នៅចំកណ្តាលទីក្រុងភ្នំពេញ ចរាចរដ៏មមាញឹក ជាកន្លែងដែលអគារខ្ពស់ៗដាក់ស្រមោលវែងៗ ជះពន្លឺភ្លើងចម្រុះស៊ីវិល័យ គេបានមើលរំលងស្រមោលអព្ទងងឹតនៃភាពក្រីក្រក្នុងសង្កាត់ចុងកាត់មាត់ញកជាយក្រុងមាត់បឹង។
មុតាអាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យមួយដែលមានការតាំងចិត្តយ៉ាងខ្លាំងក្នុងការខិតខំចង់បានការងារមកជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់នាង។
មួយថ្ងៃៗរបស់នាងត្រូវបានចំណាយទៅលើការងារក្រៅម៉ោង ចាប់ពីការបម្រើកាហ្វេនៅហាង រហូតដល់រៀបចំធ្នើរស្តុកទំនិញនៅSuper Market កាច់ជ្រុងផ្ទះ។
ទោះយ៉ាងណាក៏ដោយ ពេលយប់ជ្រៅនិមួយៗរបស់នាងពោរពេញទៅដោយក្តីសុបិន។ មុតា ញញឹមរង់ចាំការមកដល់នៃអនាគតដ៏ប្រសើរមួយសម្រាប់គ្រប់គ្នាក្នុងផ្ទះនេះ ពិសេសបុរសក្មេងជាមិត្តស្និទ្ធបំផុតរបស់នាងក្នុងភូមិ ដែលតែងតែចូលចិត្តងប់ងល់រឿងគូរគំនូរ។
មិត្តពីក្មេងរបស់មុតាម្នាក់នេះ ឈ្មោះ វិចិត្រ ហៅក្រៅអេលិច អាយុ១៧ឆ្នាំ។ អេលិចត្រូវអ្នកភូមិផងចំអន់ថា គឺជាតារា ជាវិចិត្រករវ័យក្មេងម្នាក់ ដែលនឹងបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ភូមិមាត់បឹងដ៏ក្រីក្រនេះ។ គេមានប៉ាជាគ្រូបង្រៀនបឋម និងអ្នកម្តាយកាត់ដេរ។
ចំណែកមុតាមានតែយាយនិងម្តាយ ប៉ានាងស្លាប់តាំងពីប្អូនទាំងពីររបស់នាងនៅតូចៗ។ គ្រួសារ៥នាក់នេះ រស់នៅលំបាកខ្វះខាតមុខក្រោយ។
យាយនាងនិងម្តាយរបស់អេលិចជាអ្នកជិតខាងដែលមានទំនាក់ទំនងល្អណាស់ព្រោះម្តាយអេលិចជាមិត្តរបស់ម្តាយមុតាកាលពីនៅកុមារ។
ក្នុងកូនផ្ទះតូចរបស់អេលិច ពោរពេញទៅដោយផ្ទាំងក្រណាត់គំនូរ ជក់ចាស់ ការគូរដែលមិនទាន់រួចរាល់ និងស្នាមពណ៌ចម្រុះ។ ថ្វីដ្បិតតែអេលិចជាក្មេងខ្មែរដ៏មានទេពកោសល្យក៏ដោយ ក៏ពិភពសិល្បៈហាក់ព្រងើយកន្តើយនឹងចំណង់ចំណូលចិត្តផ្នែកគំនូរនេះ មិនដូចខាងចម្រៀងឬតែងនិពន្ធទេ។
ជារៀងរាល់ថ្ងៃមិត្តភូមិផងរបងជាមួយទាំងពីររវល់នឹងការតស៊ូមិនឈប់ដើម្បីដោះស្រាយជីវភាព ហើយការពិតដ៏អាក្រក់នៃពួកគេ គឺការរស់នៅដើម្បីតែធ្វើការ ឯប្រាក់ខែមិនដែលគ្រប់សូម្បីតែមិនធ្លាប់ហូបឆ្ងាញ់ឬខ្ជះខ្ជាយអ្វី។ ទោះជាយ៉ាងណាមុតានិងអេលិចតែងតែឈឺច្អាលចំពោះគ្នា ចូលរួមជួយលើកទឹកចិត្ត ដោះស្រាយការលំបាកឱ្យគ្នា ដូចជាល្ងាចនេះពេលដែលមុតា កំពុងប្រញាប់ប្រញាល់ចេញពីសាលាទៅកាន់ការងាររៀបចំស្តុក នាងប្រទះឃើញ ខិត្តប័ណ្ណអំពីគម្រោងសិល្បៈសហគមន៍មួយ នៅមជ្ឈមណ្ឌលអង្គការក្នុងស្រុក។
