រឿង៖ សាឡនអ៊ំផល្លា

នេះគឺ ឆ្នាំ១៩៣៣ ម្តុំនេះអ្នកស្រុកហៅថា​ភូមិ​កំពង់ទឹក។

នេះជាភូមិមួយតូច ស្ងប់ស្ងាត់ចោមព័ទ្ធទៅដោយ​វាលភក់ល្បាប់។ នៅជ្រុងផ្លូវទៅបឹង​មាន​ហាង​កាត់សក់ចាស់​មួយ ​ដែល​ស្ទើរ​តែត្រូវបាន​គេបំ​ភ្លេចចោលទៅ​តាម​ពេល​វេលា។

ស្លាកសញ្ញានៅពីលើទ្វារឈើឆ្លាក់មកថា «ហាងកាត់សក់ផ្លូវចាស់»។ សំណឹកលើចំណុចលាបពណ៌ បានធ្វើឱ្យប្រវត្តិហាងមួយនេះ​ត្រូវ​រសាត់បាត់ក្នុងអាថ៌កំបាំង។

ហាងនេះ ដើមឡើយមាន​គេដឹងថា ជាកម្មសិទ្ធិរបស់អ្នកស្រី ផល្លាវ័យ២៤ឆ្នាំកាលពីប្តីគាត់ចេញទៅធ្វើសង្គ្រាមប្រឆាំងអាណានិគមហើយមិនដែលវិលមកផ្ទះទេ។

នាង​ ជាស្ត្រីមេម៉ាយស្លូតបូត មានមុខមាត់ឆ្លាតវៃ ភ្នែកមុតស្រួច និងកូនប្រុសម្នាក់ឈ្មោះ សីហា។ ក្រោយៗមក យុគកាលប្រទេសផ្លាស់ប្តូរ ប្រពន្ធមន្ត្រីយោធានៅតំបន់នេះរត់ភៀសអស់ទៅ  គ្មានឃើញអ្នកជិតខាងណានៅសល់ដានទេ។ ទីនេះត្រូវបោះបង់ចោលមួយរយៈ ក៏មិនដែលមាន​អ្នកណាធ្លាប់និយាយអំពីពីរនាក់ម្តាយនិងកូននេះទៀតដែរ។

ក្រោយមក ពេលគ្រប់យ៉ាងមានស្ថិរភាពផ្នែកនយោបាយ អ្នកចំណូលថ្មី បានមកតាំងទី។ ក្រោយមកៗអ្នក​ស្រុកបានតំណាល​អំពីការភ័យ​ខ្លាចរបស់​ពួក​គេ ដោយ​ខ្សឹប​ប្រាប់តៗនូវ​ពាក្យ​ចចាម​អារ៉ាមថា ចុងបឹងមានកូនតៀមកាត់សក់មួយដែលត្រូវ ​បណ្តាសា។

​អ្នកខ្លះរអ៊ូរទាំ ខ្សឹបខ្សៀវ តែបានត្រឹមសម្លឹងមើលហាងចាស់ពីចម្ងាយតែប៉ុណ្ណោះ។ អ៊ំខ្សឹបគ្នា​ថា នេះជាហាងធ្មប់។ ធ្មប់អាចប្រើបណ្តាសា ឱ្យភ្ញៀវដែលកាត់ហើយ បង្កើតទ្រព្យបានបីដង តែលលកទីបួនគ្មានទេព្រោះជីវិតអ្នកនោះនឹងត្រូវបាត់បង់ទៅសែនគ្រូ។

គ្មានអ្នកណានៅទីនេះ​ហ៊ាន​ប្រថុយ​ទៅយកជីវិតខ្លួន​ដូរ​ជាមួយ​បណ្តាសាអ្នកផល្លា ឡើយ។ ណាមួយ​ទីនេះក៏មិន​ដែលខ្វះអ្វី អ្នកស្រុកធ្វើចម្ការហូបផ្លែជួញជិតឆ្ងាយបានផល ពួកគេមិនដឹងយកលុយច្រើនមកធ្វើអ្វីផង សម័យកាលមិនមាន​បច្ចេកវិទ្យា មិនមាន​ការធ្វើដំណើរ។

