រឿង​៖ លើសពីមិត្ត

នៅចំកណ្តាលទីក្រុងភ្នំពេញ ចរាចរដ៏មមាញឹក ជាកន្លែងដែលអគារខ្ពស់ៗដាក់ស្រមោលវែងៗ ជះពន្លឺភ្លើងចម្រុះស៊ីវិល័យ គេបានមើលរំលងស្រមោលអព្ទងងឹតនៃភាពក្រីក្រក្នុងសង្កាត់ចុងកាត់មាត់ញកជាយក្រុងមាត់បឹង។

មុតាអាយុ​១៦ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​មួយ​ដែល​មាន​ការ​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ខិតខំចង់បានការងារមកជួយផ្គត់ផ្គង់​ជីវភាពគ្រួសារ​របស់​នាង។

មួយថ្ងៃៗរបស់នាងត្រូវបានចំណាយទៅលើការងារក្រៅម៉ោង ចាប់ពីការបម្រើកាហ្វេនៅហាង រហូតដល់រៀបចំ​ធ្នើរស្តុកទំនិញនៅSuper Market កាច់ជ្រុងផ្ទះ។

ទោះយ៉ាងណាក៏ដោយ ពេលយប់ជ្រៅនិមួយៗរបស់នាង​ពោរពេញ​ទៅដោយ​ក្តី​សុបិន។ មុតា ញញឹម​រង់ចាំការមកដល់​នៃ​អនាគត​ដ៏​ប្រសើរ​មួយសម្រាប់​គ្រប់គ្នាក្នុងផ្ទះនេះ ពិសេស​បុរសក្មេងជាមិត្ត​ស្និទ្ធបំផុតរបស់នាងក្នុងភូមិ ​ដែល​តែង​តែចូល​ចិត្ត​ងប់ងល់រឿងគូរ​គំនូរ។

មិត្តពីក្មេង​របស់​មុតាម្នាក់នេះ ឈ្មោះ វិចិត្រ ហៅក្រៅអេលិច អាយុ១៧ឆ្នាំ។ អេលិច​ត្រូវអ្នកភូមិផង​ចំអន់ថា គឺជាតារា ជាវិចិត្រករវ័យក្មេងម្នាក់ ដែលនឹង​បង្កើតកេរ្តិ៍ឈ្មោះសម្រាប់ភូមិមាត់បឹងដ៏ក្រីក្រនេះ។ គេមាន​ប៉ា​ជាគ្រូបង្រៀនបឋម និងអ្នកម្តាយកាត់ដេរ។

ចំណែកមុតាមានតែយាយនិងម្តាយ ប៉ានាង​ស្លាប់តាំងពីប្អូនទាំងពីររបស់នាង​នៅតូចៗ។ គ្រួសារ៥នាក់នេះ រស់នៅលំបាកខ្វះខាតមុខក្រោយ។

យាយនាង​និងម្តាយរបស់អេលិចជាអ្នកជិតខាងដែលមានទំនាក់ទំនងល្អណាស់ព្រោះម្តាយ​អេលិចជាមិត្ត​របស់ម្តាយមុតា​កាលពីនៅកុមារ។

ក្នុងកូនផ្ទះតូចរបស់អេលិច ពោរពេញទៅដោយផ្ទាំងក្រណាត់គំនូរ ជក់ចាស់ ការគូរដែលមិនទាន់រួចរាល់ និងស្នាមពណ៌ចម្រុះ។ ថ្វីដ្បិតតែអេលិចជាក្មេងខ្មែរដ៏មានទេពកោសល្យក៏ដោយ ក៏ពិភពសិល្បៈហាក់ព្រងើយកន្តើយនឹងចំណង់ចំណូលចិត្តផ្នែកគំនូរនេះ មិនដូចខាងចម្រៀងឬតែងនិពន្ធទេ។