ខិត្តប័ណ្ណនោះគូសបញ្ជាក់សន្យាថា នឹងផ្តល់រង្វាន់២លានរៀល សម្រាប់ការគូរគំនូរជីវិតពិតក្នុងសហគមន៍ ដែលមានបង្កប់ជាពុទ្ធិ លើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យឆ្លងកាត់ការតស៊ូបានល្អបំផុត។ នាងញញឹមហើយនឹកដល់អេលិច។ នេះជាឱកាសក្នុងការជំរុញ អ្វីមួយដែលសែនមានន័យដល់ជីវិតរបស់មិត្តនាង។
មុតាគិតយូរណាស់ពេលនាងកំពុងរៀបចំស្តុក ហើយពេលចប់ នាងបានសម្រេចចិត្តមុតមាំថា ស្អែកអាទិត្យមុនទៅហាងកាហ្វេ នាងនឹងដើរវាងកាត់តាមមជ្ឈមណ្ឌលនោះសួរនាំផ្ទាល់អំពីការប្រលងសម្រាប់អេលិច។
ពេលនាងទៅដល់ក៏ឃើញមជ្ឈមណ្ឌលមាន សកម្មភាពមមារញឹក។ ការប្រលងបានផ្អើលដល់ មនុស្សគ្រប់វ័យហើយពួកគេបានមកអង្គុយបង្វឹកការគូររូប គូរគំនូរ និងជជែកគ្នា។ មើលយូរៗទៅ មុតា បានប្រទះឃើញ អេលិចដែលកំពុងតែឈ្ងោកលើផ្ទាំងគំនូរធំមួយនៅជ្រុងរបងសួន។ គេផ្តោតអារម្មណ៍យ៉ាងខ្លាំងរហូតដល់មិនកត់សម្គាល់ឃើញនាងកំពុងមើលមកឡើយ។
«តើប្អូនប្រុសមកប្រលងការគូរនេះមានបំណងអ្វីដែរ?»នេះជាសំណួរនៃអ្នកបង្វឹកអំពីប្រធានបទលើកទឹកចិត្តបាន សួរឡើង។
អេលិចនិយាយគ្រលរៗគ្រហែមៗថា៖
«បាទ! ខ្ញុំមានបំណងយកប្រាក់ទិញម៉ូតូតូចមួយឱ្យដល់មិត្តខ្ញុំម្នាក់! គេធ្វើការច្រើនកន្លែង និងត្រូវដើរទៅរៀនឆ្ងាយៗគឺដើររហូត!»
មុតាឮហើយ រំជួលចិត្តជាខ្លាំង។ ដោយមិនចង់រំខានការសន្ទនារវាងគេជាមួយគ្រូបង្វឹក ហើយដោយមុតាខ្លួនឯងក៏មិនមានពេលវេលាច្រើនផង នាងបានចាកចេញមកវិញ ដោយដើរផងរំភើបផងព្រោះអេលិចបានដឹងអំពីព្រឹត្តិការណ៍នេះជាមុនទៅហើយ។
គ្រប់យ៉ាងអេលិចមិនដែលនិយាយ ប៉ុន្តែគេតែងតែធ្វើសម្រាប់នាង ដូចជាកាលពីក្មេងគេតែងតែឱ្យបាយឆារបស់គេមកនាង ព្រោះនាងឃ្លាន ឯគេកុហកនាងថាមិនសូវឃ្លាននោះទេ។ ពេលមានភ្លៀង ដើរមកផ្ទះវិញ មានអាវភ្លៀងតែមួយ អេលិចឱ្យមកមុតាជ្រក គេវិញដើរដោយក្លាហានមកផ្ទះទទឹកជោក ក្រោយមកក៏ឈឺគ្រុនញាក់។ នឹកដល់ត្រង់ណេះ មុតាខ្ទប់មាត់សើច។
ល្ងាចនោះដដែល មុតាត្រូវបានអេលិចប្រាប់ពីការប្រកួតគំនូរ។ នាងបានញញឹមហើយលើកទឹកចិត្តគេថា ការសម្រេចចិត្តចូលរួមប្រកួតជារឿងត្រឹមត្រូវណាស់។ ប៉ុន្តែអេលិចស្រពោនបន្តិចព្រោះគេនឹងខកការងារថែមម៉ោងនៅខាងដឹកជញ្ជូនExpress មួយខែជាង ព្រោះមួយថ្ងៃត្រូវមកគូរពីរម៉ោងនៅមជ្ឈមណ្ដលជាមួយគ្រូបង្វឹក។
មុតាបានអង្គុយក្បែរអេលិចនៅមាត់បឹងហើយប្រាប់គេថា ៖
«ត្រូវចាំថា ធ្វើអ្វីក៏ត្រូវលះបង់ដែរ! រាល់ការលំបាកដែលអេលិចធ្វើនៅពេលនេះ គឺជាការសន្សំឥដ្ឋម្តងមួយដុំទៅកសាងអនាគតដែលអេលិចចង់បាន! អេលិចនឹងទៅជាវិចិត្រករល្បី!»
