គិតមកដល់ពេលនេះ ការប្រកាសជ្រើសរើសស្នាដៃ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ក្រោមប្រធានបទ «ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្កមខ្មែរ» គឺមានរយៈពេលជាង ៥ខែមកហើយ ដែលគណៈកម្មការរៀបចំ បានផ្តល់ឱកាសដល់អ្នកនិពន្ធ ក៏ដូចជាសាធារណជនទាំងអស់ បានចូលរួមបង្ហាញស្នាដៃរបស់ខ្លួន។
បើតាមការប្រកាសនៅលើហ្វេសប៊ុកផេក មហោស្រពអក្សរសិល្ប៍ខ្មែរ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បញ្ជាក់ថា ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ក្រោមប្រធានបទ «ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្កមខ្មែរ» នឹងត្រូវបិទទទួលស្នាដៃរបស់អ្នកចូលរួម នៅថ្ងៃទី ៣០ មេសា ខាងមុខនេះ វេលាម៉ោង ៥ល្ងាចជាកំហិត។
គួររំលឹកដែរថា តាមរយៈការប្រកាសជ្រើសរើសស្នាដៃតែងនិពន្ធ លើកទី៧ ក្រោមប្រធានបទនេះដែរ អ្នកនិពន្ធ ឬសាធារណជន អាចចូលរួមដាក់ស្នាដៃបាន ដោយតម្រូវឱ្យធ្វើតាមលក្ខខណ្ឌចូលរួម ៤ ខាងក្រោមនេះ៖
១. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន។
២. ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer Os Siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០-១៥ទំព័រ។ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥-១០ទំព័រ (មានគំរូជូន) សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ។
៣. ត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)។
៤. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអុីម៉ែលឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំ ធ្វើការទាក់ទង៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