ជារៀងរាល់ថ្ងៃមិត្ត​ភូមិផង​របងជាមួយទាំងពីររវល់នឹង​ការតស៊ូមិនឈប់ដើម្បីដោះស្រាយជីវភាព ហើយការពិតដ៏អាក្រក់នៃពួកគេ គឺការរស់នៅដើម្បីតែធ្វើការ ឯប្រាក់ខែមិនដែលគ្រប់សូម្បីតែមិនធ្លាប់ហូបឆ្ងាញ់ឬខ្ជះខ្ជាយអ្វី។ ទោះជាយ៉ាងណា​មុតានិងអេលិចតែងតែឈឺច្អាលចំពោះគ្នា ចូលរួមជួយលើកទឹកចិត្ត​ ដោះស្រាយការលំបាកឱ្យគ្នា ដូចជាល្ងាចនេះពេលដែលមុតា កំពុងប្រញាប់ប្រញាល់ចេញពីសាលា​ទៅកាន់ការងាររៀបចំស្តុក នាង​ប្រទះឃើញ ខិត្តប័ណ្ណអំពីគម្រោងសិល្បៈសហគមន៍មួយ នៅមជ្ឈមណ្ឌលអង្គការ​ក្នុងស្រុក។

ខិត្តប័ណ្ណនោះគូសបញ្ជាក់​សន្យាថា នឹងផ្តល់រង្វាន់២លានរៀល សម្រាប់ការគូរគំនូរជីវិតពិតក្នុងសហគមន៍ ដែលមានបង្កប់ជាពុទ្ធិ លើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យឆ្លងកាត់ការតស៊ូបាន​ល្អបំផុត។ នាងញញឹម​ហើយនឹកដល់អេលិច។ នេះជាឱកាស​ក្នុងការ​ជំរុញ អ្វីមួយដែលសែនមានន័យដល់ជីវិតរបស់មិត្ត​នាង។

មុតា​គិតយូរណាស់ពេលនាង​កំពុងរៀបចំស្តុក ហើយ​ពេលចប់ នាង​បានសម្រេចចិត្តមុតមាំថា ស្អែកអាទិត្យមុនទៅហាងកាហ្វេ​ នាង​នឹងដើរវាងកាត់តាម​មជ្ឈមណ្ឌលនោះសួរនាំផ្ទាល់អំពីការប្រលង​សម្រាប់អេលិច។

ពេល​នាង​ទៅ​ដល់​ក៏​ឃើញ​មជ្ឈមណ្ឌលមាន​ ​សកម្មភាព​មមារញឹក។ ការប្រលងបានផ្អើលដល់​ មនុស្សគ្រប់វ័យហើយពួកគេបានមកអង្គុយបង្វឹក​ការ​គូររូប គូរគំនូរ និងជជែកគ្នា។ មើលយូរៗទៅ មុតា បាន​ប្រទះ​ឃើញ អេលិច​ដែល​កំពុង​តែ​ឈ្ងោក​លើផ្ទាំង​គំនូរ​ធំ​មួយ​នៅ​ជ្រុងរបងសួន។ គេផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​រហូតដល់មិន​កត់​សម្គាល់​ឃើញ​នាង​កំពុង​មើលមកឡើយ។

«តើប្អូនប្រុសមកប្រលងការ​គូរនេះមានបំណងអ្វីដែរ?»នេះជាសំណួរនៃអ្នកបង្វឹកអំពីប្រធានបទលើកទឹកចិត្តបាន​ សួរ​ឡើង។

អេលិចនិយាយគ្រលរៗគ្រហែមៗថា៖

«បាទ! ខ្ញុំមាន​បំណងយកប្រាក់ទិញម៉ូតូតូចមួយឱ្យដល់មិត្តខ្ញុំម្នាក់! គេធ្វើការច្រើនកន្លែង  និងត្រូវ​ដើរទៅរៀនឆ្ងាយៗ​​គឺដើររហូត​!»

