នេះគឺ ឆ្នាំ១៩៣៣ ម្តុំនេះអ្នកស្រុកហៅថាភូមិកំពង់ទឹក។
នេះជាភូមិមួយតូច ស្ងប់ស្ងាត់ចោមព័ទ្ធទៅដោយវាលភក់ល្បាប់។ នៅជ្រុងផ្លូវទៅបឹងមានហាងកាត់សក់ចាស់មួយ ដែលស្ទើរតែត្រូវបានគេបំភ្លេចចោលទៅតាមពេលវេលា។
ស្លាកសញ្ញានៅពីលើទ្វារឈើឆ្លាក់មកថា «ហាងកាត់សក់ផ្លូវចាស់»។ សំណឹកលើចំណុចលាបពណ៌ បានធ្វើឱ្យប្រវត្តិហាងមួយនេះត្រូវរសាត់បាត់ក្នុងអាថ៌កំបាំង។
ហាងនេះ ដើមឡើយមានគេដឹងថា ជាកម្មសិទ្ធិរបស់អ្នកស្រី ផល្លាវ័យ២៤ឆ្នាំកាលពីប្តីគាត់ចេញទៅធ្វើសង្គ្រាមប្រឆាំងអាណានិគមហើយមិនដែលវិលមកផ្ទះទេ។
នាង ជាស្ត្រីមេម៉ាយស្លូតបូត មានមុខមាត់ឆ្លាតវៃ ភ្នែកមុតស្រួច និងកូនប្រុសម្នាក់ឈ្មោះ សីហា។ ក្រោយៗមក យុគកាលប្រទេសផ្លាស់ប្តូរ ប្រពន្ធមន្ត្រីយោធានៅតំបន់នេះរត់ភៀសអស់ទៅ គ្មានឃើញអ្នកជិតខាងណានៅសល់ដានទេ។ ទីនេះត្រូវបោះបង់ចោលមួយរយៈ ក៏មិនដែលមានអ្នកណាធ្លាប់និយាយអំពីពីរនាក់ម្តាយនិងកូននេះទៀតដែរ។
ក្រោយមក ពេលគ្រប់យ៉ាងមានស្ថិរភាពផ្នែកនយោបាយ អ្នកចំណូលថ្មី បានមកតាំងទី។ ក្រោយមកៗអ្នកស្រុកបានតំណាលអំពីការភ័យខ្លាចរបស់ពួកគេ ដោយខ្សឹបប្រាប់តៗនូវពាក្យចចាមអារ៉ាមថា ចុងបឹងមានកូនតៀមកាត់សក់មួយដែលត្រូវ បណ្តាសា។
អ្នកខ្លះរអ៊ូរទាំ ខ្សឹបខ្សៀវ តែបានត្រឹមសម្លឹងមើលហាងចាស់ពីចម្ងាយតែប៉ុណ្ណោះ។ អ៊ំខ្សឹបគ្នាថា នេះជាហាងធ្មប់។ ធ្មប់អាចប្រើបណ្តាសា ឱ្យភ្ញៀវដែលកាត់ហើយ បង្កើតទ្រព្យបានបីដង តែលលកទីបួនគ្មានទេព្រោះជីវិតអ្នកនោះនឹងត្រូវបាត់បង់ទៅសែនគ្រូ។
គ្មានអ្នកណានៅទីនេះហ៊ានប្រថុយទៅយកជីវិតខ្លួនដូរជាមួយបណ្តាសាអ្នកផល្លា ឡើយ។ ណាមួយទីនេះក៏មិនដែលខ្វះអ្វី អ្នកស្រុកធ្វើចម្ការហូបផ្លែជួញជិតឆ្ងាយបានផល ពួកគេមិនដឹងយកលុយច្រើនមកធ្វើអ្វីផង សម័យកាលមិនមានបច្ចេកវិទ្យា មិនមានការធ្វើដំណើរ។
