រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគទី៤

បានផ្លែទាំងនោះចម្អែត ខ្ញុំលង់លក់យ៉ាងស្លុងលែងដឹងអ្វី​​នៅ​ក្បែរ​អូរដែលមានទឹកហូរថ្លា និងបក្សាបក្សីច្រវាត់។ ពេល​ព្រឹក​ឡើង ខ្ញុំ​ឃើញ​បុរស​ចំណាស់​ម្នាក់​ស្លៀក​សំពត់​ស្លឹកត្នោត អង្គុយ​​ច្រង៉ុក​នៅ​មិន​ឆ្ងាយ​ពី​ខ្ញុំ ហើយសម្លឹងមើលមក។

ខ្ញុំសប្បាយចិត្ត​ខ្លាំងពេលឃើញមានមនុស្ស​ម្នាក់ទៀត។

យ៉ាងហោចណាស់ខ្ញុំនឹងអាចដឹងថា ទីនេះជាកន្លែងណា មានផ្សារឬមធ្យោបាយចាកចេញដែរទេ។ ឃើញខ្ញុំញញឹម គាត់​បាន​ធ្វើ​សញ្ញា ដូចជា​សុំ​ឱ្យ​ខ្ញុំ​លើក​គាត់​ឡើង​លើ​ស្មា​ខ្ញុំ ហើយ​ដឹក​គាត់​ឆ្លង​កាត់​ទឹកអូរផង។ ខ្ញុំបានគិតខ្លួនឯងថា៖

«ខ្ញុំជាមនុស្ស​របស់ស្ថានសួគ៌ ព្រះអល់ឡោះបានបណ្តាលមកឱ្យខ្ញុំចួបនឹងជួយបុរសចំណាស់នេះ!»

គិតហើយ​ខ្ញុំក៏បានរីករាយធ្វើតាមដូចដែលគាត់បានស្នើសុំ ហើយឱនដាក់គាត់ឡើងលើស្មារបស់ខ្ញុំ។ ខ្ញុំ​បាន​ដើរ​ឆ្លង​កាត់​ទឹកយ៉ាងត្រដាបត្រដួសប៉ុន្តែមិនត្អូញត្អែរអ្វីទាំងអស់។

ទីបំផុតទម្រាំមកដល់ម្ខាងទៀត ខ្ញុំហត់សឹងដាច់ខ្យល់ ហើយ​លុត​ជង្គង់​ចុះ ដាក់​ឱ្យ​គាត់ចុះ​លើ​ដីវិញ ស្រាប់តែប៉ុន្តែគាត់មិនព្រមចុះ។

ជននេះមិនបានចាកចេញពីស្មារបស់ខ្ញុំទេ ជំនួសមកវិញ រឹតតែបានរុំព័ទ្ធជើងទាំងពីរជុំវិញក ដោយច្របាច់ដង្ហើមខ្ញុំតឹងឡើងយ៉ាងពិបាកដកដង្ហើម។ ខ្ញុំមានគំនិតថា ជននេះមិនព្រមចុះទេ ដូច្នេះក៏បោចជើងគាត់ បែរជាត្រូវគាត់វាយសំពងមកលើក្បាលខ្ញុំបែកអំពិលអំពែក ដូចវាយក្បាលត្រី​ ធ្វើឱ្យខ្ញុំខ្សោយមិនអាចរលាស់និងផ្តួលយ៉ាងណាក៏នៅតែស្អិតជាប់ ហើយរឹតកខ្ញុំផង វាយក្បាលខ្ញុំផង។ គេមាន​ជើងមករុំកខ្ញុំ ឯដៃគេពីរទំនេរទុកវាយខ្ញុំ ចំណែកជើងខ្ញុំជាប់ឈរ មិនអាចប្រើធ្វើអ្វីគេបានមានតែដៃពីរ ខ្ញុំក៏ចាញ់ដង្ហក់ ហើយមួយសន្ទុះក៏ដួលសន្លប់បាត់បង់ស្មារតី។ ពេលបានដឹងខ្លួនឡើងមកវិញ ក៏មានអារម្មណ៍ថា បុរសប្រឡាំងកាសនេះ នៅតែជាប់នៅលើស្មារបស់ខ្ញុំ ហើយកំពុងទាត់ដាស់ខ្ញុំឡើង។

ការឈឺចាប់ ដែលជននេះកំពុងផ្តល់មកគឺ​បង្ខំ​ឱ្យ​ខ្ញុំ​ងើបឡើងដើរទៅមុខ​​ រួច​ចង្អុល​ឱ្យ​ខ្ញុំ​លីទៅ​​កណ្តាល​​ចម្ការដើមឈើ​ហូបផ្លែ ដើម្បី​ឱ្យ​​អាច​ឈោង​យក​អ្វី​ដែល​គាត់​ចង់​យកទៅ​ហូប​។ ខ្ញុំ​ចង់ឱ្យតានេះដាច់ពោះ បានបដិសេធ​មិន​ព្រមទៅ​ តាកញ្ចាស់ក៏​វាយក្បាលខ្ញុំយ៉ាងឈឺចាប់ និង​ច្របាច់ក​ខ្ញុំរហូតទ័លច្រក​ត្រូវ​ធ្វើតាម។

