បច្ចេកទេសបំបែកឈុតឆាកជាតូចៗសម្រាប់ប្រលោមលោក

អ្នកនិពន្ធនិយម ប្រើការបំបែក និងប្តូរឈុតឆាក ក្នុងគោលបំណង បង្រួមសកម្មភាពកើតហេតុ  ផ្លាស់ប្តូរPOV -point of view «អត្ថរូប» កាត់បន្ថយការសរសេរលំអិត  និងធុញទ្រាន់ក្នុងអារម្មណ៍អ្នកអាន។

ការ​បំបែក​ឈុត​ឆាក​ អាចជាមធ្យោបាយចាកចេញពីតួអង្គណាមួយ ទៅកាន់តួអង្គផ្សេង ឬតួអង្គដដែល ក្នុងវេលាណាមួយ ទៅកាន់ពេលវេលាផ្សេងដែរ។

ជួនកាលយើងបំបែកឈុតឆាកនៃតួអង្គដដែលនិងពេលវេលាដដែលទៅកាន់ទីតាំងផ្សេង ឧទាហរណ៍គេឡើងឡានបិទទ្វារគ្រឹប រួចក៏បំបែកឈុតឆាកនេះចោល​ចេញទៅដល់ពែលឡានឈប់ង៉ក់ក្បែរព្រៃ។ល។

ទោះយ៉ាងណា មិនមែនគ្រប់អ្នកនិពន្ធសុទ្ធតែពូកែបំបែកឈុតឆាកនោះទេ។ ដូច្នេះ​យើងឃើញរឿងខ្លះ យើងអានមិនហ៊ានរំលង​ ឯរឿងខ្លះទៀត ត្រូវ​រំលងចោលច្រើនទំព័រ ​ហើយធុញទ្រាន់ ក្រាស់តែសៀវភៅឥតអំពើ។​

ខ្ញុំចែកសិល្ប៍វិធីនៃការ​បំបែកឈុតឆាកទៅជាចំណុចៗងាយស្រួលយល់ដូចខាងក្រោម៖

ទីមួយ ជួយសង្ខេបពាក្យអធិប្បាយ៖

ប្រលោមលោកខ្លះបានរៀបរាប់ អធិប្បាយកន្លះទំព័រ ឯខ្លះទៀត ចូលមកភ្លាម​ក៏បំបែកនិងសង្ខេបឱ្យយល់ដល់ទិដ្ឋភាពដូចគ្នា​ប៉ុន្តែប្រើតែពីរបន្ទាត់។ ឧទាហរណ៍ «ឯណាប្អូនស្រីឯង!» សំណួររបស់ប៉ូលីស ធ្វើឱ្យគេបែរជុំ​សម្លឹងបរិវេណឆ្នេរទន្ល និងបណ្តាជួរដើមពោតរសាត់បោកជារលកក្រោមអំណាចខ្យល់។

គ្មានមនុស្សម្នាក់ទេ! មុននេះ​ឃើញនាង​ដើរកាត់ ចុះនាង​គេចពួនឬមួយយ៉ាងណា?

នៅទីនេះ យើងឃើញ​តួអង្គពីរកំពុង​ស្វែងរកតួអង្គទីបី យើងឃើញចម្ការពោត យើងឃើញខ្យល់ និងឆ្នេរទន្លេ ដោយមិនចាំបាច់រៀបរាប់របស់ទាំងនេះនៅខាងដើម​នាំឱ្យអ្នកអានធុញថប់ ។

ទីពីរ កាត់វគ្គដោយសញ្ញា«***»

ការកាត់វគ្គ អាចបណ្តាលមកពីវគ្គនេះវែងពេកហើយ ឬមិនចង់សរសេរចំណុចណាមួយ ក៏កាត់ទៅសង្ខេបវគ្គថ្មីតែម្តង។ ឧទាហរណ៍ «ធ្វើខ្លួនឱ្យសុភាព បើមិនចង់ពិបាក!»

ក្នាញ់ហើយចងចិញ្ចើមជាអ្វីដែលនាង​អាច​ធ្វើបានពេលនេះ។ ប៉ុន្តែពេលដែលគេនោះដើរទៅដល់ទ្វារ នាង​តាំងចិត្តស្រែក​តវ៉ាពីក្រោយ៖

«យកចិត្ត​គេដាក់ចិត្តខ្លួនឯងផង! បើសិនខ្លួនឯងវិញ ញ៉ាំបាយចូល ហើយដេកលក់ដែរអត់ ដែលត្រូវគេចាប់មកដូចសត្វនៀក? ឬមួយក៏….រកវិធីចេញឱ្យបានពីកន្លែងចង្រៃៗនេះ?»

