ប៉ុន្មានថ្ងៃនេះអាកាសធាតុហាក់ត្រជាក់ខុសប្លែកពីធម្មតា ដោយសារតែកម្ពុជាកំពុងរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធពីចិន។ ស្រុកខ្មែរណា៎ ត្រឹមតែ 16-18ºc ហ្នឹង ល្មមនឹងអាចឈឺបានហើយ 😷 ។ បើប៉ះអ្នកចាញ់ត្រជាក់ដូចខ្ញុំទៀត រឹតតែចប់គ្មានវាចា។
រាល់ដង តាមដងវិថីគ្រប់ច្រកល្អកនៅភ្នំពេញ ណែនណាន់តាន់តាប់ហួសនិយាយ តែចម្លែកព្រឹកថ្ងៃចន្ទនេះ ស្ងាត់ជាងសព្វមួយដង ទោះចំថ្ងៃ Christmas ក៏ដោយ។ អាចថា មកពីអាកាសធាតុត្រជាក់ពេក។
កុំថាឡើយគេ សូម្បីខ្ញុំក៏គ្មានអារម្មណ៍ចង់ចេញពីផ្ទះដែរ។ គង់តែត្រូវទៅរៀនទេ និយាយមែន!
ហើយអ្វីដែលសំខាន! អ្នកណាហ៊ានបាត់មុខពីថ្នាក់រៀនថ្ងៃបុណ្យណូអែលនេះ មុខជាគ្រូដកពិន្ទុហើយ។ អ៊ីចឹង ទោះចង់ឬមិនចង់ ត្រូវតែទៅសាលាដាច់ខាត។
ជាធម្មតា ថ្ងៃនេះនៅតាមសាលាអន្តរជាតិ ច្បាស់ជាថ្ងៃដែលអ៊ូអរសប្បាយ។ តែយើងជាខ្មែរ រស់នៅទឹកដីខ្មែរ មិនអាចយកថ្ងៃបុណ្យគេជាថ្ងៃសម្រាកសម្រាប់ជាតិខ្លួនឯងបានទេ។ តែទោះតាមសាលារៀនរដ្ឋ មិនសម្រាក ឬលេងអីសប្បាយអបអរដូចគេក៏ដោយ។ ថ្ងៃនេះ តាមទម្លាប់ក្មេងៗ វ័យពេញពិភពលោកពណ៌សុីជម្ពូរស្អីនោះ គឺតែទាមទារកាដូគ្នាហើយ។ ឯខ្លះដើរចែកស្ករគ្រាប់គ្នាអីអ៊ីចឹងទៅ!
បើនិយាយពីអ្នកវ័យស្របាលខ្ញុំ ១៧ ១៨ឆ្នាំអីនេះ! រៀងវឹកវរនឹងកាដូរបន្តិចហើយ។
ក្នុងថ្នាក់រៀនថ្ងៃនេះវិញ ឃើញតែគេ Surprise គ្នា។ ខ្លះជួយស្រែកហ៊ោ ជ្រួលជ្រើមនឹងគូរគេ ហើយក្នុងនោះក៏មានខ្ញុំដែរ។
ហ៊ើយ!!! ធម្មតាទេ សម្រាប់អ្នកមានគ្នា! ហើយវាក៏ធម្មតាដែរ សម្រាប់អ្នកsingleតឆ្នាំដូចជាយើង។
និយាយទៅ! ខ្ញុំមិនបានទៅជ្រួលជ្រើមអីនឹងអារឿងអ៊ីចឹងៗទេ។ សុខចិត្តដេកស្រមៃ និពន្ធភាពរ៉ូមេនទិកក្នុងអារម្មណ៍ម្នាក់ឯងអ្ហស៎! ព្រោះម៉ាក់សុំចិត្តថា ចាំរៀនចប់វិទ្យាល័យ រៀនដល់ឆ្នាំទី២អីចាំមានសង្សារ។ ហើយម៉ាក់ក៏ហាមដែរអារឿងកាដូនេះ ព្រោះគាត់ថា តែគេហ៊ានចំណាយទិញអីឱ្យយើង មុខជាគេចង់ដូរអីមួយពីយើងវិញហើយ។ ជារួមទៅ ខ្ញុំកូនស្រីល្អ ស្តាប់បង្គាប់ម្តាយនោះអី! ទោះចិត្តជ្រួលច្របល់នឹងស្នេហាក៏ដោយ តែមិនខ្ចីខុសសន្យានឹងម៉ាក់ឡើយ។
——-
ថ្ងៃរសៀល ក្រោយម៉ោងសិក្សាសាលារដ្ឋ
ចប់ម៉ោងរដ្ឋ ចូលដល់ម៉ោងរៀនគួរ។ ច្បាស់ណាស់! ម៉ោងរដ្ឋអាចមានសិស្ស តែអាម៉ោងរៀនគួរនេះ មុខជាបាត់ហោចណាស់ក៏ ៧០% ដែរ។ ឯអ្នកមានគូរ គេឆ្លៀតអាពេលហ្នឹងហើយ លួចទៅណាត់គ្នាមើលកុន ដើរលេងអីនោះ។ សមនឹងថ្ងៃនេះ រោងកុនខ្លះ មានប្រូម៉ូសិនសល់តែ ១ដុល្លារផង! រឿងអីដែលគេមិនទៅនោះ!