ទីបំផុត អ្នកជំនួញបារាំងម្នាក់ ឈ្មោះដេវីដអាយុ៣៨ឆ្នាំ បានមកដល់ជាយក្រុងមួយនេះ។ មេភូមិ គឺអ៊ំហ៊ីង គាត់មិនបានបដិសេធអ្វីនឹងពាក្យចចាមអារ៉ាមនោះទេ។
គាត់នាំដេវីដ ទៅឃ្លាំមើលតៀមកាត់សក់ពីចម្ងាយ។
ស្ត្រីម្នាក់ ទំនងជាដូនផល្លា។ គាត់ធ្វើការដោយស្ងៀមស្ងាត់ ជាមួយឧបករណ៍ក្នុងម្រាមដៃជាកូន កន្ត្រៃភ្លឺថ្លា និងមានក្បាច់បុរាណសង្ស័យបានថា ជាឧបករណ៍នៃបណ្តាសាដែលគេនិយាយមក។
ល្ងាចដដែល លោកដេវីដមកតែម្នាក់ឯង។
តុៗៗៗ
គាត់គោះទ្វារតៀមតូចចំពេលដែលព្រះអាទិត្យរេលិចនៅខាងក្រោយជើងមេឃ។ ស្រមោលរុក្ខជាតិមាត់បឹង និងសព្វបក្សីបក្សាបានកញ្ច្រៀវដៀលស្តីបុរសនេះ។
«សូមទោសអូនសម្លាញ់និងកូនៗ បងត្រូវតែធ្វើ!»
ខ្យល់បោកបក់មកប្រាវៗរត់រមេញលាតសន្ធឹងពេញភូមិនោះ។ ទ្វារហាងតូចទាប បានរបើកឡើង។ បុរសម្នាក់នោះ ឈានដើរចូលក្នុងទាំងទឹកមុខស្លេកស្លាំងហើយសម្លឹងមើលជុំវិញដោយភ័យព្រួយ។ ដៃរបស់គាត់បានក្តាប់ជាកណ្តាប់ដៃដើម្បីតែបង្កើនអំណាចចិត្តទប់នឹងភាពព្រួយបារម្ភ។
ស្ត្រីចំណាស់ម្នាក់ទំនងជាយាយផល្លាហើយ គាត់កំពុងបោសសក់ជាច្រើននៅលើដី។
«តើអ្នកណាមកកាត់? មិនគួរឱ្យជឿទេ! គ្មានអ្នកណាហ៊ានមកផ្ទះគាត់ទាំងអស់!»
នេះជាអ្វីដែល ដេវីដលបគិតហើយងើបមុខពីចុងអំបោសមកមើលឡើងលើ។
«មីងផល្លាមែនដែរទេ?»
«ចា៎ខ្ញុំ! ក្មួយចង់មកកាត់សក់?» ស្ត្រីសួរឡើងក្នុងទឹកដមសំឡេងស្មើ។
លោកដេវីដមានភាពស្ទាក់ស្ទើរខណៈគាត់សម្លឹងនាយពីលើមកដល់ក្រោមយឺតៗ ឯដេវីដក៏សម្លឹងគាត់វិញដែរ ។
« ប…បា…បាទ»
បារាំងបាននិយាយតបបន្តថា៖
«មកកាត់សក់!»
ពេលនេះ សំឡេងរបស់គាត់ញ័រហើយ។
«ខ្ញុំត្រូវការ…ជំនួយ! លុយ! ខ្ញុំ…រកស៊ីខាត ជំពាក់គេ ខ្ញុំមិនចង់ជាប់គុកទេ! ជួយ…ជួយខ្ញុំផង!»
ខ្យល់បោកបក់បង្អួចនៅក្រៅ។ ភ្នែករបស់ដូនផល្លាស្រទន់ ពេលដាក់អំបោសទៅម្ខាងនៅជ្រុងងងឹត។
សំឡេងគាត់នៅតែស្មើ៖
«ដឹងពីតម្លៃជាថ្នូរហើយឬនៅលោក?»
