៨ចំណុចគន្លឹះដែល​ខ្ញុំប្រើមកអភិវឌ្ឍបទនិពន្ធ និងជម្រុញអាជីពតែងនិពន្ធ

គន្លឹះដំបូង ស្រាវជ្រាវជានិច្ច

គ្រប់ប្រធានបទ គួរតែឆ្លងកាត់ការស្រាវជ្រាវដោយប្រុងប្រយ័ត្ន។ ស្មេរ​ អាច​ស្វែងរកព័ត៌មាន ស្ថិតិនិងទិន្នន័យ លើអនឡាញ តែក៏ត្រូវថ្លឹងថ្លែង ស្វះស្វែងអំណះអំណាង មុនពេល​សរសេរ ។​ សូម្បីសន្ទនា​តូចមួយ ក៏ត្រូវប្រាកដថា ជាសម្តីតួ មិនមែនសម្តីរបស់អ្នកនិពន្ធទេ។ សំណេរដែលមាន​ការស្រាវជ្រាវ គឺជាទម្លាប់​នៃការទទួលខុសត្រូវរបស់អ្នកនិពន្ធមួយផ្នែកធំព្រោះប្រលោមលោក​មិនមែនជាការស្រមៃគ្មានន័យ ដូចដែលមនុស្ស​ដែលមិនយល់សេចក្តី តែងលើកយកមកនិយាយទេ ។ វាជាបណ្តុំនៃចំណេះដឹង ការស្រាវជ្រាវ ទេពកោសល្យ ការព្យាយាម ព្រមទាំងនិន្នន័យ។ ធនធានដ៏អស្ចារ្យ ដែលយើងរកបានពីការសាកសួរ ការជួបមនុស្ស​ច្រើនស្រទាប់ (មិនមែន​មើលវីដេអូគេហើយសរសេរតាម) ការផ្ទៀងផ្ទាត់ ជាធនធាន​ដែលធ្វើឱ្យបទនិពន្ធធ្ងន់និងស្តុកស្តម្ភទៅដោយភាសាប្រលោមចិត្ត។
ឧបករណ៍ដែលអាចជួយអ្នកនិពន្ ធឱ្យស្វែងយល់បានយ៉ាងឆាប់រហ័សអំពីប្រធានបទពិបាកៗ គឺស្គាល់ពាក្យខ្លឹមគន្លឹះ Keyword ដើម្បី Search។​ ចេះបង្កើតសំណួរ និងផ្តោតអារម្មណ៍ក្នុងការផ្ចិតផ្ចង់តួអង្គ ដែលមកបង្កើតរចនាសម្ព័ន្ធមាតិការបស់យើង។ ដោយមាន​ចរិត សម្តីសម្តៅជាក់លាក់មួយ តំណាង​ឱ្យខ្លួនគេ តួអង្គនោះ ពុំមែន​យកមកពីកុនឬល្ខោនទូរទស្សន៍នានាទេ នឹងជួយឱ្យសាច់រឿងយើងថ្មី ជាចំណីអារម្មណ៍ពិតៗ។

គន្លឹះទីពីរ រចនាសម្ព័ន្ធ៖ ប្រហែលជាមានគ្នាយើងមិនជឿ បើខ្ញុំប្រាប់ថា មានអ្នកនិពន្ធជាច្រើន​ដែលមិនចេះធ្វើរចនាសម្ព័នរឿងឡើយ តែក្រោយៗមក ពេលចាស់ទុំលើវិស័យនេះ គាត់នឹងចាប់ផ្តើម​ចង់បង្កើតសាច់រឿងប្រទាក់ក្រឡា រួចក៏មិនអាចរំលងការបង្កើតរចនាសម្ព័នរឿងឡើងមកទេ ពុំនោះពុំមានបទនិពន្ធស៊ីសង្វាក់ល្អ ឬហៅថាជក់ចិត្ត​បានទេ។