«បើខ្ញុំមិនធ្វើការ ម្ហូបមិនគ្រប់ដល់ចុងខែទេ! ប្អូនខ្ញុំ៥នាក់ ពួកវាទារលុយទៅរៀនទាំងអស់គ្នា! ហើយបើខ្ញុំទៅធ្វើការក្រោយពេលគូរគឺបាន តែយប់ជ្រៅណាស់បានចប់ គេងមិនគ្រប់ ស្អែកក្រោកទៅរៀនទៀត ដល់ចឹងដៃនេះនឹងញ័រហើយខ្ញុំគូរមិនកើតទេតា! មិនទាន់និយាយជាមួយម៉ែទេ គាត់ប្រហែលជាឱ្យខ្ញុំ ប្រលងលើកក្រោយវិញ!»
ដើម្បីនៅទីនេះ លើកទឹកចិត្តឱ្យអេលិចបានឆ្លងកាត់គ្រប់ឧបសគ្គនឹងបានឱកាសសាកល្បង មុតាបានព្យាយាមគិត។
«អ៊ីចេះទៅ អេលិចប្រាប់អ៊ំស្រីថា រាល់ល្ងាចគូរតែ៣០នាទីទេ ពេលអេលិចគូរចាំខ្ញុំទៅជំនួសនៅកន្លែងអេលិចឱ្យហើយអេលិចឯងអាចយកប្រាក់ខែជូនអ៊ំបាន!»
ពួកគេទាំងពីរបានព្រមព្រៀងគ្នាធ្វើបែបនេះ ហើយអេឡិចតែងតែបានចូលទៅគូរជាទៀងទាត់នៅមជ្ឈមណ្ឌលអប់រំសហគមន៍ ចំណែកមុតាមុននឹងទៅធ្វើការនាងតែងដើរវាងមកកាត់តាមនោះព្រោះតែ ការចង់ដឹងចង់ឃើញស្នាដៃបន្តបន្ទាប់របស់អេលិច។
ពីមួយថ្ងៃទៅមួយថ្ងៃអេលិចទទួលបាន ការកោតសរសើរ ជានិច្ចពីមុតារហូតដល់ផ្ទាំងក្រណាត់ទទេធំមួយបានក្លាយទៅទិដ្ឋភាពបឹងដ៏រស់រវើក។ នៅពេលយប់ចប់ការងារ អេលិចតែងនៅចាំទទួលជូនមុតាមកផ្ទះវិញហើយការជជែករបស់ពួកគេ ចែករំលែកនំចំណីបន្តិចបន្តួចដល់គ្នាតែងតែក្លាយទៅជារឿងប្រចាំសម្រាប់គ្នាទៅវិញទៅមក។
នៅមាត់បឹងត្រជាក់ៗ ពួកគេបានចែករំលែកបទពិសោធន៍នៅកន្លែងការងារក្រៅម៉ោង ការគូរគំនូរនិងក្តីសុបិនរបស់មុតា ដែលចង់មានកូនផ្សារមួយផ្ទាល់ខ្លួន ឯអេលិចចង់មានស្តង់គំនូរមួយលក់ក្បែរៗឬក្នុងផ្សារជាមួយនាង។
ពួកគេស្តាប់ពាក្យពេចន៍គ្នាទៅវិញទៅមកដោយអត់ធ្មត់ ចងចាំ និងអធ្យាស្រ័យ យល់ចិត្តខ្ពស់ បង្កជានិស្ស័យអាណិតស្រលាញ់ពិបាកនឹងបំភ្លេច បង្កើតជាខ្សែចំណងទំនាក់ទំនងកាន់តែខ្លាំងឡើង។
យប់មួយនៅក្រោមផ្ទៃមេឃដ៏ស្រពោនស្ងប់ស្ងាត់មួយ រំលេចដោយគ្រាប់ផ្កាយមួយអន្លើ មុតា និង អេលិចអង្គុយត្រសងជិតមាត់បឹង ។
