រ៉ាហ្ស៊ីបង្ហាញទស្សនៈ ៣ ចំណុច ធ្វើឲ្យអ្នកអានស្លុងអារម្មណ៍លើប្រលោមលោករបស់យើង

បន្ទាប់ពីឆ្លងកាត់ការចូលរួមសិក្សាវគ្គខ្លី​ជាមួយអ្នកនិពន្ធ ម៉ីសន សុធារី ចំនួន៣ថ្ងៃ រ៉ាហ្ស៊ីដែល​ជា​ម្ចាស់​ស្នាដៃ​ជាច្រើន​លើ​វេបសាយ meysansotheary.com​ បាន​ចែករំលែកនៅតិចនិក ៣ ចំណុចធំៗផ្ទាល់ខ្លួននៃ​ការសរសេរពីរឿងខ្លួនឯងយ៉ាងណា​ឲ្យ​គេ​ស្លុង​អារម្មណ៍​អាន​កាន់​តែ​ជក់ចិត្ត​លើស​មុន។

ទន្ទឹមគ្នានោះដែរ ម្ចាស់ស្នាដៃ “រឿង ទូរសព្ទចាស់”​ ដែលមានអ្នកអានច្រើនរហូតបានទទួលជាប់ជាស្នាដៃ Top 11 ក្នុងចំណោម Top15 លើវេបសាយ ម៉ីសន សុធារី និងទទួលបានរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់បញ្ចាក់យ៉ាងដូច្នោះថា ការធ្វើឲ្យអ្នកអានស្លុងអារម្មណ៍មិនមែនជារឿងងាយស្រួលទេ។​​ ពេលខ្លះ អ្នកនិពន្ធរូបនេះត្រូវអានច្រើនដង ដាក់អារម្មណ៍ជាមួយសាច់រឿងដែលសរសេរឡើងមកច្រើនដង និងពេលខ្លះមិនតម្រូវអ្នកអានពេកទេ​។ ប៉ុន្តែបើយើងអ្នកនិពន្ធខ្លួនឯងយល់ និងស្លុង នោះអ្នកអានក៏ស្លុងតាមដូចគ្នាដែរ។

យ៉ាងណាមិញ ខាងក្រោមនេះគឺជាទស្សនៈ ៣ ចំណុចដែលរ៉ាហ្ស៊ីចង់ចែករំលែកដល់មិត្តអ្នកអាន ដែលជាអ្នកសេ្នហាលើវិស័យតែងនិពន្ធ និងចង់ពង្រឹងការសរសេរឲ្យកាន់តែល្អលើសមុនទៀត។

វិធីទី ១ កំណត់​សាច់រឿង​ដែល​ត្រូវ​សរសេ

នេះគឺ​ជារឿងសំខាន់ ព្រោះការផ្ដើមចេញសរសេរនិង​បញ្ចប់​រឿងមួយ វាមិនងាយនោះទេ វា​ត្រូវការ​ចំណាយ​ពេល​វេលា​ច្រើន។ ដូច្នេះ​អ្នក​សរសេរ ​ចូរជ្រើសរើសសាច់រឿងខ្លួនឯង​ចូលចិត្ត​បើ​យើង​ចូលចិត្ត​ទើប​សរសេរ​ចេញ​មកក៏សប្បាយចិត្តមកជាមួយដែរ (ទោះបីរឿងខ្លះមិនត្រូវបាន​អ្នក​អាន​តម្លៃ​ក៏ដោយ)។ តែសម្រាប់អ្នកនិពន្ធរូបនេះបាននិយាយថា រូបគេតែង​ដើរតួពីរគឺអ្នកសរសេរ និងអ្នកអានព្រមគ្នាតែម្ដង។ ក្នុងនោះរ៉ាហ្ស៊ី​យល់​ថា រូបគេ​សរសេរមិនបំពេញតម្រូវការអ្វីចង់​បានឲ្យអ្នកអានពេក​ឡើយ តែ​គេសរសេរ​ដើម្បីឲ្យ​ខ្លួនឯង​ច្រើនជាង បើ​យើង​ស្លុង​និង​ការសរសេរ​ខ្លួនឯង អ្នកអាន​ក៏​ស្លុង​ទៅតាមហ្នឹងដូចគ្នា។