​ទីបំផុត អ្នកជំនួញបារាំងម្នាក់ ឈ្មោះដេវីដអាយុ៣៨ឆ្នាំ បានមកដល់ជាយក្រុងមួយនេះ។ មេភូមិ គឺអ៊ំហ៊ីង គាត់មិនបានបដិសេធ​អ្វីនឹងពាក្យ​ចចាមអារ៉ាម​នោះ​ទេ។

គាត់នាំដេវីដ ទៅឃ្លាំមើលតៀមកាត់សក់ពីចម្ងាយ។

ស្ត្រីម្នាក់ ទំនងជាដូនផល្លា។ គាត់ធ្វើការដោយស្ងៀមស្ងាត់ ជាមួយឧបករណ៍ក្នុងម្រាមដៃជាកូន កន្ត្រៃ​ភ្លឺ​ថ្លា និងមានក្បាច់​បុរាណសង្ស័យបានថា ​ជាឧបករណ៍នៃ​បណ្តាសា​ដែលគេនិយាយមក។

ល្ងាចដដែល លោកដេវីដមកតែម្នាក់ឯង។

តុៗៗៗ

គាត់គោះទ្វារតៀមតូចចំពេលដែលព្រះអាទិត្យរេលិចនៅខាងក្រោយជើងមេឃ។ ស្រមោលរុក្ខជាតិមាត់បឹង និងសព្វបក្សីបក្សាបានកញ្ច្រៀវដៀលស្តីបុរសនេះ។

«សូមទោសអូនសម្លាញ់និងកូនៗ បងត្រូវតែធ្វើ!»

ខ្យល់បោកបក់មកប្រាវៗរត់រមេញលាតសន្ធឹងពេញភូមិនោះ។ ទ្វារហាងតូចទាប បានរបើកឡើង។ បុរស​ម្នាក់នោះ ​ឈាន​ដើរ​ចូល​ក្នុងទាំង​ទឹកមុខស្លេកស្លាំងហើយសម្លឹងមើលជុំវិញដោយភ័យព្រួយ។  ដៃរបស់គាត់បានក្តាប់ជាកណ្តាប់ដៃដើម្បីតែបង្កើនអំណាចចិត្ត​ទប់នឹងភាពព្រួយបារម្ភ។

ស្ត្រីចំណាស់ម្នាក់ទំនងជាយាយផល្លា​ហើយ គាត់កំពុង​បោស​សក់ជាច្រើននៅលើដី។

«តើអ្នកណាមកកាត់?​ មិនគួរឱ្យជឿទេ! គ្មានអ្នកណាហ៊ានមកផ្ទះគាត់ទាំងអស់!»

នេះជាអ្វីដែល ដេវីដលបគិតហើយងើបមុខពីចុងអំបោសមក​មើល​ឡើងលើ។

«មីងផល្លាមែនដែរទេ?»

«ចា៎ខ្ញុំ! ក្មួយចង់មកកាត់សក់?» ស្ត្រីសួរឡើងក្នុងទឹកដមសំឡេងស្មើ។

លោកដេវីដ​មានភាព​ស្ទាក់ស្ទើរខណៈគាត់សម្លឹងនាយពីលើមកដល់ក្រោមយឺតៗ ឯដេវីដក៏សម្លឹងគាត់វិញដែរ ។

« ប…បា…បាទ»

បារាំងបាននិយាយតបបន្តថា៖

«មកកាត់សក់!»

ពេលនេះ សំឡេងរបស់គាត់ញ័រហើយ។

«ខ្ញុំត្រូវការ…ជំនួយ! លុយ! ខ្ញុំ…រកស៊ីខាត ជំពាក់គេ ខ្ញុំមិនចង់ជាប់គុកទេ! ជួយ…ជួយខ្ញុំផង!»