បើរចនាសម្ព័ន្ធរឿង(ឆ្អឹងរឿង)មិនល្អ ខ្វះការស្រាវជ្រាវ ខ្វះបទពិសោធន៍ នឹងចេញមកមិនសមហេតុផល ដែលសាររបស់អ្នកនិពន្ធអាចហាក់ដូចជាមិនច្បាស់លាស់ ច្របូកច្របល់ ឬភ្លាវ​។ ការ​តម្រៀបព័ត៌មានប្រកបដោយតក្កវិជ្ជា ដឹកនាំអ្នកអានតាមរយៈអំណះអំណាង ដែលមានពិត​នឹង​ចង្អុលទៅចំណុចមួយដែលទាំងយើងទាំងអ្នកអាន​ព្រម​ទទួលឬជឿគ្នា (អានជក់)។ ត្រូវ​សន្មតថា អ្នកអានរបស់យើង មានចំណេះដឹងខ្ពស់ ដូច្នេះត្រូវបង្កើតខ្លឹមសារ រក្សាតក្កវិជ្ជា និងការបន្ត និពន្ធទំព័រទីមួយដែល​មាន​ការណែនាំគួរឱ្យចាប់អារម្មណ៍ជាការចាំបាច់ និងសាងសង់​ទ្វារ​ខាងមុខ​ដ៏​រឹងមាំ​មួយ​ដែល​ទាក់​ទាញ​អ្នក​អានឱ្យដើរ ​ចូល​ ។ ការដាក់ព័ត៌មានសំខាន់បំផុតជាមុននៅកថាខណ្ឌនីមួយៗនៅទំព័រ​ទីមួយ​ ដោយប្រើពាក្យពេចន៍ទាក់ទាញ ពន្យល់ទំនាស់តាំងពីអានភ្លាម ដើម្បីអ្នកអាន​ដឹងថា​សាច់រឿងនេះ ត្រូវនឹង​អ្វីដែលគាត់ចង់តាមដានដែរទេ? សម្រាប់ខ្ញុំការកសាងរចនាសម្ព័នរឿង មិនអាចប្រើពេលឆាប់ទេ គឺពិបាក និងស្វិតស្វាញជាងការសរសេរផ្សាយទៅទៀត។

អនុរចនាសម្ព័ននៃប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ

យើងត្រូវបង់លេខបន្តបន្ទាប់នៃដំណើររឿង រួមជាមួយ​តួនាទី ក៏ដូចជាបញ្ហា​របស់តួអង្គធំៗ រួចហើយ យើងនឹងសរសេរកំនត់ថា យើងបង្ហើបពណ៌នា​ចំណុចណាមកមុន មួយណាក្រោយ ពេលនោះយើងនឹងមិនភ្លេចសាច់រឿង ហើយមិនមាន​អារម្មណ៍ស្រាលៗកន្ទុយរឿងទេ។

ចំណុចគន្លឹះទីបីភាពជាខ្លួនឯង ៖ ត្រូវសួរខ្លួនឯងជានិច្ច​ថា ហេតុអ្វីគេជាអ្នកអានរបស់យើង ? ព្រោះគេចង់អានរឿងយើង ដែលជាសំឡេងយើង ការផ្សាភ្ជាប់នឹង​បេះដូងយើង។ គេមិនមែនចង់មើលកុនថៃឬចិនឬអាមេរិក តាមរយៈការសរសេររបស់យើងទេ។ ហើយក៏មិនចាំបាច់រត់តាមនិន្នការ ដ្រាម៉ា តំអូញ ឬ​បោកបញ្ឆោត ដូចបណ្តាញសង្គមដែរ ។ បណ្តាញសង្គម​ជាកន្លែងដែលប្រើវិធី​ខុសៗគ្នា​សម្រាប់ល្បី ឬទាញការចាប់អារម្មណ៍ តែស្លាកយីហោ ឬឈ្មោះល្បីល្បាញនៃអ្នកនិពន្ធម្នាក់ៗ អាស្រ័យលើបទនិពន្ធ ដែលជាខ្លួនគាត់ មិនមែនធ្វើតាមអ្នកណា ឬផ្គាប់មនុស្សក្រុមណា ឬទាក់ទាញដោយវិធី​ដែលមិនបង្ហាញថា ជាទឹកដៃរបស់គាត់។ តើអ្វីទៅ ជាភាពដាច់ដោយឡែក​របស់យើង ? រកឃើញចម្លើយ យើងនឹងឈ្នះនៅក្នុងសិល្បៈគ្រប់ប្រភេទ។

