រឿង៖ A Christmas Day

ប៉ុន្មានថ្ងៃនេះអាកាសធាតុហាក់ត្រជាក់ខុសប្លែកពីធម្មតា ក៏ដោយសារតែកម្ពុជាកំពុងរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធពីចិន។ ស្រុកខ្មែរណា៎ ត្រឹមតែ 16-18ºc ហ្នឹង ល្មមនឹងអាចឈឺបានហើយ 😷 ។ ហើយបើប៉ះអ្នកចាញ់ត្រជាក់ដូចខ្ញុំទៀត រឹតតែចប់គ្មានវាចាហ្មង។

រាល់ដង! តាមដងវិថីគ្រប់ច្រកល្អកនៅភ្នំពេញ ណែនណាន់តាន់តាប់ហួសនិយាយ តែចម្លែកព្រឹកថ្ងៃចន្ទនេះ ស្ងាត់ជាងសព្វមួយដង ទោះចំថ្ងៃ Christmas ក៏ដោយ។ អាចថា មកពីអាកាសធាតុត្រជាក់ពេក។

កុំថាឡើយគេ សូម្បីខ្ញុំក៏គ្មានអារម្មណ៍ចង់ចេញពីផ្ទះដែរ។ នេះ គង់តែត្រូវទៅរៀនទេ និយាយមែន!
ហើយអ្វីដែលសំខាន់! អ្នកណាហ៊ានបាត់មុខពីថ្នាក់រៀនថ្ងៃបុណ្យណូអែលនេះ មុខជាគ្រូដកពិន្ទុហើយ។ អ៊ីចឹងហើយ ទោះចង់ឬមិនចង់ ត្រូវតែទៅសាលាជាដាច់ខាត។

ជាធម្មតា.. ថ្ងៃនេះនៅតាមសាលាអន្តរជាតិ ច្បាស់ជាថ្ងៃដែលអ៊ូអរសប្បាយ។ តែយើងជាខ្មែរ រស់នៅទឹកដីខ្មែរ មិនអាចយកថ្ងៃបុណ្យគេជាថ្ងៃសម្រាកសម្រាប់ជាតិខ្លួនឯងបានទេ។ តែថាទៅ! ទោះតាមសាលារៀនរដ្ឋ មិនសម្រាក ឬលេងអីសប្បាយអបអរដូចគេក៏ដោយ។ ហើយថ្ងៃនេះ បើតាមទម្លាប់ក្មេងៗវ័យពេញពិភពលោកពណ៌សុីជម្ពូរស្អីនោះ គឺតែងទាមទារកាដូគ្នាហើយ។ ខណៈខ្លះដើរចែកស្ករគ្រាប់ ឬ Chocolate គ្នាអីអ៊ីចឹងទៅ!

តែបើនិយាយពីអ្នកវ័យស្របាលខ្ញុំ ១៧ ១៨ឆ្នាំអីនេះ! រៀងវឹកវរនឹងកាដូរបន្តិចហើយ។
ក្នុងថ្នាក់រៀនថ្ងៃនេះវិញ ឃើញតែគេ Surprise គ្នា។ ខ្លះជួយស្រែកហ៊ោ ជ្រួលជ្រើមនឹងគូរគេ ហើយក្នុងនោះក៏មានខ្ញុំដែរ។
ហ៊ើយ!!! ធម្មតាទេ សម្រាប់អ្នកមានគ្នា! ហើយវាក៏ធម្មតាដែរសម្រាប់អ្នក single តឆ្នាំដូចជាយើង។

និយាយទៅ! ខ្ញុំមិនបានទៅជ្រួលជ្រើមអីនឹងអារឿងអ៊ីចឹងៗទេ។ សុខចិត្តដេកស្រមៃ និពន្ធភាពរ៉ូមេនទិកក្នុងអារម្មណ៍ម្នាក់ឯងអ្ហស៎!​ ព្រោះម៉ាក់សុំចិត្តថា ចាំរៀនចប់វិទ្យាល័យ រៀនដល់ឆ្នាំទី២អីចាំមានសង្សារ។ ហើយម៉ាក់ក៏ហាមដែរអារឿងកាដូនេះ ព្រោះគាត់ថា តែគេហ៊ានចំណាយទិញអីឱ្យយើង មុខជាគេចង់ដូរអីមួយពីយើងវិញហើយ។ ជារួមទៅ ខ្ញុំកូនស្រីល្អ ស្តាប់បង្គាប់ម្តាយនោះអី! ទោះចិត្តជ្រួលច្របល់នឹងស្នេហាក៏ដោយ តែមិនខ្ចីខុសសន្យានឹងម៉ាក់ឡើយ។

