ពន្លឺហ្វាជះប្របដងទន្លេមុខបួនខណៈមានយុវជនយុវនារីជាច្រើនមកផ្តុំគ្នាស្រង់ខ្យល់អាកាស ប្រលែងគ្នាកក្អឹក។ ខ្លះមានគូឈរជជែក ខ្លះរត់ហាត់ប្រាណ ខ្លះអង្គុយហូបចំណីចំណុក ខ្លះអានសៀវភៅ ខុសអីតែបុប្ផា។
អ្នកនិពន្ធដាក់ឈ្មោះនាងថាបុប្ផា ខុសពីឈ្មោះពិតរបស់នាងដែលអ្នកនិពន្ធធ្វើបទសម្ភាសន៍។ អត្ថបទខាងក្រោមនេះ គឺជាឆាកជីវិតរបស់នាងដែលអ្នកនិពន្ធបានស្នើសុំមកសរសេរចងក្រងជាកំណាព្យកាព្យឃ្លោង ។
ចាកដែននិរតី មមៃដីក្រុង
ម៉ែពុកបម្រុង ប្រុងឈ្មោះនិស្សិត
បំពាក់ឱ្យកូន ស្រីមាសស្នេហ៍ស្និទ្ធ
ផ្កាក្រពុំពិត តែចិត្តនាងហ៊ាន។
ស្រីចង់តស៊ូ ក្រេបយកវិជ្ជា
បួនឆ្នាំម្នីម្នា គ្រាបន្តរៀន
បើវាសនាគាប់ រៀនជាប់មិនខាន
ញាតិផៅព្រៀងលាន ជូនពរផ្កាស្រី។
ដីក្រុងទំនើប ខុសពីក្នុងកុន
សម្ភារៈគ្រប់ធុន ប្រញាយបំភ្លៃ
ឱ្យនាងត្រអាល ចង់ប្ដូរចិត្តថ្មី
សុបិនស្រមៃ កាន់តែធំឡើង។
ពីមុនប៉ងសុំ ត្រឹមឈ្មោះនិស្សិត
ឥឡូវនាងគិត ដល់ជីវិតកើន
ចង់មានយសសក្តិ លុយកាក់រស់ថ្កើង
អាលពុកម៉ែយើង បានមកក្រុងដែរ ។
គ្រាមុនគិតថា ស្រវាចំណេះ
ជំនាញដែលចេះ ចៀសក្តៅធ្វើស្រែ
បើមិនមែនគ្រូ ក៏ធនាគារដែរ
ជួយជ្រោងពុកម៉ែថែទាំពេលចាស់ ។
ឥឡូវគិតថ្មី មិនចង់វិលឡើយ
បំណាច់ចេញហើយ ដីក្រុងភ្លឺច្បាស់
បុគ្គលិកឬគ្រូ ខ្ជិលគិត ទៀតណាស់
ចង់ប្ដូរដីចាស់ឈ្មោះជាអ្នកក្រុង ។
ចង់តាំងលំនៅ លូកជ្រៅកប់ក្លៀក
បើរៀនពិបាក អស់ទុនបម្រុង
គិតចេញធ្វើការនៅលើដីក្រុង
សន្សែសន្សំក្លាយជាមនុស្សថ្មី។
គិតចុះគិតឡើង ទម្រាំរៀនចប់
ធ្វើការថ្ងៃយប់សន្សំលុយបានអ្វី?
អង្កាល់មានផ្ទះលំនៅឋានថ្មី
ប្រាក់ខែរាល់ថ្ងៃគ្មានសង្ឃឹមឡើយ។
និស្សិតស្អេកស្កះ គ្មានការងារធ្វើ
គោលដៅគ្រាន់បើតែមិនទាន់ល្ហើយ
ទីក្រុងតឹងតែងជែងគ្នាមិនស្បើយ
មានស្លាបមាំហើយ ទើបអាចសង្ឃឹម។
សម្លឹងខ្លួនឯងឆ្លុះទឹកទន្លេ
សម្ផស្សបុព្វេផ្តល់មកប៉ប្រឹម
គួរយកឱកាសរិះរកស្លាបធំ
ហោះហើរឱ្យសមស្មើហង្សបក្សី។
កាលចេញពីស្រុកក្នុងនាមក្រមុំ
ដូចផ្កាក្រពុំ ចោលក្លិនប្រពៃ
ជិតជុំកន្លង់ចង់រំខានស្រី
គិតយូរសំច័យលៃកែវាសនា។
លែងចង់សម្រុក រឿងរៀនប៉ុន្មាន
សង្វាតមានបានក្រែងគាប់ចិន្តា
ស្រលាញ់ប្រេនៗ ស្រលាញ់ដុល្លារ
តើមានអ្នកណា ថាមិនចង់ល្អ?