មុតាឮហើយ រំជួលចិត្តជាខ្លាំង។ ដោយមិនចង់រំខានការសន្ទនា​រវាងគេជាមួយគ្រូបង្វឹក ហើយដោយមុតា​ខ្លួនឯងក៏មិនមានពេលវេលាច្រើនផង នាងបាន​ចាកចេញមកវិញ ដោយដើរផងរំភើបផងព្រោះអេលិចបានដឹងអំពីព្រឹត្តិការណ៍នេះជាមុនទៅហើយ។

គ្រប់យ៉ាង​អេលិចមិនដែលនិយាយ ​ប៉ុន្តែគេតែងតែធ្វើសម្រាប់នាង ដូចជាកាលពីក្មេង​គេតែងតែឱ្យបាយឆារបស់គេមកនាង ព្រោះនាងឃ្លាន ឯគេកុហកនាង​ថាមិនសូវឃ្លាននោះទេ។ ពេលមានភ្លៀង ដើរមកផ្ទះវិញ មានអាវភ្លៀងតែមួយ អេលិចឱ្យមកមុតាជ្រក គេវិញដើរដោយក្លាហាន​មកផ្ទះទទឹកជោក ក្រោយមកក៏ឈឺគ្រុនញាក់។ នឹកដល់ត្រង់ណេះ មុតាខ្ទប់មាត់សើច។

ល្ងាចនោះដដែល មុតាត្រូវបានអេលិចប្រាប់ពីការប្រកួតគំនូរ។ នាង​បានញញឹម​ហើយលើកទឹកចិត្ត​គេថា ការសម្រេចចិត្ត​ចូលរួមប្រកួតជារឿងត្រឹមត្រូវណាស់។ ប៉ុន្តែអេលិចស្រពោនបន្តិច​ព្រោះគេនឹងខកការងារ​ថែមម៉ោង​នៅខាងដឹកជញ្ជូនExpress មួយខែជាង ព្រោះមួយថ្ងៃត្រូវមកគូរពីរម៉ោងនៅមជ្ឈមណ្ដលជាមួយគ្រូបង្វឹក។

មុតាបានអង្គុយក្បែរអេលិចនៅមាត់បឹងហើយប្រាប់គេថា ៖

«ត្រូវចាំថា ធ្វើអ្វីក៏ត្រូវលះបង់ដែរ! រាល់ការលំបាកដែលអេលិច​ធ្វើនៅពេលនេះ គឺជាការសន្សំឥដ្ឋម្តងមួយដុំទៅកសាងអនាគតដែលអេលិចចង់បាន! អេលិចនឹងទៅជាវិចិត្រករល្បី!»

«បើខ្ញុំមិនធ្វើការ ម្ហូបមិនគ្រប់ដល់ចុងខែទេ​! ប្អូនខ្ញុំ៥នាក់ ពួកវាទារលុយទៅរៀនទាំងអស់គ្នា! ហើយបើខ្ញុំទៅធ្វើការក្រោយពេលគូរ​គឺបាន តែយប់ជ្រៅណាស់បានចប់ គេងមិនគ្រប់ ស្អែកក្រោកទៅរៀនទៀត ដល់ចឹងដៃនេះនឹងញ័រ​ហើយខ្ញុំគូរមិនកើតទេតា! មិនទាន់និយាយជាមួយម៉ែទេ គាត់ប្រហែលជាឱ្យខ្ញុំ ប្រលងលើកក្រោយវិញ!»

ដើម្បីនៅទីនេះ លើកទឹកចិត្តឱ្យអេលិច​បានឆ្លងកាត់គ្រប់ឧបសគ្គនឹងបានឱកាសសាកល្បង​ មុតាបានព្យាយាមគិត។

«អ៊ីចេះទៅ អេលិចប្រាប់អ៊ំស្រីថា​ រាល់ល្ងាចគូរតែ៣០នាទីទេ ពេលអេលិចគូរចាំខ្ញុំទៅជំនួសនៅកន្លែងអេលិចឱ្យ​ហើយអេលិចឯងអាចយកប្រាក់ខែជូនអ៊ំបាន!»