——-
ថ្ងៃរសៀល ក្រោយម៉ោងសិក្សាសាលារដ្ឋ

ចប់ម៉ោងរដ្ឋចូលដល់ម៉ោងរៀនគួរ។ ច្បាស់ណាស់!​ ម៉ោងរដ្ឋអាចមានសិស្ស តែអាម៉ោងរៀនគួរនេះ មុខជាបាត់ហោចណាស់ក៏ ៧០% ដែរ។ ឯអ្នកមានគូរវិញ គេឆ្លៀតអាពេលហ្នឹងហើយលួចណាត់គ្នាមើលកុន ឬដើរលេងអីនោះ។ សមនឹងថ្ងៃនេះរោងកុនខ្លះ មានប្រូម៉ូសិនសល់តែ ១ដុល្លារផង! រឿងអីដែលគេមិនទៅនោះ!

សិស្សតិចពេក សូម្បីលោកគ្រូ/អ្នកគ្រូ ក៏គ្មានអារម្មណ៍បង្រៀនដែរ។ គាត់ក៏ចែកក្រដាសមេរៀនឱ្យគ្រប់គ្នាយកទៅមើលដោយខ្លួនឯង ហើយអនុញ្ញាតឱ្យទៅផ្ទះតែម្តងទៅ។

« លីនី! ទំនេរអ៊ីចឹង ទៅដើរលេងហុី? » ពិសី មិត្តរួមថ្នាក់ខ្ញុំ បបួល
« ទៅណា៎? » ខ្ញុំសួរ
« ចេះតែជិះមើលគេឯងទៅ » ពិសីឆ្លើយ
ដោយសារអផ្សុក និងទំនេរមិនដឹងធ្វើអីដែរ ខ្ញុំក៏យល់ព្រមនឹងនាងទៅ។
ពួកយើងក៏ទាក់ទងទៅប្រាប់ដំណឹងអ្នកផ្ទះជាមុន ខ្លាចថាគាត់ប្រទះឃើញចៃដន្យអី មានការយល់ច្រឡំ ហិហិហិ!

——-
ម៉ោង ២រសៀល

ទោះបីជាពេលនេះជាពេលថ្ងៃក៏ដោយ តែអាកាសធាតុនៅតែត្រជាក់ ថា្នក់ខ្ញុំពាក់អាវដៃវែងទាំងក្នុង និងក្រៅហើយ នៅតែត្រជាក់បាន។ ពិសី ក៏រងាមិនចាញ់ខ្ញុំដែរ តែទ្រាំកាន់ចង្កូតម៉ូតូកាត់ប៉ុន្មានច្រកផ្លូវទម្រាំដល់ផ្សារទំនើប Aeon II ។ ពេលចូលចតម៉ូតូរួច លីនី ក៏លើកដៃចង្អុលទៅកន្លែងលេងព្រិលទឹកកក ដែលនៅខាងជើង Aeon II នោះ និងនិយាយឡើង៖

« លីនី! យើងចូលលេង ice and snow អ្ហី? »
ខ្ញុំគ្រវីក្បាលតតាត់មិនយល់ព្រម។ ស្អី! មនុស្សកំពុងចាញ់រងាផង មកបបួលលេងព្រិល! Sorry អ្ហើយប៊ី!
ពិសីក៏សើចស្រស់បន្តិច ព្រោះអស់សំណើចនឹងកាយវិការខ្ញុំ។ បន្ទាប់មកពួកយើងក៏ដើរសំដៅផ្សារទំនើបតែម្តង។

ទិដ្ឋភាពខាងក្នុងមានរៀបចំយ៉ាងស្រស់ស្អាត តែថាមេឃត្រជាក់ស្រាប់ មកបើកម៉ាសុីនត្រជាក់មិនសំចៃដៃទៀត ខ្ញុំឯណេះដូចចង់ប្តូរចិត្តទៅវិញ។ តែក៏ត្រូវទាក់ទាញដោយទំនិញបញ្ចុះតម្លៃជាច្រើនមុខដែរ។ ពួកយើងក៏ដើរមើល ទំនិញបញ្ចុះតម្លៃលេងៗ ទាំងគ្មានលុយទិញ។