ខ្យល់បោកបក់បង្អួចនៅក្រៅ។  ភ្នែក​របស់ដូន​ផល្លា​ស្រទន់ ​ពេល​​ដាក់​អំបោសទៅម្ខាងនៅជ្រុងងងឹត។

សំឡេងគាត់នៅតែស្មើ៖

«ដឹងពីតម្លៃជាថ្នូរហើយឬនៅលោក?»

 ដេវីដល្វីងមាត់ គេយំ​ហើយ​​ងក់​ក្បាល ​លេបភាពជូរចត់។​

«ខ្ញុំត្រូវសងបំណុល! ត្រូវ​រក្សាផ្ទះឱ្យកូនប្រពន្ធបានរស់នៅ! ឥឡូវ​ខ្ញុំ​អស់​សង្ឃឹមណាស់ យកជីវិតខ្ញុំចុះ!»

ថាហើយ ក៏ថយទៅអង្គុយដោយខ្លួនឯង នៅលើកៅអីសម្រាប់ភ្ញៀវដែលចាំកាត់សក់។

ទឹកមុខខ្មៅ គេរអ៊ូម្នាក់ឯងខ្សាវៗព្រោះគ្មានកម្លាំង៖

«ខ្ញុំមានបំណុល…ច្រើន! ខ្ញុំបានព្យាយាមគ្រប់យ៉ាង…ប៉ុន្តែឥឡូវនេះ ខ្ញុំគ្មានសង្ឃឹមទៀតទេ មេបញ្ជាការដែលរកស៊ីជាមួយខ្ញុំ នឹងសម្លាប់គ្រួសារខ្ញុំចោលប្រសិនណាមិនមាន​…លុយសងគេ!»

ស្រមោលអ្នកណាម្នាក់រត់កាត់ពីក្រោយខ្នង​ ធ្វើឱ្យដេវីដងាកទៅក្រោយវិញភ្លាម​។ គ្មានអ្នកណានៅទីនោះសោះ…មានតែគំនូរយុវជនម្នាក់ឈ្មោះ…សីហា ខាងក្រោម…។

ស្ត្រីបោះជំហានទៅមុខជាមួយ ទឹកមុខត្រជាក់។

ដេវីដងាកមកវិញ។

«បីដង!»

គេផ្ចង់ស្តាប់ទាំងញាក់ក្នុងចិត្ត​។

«វេទមន្តយើង នឹងនាំឱ្យលោកមានអ្វីៗដែលលោកចង់បាន!» គេងក់ក្បាល់ដោយមិនដឹងខ្លួន ភ្នែកស្លឺនឹកឃើញពីដំណោះស្រាយល្អមួយ សម្រាប់ដោះមួយគ្រានៃភាពតឹងតែងក្នុងជីវិត។

«ពេលវេលា…នឹងធ្វើឱ្យលោកទទួលបានទ្រព្យសម្បត្តិ! កេរ្តិ៍ឈ្មោះ…អ្វីគ្រប់យ៉ាង!» យាយបន្ទោរ ឯសែហ្វបារាំងមានទឹកមុខអំណរលង់ក្នុងការគិត។

«បីដង!!!»

គាត់បន្ទររដឹកមកទៀតបណ្តាលឱ្យដេវីដដកអារម្មណ៍មករកតៀមមរណៈចំពោះមុខវិញ។

«មានបទពិសោធន៍ បីដង…នៃការ…បានអ្វីទាំងអស់តាមចិត្ត​នឹកឃើញ!»

លោកបារាំងលើកដៃច្បូតមុខ រសាប់រសល់។

«បីដង» យាយនិយាយទៀត ដដែលៗ។

«ការកាត់សក់លើកទីមួយនឹងនាំមកជូនលោកនូវទ្រព្យសម្បត្តិ។ លើកទីពីរ កាន់តែច្រើន!!!! ប៉ុន្តែទីបី…»

