អ្នកនិពន្ធវ័យក្មេង ១០ រូប ប្រមូលផ្ដុំគ្នាបញ្ចេញស្នាដៃក្នុងក្រុម “ឥន្ទ្រីយ៍”

ឥន្ទ្រីយ៍​គឺជាក្រុមអ្នកនិពន្ធវ័យ​ក្មេងប្រុស-ស្រីបង្កើតរួមគ្នា នា​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការ​បណ្ដុះបណ្ដាល​ពីអ្នកនិពន្ធ ម៉ីសន សុធារី ដោយមានអ្នកទាំង១០រូបសុទ្ធសឹង​តែ​ជា​កវី​ស្រករក្រោយ មាន​ស្នាដៃ​ចេញផ្សាយ​លើវេបសាយឌីជីហថលរបស់អ្នកនិពន្ធ។

ត្បិតថាក្រុមនេះជាពន្លកថ្មី​ក៏ពិតមែន ប៉ុន្តែ​ឥន្ទ្រីយ៍​បានសាងសាងស្នាដៃរួម​គ្នាជាច្រើនលើ​វិស័យ​អំណាន​ ហើយក្នុងនោះម្នាក់ៗបាន​រំលេច​ស្នាដៃ​ឯក ​រហូតទទួលបានសន្ទុះនៃការគាំទ្រ​គ្រប់ទិសទីពីបណ្ដាអ្នកអានក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ស្នាដៃខ្លះមានអ្នកចូលអាន​ច្រើនបំផុតមិនធ្លាប់​មានផងដែរ។

១ ឆុងធឿន នាម​ប៉ាកកា ទំព័រមយូរ៉ា

ម្ចាស់​ស្នាដៃ “និស្ស័យ​ស្នេហ៍​ម្ចាស់​ចម្ការ” តាមពិតគឺជាអាជីវករ នៅឯខេត្តបាត់ដំបងនោះទេ​ ប៉ុន្តែដោយសារតែនិស្ស័យចូលចិត្តសរសេរ និងអានតាំងពីអាយុ១៣ឆ្នាំ ទើបធ្វើឲ្យកវីពន្លកក្រោយរូបនេះសម្រេចចិត្តចូលរួមប្រកួតកម្មវិធី MST Writer ក្រោមប្រធានបទអ្នកនិពន្ធក្រៅសាលា ជំនាន់ទី១។

២ ឆេន សុខណេត

កន្លងនាងធ្លាប់សរសេរជាអត្ថបទបែបលើកទឹកចិត្ត និង រឿងខ្លីៗបែបអប់រំ មានដូចជារឿង ស្បែកជើងដែលខ្ញុំស្រឡាញ់. ស្ដាយក្រោយ. សម្ភារៈ​និយម។ ក្រោយមកទើបសុខណេតមានឱកាសបញ្ចេញស្នាដៃថ្មីស្រឡាងគឺរឿង “តាម​រក​ក្ដីស្រម៉ៃ” ក្នុងកម្មវិធី MST រដូវកាលទីមួយ។

៣ ជិន សូនីន នាម​ប៉ាកកា ស្រីតូច

ប្រលោមលោក “កំណត់​ហេតុ​ពណ៌​ខ្មៅ”​ ជាស្នាដៃទីមួយរបស់អ្នកនិពន្ធពន្លកក្រោយ ជិន សូនីន ដែលមាននាម​ប៉ាកកា ស្រីតូច។

៤ ទឹមផល្លីនដា នាម​ប៉ាកកា វិនិទ្រា

ទឹមផល្លីនដា ចូលចិត្តសរសេរតាំងពី ឆ្នាំ២០២០ ខណៈស្នាដៃធ្លាប់សរសេរពីមុនមាន ៥រឿង បានចេញបោះពុម្ភជាសៀវភៅចំនួន១រឿង ហើយស្នាដៃដែលចេញផ្សាយលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី​ មានចំណងជើង “សមនាបណ្ដូលចិត្ត”។

៥ ម៉ែន ស្រីពៅ នាម​ប៉ាកកា កូនជ្រូកខ្មៅ

ម្ចាស់ស្នាដៃ “ដើរតាមបេះដូង” បានបញ្ចាក់ថានេះគឺជាការបង្ហាញស្នាដៃសរសេរលើកដំបូងជាសាធារណៈ ហើយសម្រាប់អត្តន័យក្នុងរឿងនេះ គឺនាងចង់ចូលរួមជាចំណែកក្នុងការផ្តល់ជាស្នាមញញឹម និងកាត់បន្ថយស្ត្រេសរបស់អ្នកអានបានខ្លះពីសម័យកូវិដប៉ុណ្ណោះ។ ហើយចំណុចមួយចំនួនក្នុងនេះ ក៏អាចជាការពិតមួយផ្នែកនៃអ្នកអាន ណាម្នាក់ផងដែរ។ ប្រសិនបើមានចំណុចរសើប បងប្អូនអ្នកអានចង់ផ្តល់ជាមតិរិះគន់ស្ថាបនា នាងខ្ញុំពិតជារីករាយនឹងទទួលខ្លាំងណាស់។

