ឥន្ត្រានិងនីយ៉ា ដល់ណាហើយ?

ខ្ញុំជឿថា ចំណុច​កំពូលនៃប្រលោមលោក​មនោសញ្ចេតនា​ដ៏ល្អមួយ គឺនៅពេលដែលអាចបង្ហាញមិនចេះអស់នូវ​ សេចក្ដីស្រឡាញ់ ដ៏អស្ចារ្យដែល ស្ម័គ្រឈឺ គិតគេជាងខ្លួនឯង សង្គ្រោះ ការពារ និងរើបម្រះចេញពីគំនាប!។

ម៉ីសន សុធារី គាត់កំពុងនិយាយអំពីរឿងរ៉ាវ​ដែល«វែងសែនវែង»តែអានមិនធុញ នៅក្នុងប្រលោមលោកថ្មីបំផុតរបស់គាត់ក្នុងឆ្នាំនេះ (ភាគមួយចេញនៅខែសីហា​ ឆ្នាំ២០២២) សរសេរបណ្តើរផ្សាយបណ្តើរនៅព្រីមៀមក្លឹប។

ឥន្ត្រា តួអង្គមនុស្សទឹកកកដែលនឹងនរ ស្ងប់ តែមានគុណសម្បត្តិជាវីរបុរសជួយសង្គ្រោះ ថែមទាំងមានទម្លាប់លះបង់ខ្លួនឯងដើម្បីអ្នកដែលជាញាតិរបស់គេ។ នៅពេលតួស្រីមកពីគ្រួសារសត្រូវ គេក៏មិនដឹងថាហេតុអ្វីខ្លួនឯងបែរជាចង់ធ្វើវីរបុរសការពារនាង​ដូចគ្នា​នឹងការពារប្អូនឬគ្រួសារខ្លួនទៅវិញ?

ហើយនោះ ជាអ្វីដែលយើងកំណត់ថា សេចក្តីស្រឡាញ់ដ៏ជ្រៅនិងអាថ៌កំបាំង មិនដឹងថា​សាមីខ្លួនទទួលស្គាល់ចិត្ត​ស្រលាញ់នេះដែរអត់?

នៅថ្ងៃដែលប៉ាគេឃាត់គេមិនឱ្យទៅរវល់ជាមួយការចាប់ពង្រត់នាង គេបានប្រាប់ប៉ាគេថា « «ខ្ញុំមិនអាចដកដង្ហើមបានទេ ពេលដឹងថា គេកំពុងមានគ្រោះថ្នាក់!»

ពិតណាស់ប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ មិនមែនជាសាច់រឿងល្អឥតខ្ចោះនោះទេ។ អ្នកនិពន្ធសរសេររៀងរាល់ព្រឹក ហើយផ្សាយចេញនៅម៉ោង៨យប់ ។

មិនបានពិនិត្យ​ច្រើនដង និងមិនមានឱកាសកែសម្រួល។  សំណេរស្នេហា​ដែលរំលេចឡើងក្នុងឧបសគ្គ បានតម្រូវឱ្យឧបសគ្គ​រឹងតែធ្ងន់ឡើងៗ ដើម្បីសាកល្បងតួប្រុសនិងតួស្រី។

អ្នកអាន​តាំងពីដំបូងមក​​ បានទាត់ចោលយូស៊ូ​ប្រុសសង្ហា​ក្នុងរឿង ហើយ​ចាប់យកឥន្ត្រា ដែលមិនចេះសូម្បីតែអានអក្សរ។

ដំបូងខ្ញុំគិតថា មកពីអ្នកអានជឿថាគេជាពិសិដ្ឋ ជាប្អូនប្រុសរបស់គីម៉ាល់នៅក្នុងរឿងបេះដូងមេគង្គ តែដល់មកសាកសួរអ្នកអានខ្លះ គាត់មិនទាន់បានអានបេះដូងមេគង្គផង តែក៏ចាប់យកឥន្ត្រាជំនួសឱ្យយូស៊ូ។

ខ្ញុំយល់ហើយ!

