មិនយូរទេ! យើងគ្រប់គ្នាក៏ដើរមកដល់ចំណុចមួយ ដូចដែលអ្នកធ្លាប់ឆ្លងកាត់បទពិសោធនោះតែងដាស់តឿន។ ហើយមកដល់ចំណុចនេះ យើងក៏ក្រឡេកឃើញកំហុស និងភាពឆោទល្ងង់កន្លងទៅ ដែលវាក៏បានក្លាយទៅជាបទពិសោធរបស់យើងទៅហើយ ឬអាចកំពុងបន្តចែករំលែកទៅកាន់អ្នកដទៃដូចគ្នា… (គេថា មិត្តល្អយ៉ាងណា បងប្អូនល្អយ៉ាងណា ក៏គួរកុំរកសុីចូលគ្នាអី!)
វគ្គ វិនិយោគគម្រោងអ្នកដទៃ ផ្ទុយនឹងបំណងខ្លួនឯង
ចូលដល់វ័យ ២៨ឆ្នាំ ខ្ញុំកាន់តែយល់ថា ខ្លួនឯងអន់ណាស់! ប្រលូកការងារប៉ុន្មានឆ្នាំហើយ តែដូចមិនសល់អ្វីជាដុំកំភួន មានត្រឹមរថយន្តមួយគ្រឿងជាប់រំលស់នៅឡើយ នៅដីឡូតិ៍មួយកន្លែងក្បែរភ្នំបាសិដ្ឋប៉ុណ្ណោះ។ ទោះប្រាក់ខែច្រើន តែចំណាយក៏ច្រើន ណាជាកូនស្រីទោលក្នុងគ្រួសារដែលមានឪពុកម្តាយវ័យចាស់ណាស់ហើយ និងចូលពេទ្យជាញឹកញាប់បែបនេះទៀត ខ្ញុំក៏សម្រេចចិត្តប្រថុយចូលហ៊ុនគ្នារកសុីនឹងមិត្ត…
« នភា! ឯងសង្ឃឹមថា នភាឯងព្រមចូលរួមនឹងគម្រោងនេះ។ ព្រោះបើគ្មាន នភាឯងទេ ឯងក៏មិនដឹងដំណើរការរបៀបម៉េចដែរ ដោយសារក្នុងចំណោមពួកយើង មានតែនភា ដឹងច្រើន និងស្គាល់មនុស្សច្រើន…»
ធារិទ្ធ ស្នើខ្ញុំ ចូលរួមគម្រោងបើកហាងកាហ្វេ ដែលខ្ញុំមិនធ្លាប់នឹកគិតទាល់តែសោះលើជំនួយនេះ។ ព្រោះធាតុពិត ខ្ញុំជាមនុស្សចូលចិត្តកិច្ចការណាដែលនៅមុខកុំព្យូទ័រ ប្រើតែខួរក្បាល ជាជាងការងារដែលត្រូវជួបមនុស្សផង គ្រប់គ្រងផង។ តែក្នុងចំណោមមនុស្សដែលសម្រេចដែលផ្តើមគំនិតរកសុីនេះ សុទ្ធតែជាមិត្តស្និតស្នាល រាប់គ្នាបីដូចបងប្អូន ហើយម្នាក់ក្នុងចំណោមនោះ ក៏មានបុរសម្នាក់ ដែលខ្ញុំតែងតាំងចិត្តថានឹងជួយឱ្យជីវិតគេប្រសើរ ទោះខ្ញុំមានចិត្តលើគេតែម្ខាងក៏ដោយ។
« អូខេ! អ៊ីចឹងមុននឹងចាប់ផ្តើម ខ្ញុំចង់ឱ្យគ្នាយើងទៅឆ្លៀតពេលទំនេរ ទៅអង្គុយលេងនៅទីតាំងដែលត្រៀមបើកនោះសិន ដើម្បីដឹងថា ម្តុំហ្នឹង មានសក្តានុពលសម្រាប់មុខរបរហ្នឹងឬអត់ យ៉ាងម៉េចដែរ? » ខ្ញុំលើកយោបល់ឡើង
« ល្អតើ » « បងឯកភាព » « អូខេ!! » ម្ចាស់ភាគហ៊ុនទាំង៣ ងក់ក្បាលយល់ស្របនឹងគំនិតខ្ញុំ
