អ្នកនិពន្ធនិយាយបែបណា ក្រោយរឿង «ស្រលាញ់បងជ្រៅជាងសមុទ្រ» ឈានដល់ភាគបញ្ចប់យប់មិញ

សាច់រឿងដ៏ក្ដៅគគុក ដែលពោរពេញដោយភាពតានតឹងនៃ​ឧក្រិដ្ឋកម្ម​ពិភពលោក ភាព​ប្រទូសរ៉ាយ​រវាងប៉ូលិស​និងមនុស្ស​ក្រៅច្បាប់ រួមទាំងឈុតឆាក មនោសញ្ចេតនា​ជ្រាលជ្រៅ​ដល់ប្រអប់បេះដូង រឿងស្រលាញ់បងជ្រៅជាងសមុទ្រ បានឈានដល់​ភាគបញ្ចប់​កាលពី​យប់មិញ​នេះ។

អ្នកស្រី ម៉ីសន សុធារី

ជាមួយ​ប្រលោមលោក​ដ៏វែងអន្លាយជាង​ ១១០០ទំព័រ​ អ្នកនិពន្ធ​លើកឡើងថា បាន​សរសេរ​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ផ្គាប់ចិត្ត​អ្នកអានដែល​ជក់អារម្មណ៍​តាមដាន និង​ទាមទារ​ភាគបន្តជា​រៀងរាល់ថ្ងៃ។

នៅក្នុងបទពិសោធន៍នៃ​ការងារ​លំបាកមួយនេះ អ្នកស្រី ម៉ីសន សុធារី អះអាង​ថា​ បានសិក្សា​អ្វីថ្មី​ជាច្រើន រវាង​អារម្មណ៍​អ្នកអាន​និង​ប្រលោមលោក។ នៅ​ពេល​កំពុង​សរសេរ​បណ្ដើរ​ចេញផ្សាយ​បណ្ដើរ អ្នកនិពន្ធ​យល់ថា ជីវិត​ឬ​សភាព​ដែល​តួអង្គ​កំពុង​ជួប​ប្រទះក្នុងសាច់រឿង មាន​ឥទ្ធិពល​ជាខ្លាំង​លើ​អ្នកអាន​របស់ពួកគេ។

អ្នកស្រី​បញ្ជាក់​បែប​នេះ​ថា «ខ្ញុំជាអ្នក​និពន្ធ ​ទទួលបាន​​នូវ​អារម្មណ៍​រ៉ូមែនទិក ​ជក់​ចិត្ត លន្លង់លន្លោច  ទទួល​អារម្មណ៍​ស​ប្បាយនិងទុក្ខព្រួយផ្ទាល់ជាមួយតួអង្គក្នុងរឿង ដូច្នេះ អ្នកអាន​ក៏​ប៉ះ​អារម្មណ៍​នេះ​ដូចគ្នា នេះ​ជា​មូលហេតុពួកគេជក់ចិត្ត​។ អក្សររបស់យើងនឹងក្លាយជារូបភាព អ្នកអានបាន​ឮ​សំឡេង​តួអង្គ​និយាយ ហើយបានដក់គិត​អំពីពួកគេ​ ទម្រាំ​ពេលវេលា​ផ្សាយ​ចូលមក​ដល់គឺនៅម៉ោង៨យប់។ រយៈពេលជាងមួយឆ្នាំ ប្រលោមលោក​ដែល​មាន​ចំនួន​៩៩ភាគ ផ្សាយ​ផ្ទាល់​អនឡាញ​លើ MEYSANSOTHEARY.COM តែងតែង​នៅលើកំពូលតារាងនៃការ​ចូលអាន​ហើយ ភាព​រំជើបរំជួល​បានត្រូវ​លាតត្រដាង​ក្នុង​សហគមន៍​មិត្ត​អ្នកអាន! ខ្ញុំបានសិក្សាពី​ទម្រង់​នៃ​និទាន​មនោសញ្ចេតនា​ថ្លៃថ្នូរ​រាបសា ដូចជាការ​ប្រកួត​បាន​ជោគជ័យ​ជាក់ច្បាស់ លើ​ពពួក​រឿង​ឈុត​ឆាក​សិចស៊ី​រោលរាល។  ប្រលោមលោក​បែបនេះ មិន​អន្ទះអន្ទែង​តែ​កក់ក្តៅ!»។

