បានផ្លែទាំងនោះចម្អែត ខ្ញុំលង់លក់យ៉ាងស្លុងលែងដឹងអ្វីនៅក្បែរអូរដែលមានទឹកហូរថ្លា និងបក្សាបក្សីច្រវាត់។ ពេលព្រឹកឡើង ខ្ញុំឃើញបុរសចំណាស់ម្នាក់ស្លៀកសំពត់ស្លឹកត្នោត អង្គុយច្រង៉ុកនៅមិនឆ្ងាយពីខ្ញុំ ហើយសម្លឹងមើលមក។
ខ្ញុំសប្បាយចិត្តខ្លាំងពេលឃើញមានមនុស្សម្នាក់ទៀត។
យ៉ាងហោចណាស់ខ្ញុំនឹងអាចដឹងថា ទីនេះជាកន្លែងណា មានផ្សារឬមធ្យោបាយចាកចេញដែរទេ។ ឃើញខ្ញុំញញឹម គាត់បានធ្វើសញ្ញា ដូចជាសុំឱ្យខ្ញុំលើកគាត់ឡើងលើស្មាខ្ញុំ ហើយដឹកគាត់ឆ្លងកាត់ទឹកអូរផង។ ខ្ញុំបានគិតខ្លួនឯងថា៖
«ខ្ញុំជាមនុស្សរបស់ស្ថានសួគ៌ ព្រះអល់ឡោះបានបណ្តាលមកឱ្យខ្ញុំចួបនឹងជួយបុរសចំណាស់នេះ!»
គិតហើយខ្ញុំក៏បានរីករាយធ្វើតាមដូចដែលគាត់បានស្នើសុំ ហើយឱនដាក់គាត់ឡើងលើស្មារបស់ខ្ញុំ។ ខ្ញុំបានដើរឆ្លងកាត់ទឹកយ៉ាងត្រដាបត្រដួសប៉ុន្តែមិនត្អូញត្អែរអ្វីទាំងអស់។
ទីបំផុតទម្រាំមកដល់ម្ខាងទៀត ខ្ញុំហត់សឹងដាច់ខ្យល់ ហើយលុតជង្គង់ចុះ ដាក់ឱ្យគាត់ចុះលើដីវិញ ស្រាប់តែប៉ុន្តែគាត់មិនព្រមចុះ។
ជននេះមិនបានចាកចេញពីស្មារបស់ខ្ញុំទេ ជំនួសមកវិញ រឹតតែបានរុំព័ទ្ធជើងទាំងពីរជុំវិញក ដោយច្របាច់ដង្ហើមខ្ញុំតឹងឡើងយ៉ាងពិបាកដកដង្ហើម។ ខ្ញុំមានគំនិតថា ជននេះមិនព្រមចុះទេ ដូច្នេះក៏បោចជើងគាត់ បែរជាត្រូវគាត់វាយសំពងមកលើក្បាលខ្ញុំបែកអំពិលអំពែក ដូចវាយក្បាលត្រី ធ្វើឱ្យខ្ញុំខ្សោយមិនអាចរលាស់និងផ្តួលយ៉ាងណាក៏នៅតែស្អិតជាប់ ហើយរឹតកខ្ញុំផង វាយក្បាលខ្ញុំផង។ គេមានជើងមករុំកខ្ញុំ ឯដៃគេពីរទំនេរទុកវាយខ្ញុំ ចំណែកជើងខ្ញុំជាប់ឈរ មិនអាចប្រើធ្វើអ្វីគេបានមានតែដៃពីរ ខ្ញុំក៏ចាញ់ដង្ហក់ ហើយមួយសន្ទុះក៏ដួលសន្លប់បាត់បង់ស្មារតី។ ពេលបានដឹងខ្លួនឡើងមកវិញ ក៏មានអារម្មណ៍ថា បុរសប្រឡាំងកាសនេះ នៅតែជាប់នៅលើស្មារបស់ខ្ញុំ ហើយកំពុងទាត់ដាស់ខ្ញុំឡើង។
ការឈឺចាប់ ដែលជននេះកំពុងផ្តល់មកគឺបង្ខំឱ្យខ្ញុំងើបឡើងដើរទៅមុខ រួចចង្អុលឱ្យខ្ញុំលីទៅកណ្តាលចម្ការដើមឈើហូបផ្លែ ដើម្បីឱ្យអាចឈោងយកអ្វីដែលគាត់ចង់យកទៅហូប។ ខ្ញុំចង់ឱ្យតានេះដាច់ពោះ បានបដិសេធមិនព្រមទៅ តាកញ្ចាស់ក៏វាយក្បាលខ្ញុំយ៉ាងឈឺចាប់ និងច្របាច់កខ្ញុំរហូតទ័លច្រកត្រូវធ្វើតាម។