ថ្វើបើខ្ញុំគិតឃើញជំហានដែលត្រូវដើរ តែក្នុងកាលៈទេសៈដ៏ប្រថុចញុចនេះ ពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្ងប់ទាល់តែសោះ ពិសេសបញ្ហាលុយបម្រុងសម្រាប់ហានិភ័យក្នុងគម្រោងវិនិយោគ និងចរិតធារិទ្ធតែម្តង! ក៏ព្រោះ ធារិទ្ធ ជាមនុស្សចូលចិត្តធ្វើអីតាមអារម្មណ៍ជាងគេក្នុងចំណោមពួកយើង។
នៅចំពោះមុខជាជំនួញ! ទោះមិនធំដុំ តែបើបោះជំហានមិនស្រួល ហានិភ័យដែលមើលមិនឃើញក៏អាចកើតមាន…
ខណៈពេលនេះ ខ្ញុំក៏មិនយល់ថា ចាំបាច់ដែរទេដែលចូលហ៊ុនគ្នារកសុីជាមួយមនុស្សស្និតដូចបងប្អូនបែបនេះ។ ម៉្យាងក៏ធ្លាប់មានបទពិសោធម្តងរួចទៅហើយ ក្នុងការរកសុីហ៊ុនគ្នានឹងមនុស្សរាប់អាន។ គិតសព្វៗ ខ្ញុំក៏លើកសំណើរទៅ ធារិទ្ធ និងអ្នកគ្រប់គ្នា៖
« សម្រាប់ជំនួញនេះ ខ្ញុំចង់ស្នើររឿងមួយប៉ុណ្ណោះ! ពេលណាដែលហាងកាហ្វេយើងដំណើរការល្អបន្តិចហើយ ខ្ញុំចង់លក់ភាគហ៊ុនខ្ញុំចេញ។ ព្រោះក្នុងពេលចាប់ផ្តើមនេះ យើងកំពុងត្រូវការទុនច្រើន តែពេលរឹងមុាំហើយ ខ្ញុំយល់ថា ដូចមិនចាំបាច់មានខ្ញុំទៀតទេ »
គ្រប់គ្នាសញ្ជឹងគិតមួយសន្ទុះ ហើយធារិទ្ធ ក៏និយាយ៖ « ស្រេចចិត្ត! តែបើពេលហ្នុងដូរចិត្តវិញ ក៏ពួកឯងអូខេដែរ »
ឯកភាពគ្នាហើយ ពួកយើងក៏ស្រុះស្រួលគ្នាធ្វើតាមគម្រោង…
សប្តាហ៍ទី១
ធ្វើការឱ្យគេផង មកចាយគំនិតនឹងរបររកសុីផង វាពិតជារឿងហត់នឿយសម្រាប់ពួកយើងម្នាក់ៗ។ ម៉្យាង ក្នុងចំណោមពួកយើងទាំង ៤ សុទ្ធតែជាកាន់តំណែងខ្ពស់ក្នុងក្រុមហ៊ុនដែលពួកយើងបម្រើការ។ បើនិយាយពេលវេលា ដែលចំណាយលើ project ក្រុមហ៊ុន និងដឹកនាំបុគ្គលិកថ្នាក់ក្រោម វាហត់ណាស់ទៅហើយ សឹងគ្មានពេលសម្រាកសៅរ៍-អាទិត្យផង ហើយពេលនេះត្រូវមករវល់នឹងជំនួញថែមទៀត ដូច្នេះ ធារិទ្ធ ក៏សុំណាត់ជួបខ្ញុំតែ ២នាក់ ពិភាក្សាគ្នាជាថ្មី ដើម្បីរកអ្នកណាម្នាក់ឱ្យនៅជាជំហរ។
« ក្រៅពី នភា ឯងពិតជាមិនដឹងថា ក្នុងចំណោមពួកយើងម្នាក់ណាអាចគ្រប់គ្រងហាងយើងបានទេ! បើនិយាយពី ចែជីង មនុស្សធ្លាប់តែស្រណុក មិនដឹងទៅកាន់ការហាងម៉េចទេ។ បើអាដេតវិញ រឹតតែចប់! ដូចនភាឯងដឹងហើយថា មនុស្សវា គ្មានចេះស្អីទេ »
