អ្នកនិពន្ធនិយម ប្រើការបំបែក និងប្តូរឈុតឆាក ក្នុងគោលបំណង បង្រួមសកម្មភាពកើតហេតុ ផ្លាស់ប្តូរPOV -point of view «អត្ថរូប» កាត់បន្ថយការសរសេរលំអិត និងធុញទ្រាន់ក្នុងអារម្មណ៍អ្នកអាន។
ការបំបែកឈុតឆាក អាចជាមធ្យោបាយចាកចេញពីតួអង្គណាមួយ ទៅកាន់តួអង្គផ្សេង ឬតួអង្គដដែល ក្នុងវេលាណាមួយ ទៅកាន់ពេលវេលាផ្សេងដែរ។
ជួនកាលយើងបំបែកឈុតឆាកនៃតួអង្គដដែលនិងពេលវេលាដដែលទៅកាន់ទីតាំងផ្សេង ឧទាហរណ៍គេឡើងឡានបិទទ្វារគ្រឹប រួចក៏បំបែកឈុតឆាកនេះចោលចេញទៅដល់ពែលឡានឈប់ង៉ក់ក្បែរព្រៃ។ល។
ទោះយ៉ាងណា មិនមែនគ្រប់អ្នកនិពន្ធសុទ្ធតែពូកែបំបែកឈុតឆាកនោះទេ។ ដូច្នេះយើងឃើញរឿងខ្លះ យើងអានមិនហ៊ានរំលង ឯរឿងខ្លះទៀត ត្រូវរំលងចោលច្រើនទំព័រ ហើយធុញទ្រាន់ ក្រាស់តែសៀវភៅឥតអំពើ។
ខ្ញុំចែកសិល្ប៍វិធីនៃការបំបែកឈុតឆាកទៅជាចំណុចៗងាយស្រួលយល់ដូចខាងក្រោម៖
ទីមួយ ជួយសង្ខេបពាក្យអធិប្បាយ៖
ប្រលោមលោកខ្លះបានរៀបរាប់ អធិប្បាយកន្លះទំព័រ ឯខ្លះទៀត ចូលមកភ្លាមក៏បំបែកនិងសង្ខេបឱ្យយល់ដល់ទិដ្ឋភាពដូចគ្នាប៉ុន្តែប្រើតែពីរបន្ទាត់។ ឧទាហរណ៍ «ឯណាប្អូនស្រីឯង!» សំណួររបស់ប៉ូលីស ធ្វើឱ្យគេបែរជុំសម្លឹងបរិវេណឆ្នេរទន្ល និងបណ្តាជួរដើមពោតរសាត់បោកជារលកក្រោមអំណាចខ្យល់។
គ្មានមនុស្សម្នាក់ទេ! មុននេះឃើញនាងដើរកាត់ ចុះនាងគេចពួនឬមួយយ៉ាងណា?
នៅទីនេះ យើងឃើញតួអង្គពីរកំពុងស្វែងរកតួអង្គទីបី យើងឃើញចម្ការពោត យើងឃើញខ្យល់ និងឆ្នេរទន្លេ ដោយមិនចាំបាច់រៀបរាប់របស់ទាំងនេះនៅខាងដើមនាំឱ្យអ្នកអានធុញថប់ ។
ទីពីរ កាត់វគ្គដោយសញ្ញា«***»
ការកាត់វគ្គ អាចបណ្តាលមកពីវគ្គនេះវែងពេកហើយ ឬមិនចង់សរសេរចំណុចណាមួយ ក៏កាត់ទៅសង្ខេបវគ្គថ្មីតែម្តង។ ឧទាហរណ៍ «ធ្វើខ្លួនឱ្យសុភាព បើមិនចង់ពិបាក!»
ក្នាញ់ហើយចងចិញ្ចើមជាអ្វីដែលនាងអាចធ្វើបានពេលនេះ។ ប៉ុន្តែពេលដែលគេនោះដើរទៅដល់ទ្វារ នាងតាំងចិត្តស្រែកតវ៉ាពីក្រោយ៖
«យកចិត្តគេដាក់ចិត្តខ្លួនឯងផង! បើសិនខ្លួនឯងវិញ ញ៉ាំបាយចូល ហើយដេកលក់ដែរអត់ ដែលត្រូវគេចាប់មកដូចសត្វនៀក? ឬមួយក៏….រកវិធីចេញឱ្យបានពីកន្លែងចង្រៃៗនេះ?»