ហាសហាសហា!! ត្រឹមសិស្សរៀនទី១២ហ្នឹង មានលុយឯណាទិញទំនិញថ្លៃៗលើស ២០-៣០ដុល្លារ អីនោះ!​ ត្រឹម ១០ដុល្លារជាងអីអាច!!!! ព្រោះមានលុយសន្សំខ្លះដែរ។ តែខ្ញុំក៏មិនភ្លេចទាញទូរសព្ទដៃផ្តិតរូបភាពទំនិញបញ្ចុះតម្លៃ អស់នោះដែរ ព្រោះបើទោះឥឡូវនេះគ្មានលុយទិញ តែដល់ផ្ទះវិញអាចប្រាប់ម៉ាក់ឱ្យទិញបាននោះអី។

« ស្រលាញ់មែន៎? »
ឱនមើលទំនិញសុខៗ ស្រាប់តែសំឡេងមនុស្សប្រុសប្លែកមិនធ្លាប់ឮស្តីសួរឡើងក្បែរត្រចៀក។ ខ្ញុំរហ័សវែកសក់ សៀតគៀនត្រចៀក សម្លឹងមើលម្ចាស់សំណួរទើបដឹងថាអ្នកជិតខាងពីមុន។ គេមានអាយុបងខ្ញុំ តែខ្ញុំមិនដែលហៅគេបងសោះឡើយ។

« ភារក្ស! ចៃដន្យម៉េស »

ប្រុសរក្ស ញញឹមស្ញេញបន្តិច រួចឆ្លើយតំណាលនឹងដៃចង្អុលម្នាក់ដែលឈរក្បែរ « មកជាមួយមិត្តភក្តិ » ។ ម្នាក់ឈរក្បែរក៏លើកដៃដាក់ខ្ញុំនិងមិត្តខ្ញុំដែលឈរជិតគ្នាដែរ ទន្ទឹមនឹងនិយាយថា « Hi! » ។

ស្វាគមន៍គ្នាបានបន្តិច មិនដឹងនឹកឃើញស្អី!​ ខ្ញុំក៏សួរនាំពួកគេលេងដោយបបួលទៅមើលកុនជុំគ្នាបែបគួរសម។ តែចំមែន!!! អ្នកខាងនេះបបួលលេងសោះ អ្នកខាងនោះ បែរជាយល់ព្រមមែន។ គ្មានដឹងថាគេបបួលលេងឬមែនអីទេ! ធ្វើឱ្យខ្ញុំគាំងនឹងចម្លើយព្រមគេមួយខណៈ ស្របពេលដែលពិសីលួចសើចនឹងខ្ញុំជាថ្មី។

ចង់មិនចង់ ខ្ញុំក៏ទៅមើលកុនជុំគ្នាតែម្តង…

ពួកយើងអង្គុយជួរជាមួយគ្នា មានមិត្តភារក្ស និងពិសី អង្គុយសងខាងខ្ញុំនិងភារក្ស។
ដូចដែលដឹងស្រាប់ហើយ ក្នុងរោងភាពយន្តវាកាន់តែត្រជាក់ជាងខាងក្រៅទៅទៀត។ សុខៗភារក្សក៏ដោះអាវក្រៅគេចេញ ហុចឱ្យខ្ញុំ និងនិយាយឡើង៖
« ពាក់ទៅ!​ ខ្ញុំមិនរងាទេ។ »
តែខ្ញុំប្រកែក ហើយគេក៏បន្ត៖
« ពាក់ទៅ! អាណិតខ្ញុំដែលអង្គុយជិត ពិបាកភ្នែកណាស់! ឃើញអ្នកខ្លះនៅមិនសុខ »
និយាយចប់ គេទាញដៃខ្ញុំទៅកាន់អាវហ្មង។ ខ្ញុំភាំងស្មារតីមួយសន្ទុះ រួចក៏ភ្ញាក់មកវិញ ដោយសារសំឡេងខាងឆ្វេងត្រចៀក “ ហេតុតែគេ ” ។ ពិសីស្រដីឡើង ធ្វើឱ្យខ្ញុំរឹតតែអៀនយ៉ាងម៉េចមិនដឹង។ ស្អីនេះ! Crush កំពុងគេមែន៎?