 ដេវីដ​និយាយកាត់៖

«​ខ្ញុំដឹង!!! ខ្ញុំនឹងស្រែកទៅជេរស្ថានសួគ៌ថា​គេបានរុញខ្ញុំមកដល់ផ្លូវទ័ល ផ្លូវស្លាប់! ខ្ញុំធ្វើគ្រប់យ៉ាង ដើម្បីផ្តល់ឱកាសដល់កូនៗរបស់ខ្ញុំ!» អ្នកស្រីផល្លាដកដង្ហើមធំ ធ្វើកាយវិការយល់ព្រមដោយឱនក្បាល។

ដៃគាត់កាន់កន្ត្រៃ ហើយ​មាត់គាត់និយាយ៖

«ចាំ!!!កាត់បីដង! គ្រប់យ៉ាងមិនបានបង្ខំ! តែជាការដែលអ្នកចង់បាន!…កាត់សក់តែបីដងប៉ុណ្ណោះ!»

យាយផល្លា​លែងនិយាយ ហើយ​បាន​យក​កន្ត្រៃ​មក​លើកឡើងពីក្រោយសក់ជននេះ។ មុខរបស់​វា​ភ្លឺណាស់ ​ខុសពីកន្ត្រៃធម្មតា។ ​ធម្មជាតិក្រៅហាង​​ងងឹតនិងវិលវល់ នៅពេលដែលយាយចាប់ផ្តើមកាត់ ហើយមាត់គាត់ទន្ទេញអាគម។

ស្នូរខ្យល់ បង្កើតអំណាចមកលើធម្មជាតិកាន់តែធ្ងន់ សូម្បីដង្ហើមរបស់​ដេវីដ។

គាត់បិទភ្នែកពេលសសៃសក់ធ្លាក់មករពុយ។ គាត់សើចលាយយំ៖

«ខ្ញុំស្លាប់ហើយ!»

ហើយ…ស្រមោលមួយនៅក្នុងបន្ទប់តៀមហាក់បីដូចជារំកិលចុះឡើងមកក្បែរៗយាយ តែ…ដេវីដ​លែងបាន​ចាប់អារម្មណ៍ខ្វល់ទៀតហើយ។

«សូមឱ្យខ្ញុំរកស៊ីកប បានលុយជាច្រើនសងគេ ហើយប្រពន្ធកូនខ្ញុំចាយមិនអស់ៗៗៗ!»

គិតហើយ គេយំគគ្រូកតំណាលគ្នានឹងសរសៃសក់ដែលរបូតជ្រុះមកម្តងមួយអន្លើម្តងមួយដុំ។

ចាប់ពីយប់នោះមក ជីវិតរបស់ដេវីដបានផ្លាស់ប្តូរតាមរបៀបដែលគ្មានអ្នកណានឹកស្មានដល់។ ព្រឹកឡើងបន្ទាប់ពីកាត់សក់រួចវិលមកផ្ទះដេកចាំបណ្តាសា  គាត់ស្រាប់តែបានទទួលដំណឹងថា លោកពូម្នាក់នៅប្រទេសបារាំងបានទទួលមរណៈភាព ដោយបន្សល់ទុកនូវមរតកដែលនឹកស្មានមិនដល់។ មិនយូរប៉ុន្មាន​ថ្ងៃ រោងចក្រដែលគាត់ជំពាក់ស្ម័គ្រប្រគល់សិទ្ធិទឹកអប់ច្រើនមុខ​ដែលល្បីៗមកនាំចូលកម្ពុជា។ ធនទាំងនោះ លក់ចេញអស់ត្រឹមពេល២សប្តាហ៍ នាំមកនូវផលចំណេញយ៉ាងមហាសាល។

​មិន​ច្រើន​ទេ តែតែ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បំណុល​ ហើយ​ចាប់​ផ្ដើម​អាជីវកម្មមួយចំនួនទៀត ជាប្រភេទអចលនទ្រព្យនិងគ្រឿងផ្គត់ផ្គង់យោធាបារំាងដែលនាំមកឱ្យដេវីដទាំងអំណាចនឹង​លុយកាក់។

​ពិតណាស់! ភរិយា​និងកូន បានសប្បាយរីករាយ​ដោយមានញាតិចោមរោម តែអ្នកអង្គុយសំកុកគឺ ដេវីដ។