រឿងនេះបានបន្តគ្មាន​ឈប់ ហើយថ្ងៃ​ខ្លះខ្ញុំ​បានត្រូវបង្ខំ​ឱ្យលីជននេះ​ដើរសឹងតែ​ជុំវិញ​កោះដូចជាខ្ញុំនេះជាពាហនៈ។ បើខ្ញុំហត់ឬបង្អង់ ក៏សំពោងខ្ញុំយ៉ាងលីលា។ ខ្ញុំមាន​តាកញ្ចាស់នៅពីលើបីថ្ងៃមាន​អារម្មណ៍ខ្លួនឯងជាសត្វ មិនមែនមនុស្ស​ទៀតទេ។ នៅ​ពេល​យប់ឡើងទោះ​ខ្ញុំ​បាន​ដេក ឬមិនដេក ជើងជនចង្រៃ​នៅ​តែថ្ពក់​ជាប់​នឹង​ក​របស់​ខ្ញុំ។ គ្មានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីអង្រួនទម្លាក់ជនចង្រៃនេះចេញទេ ទោះជាខ្ញុំបានព្យាយាមតាមដែលខ្ញុំអាចធ្វើច្រើនលើក នៅតែត្រូវជននេះវាយសំពោងស្ទើរក្ស័យ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែខ្សោយទៅៗនិងខ្លាចការសំពោង​សឹងមិនហ៊ានកម្រើក។

ខ្ញុំ​ចាប់​ផ្ដើម​ដាក់​បណ្ដាសា​ក្រោធខឹងលើសេចក្ដី​សប្បុរស​របស់​ខ្លួនថា៖

«ដោយគុណអល់ឡោះ! ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងមិនធ្វើសប្បុរស សម្រាប់ជនឯណាទៀតទេ! គំនិត​តែ​ជួយ​មនុស្ស​ម្នាក់​នេះហើយ ​គាត់​បាន​សង​ខ្ញុំ​ពី​ទុក្ខ​លំបាក​ប៉ុនសាគរ​»។

មិនយូរប៉ុន្មាន ខ្ញុំបានអង្វរដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បំបាត់ភាពតានតឹងនិងភាពនឿយហត់របស់ខ្ញុំ ដោយសូមឱ្យខ្ញុំស្លាប់ទៅចុះ ប៉ុន្តែ​ព្រះអង្គ​ដែល​មាន​សិរីរុងរឿងនិង​មាន​ព្រះហឫទ័យ​មេត្តាករុណា មាន​ផែនការ​ផ្សេង​សម្រាប់​ខ្ញុំ។

វាបានកើតឡើងនៅថ្ងៃមួយដែលយើងបានមកដល់ផ្នែកផ្សេងនៃកោះដែលដីត្រូវបានគ្រប​ដណ្តប់​ដោយស្មៅ។ ទាំងនេះជាចម្ការហូបផ្លែធំៗនិងមានសម្បកខាងក្រៅរឹង។ គំនិតមួយបានមក​រក​ខ្ញុំ ដើម្បីបំបាត់ការឈឺចាប់លើស្មានេះ។ ខ្ញុំ​កាច់​ផ្លែ​ឃ្លោក​មួយ​ចំនួន​ចេញ ហើយ​យក​សាច់​ផ្លែ​ខាងក្រៅមក​ធ្វើ​ជាដប​។ បន្ទាប់​មក ខ្ញុំ​បាន​ប្រមូល​ផ្លែ​ទំពាំងបាយជូរ​ដែល​ដុះ​នៅ​ក្បែរៗ​នោះ ហើយ​ដាក់​ក្នុង​ផ្លែ​ឃ្លោក សង្កត់​កិន​វា​ដោយ​ថ្ម។