សិស្សតិចពេក សូម្បីលោកគ្រូ/អ្នកគ្រូ ក៏គ្មានអារម្មណ៍បង្រៀនដែរ។ គាត់ក៏ចែកក្រដាសមេរៀនឱ្យគ្រប់គ្នាយកទៅមើលដោយខ្លួនឯង ហើយអនុញ្ញាតឱ្យទៅផ្ទះតែម្តងទៅ។
« លីនី! ទំនេរអ៊ីចឹង ទៅដើរលេងហុី? » ពិសី មិត្តរួមថ្នាក់ខ្ញុំ បបួល
« ទៅណា៎? » ខ្ញុំសួរ
« ចេះតែជិះមើលគេឯងទៅ » ពិសីឆ្លើយ
ដោយសារអផ្សុក និងទំនេរមិនដឹងធ្វើអីដែរ ខ្ញុំក៏យល់ព្រមនឹងនាងទៅ។
ពួកយើងក៏ទាក់ទងទៅប្រាប់ដំណឹងអ្នកផ្ទះជាមុន ខ្លាចថាគាត់ប្រទះឃើញចៃដន្យអី មានការយល់ច្រឡំ ហិហិហិ!
——-
ម៉ោង ២រសៀល
ទោះបីជាពេលនេះជាពេលថ្ងៃក៏ដោយ តែអាកាសធាតុនៅតែត្រជាក់ ថា្នក់ខ្ញុំពាក់អាវដៃវែងទាំងក្នុង និងក្រៅហើយ នៅតែត្រជាក់បាន។ ពិសី ក៏រងាមិនចាញ់ខ្ញុំដែរ តែទ្រាំកាន់ចង្កូតម៉ូតូកាត់ប៉ុន្មានច្រកផ្លូវទម្រាំដល់ផ្សារទំនើប Aeon II ។ ពេលចូលចតម៉ូតូរួច លីនី ក៏លើកដៃចង្អុលទៅកន្លែងលេងព្រិលទឹកកក ដែលនៅខាងជើង Aeon II នោះ និងនិយាយឡើង៖
« លីនី! យើងចូលលេង ice and snow អ្ហី? »
ខ្ញុំគ្រវីក្បាលតតាត់មិនយល់ព្រម។ ស្អី! មនុស្សកំពុងចាញ់រងាផង មកបបួលលេងព្រិល! Sorry អ្ហើយប៊ី!