« នែ! ក៏ដឹងហើយ ថាឯងកំពុងជាប់រំលស់ឡាន ឯងមិនហ៊ានប្រថុយលាឈប់ទេ ម៉្យាងក៏អត់មានបំណងនៅរកសុី ជុំគ្នាយើង យូរអង្វែងអីដែរ »
« ហុឺម! ឯងស្ត្រេសណាស់នៀក! បើឱ្យអាដេត ឯងពិតជាមិនទុកចិត្តសោះ។ ហើយបើរក manager មកកាន់ការ ក៏មិនដឹងរកអ្នកណាអាចទុកចិត្តបាន »
ដោយសារតំណែង និងប្រាក់ខែក្រែលៗរៀងខ្លួន ម្នាក់ៗហាក់មិនហ៊ានប្រថុយលាឈប់ឡើយ ធារិទ្ធ ទទូចឱ្យខ្ញុំជួយគិត។
« ឯងថា ឱ្យវ៉ាន់ដេតទៅ! ក្នុងចំណោមពួកយើង វ៉ាន់ដេត ក្នុងរឿងការងារ អាចថារៀងអន់ជាងគេ តែជាក់ស្តែង វ៉ាន់ដេត មានបទពិសោធធ្វើការងារច្រើន ពិសេសការងារក្នុងហាងហ្នឹងហ្មង »
ទោះខ្ញុំផ្តល់យោបល់យ៉ាងក៏ ធារិទ្ធ មិនឯកភាពដែរ៖
« អើយ! បើឱ្យវាកាន់ ឯងសុខចិត្តឱ្យប្រពន្ធលាឈប់ ទៅកាន់ការហាងយើងវិញ »
ទោះខ្ញុំមិនយល់ស្របនឹងយោបល់របស់ ធារិទ្ធ តែសតិខ្ញុំដាស់តឿនថា “ រឿងខ្លះ យើងក៏គួរឯកភាពនឹងការសម្រេចចិត្ត របស់ដៃគូររកសុីដែរ ព្រោះនេះជាជំនួញរួម មិនមែនរបស់យើងផ្តាច់មុខ ” ។
« ក៏ល្អម៉្យាង! តែថា មើលហាងហត់ណាស់។ ត្រូវគ្រប់គ្រងបុគ្គលិកផង និងត្រូវធ្វើដោយខ្លួនឯងផង ហើយងើបពីព្រលឹមទៀត ចាន់ណា អាចទៅរួចទេ? »
ធារិទ្ធ រហ័សឆ្លើយ៖
« មិនអីទេ! ឯងសួរប្រពន្ធឯងរួចហើយ។ ណាមួយប្រាក់ខែប្រពន្ធឯង ក៏មិនជាច្រើនដែរ ត្រឹម ៤០០-៥០០ ដុល្លារ វាមិនអស្ចារ្យជាង business យើងទេ »
ក្រោយធារិទ្ធសម្រេចបែបនេះ ខ្ញុំក៏លែងមានការជំទាស់អ្វីទៀត ហើយយើងក៏ឯកភាពគ្នាផ្តល់ដំណឹងនេះដល់ម្ចាស់ភាគហ៊ុន ២នាក់ទៀត ដោយខ្ញុំជាអ្នកប្រាប់អ្នកទាំងពីរដោយផ្ទាល់។
« បង! អត់ជំទាស់ទេ។ ព្រោះក្នុងចំណោម ៤នាក់យើង អូនឯងល្អិតល្អន់ជាងគេ។ ហើយបើ ធារិទ្ធវិញ រៀងក្មេងគំនិតជាងគេបន្តិច »
កាលដែលចែជីង និយាយបែបនេះ ក៏ព្រោះតែក្នុងចំណោមពួកយើង គាត់ទុកចិត្តលើការគិតខ្ញុំជាងគេ។ ដោយឡែក វ៉ាន់ដេតវិញ! ស្គាល់គ្នា ៥ឆ្នាំមកនេះ គេតែងតែធ្វើតាមផ្លូវដែលរៀបចំសម្រាប់គេស្រាប់ទៅហើយ លើកលែងតែរឿងមនោសញ្ចេតនា…
សប្តាហ៍ទី២