រឿងនេះបានបន្តគ្មានឈប់ ហើយថ្ងៃខ្លះខ្ញុំបានត្រូវបង្ខំឱ្យលីជននេះដើរសឹងតែជុំវិញកោះដូចជាខ្ញុំនេះជាពាហនៈ។ បើខ្ញុំហត់ឬបង្អង់ ក៏សំពោងខ្ញុំយ៉ាងលីលា។ ខ្ញុំមានតាកញ្ចាស់នៅពីលើបីថ្ងៃមានអារម្មណ៍ខ្លួនឯងជាសត្វ មិនមែនមនុស្សទៀតទេ។ នៅពេលយប់ឡើងទោះខ្ញុំបានដេក ឬមិនដេក ជើងជនចង្រៃនៅតែថ្ពក់ជាប់នឹងករបស់ខ្ញុំ។ គ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីអង្រួនទម្លាក់ជនចង្រៃនេះចេញទេ ទោះជាខ្ញុំបានព្យាយាមតាមដែលខ្ញុំអាចធ្វើច្រើនលើក នៅតែត្រូវជននេះវាយសំពោងស្ទើរក្ស័យ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែខ្សោយទៅៗនិងខ្លាចការសំពោងសឹងមិនហ៊ានកម្រើក។
ខ្ញុំចាប់ផ្ដើមដាក់បណ្ដាសាក្រោធខឹងលើសេចក្ដីសប្បុរសរបស់ខ្លួនថា៖
«ដោយគុណអល់ឡោះ! ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងមិនធ្វើសប្បុរស សម្រាប់ជនឯណាទៀតទេ! គំនិតតែជួយមនុស្សម្នាក់នេះហើយ គាត់បានសងខ្ញុំពីទុក្ខលំបាកប៉ុនសាគរ»។
មិនយូរប៉ុន្មាន ខ្ញុំបានអង្វរដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បំបាត់ភាពតានតឹងនិងភាពនឿយហត់របស់ខ្ញុំ ដោយសូមឱ្យខ្ញុំស្លាប់ទៅចុះ ប៉ុន្តែព្រះអង្គដែលមានសិរីរុងរឿងនិងមានព្រះហឫទ័យមេត្តាករុណា មានផែនការផ្សេងសម្រាប់ខ្ញុំ។
វាបានកើតឡើងនៅថ្ងៃមួយដែលយើងបានមកដល់ផ្នែកផ្សេងនៃកោះដែលដីត្រូវបានគ្របដណ្តប់ដោយស្មៅ។ ទាំងនេះជាចម្ការហូបផ្លែធំៗនិងមានសម្បកខាងក្រៅរឹង។ គំនិតមួយបានមករកខ្ញុំ ដើម្បីបំបាត់ការឈឺចាប់លើស្មានេះ។ ខ្ញុំកាច់ផ្លែឃ្លោកមួយចំនួនចេញ ហើយយកសាច់ផ្លែខាងក្រៅមកធ្វើជាដប។ បន្ទាប់មក ខ្ញុំបានប្រមូលផ្លែទំពាំងបាយជូរដែលដុះនៅក្បែរៗនោះ ហើយដាក់ក្នុងផ្លែឃ្លោក សង្កត់កិនវាដោយថ្ម។
បន្ទាប់ពីទុកដបឃ្លោកទាំងនេះនៅក្រោមពន្លឺថ្ងៃអស់រយៈពេលពីរបីថ្ងៃ ជាតិអាល់កុលក៏ត្រូវបានបង្កាត់ហើយប្រែទៅជាស្រាដ៏ខ្លាំងមួយប្រភេទ។ ល្ងាចមួយខ្ញុំបានផឹកវាហើយរាល់ភាពឈឺចាប់សន្លាក់ឆ្អឹងរបស់ខ្ញុំបានថយចុះ ហើយខ្ញុំបាត់បង់ចាប់ផ្ដើមច្រៀង ទះដៃ ហើយលោតលេងពីជើងមួយទៅជើងម្ខាង ជាមួយបុរសចំណាស់នៅលើខ្នងខ្ញុំ។ បុរសចំណាស់បានតោងចាប់ខ្ញុំនៅលើស្មា។ ដោយយល់ពីអ្វីដែលគាត់ចង់បាន ខ្ញុំក៏ហុចស្រាទំពាំងបាយជូរមួយដបទៅគាត់។ គាត់ក៏ផឹកពីវា ហើយចាប់ផ្តើមរីករាយ។ មិនយូរប៉ុន្មាន គាត់ក៏ទាមទារយកមួយទៀត ហើយខ្ញុំក៏ឱ្យតាមតម្រូវការ រហូតទាល់តែស្រាបានយកប្រៀបលើគាត់ ហើយគាត់បានដេកលក់ស្ររឹង។ ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ខ្ញុំមានអារម្មណ៍ថា ការចាប់ជើងព័ទ្ធជើងជននេះនៅជុំវិញករបស់ខ្ញុំបានធូររលុង។ ឆ្លៀតឱកាស ខ្ញុំបានបោះតាចាស់កញ្ចាស់ចេញពីស្មារបស់ខ្ញុំទៅលើដី។ ជននេះបើកភ្នែកព្រឹមៗសម្លឹងខ្ញុំទាំងស្រវឹងខ្លះដឹងខ្លួនខ្លះ។ ដំបូងឡើយខ្ញុំចង់ចាកចេញ រត់សប្បាយនឹងការទទួលបានសេរីភាពរបស់ខ្ញុំមកវិញ តែពេលក្រឡេកមើលបិសាចនេះកាលណា ខ្ញុំយល់ថានឹងមានអ្នកផ្សេងក្រោយៗដែលនឹងត្រូវចាញ់បោកតានេះឱ្យកៀបស្លាប់ដូចសត្វមិនខាន។
ឬមួយបើ ខ្ញុំនៅវង្វេងលើកោះ ពេលខ្ញុំដេក វានឹងឡើងមកចងកខ្ញុំម្តងទៀតក៏ថាបាន។ ខ្ញុំបានបកទៅស្វែងរកថ្មដ៏ធំមួយ ហើយប្រើវាទម្លាក់សម្លាប់កញ្ចាស់កំណាចបង់ជីវិតទាំងខ្ញុំគ្មានវប្បដិសារៈ គ្មានសេចក្តីមេត្តាករុណាអ្វីលើជនអបលក្ខណ៍នេះទេ។ មនុស្សរស់នៅជាសត្វឈ្លើង ទុកខ្ញុំជាសត្វយូរមកហើយ។
រួចរាល់នូវការសងសឹក ខ្ញុំបានបកត្រលប់ទៅកាន់ច្រាំងវិញ ក្នុងចិត្តពោរពេញដោយសេចក្តីសុខ រាងកាយស្រាលដូចបានរស់ម្តងទៀត។
៥ថ្ងៃក្រោយមក មានកប៉ាល់មួយដើរទឹកមកពីចម្ងាយ។ ខ្ញុំបានផ្តល់សញ្ញាយ៉ាងសកម្មទៅកាន់នាវិក ហើយមិនយូរប៉ុន្មាន ខ្លួនខ្ញុំក៏ត្រូវបានការសង្គ្រោះពីឋានសួគ៌ចាកចេញពីកោះបណ្តាសាទុក្ខទោម្នេញដូចនរកនេះ។
ពេលសម្រាកហូបចុកដែលខ្ញុំបានតំណាលប្រាប់ក្រុមឈ្មួញនិងនាយនាវិកពីរឿងទាំងអស់ដែលបានកើតឡើងជាមួយកញ្ចាស់កំណាច មានម្នាក់បានងក់ក្បាលហើយប្រាប់ខ្ញុំថាបុរសដែលជិះលើស្មារបស់ខ្ញុំត្រូវបានអ្នកស្រុកនេះគេហៅថា Shaykh al-Bahir ដែលជាបុរសធ្លាប់ដើរសមុទ្រនិងមានជំងឺខ្វិន។ ជននេះមានចិត្តសាហាវឃោរឃៅ ហើយគ្មាននរណាម្នាក់ដែលត្រូវគាត់បោកប្រាស់អាចរស់បានយូរទេ គឺគាត់តោងដល់ស្លាប់ទើបចាកចេញ។
សំពៅបានដឹកខ្ញុំទៅកាន់កោះបន្ទាប់ ដែលទីនោះមានរាជធានីធំមួយឈ្មោះថា ទីក្រុងនៃ Apes ។ នៅទីនោះ សូម្បីតែជញ្ជាំងកំផែងដែលមើលពីចម្ងាយទៅក៏ឃើញមិនរឹងមាំ អាចការពារប្រជាជនពីជោគវាសនានៃរលកសមុទ្រឬព្យុះព្យោមាដែរ។
សូម្បីតែជាមួយសត្វឧត្បាតចង្រៃ។ តួយ៉ាងរៀងរាល់ល្ងាច ពេលយប់មកដល់មេឃងងឹត សត្វស្វាចុះពីដើមឈើមកលុកលុយទីក្រុង។ ដើម្បីចៀសវាងពីការយាយី ប្រជាជនគ្មានជម្រើសអ្វីក្រៅពីចាកចេញពីផ្ទះទៅដេកពួនក្នុងទូក។