បានអាវហើយ ខ្ញុំក៏លើកគ្របខ្លួន តំណាលនឹងអារម្មណ៍ហោះហើរជាមួយនឹងក្លិនទឹកអប់ជាប់លើអាវ ដូចត្រូវគេសណ្តំ។ ឯ.កផ្តើមរឹង មិនហ៊ានសូម្បីរេសម្លឹងមុខមនុស្សប្រុសដែលនៅកៀកបង្កើយនេះ។ ទម្រាំរឿងចប់ អារម្មណ៍ខ្ញុំដូចចម្លែកខុសសព្វដង តែមិនដឹងគួរពន្យល់ន័យថាម៉េច…

ក្រោយមើលរឿងចប់ ពួកយើងមិនទាន់ទៅផ្ទះវិញទេ ក៏នាំគ្នាបន្តទៅញុាំអាហារល្ងាចក្នុងផ្សារនេះតែម្តង។ ម្តងនេះ ពិសី ជាអ្នកបានសម្តីម្តង។ មិត្តខ្ញុំជជែកលេងជាមួយពួកគេទាំងអត់ឈប់មាត់សោះ។ ឯខ្ញុំរៀងបានសម្តីដែរ បែរជាអង្គុយសុភាពរាបសារ មិនហ៊ានស្តីទៅវិញ។ អាម៉េចទេ!

« លីនី ម៉េចស្ងាត់ជ្រៀបអ៊ីចឹង? » ភារក្សសួរ
« មិនដឹងនិយាយអីផង » ខ្ញុំរហ័សឆ្លើយ
« អៀនពួកខ្ញុំមែន៎? » មិត្តភក្តិសួរ
យី! អាបុិនេះនាំរឿងណាស់! មិនចេះយល់អារម្មណ៍មនុស្សស្រីសោះ។
ខ្ញុំញញឹមបន្តិចមុននឹងឆ្លើយ៖
« ធម្មតា ខ្ញុំតែប៉ុណ្ណឹងឯង »
« អត់សូវចេះនិយាយស្តីអ៊ីចឹង! ដឹងតែអត់សង្សារហើយ » មិត្តភារក្សបន្ត
« គ្រូទាយមែន៎!! » ខ្ញុំឆ្លើយ
« មិត្តភក្តិខ្ញុំក៏អត់សង្សារដែរតើ!​ តែវាពូកែបង្រៀនមនុស្សឱ្យនិយាយ »
ចុម! អាបុិនេះតាប៉ែរម៉េស។ និយាយចំៗអ៊ីចឹង ដឹងគ្នាអៀនទេអី!។
ខ្ញុំគ្រាន់តែញញឹមអៀន រួចទាញទឹកក្រូចមកផឹកបន្លប់ មុននឹងមើលម៉ោង។

« ចុម!​ ល្ងាចណាស់ហើយ។ យើងល្មមទៅផ្ទះវិញហើយ ពិសី » ខ្ញុំងាកតឿនពិសី

គ្រប់គ្នាក៏ទាញទូរសព្ទមើលម៉ោងដូចគ្នាដែរ ពេលខ្ញុំបញ្ចប់សម្តី។ រួចយើងក៏ព្រមព្រៀងគ្នាគិតលុយ ដើម្បីឆាប់បានទៅផ្ទះ។ តែមុននឹងទៅផ្ទះ ភារក្សក៏ស្រាប់តែស្តីឡើងទល់មុខមិត្តយើងទាំងទ្វេតែម្តង៖
« លីនី ហ្វេសប៊ុកឈ្មោះអី!​ មិនងាយទេយើងជួបគ្នាចៃដន្យជាថ្មី។ អាចថាជានិស្ស័យ! អ៊ីចឹងគួរបន្តនិស្ស័យនេះទៀត ដើម្បីកុំឱ្យមិនគប្បីនឹងទេវតាដែលរៀបចំ »

គ្រាន់តែគេស្តីឡើងមួយឃ្លានេះភ្លាម កំដៅក្នុងខ្លួនខ្ញុំមិនដឹងធ្លាយមកពីណា ឆួលច្រាលក្តៅពេញផ្ទៃមុខ។ តែខ្ញុំប្រឹងសម្រួលឥរិយាបទ មុននឹងទាញទូរសព្ទគេមកចុចបង្ហាញ។ ក្រោយមកពួកយើងក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន…

