិត្ត គ្មានអ្នកតាមចាប់កំហុស គឺទទួលខុសត្រូវស្មើភាពគ្នា មិនមែនបុរសប្រព្រឹត្តខុសហើយ រួចខ្លួន ចោទស្រីថាចិត្តងាយនោះទេ ត្រូវទទួលដោះស្រាយទាំងពីរនាក់ ចំពោះបញ្ហាទាំងអស់គ្នា មិនចោទប្រកាន់គ្នា មិនទម្លាក់កំហុសម្ខាងៗ ជួយគ្នា មិនបោះបង់ចោលគ្នា ។
ស្ត្រីដែលក្លាយជាភរិយា ជាម្តាយត្រូវកាត់បន្ថយសេរីភាព ចំណង់ចំណូលចិត្ត សេចក្តីត្រូវការ និងក្តីស្រមៃរបស់ខ្លួនដើម្បីតែគ្រួសារ និងកូនៗដែលធ្លាក់ជាបន្ទុកដ៏ធ្ងន់សម្រាប់ងារជាភរិយា ។ ដោយសារតែការរើសអើង ស្រ្តីមិនអាចចេញក្រៅដើរលេងសប្បាយបានស្រួលដូចមនុស្សប្រុស មិនអាចមានមិត្តភក្តិ រាប់អានជិតឌិត មិនមានពេលសម្រាកលំហែអារម្មណ៍ខ្លះ ព្រោះត្រូវទទួលរ៉ាប់រងការងារផ្ទះ មើលថែកូន ជាការងារដែលធ្វើគ្មានពេលសម្រាក គ្មានប្រាក់ខែ ហើយគ្មានអ្នក ឱ្យតម្លៃ ? ទោះជាស្រ្តីនោះមានការងារខាងក្រៅក៏មិនដែលចោលការងារក្នុងផ្ទះ នេះមិនរាប់បញ្ចូលការពពោះ ការបង្កើតកូន ដែលជាតួនាទីពិសេសរបស់នារី ដែលត្រូវរ៉ាប់រងលើសពីបុរស ។ បុរសជាស្វាមី ខ្លះលួចឆ្លៀតមានស្រីខាងក្រៅជាការកម្សាន្តអារម្មណ៍ផង ជាកំណាន់ចិត្តផង ពេលស្រ្តីជាភរិយាកំពុងពពោះកូនរបស់ខ្លួន និងក្រោយសម្រាលទៀត ។ បើស្រ្តីមិនអាចបង្កើតកូនបានក៏បន្ទោសតែខាងស្រីមិនកើត ចុះខាងប្រុសវិញម៉េចក៏ត្រូវតែរហូត មិនចេះខុសចឹង??? ទោះជាមានការងាររវល់មមាញឹកយ៉ាងណា ក៏ភរិយាមិនដែលបោះបង់ចោលការងារផ្ទះ និងការមើលថែកូនៗដែរ។ លើកលែងស្រ្តីមួយភាគតូចប៉ុណ្ណោះ ។
ប្រុសមានស្រីជារឿងធម្មតា? ស្រីមានប្រុសជាការផិតក្បត់?
មនុស្សស្រីត្រូវតែទទួលខុសគ្រប់យ៉ាង?
មនុស្សប្រុសត្រូវតែទទួលត្រូវគ្រប់យ៉ាង?
បែកបាក់គ្រួសារមកពីភរិយាមិនកើត ?
គ្រួសារក្រមកពីភរិយាមិនចេះទុកដាក់ ?
រស់នៅមិនចុះសម្រុងគ្នាមកពីខាងស្រីមិនចេះទ្រាំ មិនចេះអត់ធ្មត់ ?
បើមនុស្សប្រុសដើរលេងផឹកស៊ី មិនជួយការងារភរិយា ទាំងការងារផ្ទះ ទាំងការមើលថែកូន មកពីប្តីរវល់ ហត់នឿយ ស្រ្តេសការងារឬការរកស៊ី ?
ចុះស្រីៗ មិនចេះស្រ្តេស មិនចេះហត់នឿយ មិនចេះចង់សប្បាយបំបាត់ទុក្ខខ្លះទេឬយ៉ាងម៉េច?
តើមានភាពស្មើគ្នាជាមនុស្សដែរទេ?