ជើងរបស់ពួកគេ ដាក់ទៅក្នុងស្រទាប់ជលធាដ៏ត្រជាក់។
ភូមិពលករដ៏ក្រក្រីរបស់ពួកគេសែនស្ងប់ស្ងាត់ មមើលពីនេះទៅ។ ពន្លឺភ្លើងជះតិចៗក្រោមតំណក់រលឹមស្រិចៗ ។
មុតាផ្តោតការក្រឡេកមើលទៅលើរលកខ្មៅស្រអាប់នាផ្ទៃបឹង សំឡេងរបស់នាងទន់ភ្លន់ និងស្ទាក់ស្ទើរ៖ «ម៉ាក់… គាត់ចង់ឱ្យខ្ញុំឈប់រៀន»
នាងនិយាយទាំងអួល។ ពាក្យសំដីរបស់នាង បង្ហាញពីអារម្មណ៍ក្តុកក្តួល ដែលសែនស្រណោះសម្រាប់អេលិចមកឮក្នុងពេលយប់ដ៏ត្រជាក់កម្សត់។
«យាយខ្ញុំឈឺពេក… ម៉ាក់ចង់យកគាត់ទៅព្យាបាលយើងត្រូវការលុយសោហ៊ុយ ហើយខ្ញុំ… ខ្ញុំនឹងត្រូវធ្វើការនៅរោងចក្រ»
អាលិចបានស្តាប់ឮហើយ បេះដូងរបស់គេសោយសោក ព្រោះប្រុសដឹងថា មុតាម្នាក់នេះមានក្តីស្រមៃចង់ក្លាយជាអ្នកនាំភ្ញៀវទេសចរ ចង់និយាយអង់គ្លេសចង់រៀនបានខ្ពស់ដល់មហាវិទ្យាល័យ។
ជាមិត្តម្នាក់ដែលបានមើលឃើញការតស៊ូរបស់នាងក្នុងភាពស្ងប់ស្ងាត់ដែលគេតែងតែកោតសរសើរថានាងជាកំពូលអ្នកលើកទឹកចិត្តក្មេងក្រីក្រដទៃ ពេលនេះនាងមានវិបត្តិហើយ។
គ្មានវិបត្តិណាធំជាងការបោះបង់ចោលក្តីស្រមៃនោះទេ។
«ទេ! មុតា នឹងមិនឈប់រៀនទេ»
អេលិចឆ្លើយខ្លីហើយឈប់បន្តិច មុនពេលដែលសំឡេងរបស់គេវាចាក្នុងសព្ទសន្យាស្រាលៗថេរ៖
«ខ្ញុំនឹងប្រលងគំនូរចប់អាទិត្យក្រោយ ហើយទៅធ្វើការពេលយប់ថែមពីរម៉ោងនៅតូបអ៊ុំពងទាកូន! ខ្ញុំនឹងជួយលុយម្តាយរបស់មុតាយកយាយទៅពេទ្យ!»
មុតាងក់ក្បាល ភ្នែករបស់នាងភ្លឺឡើង៖
«ខ្ញុំធ្វើដែរលាងចាននៅនុះ!»
«តែម៉ោង១យប់បានចប់ណ៎ា!»អេលិចខ្សឹប។
«ហឹម! បើខ្ញុំមិនបានរៀនទៀត… ខ្ញុំសុខចិត្តធ្លាក់ទៅក្នុងបាតបឹងនេះអេលិច»។
អេលិច លូកដៃទៅចាប់ដៃនាង ម្រាមដៃរបស់ពួកគេជាប់គ្នារាប់នាទីព្រោះនាងយំនិងមិនបដិសេធទេ។ អេលិចសន្យាស្អកស្អា៖
«បើមុតាលោត ខ្ញុំនឹងលោតទៅតាម ព្រោះខ្ញុំត្រូវទាញមុតាឡើងមកវិញ!»
