កំណាព្យរឿង៖ និស្សិតក្រោមភ្លើងពណ៌

ពន្លឺហ្វាជះប្របដងទន្លេមុខបួនខណៈមាន​យុវជនយុវនារីជាច្រើនមកផ្តុំគ្នា​ស្រង់ខ្យល់អាកាស ប្រលែងគ្នាកក្អឹក។  ខ្លះមានគូឈរជជែក ខ្លះរត់ហាត់ប្រាណ ខ្លះអង្គុយហូបចំណីចំណុក ខ្លះអានសៀវភៅ ខុសអីតែបុប្ផា។

អ្នកនិពន្ធដាក់ឈ្មោះនាងថាបុប្ផា ខុសពីឈ្មោះពិតរបស់នាងដែលអ្នកនិពន្ធធ្វើបទសម្ភាសន៍។ អត្ថបទខាងក្រោមនេះ គឺជាឆាកជីវិតរបស់នាងដែលអ្នកនិពន្ធបាន​ស្នើសុំមកសរសេរចងក្រងជាកំណាព្យកាព្យឃ្លោង ។

ចាកដែននិរតី មមៃដីក្រុង

ម៉ែពុកបម្រុង ប្រុងឈ្មោះនិស្សិត

បំពាក់ឱ្យកូន ស្រីមាសស្នេហ៍ស្និទ្ធ

ផ្កា​ក្រពុំពិត តែចិត្តនាងហ៊ាន។

ស្រីចង់តស៊ូ ក្រេបយកវិជ្ជា

បួនឆ្នាំម្នីម្នា  គ្រា​បន្តរៀន

បើវាសនាគាប់ រៀនជាប់មិនខាន

ញាតិផៅព្រៀងលាន ជូនពរផ្កាស្រី។

ដីក្រុងទំនើប ខុសពីក្នុងកុន

សម្ភារៈគ្រប់ធុន ប្រញាយបំភ្លៃ

ឱ្យនាងត្រអាល ចង់ប្ដូរចិត្តថ្មី

សុបិនស្រមៃ កាន់តែធំឡើង។

ពីមុនប៉ងសុំ ត្រឹមឈ្មោះនិស្សិត

ឥឡូវនាងគិត ដល់ជីវិតកើន

ចង់មានយសសក្តិ លុយកាក់រស់ថ្កើង

អាលពុកម៉ែយើង បានមកក្រុងដែរ ។

គ្រាមុនគិតថា ស្រវាចំណេះ

ជំនាញដែលចេះ ចៀសក្តៅធ្វើស្រែ

បើមិនមែនគ្រូ ក៏ធនាគារដែរ

ជួយជ្រោងពុកម៉ែថែទាំពេលចាស់ ។

ឥឡូវគិតថ្មី មិនចង់វិលឡើយ

បំណាច់ចេញហើយ ដីក្រុងភ្លឺច្បាស់

បុគ្គលិកឬគ្រូ ខ្ជិលគិត ទៀតណាស់

ចង់ប្ដូរដីចាស់ឈ្មោះជាអ្នកក្រុង ។

ចង់តាំងលំនៅ លូកជ្រៅកប់ក្លៀក

បើរៀនពិបាក អស់ទុនបម្រុង

គិតចេញធ្វើការនៅលើដីក្រុង

សន្សែសន្សំក្លាយជាមនុស្ស​ថ្មី។

គិតចុះគិតឡើង ទម្រាំរៀនចប់

ធ្វើការថ្ងៃយប់សន្សំលុយបានអ្វី?

អង្កាល់មានផ្ទះលំនៅឋានថ្មី

ប្រាក់ខែរាល់ថ្ងៃគ្មានសង្ឃឹមឡើយ។

និស្សិតស្អេកស្កះ គ្មានការងារធ្វើ

គោលដៅគ្រាន់បើតែមិនទាន់ល្ហើយ

ទីក្រុងតឹងតែងជែងគ្នាមិនស្បើយ

មានស្លាបមាំហើយ ទើបអាចសង្ឃឹម។

សម្លឹងខ្លួនឯងឆ្លុះទឹកទន្លេ

សម្ផស្សបុព្វេផ្តល់មកប៉ប្រឹម

គួរយកឱកាសរិះរកស្លាបធំ

ហោះហើរឱ្យសម​ស្មើហង្សបក្សី។

កាលចេញពីស្រុកក្នុងនាម​ក្រមុំ

ដូចផ្កាក្រពុំ ចោលក្លិនប្រពៃ

ជិតជុំកន្លង់ចង់រំខានស្រី

គិតយូរសំច័យលៃកែវាសនា។

លែងចង់សម្រុក រឿងរៀនប៉ុន្មាន

សង្វាតមានបានក្រែងគាប់ចិន្តា

ស្រលាញ់ប្រេនៗ  ស្រលាញ់ដុល្លារ

តើមាន​អ្នកណា ថាមិនចង់ល្អ?