តែថាចង់ធំ មុំត្រូវលះបង់
បុប្ផាឱបទ្រូង រំពឹងវាសនា
ចាប់ផ្ដើម រាប់មិត្តក្លាហានអស្ចារ្យ
គោលដៅដូចគ្នា រឿងចង់បានខ្ពស់។
ក្បត់ចិត្ដពុកម្តាយ នាងដើរលេងយប់
ចូលក្លិបសេពគប់ ពាក់អាវវាលហួស
រាំរែកថ្ងៃនេះថ្ងៃស្អែកមិនលោះ
ស្រាប់តែធ្លាក់ជ្រោះជាចំណីព្រាន។
នាងចាញ់ពាក្យលួង ល្បួងដោយបាបមិត្ត
គេថានាងល្អិតស្អាតដូចព្រះប្រទាន
រូបប៉ុណ្ណឹងដែរ ខ្លាចអីត្រូវហ៊ាន
បើយើងក្រគ្មាន មុខតែអាស្រូវ។
បុប្ផារំភើបឈ្លក់ក្រោមភ្លើងពណ៌
ស្លៀកពាក់ស្អាតល្អ ជាន់ចោលសៀវភៅ
បុប្ផាសំងំតែនឹង ក្រែមម្សៅ
ចិត្តស្រាលលង់ជ្រៅកែមុខថែមមាត់។
បុប្ផាលង់កាយក្រោមដៃប្រុសព្រាន
ឱ្យតែអ្នកមាននាងស្រវាស្កាត់
នាងបានលុយឡានលង់ខ្លួនរសាត់
ជីវិតនិស្សិតនាងលែងចង់បាន។
ពេលម្តាយដេញសួរនាងលែងស្មោះស
ពោលពាក្យមិនល្អថារៀនមិនបាន
ចង់រកលុយវិញព្រោះវេលាច្រាន
ម៉ែអើយកុំស្មានថាកូននេះខ្លៅ។
ថ្ងៃមួយកូនបានជីវិតរុងរឿង
អ្នកអស់ភូមិយើងនឹងស្ងើចស្រីពៅ
ថាកូនឆ្លាតវៃលើសអស់ញាតិផៅ
ម្តាយអើយអ្នកនៅមើលវាសនាកូន។
ក្បួនម្តាយលែងស្តាប់ត្រាប់ស្ត្រីជើងឆើត
បុប្ផាជំទើតលែងនឹកស្តាយខ្លួន
នាងសដូចចាន ចរិតមិនមួន
ខុសត្រូវក៏កូនមិនខ្វល់រក្សា។
ត្រូវនឹងពួកឈ្មួញពង្វក់ក្មេងស្រី
ញុះញង់សម្តីសំញ៉ែងដុល្លារ
នាំនាងលក់កាយ ប្តូរយកដុល្លារ
ជីវិតបុប្ឆាក្លាយជារោយរុះ។
សប្បាយអស់ចិត្តព្រានចាស់ដោះដៃ
បុប្ផាចរណៃ គ្មានលុយបង់ផ្ទះ
គេបណ្តេញចុះទាំងគ្មានញាតិម្នាក់
រលាយលុយកាក់ រសាត់តាមខ្យល់។
ដឹងថាជ្រុលខ្លួនខូចបង់ក្រមុំ
បុប្ផាសំងំជេរពួកល្បិចកល
ទឹកភ្នែកលិចលង់ មានអ្វីនៅសល់
រៀនក៏មិនដល់បានអី្វធ្វើការ?
ជេរព្រហ្មលិខិត ចិត្តនៅមានៈ
មិនព្រមជំនៈខំដោយបញ្ញា
កន្ទុយធ្លាប់ខ្វៀនអ្វីនឹងស្តារ
ជិវិតបុប្ផាជាពេស្យាកម្ម។
មិនដៀលខ្លួនល្ងង់ បែរដៀលភ័ព្វព្រេង
បុប្ផាសង្រេងយកស្រាជាធំ
គ្រឿងញៀនស្រវឹងនាងប្រឹងបន្ស៊ាំ
ជីវិតភក់ជ្រាំកំពុងរង់ចាំ។
មិនត្រឹមជក់ញៀនមានទាំងរោគឆ្លង
រោយរុះលម្អង រំលងខែឆ្នាំ
នាងបាត់ស្ងាត់សូន្យពុកម៉ែរង់ចាំ
ម៉ែអើយព្រោះបកក្រោយលែងបាន។
បុប្ផាផ្លាស់ប្តូរ ពី មួយ ទៅមួយ
ជិវិតបណ្តោយឱ្យចប់សាមាន្យ
ភាពជានិស្សិតដែលធ្លាប់ចង់បាន
សល់ត្រឹមរយលានវិប្បដិសារី។
បុប្ផាអភ័ព្វ ឈរមាត់ទន្លេ
កូនមិនស្តាប់ម៉ែមិនថែច្បាប់ស្រី
ស្អប់ពាក្យប្រដៅលង់ក្នុងលោកីយ៍
កូនអើយធ្វើអ្វីកុំឱ្យហួសពេក។
នាងផ្តាំក្មេងៗក្រែងគិតខុសតាម
កុំភ្លេចខំច្បាមរៀនដើម្បីស្អែក
ចំណេះបានមាំទើបមានបង្អែក
កុំផ្លោះលឿនពេក ទឹកភ្នែកបងផ្តាំ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