បន្ទាប់​ពី​ទុកដប​ឃ្លោកទាំង​នេះ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ជាតិអាល់កុលក៏ត្រូវបានបង្កាត់ហើយ​ប្រែ​ទៅ​ជា​ស្រា​ដ៏​ខ្លាំងមួយប្រភេទ។ ល្ងាចមួយខ្ញុំបានផឹកវាហើយរាល់ភាពឈឺចាប់សន្លាក់ឆ្អឹងរបស់ខ្ញុំបាន​ថយចុះ ហើយខ្ញុំបាត់បង់​ចាប់​ផ្ដើម​ច្រៀង ទះ​ដៃ ហើយលោត​លេង​ពី​ជើង​មួយ​ទៅ​ជើង​ម្ខាង ​ជាមួយ​បុរស​ចំណាស់​នៅ​លើ​ខ្នង​ខ្ញុំ។ បុរសចំណាស់បានតោងចាប់ខ្ញុំនៅលើស្មា។ ដោយ​យល់​ពី​អ្វី​ដែល​គាត់​ចង់​បាន ខ្ញុំ​ក៏​ហុច​ស្រា​ទំពាំងបាយជូរ​មួយដប​​ទៅ​គាត់។ គាត់ក៏ផឹកពីវា ហើយចាប់ផ្តើមរីករាយ។ មិនយូរប៉ុន្មាន គាត់ក៏ទាមទារយកមួយទៀត ហើយខ្ញុំក៏ឱ្យតាម​តម្រូវការ រហូតទាល់តែស្រាបានយកប្រៀបលើគាត់ ហើយគាត់បានដេកលក់ស្ររឹង។ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ចាប់​ជើង​ព័ទ្ធជើងជននេះ​នៅ​ជុំវិញ​ក​របស់​ខ្ញុំ​បាន​ធូរ​រលុង។ ឆ្លៀតឱកាស ខ្ញុំបានបោះតាចាស់កញ្ចាស់ចេញពីស្មារបស់ខ្ញុំទៅលើដី។  ជននេះបើកភ្នែកព្រឹមៗសម្លឹងខ្ញុំទាំងស្រវឹងខ្លះដឹងខ្លួនខ្លះ។ ដំបូងឡើយខ្ញុំចង់ចាកចេញ រត់សប្បាយនឹងការទទួលបានសេរីភាពរបស់ខ្ញុំមកវិញ តែពេលក្រឡេកមើលបិសាចនេះកាលណា​ ខ្ញុំយល់ថានឹងមាន​អ្នកផ្សេងក្រោយៗដែលនឹង​ត្រូវចាញ់បោក​តានេះឱ្យកៀបស្លាប់ដូចសត្វមិនខាន។

ឬមួយបើ ខ្ញុំនៅវង្វេងលើកោះ ពេលខ្ញុំដេក វានឹងឡើងមកចងកខ្ញុំម្តងទៀតក៏ថាបាន។ ខ្ញុំបានបកទៅស្វែងរកថ្មដ៏ធំមួយ ហើយប្រើវាទម្លាក់សម្លាប់កញ្ចាស់កំណាចបង់ជីវិតទាំងខ្ញុំគ្មានវប្បដិសារៈ គ្មាន​សេចក្តីមេត្តាករុណាអ្វីលើជនអបលក្ខណ៍នេះទេ។ មនុស្ស​រស់នៅជាសត្វឈ្លើង ទុកខ្ញុំជាសត្វយូរមកហើយ។

រួចរាល់នូវការសងសឹក ខ្ញុំបានបកត្រលប់ទៅកាន់ច្រាំងវិញ ក្នុងចិត្ត​ពោរពេញដោយសេចក្តីសុខ រាងកាយស្រាល​ដូចបានរស់ម្តងទៀត។

៥ថ្ងៃក្រោយមក មាន​កប៉ាល់មួយដើរទឹកមកពីចម្ងាយ។ ខ្ញុំ​បាន​ផ្តល់​សញ្ញា​យ៉ាងសកម្ម​ទៅ​កាន់​នាវិក ហើយ​មិន​យូរ​ប៉ុន្មាន ខ្លួនខ្ញុំក៏​ត្រូវ​បានការ​សង្គ្រោះ​ពី​ឋានសួគ៌ចាកចេញពី​កោះ​បណ្តាសា​ទុក្ខទោម្នេញដូចនរកនេះ។

​ពេលសម្រាកហូបចុក​ដែល​ខ្ញុំបាន​តំណាល​ប្រាប់​​ក្រុមឈ្មួញនិងនាយនាវិកពី​រឿង​ទាំង​អស់​ដែល​បាន​កើត​ឡើងជាមួយកញ្ចាស់កំណាច មានម្នាក់បានងក់ក្បាលហើយប្រាប់ខ្ញុំថាបុរសដែលជិះលើស្មារបស់ខ្ញុំត្រូវបានអ្នកស្រុកនេះគេ​ហៅថា Shaykh al-Bahir ដែលជាបុរសធ្លាប់ដើរសមុទ្រនិងមានជំងឺខ្វិន។ ជននេះមានចិត្តសាហាវឃោរឃៅ ហើយគ្មាននរណាម្នាក់ដែលត្រូវគាត់​បោកប្រាស់អាចរស់បានយូរទេ គឺគាត់តោងដល់ស្លាប់ទើបចាកចេញ។

សំពៅបានដឹកខ្ញុំទៅកាន់កោះបន្ទាប់ ដែលទីនោះមាន​រាជធានីធំមួយឈ្មោះថា ទីក្រុងនៃ Apes ។ នៅទីនោះ សូម្បីតែជញ្ជាំងកំផែងដែលមើលពីចម្ងាយទៅក៏ឃើញមិនរឹងមាំ អាចការពារប្រជាជនពីជោគវាសនានៃរលកសមុទ្រឬព្យុះព្យោមាដែរ។

សូម្បីតែជាមួយសត្វឧត្បាតចង្រៃ។ តួយ៉ាង​រៀងរាល់ល្ងាច ពេលយប់មកដល់មេឃងងឹត សត្វស្វាចុះពីដើមឈើមកលុកលុយទីក្រុង។ ដើម្បីចៀសវាងពីការ​យាយី ប្រជាជនគ្មានជម្រើសអ្វីក្រៅពីចាកចេញពីផ្ទះទៅដេកពួន​ក្នុងទូក។