ពួកគេទាំងពីរបានព្រមព្រៀងគ្នាធ្វើបែបនេះ ហើយអេឡិចតែងតែបានចូលទៅគូរជាទៀងទាត់នៅមជ្ឈមណ្ឌលអប់រំសហគមន៍ ចំណែកមុតាមុននឹងទៅធ្វើការ​នាងតែងដើរវាងមកកាត់តាមនោះព្រោះតែ ការចង់ដឹងចង់ឃើញស្នាដៃបន្តបន្ទាប់របស់អេលិច។

ពីមួយថ្ងៃទៅមួយថ្ងៃអេលិចទទួលបាន ការកោតសរសើរ ជានិច្ច​ពីមុតា​រហូត​ដល់ផ្ទាំងក្រណាត់ទទេធំមួយបានក្លាយទៅទិដ្ឋភាពបឹង​ដ៏រស់រវើក។ នៅពេលយប់ចប់ការងារ អេលិចតែងនៅចាំទទួលជូនមុតាមកផ្ទះវិញ​ហើយការជជែករបស់ពួកគេ ចែករំលែកនំចំណីបន្តិចបន្តួចដល់គ្នាតែងតែក្លាយទៅជារឿងប្រចាំសម្រាប់គ្នាទៅវិញទៅមក។

នៅមាត់បឹង​ត្រជាក់ៗ ពួកគេ​បាន​ចែករំលែក​បទពិសោធន៍នៅកន្លែងការងារក្រៅម៉ោង  ការគូរគំនូរនិង​ក្តី​សុបិន​របស់​មុតា ដែលចង់មានកូនផ្សារមួយ​ផ្ទាល់ខ្លួន ឯអេលិច​ចង់មានស្តង់គំនូរមួយលក់ក្បែរៗឬក្នុងផ្សារ​ជាមួយនាង​។

​ពួកគេ​ស្តាប់ពាក្យពេចន៍គ្នា​ទៅវិញទៅមក​​ដោយអត់ធ្មត់ ចងចាំ និងអធ្យាស្រ័យ យល់ចិត្ត​ខ្ពស់ បង្កជានិស្ស័យ​អាណិតស្រលាញ់ពិបាកនឹងបំភ្លេច បង្កើតជាខ្សែចំណង​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង​។

យប់មួយនៅក្រោមផ្ទៃមេឃដ៏ស្រពោនស្ងប់ស្ងាត់មួយ រំលេចដោយគ្រាប់ផ្កាយមួយអន្លើ មុតា និង អេលិចអង្គុយត្រសងជិតមាត់បឹង ។

ជើងរបស់ពួកគេ ដាក់ទៅក្នុងស្រទាប់ជលធាដ៏ត្រជាក់។

ភូមិពលករ​ដ៏ក្រក្រីរបស់ពួកគេ​សែន​ស្ងប់ស្ងាត់ មមើលពីនេះទៅ។ ពន្លឺភ្លើងជះតិចៗក្រោមតំណក់រលឹមស្រិចៗ ។

មុតាផ្តោតការក្រឡេកមើលទៅលើរលក​ខ្មៅស្រអាប់នាផ្ទៃបឹង សំឡេងរបស់នាងទន់ភ្លន់ និងស្ទាក់ស្ទើរ៖ «ម៉ាក់… គាត់ចង់ឱ្យខ្ញុំឈប់រៀន»

នាងនិយាយទាំងអួល។ ពាក្យសំដីរបស់នាង បង្ហាញពីអារម្មណ៍ក្តុកក្តួល ដែលសែនស្រណោះសម្រាប់អេលិចមកឮក្នុងពេលយប់ដ៏ត្រជាក់កម្សត់។

«យាយខ្ញុំឈឺពេក… ម៉ាក់ចង់យកគាត់ទៅព្យាបាល​យើងត្រូវការលុយសោហ៊ុយ​ ហើយខ្ញុំ… ខ្ញុំនឹងត្រូវធ្វើការនៅរោងចក្រ»

អាលិចបានស្តាប់ឮហើយ បេះដូងរបស់គេ​សោយសោក​ ព្រោះប្រុសដឹងថា មុតាម្នាក់នេះមានក្តីស្រមៃចង់ក្លាយជាអ្នកនាំភ្ញៀវទេសចរ ចង់និយាយអង់គ្លេសចង់រៀនបានខ្ពស់ដល់មហាវិទ្យាល័យ។