ទាំងសុខ?ទាំងទុក្ខ?ពិតជាមិនអាចចែករំលែកគ្នាខ្លះបានទេមែនទេ???
ជីវិតជាការរស់នៅដោយស្ងប់សុខ មិនបៀតបៀនសេចក្តីសុខអ្នកដទៃ ។ ការស់នៅដោយមានសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត មិនរើសអើង ទើបជីវិតរស់នៅមានន័យ និងមានការអភិវឌ្ឍន៍ ដោយរលូនជាមួយគ្នា។
មិនសាក មិនដឹង មិនទាន់ប៉ះ មិនទាន់ដឹងថាក្តៅឬត្រជាក់ មិនអាចឃើញមួយភ្លែតក៏វិនិច្ឆ័យបានទេ ចូលឱ្យជ្រៅ ទៅឱ្យជិត ឱ្យក្បែរ ទើបយល់ច្បាស់ ។ កុំអាលកាត់ក្តី ឬដាក់ទោសអ្នកប្រព្រឹត្តិដោយមិនទាន់ដឹងពីកំហុស ឬគ្មានការដោះស្រាយឱ្យមានយុត្តិធម៌ ។
ការបង្ហាញខាងលើនេះ មិនមែនទាមទារឱ្យបានដល់៥០%-៥០% ឡើយ គ្រាន់តែសុំឱ្យបានប្រហាក់ប្រហែលគ្នា កុំឱ្យដាច់គ្នាឆ្ងាយពេក ឱ្យមានការយល់ចិត្តឱ្យបានច្រើនៗ ផ្តល់ពេលវេលា ជំរុញទឹកចិត្ត ជួយលើកស្ទួយគ្នា ជួយមើលថែគ្នា ព្រោះគាត់ក៏ជាម្តាយរបស់កូនយើងដែរ ជាភេទទន់ខ្សោយ ទាំងកម្លាំងកាយ និងចិត្ត ដែលត្រូវចំណាយសម្រស់ សាច់ស្រស់ ឈាមស្រស់ ឆ្លងកាត់មួយម៉ឺនគ្រោះថ្នាក់ ការលំបាក សុខចិត្តពពោះ បង្កើតកូនៗឱ្យអ្នកដែរ ដែលកើតមកអំពីចំណង់តណ្ហាទាំងអស់គ្នាមែនទេ??? វាជាចំណងដៃនៃសេចក្តីស្រលាញ់ មិនមែនដោយចៃដន្យ ឬការសប្បាយតែមួយមុខ ហើយក៏យករួចខ្លួន មិនទទួលខុសត្រូវពីអនាគតពួកគេដែលកើតចេញមកពីទង្វើរបស់យើង រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដើម្បីឱ្យជំនាន់ក្រោយរបស់យើងមានតែគម្រូល្អ មានភាពកក់ក្តៅ និងរស់នៅក្នុងអនាគតដ៏សប្បាយរីករាយ សុខដុមរម្យនា។
កូនៗរបស់យើងទម្រាំបង្កើតបាន ចិញ្ចឹមបានធំធាត់ រស់រានមានជីវិត មានសុខភាពល្អ ទាំងរាងកាយ បញ្ញា ស្មារតី ឳពុកម្តាយត្រូវលះបង់ច្រើនណាស់ដើម្បី កូនៗ ដូច្នេះការតបស្នង ដឹងគុណ កតញ្ញូ ជាកាតព្វកិច្ចដែលយើងត្រូវធ្វើបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ កាន់តែរីកចម្រើនឡើងជាបន្តបន្ទាប់ ។ ពេលដែលយើងមានកូនខ្លួនឯងទើបដឹងថាទឹកចិត្តស្រលាញ់ ក្តីបារម្ភរបស់ឳពុកម្តាយចំពោះកូនបែបណា?