អាជីវកម្មមួយចំនួនអាចរកលុយបានយ៉ាងច្រើនបំផុតពីសំណាងអាក្រក់នៃពលរដ្ឋតំបន់នេះ។ ជារៀងរាល់ថ្ងៃ ពួកគេបានប្រមូលគ្រួសនៅលើឆ្នេរ ហើយបន្ទាប់មកបានឈានជើងចូលក្បែរព្រៃបន្តិច ហើយគប់សត្វស្វាដែលរស់នៅតាមដើមឈើ។ សត្វ​ស្វា​បាន​ឆ្លើយ​តប​ដោយការ​បោះ​ផ្លែដូង​មក​វិញ។ ការប្រយុទ្ធគ្នារវាងថ្មនិងដូងនេះ បានកើតឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែមានភាពយុត្តិធម៌ ព្រោះអ្នកជំនួញដែលហានក្លា បាន​នាំគ្នារើសដូងយកទៅលក់ដូរនៅលើទីផ្សារ។ ខ្ញុំបានចូលរួមក្នុងកីឡាដ៏គួរឱ្យអស់សំណើច ប៉ុន្តែប្រកបដោយ​គ្រោះថ្នាក់នេះដែរ ហើយអល់ឡោះបានអនុញ្ញាតឱ្យខ្ញុំរកបាន​ប្រាក់ចំណេញដោយយុត្តិធម៌ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ខ្ញុំបានប្រមូលប្រាក់សន្សំ​បាន​យ៉ាងច្រើន។

ពេល​ខ្ញុំ​សុខ​សប្បាយ​ម្ដង​ទៀត ខ្ញុំ​បាន​ជួល​កៅអីមួយកន្លែង​នៅលើកប៉ាល់ធំមួយ​ដែលបាន​​ឆ្លង​កាត់កោះនេះហើយធ្វើ​ដំណើរ​ត្រលប់​មកផ្ទះ​វិញ។

ខ្ញុំ​បាន​ជួញ​ដូរ​មាស​របស់​ខ្ញុំ​ជាមួយការទិញដូរគជ់តាមផ្លូវ​ទឹក ហើយទទួល​បាន​ប្រាក់​ចំណេញ​កាន់​តែ​ខ្លាំង។ នៅពេលដែលខ្ញុំបានទៅដល់កំពង់ផែនៃក្រុង Basrah ក្រោយដំណើរលើកទីប្រាំ ខ្ញុំបានប្រមូលទ្រព្យសម្បត្តិចែកចាយជាចំណែកខ្លះដល់អ្នកក្រីក្រ។

ដំណើរផ្សងព្រេងលើកទី៦

ពេញរយៈពេល៣ឆ្នាំ ខ្ញុំតែងតែខ្លាចរន្ធត់ចំពោះមនុស្សពិការជើង ឬជនចំណាស់សុំទាន​ស្គមកំព្រឹងណាម្នាក់ដែលដើរកាត់។ ព្រលឹងខ្ញុំនៅតែត្រូវលងដោយមនុស្ស​បញ្ញើក្អែក​ដែលបានធ្វើ​ទារុណ​កម្ម​ក្បាលនិងស្មាខ្ញុំសឹងអស់ជីវិតម្តងៗ។ វាជាការចងចាំមួយដែលខ្ញុំស្បថថា នឹង​មិនឱ្យអ្នកណាអាចមកជិះលើស្មា ឬសូម្បីខ្នង​ខ្ញុំជាដាច់ខាតក្នុងជាតិនេះ។

មិនយូរប៉ុន្មានសេចក្តីប្រាថ្នាចង់ធ្វើដំណើរបានរុកកួនខ្ញុំទៀតហើយ។ ទោះណាជាខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង​ដែល​អ្នក​ណា​ក៏​​ត្រូវ​ការ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្រលាញ់​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើដំណើរផ្សងព្រេង​ដើម្បីស្វែងរក​ពិសោធន៍និងរសជាតិជីវិតបន្ថែម​លើ​គំនរ​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ។

ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​បាន​ធ្វើការ​វេចខ្ចប់​ទំនិញ​របស់​ខ្ញុំ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់ផែ Basrah។ ខ្ញុំ​បាន​ជិះ​កប៉ាល់​ដ៏​ល្អ​មួយ ​ធ្វើ​ដំណើររួម​ជាមួយ​ឈ្មួញ​មួយក្រុម​ទៀត ចល័ត​ពី​កោះ​មួយ​ទៅ​កោះ​មួយ ទីក្រុងមួយចូលទីប្រជុំជនមួយទៀត ដោយ​ជួញដូរ​ផងសិក្សាដើម្បីជីវិតផង។

ហាក់ដូចជា សំណាងតែងតែញញឹមដាក់ក្រុមយើង គ្រប់យ៉ាងបានរលូន ប៉ុន្តែនៅថ្ងៃមួយ បន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ មេក្រុមនាវិកកើតការសង្ស័យចំពោះសញ្ញាចម្លែកនៅលើមេឃ ក៏បានឡើងទៅលើបង្គោល​នាវាហើយពិនិត្យ។

មិនយូរទេគាត់វារចុះមកវិញហើយលុតជង្គង់ចាប់ផ្តើមយំដកពុកចង្កាស្រែកថា៖

«អូ អល់ឡោះអើយ! ​កូនៗ​ខ្ញុំ​នឹង​កំព្រា!»