អាជីវកម្មមួយចំនួនអាចរកលុយបានយ៉ាងច្រើនបំផុតពីសំណាងអាក្រក់នៃពលរដ្ឋតំបន់នេះ។ ជារៀងរាល់ថ្ងៃ ពួកគេបានប្រមូលគ្រួសនៅលើឆ្នេរ ហើយបន្ទាប់មកបានឈានជើងចូលក្បែរព្រៃបន្តិច ហើយគប់សត្វស្វាដែលរស់នៅតាមដើមឈើ។ សត្វស្វាបានឆ្លើយតបដោយការបោះផ្លែដូងមកវិញ។ ការប្រយុទ្ធគ្នារវាងថ្មនិងដូងនេះ បានកើតឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែមានភាពយុត្តិធម៌ ព្រោះអ្នកជំនួញដែលហានក្លា បាននាំគ្នារើសដូងយកទៅលក់ដូរនៅលើទីផ្សារ។ ខ្ញុំបានចូលរួមក្នុងកីឡាដ៏គួរឱ្យអស់សំណើច ប៉ុន្តែប្រកបដោយគ្រោះថ្នាក់នេះដែរ ហើយអល់ឡោះបានអនុញ្ញាតឱ្យខ្ញុំរកបានប្រាក់ចំណេញដោយយុត្តិធម៌ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ខ្ញុំបានប្រមូលប្រាក់សន្សំបានយ៉ាងច្រើន។
ពេលខ្ញុំសុខសប្បាយម្ដងទៀត ខ្ញុំបានជួលកៅអីមួយកន្លែងនៅលើកប៉ាល់ធំមួយដែលបានឆ្លងកាត់កោះនេះហើយធ្វើដំណើរត្រលប់មកផ្ទះវិញ។
ខ្ញុំបានជួញដូរមាសរបស់ខ្ញុំជាមួយការទិញដូរគជ់តាមផ្លូវទឹក ហើយទទួលបានប្រាក់ចំណេញកាន់តែខ្លាំង។ នៅពេលដែលខ្ញុំបានទៅដល់កំពង់ផែនៃក្រុង Basrah ក្រោយដំណើរលើកទីប្រាំ ខ្ញុំបានប្រមូលទ្រព្យសម្បត្តិចែកចាយជាចំណែកខ្លះដល់អ្នកក្រីក្រ។
ដំណើរផ្សងព្រេងលើកទី៦
ពេញរយៈពេល៣ឆ្នាំ ខ្ញុំតែងតែខ្លាចរន្ធត់ចំពោះមនុស្សពិការជើង ឬជនចំណាស់សុំទានស្គមកំព្រឹងណាម្នាក់ដែលដើរកាត់។ ព្រលឹងខ្ញុំនៅតែត្រូវលងដោយមនុស្សបញ្ញើក្អែកដែលបានធ្វើទារុណកម្មក្បាលនិងស្មាខ្ញុំសឹងអស់ជីវិតម្តងៗ។ វាជាការចងចាំមួយដែលខ្ញុំស្បថថា នឹងមិនឱ្យអ្នកណាអាចមកជិះលើស្មា ឬសូម្បីខ្នងខ្ញុំជាដាច់ខាតក្នុងជាតិនេះ។
មិនយូរប៉ុន្មានសេចក្តីប្រាថ្នាចង់ធ្វើដំណើរបានរុកកួនខ្ញុំទៀតហើយ។ ទោះណាជាខ្ញុំមានទ្រព្យសម្បត្តិគ្រប់យ៉ាងដែលអ្នកណាក៏ត្រូវការ ប៉ុន្តែខ្ញុំនៅតែស្រលាញ់ពេញចិត្តក្នុងការធ្វើដំណើរផ្សងព្រេងដើម្បីស្វែងរកពិសោធន៍និងរសជាតិជីវិតបន្ថែមលើគំនរទ្រព្យសម្បត្តិរបស់ខ្ញុំ។
ជាថ្មីម្តងទៀត ខ្ញុំបានធ្វើការវេចខ្ចប់ទំនិញរបស់ខ្ញុំ ហើយធ្វើដំណើរទៅកាន់កំពង់ផែ Basrah។ ខ្ញុំបានជិះកប៉ាល់ដ៏ល្អមួយ ធ្វើដំណើររួមជាមួយឈ្មួញមួយក្រុមទៀត ចល័តពីកោះមួយទៅកោះមួយ ទីក្រុងមួយចូលទីប្រជុំជនមួយទៀត ដោយជួញដូរផងសិក្សាដើម្បីជីវិតផង។
ហាក់ដូចជា សំណាងតែងតែញញឹមដាក់ក្រុមយើង គ្រប់យ៉ាងបានរលូន ប៉ុន្តែនៅថ្ងៃមួយ បន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ មេក្រុមនាវិកកើតការសង្ស័យចំពោះសញ្ញាចម្លែកនៅលើមេឃ ក៏បានឡើងទៅលើបង្គោលនាវាហើយពិនិត្យ។
មិនយូរទេគាត់វារចុះមកវិញហើយលុតជង្គង់ចាប់ផ្តើមយំដកពុកចង្កាស្រែកថា៖
«អូ អល់ឡោះអើយ! កូនៗខ្ញុំនឹងកំព្រា!»
