ឥន្ទ្រីយ៍គឺជាក្រុមអ្នកនិពន្ធវ័យក្មេងប្រុស-ស្រីបង្កើតរួមគ្នា នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបណ្ដុះបណ្ដាលពីអ្នកនិពន្ធ ម៉ីសន សុធារី ដោយមានអ្នកទាំង១០រូបសុទ្ធសឹងតែជាកវីស្រករក្រោយ មានស្នាដៃចេញផ្សាយលើវេបសាយឌីជីហថលរបស់អ្នកនិពន្ធ។
ត្បិតថាក្រុមនេះជាពន្លកថ្មីក៏ពិតមែន ប៉ុន្តែឥន្ទ្រីយ៍បានសាងសាងស្នាដៃរួមគ្នាជាច្រើនលើវិស័យអំណាន ហើយក្នុងនោះម្នាក់ៗបានរំលេចស្នាដៃឯក រហូតទទួលបានសន្ទុះនៃការគាំទ្រគ្រប់ទិសទីពីបណ្ដាអ្នកអានក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ស្នាដៃខ្លះមានអ្នកចូលអានច្រើនបំផុតមិនធ្លាប់មានផងដែរ។
១ ឆុងធឿន នាមប៉ាកកា ទំព័រមយូរ៉ា

ម្ចាស់ស្នាដៃ “និស្ស័យស្នេហ៍ម្ចាស់ចម្ការ” តាមពិតគឺជាអាជីវករ នៅឯខេត្តបាត់ដំបងនោះទេ ប៉ុន្តែដោយសារតែនិស្ស័យចូលចិត្តសរសេរ និងអានតាំងពីអាយុ១៣ឆ្នាំ ទើបធ្វើឲ្យកវីពន្លកក្រោយរូបនេះសម្រេចចិត្តចូលរួមប្រកួតកម្មវិធី MST Writer ក្រោមប្រធានបទអ្នកនិពន្ធក្រៅសាលា ជំនាន់ទី១។
២ ឆេន សុខណេត

កន្លងនាងធ្លាប់សរសេរជាអត្ថបទបែបលើកទឹកចិត្ត និង រឿងខ្លីៗបែបអប់រំ មានដូចជារឿង ស្បែកជើងដែលខ្ញុំស្រឡាញ់. ស្ដាយក្រោយ. សម្ភារៈនិយម។ ក្រោយមកទើបសុខណេតមានឱកាសបញ្ចេញស្នាដៃថ្មីស្រឡាងគឺរឿង “តាមរកក្ដីស្រម៉ៃ” ក្នុងកម្មវិធី MST រដូវកាលទីមួយ។
៣ ជិន សូនីន នាមប៉ាកកា ស្រីតូច

ប្រលោមលោក “កំណត់ហេតុពណ៌ខ្មៅ” ជាស្នាដៃទីមួយរបស់អ្នកនិពន្ធពន្លកក្រោយ ជិន សូនីន ដែលមាននាមប៉ាកកា ស្រីតូច។
៤ ទឹមផល្លីនដា នាមប៉ាកកា វិនិទ្រា

ទឹមផល្លីនដា ចូលចិត្តសរសេរតាំងពី ឆ្នាំ២០២០ ខណៈស្នាដៃធ្លាប់សរសេរពីមុនមាន ៥រឿង បានចេញបោះពុម្ភជាសៀវភៅចំនួន១រឿង ហើយស្នាដៃដែលចេញផ្សាយលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី មានចំណងជើង “សមនាបណ្ដូលចិត្ត”។
៥ ម៉ែន ស្រីពៅ នាមប៉ាកកា កូនជ្រូកខ្មៅ

ម្ចាស់ស្នាដៃ “ដើរតាមបេះដូង” បានបញ្ចាក់ថានេះគឺជាការបង្ហាញស្នាដៃសរសេរលើកដំបូងជាសាធារណៈ ហើយសម្រាប់អត្តន័យក្នុងរឿងនេះ គឺនាងចង់ចូលរួមជាចំណែកក្នុងការផ្តល់ជាស្នាមញញឹម និងកាត់បន្ថយស្ត្រេសរបស់អ្នកអានបានខ្លះពីសម័យកូវិដប៉ុណ្ណោះ។ ហើយចំណុចមួយចំនួនក្នុងនេះ ក៏អាចជាការពិតមួយផ្នែកនៃអ្នកអាន ណាម្នាក់ផងដែរ។ ប្រសិនបើមានចំណុចរសើប បងប្អូនអ្នកអានចង់ផ្តល់ជាមតិរិះគន់ស្ថាបនា នាងខ្ញុំពិតជារីករាយនឹងទទួលខ្លាំងណាស់។
៦ សៀក ម៉ាវិន