យើង​មិន​ដឹង​ថា​មាន​អ្វីនៅខាងមុខនោះទេ ប៉ុន្តែដោយសារ​ការថ្នឹកជាមួយគ្រោះថ្នាក់ ខ្ញុំផ្តើម​រៀបចំបង្វិចនិងចងអលង្ការ លុយកាក់។

ទីបំផុតនាវិកចំណាស់សារភាពប្រាប់ថា យើងបានវង្វេងផ្លូវ ហើយជិះទូកធ្លោយដល់ដែន​សមុទ្រ​ដែលមិនមានអ្នកណាធ្លាប់ឆ្លងកាត់និងស្គាល់ទិសតំបន់។

«យើងមិនអាចរកផ្លូវត្រលប់ទៅផ្ទះបានទេ!» គាត់បានស្រែកយំ។ ​អ្វីៗ​បាន​ប្រែ​ទៅ​ជា​អាក្រក់​បន្ថែមខណៈនាវិក​ម្នាក់​ស្រែក​ឡើងចង្កូតថា៖

«ជួយមើល៍ឱ្យច្បាស់ជំនួសខ្ញុំផង យើងកំពុងបុកកំផែង​ថ្មនៅខាងមុខឬអ្វី?»

​គ្មាន​មនុស្ស​ធម្មតាណា​ម្នាក់ អាច​រារាំង​អ្វី​ដែល​កំណត់​ទុក​ដោយ​ជោគវាសនា​ឡើយ។ ភ្លាមៗនោះខ្យល់​ដ៏ខ្លាំងនិងខុសទិស ក៏​បក់​បោក​ស្រោចដល់ឃ្លោងកប៉ាល់​របស់​យើង។

ខ្យល់ខ្លាំងឡើងៗបានបង្វិលសំពៅនេះ​​វិល​ជុំវិញ​បី​ដងមុនពេល​សម្បក​​ត្រូវ​បាន​ហែក​ចេញ​ពីដែកនិងមេធ្នឹម។ យើងទាំងអស់គ្នាបានធ្លាក់ចូលទៅក្នុងសមុទ្រ។ ពួកយើងជាច្រើននាក់បានលង់ទឹក ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានរួចជីវិតដោយ​មានត្រៀមរបស់តោង តែខ្ញុំមាន​របួសនិង​ស្នាម​ជាំ សឹងថា​ពាក់កណ្តាល​ស្លាប់​។

ដោយ​ភាព​នឿយហត់ ខ្ញុំ​បានស្រវាឱបលើ​ផ្ទាំង​ថ្ម​ដែល​រាយប៉ាយ​លើឆ្នេរចម្លែក។ ភ្នែកខ្ញុំខំសម្លឹង​ពាសពេញកោះនេះ។ ពុទ្ធោ! ថ្មដ៏មានតម្លៃ ត្បូងគ្រប់ប្រភេទ បានរោយរាយចោល​នៅជុំវិញនេះដូចជាគ្រួសធម្មតា​។

ពេលស្រមោលព្រះទនិករ​ចោលមក គ្រប់យ៉ាងបញ្ចេញ​ពន្លឺ។ មាន​គ្រប់ពេជ្រជាច្រើនលេចដុះចេញមកស្ពឹម​លើដី។

ខ្ញុំមានកម្លាំងពេលឃើញរតនៈវត្ថុ ក៏ក្រោក​ហើយវារទៅ​រើស​គជ់​រាជ​មួយ​ក្តាប់​តូច មកលា​ពិនិត្យ​​ក្នុងបាតដៃ។

វត្ថុទាំងនេះសូម្បីក្សត្រខ្លះក៏មិនងាយមានជាកម្មសិទ្ធិផង កុំថាគ្រួសារអ្នកមាន​ទ្រព្យធម្មតាៗ។ មិនតែប៉ុណ្ណោះ សូម្បីលើផ្ទៃទឹកសមុទ្រក៏មាន​ពន្លឺចាំងជះមកដែរ។ ជាមាសអណ្តែតទឹក? ធ្លាប់ឮថា មានធាតុមាសក្រហមឆ្អិនដែលត្រូវបានផលិតនៅក្នុងពោះរបស់សត្វចម្លែកសមុទ្រមួយប្រភេទ​ ហើយពេលវេលាត្រូវខ្ជាក់ វាក៏ខ្ជាក់មាសឱ្យផុសឡើងអណ្តែតលើផ្ទៃទឹក?

