គន្លឹះដំបូង ស្រាវជ្រាវជានិច្ច ៖
គ្រប់ប្រធានបទ គួរតែឆ្លងកាត់ការស្រាវជ្រាវដោយប្រុងប្រយ័ត្ន។ ស្មេរ អាចស្វែងរកព័ត៌មាន ស្ថិតិនិងទិន្នន័យ លើអនឡាញ តែក៏ត្រូវថ្លឹងថ្លែង ស្វះស្វែងអំណះអំណាង មុនពេលសរសេរ ។ សូម្បីសន្ទនាតូចមួយ ក៏ត្រូវប្រាកដថា ជាសម្តីតួ មិនមែនសម្តីរបស់អ្នកនិពន្ធទេ។ សំណេរដែលមានការស្រាវជ្រាវ គឺជាទម្លាប់នៃការទទួលខុសត្រូវរបស់អ្នកនិពន្ធមួយផ្នែកធំព្រោះប្រលោមលោកមិនមែនជាការស្រមៃគ្មានន័យ ដូចដែលមនុស្សដែលមិនយល់សេចក្តី តែងលើកយកមកនិយាយទេ ។ វាជាបណ្តុំនៃចំណេះដឹង ការស្រាវជ្រាវ ទេពកោសល្យ ការព្យាយាម ព្រមទាំងនិន្នន័យ។ ធនធានដ៏អស្ចារ្យ ដែលយើងរកបានពីការសាកសួរ ការជួបមនុស្សច្រើនស្រទាប់ (មិនមែនមើលវីដេអូគេហើយសរសេរតាម) ការផ្ទៀងផ្ទាត់ ជាធនធានដែលធ្វើឱ្យបទនិពន្ធធ្ងន់និងស្តុកស្តម្ភទៅដោយភាសាប្រលោមចិត្ត។
ឧបករណ៍ដែលអាចជួយអ្នកនិពន្ ធឱ្យស្វែងយល់បានយ៉ាងឆាប់រហ័សអំពីប្រធានបទពិបាកៗ គឺស្គាល់ពាក្យខ្លឹមគន្លឹះ Keyword ដើម្បី Search។ ចេះបង្កើតសំណួរ និងផ្តោតអារម្មណ៍ក្នុងការផ្ចិតផ្ចង់តួអង្គ ដែលមកបង្កើតរចនាសម្ព័ន្ធមាតិការបស់យើង។ ដោយមានចរិត សម្តីសម្តៅជាក់លាក់មួយ តំណាងឱ្យខ្លួនគេ តួអង្គនោះ ពុំមែនយកមកពីកុនឬល្ខោនទូរទស្សន៍នានាទេ នឹងជួយឱ្យសាច់រឿងយើងថ្មី ជាចំណីអារម្មណ៍ពិតៗ។
គន្លឹះទីពីរ រចនាសម្ព័ន្ធ៖ ប្រហែលជាមានគ្នាយើងមិនជឿ បើខ្ញុំប្រាប់ថា មានអ្នកនិពន្ធជាច្រើនដែលមិនចេះធ្វើរចនាសម្ព័នរឿងឡើយ តែក្រោយៗមក ពេលចាស់ទុំលើវិស័យនេះ គាត់នឹងចាប់ផ្តើមចង់បង្កើតសាច់រឿងប្រទាក់ក្រឡា រួចក៏មិនអាចរំលងការបង្កើតរចនាសម្ព័នរឿងឡើងមកទេ ពុំនោះពុំមានបទនិពន្ធស៊ីសង្វាក់ល្អ ឬហៅថាជក់ចិត្តបានទេ។
បើរចនាសម្ព័ន្ធរឿង(ឆ្អឹងរឿង)មិនល្អ ខ្វះការស្រាវជ្រាវ ខ្វះបទពិសោធន៍ នឹងចេញមកមិនសមហេតុផល ដែលសាររបស់អ្នកនិពន្ធអាចហាក់ដូចជាមិនច្បាស់លាស់ ច្របូកច្របល់ ឬភ្លាវ។ ការតម្រៀបព័ត៌មានប្រកបដោយតក្កវិជ្ជា ដឹកនាំអ្នកអានតាមរយៈអំណះអំណាង