បន្ទាប់ពីឆ្លងកាត់ការចូលរួមសិក្សាវគ្គខ្លីជាមួយអ្នកនិពន្ធ ម៉ីសន សុធារី ចំនួន៣ថ្ងៃ រ៉ាហ្ស៊ីដែលជាម្ចាស់ស្នាដៃជាច្រើនលើវេបសាយ meysansotheary.com បានចែករំលែកនៅតិចនិក ៣ ចំណុចធំៗផ្ទាល់ខ្លួននៃការសរសេរពីរឿងខ្លួនឯងយ៉ាងណាឲ្យគេស្លុងអារម្មណ៍អានកាន់តែជក់ចិត្តលើសមុន។
ទន្ទឹមគ្នានោះដែរ ម្ចាស់ស្នាដៃ “រឿង ទូរសព្ទចាស់” ដែលមានអ្នកអានច្រើនរហូតបានទទួលជាប់ជាស្នាដៃ Top 11 ក្នុងចំណោម Top15 លើវេបសាយ ម៉ីសន សុធារី និងទទួលបានរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់បញ្ចាក់យ៉ាងដូច្នោះថា ការធ្វើឲ្យអ្នកអានស្លុងអារម្មណ៍មិនមែនជារឿងងាយស្រួលទេ។ ពេលខ្លះ អ្នកនិពន្ធរូបនេះត្រូវអានច្រើនដង ដាក់អារម្មណ៍ជាមួយសាច់រឿងដែលសរសេរឡើងមកច្រើនដង និងពេលខ្លះមិនតម្រូវអ្នកអានពេកទេ។ ប៉ុន្តែបើយើងអ្នកនិពន្ធខ្លួនឯងយល់ និងស្លុង នោះអ្នកអានក៏ស្លុងតាមដូចគ្នាដែរ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាទស្សនៈ ៣ ចំណុចដែលរ៉ាហ្ស៊ីចង់ចែករំលែកដល់មិត្តអ្នកអាន ដែលជាអ្នកសេ្នហាលើវិស័យតែងនិពន្ធ និងចង់ពង្រឹងការសរសេរឲ្យកាន់តែល្អលើសមុនទៀត។
វិធីទី ១ កំណត់សាច់រឿងដែលត្រូវសរសេ
នេះគឺជារឿងសំខាន់ ព្រោះការផ្ដើមចេញសរសេរនិងបញ្ចប់រឿងមួយ វាមិនងាយនោះទេ វាត្រូវការចំណាយពេលវេលាច្រើន។ ដូច្នេះអ្នកសរសេរ ចូរជ្រើសរើសសាច់រឿងខ្លួនឯងចូលចិត្តបើយើងចូលចិត្តទើបសរសេរចេញមកក៏សប្បាយចិត្តមកជាមួយដែរ (ទោះបីរឿងខ្លះមិនត្រូវបានអ្នកអានតម្លៃក៏ដោយ)។ តែសម្រាប់អ្នកនិពន្ធរូបនេះបាននិយាយថា រូបគេតែងដើរតួពីរគឺអ្នកសរសេរ និងអ្នកអានព្រមគ្នាតែម្ដង។ ក្នុងនោះរ៉ាហ្ស៊ីយល់ថា រូបគេសរសេរមិនបំពេញតម្រូវការអ្វីចង់បានឲ្យអ្នកអានពេកឡើយ តែគេសរសេរដើម្បីឲ្យខ្លួនឯងច្រើនជាង បើយើងស្លុងនិងការសរសេរខ្លួនឯង អ្នកអានក៏ស្លុងទៅតាមហ្នឹងដូចគ្នា។
វិធី ២ ធ្នាក់