ឈ្មួញផ្សេងទៀតបានភាំងដូចជាមនុស្ស​ឆ្កួតហើយឈរឆ្ងល់នៅទីនេះ។ ម្នាក់ៗសរសើរស្នាដៃរបស់អល់ឡោះនិងអាថ៌កំបាំងដ៏ស្រស់ប្រណីតនៃធម្មជាតិក្នុងភពផែនដី។

យើង​រត់ប្រសាច​ប្រមូលវត្ថុមានតម្លៃជាច្រើន តាមដែលអាចយកបានរៀងៗខ្លួន។ ប៉ុន្តែ​គ្មាន​កន្លែង​ណា​ដែល​យើង​អាច​រក​ឃើញមានអ្នកស្រុករស់នៅ​​ក្រៅ​តែពីលេចវាលចូលព្រៃដ៏ក្រាស់ បន្ទាប់មកគឺវាល​ស្មៅ​បៃតងខ្ចីលាតសន្ធឹងគ្មានស្តេចចតុបាទមក​ដណ្តើម​បរិភោគ​ឡើយ។

យូរៗទៅ ក្រុមយើងកាន់តែខ្សោយទៅៗហើយអ្នកខ្លះក៏បានគ្រុនក្តៅឬឈឺស្លាប់។ មិនយូរប៉ុន្មាន មនុស្សទាំងអស់បានស្លាប់។ សាជាថ្មីខ្ញុំជាជនទុរន់ទុរាសេសសល់ក្រោយគេដែលបានលាក់លបអាហារក្រៀមនិងទឹកឃ្មុំដោយសារបទពិសោធន៍មុនៗ។

ទឹកឃ្មុំវាអាចបង្ការជំងឺជាច្រើន ទោះរាកឬគ្រុនក្តៅក៏មិនងាយកើតមានឡើងដែរ។ ខ្ញុំបានត្រាច់ចរដើម្បីរុករកកោះនេះបន្ថែមទៀត ដើម្បីមើលថាតើនឹងមានអ្នកស្រុករស់នៅដែរ?

បន្ទាប់​ពី​អាហារ​ជិតអស់ ខ្ញុំមិនអាចរង់ចាំដល់ពេលដើរ​មិន​រួចនោះទេ ខ្ញុំ​បាន​មកដល់​ទន្លេ​មួយ ដោយផ្តើមរកមែកឈើជាច្រើនមកចង​ធ្វើ​ក្បូនហើយ​ផ្ទុក​ដោយ​ទំនិញ​ដ៏​មាន​តម្លៃ ទាំងនោះទៅជាមួយ​។ ពេលខ្ញុំជិះទូក ខ្ញុំសូត្រកំណាព្យថា «ហោះហើរ ឆ្លងកាត់សមុទ្រ ដើរតាមវាសនាក្នុងខ្យល់ប្រៃ ជឿជាក់លើខ្លួនឯងនិងគ្មានអ្នកដទៃ បន្ទាប់ពីរកឃើញ​ដី អ្នកនឹងរកឃើញ​ជីវិតរស់នៅ គ្រប់យ៉ាងនឹងកន្លងផុតទៅ នៅពេលដែលពេលវេលាត្រឹមត្រូវ..»។

ក្បូនបណ្តែតលើទឹកតាមយថាកម្ម បាននាំខ្ញុំរសាត់ទៅកាត់ព្រៃរនាម​និងវាលទំនាប រហូតដល់ទីបំផុតវាបានឆ្លងចូលទៅក្នុងផ្លូវរូងក្រោមដីដែលរត់កាត់តាមជញ្ជាំងភ្នំ។

ខ្ញុំបានទម្លាក់មុខផ្កាប់ចុះទៅក្នុងទូក ក្នុងភាពងងឹតដោយមានអារម្មណ៍ថា ដំបូលប្រក់នៃក្បូនរបស់ខ្ញុំគឿងទើស។ ខ្ញុំនឹកឆ្ងល់ថាតើក្បូនរបស់ខ្ញុំនឹងជាប់គាំងជ្រៅនៅក្នុងភ្នំ លែងបាន​ឃើញពន្លឺថ្ងៃម្តងទៀតឬយ៉ាងណា?

ខ្ញុំបែរបន់និងសន្លប់ រហូតដល់ពេលមួយត្រចៀករបស់ខ្ញុំបានពោរពេញដោយសំឡេងប្រកូក និងភ្នែកនេះទទួលបានពន្លឺពីស្ថានសួគ៌។

តាមពិត ក្បូនបានអណ្តែតតាមខ្យល់ ហើយចេញទៅក្នុងចំហទឹក ដែលទីនេះមាន​មនុស្ស​មួយ​ចំនួន​បាន​ចោមព័ទ្ធ​ហើយ​ស្រែក​ហៅខ្ញុំ។

ម្នាក់ក្នុងចំណោមពួកគេបានគប់ខ្សែពួរមកឱ្យខ្ញុំចាប់ ហើយពួកគេបានទាញខ្ញុំយកទៅច្រាំងទន្លេ​។