តែថាចង់ធំ មុំត្រូវលះបង់

បុប្ផាឱបទ្រូង រំពឹងវាសនា​

ចាប់ផ្ដើម រាប់មិត្តក្លាហានអស្ចារ្យ

គោលដៅដូចគ្នា រឿងចង់បានខ្ពស់។

ក្បត់ចិត្ដពុកម្តាយ នាងដើរលេងយប់

ចូលក្លិបសេពគប់ ពាក់អាវវាលហួស

រាំរែកថ្ងៃនេះថ្ងៃស្អែកមិនលោះ

ស្រាប់តែធ្លាក់ជ្រោះ​ជាចំណីព្រាន។

នាង​ចាញ់ពាក្យលួង ល្បួងដោយបាបមិត្ត​

គេថានាងល្អិតស្អាតដូចព្រះប្រទាន

រូបប៉ុណ្ណឹងដែរ ខ្លាចអីត្រូវហ៊ាន

បើយើងក្រគ្មាន មុខតែអាស្រូវ។

បុប្ផារំភើបឈ្លក់ក្រោមភ្លើងពណ៌

ស្លៀកពាក់ស្អាតល្អ ជាន់ចោលសៀវភៅ

បុប្ផាសំងំតែនឹង ក្រែមម្សៅ

ចិត្តស្រាលលង់ជ្រៅកែមុខថែមមាត់។

បុប្ផាលង់កាយក្រោមដៃប្រុសព្រាន

ឱ្យតែអ្នកមាន​នាង​ស្រវាស្កាត់

នាង​បានលុយឡាន​លង់ខ្លួនរសាត់

ជីវិតនិស្សិតនាងលែងចង់បាន។

ពេលម្តាយដេញសួរនាងលែងស្មោះស

ពោលពាក្យមិនល្អថារៀនមិនបាន

ចង់រកលុយវិញព្រោះវេលាច្រាន

ម៉ែអើយកុំស្មានថាកូននេះខ្លៅ។

ថ្ងៃមួយកូនបានជីវិតរុងរឿង

អ្នកអស់ភូមិយើងនឹងស្ងើចស្រីពៅ

ថាកូនឆ្លាតវៃលើសអស់ញាតិផៅ

ម្តាយអើយអ្នកនៅមើលវាសនា​កូន។

ក្បួនម្តាយ​លែងស្តាប់ត្រាប់ស្ត្រីជើងឆើត

បុប្ផាជំទើតលែងនឹកស្តាយខ្លួន

នាង​សដូចចាន ចរិតមិនមួន

ខុសត្រូវក៏កូនមិនខ្វល់រក្សា។

ត្រូវនឹងពួកឈ្មួញពង្វក់ក្មេងស្រី

ញុះញង់សម្តីសំញ៉ែងដុល្លារ

នាំនាងលក់កាយ ប្តូរយកដុល្លារ

ជីវិតបុប្ឆាក្លាយជារោយរុះ។

សប្បាយអស់ចិត្តព្រានចាស់ដោះដៃ

បុប្ផាចរណៃ គ្មានលុយបង់ផ្ទះ

គេបណ្តេញចុះទាំងគ្មានញាតិម្នាក់

រលាយលុយកាក់ រសាត់តាមខ្យល់។

ដឹងថាជ្រុលខ្លួនខូចបង់ក្រមុំ

បុប្ផាសំងំជេរពួកល្បិចកល

ទឹកភ្នែកលិចលង់ មានអ្វីនៅសល់

រៀនក៏មិនដល់បានអី្វធ្វើការ?

ជេរព្រហ្មលិខិត ចិត្តនៅមានៈ

មិនព្រម​ជំនៈខំដោយបញ្ញា

កន្ទុយធ្លាប់ខ្វៀនអ្វីនឹងស្តារ

ជិវិតបុប្ផាជាពេស្យាកម្ម។

មិនដៀលខ្លួនល្ងង់ បែរដៀលភ័ព្វព្រេង

បុប្ផាសង្រេងយកស្រាជាធំ

គ្រឿងញៀនស្រវឹងនាងប្រឹងបន្ស៊ាំ

ជីវិតភក់ជ្រាំកំពុងរង់ចាំ។

មិនត្រឹមជក់ញៀនមានទាំងរោគឆ្លង

រោយរុះលម្អង រំលងខែឆ្នាំ

នាង​បាត់ស្ងាត់សូន្យពុកម៉ែរង់ចាំ

ម៉ែអើយព្រោះបកក្រោយលែងបាន។

បុប្ផាផ្លាស់ប្តូរ ពី មួយ ទៅមួយ

ជិវិតបណ្តោយ​ឱ្យចប់សាមាន្យ

ភាពជានិស្សិតដែលធ្លាប់ចង់បាន

សល់ត្រឹមរយលានវិប្បដិសារី។

បុប្ផាអភ័ព្វ ឈរមាត់ទន្លេ

កូនមិនស្តាប់ម៉ែមិនថែច្បាប់ស្រី

ស្អប់ពាក្យប្រដៅលង់ក្នុងលោកីយ៍

កូនអើយធ្វើអ្វីកុំឱ្យហួសពេក។

នាង​ផ្តាំក្មេងៗក្រែងគិតខុសតាម

កុំភ្លេចខំច្បាម​រៀនដើម្បីស្អែក

ចំណេះបានមាំ​ទើបមានបង្អែក

កុំផ្លោះលឿនពេក ទឹកភ្នែកបងផ្តាំ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*