ត្រង់ចំណុចនេះអ្នកនិពន្ធវ័យក្មេង រ៉ាហ្ស៊ីបានបញ្ជាក់ថាពេលខ្លះរូបគេក៏ពិបាកដែរ ព្រោះធ្វើម៉េចយើងដឹងថា អ្វីដែលយើងបានសរសេរអាចជាកាវបិទ ឲ្យអ្នកអានជាប់ តាមដានសាច់រឿងរបស់យើងនោះអ៊ីចឹង! ជាធម្មតារ៉ាហ្ស៊ីតែងសួរខ្លួនឯងថា “ម៉េចក៏គេត្រូវការអានរឿង ឬចំណាយពេលអានរឿងដែលមានកម្រាស់រាប់រយទំព័រ? រឿងខ្ញុំមានអ្វីខុសគេ? តួអង្គ សាងព្រឹត្តិការណ៍បែបណា? សំនួនឃ្លាសន្ទនាយ៉ាងម៉េច ទើបវាសក្ដិសមអង្រួនចិត្តអ្នកអានបាន”? គិតទៅ សួរខ្លួនឯងច្រើនសំនួរ ទម្រាំអាចនិយាយថា ចេញសាច់រឿងមួយ មានគេអានវាពិបាកត្រង់គេ ជាមនុស្សសរសេរដែលមិនកំណត់គ្រោងឆ្អឹងជាធំ រឿងខ្លះគេគ្មានគ្រោងឆ្អឹងរឿងសរសេរចេញតែម្ដង។ ប៉ុន្តែរ៉ាហ្ស៊ីសួរបកមកខ្លួនឯងថា វាចេញមកល្អអានទេ មិនហ៊ានឆ្លើយដែរ គ្រាន់តែប្រើអារម្មណ៍សរសេរចេញមក រូបគេហាក់ពេញចិត្តនិងវាខ្លាំងប៉ុណ្ណោះ។
វិធី ៣ កំណត់ពណ៌សម្បុរប្រភេទ (Tone) នៃសាច់រឿង
ប្រភេទនៃសាច់រឿង វាជាចំណុចសំខាន់មួយដែរ ដែលអាចឲ្យអ្នកអានស្លុងជាមួយសាច់រឿងរបស់យើងបាន។ ដូច្នេះការសរសេរធ្វើម៉េចឲ្យអ្នកអានអាចចូលផ្ទាល់ជាមួយសាច់រឿង របស់យើងផ្ទាល់ គឺជាការសំខាន់។ បែបនេះ អ្នកគ្រូក៏បានបង្រៀនលើកឡើង ពីការសរសេរបែបបង្ហាញនិងប្រាប់ត្រង់ (Show vs Tell) ដោយផ្ដល់យោបល់ថាយើងគួរតែសរសេរបែបបង្ហាញជាជាងការប្រាប់ត្រង់ ព្រោះអ្នកអានអាចស្វែងយល់ខ្លួនឯង ឬស្រមៃបង្កើតរូបភាពចេញពីអ្វីនៅក្នុងរឿងមួយនោះ។ ត្រង់ចំណុចនេះ រ៉ាហ្ស៊ីក៏មិនទាន់ច្បាស់ប៉ុន្មានទេ ព្រោះពេលខ្លះ រូបគេក៏សរសេរចម្រុះគ្នា មិនបែងចែកឬប្រើឲ្យច្បាស់នោះទេ។ តែយ៉ាងណា ក្រោយពីសិក្សាចំណុចនេះរួច រ៉ាហ្ស៊ីនឹងរៀនកែប្រែការសរសេររបស់ខ្លួនឯងខ្លះ។
ទោះយ៉ាងណាក៏ដោយ ទាំងនេះជាគ្រាន់តែវិធី៣ក្នុងចំណោម ៥ វដែលធ្វើឲ្យអ្នកអានស្លុងអារម្មណ៍នូវសាច់រឿងរបស់យើងដែលរូបគេធ្លាប់បានសិក្សាជាមួយអ្នកនិពន្ ធម៉ីសន សុធារី ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ខណៈនៅ២ចំណុចទៀត ដែលអ្នកនិពន្ធរ៉ាហ្ស៊ីនឹងចេញផ្សាយនាពេលក្រោយទៀតជូនមិត្តអ្នកអាន៕
ចុចអាន៖អ្នកនិពន្ធ រ៉ាហ្ស៊ី ចេញស្នាដៃ ៥ ចំណងជើងក្នុងរដូវកាលទីមួយ
ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤ –
កញ្ញា គ្រាប់ជី
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