សាច់រឿងដ៏ក្ដៅគគុក ដែលពោរពេញដោយភាពតានតឹងនៃឧក្រិដ្ឋកម្មពិភពលោក ភាពប្រទូសរ៉ាយរវាងប៉ូលិសនិងមនុស្សក្រៅច្បាប់ រួមទាំងឈុតឆាក មនោសញ្ចេតនាជ្រាលជ្រៅដល់ប្រអប់បេះដូង រឿងស្រលាញ់បងជ្រៅជាងសមុទ្រ បានឈានដល់ភាគបញ្ចប់កាលពីយប់មិញនេះ។
ជាមួយប្រលោមលោកដ៏វែងអន្លាយជាង ១១០០ទំព័រ អ្នកនិពន្ធលើកឡើងថា បានសរសេរជារៀងរាល់ថ្ងៃ ដើម្បីផ្គាប់ចិត្តអ្នកអានដែលជក់អារម្មណ៍តាមដាន និងទាមទារភាគបន្តជារៀងរាល់ថ្ងៃ។
នៅក្នុងបទពិសោធន៍នៃការងារលំបាកមួយនេះ អ្នកស្រី ម៉ីសន សុធារី អះអាងថា បានសិក្សាអ្វីថ្មីជាច្រើន រវាងអារម្មណ៍អ្នកអាននិងប្រលោមលោក។ នៅពេលកំពុងសរសេរបណ្ដើរចេញផ្សាយបណ្ដើរ អ្នកនិពន្ធយល់ថា ជីវិតឬសភាពដែលតួអង្គកំពុងជួបប្រទះក្នុងសាច់រឿង មានឥទ្ធិពលជាខ្លាំងលើអ្នកអានរបស់ពួកគេ។
អ្នកស្រីបញ្ជាក់បែបនេះថា «ខ្ញុំជាអ្នកនិពន្ធ ទទួលបាននូវអារម្មណ៍រ៉ូមែនទិក ជក់ចិត្ត លន្លង់លន្លោច ទទួលអារម្មណ៍សប្បាយនិងទុក្ខព្រួយផ្ទាល់ជាមួយតួអង្គក្នុងរឿង ដូច្នេះ អ្នកអានក៏ប៉ះអារម្មណ៍នេះដូចគ្នា នេះជាមូលហេតុពួកគេជក់ចិត្ត។ អក្សររបស់យើងនឹងក្លាយជារូបភាព អ្នកអានបានឮសំឡេងតួអង្គនិយាយ ហើយបានដក់គិតអំពីពួកគេ ទម្រាំពេលវេលាផ្សាយចូលមកដល់គឺនៅម៉ោង៨យប់។ រយៈពេលជាងមួយឆ្នាំ ប្រលោមលោកដែលមានចំនួន៩៩ភាគ ផ្សាយផ្ទាល់អនឡាញលើ MEYSANSOTHEARY.COM តែងតែងនៅលើកំពូលតារាងនៃការចូលអានហើយ ភាពរំជើបរំជួលបានត្រូវលាតត្រដាងក្នុងសហគមន៍មិត្តអ្នកអាន! ខ្ញុំបានសិក្សាពីទម្រង់នៃនិទានមនោសញ្ចេតនាថ្លៃថ្នូររាបសា ដូចជាការប្រកួតបានជោគជ័យជាក់ច្បាស់ លើពពួករឿងឈុតឆាកសិចស៊ីរោលរាល។ ប្រលោមលោកបែបនេះ មិនអន្ទះអន្ទែងតែកក់ក្តៅ!»។
អ្នកស្រីបញ្ជាក់ទៀតថា ខណៈពេលដែលប្រលោមលោកយុវជនមួយចំនួនផ្សេង បានជោគជ័យដោយត្រូវភ្ជាប់ ជាមួយនឹងការរួមភេទ ហើយការរំញោចតណ្ហាបានក្លាយជាធ្នាក់សំខាន់ រួមជាមួយការបំពក់នូវ កិត្តិនាម មាសប្រាក់ វត្ថុសិរី ភាពរុងរឿង និងអំណាច អ្វីៗដែលយើងមាននៅក្នុងប្រលោមលោករបស់ខ្ញុំ ភាគច្រើនជាទស្សនវិជ្ជារបស់មនុស្សដែលមានតម្លៃលើសអំពីវត្ថុទាំងពួងនៃតណ្ហា។
