ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងបើកទទួលស្នាដៃតែងនិពន្ធ ដែលជាឱកាសសម្រាប់សាធារណជនទូទៅ មិនចំពោះតែអ្នកនិពន្ធអាជីពឡើយ ដោយអាចចូលរួមដាក់ស្នាដៃរបស់ខ្លួន ក្នុងគោលបំណង ថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង។
មិនខុសពីឆ្នាំកន្លង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំនេះ គឺលើផ្នែកប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ប្រធានបទសេរី ចាប់ពី ១៥-៣០ ទំព័រ A4 និងគ្រាន់តែគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
១. ស្នាដៃចូលរួម ត្រូវតែមានលក្ខណវិនិច្ឆ័យ
– អត្ថន័យ : សច្ចធម៌ សីលធម៌ និង គុណធម៌
– អត្ថរូប : វិធីតែង រចនាបថ សិល្ប៍សោភ័ណ
– អត្ថរស : ការអប់រំ ការអភិវឌ្ឍន និងការរក្សាតម្លៃអត្ថសញ្ញាណ
២. ចំពោះបេក្ខជនម្នាក់អាចដាក់បាន ២ស្នាដៃប៉ុណ្ណោះ ពោល គឺតម្រូវឱ្យមួយ ជាប្រលោមលោកខ្នាតខ្លី និងមួយ ជាកំណាព្យរឿង។ ឯការទទួលស្នាដៃ គឺបន្តរហូតដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ខាងមុខ វេលាម៉ោង ៥ជាកំហិត។

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការដាក់ស្នាដៃ អាចទំនាក់ទំនងជាមួយ នាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬលេខទូរសព្ទ ០១២ ៨០១ ១២២ / ០៧៨ ៦៦៨ ៩៧៧ / ០១១ ៨៥០ ០៩៤ ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