មនុស្សប្រុសឈ្ងោកចុះពាក់ស្បែកជើង។

សម្ដីដែលចុងក្រោយដែលគេប្រាប់មកនាង​វិញ គឺខ្លីនិងស្រាលៗ៖

«ប្រៀបធៀបគ្នាមិនបានទេ! ម្នាក់ជាចំណាប់ខ្មាំង ម្នាក់ជាម្ចាស់ផ្ទះ!  មនុស្សខុសគ្នា លក្ខខណ្ឌក៏ខុសគ្នា!»

***

ឥន្ត្រា​មកដល់បន្ទប់ឪពុក ចំពេលដែលយូស៊ូកំពុងអង្គុយបែរខ្នងសម្លឹងសមុទ្រច្រង៉ាង កម្រាលពូកជុំវិញគេ រេលពាសពេញទៅដោយកំប៉ុងប៊ីយ៉ែច្រងាប់ក្រឡាប់ផ្ងារ។

កូនច្បងរេភ្នែកសម្លឹងសម្ភារៈនានា ដែលនៅរាយប៉ាយខ្ទេចខ្ទីទាំងយល់ហើយថា គ្មាននរណាហ៊ានចូលមករៀបចំកន្លែងនេះ​ ទេ ព្រោះថារាល់ពេលដែលយូស៊ូខឹង គេលែងជាខ្លួនគេទៀតហើយ។

ទីបី  បំបែកឆាក​ដើម្បីផ្លាស់ប្តូរពេលវេលា

អ្នកនិពន្ធខ្លះផ្លាស់ប្តូរឈុតឆាក​ដោយគ្រាន់តែសរសេរថា បីខែក្រោយមក ឬស្អែកឡើង។ល។ ប្រភេទនៃការផ្លាស់ប្តូរឈុត ពន្លឿនពេលវេលា​ប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រលោមលោកអាចថាលើសពីនេះ។

អ្នកខ្លះប្រើពាក្យថា ឥឡូវនេះ គាត់បានមកដល់មុខសាលារៀន ។ ខ្លះទៀតបំបែក​ប្តូរពេលវេលាឬទិដ្ឋភាពដោយប្រើពាក្យថា នៅឯផ្ទះរបស់ម្តាយជេមស៍វិញ គេឃើញមាន​រថយន្តប្លែកៗលូនចូលមកដល់ជាបន្តបន្ទាប់។ល។

យើងរៀនពីបទពិសោធន៍នៃទម្រង់កាត់ឆាក ដែលងាយនិងមិនបន្លាយពេល ចោលទំព័រ​ឥតប្រយោជន៍តាមរយៈការ ចូលមកភ្លាមដល់ឃ្លាសន្ទនា​សឹមបង្ហាញ​មុខតួអង្គហើយនឹង បង្ហាញទីតាំង បង្ហាញ​យប់ឬថ្ងៃ និងបង្ហាញប្រធានបទដែលពួកគេប្រឈម។

ឧទាហរណ៍«ព្រមទេ?….ឱ្យខ្ញុំទៅបងប្រុសខ្ញុំវិញ? អ្ហះ?»

ព្រោះដឹងថា នាង​ខ្សោយណាស់ហើយតាមរយៈសព្ទសំឡេងរវើរវាយនេះ គេលែងសួរនាំឆ្លើយឆ្លងច្រើន គេបានត្រឹមតែបន្តដំណើរឱ្យកាន់តែឆាប់តម្រង់គោលដៅ។

ជំពូក

ស្នាមរបួស

«គេមិនអីទេ!….នៅក្នុងដៃរបស់ខ្ញុំ! ឥឡូវនេះ ដាក់ឱ្យគេងនៅក្នុងអាផាតមិនក្រុមសាម៉ោះរកឱ្យ! អត់មានអីទាំងអស់ប៉ា….ខ្លួនប្រាណប៉ះពារតិចតួចមានស្នាមជាំខ្លះ….អត់មាន​របួសជ្រៅទេ!»

«កូនគិតទាក់ទងបងប្រុសគេពេលណា?!»

ត្រូវឪពុកសួរមក គេដៀងសម្លឹងរាងកាយស្តូកស្តឹងរបស់ស្រីល្អ។

លើកក្រោយយើងនឹងសិក្សាអំពីស្នៀតបំបែកឆាកបញ្ចប់ការវិលវល់ជុំវិញតួអង្គតែមួយគូ ឬតួអង្គដដែលៗ។ តើបំបែកយ៉ាងណាដើម្បីរក្សាសាច់រឿងឱ្យនៅតែពាក់ព័ន្ធ?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*