ជាមិត្តម្នាក់ដែលបានមើលឃើញការតស៊ូរបស់នាងក្នុងភាពស្ងប់ស្ងាត់ដែលគេតែងតែកោតសរសើរថានាងជាកំពូលអ្នកលើកទឹកចិត្ត​ក្មេងក្រីក្រ​ដទៃ ពេលនេះនាងមានវិបត្តិហើយ។

គ្មានវិបត្តិណាធំជាងការបោះបង់ចោលក្តីស្រមៃនោះទេ។

«ទេ! មុតា នឹងមិនឈប់រៀនទេ»  

អេលិចឆ្លើយខ្លីហើយឈប់បន្តិច មុនពេលដែលសំឡេងរបស់គេវាចាក្នុងសព្ទសន្យាស្រាលៗថេរ៖

«ខ្ញុំនឹងប្រលងគំនូរចប់អាទិត្យក្រោយ ហើយទៅធ្វើការពេលយប់ថែមពីរម៉ោងនៅតូបអ៊ុំពងទាកូន! ខ្ញុំនឹងជួយលុយ​ម្តាយរបស់មុតា​យកយាយទៅពេទ្យ!»

មុតាងក់ក្បាល ភ្នែករបស់នាងភ្លឺឡើង៖

«ខ្ញុំធ្វើដែរ​លាងចាននៅនុះ!»

«តែម៉ោង១យប់បានចប់ណ៎ា!»អេលិចខ្សឹប។

«ហឹម! ​បើ​ខ្ញុំ​មិន​បានរៀនទៀត​… ខ្ញុំ​សុខ​ចិត្ត​ធ្លាក់​ទៅក្នុង​បាត​បឹង​នេះអេលិច»។

អេលិច លូកដៃទៅចាប់ដៃនាង ម្រាមដៃរបស់ពួកគេជាប់គ្នារាប់នាទីព្រោះនាងយំនិងមិនបដិសេធទេ។ អេលិចសន្យាស្អកស្អា៖

«បើមុតាលោត  ខ្ញុំនឹងលោតទៅតាម ព្រោះខ្ញុំត្រូវទាញមុតាឡើងមកវិញ!»

ក្មេងជំទង់សម្លឹងមើលគ្នាទៅវិញទៅមក ខណៈដែលបឹងនិងពិភពលោកនេះទាំងមូលហាក់ដូចជា ទប់ដង្ហើម​បង្ខាំងពេលវេលាមិនរំខានមនោសញ្ចេតនារបស់គេទាំងពីរឡើយ។

អ្វីដែលពួកគេ​មាន​ឱ្យគ្នា​ វាច្រើនជាងពាក្យថាមិត្តភក្តិ។ ពួកគេ មាន​បេះដូងពីរដែលប៉ះពាល់គ្នា​ទៅវិញទៅមកដោយមិនចាំបាច់ធ្វើកាយវិកា​រ។

សប្តាហ៍ថ្មីចូលមកដល់ ជាថ្ងៃផុតកំណត់នៃគម្រោងសិល្បៈគំនូរអនាម័យ​សហគមន៍ ផ្ទាំងគំនូររបស់ អេលិចបានលេចចេញជារូបរាង ទទួលបានការចាប់ចិត្ត និងស្ងើចសរសើរយ៉ាងខ្លាំងតែលែងមានអ្នកណាបានឃើញវាទៀតហើយព្រោះគេរង់ចាំបង្ហាញនៅថ្ងៃប្រកួត។

នៅពេលថ្ងៃប្រលងផ្តាច់ព្រ័ត្របានឈានមកដល់ ក្នុងពិធីតាំងពិពណ៌អ៊ឹកអធឹកមកដល់ ស្នាដៃសិល្បៈរបស់ពួកគេត្រូវបានបង្ហាញដោយមោទនភាព។ អ្នកដាក់ពិន្ទុ គឺជាមន្ត្រី និងសកម្មជន​លើកទឹកចិត្ត នៃអង្គការសហប្រជាជាតិ។