ក្មេងជំទង់សម្លឹងមើលគ្នាទៅវិញទៅមក ខណៈដែលបឹងនិងពិភពលោកនេះទាំងមូលហាក់ដូចជា ទប់ដង្ហើមបង្ខាំងពេលវេលាមិនរំខានមនោសញ្ចេតនារបស់គេទាំងពីរឡើយ។
អ្វីដែលពួកគេមានឱ្យគ្នា វាច្រើនជាងពាក្យថាមិត្តភក្តិ។ ពួកគេ មានបេះដូងពីរដែលប៉ះពាល់គ្នាទៅវិញទៅមកដោយមិនចាំបាច់ធ្វើកាយវិការ។
សប្តាហ៍ថ្មីចូលមកដល់ ជាថ្ងៃផុតកំណត់នៃគម្រោងសិល្បៈគំនូរអនាម័យសហគមន៍ ផ្ទាំងគំនូររបស់ អេលិចបានលេចចេញជារូបរាង ទទួលបានការចាប់ចិត្ត និងស្ងើចសរសើរយ៉ាងខ្លាំងតែលែងមានអ្នកណាបានឃើញវាទៀតហើយព្រោះគេរង់ចាំបង្ហាញនៅថ្ងៃប្រកួត។
នៅពេលថ្ងៃប្រលងផ្តាច់ព្រ័ត្របានឈានមកដល់ ក្នុងពិធីតាំងពិពណ៌អ៊ឹកអធឹកមកដល់ ស្នាដៃសិល្បៈរបស់ពួកគេត្រូវបានបង្ហាញដោយមោទនភាព។ អ្នកដាក់ពិន្ទុ គឺជាមន្ត្រី និងសកម្មជនលើកទឹកចិត្ត នៃអង្គការសហប្រជាជាតិ។
ព្រះអាទិត្យពេលរសៀល បានឆ្លុះបញ្ចាំងតាមបង្អួចវិចិត្រសាល ដែលបញ្ចេញពន្លឺដ៏កក់ក្តៅនាបណ្តាជញ្ជាំងតុបតែង ពោរពេញដោយសិល្បៈ។
អេលិចឈរដោយលាក់កំបាំងចិត្តអន្ទះសារ ភ័យបារម្ភនៅពីមុខគំនូរ ហើយបេះដូងគេលោតញាប់ពេលគេកំពុងកែសម្រួលស៊ុមជាលើកចុងក្រោយមុនមនុស្សម្នាចូលមកមើល ស្នាដៃសិល្បៈនេះ។
អស្ចារ្យណាស់ ពេលដែលទ្រនិចនាឡិកាដល់កំណត់ ទ្វារក៏របើកមកក្នុង ឯមនុស្សគ្រប់គ្នាក៏ត្រូវបានអនុញ្ញាតឱ្យចូលមក។
មុតានៅភាំងនឹងទិដ្ឋភាពគំនូរធំមួយផុតក្បាលរបស់នាង គឺ ក្មេងប្រុសម្នាក់បានមុជចុះទៅក្នុងបឹងដ៏ភ្លឺស្វាង ដៃរបស់គេបានលាតទៅជួយក្មេងស្រីដែលកំពុងតស៊ូនៅក្នុងទឹកជ្រៅ។
អារម្មណ៍ដែលចាប់មកក្នុងសង្វាក់ពណ៌គំនូរខៀវ និងចង្វាក់បេះដូងអ្នកទស្សនាបានបង្កើតជាការទះដៃអបអររំពងឡើងជាមួយទស្សនិកជន ខណៈអេលិចនិងមុតាសម្លឹងមុខគ្នាដោយអារម្មណ៍យ៉ាងពិសេស។
នៅពេលចៅក្រមប្រកាសអ្នកឈ្នះ ដង្ហើមរបស់អេលិចសឹង ជាប់កកស្ទះក្នុងបំពង់ក។
«ហើយពានរង្វាន់សម្រាប់សិល្បករវ័យក្មេងល្អបំផុតបានទៅ… ប៉ែន វិចិត្រហៅអេលិច!»
សាលទាំងមូលរំពងទៅដោយស្នូរទះដៃនិងសន្ធឹកចុចថត។
តែអ្វីដែលអេលិចអាចផ្តោតទៅពេលនេះ គឺមុតាដែលឈរនៅក្នុងហ្វូងមនុស្ស ភ្នែករបស់នាងចិញ្ចាចសែនរំភើបរវាងទិដ្ឋភាពដែលនាងសឹងមិនជឿត្រចៀកខ្លួនឯង។
ស្រីតូចប្រញាប់វែកមនុស្សចូលទៅរកអេលិច។ ទាំងទឹកភ្នែកស្រក់នៅពេលនាងឈរថតកពីមុខផ្ទាំងគំនូរដែលប្រាប់ពីរឿងពួកគេបាននិយាយមិនឱ្យអ្នកណាដឹងពេលណាបាននាំអេលិចឱ្យឈ្នះពាន។
«គូរឱ្យខ្ញុំមែនទេ?»