ដេវីដល្វីងមាត់ គេយំហើយងក់ក្បាល លេបភាពជូរចត់។
«ខ្ញុំត្រូវសងបំណុល! ត្រូវរក្សាផ្ទះឱ្យកូនប្រពន្ធបានរស់នៅ! ឥឡូវខ្ញុំអស់សង្ឃឹមណាស់ យកជីវិតខ្ញុំចុះ!»
ថាហើយ ក៏ថយទៅអង្គុយដោយខ្លួនឯង នៅលើកៅអីសម្រាប់ភ្ញៀវដែលចាំកាត់សក់។
ទឹកមុខខ្មៅ គេរអ៊ូម្នាក់ឯងខ្សាវៗព្រោះគ្មានកម្លាំង៖
«ខ្ញុំមានបំណុល…ច្រើន! ខ្ញុំបានព្យាយាមគ្រប់យ៉ាង…ប៉ុន្តែឥឡូវនេះ ខ្ញុំគ្មានសង្ឃឹមទៀតទេ មេបញ្ជាការដែលរកស៊ីជាមួយខ្ញុំ នឹងសម្លាប់គ្រួសារខ្ញុំចោលប្រសិនណាមិនមាន…លុយសងគេ!»
ស្រមោលអ្នកណាម្នាក់រត់កាត់ពីក្រោយខ្នង ធ្វើឱ្យដេវីដងាកទៅក្រោយវិញភ្លាម។ គ្មានអ្នកណានៅទីនោះសោះ…មានតែគំនូរយុវជនម្នាក់ឈ្មោះ…សីហា ខាងក្រោម…។
ស្ត្រីបោះជំហានទៅមុខជាមួយ ទឹកមុខត្រជាក់។
ដេវីដងាកមកវិញ។
«បីដង!»
គេផ្ចង់ស្តាប់ទាំងញាក់ក្នុងចិត្ត។
«វេទមន្តយើង នឹងនាំឱ្យលោកមានអ្វីៗដែលលោកចង់បាន!» គេងក់ក្បាល់ដោយមិនដឹងខ្លួន ភ្នែកស្លឺនឹកឃើញពីដំណោះស្រាយល្អមួយ សម្រាប់ដោះមួយគ្រានៃភាពតឹងតែងក្នុងជីវិត។
«ពេលវេលា…នឹងធ្វើឱ្យលោកទទួលបានទ្រព្យសម្បត្តិ! កេរ្តិ៍ឈ្មោះ…អ្វីគ្រប់យ៉ាង!» យាយបន្ទោរ ឯសែហ្វបារាំងមានទឹកមុខអំណរលង់ក្នុងការគិត។
«បីដង!!!»
គាត់បន្ទររដឹកមកទៀតបណ្តាលឱ្យដេវីដដកអារម្មណ៍មករកតៀមមរណៈចំពោះមុខវិញ។
«មានបទពិសោធន៍ បីដង…នៃការ…បានអ្វីទាំងអស់តាមចិត្តនឹកឃើញ!»
លោកបារាំងលើកដៃច្បូតមុខ រសាប់រសល់។
«បីដង» យាយនិយាយទៀត ដដែលៗ។
«ការកាត់សក់លើកទីមួយនឹងនាំមកជូនលោកនូវទ្រព្យសម្បត្តិ។ លើកទីពីរ កាន់តែច្រើន!!!! ប៉ុន្តែទីបី…»
ដេវីដនិយាយកាត់៖
«ខ្ញុំដឹង!!! ខ្ញុំនឹងស្រែកទៅជេរស្ថានសួគ៌ថាគេបានរុញខ្ញុំមកដល់ផ្លូវទ័ល ផ្លូវស្លាប់! ខ្ញុំធ្វើគ្រប់យ៉ាង ដើម្បីផ្តល់ឱកាសដល់កូនៗរបស់ខ្ញុំ!» អ្នកស្រីផល្លាដកដង្ហើមធំ ធ្វើកាយវិការយល់ព្រមដោយឱនក្បាល។
ដៃគាត់កាន់កន្ត្រៃ ហើយមាត់គាត់និយាយ៖
«ចាំ!!!កាត់បីដង! គ្រប់យ៉ាងមិនបានបង្ខំ! តែជាការដែលអ្នកចង់បាន!…កាត់សក់តែបីដងប៉ុណ្ណោះ!»