និស្សិតមកពីខេត្ត តាកែវរូបនេះ ចូលចិត្តសរសេរនិងអានតាំងពីអាយុ ១៥ ឆ្នាំ។ ស្នាដៃដែលធ្លាប់សរសេរមាន រឿង ផ្ទះមរណ, រឿង ខុសមាត់, រឿង ម្ចាស់បន្ទប់។ សម្រាប់ស្នាដៃទីមួយដែលបានចេញផ្សាយដំបូងនេះមានចំណងជេីងថា “សំណែន” ដែលជាប្រលោកលោកមានអ្នកចូលអានច្រើនជាងគេ។
៧ ស៊ុំ សុធារ៉ា នាម ប៉ាកកា ទឹកភ្នែកសម្ងាត់

ថ្មីៗនេះស្នាដៃដែល ស៊ុំ សុធារ៉ា ធ្លាប់បានសរសេររួចហើយរួមមាន រឿងក្រមាឃាតក, រឿងក្ដីស្រមៃ, រឿងម៉ែយាយ, រឿងក្រោមមេឃពណ៌បៃតង និងរឿងបន្តោងយុថ្កា ខណៈ ”កេសាចងពៀរ” គឺជាប្រលោមលោកទីមួយដែលមានលើវេបសាយឌីជីថលរបស់អ្នកនិពន្ធ ម៉ីសន សុធារី។
៨ ហេង អ៊ីឈង

នាងចូលចិត្តសរសេរតាំងពីឆ្នាំ ២០២០ តែមិនធ្លាប់មានជាស្នាដៃអ្វីទេ សរសេរមិនចប់ចុងចប់ដេីមចូលចិត្តតែសរសេរគ្រោងនិងស្រមើស្រមៃពីអ្វីដែលតួអង្គត្រូវជួប។ ដោយសារតែកម្មវិធី MST writer នេះទើបឲ្យអ៊ីឈងមានឱកាសចូលរួមបង្ហាញនូវកម្រងរឿងចេញផ្សាយនេះមានចំណងជើង “គ្រូយេីង”។
៩ ហ៊ុយ សារ៉ាត់

ម្ចាស់ស្នាដៃរឿង “ព្រហ្មចារី” ដែលមានអ្នកចូលអានច្រើនលើសលប់មិនធ្លាបមាន លើវេបសាយឌីជីថល។ ក្រៅពីចូលរួមប្រកួតស្នាដៃតែងនិពន្ធ ហ៊ុយ សារ៉ាត់ ក៏មានស្នាដៃផ្សេងទៀតដូចជា រឿងបេសកកម្ម៥ថ្ងៃស្វែងរកសាកសព, រឿងគំនូរលាក់វិញ្ញាណ, រឿងឃាតកររូបស្រស់, រឿងវិចិត្រករសណ្តំចិត្ត, រឿងគំនុំ, កំណាព្យរឿងខ្លី នឹកពុក, រឿង បន្ទប់ក្រោមដី, រឿងដាវអាជ្ញាសឹក, រឿងខ្មោចជំនាងផ្ទះ, និងរឿងព្រាយខ្លា, រឿងចំណងស្នេហ៍ក្រោមមេឃពណ៌ខ្មៅ។
១០ អឿន ស្រីនាង នាមប៉ាកកា ជូហ្វី

ត្បិតថាជូហ្វីទើបចាប់ផ្តើមដើរលើវិថីជាអ្នកនិពន្ធ និងមិនទាន់មានជាបទពិសោធន៏ច្រើនឬមានស្នាដៃច្រើនដូចសមាជិកក្រុមឥន្ទ្រីយ៍ក្ដី។ ប៉ុន្តែប្រលោកលោក “ស្រមោលស្នេហ៍” ជារឿងមនោសញ្ចេតនាយុវវ័យដែលនាងយកមកកែសម្រួលថ្មី។ ទោះវាជារឿងដែលមិនបានឥតខ្ចោះក្តី តែកំឡុងពេលកែសម្រួលរឿងមួយនេះ កវីរូបនេះបានយល់ដឹងកាន់តែច្រើនពីការសរសេរប្រលោមលោកខុសឆ្ងាយកាលពីជិតមួយឆ្នាំមុន ដែលព្យាយាមសរសេររឿងមួយនេះទាំងនៅមិនទាន់យល់ពីអ្វីៗទាំងអស់។ នាងក៏សង្ឃឹមថាគ្រប់គ្នានឹងចូលចិត្តរឿង “ស្រមោលស្នេហ៍” ព្រោះវាជារឿងដែលមានបង្កប់ការអប់រំរៀបរាប់ពីវិប្បដិសារីរបស់ក្មេងស្រីម្នាក់ដែលមានទៅលើបុរសម្នាក់៕
កញ្ញា គ្រាប់ជី
2 Comments
ស្នាដៃពួកគាត់សុទ្ធល្អៗច្រើន ខ្ញុំចូលចិត្ត!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