យើងមិនដឹងថាមានអ្វីនៅខាងមុខនោះទេ ប៉ុន្តែដោយសារការថ្នឹកជាមួយគ្រោះថ្នាក់ ខ្ញុំផ្តើមរៀបចំបង្វិចនិងចងអលង្ការ លុយកាក់។
ទីបំផុតនាវិកចំណាស់សារភាពប្រាប់ថា យើងបានវង្វេងផ្លូវ ហើយជិះទូកធ្លោយដល់ដែនសមុទ្រដែលមិនមានអ្នកណាធ្លាប់ឆ្លងកាត់និងស្គាល់ទិសតំបន់។
«យើងមិនអាចរកផ្លូវត្រលប់ទៅផ្ទះបានទេ!» គាត់បានស្រែកយំ។ អ្វីៗបានប្រែទៅជាអាក្រក់បន្ថែមខណៈនាវិកម្នាក់ស្រែកឡើងចង្កូតថា៖
«ជួយមើល៍ឱ្យច្បាស់ជំនួសខ្ញុំផង យើងកំពុងបុកកំផែងថ្មនៅខាងមុខឬអ្វី?»
គ្មានមនុស្សធម្មតាណាម្នាក់ អាចរារាំងអ្វីដែលកំណត់ទុកដោយជោគវាសនាឡើយ។ ភ្លាមៗនោះខ្យល់ដ៏ខ្លាំងនិងខុសទិស ក៏បក់បោកស្រោចដល់ឃ្លោងកប៉ាល់របស់យើង។
ខ្យល់ខ្លាំងឡើងៗបានបង្វិលសំពៅនេះវិលជុំវិញបីដងមុនពេលសម្បកត្រូវបានហែកចេញពីដែកនិងមេធ្នឹម។ យើងទាំងអស់គ្នាបានធ្លាក់ចូលទៅក្នុងសមុទ្រ។ ពួកយើងជាច្រើននាក់បានលង់ទឹក ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានរួចជីវិតដោយមានត្រៀមរបស់តោង តែខ្ញុំមានរបួសនិងស្នាមជាំ សឹងថាពាក់កណ្តាលស្លាប់។
ដោយភាពនឿយហត់ ខ្ញុំបានស្រវាឱបលើផ្ទាំងថ្មដែលរាយប៉ាយលើឆ្នេរចម្លែក។ ភ្នែកខ្ញុំខំសម្លឹងពាសពេញកោះនេះ។ ពុទ្ធោ! ថ្មដ៏មានតម្លៃ ត្បូងគ្រប់ប្រភេទ បានរោយរាយចោលនៅជុំវិញនេះដូចជាគ្រួសធម្មតា។
ពេលស្រមោលព្រះទនិករចោលមក គ្រប់យ៉ាងបញ្ចេញពន្លឺ។ មានគ្រប់ពេជ្រជាច្រើនលេចដុះចេញមកស្ពឹមលើដី។
ខ្ញុំមានកម្លាំងពេលឃើញរតនៈវត្ថុ ក៏ក្រោកហើយវារទៅរើសគជ់រាជមួយក្តាប់តូច មកលាពិនិត្យក្នុងបាតដៃ។
វត្ថុទាំងនេះសូម្បីក្សត្រខ្លះក៏មិនងាយមានជាកម្មសិទ្ធិផង កុំថាគ្រួសារអ្នកមានទ្រព្យធម្មតាៗ។ មិនតែប៉ុណ្ណោះ សូម្បីលើផ្ទៃទឹកសមុទ្រក៏មានពន្លឺចាំងជះមកដែរ។ ជាមាសអណ្តែតទឹក? ធ្លាប់ឮថា មានធាតុមាសក្រហមឆ្អិនដែលត្រូវបានផលិតនៅក្នុងពោះរបស់សត្វចម្លែកសមុទ្រមួយប្រភេទ ហើយពេលវេលាត្រូវខ្ជាក់ វាក៏ខ្ជាក់មាសឱ្យផុសឡើងអណ្តែតលើផ្ទៃទឹក?