អ្នកនិពន្ធ ម៉ីសន សុធារី ជាមួយហ្វេននៃប្រលោមលោក ស្រទន់មន្តស្នេហ៍

ចំណុចគន្លឹះទីបួន ល្អិតល្អន់

យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតៗ និងចំណុច​ពិស្តានានា កត់ចំណាំនូវអ្វីដែលជាលក្ខណៈពិសេសនៃតួអង្គនិមួយៗ និងព្រឹត្តិការណ៍ធំៗ​របស់ផ្ទៃរឿង។ ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទាំងនេះ នឹង​ដោះស្រាយបាន លើ ចំណុចច្រំដែល ចំណុច​ឆ្គង ចមណុចមិនសមហេតុផល និងចំណុចមិនស៊ីមេទ្រី។ ជៀសឱ្យបាន ការប្រើពាក្យ​ឬសកម្មភាពដដែល ម្តងហើយម្តងទៀត តែគួរបង្កើតភាពភ្ញាក់ផ្អើល​អ្វី​ដែល​មិន​នឹក​ស្មាន​ម្តងមួយៗ កុំរង់ចាំដល់ចុងបញ្ចប់។ ពេលខ្លះយើង​ត្រូវសរសេរមនុស្ស​ដែលយើងមិនដែលចួប ឬមិនពេញចិត្ត ត្រូវឈរលើស្បែកជើងគេ និយាយសម្តីជាគេ ហើយពិនិត្យ​ល្អិតល្អន់ថា មាន​កាយវិកា​ប្រដំប្រសងជាមួយតួអង្គផ្សេងៗទេ? ការងាររបស់អ្នកនិពន្ធគឺបម្រើសៀវភៅ មិនមែនជាអារម្មណ៍ផ្ទាល់ខ្លួនឡើយ កុំសរសេរពេលខូចចិត្ត កុំសរសេររឿងខ្លួនឯងញឹកពេក ព្រោះនឹងបានពាក្យពេចន៍ដដែលជាដដែល។ គំនិតល្អិតល្អន់ នាំទៅរកទម្លាប់វិភាគ​ដើម្បី​អាច​បំបែក​ប្រធាន​បទ​មួយ​ទៅ​ជា​ផ្នែក​ៗ ។ បើធៀបនឹង​នៅថ្នាក់វិទ្យាសាស្ត្រ គឺយើងមើលលើរចនាសម្ព័ន្ធនៃសារពាង្គកាយមួយ ភ្ជាប់ផ្នែកៗទៅនឹងដំណើរការដែលវារួមគ្នា ចំណែកនៅក្នុងថ្នាក់សិក្សាសង្គម ការគិតល្អិត ជាការពិពណ៌នាអំពីខ្សែសង្វាក់ពាក់ព័ន្ធនៃព្រឹត្តិការណ៍ដែលនាំទៅដល់លទ្ធផល​ជាក់លាក់មួយ។ សាកល្បងដោយសៀវភៅស្តើងៗតែមានសម្តី កាយវិកា​ថ្មី ប្រសើរជាងការសរសេរសៀវភៅធំៗ ដែលមិនមាន​អ្នកណាអានដល់ចប់។

មានស្តុក សូមទាក់ទងមកកាន់ MSTwriter

គន្លឹះទី៥ បង្ហាញមិនមែនប្រាប់

អ្នក​និពន្ធ​ល្អ​ មិន​​ប្រាប់ថា​«មីងកំពុងខឹង​ទេ» តែបង្ហាញ​កាយវិកា​ឬសម្តីមីងដែលអ្នកអាន​ទទួលអារម្មណ៍ថា គាត់ខឹង។ អ្នកនិពន្ធថ្នឹកជំនាញ គេជៀសចំណុចនេះបំផុត ចំណុចបញ្ចេញមតិដោយគ្មានឧទាហរណ៍ ដូចជា «ដេវីដស្រលាញ់មុំខ្លាំង» តែបង្ហាញវិញថា ដេវីដ​ពិបាកចិត្ត​ពេលមុំមិនញញឹម។ កុំនិយាយថា តួអង្គធ្លាក់ទឹកចិត្ត ត្រូវបង្ហាញថា គេកំពុង​តែធ្វើអ្វីៗមិនដូចមនុស្ស​ធម្មតា​អាច ចាក់សោរ សំកុក វាយខ្នើយ ឬទាត់ធុងសម្រាម ឬមិនមាត់មិនក។ អ្វីក៏ដោយដែលបង្ហាញពីអារម្មណ៍ដោយគ្មានការប្រាប់ ជាការព័ណ៌នា ហើយការពណ៌នាភាគច្រើនមានតែក្នុងស្នាដៃអ្នកនិពន្ធដែលថ្នឹក ព្រោះការពណ៌នា​ទើបជារូបភាព ចំណែក​ការប្រាប់ មិនចូលបេះដូងអ្នកអានទេ។

(នៅមាន​ត)

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*