តួអង្គរបស់យើង បានបង្ហាញ ស្នេហាគឺអត់ធ្មត់ ឯសេចក្ដីស្រឡាញ់គឺជាអំពើសប្បុរស ជាការផ្តល់មិនមែនទាមទារទេ។ យូស៊ូច្រណែន បានន័យថាមិនស្រលាញ់នាងទេ គេចង់មាននាងមកគ្រាន់តែជាការអួតអាង ជាមោទនភាពហើយអគតិទាំងនោះបានធ្វើឱ្យនីយ៉ាររបស់យើង មិនមែនជាមនុស្សស្រីមានសុភមង្គល តែជាឈ្លើយ ឬជាជនរងគ្រោះ។ ជាមួយឥន្ត្រាវិញ ស្នេហាតែងតែជាគ្រឿងការពារ ជឿជាក់ ផ្ដល់សង្ឃឹម និងបង្កើតស្មារតីតស៊ូជានិច្ច។ ស្នេហាស្មោះមិនដែលបរាជ័យទេ ប្រសិនអ្នកណាចេះស្រលាញ់ស្មោះដូចឥន្ត្រា។
នៅក្នុងបទនិពន្ធបែបមនោសញ្ចេតនា អ្នកនិពន្ធ ម៉ីសន សុធារី ចូលចិត្តបង្កើតការពិពណ៌នានៃសេចក្ដីស្រឡាញ់ដោយពន្យល់ថា តណ្ហាគឺអំពីការទទួលបាននូវអ្វីដែលយើងចង់បាន រីឯសេចក្ដីស្រឡាញ់គឺការដែលចង់ឃើញអ្នកដទៃក្លាយជាមនុស្សល្អ រស់នៅបានល្អ បានន័យថា សេចក្ដីស្រឡាញ់របស់គាត់ផ្តោតលើការបង្កើតក្តីសុខដល់អ្នកផ្សេងទៀត។ ពីដំបូងនីយ៉ា ស្រលាញ់យូស៊ូព្រោះភាពឡូយឆាយ ស្រើបស្រាល ភ្លើតភ្លើន តែនៅពេលឥន្ត្រាដែលមានភាពចាស់ទុំ និងមានសមានចិត្តស្នេហាដ៏ជ្រាលជ្រៅ នីយ៉ាផ្ដើមរេចេញពីវត្ថុបំណងនៃស្នេហាយុវវ័យដំបូងរបស់នាងដែលងប់ងុលនឹងភាពស្រស់ស្អាតពោរពេញទៅដោយតណ្ហាចិត្ត មកជាលះបង់គ្រប់យ៉ាងសម្រាប់មនុស្សដែលគ្មានអនាគតដូចជាឥន្ត្រា។ មិនថា មនុស្សក្លូនអាចរស់បានដល់ថ្ងៃស្អែកឬអត់ នារីនេះចង់ឈរនៅក្នុងស្រមោលរបស់គេ បញ្ជូននូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅទៅឱ្យគេ។
ធ្លាប់នឹកអារម្មណ៍រ៉ូមែនទិកទេមួយរយៈស្តេ្រសនេះ ? តើការអានសៀវភៅល្អ អាចទាក់ទាញអារម្មណ៍វិជ្ជមានបែបណាខ្លះ? កុំភ្លេចស្រលាញ់បងជ្រៅជាងសមុទ្រ មានទាំងអានអនឡាញ មានទាំងសៀវភៅបោះពុម្ព៕
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