——-

យប់ឡើង

តឺង! សំឡេងសារបន្លឺឡើង ជាភារក្ស
ច្បាស់ណាស់!​ អារម្មណ៍ខ្ញុំ ហាក់ត្រេកអរខុសធម្មតានឹងសារសួស្តីរបស់គេ។ មិនឱ្យគេចាំយូរខ្ញុំក៏ចាប់ផ្តើមឆ្លងឆ្លើយជាមួយគេ ឥតឈប់ រហូតដល់ពាក់កណ្តាលយប់។ ជជែកពីនេះពីនោះ ប្រធានបទមួយហើយ ចូលប្រធានបទមួយទៀត តាំងពីរឿងស្នេហា និងផ្លូវបេះដូងអីជាដើម រហូតដល់ភារក្ស ផ្តើមប្រាប់ភាសាបេះដូងរបស់គេមកកាន់ខ្ញុំ៖
« យើងសាកល្បងមើលចិត្តគ្នា បានទេ? »

មួយឃ្លានេះ ធ្វើឱ្យខ្ញុំរកពាក្យអ្វីឆ្លើយតបមិនឡើយ។ តែក៏ទទួលដឹងថា រំភើប។ ឯសតិ ក៏ដាស់តឿនបេះដូងថា “កុំ” ព្រោះវាលឿនពេកហើយ។ ខ្ញុំនៅស្ងៀមមិនតបឆ្លើយ តែគេក៏បន្តឃ្លា៖
« ខ្ញុំដឹងថាវាដូចជាលឿនហួសហេតុពេក! តែខ្ញុំមិនបានបង្ខំធ្វើជាសង្សារនឹងគ្នាទេ។ សុំត្រឹមមើលចិត្តមួយរយៈសិន សឹមសម្រេចចិត្តរៀងខ្លួនណា៎។ ព្រោះខ្ញុំក៏ចង់ប្រាកដប្រជាជាងនេះដែរ។»

ខ្ញុំនៅតែ seen មិនទាន់តបឆ្លើយ ភារក្សផ្ញើសារមកថែមទៀត៖
« ពួកយើងមិនមែនទើបតែស្គាល់គ្នាទេ។ អ៊ីចឹងសំណើរនេះ ខ្ញុំក៏មិនយល់ថាវាលឿនពេកដែរ។ តែខ្ញុំក៏មិនចង់ចាំយូរ ខ្លាចថាមានអ្នកហ៊ានលួងលោមចិត្តលីនី ឆក់ឱកាសពីខ្ញុំបាត់។ »

ខ្ញុំនៅតែ seen មិនតប ព្រោះឃើញថាគេបែបនៅមិនទាន់អស់ពាក្យ ព្រោះអក្សរ Typing… នៅលោតជាសញ្ញានៅឡើយ។ សារបន្ទាប់ក៏លោតមកជាថ្មី តឺង!

« មិនដឹងហេតុអី គ្រាន់តែជួបលីនីភ្លាម បេះដូងខ្ញុំលោតញាប់មិនឈប់។ ហាក់ដូចជាសញ្ញាប្រាប់ថា ខ្ញុំកំពុងមានអារម្មណ៍ល្អលើលីនីហើយ តែខ្ញុំមិនទាន់និយាយថាស្រលាញ់ទេ។ ព្រោះខ្ញុំក៏មិនមែនជាប្រភេទមនុស្សប្រុស ដែលឃើញភ្លាមស្រលាញ់ភ្លែត ហើយក៏ឈប់ភ្លាមដែរ។ ខ្ញុំចង់ឱ្យទំនាក់ទំនងយើងច្បាស់លាស់។ ចង់មានពេលសិក្សាស្វែងយល់ចិត្តគ្នា។ ម៉្យាងចង់បានឱកាសពីលីនី រៀនស្គាល់ពីខ្ញុំផង… បានទេ? ខ្ញុំគ្រាន់តែសុំឱកាសមើលចិត្តគ្នាប៉ុណ្ណោះ! »

សារដ៏វែងអន្លាយរបស់គេ..ពិតណាស់! អារម្មណ៍ខ្ញុំរំភើបទទួលយកបាត់ទៅហើយ។

ទាញទៅមើលថាខ្ញុំព្រមអត់?
of course, Why not? 😁

1 Comment

  • Mork Chenda Posted March 6, 2024 12:03 pm

    ល្អអាន ណាស់អ្នកគ្រូ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*