នាងសួរដោយខ្សឹបនិងមានសព្ទ សំឡេងញាប់ញ័រដោយអារម្មណ៍រំភើប។ អាឡិចងក់ក្បាល ទ្រូងរបស់គេប៉ោងដោយអារម្មណ៍មានមោទនភាព និងក្តីស្រលាញ់។
«ខ្ញុំចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំ ថា ខ្ញុំនឹងនៅចំពោះមុខមុតាដើម្បីជួយមុតាជានិច្ច ទោះបីជាមានបញ្ហាអ្វីក៏ដោយ!» ទឹកភ្នែករបស់ មុតា ហូរមករហាមតែចាំងភ្លឺដូចពេជ្រនៅលើថ្ពាល់របស់នាង។
«គូរបានស្អាតណាស់!»
នាងនិយាយទាំងសំឡេងបែកៗស្អកៗ ពោរពេញដោយការដឹងគុណ និងស្ញប់ស្ញែង។ ទិដ្ឋភាពមួយដែលហ៊ុំព័ទ្ធដោយស្នូរទះដៃ និងគំនូរពណ៌ខៀវដ៏រស់រវើក អេលិចបានដឹងថាជីវិតនេះគេតែងយល់ខុសថា គំនូរជាសង្សាររបស់គេ តាមពិតមុតាទើបជាម្ចាស់នៃគំនិតក្នុងគំនូរមួយនេះ។
«វាជាសក្ខីភាពមួយចំពោះចំណងមិត្តភាពរបស់ពួកខ្ញុំ! ជា ការសន្យានៃការគាំទ្រ តស៊ូ លើកទឹកចិត្តនិងសេចក្តីស្រឡាញ់ដែលមិនរវើរវាយតាំងពីយូរណាស់មកហើយ!»
គ្រប់គ្នាក្នុងភូមិ មិនមានអ្នកណាជំទាស់ទេ បែរជាម្នាក់ៗបានស្ងើចសរសើរចំពោះភាពស៊ីជម្រៅ និងអារម្មណ៍ដែលបង្កប់នៅក្នុងគំនូរគេទាំងពីរ។
ហើយស្អែកឡើង អេលិចបានចែករង្វាន់ប្រាក់នោះទៅម្តាយមុតាពាក់កណ្តាលជាថ្លៃព្យាបាលយាយនាង ហើយអេលិចអះអាងថា បើមិនមានមុតាទេ គេនេះក៏មិនអាចរកឃើញអ្វីមួយមកគូរបានល្អយ៉ាងនេះដែរ។
មិត្តភាពរបស់ពួកគេបានរីកចម្រើនទៅជាអ្វីដែលកាន់តែស៊ីជម្រៅ ហើយមិនយូរប៉ុន្មានទេ អេលិចបានទទួលឱកាសចេញទៅចែករំលែកអំពីគំនូរខ្មែរនៅប្រទេសបារាំង។ នៅទីនោះ គេបានទាក់ទងការងារខ្លះហើយបន្តការស្នាក់នៅ ដោយតាំងចិត្តខិតខំធ្វើការជាខ្លាំង ខណៈដែលនៅស្រុកខ្មែរ មុតាបានប្រលងជាប់សញ្ញាប័ត្រមធ្យសិក្សាទុតិយភូមិ។
ក្រោមការជ្រោមជ្រែងហិរញ្ញវត្ថុរបស់អេលិច នាងក៏អាចមមានលទ្ធភាពចូលមហាវិទ្យាល័យបាន។
បីឆ្នាំក្រោយមក ពួកគេបានសម្រេចកសាងគ្រួសារហើយមានកូនផ្ទះមួយរស់នៅសមរម្យក្រោយរៀបការ។
នៅថ្ងៃមួយ នៅពេលពួកគេឈរជាមួយគ្នា ក្រឡេកមើលទៅភូមិចាស់ដែលធ្លាប់តែមានសភាពទ្រុឌទ្រោម ពួកគេបានយល់ដូចគ្នាថា គ្រប់បញ្ហាប្រឈមក្នុងជីវិត អាចនឹងត្រូវបានបន្ទន់ដោយចំណងចិត្ត ដែលស្មោះ ជួយគ្នា ដើមម្បីបង្កើត និងបន្តក្តីសុបិនដែលយើងហ៊ានធ្វើហ៊ានសម្រេចចិត្ត៕
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