ប្រពន្ធ គាត់ជាស្ត្រីខ្មែរវ័យ៣០ឆ្នាំ ដែលចាប់អារម្មណ៍ឃើញថា ​ប្តីបាន​ធ្វើ​ការ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់នៅពេលថ្ងៃ តែពេលរាត្រីមកដល់ ក្រោយស្និទ្ធប្រលែងប្រពន្ធកូនហើយ ដេវីដទៅអង្គុយ​សំកុកផឹកស្រា។

ជារឿយៗដេវីដបានណែនាំកូនៗលើសពីធម្មតា ជាមួយនោះ គាត់ហៅនិងបង្ខំប្រពន្ធឱ្យទៅធ្វើការនៅរោងចក្រ​និងក្រុមហ៊ុនរាល់ថ្ងៃ។ ការ​វិនិយោគនីមួយៗបន្តជោគជ័យ នឹង​មានការរីកចម្រើន។

ហើយក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះ គ្រួសារនេះ លែងជាកម្រិត​អ្នកជំនួញដែលតស៊ូក្នុងសហគ្រិនភាព​ទៀតហើយ ប៉ុន្តែជាឧកញ៉ាដ៏មានឥទ្ធិពល។

ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​កើន​លើស​ពី​ហេតុផលហើយកេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​ខ្សឹប​ដាក់​គ្នា​ពេញ​ទីក្រុង​ភ្នំពេញ។

យ៉ាងណាក៏ដោយ នៅពេលដែលទ្រព្យសម្បត្តិមានដល់ថ្នាក់ធ្ងន់ ភាពលោភលន់ក៏កើតមានដែរ។ ការ​ភ័យ​ខ្លាច​នៃការវិលបកទៅរក​ភាព​ក្រីក្រ​ បានពង្រីកគំនិតលោភយ៉ាងសាហាវ។ មនុស្ស​យើង នៅពេលណាមួយដែលគេលែងខ្លាចសូម្បីសេចក្តីស្លាប់គេជាមនុស្ស​ដែលយើង​ពិបាកទប់ទល់ណាស់។ ដេវីដ​បាន​ កម្ទេចគូប្រជែង សូកប៉ាន់មន្ត្រី និងថែមទាំងក្បត់ដៃគូជិតដិត​ទៀត។ គាត់ភ្លេចការអស់សង្ឃឹមដ៏ឈឺចាប់ ដែលធ្លាប់នាំគាត់ទៅដល់ហាងកាត់សក់យាយផល្លា។ មនុស្ស​ជាច្រើនបានទៅប្តឹងរដ្ឋមន្ត្រីពាណិជ្ជកម្មគឺ លោក ដារិទ្ធ ដែលជាលោកមារបស់ប្រពន្ធដេវីដ។

លោកដារិទ្ធបានកោះហៅប្តីប្រពន្ធនេះមកជេរស្តីអំពីភាពអប្រិយក្នុងពាណិជ្ជកម្ម។ រាល់ការរំឭកស្តីបន្ទោសមិនបានញ៉ាំងឱ្យដេវីដភ្ញាក់ខ្លួនទេ បែរជាគុំគួននិងមានៈ។

ដូច្នេះ យប់នេះពេលសម្លឹងខ្លួនឯងក្នុងកញ្ចក់ ដេវីដ​បានញញឹម​ហើយនិយាយឡើងថា​ «ដេវីដអើយ! ការកាត់សក់ទីពីរដូចជាដល់ពេលហើយ!»

គេបកទៅរកដូនផល្លា។

ស្ត្រីសួរលោកថា៖

«លើកនេះ លោកចង់បានអ្វី?»