ឈ្មួញផ្សេងទៀតបានភាំងដូចជាមនុស្សឆ្កួតហើយឈរឆ្ងល់នៅទីនេះ។ ម្នាក់ៗសរសើរស្នាដៃរបស់អល់ឡោះនិងអាថ៌កំបាំងដ៏ស្រស់ប្រណីតនៃធម្មជាតិក្នុងភពផែនដី។
យើងរត់ប្រសាចប្រមូលវត្ថុមានតម្លៃជាច្រើន តាមដែលអាចយកបានរៀងៗខ្លួន។ ប៉ុន្តែគ្មានកន្លែងណាដែលយើងអាចរកឃើញមានអ្នកស្រុករស់នៅក្រៅតែពីលេចវាលចូលព្រៃដ៏ក្រាស់ បន្ទាប់មកគឺវាលស្មៅបៃតងខ្ចីលាតសន្ធឹងគ្មានស្តេចចតុបាទមកដណ្តើមបរិភោគឡើយ។
យូរៗទៅ ក្រុមយើងកាន់តែខ្សោយទៅៗហើយអ្នកខ្លះក៏បានគ្រុនក្តៅឬឈឺស្លាប់។ មិនយូរប៉ុន្មាន មនុស្សទាំងអស់បានស្លាប់។ សាជាថ្មីខ្ញុំជាជនទុរន់ទុរាសេសសល់ក្រោយគេដែលបានលាក់លបអាហារក្រៀមនិងទឹកឃ្មុំដោយសារបទពិសោធន៍មុនៗ។
ទឹកឃ្មុំវាអាចបង្ការជំងឺជាច្រើន ទោះរាកឬគ្រុនក្តៅក៏មិនងាយកើតមានឡើងដែរ។ ខ្ញុំបានត្រាច់ចរដើម្បីរុករកកោះនេះបន្ថែមទៀត ដើម្បីមើលថាតើនឹងមានអ្នកស្រុករស់នៅដែរ?
បន្ទាប់ពីអាហារជិតអស់ ខ្ញុំមិនអាចរង់ចាំដល់ពេលដើរមិនរួចនោះទេ ខ្ញុំបានមកដល់ទន្លេមួយ ដោយផ្តើមរកមែកឈើជាច្រើនមកចងធ្វើក្បូនហើយផ្ទុកដោយទំនិញដ៏មានតម្លៃ ទាំងនោះទៅជាមួយ។ ពេលខ្ញុំជិះទូក ខ្ញុំសូត្រកំណាព្យថា «ហោះហើរ ឆ្លងកាត់សមុទ្រ ដើរតាមវាសនាក្នុងខ្យល់ប្រៃ ជឿជាក់លើខ្លួនឯងនិងគ្មានអ្នកដទៃ បន្ទាប់ពីរកឃើញដី អ្នកនឹងរកឃើញជីវិតរស់នៅ គ្រប់យ៉ាងនឹងកន្លងផុតទៅ នៅពេលដែលពេលវេលាត្រឹមត្រូវ..»។
ក្បូនបណ្តែតលើទឹកតាមយថាកម្ម បាននាំខ្ញុំរសាត់ទៅកាត់ព្រៃរនាមនិងវាលទំនាប រហូតដល់ទីបំផុតវាបានឆ្លងចូលទៅក្នុងផ្លូវរូងក្រោមដីដែលរត់កាត់តាមជញ្ជាំងភ្នំ។
ខ្ញុំបានទម្លាក់មុខផ្កាប់ចុះទៅក្នុងទូក ក្នុងភាពងងឹតដោយមានអារម្មណ៍ថា ដំបូលប្រក់នៃក្បូនរបស់ខ្ញុំគឿងទើស។ ខ្ញុំនឹកឆ្ងល់ថាតើក្បូនរបស់ខ្ញុំនឹងជាប់គាំងជ្រៅនៅក្នុងភ្នំ លែងបានឃើញពន្លឺថ្ងៃម្តងទៀតឬយ៉ាងណា?