ពិសីក៏សើចស្រស់បន្តិច ព្រោះអស់សំណើចនឹងកាយវិការខ្ញុំ។ បន្ទាប់មកពួកយើងក៏ដើរសំដៅផ្សារទំនើបតែម្តង។
ទិដ្ឋភាពខាងក្នុងមានរៀបចំយ៉ាងស្រស់ស្អាត តែថាមេឃត្រជាក់ស្រាប់ មកបើកម៉ាសុីនត្រជាក់មិនសំចៃដៃទៀត ខ្ញុំឯណេះដូចចង់ប្តូរចិត្តទៅវិញ។ តែក៏ត្រូវទាក់ទាញដោយទំនិញបញ្ចុះតម្លៃជាច្រើនមុខដែរ។ ពួកយើងក៏ដើរមើល ទំនិញបញ្ចុះតម្លៃលេងៗ ទាំងគ្មានលុយទិញ។
ហាសហាសហា!! ត្រឹមសិស្សរៀនទី១២ហ្នឹង មានលុយឯណាទិញទំនិញថ្លៃៗលើស ២០-៣០ដុល្លារ អីនោះ! ត្រឹម ១០ដុល្លារជាងអីអាច!!!! ព្រោះមានលុយសន្សំខ្លះដែរ។ តែខ្ញុំក៏ភ្លេចទាញទូរសព្ទដៃផ្តិតរូបភាពទំនិញបញ្ចុះតម្លៃ អស់នោះដែរ ព្រោះបើទោះឥឡូវនេះគ្មានលុយទិញ តែដល់ផ្ទះវិញអាចប្រាប់ម៉ាក់ឱ្យទិញបាននោះអី។
« ស្រលាញ់មែន៎? »
ឱនមើលទំនិញសុខៗ ស្រាប់តែសំឡេងមនុស្សប្រុសប្លែកមិនធ្លាប់ឮស្តីសួរឡើងក្បែរត្រចៀក។ ខ្ញុំរហ័សវែកសក់ សៀតគៀនត្រចៀក សម្លឹងមើលម្ចាស់សំណួរទើបដឹងថាអ្នកជិតខាងពីមុន។ គេមានអាយុបងខ្ញុំ តែខ្ញុំមិនដែលហៅបងឡើយ។
« ភារក្ស! ចៃដន្យម៉េស »
ប្រុសរក្ស ញញឹមស្ញេញបន្តិច រួចឆ្លើយតំណាលនឹងដៃចង្អុលម្នាក់ដែលឈរក្បែរ៖
« មកជាមួយមិត្តភក្តិ »
« Hi! » មិត្តភក្តិ ភារក្ស ក៏លើកដៃដាក់ខ្ញុំនិងមិត្តខ្ញុំដែលឈរជិតគ្នាដែរ។
ស្វាគមន៍គ្នាបានបន្តិច មិនដឹងនឹកឃើញស្អី! ខ្ញុំក៏សួរនាំពួកគេលេង ដោយបបួលទៅមើលកុនជុំគ្នា បែបគួរសម។ តែចំមែន!!! អ្នកខាងនេះបបួលលេងសោះ អ្នកខាងនោះ បែរជាយល់ព្រមមែន។ គ្មានដឹងថាគេបបួលលេងឬមែនអីទេ ធ្វើឱ្យខ្ញុំគាំងនឹងចម្លើយព្រមគេមួយខណៈ ស្របពេលដែលពិសីលួចសើចនឹងខ្ញុំជាថ្មី។
ចង់មិនចង់ ខ្ញុំក៏ទៅមើលកុនជុំគ្នាតែម្តង…
ពួកយើងអង្គុយជួរជាមួយគ្នា មានមិត្តភារក្ស និងពិសី អង្គុយសងខាងខ្ញុំនិងភារក្ស។
ដូចដែលដឹងស្រាប់ហើយ ក្នុងរោងភាពយន្តវាកាន់តែត្រជាក់ជាងខាងក្រៅទៅទៀត។ សុខៗភារក្សក៏ដោះអាវក្រៅគេចេញ ហុចឱ្យខ្ញុំ និងនិយាយឡើង៖
« ពាក់ទៅ! ខ្ញុំមិនរងាទេ។ »
តែខ្ញុំប្រកែក ហើយគេក៏បន្ត៖
« ពាក់ទៅ! អាណិតខ្ញុំដែលអង្គុយជិត ពិបាកភ្នែកណាស់! ឃើញអ្នកខ្លះនៅមិនសុខ »
និយាយចប់ គេទាញដៃខ្ញុំទៅកាន់អាវហ្មង។ ខ្ញុំភាំងស្មារតីមួយសន្ទុះ រួចក៏ភ្ញាក់មកវិញ ដោយសារសំឡេងខាងឆ្វេងត្រចៀក “ ហេតុតែគេ ” ។ ពិសីស្រដីឡើង ធ្វើឱ្យខ្ញុំរឹតតែអៀនយ៉ាងម៉េចមិនដឹង។ ស្អីនេះ! Crush កំពុងគេមែន៎?