«តួនាទីលោកមាប្រពន្ធខ្ញុំ! ខ្ញុំនឹងក្លាយជារដ្ឋមន្ត្រីពាណិជ្ជកម្ម ទទួលគ្រប់គ្រងលើគ្រប់កិច្ចព្រមព្រៀងអន្តរជាតិ អំណាចនយោបាយ ឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រ។ គ្មានអ្វីអាចរារាំងខ្ញុំបានទៀតទេ។»

«បាន!!» អ្នកផល្លាតបត្រជាក់ស្រឹប។

ដេវីដមិនបានស្តាយក្រោយឡើយ គេកាត់សក់បណ្តើរ​សើចសប្បាយនឹងជោគវាសនា ដោយជឿថា គាត់ជាមនុស្ស​ឆ្លាតជាងបណ្តាសា គ្មានអ្នកណាយកជីវិតគាត់បានទេ សូម្បីដូនចាស់នេះ។ បីឆ្នាំមកនេះ គេបានរស់នៅខ្ពស់ ចង្អុលអ្វីក៏ដូចចិត្ត ហើយបាន​​ច្រានចោល​ការ​ភ័យ​ខ្លាច​ពី​អតីតកាល ដោយ​បញ្ចុះបញ្ចូល​ខ្លួន​គាត់​ថា ការ​ព្រមាន​របស់​ស្ត្រី​ចំណាស់ ​គឺ​គ្រាន់តែ​ជា​អបិយជំនឿ​ប៉ុណ្ណោះ។

តែពេលនេះ…បន្ទាប់ពីកាត់សក់លើកទៅពីររួចស្រាប់តែ…គាត់បានទទួលទូរលេខមួយពីទេសាភិបាលបារាំង អំពីការដាក់សិទ្ធិលើក្រសួងពាណិជ្ជកម្មខ្មែរ ដោយឱ្យគាត់តំណាងទៅកាន់កាប់។

អរភើត!

ការពិតសាឡននោះអស្ចារ្សណាស់? តែ…ការកាត់សក់សំណាងចប់ហើយ គួរតែយើងរង់ចាំដល់ការកាត់សក់អាស្រូវមកដល់ឬចាត់ការមុន?

ដេវីដបានគិតពេញមួយយប់ហើយ​សម្រេចិត្ត​ចេញបញ្ជាដុតកម្ទេចភូមិនោះទាំងមូល…ភូមិកំពង់ទឹកបានត្រូវរាបដល់ដីក្លាយជាផេះ។

គ្មានអ្នកណាត្រូវបានគេរកឃើញ​ថា នៅរស់រានទេ មិនថាតៀមយាយផល្លាឬអ្វីក្តី។

ឧបសគ្គចប់ហើយ! លោកដេវីដពេលនេះមានវ័យជិត៦០ឆ្នាំ រស់នៅសោយសុខជាមួយការធ្វើអំពើអាក្រក់តាមចិត្ត​បាន​ដល់ទៅ៧ឆ្នាំ ដោយភ្លេចខ្លួន។ មិនយូរប៉ុន្មាន គ្រប់យ៉ាង​ដែលដេវីដជំពាក់បានឈាន​មកដល់ពេល​សងវិញទាំងការនិងដើម…

ព្រឹកនេះ​ក្រោកមក គាត់បានឃើញ​ភរិយាដែលធ្លាប់ជាអ្នកគាំទ្រដ៏ធំបំផុតធ្លាក់ខ្លួនឈឺស្តូកភ្លាមៗ​ និយាយមិនរួច​ត្រូវពិការ​។

ដោយគ្មានវេជ្ជបណ្ឌិតបារាំងណាធានាថា អាចព្យាបាលបានគាត់តុកសិកជាខ្លាំង។

មិនយូរល្ងាចឡើងកូនប្រុសច្បងដែលធំធាត់ក្នុងភាពប្រណិត បានបើកឡានប៉ះមនុស្សជាច្រើនបណ្តាលជាគ្រោះថ្នាក់រំពងទីក្រុង។

ការចោទប្តឹង សន្ធប់មកពីគ្រប់ទិសទីហើយព័ត៌មានអាស្រូវនៃគ្រួសារនេះបាន​ផ្ទុះឡើង រហូតដល់រដ្ឋាភិបាលដែលធ្លាប់ការពារដេវីដ ឥឡូវនេះបានស្វែងរកការទម្លាក់គាត់ចោល ។