ខ្ញុំបែរបន់និងសន្លប់ រហូតដល់ពេលមួយត្រចៀករបស់ខ្ញុំបានពោរពេញដោយសំឡេងប្រកូក និងភ្នែកនេះទទួលបានពន្លឺពីស្ថានសួគ៌។
តាមពិត ក្បូនបានអណ្តែតតាមខ្យល់ ហើយចេញទៅក្នុងចំហទឹក ដែលទីនេះមានមនុស្សមួយចំនួនបានចោមព័ទ្ធហើយស្រែកហៅខ្ញុំ។
ម្នាក់ក្នុងចំណោមពួកគេបានគប់ខ្សែពួរមកឱ្យខ្ញុំចាប់ ហើយពួកគេបានទាញខ្ញុំយកទៅច្រាំងទន្លេ។
ខ្ញុំដួលទន់ដៃដោយអស់កម្លាំងខ្លាំងថែមទាំងស្តាប់ ពួកគេនិយាយភាសាថ្មីដែលខ្ញុំមិនយល់ រហូតដល់មានម្នាក់ក្រោយមកដល់គាត់ចេះនិយាយភាសាអារ៉ាប់។
ពួកគេជា កម្មករលីសែង។ គេនាំខ្ញុំនិងត្បូងដ៏មានតម្លៃដែលបានទុកនៅលើក្បូននោះទៅគាល់ស្តេចព្រោះនេះជាបទបញ្ញត្តិ។
នៅព្រះបរមរាជវាំង ខ្ញុំចូលគាល់ព្រះមហាក្សត្រនិងខ្ញុំបានថ្វាយឃ្លាំងទ្រព្យសម្បត្តិរបស់ខ្ញុំទុកជាអំណោយដល់ព្រះអង្គ ក្រោយមកខ្ញុំដឹងថាទ្រង់ជាព្រះករុណាព្រះមហាក្សត្រនៃប្រទេសស្រីលង្កា ហើយបានតំណាលទូលរឿងរបស់ខ្ញុំពីដើមដល់ចប់។ ពេលយកចិត្តទុកដាក់ពិចារណាហើយ ទ្រង់បានសួរខ្ញុំអំពីប្រទេសកំណើតរួច បានប្រកាសថា ខ្ញុំនេះជាមនុស្សឆ្លាតនិងមានចិត្តសីលទានគួរឱ្យសរសើរ។
ខ្ញុំបានរស់នៅក្នុងវាំងរបស់ស្ដេចស្រីលង្កាដោយកិត្តិយស រហូតដល់ថ្ងៃមួយខ្ញុំមានដំណឹងមកថា នឹងមានឈ្មួញមួយក្រុមចេញសំពៅមកដល់ទីនេះសំចតសុំបន្តផែទៅស្រុកបាស្ហា។
ស្តេចនគរស្រីលង្កាបានបង់ថ្លៃទិញកន្លែងមួយឱ្យខ្ញុំឡើងជិះទូកនោះបន្តទៅនគរទៅបាស្ហាជាមួយមហាអំណោយ រួមមានត្បូងទទឹមមួយកែវខ្ពស់ គជ់ដ៏មានតម្លៃ ស្បែកពស់ ទឹកអប់ដ៏មានក្លិនឈ្ងុយមួយតោន និងអ្នករបាំដ៏ស្រស់ស្អាតជាក្មេងស្រីបួននាក់។
នេះជាអ្វីដែលព្រះអល់ឡោះប្រទានខ្ញុំក្រោយការតស៊ូដែលទ្រង់បានសាកល្បង។ យើងបានជិះពៅក្រោមអាកាសធាតុនិងទិសខ្យល់ដ៏ត្រឹមត្រូវ ហើយសូមអរព្រះគុណដល់អល់ឡោះដែលបញ្ជាខ្យល់មេឃាបោកបក់ខ្ញុំវិលមកដល់ទីក្រុង Basrah វិញដោយសុវត្ថិភាព។ បន្ទាប់មក ខ្ញុំបាន អំណោយដល់មិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ ហើយបានផ្តល់ជំនួយដល់ជនក្រីក្រ ដោះលែងទាសករចាស់ៗ ហើយត្រលប់ទៅកាន់ជីវភាពពីមុន ម្ដងទៀតដែលមានភាពសុខស្រួលនិងបុណ្យបារមី។
នៅពេលដែល Sinbad បានបញ្ចប់ការនិទានរឿងនៃការធ្វើដំណើរទីប្រាំមួយរបស់គាត់ គាត់បានផ្តល់កាក់មាសមួយដល់បុរសលីសែងដែលតែងតែមកស្តាប់រឿងរ៉ាវតំណាល។
តមក ពួកគេបានយល់ព្រមចួបគ្នាម្តងទៀតនៅព្រឹកបន្ទាប់ ដើម្បីស្តាប់ការធ្វើដំណើរទីប្រាំពីរ និងជាំដំណើរផ្សេងព្រេងលើកចុងក្រោយនៃស៊ីនបាដអ្នកជំនួញសមុទ្រ។