យាយផល្លាលែងនិយាយ ហើយបានយកកន្ត្រៃមកលើកឡើងពីក្រោយសក់ជននេះ។ មុខរបស់វាភ្លឺណាស់ ខុសពីកន្ត្រៃធម្មតា។ ធម្មជាតិក្រៅហាងងងឹតនិងវិលវល់ នៅពេលដែលយាយចាប់ផ្តើមកាត់ ហើយមាត់គាត់ទន្ទេញអាគម។
ស្នូរខ្យល់ បង្កើតអំណាចមកលើធម្មជាតិកាន់តែធ្ងន់ សូម្បីដង្ហើមរបស់ដេវីដ។
គាត់បិទភ្នែកពេលសសៃសក់ធ្លាក់មករពុយ។ គាត់សើចលាយយំ៖
«ខ្ញុំស្លាប់ហើយ!»
ហើយ…ស្រមោលមួយនៅក្នុងបន្ទប់តៀមហាក់បីដូចជារំកិលចុះឡើងមកក្បែរៗយាយ តែ…ដេវីដលែងបានចាប់អារម្មណ៍ខ្វល់ទៀតហើយ។
«សូមឱ្យខ្ញុំរកស៊ីកប បានលុយជាច្រើនសងគេ ហើយប្រពន្ធកូនខ្ញុំចាយមិនអស់ៗៗៗ!»
គិតហើយ គេយំគគ្រូកតំណាលគ្នានឹងសរសៃសក់ដែលរបូតជ្រុះមកម្តងមួយអន្លើម្តងមួយដុំ។
ចាប់ពីយប់នោះមក ជីវិតរបស់ដេវីដបានផ្លាស់ប្តូរតាមរបៀបដែលគ្មានអ្នកណានឹកស្មានដល់។ ព្រឹកឡើងបន្ទាប់ពីកាត់សក់រួចវិលមកផ្ទះដេកចាំបណ្តាសា គាត់ស្រាប់តែបានទទួលដំណឹងថា លោកពូម្នាក់នៅប្រទេសបារាំងបានទទួលមរណៈភាព ដោយបន្សល់ទុកនូវមរតកដែលនឹកស្មានមិនដល់។ មិនយូរប៉ុន្មានថ្ងៃ រោងចក្រដែលគាត់ជំពាក់ស្ម័គ្រប្រគល់សិទ្ធិទឹកអប់ច្រើនមុខដែលល្បីៗមកនាំចូលកម្ពុជា។ ធនទាំងនោះ លក់ចេញអស់ត្រឹមពេល២សប្តាហ៍ នាំមកនូវផលចំណេញយ៉ាងមហាសាល។
មិនច្រើនទេ តែតែគ្រប់គ្រាន់ក្នុងការដោះស្រាយបំណុល ហើយចាប់ផ្ដើមអាជីវកម្មមួយចំនួនទៀត ជាប្រភេទអចលនទ្រព្យនិងគ្រឿងផ្គត់ផ្គង់យោធាបារំាងដែលនាំមកឱ្យដេវីដទាំងអំណាចនឹងលុយកាក់។
ពិតណាស់! ភរិយានិងកូន បានសប្បាយរីករាយដោយមានញាតិចោមរោម តែអ្នកអង្គុយសំកុកគឺ ដេវីដ។