ខ្ញុំដួលទន់ដៃ​ដោយអស់កម្លាំងខ្លាំងថែមទាំង​ស្តាប់ ពួកគេ​និយាយ​ភាសាថ្មី​ដែល​ខ្ញុំ​មិន​យល់ រហូតដល់​មាន​ម្នាក់ក្រោយមកដល់គាត់ចេះនិយាយ​​ភាសា​អារ៉ាប់។

ពួកគេជា កម្មករលីសែង។  គេ​នាំ​ខ្ញុំនិង​ត្បូង​ដ៏​មាន​តម្លៃ​ដែល​បាន​ទុក​នៅ​លើ​ក្បូននោះ​ទៅគាល់ស្តេច​ព្រោះនេះជាបទបញ្ញត្តិ។

នៅ​ព្រះបរមរាជវាំង ខ្ញុំ​ចូល​គាល់​ព្រះមហាក្សត្រនិងខ្ញុំ​បាន​ថ្វាយ​ឃ្លាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ទុក​ជា​អំណោយ​ដល់​ព្រះអង្គ ក្រោយមកខ្ញុំដឹងថាទ្រង់ជាព្រះករុណា​ព្រះមហាក្សត្រ​នៃ​ប្រទេស​ស្រីលង្កា ហើយ​បានតំណាលទូល​​រឿង​របស់​ខ្ញុំ​ពី​ដើម​ដល់​ចប់។ ពេលយកចិត្ត​ទុកដាក់ពិចារណា​ហើយ ទ្រង់​បាន​សួរ​ខ្ញុំ​អំពី​ប្រទេសកំណើតរួច ​បាន​ប្រកាស​ថា​ ខ្ញុំនេះជាមនុស្ស​ឆ្លាតនិងមានចិត្ត​សីលទាន​គួរឱ្យសរសើរ។

ខ្ញុំ​បាន​រស់​នៅ​ក្នុង​វាំង​របស់​ស្ដេចស្រីលង្កា​​ដោយ​កិត្តិយស រហូត​ដល់​ថ្ងៃ​មួយខ្ញុំ​មានដំណឹងមក​ថា នឹង​មាន​ឈ្មួញ​មួយ​ក្រុម​ចេញ​សំពៅ​មកដល់ទីនេះសំចតសុំបន្តផែទៅ​ស្រុក​បាស្ហា​។

ស្តេចនគរស្រីលង្កា​​បាន​បង់​ថ្លៃទិញកន្លែងមួយ​ឱ្យ​ខ្ញុំឡើងជិះទូកនោះបន្តទៅនគរទៅបាស្ហា​ជាមួយមហាអំណោយ រួមមានត្បូងទទឹមមួយកែវខ្ពស់ គជ់ដ៏មានតម្លៃ ស្បែកពស់ ទឹកអប់ដ៏មានក្លិនឈ្ងុយមួយតោន និងអ្នករបាំដ៏ស្រស់ស្អាតជាក្មេងស្រីបួននាក់។

នេះជាអ្វីដែលព្រះអល់ឡោះប្រទានខ្ញុំក្រោយការតស៊ូដែលទ្រង់បានសាកល្បង។ យើងបានជិះពៅ​ក្រោមអាកាសធាតុនិងទិសខ្យល់ដ៏ត្រឹមត្រូវ ហើយសូមអរព្រះគុណដល់អល់ឡោះដែលបញ្ជាខ្យល់មេឃា​បោកបក់ខ្ញុំវិលមកដល់ទីក្រុង Basrah វិញដោយសុវត្ថិភាព។ បន្ទាប់មក ខ្ញុំបាន អំណោយ​ដល់​មិត្តភក្តិនិង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​បាន​ផ្តល់​ជំនួយ​ដល់​ជន​ក្រីក្រ ដោះលែងទាសករចាស់ៗ ហើយ​ត្រលប់​ទៅ​កាន់​ជីវភាពពីមុន ​ម្ដង​ទៀត​ដែល​មាន​ភាព​សុខ​ស្រួលនិង​បុណ្យបារមី។

នៅពេលដែល Sinbad បានបញ្ចប់ការនិទានរឿងនៃការធ្វើដំណើរទីប្រាំមួយរបស់គាត់ គាត់បានផ្តល់កាក់មាសមួយដល់បុរសលីសែងដែលតែងតែមកស្តាប់រឿងរ៉ាវតំណាល។

តមក ពួកគេបានយល់ព្រមចួបគ្នាម្តងទៀតនៅព្រឹកបន្ទាប់ ដើម្បីស្តាប់ការធ្វើដំណើរទីប្រាំពីរ និងជាំដំណើរផ្សេងព្រេងលើក​ចុងក្រោយនៃស៊ីនបាដអ្នកជំនួញសមុទ្រ។

ដំណើរផ្សងព្រេងលើកទី៧

បន្ទាប់ពីការត្រលប់មកវិញពីការធ្វើដំណើរទីប្រាំមួយរបស់ខ្ញុំ ដែលបាននាំមកផ្ទះវិញ​នូវអំណោយលើសលុបពីនគរស្រីលង្កា ខ្ញុំបានរស់នៅសោយសុខក្នុងបែបបទជីវិតចាស់ដូចពីមុនឡើងវិញ។