ព្រះអាទិត្យ​ពេល​រសៀល ​​បាន​ឆ្លុះ​បញ្ចាំង​តាម​បង្អួច​វិចិត្រសាល ដែល​បញ្ចេញ​ពន្លឺ​ដ៏​កក់ក្តៅ​នាបណ្តាជញ្ជាំងតុបតែង ពោរពេញ​ដោយ​សិល្បៈ។

អេលិច​ឈរ​ដោយលាក់កំបាំងចិត្ត​អន្ទះសារ ​ភ័យបារម្ភ​​នៅ​ពី​មុខ​គំនូរ ​ហើយបេះដូង​គេលោត​ញាប់​ពេល​គេកំពុង​កែ​សម្រួល​ស៊ុម​ជា​លើក​ចុង​ក្រោយមុនមនុស្សម្នាចូលមកមើល ស្នាដៃសិល្បៈនេះ។

អស្ចារ្យណាស់ ពេលដែលទ្រនិចនាឡិកាដល់កំណត់ ទ្វារក៏របើកមកក្នុង ឯមនុស្ស​​គ្រប់គ្នាក៏ត្រូវបានអនុញ្ញាតឱ្យចូលមក។

មុតា​នៅភាំងនឹង​ទិដ្ឋភាពគំនូរធំមួយផុតក្បាលរបស់នាង គឺ ក្មេងប្រុសម្នាក់បានមុជចុះទៅក្នុងបឹងដ៏ភ្លឺស្វាង ដៃរបស់គេបានលាតទៅជួយក្មេងស្រីដែលកំពុងតស៊ូនៅក្នុងទឹកជ្រៅ។

អារម្មណ៍ដែលចាប់មកក្នុងសង្វាក់ពណ៌គំនូរខៀវ និងចង្វាក់បេះដូងអ្នកទស្សនា​បានបង្កើតជាការទះដៃអបអររំពងឡើងជាមួយទស្សនិកជន ខណៈអេលិចនិងមុតា​សម្លឹងមុខគ្នា​ដោយអារម្មណ៍យ៉ាងពិសេស។

នៅពេលចៅក្រមប្រកាសអ្នកឈ្នះ ដង្ហើមរបស់អេលិចសឹង ជាប់កកស្ទះក្នុងបំពង់ក។

«ហើយពានរង្វាន់សម្រាប់សិល្បករវ័យក្មេងល្អបំផុតបានទៅ… ប៉ែន វិចិត្រ​ហៅអេលិច!»

សាលទាំងមូលរំពងទៅដោយស្នូរទះដៃនិងសន្ធឹកចុចថត។

តែអ្វីដែលអេលិចអាចផ្តោតទៅពេលនេះ គឺមុតាដែលឈរនៅក្នុងហ្វូងមនុស្ស ភ្នែករបស់នាងចិញ្ចាចសែនរំភើបរវាងទិដ្ឋភាព​ដែលនាង​សឹងមិនជឿត្រចៀកខ្លួនឯង។

ស្រីតូច​ប្រញាប់វែកមនុស្ស​ចូលទៅរក​អេលិច។ ទាំងទឹកភ្នែកស្រក់នៅពេលនាងឈរថតកពីមុខផ្ទាំងគំនូរដែលប្រាប់ពីរឿងពួកគេបាននិយាយមិនឱ្យអ្នកណាដឹងពេលណា​បាននាំអេលិចឱ្យឈ្នះពាន។

«គូរឱ្យខ្ញុំមែនទេ?»

នាង​សួរដោយខ្សឹបនិងមាន​សព្ទ សំឡេងញាប់ញ័រដោយអារម្មណ៍រំភើប​។ អាឡិចងក់ក្បាល ទ្រូងរបស់គេប៉ោង​ដោយអារម្មណ៍មាន​មោទនភាព និងក្តីស្រលាញ់។

«ខ្ញុំចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំ ថា​ ខ្ញុំនឹងនៅចំពោះមុខមុតា​ដើម្បីជួយមុតាជានិច្ច ទោះបីជាមានបញ្ហាអ្វីក៏ដោយ!» ទឹកភ្នែករបស់ មុតា ហូរមករហាម​តែចាំងភ្លឺដូចពេជ្រនៅលើថ្ពាល់របស់នាង។

«គូរបានស្អាតណាស់!»

