ខ្ញុំជឿថា ចំណុចកំពូលនៃប្រលោមលោកមនោសញ្ចេតនាដ៏ល្អមួយ គឺនៅពេលដែលអាចបង្ហាញមិនចេះអស់នូវ សេចក្ដីស្រឡាញ់ ដ៏អស្ចារ្យដែល ស្ម័គ្រឈឺ គិតគេជាងខ្លួនឯង សង្គ្រោះ ការពារ និងរើបម្រះចេញពីគំនាប!។
ម៉ីសន សុធារី គាត់កំពុងនិយាយអំពីរឿងរ៉ាវដែល«វែងសែនវែង»តែអានមិនធុញ នៅក្នុងប្រលោមលោកថ្មីបំផុតរបស់គាត់ក្នុងឆ្នាំនេះ (ភាគមួយចេញនៅខែសីហា ឆ្នាំ២០២២) សរសេរបណ្តើរផ្សាយបណ្តើរនៅព្រីមៀមក្លឹប។
ឥន្ត្រា តួអង្គមនុស្សទឹកកកដែលនឹងនរ ស្ងប់ តែមានគុណសម្បត្តិជាវីរបុរសជួយសង្គ្រោះ ថែមទាំងមានទម្លាប់លះបង់ខ្លួនឯងដើម្បីអ្នកដែលជាញាតិរបស់គេ។ នៅពេលតួស្រីមកពីគ្រួសារសត្រូវ គេក៏មិនដឹងថាហេតុអ្វីខ្លួនឯងបែរជាចង់ធ្វើវីរបុរសការពារនាងដូចគ្នានឹងការពារប្អូនឬគ្រួសារខ្លួនទៅវិញ?
ហើយនោះ ជាអ្វីដែលយើងកំណត់ថា សេចក្តីស្រឡាញ់ដ៏ជ្រៅនិងអាថ៌កំបាំង មិនដឹងថាសាមីខ្លួនទទួលស្គាល់ចិត្តស្រលាញ់នេះដែរអត់?
នៅថ្ងៃដែលប៉ាគេឃាត់គេមិនឱ្យទៅរវល់ជាមួយការចាប់ពង្រត់នាង គេបានប្រាប់ប៉ាគេថា « «ខ្ញុំមិនអាចដកដង្ហើមបានទេ ពេលដឹងថា គេកំពុងមានគ្រោះថ្នាក់!»
ពិតណាស់ប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ មិនមែនជាសាច់រឿងល្អឥតខ្ចោះនោះទេ។ អ្នកនិពន្ធសរសេររៀងរាល់ព្រឹក ហើយផ្សាយចេញនៅម៉ោង៨យប់ ។
មិនបានពិនិត្យច្រើនដង និងមិនមានឱកាសកែសម្រួល។ សំណេរស្នេហាដែលរំលេចឡើងក្នុងឧបសគ្គ បានតម្រូវឱ្យឧបសគ្គរឹងតែធ្ងន់ឡើងៗ ដើម្បីសាកល្បងតួប្រុសនិងតួស្រី។
អ្នកអានតាំងពីដំបូងមក បានទាត់ចោលយូស៊ូប្រុសសង្ហាក្នុងរឿង ហើយចាប់យកឥន្ត្រា ដែលមិនចេះសូម្បីតែអានអក្សរ។
ដំបូងខ្ញុំគិតថា មកពីអ្នកអានជឿថាគេជាពិសិដ្ឋ ជាប្អូនប្រុសរបស់គីម៉ាល់នៅក្នុងរឿងបេះដូងមេគង្គ តែដល់មកសាកសួរអ្នកអានខ្លះ គាត់មិនទាន់បានអានបេះដូងមេគង្គផង តែក៏ចាប់យកឥន្ត្រាជំនួសឱ្យយូស៊ូ។
ខ្ញុំយល់ហើយ!
សភាវគតិដ៏ជ្រៅបំផុតរបស់មនុស្សយើងគឺយើងត្រូវការមានអ្វីមួយលើសបន្តិចពី«អាចរកបាន»ក្នុងជីវិតធម្មតានៅក្នុងប្រលោមលោកដែលយើងចង់អាន។
ឥន្ត្រា មនុស្សដូចគេមានទេនៅក្នុងពិភពលោកនេះ?
អត់មានក៏ដោយអ្នកអានមិនខ្វល់ទេ! គេមិនខ្វល់ថា ឥន្ត្រាមកពីណា ប្រវត្តិបែបណាត្រូវប្តូរហ្សែនសំយោគវិធីណា សំខាន់ អ្នកអានចង់ឱ្យគេដឹងថា គេស្រលាញ់នីយ៉ា ហើយដឹងផងដែរថា នីយ៉ាផ្តើមស្រលាញ់គេវិញហើយ។
ទាំងមិនដឹងខ្លួន!
មានហេតុផលដែលតួអង្គប្រុសទឹកកក មានភាពលេចធ្លោជាងតួអង្គណាទាំងអស់ដែលធ្លាប់ត្រូវបានសរសេរនៅក្នុងប្រលោមលោករបស់ ម៉ីសន សុធារី ទោះឥន្ត្រាមិនមែនឥតខ្ចោះ ប៉ុន្តែគេគឺជាមនុស្សដែលគ្មានជាតិគីមីណាផ្លាស់គេបាន។
អ្នកនិពន្ធ បានបង្ហាញកាន់តែកៀកទៅនឹងខ្លឹមសារពិតរបស់វិញ្ញាណល្អ បេះដូងល្អ ជាអ្វីដែលពិភពលោកយើងនេះ ខ្វះបំផុត និងពិតជាត្រូវការបំផុត។
នៅក្រោយការយល់ច្រលំ រមែងបន្ថែមការឱ្យតម្លៃ។ ក្រោយមក ឥន្ត្រាដឹងថា នីយ៉ាមិនមែនជាស្រីបង្កប់ឱ្យប៉ូលីស ហើយនាងវិញជឿថា គេមិនមែនជាជនពាលធ្វើបាបមនុស្សទន់ខ្សោយតាមអំពើចិត្តដែរ។បុរសដែលខ្វះភាពស្មោះត្រង់ មិនទុកចិត្ត មិនឱ្យតម្លៃស្នេហា និងមិនឱ្យតម្លៃគ្រួសារនាង ជាមនុស្សដែលនាងធ្លាប់ស្រលាញ់ខ្លាំងនិងប្រថុយជីវិតសង្គ្រោះគេ។ តែគេវាយខ្នោះបងៗនាង ភ្ជង់នាង ហើយធ្វើរឿងឈឺចិត្តច្រើនទៀត បំផ្លាញសេចក្តីស្រលាញ់ក្នុងបេះដូងនាង។
មូលដ្ឋាននៃ ចរិតលក្ខណៈជាមនុស្សប្រុសពិតប្រាកដរបស់ឥន្ត្រា និងភាពលះបង់របស់នីយ៉ា បានបង្ខិតពួកគេជិតគ្នា ជាគូស្នេហ៍សក្តិសមបំផុត ហើយគ្រប់យ៉ាងដែលពីរនាក់នេះឆ្លងកាត់ នឹងក្លាយជាការពិតដែលនឹងភ្ជាប់ពួកគេនៅក្នុងចំណងដ៏រឹងមាំមួយ។
រហូតដល់មានម្នាក់ក្នុងចំណោមពួកគេបានដឹងពីរឿងនេះ ? អ្នកណាដឹងមុន?នីយ៉ាឬឥន្ត្រាដែលនឹងដឹងថា រស់ខ្វះគ្នាមិនបាន?
លីណា
ចុចអានភាគទីមួយនៃប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