ស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានប្រកាសថា សមិទ្ធិករភាពយន្ត សាន ដាណិច ត្រូវបានមហោស្រពភាពយន្តទីក្រុងកាន ជ្រើសរើសឱ្យទៅបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន នាទីក្រុងប៉ារីស ជាមួយនឹងសមិទ្ធិករភាពយន្តអន្តរជាតិ ៥រូបផ្សេងទៀត។
ប្រភពដដែលបញ្ជាក់ថា ដោយមានការគាំទ្រពីក្រុមបារាំង កញ្ញា សាន ដាណិច នឹងទៅ និងស្នាក់នៅទីក្រុងប៉ារីស រហូតដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់ខ្លួន ដែលមានចំណងជើងថា « To Leave, To Stay » ដោយទទួលបានការជួយជ្រោមជ្រែង ទាក់ទងនឹងសាច់រឿង។ ក្នុងដំណើរទៅកាន់ទីក្រុងប៉ារីសអំឡុងនេះ កញ្ញា ដាណិច ក៏នឹងជួបជាមួយសមិទ្ធិករនានា ក៏ដូចជាអ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត រួមនិងតំណាងស្ថាប័នភាពយន្តផងដែរ។
គួររំលេចបន្តិចថា កញ្ញា សាន ដាណិច ជាអ្នកខេត្តបាត់ដំបង សិក្សាជំនាញ Interior Design និងបានចូលបំពេញការងារក្នុងវិស័យនេះ ចាប់តាំងឆ្នាំ២០១៥ មក ក្នុងនាមជាសមិទ្ធិករភាពយន្ត និងអ្នកដឹកនាំភាពយន្តខ្នាតខ្លី។ កាលពីចុងឆ្នាំ២០១៨ តាមរយៈការចាប់ផ្តើមផលិតភាពយន្តខ្នាតខ្លីដំបូង រឿង «មួយលានឆ្នាំ» សមិទ្ធិកររូបនេះ ទទួលបានពានរង្វាន់ភាពយន្តខ្លីល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ពីមហោស្រពភាពយន្ត Singapore International Film Festival (SGIFF) លើកទី ២៩ នៅប្រទេសសិង្ហបុរី និងត្រូវបានចាំងបញ្ចាំងនៅប្រទេសជាង ២០ ឯណោះ។ បន្ទាប់ពីស្នាដៃទី១ កញ្ញា សាន ដាណិច ក៏ជោគជ័យលើស្នាដៃ ភាពយន្តខ្នាតខ្លីផ្សេងទៀត រឿង «ថ្ងៃរះក្នុងចិត្ត» ក្នុងឆ្នាំ២០២០ និងមានស្នាដៃភាពយន្តឯកសារខ្នាតខ្លី មួយផងដែរ គឺរឿង «ឧទ្យានសមុទ្រ» ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