សភាវគតិដ៏ជ្រៅបំផុតរបស់មនុស្សយើងគឺយើងត្រូវការមានអ្វីមួយលើសបន្តិចពី«អាចរកបាន»ក្នុងជីវិតធម្មតា​នៅក្នុងប្រលោមលោកដែលយើងចង់អាន។

ឥន្ត្រា មនុស្ស​ដូចគេ​មានទេ​នៅក្នុងពិភពលោកនេះ?

អត់មាន​ក៏ដោយ​អ្នកអានមិនខ្វល់ទេ​! គេមិនខ្វល់ថា ឥន្ត្រាមកពីណា ប្រវត្តិបែបណា​ត្រូវ​ប្តូរហ្សែនសំយោគវិធីណា សំខាន់ អ្នកអានចង់ឱ្យគេ​ដឹងថា គេស្រលាញ់នីយ៉ា ហើយ​ដឹងផងដែរថា នីយ៉ា​ផ្តើមស្រលាញ់គេវិញហើយ។

ទាំងមិនដឹងខ្លួន!

មានហេតុផលដែលតួអង្គប្រុសទឹកកក មានភាពលេចធ្លោជាងតួអង្គណាទាំងអស់ដែលធ្លាប់ត្រូវបាន​សរសេរនៅក្នុងប្រលោម​លោក​របស់ ម៉ីសន សុធារី ទោះឥន្ត្រាមិនមែនឥតខ្ចោះ ប៉ុន្តែគេគឺជាមនុស្ស​ដែលគ្មានជាតិគីមីណាផ្លាស់គេបាន។

អ្នកនិពន្ធ បានបង្ហាញកាន់តែកៀក​ទៅនឹងខ្លឹមសារពិតរបស់វិញ្ញាណល្អ បេះដូងល្អ ជាអ្វីដែលពិភពលោកយើងនេះ ខ្វះបំផុត និងពិតជាត្រូវការបំផុត។

នៅក្រោយការយល់ច្រលំ រមែងបន្ថែមការឱ្យតម្លៃ។ ក្រោយមក ឥន្ត្រាដឹងថា នីយ៉ា​មិនមែនជាស្រីបង្កប់ឱ្យប៉ូលីស ហើយនាងវិញ​ជឿថា គេមិនមែនជាជនពាលធ្វើបាបមនុស្សទន់ខ្សោយតាមអំពើចិត្ត​ដែរ។បុរសដែលខ្វះភាពស្មោះត្រង់ មិនទុកចិត្ត មិនឱ្យតម្លៃស្នេហា និងមិនឱ្យតម្លៃគ្រួសារនាង ជាមនុស្ស​ដែលនាង​ធ្លាប់ស្រលាញ់ខ្លាំងនិងប្រថុយជីវិតសង្គ្រោះគេ។ តែគេវាយខ្នោះបងៗនាង ​ភ្ជង់នាង ហើយធ្វើរឿងឈឺចិត្ត​ច្រើនទៀត បំផ្លាញសេចក្តីស្រលាញ់ក្នុងបេះដូងនាង។

មូលដ្ឋាននៃ ចរិតលក្ខណៈជាមនុស្សប្រុសពិតប្រាកដរបស់ឥន្ត្រា និងភាពលះបង់របស់នីយ៉ា បានបង្ខិតពួកគេ​ជិតគ្នា ជាគូស្នេហ៍សក្តិសមបំផុត ហើយគ្រប់យ៉ាង​ដែលពីរនាក់នេះឆ្លងកាត់ នឹងក្លាយជាការពិតដែលនឹងភ្ជាប់ពួកគេនៅក្នុងចំណងដ៏រឹងមាំមួយ។

រហូត​ដល់​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ដឹងពីរឿងនេះ ? អ្នកណាដឹងមុន?នីយ៉ាឬឥន្ត្រា​ដែលនឹង​ដឹងថា រស់ខ្វះគ្នាមិនបាន?

លីណា

ចុចអានភាគទីមួយនៃប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*