រហូត​ដល់​ខ្ញុំនឹកធុញថប់ បួនឆ្នាំក្រោយមកក៏ចេញគំនិត​ចាប់​ផ្ដើមចង់​ជិះ​ទូកទៅ​លេង​សមុទ្រ ចេញ​​ទៅ​បរទេស បង្កើត​មិត្តភក្ដិថ្មីៗ​ក្នុង​ចំណោម​ពាណិជ្ជករ​ដែល​មាន​ចិត្ត​ដូច​គ្នាទៀត។

ដូច្នេះ វាគ្មានអ្វីដែលអាចមករារាំង​ខ្ញុំ​ក្នុងការ​​ប្រមូល​ទំនិញទៅ​កាន់​កំពង់​ផែ Basrah ទៀតនោះទេ។ ខ្ញុំ​បាន​រក​ឃើញ​ក្រុម​ឈ្មួញ​មួយ​ដែល​មាន​កប៉ាល់​ត្រៀម​ចេញ​ទៅ​សមុទ្រ។ ខ្ញុំបានជិះទូកជាមួយពួកគេ  រាប់អានមិត្តភក្តិថ្មី ហើយធ្វើដំណើរប្រកបដោយសុកភាពនិងសុវត្ថិភាព ជាមួយនឹងខ្យល់អាកាសដ៏សមរម្យ។

នៅទីបំផុត យើងបានមកដល់ទីក្រុងមួយឈ្មោះថា Madinat-al-Sin ជាកន្លែងដែលយើងធ្វើអាជីវកម្មបានល្អឡើងៗ។ បន្ទាប់រយៈពេលពីរខែក្រោយមក ​​យើង​ចេញ​ដំណើរ​ពី​ទីក្រុងនោះ​មកវិញ ខ្យល់អាកាសល្អស្ងប់រលក។

ប៉ុន្តែចេញបានកណ្តាលសមុទ្រ ស្រាប់តែពើបនឹងព្យុះចម្លែកមួយ បាន​​បក់​បោកមកលើ​ក្បាលទូក​យ៉ាង​ខ្លាំង ហើយ​ភ្លៀង​ក៏​ចាប់ធ្លាក់កញ្ជ្រោលបោកបាច។

ទំនិញ​របស់​យើងត្រូវ បានគ្របដណ្ដប់ដោយផ្ទាំងក្រណាត់ ហើយគ្រប់គ្នា​បានអធិដ្ឋានទៅកាន់ព្រះដ៏មានមហិទ្ធិឫទ្ធិ ដើម្បីសង្គ្រោះយើងពីគ្រោះថ្នាក់ជាយថាហេតុ។

ពេល​ព្យុះ​បាន​កន្លង​ផុត​ទៅ ប្រធាន​ក្រុមនាវិក​​បាន​ឡើង​ទៅ​លើ​កំពូល​បង្គោល។ គាត់​មើល​ស្តាំ និង​ឆ្វេង រួច​ចាប់ផ្តើម​វាយ​ថ្ងាស​ខ្លួនឯង​ដោយ​កណ្តាប់ដៃប៉ូកៗរបៀបមនុស្ស​​ហៀប​នឹង​ស្លាប់។

ពេលនោះហើយ គាត់បានប្រកាសអាសន្នថា ខ្យល់បានជម្រុញយើងអណ្តែតមកកាន់ជ្រុងឆ្ងាយបំផុតនៃពិភពលោកដែលគ្មានអ្នកណាដឹងនិងស្គាល់។

គាត់យក​សៀវភៅ​មួយ​ក្បាល​មក​អាន​ទាំង​ស្រក់​ទឹក​ភ្នែក។ នៅទីបំផុតគាត់ បាននិយាយមកកាន់យើងថា សៀវភៅនេះពិពណ៌នាយ៉ាងច្បាស់ពីកន្លែងដែលយើងនឹងរសាត់ទៅដល់។ វា​ជា​កន្លែង​ដែល​គ្មាន​អ្នក​រត់​គេច​រួចទេ ​យើងគ្រប់គ្នា​​ប្រាកដ​ជា​ស្លាប់​នៅ​ទី​នេះ។

បុរាណ​បានដាក់ឈ្មោះទីនេះថា ជានគរសមុទ្រនៃស្តេចនាគរាជ ព្រោះនៅទីនេះរាជនគរ​ស្តេច​នាគ ដែលកកើតទឹកដីមកត្រូវបាន​បង្កប់នៅក្រោមរលក។ សត្វ​នាគរាជ​សមុទ្រ​ដ៏​ធំ ដែលតាំងទី​រស់​នៅ​ទី​នេះច្រើនសម័យកាលមក គឺមាន​ចចាមអារ៉ាមថាមាន​មាត់ ធំ​ណាស់​​អាចលេប​ស៊ី​កប៉ាល់​ទាំងមូលបាន។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*