ប្រពន្ធ គាត់ជាស្ត្រីខ្មែរវ័យ៣០ឆ្នាំ ដែលចាប់អារម្មណ៍ឃើញថា ប្តីបានធ្វើការខ្លាំងជាងពេលណាៗទាំងអស់នៅពេលថ្ងៃ តែពេលរាត្រីមកដល់ ក្រោយស្និទ្ធប្រលែងប្រពន្ធកូនហើយ ដេវីដទៅអង្គុយសំកុកផឹកស្រា។
ជារឿយៗដេវីដបានណែនាំកូនៗលើសពីធម្មតា ជាមួយនោះ គាត់ហៅនិងបង្ខំប្រពន្ធឱ្យទៅធ្វើការនៅរោងចក្រនិងក្រុមហ៊ុនរាល់ថ្ងៃ។ ការវិនិយោគនីមួយៗបន្តជោគជ័យ នឹងមានការរីកចម្រើន។
ហើយក្នុងរយៈពេលបីឆ្នាំប៉ុណ្ណោះ គ្រួសារនេះ លែងជាកម្រិតអ្នកជំនួញដែលតស៊ូក្នុងសហគ្រិនភាពទៀតហើយ ប៉ុន្តែជាឧកញ៉ាដ៏មានឥទ្ធិពល។
ទ្រព្យសម្បត្តិរបស់ពួកគេកើនលើសពីហេតុផលហើយកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវបានខ្សឹបដាក់គ្នាពេញទីក្រុងភ្នំពេញ។
យ៉ាងណាក៏ដោយ នៅពេលដែលទ្រព្យសម្បត្តិមានដល់ថ្នាក់ធ្ងន់ ភាពលោភលន់ក៏កើតមានដែរ។ ការភ័យខ្លាចនៃការវិលបកទៅរកភាពក្រីក្រ បានពង្រីកគំនិតលោភយ៉ាងសាហាវ។ មនុស្សយើង នៅពេលណាមួយដែលគេលែងខ្លាចសូម្បីសេចក្តីស្លាប់គេជាមនុស្សដែលយើងពិបាកទប់ទល់ណាស់។ ដេវីដបាន កម្ទេចគូប្រជែង សូកប៉ាន់មន្ត្រី និងថែមទាំងក្បត់ដៃគូជិតដិតទៀត។ គាត់ភ្លេចការអស់សង្ឃឹមដ៏ឈឺចាប់ ដែលធ្លាប់នាំគាត់ទៅដល់ហាងកាត់សក់យាយផល្លា។ មនុស្សជាច្រើនបានទៅប្តឹងរដ្ឋមន្ត្រីពាណិជ្ជកម្មគឺ លោក ដារិទ្ធ ដែលជាលោកមារបស់ប្រពន្ធដេវីដ។
លោកដារិទ្ធបានកោះហៅប្តីប្រពន្ធនេះមកជេរស្តីអំពីភាពអប្រិយក្នុងពាណិជ្ជកម្ម។ រាល់ការរំឭកស្តីបន្ទោសមិនបានញ៉ាំងឱ្យដេវីដភ្ញាក់ខ្លួនទេ បែរជាគុំគួននិងមានៈ។
ដូច្នេះ យប់នេះពេលសម្លឹងខ្លួនឯងក្នុងកញ្ចក់ ដេវីដបានញញឹមហើយនិយាយឡើងថា «ដេវីដអើយ! ការកាត់សក់ទីពីរដូចជាដល់ពេលហើយ!»
គេបកទៅរកដូនផល្លា។
ស្ត្រីសួរលោកថា៖
«លើកនេះ លោកចង់បានអ្វី?»
