អ្នកនិពន្ធថា GEN Z នឹងប្តូររបៀបធ្វើការលើគ្រប់ឧស្សាហកម្មធំៗ

មនុស្ស​ Gen Z ចង់មានសេរីភាពក្នុងការជ្រើសរើសកន្លែង និង ពេលវេលាបត់បែនសម្រាប់ធ្វើការ។ មិនមែន​ចូលម៉ោង៨ ចេញម៉ោង៥ ហើយស្ថិតក្នុងប្រព័ន្ធតឹងរឹងមួយដូចជំនាន់យើងទេ។ ប្រសិនយើងស្អប់រឿងនេះ មានតែធ្វើការជាមួយមនុស្សវ័យចាស់រហូតទៅ ឬរើសយកមនុស្ស​វ័យក្មេង​ចូលនិងសុំឈប់ៗ មិនចេះចប់។

អ្នកនិពន្ធម៉ីសន សុធារី បានឱ្យយោបល់បែបនេះទៅកាន់មេដឹកនាំទាំងឡាយណាដែលមាន​គោលដៅចង់ធ្វើការ​ជាមួយ​ក្រុម Gen Zដ៏មាន​សក្តានុពលទៅអនាគត។ លោកស្រីគូសបញ្ជាក់ថា «Gen Z ធំឡើងមកជាមួយវប្បធម៌ថ្មី! យើងមិនពេញចិត្ត​ព្រោះយើងមិនស្ថិតក្នុងជំនាន់ពួកគេ តែ ក៏មិនគួររារាំងវិធីផ្ទាល់ក្នុងការ​អភិវឌ្ឍជំនាញរបស់ពួកគេ និងលើកទឹកចិត្តការរៀនសូត្រពេញមួយជីវិតតាមតិចណូឡូជីរបស់ពួកគេនោះដែរ!»។

បើយើងមិនមាន​ភាពបត់បែន នោះក៏ពិបាកធ្វើការជាមួយមនុស្សជំនាន់ថ្មីដូចគ្នា។

អ្នកនិពន្ធជូនយោបល់ថា មនុស្ស​វ័យក្មេង ឬពាក្យថ្មីគេហៅថា​ Gen Z បច្ចុប្បន្ន មានចំនួនប្រហែលជា២ពាន់លាននាក់ ក្នុងចំណោម​ពលរដ្ឋទូទាំងពិភពលោក ប្រហាក់ប្រហែល ២៧ភាគរយ នៃកម្លាំងការងារសរុបសម្រាប់ឆ្នាំ២០២៥ (Zurich University )។

នៅក្នុងប្រទេសកម្ពុជាវិញ មនុស្ស​វ័យក្មេង​ដែលមាន​ទេពកោសល្យថ្មីៗ កម្លាំងមាំមួន ឆន្ទះ​មុតស្រួច គឺជាសហគមន៍ដ៏ធំនិងដ៏មាន​តម្លៃរបស់ជាតិ។

ប្រសិនយើងមើលពួកគេ​តែផ្នែកគុណវិបត្តិ យើងនឹង​ចង្អុលរកតែគុណវិបត្តិ តាមថា ពួកគេ​មាន​ចំណុចល្អច្រើន ចូលរួមបានច្រើន និងកសាងបានច្រើន​លើសពីអ្វីដែលយើងធ្លាប់ស្មាន។

ចង់ធ្វើការជាមួយមនុស្ស​វ័យក្មេង យើងត្រូវដឹងអំពីទំនោរនិងសក្តានុពលរបស់ពួកគេ។ ប្រសិនយើងចង់ប្រឆាំងលើសកម្មភាពងប់ងល់របស់ពួកគេ​ជាមួយតិចណូឡូជី យើងគិតខុសហើយ។

Gen Z គឺជាមនុស្ស​ជំនាន់ទីដំបូង ដែលធំឡើងមកនៅក្នុងយុគសម័យឌីជីថលហើយ​មិនធ្លាប់ស្គាល់ពិភពលោកកាលពីគ្មានអ៊ីនធឺណិតនោះទេ។

ជីវិត​ពួកគេ ពេញដោយបទពិសោធន៍នៃបណ្តាញផ្សព្វផ្សាយសង្គមដែលកំពុងរីកចម្រើននិងវឹកវរ ពេញមួយជីវិតរបស់ពួកគេត្រូវបានភ្ជាប់ទំនាក់ទំនងស្ទើរតែជាមួយមនុស្សនៅទូទាំងភពផែនដីបាន មិននៅក្នុងអណ្តូង គេដឹងព័ត៌មានសកល និងមាតិកាផ្សេងទៀតរហ័សជាង១០០ដងនៃមនុស្សជំនាន់មុន។

«ខ្ញុំមិនមាន​បញ្ហាចំពោះភាពព្រងើយៗ ឬ ស្ងប់ស្ងាត់ហួសរបស់មនុស្សវ័យក្មេងសម័យនេះទេ។ កុំវាយតម្លៃអ្វីដែលយើងមិនយល់!!! ខ្លះរិះគន់ថា ពួកគេឆ្គង ខ្ជិល ចង់តែសប្បាយ ងាយបោះបង់និងគ្មានវិន័យ។ តែបើមើលលើទិដ្ឋភាពផ្សេង ចំណុចសំខាន់នៃអត្តសញ្ញាណរបស់មនុស្ស​វ័យក្មេង ពួកគេមានគំនិតបើកចំហរ ផ្តល់តម្លៃដល់តុល្យភាពជីវិតនិងការងារ ។ ការធ្វើការពីចម្ងាយ និងការឈប់សម្រាកដែលអាចបត់បែនបាន ជាអាទិភាពចម្បងរបស់ពួកគេ ហើយបើមនុស្ស​ជំនាន់ផ្សេងមិនពេញចិត្ត​ មាន​តែសំងំធ្វើការដោយខ្លួនឯងទៅតាមទម្លាប់ចាស់ទៅចុះ ព្រោះថាមនុស្ស​វ័យក្មេងនឹងបង្កើតទម្លាប់ជឿនលឿនថ្មី!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*