អ្នកស្រី​បញ្ជាក់​ទៀត​ថា ខណៈ​ពេល​ដែល​ប្រលោមលោក​យុវជន​មួយ​ចំនួន​ផ្សេង​ បាន​ជោគជ័យ​ដោយ​ត្រូវ​ភ្ជាប់ ជាមួយ​នឹង​ការ​រួមភេទ ហើយ​ការ​រំញោច​តណ្ហា​បាន​ក្លាយជា​ធ្នាក់​សំខាន់​ រួម​ជាមួយ​ការ​បំពក់​នូវ​ កិត្តិនាម មាសប្រាក់ វត្ថុ​សិរី ភាព​រុងរឿង និង​អំណាច អ្វីៗ​ដែល​យើង​មាន​នៅ​ក្នុង​ប្រលោមលោក​របស់ខ្ញុំ ភាគច្រើន​ជា​ទស្សនវិជ្ជា​របស់​មនុស្ស​ដែល​មាន​តម្លៃ​លើស​អំពី​​វត្ថុ​ទាំងពួង​នៃ​តណ្ហា។

តួអង្គ​របស់​យើង បាន​បង្ហាញ ស្នេហា​គឺ​អត់ធ្មត់​ ឯ​សេចក្ដី​ស្រឡាញ់​គឺជា​អំពើ​សប្បុរស ជា​ការ​ផ្តល់​មិនមែន​ទាមទារ​ទេ។ យូស៊ូ​ច្រណែន បានន័យថាមិនស្រលាញ់នាង​ទេ គេចង់មាន​នាង​មកគ្រាន់​តែជា​ការ​អួតអាង ជា​មោទនភាព​ហើយ​អគតិ​ទាំងនោះ​បានធ្វើ​ឱ្យ​នីយ៉ា​ររបស់​យើង មិនមែន​ជាមនុស្ស​ស្រីមាន​សុភមង្គល តែជា​ឈ្លើយ ឬជាជន​រងគ្រោះ។ ជាមួយឥន្ត្រា​វិញ ស្នេហា​តែងតែ​ជា​គ្រឿង​ការពារ ជឿជាក់ ផ្ដល់​សង្ឃឹម និង​បង្កើត​ស្មារតី​តស៊ូ​ជានិច្ច។ ស្នេហាស្មោះ​មិន​ដែល​បរាជ័យ​ទេ ប្រសិនអ្នកណាចេះ​ស្រលាញ់​ស្មោះ​ដូចឥន្ត្រា។

នៅក្នុង​បទនិពន្ធ​បែប​មនោសញ្ចេតនា អ្នក​និពន្ធ ម៉ីសន សុធារី ​ចូលចិត្ត​បង្កើត​​ការ​ពិពណ៌នា​នៃ​សេចក្ដី​ស្រឡាញ់​ដោយ​ពន្យល់​ថា ​តណ្ហា​គឺ​អំពី​ការ​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន រីឯ​សេចក្ដី​ស្រឡាញ់​គឺ​ការដែលចង់​ឃើញ​អ្នក​ដទៃ​ក្លាយ​ជា​មនុស្ស​ល្អ រស់នៅបានល្អ​ បាន​ន័យថា  សេចក្ដី​ស្រឡាញ់​របស់គាត់​ផ្តោត​លើការបង្កើតក្តីសុខដល់អ្នកផ្សេង​ទៀត​។ ពីដំបូង​នីយ៉ា ស្រលាញ់​យូស៊ូព្រោះភាព​ឡូយឆាយ ស្រើបស្រាល ភ្លើតភ្លើន តែនៅពេលឥន្ត្រា​ដែលមាន​ភាព​ចាស់ទុំ និងមាន​សមាន​ចិត្ត​ស្នេហា​ដ៏​ជ្រាលជ្រៅ នីយ៉ា​ផ្ដើម​រេចេញពីវត្ថុបំណងនៃស្នេហា​យុវវ័យ​ដំបូង​របស់នាង​ដែល​ងប់ងុល​នឹងភាពស្រស់ស្អាតពោរពេញទៅដោយ​តណ្ហា​ចិត្ត មកជា​លះបង់​គ្រប់យ៉ាង​សម្រាប់​មនុស្ស​ដែលគ្មាន​អនាគត​ដូចជា​ឥន្ត្រា។ មិនថា មនុស្ស​ក្លូន​អាចរស់​បានដល់ថ្ងៃ​ស្អែក​ឬអត់ នារីនេះចង់ឈរនៅក្នុង​ស្រមោល​របស់​គេ បញ្ជូន​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ទៅ​ឱ្យ​គេ។

ធ្លាប់​នឹក​អារម្មណ៍​រ៉ូមែនទិក​ទេ​មួយ​រយៈស្តេ្រស​នេះ ? តើការអានសៀវភៅល្អ អាចទាក់ទាញ​អារម្មណ៍​វិជ្ជមាន​បែបណាខ្លះ? កុំភ្លេច​ស្រលាញ់​បងជ្រៅ​ជាងសមុទ្រ មានទាំង​អានអនឡាញ មានទាំងសៀវភៅ​បោះ​ពុម្ព៕

ចុចអាន៖អ្នកនិពន្ធសារភាពថា មានភាពលំបាកក្នុងការបញ្ចប់រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” វគ្គ៣ ខណៈហ្វេនរងចាំយ៉ាងអន្ទះសា

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*