«តួនាទីលោកមាប្រពន្ធខ្ញុំ! ខ្ញុំនឹងក្លាយជារដ្ឋមន្ត្រីពាណិជ្ជកម្ម ទទួលគ្រប់គ្រងលើគ្រប់កិច្ចព្រមព្រៀងអន្តរជាតិ អំណាចនយោបាយ ឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រ។ គ្មានអ្វីអាចរារាំងខ្ញុំបានទៀតទេ។»
«បាន!!» អ្នកផល្លាតបត្រជាក់ស្រឹប។
ដេវីដមិនបានស្តាយក្រោយឡើយ គេកាត់សក់បណ្តើរសើចសប្បាយនឹងជោគវាសនា ដោយជឿថា គាត់ជាមនុស្សឆ្លាតជាងបណ្តាសា គ្មានអ្នកណាយកជីវិតគាត់បានទេ សូម្បីដូនចាស់នេះ។ បីឆ្នាំមកនេះ គេបានរស់នៅខ្ពស់ ចង្អុលអ្វីក៏ដូចចិត្ត ហើយបានច្រានចោលការភ័យខ្លាចពីអតីតកាល ដោយបញ្ចុះបញ្ចូលខ្លួនគាត់ថា ការព្រមានរបស់ស្ត្រីចំណាស់ គឺគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះ។
តែពេលនេះ…បន្ទាប់ពីកាត់សក់លើកទៅពីររួចស្រាប់តែ…គាត់បានទទួលទូរលេខមួយពីទេសាភិបាលបារាំង អំពីការដាក់សិទ្ធិលើក្រសួងពាណិជ្ជកម្មខ្មែរ ដោយឱ្យគាត់តំណាងទៅកាន់កាប់។
អរភើត!
ការពិតសាឡននោះអស្ចារ្សណាស់? តែ…ការកាត់សក់សំណាងចប់ហើយ គួរតែយើងរង់ចាំដល់ការកាត់សក់អាស្រូវមកដល់ឬចាត់ការមុន?
ដេវីដបានគិតពេញមួយយប់ហើយសម្រេចិត្តចេញបញ្ជាដុតកម្ទេចភូមិនោះទាំងមូល…ភូមិកំពង់ទឹកបានត្រូវរាបដល់ដីក្លាយជាផេះ។
គ្មានអ្នកណាត្រូវបានគេរកឃើញថា នៅរស់រានទេ មិនថាតៀមយាយផល្លាឬអ្វីក្តី។
ឧបសគ្គចប់ហើយ! លោកដេវីដពេលនេះមានវ័យជិត៦០ឆ្នាំ រស់នៅសោយសុខជាមួយការធ្វើអំពើអាក្រក់តាមចិត្តបានដល់ទៅ៧ឆ្នាំ ដោយភ្លេចខ្លួន។ មិនយូរប៉ុន្មាន គ្រប់យ៉ាងដែលដេវីដជំពាក់បានឈានមកដល់ពេលសងវិញទាំងការនិងដើម…
ព្រឹកនេះក្រោកមក គាត់បានឃើញភរិយាដែលធ្លាប់ជាអ្នកគាំទ្រដ៏ធំបំផុតធ្លាក់ខ្លួនឈឺស្តូកភ្លាមៗ និយាយមិនរួចត្រូវពិការ។
ដោយគ្មានវេជ្ជបណ្ឌិតបារាំងណាធានាថា អាចព្យាបាលបានគាត់តុកសិកជាខ្លាំង។
មិនយូរល្ងាចឡើងកូនប្រុសច្បងដែលធំធាត់ក្នុងភាពប្រណិត បានបើកឡានប៉ះមនុស្សជាច្រើនបណ្តាលជាគ្រោះថ្នាក់រំពងទីក្រុង។