ខ្ញុំពេញចិត្តនឹងខ្លួនឯងដែលបានកើតមកជាកូនរបស់ប៉ានិងម៉ាក់ បានធ្វើជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ ជាម្តាយល្អ ជាមនុស្សដែលមានការចេះដឹង អាចទទួលខុសត្រូវនូវរាល់កំហុសឆ្គង និងរាល់ការសម្រេចចិត្តរបស់ខ្លួន មានសេចក្តីព្យាយាម អាចចិញ្ចឹមមើលថែកូនៗ ផ្តល់ការរៀនសូត្រ ការអប់រំ ដល់កូនៗបានដោយខ្លួនឯង ។ មិនបាច់មានមិត្តច្រើនទេ តែមានមិត្តល្អ មានបងប្អូនល្អ ចេះជួយគ្នា អភ័យឱ្យគ្នា ដាស់តឿន កែលម្អគ្នា ។ មិនបាច់មានដៃគូច្រើនទេ សុំតែមានគូជីវិតតែម្នាក់ដែលស្រលាញ់ស្មោះត្រង់គឺគ្រប់គ្រាន់ហើយ ។
ទោះជាមានមុខរបរ ឬតួនាទីបែបណា ក៏ត្រូវបំពេញតួនាទីរបស់ខ្លួនបានល្អតាមជំនាញរៀងខ្លួន ធ្វើដោយក្តីស្រឡាញ់ អត់ធ្មត់ ធ្វើចេញពីចិត្ត មិនមែនសម្តែង នឹងមានសេចក្តីសុខជាមួយលទ្ធផលដែលទទួលបាន ព្រមទទួលយកដោយអស់ចិត្ត ព្រោះយើងបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត។
ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ រស់នៅបែបសាមញ្ញ ធ្វើអ្វីក៏សាមញ្ញ មិនល្បី មិនពូកែ មិនល្អគ្រប់យ៉ាងទេ គ្រាន់តែខិតខំធ្វើថ្ងៃនេះឱ្យល្អជាងថ្ងៃម្សិលមិញ ហើយរីករាយដែលបានចែករំលែកបទពិសោធន៍ខ្លះៗ និងទុកជាការចងចាំសម្រាប់មនុស្សជំនាន់ក្រោយ ។
ខ្ញុំមិនមែនជាមនុស្សអស្ចារ្យសម្រាប់អ្នកណាទេ តែជាមនុស្សអស្ចារ្យសម្រាប់អ្នកដែលស្រលាញ់ខ្ញុំ សម្រាប់ប៉ាម៉ាក់ សម្រាប់កូនៗរបស់ខ្ញុំ ។ ខ្ញុំអាចរំដោះខ្លួនចេញពីភាពសោកសៅពីអតីតកាល មិនគិតខ្លី អាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះបានដោយខ្លួនឯង ហើយអាចឈររឹងមាំ ធ្វើការងារបន្តទៀត រិតតែប្រសើរដើម្បីកូនៗ គ្រួសារ និងសង្គមជាតិ។
យើងពេញចិត្តនូវអ្វីដែលយើងមាន យើងនឹងមានសេចក្តីសុខ
មិនកើតទុក្ខនូវអ្វីដែលបាត់បង់ទៅ វាក៏ជាសុខ
មិនបៀតបៀនអ្នកដទៃឱ្យគេរងទុក្ខវាក៏ជាសុខ
ហ៊ានទទួលស្គាល់ការពិតនូវអ្វីដែលវាកើតឡើង ព្រោះយើងបានធ្វើវាអស់ពីសមត្ថភាពហើយ បើផលបានមកមិនទាន់ពេញចិត្ត យើងក៏ខិតខំបន្តទៀត ព្យាយាមយូរទៅនឹងបានលទ្ធផលល្អ។ ជីវិតគឺបែបនេះឯង កាន់តែសាមញ្ញា កាន់តែមានន័យ។
ទោះជាគ្មានអ្នកណាស្រឡាញ់យើង នៅក្បែរយើង ជួយយើង តែយើងនៅតែអាចស្រឡាញ់ខ្លួនឯង នៅក្បែរខ្លួនឯង ជួយខ្លួនឯង ទីបំផុតគឺមានតែខ្លួនយើងម្នាក់គត់ ។ យើងអាចជួយអ្នកដទៃដែលលំបាកជាងយើងបានមានន័យថាយើងពូកែជាងគេ វាជាមោទកភាពរបស់យើង វាជាសេចក្តីសុខរបស់យើង ។