នាងនិយាយទាំងសំឡេងបែកៗស្អកៗ ពោរពេញដោយការដឹងគុណ និងស្ញប់ស្ញែង។ ទិដ្ឋភាពមួយដែលហ៊ុំព័ទ្ធដោយស្នូរទះដៃ និងគំនូរពណ៌ខៀវដ៏រស់រវើក អេលិចបានដឹងថាជីវិតនេះគេតែងយល់ខុសថា គំនូរជាសង្សាររបស់គេ តាមពិត​មុតាទើបជាម្ចាស់នៃគំនិតក្នុងគំនូរមួយនេះ។

«វា​ជា​សក្ខីភាព​មួយ​ចំពោះ​ចំណង​មិត្តភាព​របស់​ពួកខ្ញុំ! ជា ការ​សន្យា​នៃ​ការ​គាំទ្រ  តស៊ូ លើកទឹកចិត្ត​និង​សេចក្តី​ស្រឡាញ់​ដែល​មិន​​រវើរវាយតាំងពីយូរណាស់មកហើយ!»

គ្រប់គ្នា​ក្នុងភូមិ មិនមាន​អ្នកណាជំទាស់ទេ បែរជាម្នាក់ៗបានស្ងើចសរសើរចំពោះភាពស៊ីជម្រៅ និងអារម្មណ៍ដែលបង្កប់នៅក្នុងគំនូរគេទាំងពីរ។

ហើយស្អែកឡើង អេលិច​បានចែករង្វាន់ប្រាក់នោះទៅម្តាយមុតាពាក់កណ្តាលជាថ្លៃព្យាបាលយាយនាង ​ហើយអេលិចអះអាងថា បើមិនមាន​មុតាទេ គេនេះក៏មិនអាចរកឃើញអ្វីមួយមកគូរបានល្អយ៉ាងនេះដែរ។

​មិត្តភាព​របស់​ពួកគេ​បាន​រីកចម្រើន​ទៅជា​អ្វី​ដែល​កាន់តែ​ស៊ីជម្រៅ ហើយមិនយូរប៉ុន្មានទេ ​អេលិចបានទទួលឱកាសចេញទៅចែករំលែកអំពីគំនូរខ្មែរនៅប្រទេស​បារាំង។ នៅទីនោះ គេបានទាក់ទងការងារខ្លះហើយ​បន្តការស្នាក់នៅ ដោយតាំងចិត្ត​ខិតខំធ្វើការជាខ្លាំង ​ខណៈដែលនៅស្រុកខ្មែរ​ មុតាបានប្រលងជាប់សញ្ញាប័ត្រមធ្យសិក្សា​ទុតិយភូមិ។

ក្រោមការជ្រោមជ្រែងហិរញ្ញវត្ថុរបស់អេលិច នាងក៏អាចមមានលទ្ធភាពចូលមហាវិទ្យាល័យបាន។

បីឆ្នាំក្រោយមក ពួកគេ​បានសម្រេចកសាងគ្រួសារហើយមានកូនផ្ទះមួយរស់នៅសមរម្យក្រោយរៀបការ​។

នៅថ្ងៃមួយ នៅពេលពួកគេឈរជាមួយគ្នា ក្រឡេកមើលទៅភូមិចាស់ដែលធ្លាប់តែមានសភាពទ្រុឌទ្រោម ពួកគេបានយល់ដូចគ្នា​ថា គ្រប់បញ្ហាប្រឈមក្នុងជីវិត អាចនឹងត្រូវបានបន្ទន់ដោយចំណងចិត្ត​ ដែលស្មោះ ជួយគ្នា ដើមម្បីបង្កើត និងបន្តក្តីសុបិនដែលយើងហ៊ានធ្វើហ៊ានសម្រេចចិត្ត​៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*