ការចោទប្តឹង សន្ធប់មកពីគ្រប់ទិសទីហើយព័ត៌មានអាស្រូវនៃគ្រួសារនេះបានផ្ទុះឡើង រហូតដល់រដ្ឋាភិបាលដែលធ្លាប់ការពារដេវីដ ឥឡូវនេះបានស្វែងរកការទម្លាក់គាត់ចោល ។
កូនប្រុសកំពុងត្រូវឃុំខ្លួនរង់ចាំការកាត់ទោស កូនស្រីវិញ នាងនៅយំក្បែរគ្រែម្តាយជាមនុស្សរុក្ខជាតិ ប្រាប់ពីរឿងថាគ្រួសារខាងគូដណ្តឹងនាងបានវាយទូរលេខមកឱ្យផ្តាច់ពាក្យលែងរៀបការ។
យប់នេះ ដេវីដអង្គុយនៅមុខកញ្ចក់តែម្នាក់ឯង ។
បុរសនេះស្ទើរតែមិនស្គាល់មុខខ្លួនឯងដែលក្លាយពីអ្នកជំនួញជំពាក់បំណុលមកជាមនុស្សដ៏មានឥទ្ធិពលនិងជឿជាក់ខ្លាំង។ គ្រប់យ៉ាងបានរសាត់បាត់ ជំនួសមកវិញ ដោយបុរសម្នាក់ដែលមានភ្នែកប្រហោងខ្មៅ…វ៉ាស! ដេវីដស្រែករន្ធត់ស្ទើរវង្វេងស្មារតី។
គាត់ថយមកទម្លាក់ខ្លួនលើឥដ្ឋក្រោកមិនរួច។ មនុស្សគ្មានភ្នែកនៅក្នុងកញ្ចក់…គឺរូបគាត់ខ្លួនឯងដែលមានសភាព ដូចជាសាកសពចេះឈរ។
ដេវីដខ្មោចនោះ ញញឹម ចំអក។
«ដល់ពេលកាត់សក់លើកទីបីហើយ!»
វាជាសំឡេងនិយាយខ្សាវៗ ធ្វើឱ្យដេវីដវារធាក់ថយៗជានិច្ចដោយដង្ហើមសែនញាប់ញ័រ។ មនុស្សក្នុងកញ្ចក់បានក្លាយសន្សឹមៗមកជាយាយផល្លា។
ដេវីដ ស្រែកមិនចេញទេសំឡេង។ គ្មានអ្នកណាឮគាត់ឡើយ។ លុះព្រឹកឡើង ដេវីដដ៏អស្ចារ្យត្រូវបានគេប្រទះឃើញដួលដេកក្នុងបន្ទប់។
ក្បាលគាត់ត្រង៉ោល សក់រាយពាសពេញក្បែរៗនោះ ព្រោះកាលពីយប់គាត់ខំប្រឹងកោសក់ខ្លួនឯងរំលត់បណ្តាសា!
ម្នាក់ៗឮតែសម្រែកថា៖
«គ្មានសក់កាត់ទេយាយកញ្ចាស់ យើងគ្មានសក់កាត់លើកទីបីទេ! បណ្តាសាក៏ទៅមិនរួចដែរ។»
ក្រោយៗមកទ្រព្យគាត់ត្រូវបានរឹបអូសអស់។ គាត់នៅអង្គុយក្នុងរទេះ នាមន្ទីរពេទ្យសម្រាប់មន្ត្រីបារាំង ហើយសម្លឹងប្រពន្ធដេកក្នុងរបៀបជាមនុស្សរុក្ខជាតិ។
ដេវីដរង់ចាំកូនស្រីគាត់មកលេង តែនាងមិនដែលមកទេ…មានគេខ្សឹបថា នាងបានស្លាប់ទៅហើយដោយមិនអាចទទួលយករឿងទាំងនេះបាន។
—-
ឆ្នាំ២០២៤
…«ជម្រាបសួរ! មានអ្នកណានៅទេ? ខ្ញុំមកកាត់សក់!»
«ចូលមក!» ទ្វារតៀមសាឡនយាយផល្លារបើក…សីហាជាកូនប្រុសឈរក្បែរកៅអីកំពុងកាត់សក់ឱ្យម្តាយ។
តើអ្នកចង់សុំអ្វី? ដឹងពីតម្លៃដែលត្រូវបង់ហើយឬនៅ?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