មនុស្ស Gen Z ចង់មានសេរីភាពក្នុងការជ្រើសរើសកន្លែង និង ពេលវេលាបត់បែនសម្រាប់ធ្វើការ។ មិនមែនចូលម៉ោង៨ ចេញម៉ោង៥ ហើយស្ថិតក្នុងប្រព័ន្ធតឹងរឹងមួយដូចជំនាន់យើងទេ។ ប្រសិនយើងស្អប់រឿងនេះ មានតែធ្វើការជាមួយមនុស្សវ័យចាស់រហូតទៅ ឬរើសយកមនុស្សវ័យក្មេងចូលនិងសុំឈប់ៗ មិនចេះចប់។
អ្នកនិពន្ធម៉ីសន សុធារី បានឱ្យយោបល់បែបនេះទៅកាន់មេដឹកនាំទាំងឡាយណាដែលមានគោលដៅចង់ធ្វើការជាមួយក្រុម Gen Zដ៏មានសក្តានុពលទៅអនាគត។ លោកស្រីគូសបញ្ជាក់ថា «Gen Z ធំឡើងមកជាមួយវប្បធម៌ថ្មី! យើងមិនពេញចិត្តព្រោះយើងមិនស្ថិតក្នុងជំនាន់ពួកគេ តែ ក៏មិនគួររារាំងវិធីផ្ទាល់ក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេ និងលើកទឹកចិត្តការរៀនសូត្រពេញមួយជីវិតតាមតិចណូឡូជីរបស់ពួកគេនោះដែរ!»។
បើយើងមិនមានភាពបត់បែន នោះក៏ពិបាកធ្វើការជាមួយមនុស្សជំនាន់ថ្មីដូចគ្នា។
អ្នកនិពន្ធជូនយោបល់ថា មនុស្សវ័យក្មេង ឬពាក្យថ្មីគេហៅថា Gen Z បច្ចុប្បន្ន មានចំនួនប្រហែលជា២ពាន់លាននាក់ ក្នុងចំណោមពលរដ្ឋទូទាំងពិភពលោក ប្រហាក់ប្រហែល ២៧ភាគរយ នៃកម្លាំងការងារសរុបសម្រាប់ឆ្នាំ២០២៥ (Zurich University )។
នៅក្នុងប្រទេសកម្ពុជាវិញ មនុស្សវ័យក្មេងដែលមានទេពកោសល្យថ្មីៗ កម្លាំងមាំមួន ឆន្ទះមុតស្រួច គឺជាសហគមន៍ដ៏ធំនិងដ៏មានតម្លៃរបស់ជាតិ។
ប្រសិនយើងមើលពួកគេតែផ្នែកគុណវិបត្តិ យើងនឹងចង្អុលរកតែគុណវិបត្តិ តាមថា ពួកគេមានចំណុចល្អច្រើន ចូលរួមបានច្រើន និងកសាងបានច្រើនលើសពីអ្វីដែលយើងធ្លាប់ស្មាន។
ចង់ធ្វើការជាមួយមនុស្សវ័យក្មេង យើងត្រូវដឹងអំពីទំនោរនិងសក្តានុពលរបស់ពួកគេ។ ប្រសិនយើងចង់ប្រឆាំងលើសកម្មភាពងប់ងល់របស់ពួកគេជាមួយតិចណូឡូជី យើងគិតខុសហើយ។
Gen Z គឺជាមនុស្សជំនាន់ទីដំបូង ដែលធំឡើងមកនៅក្នុងយុគសម័យឌីជីថលហើយមិនធ្លាប់ស្គាល់ពិភពលោកកាលពីគ្មានអ៊ីនធឺណិតនោះទេ។
ជីវិតពួកគេ ពេញដោយបទពិសោធន៍នៃបណ្តាញផ្សព្វផ្សាយសង្គមដែលកំពុងរីកចម្រើននិងវឹកវរ ពេញមួយជីវិតរបស់ពួកគេត្រូវបានភ្ជាប់ទំនាក់ទំនងស្ទើរតែជាមួយមនុស្សនៅទូទាំងភពផែនដីបាន មិននៅក្នុងអណ្តូង គេដឹងព័ត៌មានសកល និងមាតិកាផ្សេងទៀតរហ័សជាង១០០ដងនៃមនុស្សជំនាន់មុន។
«ខ្ញុំមិនមានបញ្ហាចំពោះភាពព្រងើយៗ ឬ ស្ងប់ស្ងាត់ហួសរបស់មនុស្សវ័យក្មេងសម័យនេះទេ។ កុំវាយតម្លៃអ្វីដែលយើងមិនយល់!!! ខ្លះរិះគន់ថា ពួកគេឆ្គង ខ្ជិល ចង់តែសប្បាយ ងាយបោះបង់និងគ្មានវិន័យ។ តែបើមើលលើទិដ្ឋភាពផ្សេង ចំណុចសំខាន់នៃអត្តសញ្ញាណរបស់មនុស្សវ័យក្មេង ពួកគេមានគំនិតបើកចំហរ ផ្តល់តម្លៃដល់តុល្យភាពជីវិតនិងការងារ ។ ការធ្វើការពីចម្ងាយ និងការឈប់សម្រាកដែលអាចបត់បែនបាន ជាអាទិភាពចម្បងរបស់ពួកគេ ហើយបើមនុស្សជំនាន់ផ្សេងមិនពេញចិត្ត មានតែសំងំធ្វើការដោយខ្លួនឯងទៅតាមទម្លាប់ចាស់ទៅចុះ ព្រោះថាមនុស្សវ័យក្មេងនឹងបង្កើតទម្លាប់ជឿនលឿនថ្មី!»
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