ដែលមានពិតនឹងចង្អុលទៅចំណុចមួយដែលទាំងយើងទាំងអ្នកអានព្រមទទួលឬជឿគ្នា (អានជក់)។ ត្រូវសន្មតថា អ្នកអានរបស់យើង មានចំណេះដឹងខ្ពស់ ដូច្នេះត្រូវបង្កើតខ្លឹមសារ រក្សាតក្កវិជ្ជា និងការបន្ត និពន្ធទំព័រទីមួយដែលមានការណែនាំគួរឱ្យចាប់អារម្មណ៍ជាការចាំបាច់ និងសាងសង់ទ្វារខាងមុខដ៏រឹងមាំមួយដែលទាក់ទាញអ្នកអានឱ្យដើរ ចូល ។ ការដាក់ព័ត៌មានសំខាន់បំផុតជាមុននៅកថាខណ្ឌនីមួយៗនៅទំព័រទីមួយ ដោយប្រើពាក្យពេចន៍ទាក់ទាញ ពន្យល់ទំនាស់តាំងពីអានភ្លាម ដើម្បីអ្នកអានដឹងថាសាច់រឿងនេះ ត្រូវនឹងអ្វីដែលគាត់ចង់តាមដានដែរទេ? សម្រាប់ខ្ញុំការកសាងរចនាសម្ព័នរឿង មិនអាចប្រើពេលឆាប់ទេ គឺពិបាក និងស្វិតស្វាញជាងការសរសេរផ្សាយទៅទៀត។
យើងត្រូវបង់លេខបន្តបន្ទាប់នៃដំណើររឿង រួមជាមួយតួនាទី ក៏ដូចជាបញ្ហារបស់តួអង្គធំៗ រួចហើយ យើងនឹងសរសេរកំនត់ថា យើងបង្ហើបពណ៌នាចំណុចណាមកមុន មួយណាក្រោយ ពេលនោះយើងនឹងមិនភ្លេចសាច់រឿង ហើយមិនមានអារម្មណ៍ស្រាលៗកន្ទុយរឿងទេ។
ចំណុចគន្លឹះទីបីភាពជាខ្លួនឯង ៖ ត្រូវសួរខ្លួនឯងជានិច្ចថា ហេតុអ្វីគេជាអ្នកអានរបស់យើង ? ព្រោះគេចង់អានរឿងយើង ដែលជាសំឡេងយើង ការផ្សាភ្ជាប់នឹងបេះដូងយើង។ គេមិនមែនចង់មើលកុនថៃឬចិនឬអាមេរិក តាមរយៈការសរសេររបស់យើងទេ។ ហើយក៏មិនចាំបាច់រត់តាមនិន្នការ ដ្រាម៉ា តំអូញ ឬបោកបញ្ឆោត ដូចបណ្តាញសង្គមដែរ ។ បណ្តាញសង្គមជាកន្លែងដែលប្រើវិធីខុសៗគ្នាសម្រាប់ល្បី ឬទាញការចាប់អារម្មណ៍ តែស្លាកយីហោ ឬឈ្មោះល្បីល្បាញនៃអ្នកនិពន្ធម្នាក់ៗ អាស្រ័យលើបទនិពន្ធ ដែលជាខ្លួនគាត់ មិនមែនធ្វើតាមអ្នកណា ឬផ្គាប់មនុស្សក្រុមណា ឬទាក់ទាញដោយវិធីដែលមិនបង្ហាញថា ជាទឹកដៃរបស់គាត់។ តើអ្វីទៅ ជាភាពដាច់ដោយឡែករបស់យើង ? រកឃើញចម្លើយ យើងនឹងឈ្នះនៅក្នុងសិល្បៈគ្រប់ប្រភេទ។
ចំណុចគន្លឹះទីបួន ល្អិតល្អន់៖
យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតៗ និងចំណុចពិស្តានានា កត់ចំណាំនូវអ្វីដែលជាលក្ខណៈពិសេសនៃតួអង្គនិមួយៗ និងព្រឹត្តិការណ៍ធំៗរបស់ផ្ទៃរឿង។ ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទាំងនេះ នឹងដោះស្រាយបាន លើ ចំណុចច្រំដែល ចំណុចឆ្គង ចមណុចមិនសមហេតុផល និងចំណុចមិនស៊ីមេទ្រី។ ជៀសឱ្យបាន ការប្រើពាក្យឬសកម្មភាពដដែល ម្តងហើយម្តងទៀត តែគួរបង្កើតភាពភ្ញាក់ផ្អើលអ្វីដែលមិននឹកស្មានម្តងមួយៗ កុំរង់ចាំដល់ចុងបញ្ចប់។ ពេលខ្លះយើងត្រូវសរសេរមនុស្សដែលយើងមិនដែលចួប ឬមិនពេញចិត្ត ត្រូវឈរលើស្បែកជើងគេ និយាយសម្តីជាគេ ហើយពិនិត្យល្អិតល្អន់ថា មានកាយវិកាប្រដំប្រសងជាមួយតួអង្គផ្សេងៗទេ? ការងាររបស់អ្នកនិពន្ធគឺបម្រើសៀវភៅ មិនមែនជាអារម្មណ៍ផ្ទាល់ខ្លួនឡើយ កុំសរសេរពេលខូចចិត្ត កុំសរសេររឿងខ្លួនឯងញឹកពេក ព្រោះនឹងបានពាក្យពេចន៍ដដែលជាដដែល។ គំនិតល្អិតល្អន់ នាំទៅរកទម្លាប់វិភាគដើម្បីអាចបំបែកប្រធានបទមួយទៅជាផ្នែកៗ ។ បើធៀបនឹងនៅថ្នាក់វិទ្យាសាស្ត្រ គឺយើងមើលលើរចនាសម្ព័ន្ធនៃសារពាង្គកាយមួយ ភ្ជាប់ផ្នែកៗទៅនឹងដំណើរការដែលវារួមគ្នា ចំណែកនៅក្នុងថ្នាក់សិក្សាសង្គម ការគិតល្អិត ជាការពិពណ៌នាអំពីខ្សែសង្វាក់ពាក់ព័ន្ធនៃព្រឹត្តិការណ៍ដែលនាំទៅដល់លទ្ធផលជាក់លាក់មួយ។ សាកល្បងដោយសៀវភៅស្តើងៗតែមានសម្តី កាយវិកាថ្មី ប្រសើរជាងការសរសេរសៀវភៅធំៗ ដែលមិនមានអ្នកណាអានដល់ចប់។
គន្លឹះទី៥ បង្ហាញមិនមែនប្រាប់៖
អ្នកនិពន្ធល្អ មិនប្រាប់ថា«មីងកំពុងខឹងទេ» តែបង្ហាញកាយវិកាឬសម្តីមីងដែលអ្នកអានទទួលអារម្មណ៍ថា គាត់ខឹង។ អ្នកនិពន្ធថ្នឹកជំនាញ គេជៀសចំណុចនេះបំផុត ចំណុចបញ្ចេញមតិដោយគ្មានឧទាហរណ៍ ដូចជា «ដេវីដស្រលាញ់មុំខ្លាំង» តែបង្ហាញវិញថា ដេវីដពិបាកចិត្តពេលមុំមិនញញឹម។ កុំនិយាយថា តួអង្គធ្លាក់ទឹកចិត្ត ត្រូវបង្ហាញថា គេកំពុងតែធ្វើអ្វីៗមិនដូចមនុស្សធម្មតាអាច ចាក់សោរ សំកុក វាយខ្នើយ ឬទាត់ធុងសម្រាម ឬមិនមាត់មិនក។ អ្វីក៏ដោយដែលបង្ហាញពីអារម្មណ៍ដោយគ្មានការប្រាប់ ជាការព័ណ៌នា ហើយការពណ៌នាភាគច្រើនមានតែក្នុងស្នាដៃអ្នកនិពន្ធដែលថ្នឹក ព្រោះការពណ៌នាទើបជារូបភាព ចំណែកការប្រាប់ មិនចូលបេះដូងអ្នកអានទេ។
(នៅមានត)
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