ជីវិតពិតមិនដូចសាច់រឿងដែលគេនិពន្ធទេ តួឯកមិនប្រាកដថាបានជួបគ្នារហូត ហើយជោគជ័យរហូតដែរ ។ ការបរាជ័យជាមេរៀន ការឈឺចាប់ជាបទពិសោធន៍ គ្រប់យ៉ាងកើតឡើងមកហើយក៏រលត់ទៅវិញគឺបែបនេះឯង ។ គ្មានអ្វីដែលស្ថិតស្ថិរ និងទៀងទាត់ឡើយ។
យើងមានសំណាងហើយដែលស្អែកឡើងយើងនៅមានជីវិត មានពេលពេលវេលា២៤ម៉ោងទៀតដើម្បីធ្វើកិច្ចការបន្តដែលយើងធ្វើមិនទាន់ចប់ និងបានបន្តក្តីស្រមៃរបស់យើងឱ្យដល់ទីបំផុត ។
ចាប់ផ្តើមនៅថ្ងៃនេះ ធ្វើនូវអ្វីដែលយើងចង់ធ្វើ អ្វីដែលយើងស្រលាញ់ គឺយើងមិនចេះនឿយណាយឡើយ ធ្វើហើយ ធ្វើទៀត រហូតទាល់តែបានលទ្ធផលល្អគួរជាទីពេញចិត្ត។
យើងជាអ្នកផ្តល់កម្លាំងចិត្ត ផ្តល់ថាមពល ផ្តល់សេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍។ យើងជាអ្នកផ្តល់ឱកាសឱ្យខ្លួនឯងបានកែលម្អខ្លួនម្តងហើយ ម្តងទៀត។
យើងអាចអភ័យទោសឱ្យអ្នកដទៃបាន ហេតុអីយើងមិនអាចអភ័យទោសឱ្យខ្លួនឯងបាន?
មុននឹងបង្កើតគ្រួសារត្រូវគិតមើលតើយើងស្មោះត្រង់ឬនៅ ឈប់ចង់ផ្លាស់ប្តូរឬនៅ សុខចិត្តបាត់បង់សេរីភាពខ្លះបានអត់ អត់ធ្មត់នឹងការលំបាកបានឬនៅ អាចរួមសុខ រួមទុក្ខជាមួយដៃគូនោះបានមួយជីវិតឬអត់ មិនអាចបោះបង់ចោល កណ្តាលទី ព្រោះមនុស្សជំនាន់ក្រោយរបស់យើងជាអ្នករងគ្រោះនូវទង្វើរបស់យើង ទាំងគ្នាមិនបានតាំងចិត្ត មិនបានធ្វើកំហុសសោះ ។ បើមិនអាចធ្វើចិត្តបានទេ កុំបង្កើតគ្រួសារអីល្អជាង ។
សុំចិត្ត និងសុំផ្តាំជូនស្វាមីគ្រប់រូប ភរិយាមិនមែនជានារីកំដរកាមអារម្មណ៍របស់ស្វាមីទេ មិនមែនជាអ្នកបម្រើគ្រប់ពេលដែលគ្មានប្រាក់ខែ គ្មានការផ្តល់តម្លៃស្មើភាពគ្នា គ្មានពេលសម្រាក គ្មានការកម្សាន្តផ្ទាល់ខ្លួន គ្មានសេរីភាពក្នុងការបញ្ចេញមតិ យោបល់ មិនអាចធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន បានភរិយាមានចិត្តស្មោះត្រូវតែថែរក្សា ថ្នាក់ថ្នម ព្រោះគាត់ជាម្តាយរបស់កូនរបស់យើង ជាអ្នកពពោះ ជាអ្នកបង្កើត ជាអ្នកចិញ្ចឹមមើលថែ អប់រំ ប្រៀនប្រដៅកូនឱ្យយើង មើលថែផ្ទះសម្បែង មើលថែ និងចាត់ចែងលុយកាក់ ទុកដាក់ទ្រព្យសម្បត្តិ ជំនួសយើង និងជាគ្នា កំដរយើង មើលថែយើងរហូតដល់នាទីចុងក្រោយ រួមសុខផង រួមទុក្ខផង សុខចិត្តធ្វើជាស្រីល្ងង់ម្នាក់ ស្តាប់ និងជឿជាក់លើស្វាមីគ្រប់យ៉ាង ដើម្បីស្វាមីរបស់ខ្លួន សុខចិត្តលះបង់គ្រប់យ៉ាង សម្រាប់គ្រួសារ ។