បានអាវហើយ ខ្ញុំក៏លើកគ្របខ្លួន តំណាលនឹងអារម្មណ៍ហោះហើរជាមួយនឹងក្លិនទឹកអប់ជាប់លើអាវ ដូចត្រូវគេសណ្តំ។ ឯ.កផ្តើមរឹង មិនហ៊ានសូម្បីរេសម្លឹងមុខមនុស្សប្រុសដែលនៅកៀកបង្កើយនេះ។ ទម្រាំរឿងចប់ អារម្មណ៍ខ្ញុំដូចចម្លែកខុសសព្វដង តែមិនដឹងគួរពន្យល់ន័យថាម៉េច…
ក្រោយមើលរឿងចប់ ពួកយើងមិនទាន់ទៅផ្ទះវិញទេ ក៏នាំគ្នាបន្តទៅញុាំអាហារល្ងាចក្នុងផ្សារនេះតែម្តង។ ម្តងនេះ ពិសី ជាអ្នកបានសម្តីម្តង។ មិត្តខ្ញុំជជែកលេងជាមួយពួកគេទាំងអត់ឈប់មាត់សោះ។ ឯខ្ញុំរៀងបានសម្តីដែរ បែរជាអង្គុយសុភាពរាបសារ មិនហ៊ានស្តីទៅវិញ។ អាម៉េចទេ!
« លីនី ម៉េចស្ងាត់ជ្រៀបអ៊ីចឹង? » ភារក្សសួរ
« មិនដឹងនិយាយអីផង » ខ្ញុំរហ័សឆ្លើយ
« អៀនពួកខ្ញុំមែន៎? » មិត្តភក្តិសួរ
យី! អាបុិនេះនាំរឿងណាស់! មិនចេះយល់អារម្មណ៍មនុស្សស្រីសោះ។
ខ្ញុំញញឹមបន្តិចមុននឹងឆ្លើយ៖
« ធម្មតា ខ្ញុំតែប៉ុណ្ណឹងឯង »
« អត់សូវចេះនិយាយស្តីអ៊ីចឹង! ដឹងតែអត់សង្សារហើយ » មិត្តភារក្សបន្ត
« គ្រូទាយមែន៎!! » ខ្ញុំឆ្លើយ
« មិត្តភក្តិខ្ញុំក៏អត់សង្សារដែរតើ! តែវាពូកែបង្រៀនមនុស្សឱ្យនិយាយ »
ចុម! អាបុិនេះតាប៉ែរម៉េស។ និយាយចំៗអ៊ីចឹង ដឹងគ្នាអៀនទេអី!។
ខ្ញុំគ្រាន់តែញញឹមអៀន រួចទាញទឹកក្រូចមកផឹកបន្លប់ មុននឹងមើលម៉ោង។
« ចុម! ល្ងាចណាស់ហើយ។ យើងល្មមទៅផ្ទះវិញហើយ ពិសី » ខ្ញុំងាកតឿនពិសី
គ្រប់គ្នាក៏ទាញទូរសព្ទមើលម៉ោងដូចគ្នាដែរ ពេលខ្ញុំបញ្ចប់សម្តី។ រួចយើងក៏ព្រមព្រៀងគ្នាគិតលុយ ដើម្បីឆាប់បានទៅផ្ទះ។ តែមុននឹងទៅផ្ទះ ភារក្សក៏ស្រាប់តែស្តីឡើងទល់មុខមិត្តយើងទាំងទ្វេតែម្តង៖
« លីនី ហ្វេសប៊ុកឈ្មោះអី! មិនងាយទេយើងជួបគ្នាចៃដន្យជាថ្មី។ អាចថាជានិស្ស័យ! អ៊ីចឹងគួរបន្តនិស្ស័យនេះទៀត ដើម្បីកុំឱ្យមិនគប្បីនឹងទេវតាដែលរៀបចំ »
គ្រាន់តែគេស្តីឡើងមួយឃ្លានេះភ្លាម កំដៅក្នុងខ្លួនខ្ញុំមិនដឹងធ្លាយមកពីណា ឆួលច្រាលក្តៅពេញផ្ទៃមុខ។ តែខ្ញុំប្រឹងសម្រួលឥរិយាបទ មុននឹងទាញទូរសព្ទគេមកចុចបង្ហាញ។ ក្រោយមកពួកយើងក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន…
——-