កូនប្រុសកំពុងត្រូវឃុំខ្លួនរង់ចាំការកាត់ទោស កូនស្រីវិញ នាងនៅយំ​ក្បែរគ្រែម្តាយជាមនុស្ស​រុក្ខជាតិ ប្រាប់ពីរឿងថាគ្រួសារខាងគូដណ្តឹងនាង​បានវាយទូរលេខមកឱ្យផ្តាច់ពាក្យ​លែងរៀបការ​។
យប់នេះ  ដេវីដអង្គុយនៅមុខកញ្ចក់តែម្នាក់ឯង ។

បុរសនេះស្ទើរតែមិនស្គាល់មុខខ្លួនឯងដែលក្លាយពីអ្នកជំនួញជំពាក់បំណុលមកជាមនុស្ស​ដ៏មានឥទ្ធិពលនិងជឿជាក់ខ្លាំង។ គ្រប់យ៉ាង​បានរសាត់បាត់ ជំនួសមកវិញ ដោយបុរសម្នាក់ដែលមានភ្នែកប្រហោងខ្មៅ…វ៉ាស! ដេវីដស្រែករន្ធត់ស្ទើរវង្វេងស្មារតី។

គាត់ថយមកទម្លាក់ខ្លួនលើឥដ្ឋ​ក្រោកមិនរួច។ មនុស្ស​គ្មានភ្នែកនៅក្នុងកញ្ចក់…គឺរូបគាត់ខ្លួនឯងដែលមានសភាព ដូចជាសាកសពចេះឈរ។

ដេវីដខ្មោចនោះ ញញឹម ចំអក។

«ដល់ពេលកាត់សក់លើកទីបីហើយ!»

វាជាសំឡេងនិយាយខ្សាវៗ ធ្វើឱ្យដេវីដវារ​ធាក់ថយៗជានិច្ច​ដោយ​ដង្ហើម​សែន​ញាប់​ញ័រ។  មនុស្ស​ក្នុងកញ្ចក់បានក្លាយសន្សឹមៗមកជាយាយផល្លា។

ដេវីដ ស្រែកមិនចេញទេសំឡេង។ ​គ្មានអ្នកណាឮគាត់​ឡើយ។ លុះព្រឹកឡើង ដេវីដដ៏អស្ចារ្យត្រូវបានគេប្រទះឃើញដួលដេកក្នុងបន្ទប់។

ក្បាលគាត់ត្រង៉ោល សក់រាយពាសពេញក្បែរៗនោះ ព្រោះកាលពីយប់គាត់ខំប្រឹងកោសក់ខ្លួនឯងរំលត់បណ្តាសា!

ម្នាក់ៗឮតែសម្រែកថា៖

«គ្មានសក់កាត់ទេយាយកញ្ចាស់ យើងគ្មានសក់កាត់លើកទីបីទេ! បណ្តាសាក៏ទៅមិនរួចដែរ។»

ក្រោយៗមកទ្រព្យគាត់ត្រូវបានរឹបអូសអស់។ គាត់នៅអង្គុយក្នុងរទេះ នាមន្ទីរពេទ្យសម្រាប់មន្ត្រីបារាំង ហើយសម្លឹងប្រពន្ធដេកក្នុងរបៀបជាមនុស្ស​រុក្ខជាតិ។

ដេវីដរង់ចាំកូនស្រីគាត់មកលេង តែនាងមិនដែលមកទេ…មានគេខ្សឹបថា នាងបានស្លាប់ទៅហើយដោយមិនអាចទទួលយករឿងទាំងនេះបាន។

—-

ឆ្នាំ២០២៤

…«ជម្រាបសួរ! មានអ្នកណានៅទេ? ខ្ញុំមកកាត់សក់!»

«ចូលមក!» ទ្វារតៀមសាឡនយាយផល្លារបើក…សីហាជាកូនប្រុសឈរក្បែរកៅអីកំពុងកាត់សក់ឱ្យម្តាយ។

តើអ្នកចង់សុំអ្វី? ដឹងពីតម្លៃដែលត្រូវបង់ហើយឬនៅ?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*