យើងជាអ្នកបង្កើតអ្វីៗចេញមកដោយខ្លួនឯង ជោគជ័យ ឬបរាជ័យ គឺយើងជាអ្នកប្រព្រឹត្តិ និងជាអ្នកទទួល ។ គ្រប់យ៉ាងស្ថិតនៅលើខ្លួនយើងនេះហើយជាអ្នកសម្រេច។ សូមរស់នៅឱ្យមានសេចក្តីសុខ។
សូមពេញចិត្តនូវអ្វីៗគ្រប់យ៉ាងដែលយើងមាន
របស់អ្វីៗបាត់បង់យើងអាចរកវិញបាន តែពេលវេលាបាត់ទៅហើយ មិនអាចរកវិញបានទេ
ធ្វើថ្ងៃនេះឱ្យល្អជាងថ្ងៃម្សិលមិញ និងទុកជាផលល្អសម្រាប់ថ្ងៃស្អែក
កុំរំពឹងសេចក្តីសុខដែលអ្នកដទៃផ្តល់ឱ្យយើង សូម្បីដៃគូរបស់យើងថ្ងៃនេះស្រឡាញ់យើង យកចិត្តទុកដាក់ចំពោះយើង ផ្តល់ក្តីស្រឡាញ់ ផ្តល់ក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត តែថ្ងៃមួយដែលគេអស់ចិត្តស្រលាញ់ហើយ គេក្បត់យើង កុហកយើង ទាំំងយើងមិនដឹងខ្លួន ដូច្នេះយើងត្រូវបង្កើតសេចក្តីសុខ ដោយខ្លួនឯង សម្រាប់ខ្លួនឯង ព្រោះវាស្ថិតស្ថេរនៅក្បែរយើងរហូត ។
គេធ្វើអាក្រក់ដាក់យើងជាកំហុសរបស់គេ
យើងមិនបានធ្វើល្អដាក់ខ្លួនឯងទើបជាកំហុសរបស់យើង
អរគុណភាពសោកសៅ និងភាពបរាជ័យដែលអាចឱ្យខ្ញុំមើលឃើញផ្លូវដើរទៅរកភាពរីករាយ និងភាពជោគជ័យបាន ។
ទោះជាលំបាកប៉ុណ្ណាក៏ត្រូវតែតស៊ូរហូតបានជោគជ័យ មិនបោះបង់ចោលកណ្តាលផ្លូវឡើយ ។
ក្តីសុខរបស់កូនៗ ជាក្តីសុខរបស់ឳពុកម្តាយគ្រប់រូប កូនបានសុខ មានអនាគតល្អ ប្រកបដោយគន្លងធម៌ ជាសេចក្តីស្ងប់សុខរបស់ពួកគាត់ហើយ ។ កូនៗមានទុក្ខ ពួកគាត់ក៏មានទុក្ខ កគាត់ហើយ ។ យើងធ្វើល្អ ជា្រប់រូប កូនបានសុខ មានអនាគតល្អ ប្រកបដោយគន្លងធម៌ ជាសេចក្តីស្ងប់សុខរបស់ពួកគាត់ហើយ ។ យើងធ្វើល្អ ចាគម យើងធ្វើល្អ ជាគម្រូល្អដល់កូនៗ និងជំនាន់ក្រោយរបស់យើង ។
សូមជូនពរគ្រប់ជីវិតគូ ចាប់ដៃគ្នាជាគូពិតប្រាកដ រស់នៅពោរពេញដោយសេក្តីសុខ ផ្តល់ការថ្នាក់ថ្នម ផ្អែមល្ហែម តាំងពីគ្រាដំបូង មិនប្រែប្រួល មិនជិនណាយ មានជីវិតប្រកបដោយថាមពល មានសុខភាពល្អ ស្រលាញ់គ្នាស្មោះស្ម័គ្រ យល់ចិត្តគ្នា អភ័យឱ្យគ្នា ជួយជម្រុញគ្នាឱ្យសម្រេចគោលដៅទាំងអស់គ្នា មិនក្បត់ចិត្ត មិនកុហក បោកប្រាស់ ថែរក្សាគ្នា មានសុភមង្គលពេញមួយជីវិត ជួបតែអំពើល្អ និងសម្រេចក្តីស្រមៃរបស់ខ្លួន៕