យប់ឡើង
តឺង! សំឡេងសារបន្លឺឡើង ជាភារក្ស
ច្បាស់ណាស់! អារម្មណ៍ខ្ញុំ ហាក់ត្រេកអរខុសធម្មតានឹងសារសួស្តីរបស់គេ។ មិនឱ្យគេចាំយូរខ្ញុំក៏ចាប់ផ្តើមឆ្លងឆ្លើយជាមួយគេ ឥតឈប់ រហូតដល់ពាក់កណ្តាលយប់។ ជជែកពីនេះពីនោះ ប្រធានបទមួយហើយ ចូលប្រធានបទមួយទៀត តាំងពីរឿងស្នេហា និងផ្លូវបេះដូងអីជាដើម រហូតដល់ភារក្ស ផ្តើមប្រាប់ភាសាបេះដូងរបស់គេមកកាន់ខ្ញុំ៖
« យើងសាកល្បងមើលចិត្តគ្នា បានទេ? »
មួយឃ្លានេះ ធ្វើឱ្យខ្ញុំរកពាក្យអ្វីឆ្លើយតបមិនឡើយ។ តែក៏ទទួលដឹងថា រំភើប។ ឯសតិ ក៏ដាស់តឿនបេះដូងថា “កុំ” ព្រោះវាលឿនពេកហើយ។ ខ្ញុំនៅស្ងៀមមិនតបឆ្លើយ តែគេក៏បន្តឃ្លា៖
« ខ្ញុំដឹងថាវាដូចជាលឿនហួសហេតុពេក! តែខ្ញុំមិនបានបង្ខំធ្វើជាសង្សារនឹងគ្នាទេ។ សុំត្រឹមមើលចិត្តមួយរយៈសិន សឹមសម្រេចចិត្តរៀងខ្លួនណា៎។ ព្រោះខ្ញុំក៏ចង់ប្រាកដប្រជាជាងនេះដែរ។»
ខ្ញុំនៅតែ seen មិនទាន់តបឆ្លើយ ភារក្សផ្ញើសារមកថែមទៀត៖
« ពួកយើងមិនមែនទើបតែស្គាល់គ្នាទេ។ អ៊ីចឹងសំណើរនេះ ខ្ញុំក៏មិនយល់ថាវាលឿនពេកដែរ។ តែខ្ញុំក៏មិនចង់ចាំយូរ ខ្លាចថាមានអ្នកហ៊ានលួងលោមចិត្តលីនី ឆក់ឱកាសពីខ្ញុំបាត់។ »
ខ្ញុំនៅតែ seen មិនតប ព្រោះឃើញថាគេបែបនៅមិនទាន់អស់ពាក្យ ព្រោះអក្សរ Typing… នៅលោតជាសញ្ញានៅឡើយ។ សារបន្ទាប់ក៏លោតមកជាថ្មី តឺង!
« មិនដឹងហេតុអី គ្រាន់តែជួបលីនីភ្លាម បេះដូងខ្ញុំលោតញាប់មិនឈប់។ ហាក់ដូចជាសញ្ញាប្រាប់ថា ខ្ញុំកំពុងមានអារម្មណ៍ល្អលើលីនីហើយ តែខ្ញុំមិនទាន់និយាយថាស្រលាញ់ទេ។ ព្រោះខ្ញុំក៏មិនមែនជាប្រភេទមនុស្សប្រុស ដែលឃើញភ្លាមស្រលាញ់ភ្លែត ហើយក៏ឈប់ភ្លាមដែរ។ ខ្ញុំចង់ឱ្យទំនាក់ទំនងយើងច្បាស់លាស់។ ចង់មានពេលសិក្សាស្វែងយល់ចិត្តគ្នា។ ម៉្យាងចង់បានឱកាសពីលីនី រៀនស្គាល់ពីខ្ញុំផង… បានទេ? ខ្ញុំគ្រាន់តែសុំឱកាសមើលចិត្តគ្នាប៉ុណ្ណោះ! »
សារដ៏វែងអន្លាយរបស់គេ..ពិតណាស់! អារម្មណ៍ខ្ញុំរំភើបទទួលយកបាត់ទៅហើយ។
ទាញទៅមើលថាខ្ញុំព្រមអត់?
of course, Why not? 😁
1 Comment
ល្អអាន ណាស់អ្នកគ្រូ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