មនុស្សប្រុសឈ្ងោកចុះពាក់ស្បែកជើង។
សម្ដីដែលចុងក្រោយដែលគេប្រាប់មកនាងវិញ គឺខ្លីនិងស្រាលៗ៖
«ប្រៀបធៀបគ្នាមិនបានទេ! ម្នាក់ជាចំណាប់ខ្មាំង ម្នាក់ជាម្ចាស់ផ្ទះ! មនុស្សខុសគ្នា លក្ខខណ្ឌក៏ខុសគ្នា!»
***
ឥន្ត្រាមកដល់បន្ទប់ឪពុក ចំពេលដែលយូស៊ូកំពុងអង្គុយបែរខ្នងសម្លឹងសមុទ្រច្រង៉ាង កម្រាលពូកជុំវិញគេ រេលពាសពេញទៅដោយកំប៉ុងប៊ីយ៉ែច្រងាប់ក្រឡាប់ផ្ងារ។
កូនច្បងរេភ្នែកសម្លឹងសម្ភារៈនានា ដែលនៅរាយប៉ាយខ្ទេចខ្ទីទាំងយល់ហើយថា គ្មាននរណាហ៊ានចូលមករៀបចំកន្លែងនេះ ទេ ព្រោះថារាល់ពេលដែលយូស៊ូខឹង គេលែងជាខ្លួនគេទៀតហើយ។
ទីបី បំបែកឆាកដើម្បីផ្លាស់ប្តូរពេលវេលា
អ្នកនិពន្ធខ្លះផ្លាស់ប្តូរឈុតឆាកដោយគ្រាន់តែសរសេរថា បីខែក្រោយមក ឬស្អែកឡើង។ល។ ប្រភេទនៃការផ្លាស់ប្តូរឈុត ពន្លឿនពេលវេលាប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រលោមលោកអាចថាលើសពីនេះ។
អ្នកខ្លះប្រើពាក្យថា ឥឡូវនេះ គាត់បានមកដល់មុខសាលារៀន ។ ខ្លះទៀតបំបែកប្តូរពេលវេលាឬទិដ្ឋភាពដោយប្រើពាក្យថា នៅឯផ្ទះរបស់ម្តាយជេមស៍វិញ គេឃើញមានរថយន្តប្លែកៗលូនចូលមកដល់ជាបន្តបន្ទាប់។ល។
យើងរៀនពីបទពិសោធន៍នៃទម្រង់កាត់ឆាក ដែលងាយនិងមិនបន្លាយពេល ចោលទំព័រឥតប្រយោជន៍តាមរយៈការ ចូលមកភ្លាមដល់ឃ្លាសន្ទនាសឹមបង្ហាញមុខតួអង្គហើយនឹង បង្ហាញទីតាំង បង្ហាញយប់ឬថ្ងៃ និងបង្ហាញប្រធានបទដែលពួកគេប្រឈម។
ឧទាហរណ៍«ព្រមទេ?….ឱ្យខ្ញុំទៅបងប្រុសខ្ញុំវិញ? អ្ហះ?»
ព្រោះដឹងថា នាងខ្សោយណាស់ហើយតាមរយៈសព្ទសំឡេងរវើរវាយនេះ គេលែងសួរនាំឆ្លើយឆ្លងច្រើន គេបានត្រឹមតែបន្តដំណើរឱ្យកាន់តែឆាប់តម្រង់គោលដៅ។
ជំពូក
ស្នាមរបួស
«គេមិនអីទេ!….នៅក្នុងដៃរបស់ខ្ញុំ! ឥឡូវនេះ ដាក់ឱ្យគេងនៅក្នុងអាផាតមិនក្រុមសាម៉ោះរកឱ្យ! អត់មានអីទាំងអស់ប៉ា….ខ្លួនប្រាណប៉ះពារតិចតួចមានស្នាមជាំខ្លះ….អត់មានរបួសជ្រៅទេ!»
«កូនគិតទាក់ទងបងប្រុសគេពេលណា?!»
ត្រូវឪពុកសួរមក គេដៀងសម្លឹងរាងកាយស្តូកស្តឹងរបស់ស្រីល្អ។
លើកក្រោយយើងនឹងសិក្សាអំពីស្នៀតបំបែកឆាកបញ្ចប់ការវិលវល់ជុំវិញតួអង្គតែមួយគូ ឬតួអង្គដដែលៗ។ តើបំបែកយ៉ាងណាដើម្បីរក្សាសាច់រឿងឱ្យនៅតែពាក់ព័ន្ធ?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