វិធី ២ ធ្នាក់

ត្រង់ចំណុចនេះអ្នកនិពន្ធវ័យក្មេង រ៉ាហ្ស៊ី​បាន​បញ្ជាក់​ថា​ពេលខ្លះរូប​គេ​ក៏ពិបាក​ដែរ ព្រោះធ្វើម៉េច​យើង​ដឹងថា អ្វីដែលយើងបានសរសេរអាចជាកាវបិទ ឲ្យអ្នកអានជាប់ តាមដានសាច់រឿង​របស់យើងនោះអ៊ីចឹង! ជា​ធម្មតា​រ៉ាហ្ស៊ីតែងសួរខ្លួនឯងថា “ម៉េចក៏គេត្រូវការអានរឿង ឬចំណាយ​ពេល​អាន​រឿង​ដែល​មាន​កម្រាស់​រាប់រយ​ទំព័រ? រឿងខ្ញុំមានអ្វីខុសគេ? តួអង្គ សាង​ព្រឹត្តិការណ៍​បែបណា? សំនួនឃ្លាសន្ទនាយ៉ាងម៉េច ទើប​វា​សក្ដិសម​អង្រួនចិត្ត​អ្នកអានបាន”? គិតទៅ សួរខ្លួនឯង​ច្រើន​សំនួរ ទម្រាំ​អាច​និយាយ​ថា ចេញ​សាច់​រឿង​មួយ មានគេអាន​វាពិបាកត្រង់គេ ជា​មនុស្ស​សរសេរ​ដែល​មិន​កំណត់​គ្រោង​ឆ្អឹងជាធំ រឿងខ្លះគេ​គ្មាន​គ្រោងឆ្អឹង​រឿង​សរសេរចេញ​តែម្ដង។ ប៉ុន្តែ​រ៉ាហ្ស៊ី​សួរ​បកមកខ្លួនឯង​ថា វា​ចេញ​មក​ល្អ​អាន​ទេ មិន​ហ៊ាន​ឆ្លើយ​ដែរ គ្រាន់​តែ​ប្រើអារម្មណ៍​សរសេរ​ចេញមក រូបគេហាក់​ពេញចិត្ត​និងវាខ្លាំងប៉ុណ្ណោះ។

វិធី ៣ កំណត់​ពណ៌​សម្បុរ​ប្រភេទ (Tone) នៃ​សាច់រឿង

ប្រភេទនៃសាច់រឿង វាជាចំណុចសំខាន់មួយដែរ ដែលអាចឲ្យអ្នកអានស្លុង​ជាមួយសាច់រឿង​របស់យើងបាន។ ដូច្នេះការសរសេរធ្វើម៉េចឲ្យអ្នកអានអាចចូលផ្ទាល់ជាមួយសាច់រឿង របស់យើង​ផ្ទាល់ គឺជាការសំខាន់។ បែបនេះ អ្នកគ្រូក៏បានបង្រៀនលើកឡើង ពីការសរសេរបែប​បង្ហាញ​និង​ប្រាប់ត្រង់ (Show vs Tell) ដោយផ្ដល់យោបល់ថា​យើងគួរតែសរសេរបែប​បង្ហាញជាជាង​ការ​ប្រាប់ត្រង់ ព្រោះអ្នកអានអាចស្វែងយល់ខ្លួនឯង ឬស្រមៃបង្កើតរូបភាព​ចេញពីអ្វីនៅក្នុង​រឿងមួយនោះ។ ត្រង់ចំណុចនេះ រ៉ាហ្ស៊ីក៏មិនទាន់ច្បាស់ប៉ុន្មានទេ ព្រោះពេលខ្លះ រូបគេក៏​សរសេរ​ចម្រុះ​គ្នា មិនបែងចែកឬប្រើឲ្យច្បាស់នោះទេ។ តែយ៉ាងណា ក្រោយពីសិក្សាចំណុច​នេះ​រួច រ៉ាហ្ស៊ីនឹងរៀន​កែប្រែ​ការសរសេររបស់ខ្លួនឯងខ្លះ។

ទោះយ៉ាងណាក៏ដោយ ទាំងនេះជាគ្រាន់តែវិធី៣ក្នុងចំណោម ៥ វដែលធ្វើឲ្យអ្នកអានស្លុងអារម្មណ៍នូវសាច់រឿងរបស់យើង​ដែលរូបគេធ្លាប់បានសិក្សាជាមួយអ្នកនិពន្ ធម៉ីសន សុធារី ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ខណៈនៅ២​ចំណុច​ទៀត ដែលអ្នកនិពន្ធរ៉ាហ្ស៊ីនឹងចេញផ្សាយនាពេលក្រោយទៀតជូនមិត្តអ្នកអាន៕

អ្នកនិពន្ធ រ៉ាហ្ស៊ី

ចុចអាន៖អ្នកនិពន្ធ រ៉ាហ្ស៊ី ចេញស្នាដៃ ៥ ចំណងជើងក្នុងរដូវកាលទីមួយ

ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤ –

កញ្ញា គ្រាប់ជី

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*