ដំណើរផ្សងព្រេងលើកទី៧
បន្ទាប់ពីការត្រលប់មកវិញពីការធ្វើដំណើរទីប្រាំមួយរបស់ខ្ញុំ ដែលបាននាំមកផ្ទះវិញនូវអំណោយលើសលុបពីនគរស្រីលង្កា ខ្ញុំបានរស់នៅសោយសុខក្នុងបែបបទជីវិតចាស់ដូចពីមុនឡើងវិញ។
រហូតដល់ខ្ញុំនឹកធុញថប់ បួនឆ្នាំក្រោយមកក៏ចេញគំនិតចាប់ផ្ដើមចង់ជិះទូកទៅលេងសមុទ្រ ចេញទៅបរទេស បង្កើតមិត្តភក្ដិថ្មីៗក្នុងចំណោមពាណិជ្ជករដែលមានចិត្តដូចគ្នាទៀត។
ដូច្នេះ វាគ្មានអ្វីដែលអាចមករារាំងខ្ញុំក្នុងការប្រមូលទំនិញទៅកាន់កំពង់ផែ Basrah ទៀតនោះទេ។ ខ្ញុំបានរកឃើញក្រុមឈ្មួញមួយដែលមានកប៉ាល់ត្រៀមចេញទៅសមុទ្រ។ ខ្ញុំបានជិះទូកជាមួយពួកគេ រាប់អានមិត្តភក្តិថ្មី ហើយធ្វើដំណើរប្រកបដោយសុកភាពនិងសុវត្ថិភាព ជាមួយនឹងខ្យល់អាកាសដ៏សមរម្យ។
នៅទីបំផុត យើងបានមកដល់ទីក្រុងមួយឈ្មោះថា Madinat-al-Sin ជាកន្លែងដែលយើងធ្វើអាជីវកម្មបានល្អឡើងៗ។ បន្ទាប់រយៈពេលពីរខែក្រោយមក យើងចេញដំណើរពីទីក្រុងនោះមកវិញ ខ្យល់អាកាសល្អស្ងប់រលក។
ប៉ុន្តែចេញបានកណ្តាលសមុទ្រ ស្រាប់តែពើបនឹងព្យុះចម្លែកមួយ បានបក់បោកមកលើក្បាលទូកយ៉ាងខ្លាំង ហើយភ្លៀងក៏ចាប់ធ្លាក់កញ្ជ្រោលបោកបាច។
ទំនិញរបស់យើងត្រូវ បានគ្របដណ្ដប់ដោយផ្ទាំងក្រណាត់ ហើយគ្រប់គ្នាបានអធិដ្ឋានទៅកាន់ព្រះដ៏មានមហិទ្ធិឫទ្ធិ ដើម្បីសង្គ្រោះយើងពីគ្រោះថ្នាក់ជាយថាហេតុ។
ពេលព្យុះបានកន្លងផុតទៅ ប្រធានក្រុមនាវិកបានឡើងទៅលើកំពូលបង្គោល។ គាត់មើលស្តាំ និងឆ្វេង រួចចាប់ផ្តើមវាយថ្ងាសខ្លួនឯងដោយកណ្តាប់ដៃប៉ូកៗរបៀបមនុស្សហៀបនឹងស្លាប់។
ពេលនោះហើយ គាត់បានប្រកាសអាសន្នថា ខ្យល់បានជម្រុញយើងអណ្តែតមកកាន់ជ្រុងឆ្ងាយបំផុតនៃពិភពលោកដែលគ្មានអ្នកណាដឹងនិងស្គាល់។
គាត់យកសៀវភៅមួយក្បាលមកអានទាំងស្រក់ទឹកភ្នែក។ នៅទីបំផុតគាត់ បាននិយាយមកកាន់យើងថា សៀវភៅនេះពិពណ៌នាយ៉ាងច្បាស់ពីកន្លែងដែលយើងនឹងរសាត់ទៅដល់។ វាជាកន្លែងដែលគ្មានអ្នករត់គេចរួចទេ យើងគ្រប់គ្នាប្រាកដជាស្លាប់នៅទីនេះ។
បុរាណបានដាក់ឈ្មោះទីនេះថា ជានគរសមុទ្រនៃស្តេចនាគរាជ ព្រោះនៅទីនេះរាជនគរស្តេចនាគ ដែលកកើតទឹកដីមកត្រូវបានបង្កប់នៅក្រោមរលក។ សត្វនាគរាជសមុទ្រដ៏ធំ ដែលតាំងទីរស់នៅទីនេះច្រើនសម័យកាលមក គឺមានចចាមអារ៉ាមថាមានមាត់ ធំណាស់អាចលេបស៊ីកប៉ាល់ទាំងមូលបាន។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