៦ សៀក ម៉ាវិន

និស្សិតមកពីខេត្ត​ តាកែវរូបនេះ ចូលចិត្តសរសេរនិងអានតាំងពីអាយុ​ ១៥​ ឆ្នាំ។ ស្នាដៃដែលធ្លាប់សរសេរមាន​ រឿង​ ផ្ទះមរណ, រឿង​ ខុស​មាត់, រឿង​ ម្ចាស់បន្ទប់។ សម្រាប់ស្នាដៃទីមួយដែលបានចេញផ្សាយដំបូងនេះមានចំណងជេីងថា​ “សំណែន” ដែលជាប្រលោកលោកមានអ្នកចូលអានច្រើនជាងគេ។

៧ ស៊ុំ សុធារ៉ា នាម ​ប៉ាកកា ​ទឹកភ្នែក​សម្ងាត់

ថ្មីៗនេះស្នាដៃដែល ស៊ុំ សុធារ៉ា ធ្លាប់បានសរសេររួចហើយរួមមាន រឿងក្រមាឃាតក, រឿងក្ដីស្រមៃ, រឿងម៉ែយាយ, រឿងក្រោមមេឃពណ៌បៃតង និងរឿងបន្តោងយុថ្កា ខណៈ ​”កេសា​ចងពៀរ” គឺជាប្រលោមលោកទីមួយដែលមានលើវេបសាយឌីជីថលរបស់អ្នកនិពន្ធ ម៉ីសន សុធារី។

៨ ហេង អ៊ីឈង

នាងចូលចិត្តសរសេរតាំងពីឆ្នាំ​ ២០២០ ​តែមិនធ្លាប់មានជាស្នាដៃអ្វីទេ សរសេរមិនចប់ចុងចប់ដេីម​ចូលចិត្តតែសរសេរ​គ្រោង​និងស្រមើស្រមៃ​ពី​អ្វីដែលតួអង្គត្រូវជួប​។​ ដោយសារតែកម្មវិធី​ MST writer នេះទើបឲ្យអ៊ីឈងមានឱកាស​ចូលរួមបង្ហាញនូវ​កម្រងរឿង​ចេញផ្សាយនេះមានចំណងជើង “គ្រូយេីង”។​

៩ ហ៊ុយ សារ៉ាត់

ម្ចាស់ស្នាដៃរឿង “ព្រហ្មចារី” ដែលមានអ្នកចូលអានច្រើនលើសលប់មិនធ្លាបមាន លើវេបសាយឌីជីថល។ ក្រៅពីចូលរួមប្រកួតស្នាដៃតែងនិពន្ធ ហ៊ុយ សារ៉ាត់ ក៏មានស្នាដៃផ្សេងទៀតដូចជា រឿងបេសកកម្ម៥ថ្ងៃស្វែងរកសាកសព, រឿងគំនូរលាក់វិញ្ញាណ, រឿងឃាតកររូបស្រស់, រឿងវិចិត្រករសណ្តំចិត្ត, រឿងគំនុំ, កំណាព្យរឿងខ្លី នឹកពុក, រឿង បន្ទប់ក្រោមដី, រឿងដាវអាជ្ញាសឹក, រឿងខ្មោចជំនាងផ្ទះ, និងរឿងព្រាយខ្លា, រឿងចំណងស្នេហ៍ក្រោមមេឃពណ៌ខ្មៅ។

១០ អឿន ស្រីនាង នាម​ប៉ាកកា ជូហ្វី

ត្បិតថាជូហ្វីទើបចាប់ផ្តើមដើរលើវិថីជាអ្នកនិពន្ធ​ និងមិនទាន់មានជាបទពិសោធន៏ច្រើនឬមានស្នាដៃច្រើនដូចសមាជិកក្រុមឥន្ទ្រីយ៍ក្ដី។ ប៉ុន្តែប្រលោកលោក “ស្រមោលស្នេហ៍” ជារឿងមនោសញ្ចេតនាយុវវ័យដែលនាងយកមកកែសម្រួលថ្មី។ ទោះវាជារឿងដែលមិនបានឥតខ្ចោះក្តី តែកំឡុងពេលកែសម្រួលរឿងមួយនេះ កវីរូបនេះបានយល់ដឹងកាន់តែច្រើនពីការសរសេរប្រលោមលោកខុសឆ្ងាយកាលពីជិតមួយឆ្នាំមុន​ ដែលព្យាយាមសរសេររឿងមួយនេះទាំងនៅមិនទាន់យល់ពីអ្វីៗទាំងអស់។ នាងក៏សង្ឃឹមថាគ្រប់គ្នានឹងចូលចិត្តរឿង “ស្រមោលស្នេហ៍” ព្រោះវាជារឿងដែលមានបង្កប់ការអប់រំរៀបរាប់ពីវិប្បដិសារីរបស់ក្មេងស្រីម្នាក់ដែលមានទៅលើបុរសម្នាក់៕

កញ្ញា គ្រាប់ជី

2 Comments

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*