ព្រោះតែទីតាំងដែលយើងត្រៀមនឹងបើកនេះ ជាផ្ទះរបស់សាច់ញាតិ ធារិទ្ធ ម៉្យាងពីមុនផ្ទះនេះ ក៏បើកហាងកាហ្វេស្រាប់ផង ដូច្នេះយើង ក៏មិនពិបាករៀបចំអីច្រើនដែរ គឺគ្រាន់តែរុះឡៅតឿដែលម្ចាស់មុន តធ្វើជាជាន់អង្គុយ ដើម្បីឱ្យរៀងស្រឡះ និងដេគ័រហាងឱ្យមើលទៅ ជា concept ជំនាន់មុន តែបែប classic ។ តែក្នុងដំណាក់កាលដេគ័រ ក៏មានការជំទាស់គ្នា បន្តិចដែរ រវាងធារិទ្ធ ព្រោះចែជីង និងខ្ញុំ យល់ថា វាហាក់មិនចាំបាច់ទាល់តែសោះ។ ម៉្យាងថវិកាមានកំណត់ បើចំណាយលើដេគ័រច្រើនពេក អាចអស់លុយបម្រុងសម្រាប់ហានិភ័យក្នុងជំនួញដែលមើលមិនឃើញ។ តែទោះជាបែបនេះក្តី ទីបំផុត ពួកយើងក៏នៅតែស្របគំនិត ធារិទ្ធ ដដែល ព្រោះមិនចង់មានជម្លោះនឹងគ្នា។
២សប្តាហ៍ហើយ ដំណើរការជួលជុលហាងចេះតែទៅមុខ ឯបុគ្គលិក យើងក៏មិនទាន់រកបាននៅឡើយ។ ម្នាក់ៗគិតថា មានតែរកសាច់ញាតិណាដែលអាចទុកចិត្ត និងផ្តល់ប្រាក់ខែសមល្មម ក្នុងដំណាក់កាលដំបូងសិន។ តែផ្លាស់ប្តូរយោលបល់ចុះឡើងៗ ធារិទ្ធ ក៏សម្រេចថា មានតែយកឈ្នួលដែលរស់នៅជាមួយម្តាយគេមកធ្វើការសិន ដោយឱ្យប្រាក់ខែម្នាក់ ២៣០ដុល្លារ/ខែ តែស្នាក់នៅផ្ទះគេដូចដើម និងហូបចុកពេលព្រឹក និងថ្ងៃនៅហាង។
យោបល់នេះ ថ្វីបើម្ចាស់ភាគហ៊ុនគ្រប់គ្នាមិនសូវជាពេញចិត្ត តែក៏ណ្ហើយចុះ ម៉្យាងប្រពន្ធគេ ក៏ជាអ្នកគ្រប់គ្រងហាងផ្ទាល់ ដូច្នេះម្នាក់ៗហាក់មិនចង់ជំទាស់ច្រើនឡើយ…។
មិនយូរប៉ុន្មាន ធារិទ្ធ ក៏ដាក់សំណើរជាថ្មី រើសអ្នកឆុងកាហ្វេដែលជាប្អូនប្រុសមិត្តរួមការងារនឹងគេស្រាប់៖
« សំណាង មានបទពិសោធស្រាប់ ធ្លាប់ធ្វើការនៅ Brown Coffee អ៊ីចឹង! ខ្ញុំគិតថា មានម្នាក់ទៀតទៅល្អ ដើម្បីសម្រាលបន្ទុកប្រពន្ធខ្ញុំផង ក្រែងថ្ងៃណាឈឺ មិនបានមក »
ពួកយើងឯកភាព តែពេលនិយាយដល់តម្លៃឈ្នួល ធារិទ្ធ រៀងទាមទារខ្ពស់សម្រាប់អ្នកឆុងកាហ្វេនេះ ខ្ញុំក៏ប្រតិកម្មភ្លាម។ ព្រោះយល់ថា ទុនស្តួចស្តើង បើរកសុីរបៀបធ្វើសប្បុរសបែបនេះ តើរកសុីធ្វើអី!
« ខ្ញុំអត់ឯកភាពនឹងប្រាក់ខែនេះទេ! ព្រោះជាក់ស្តែង យើងក៏មិនច្បាស់ថា ហាងយើងមានមនុស្សច្រើនឬអត់! ហើយបើតាមការសង្កេតមួយរយៈនេះ យើងក៏មើលឃើញថា ទីនេះ អ៊ូអរតែពេលព្រឹកនិងថ្ងៃទេ ល្ងាចក៏គ្មានមនុស្សដែរ ព្រោះជាតំបន់អគារក្រុមហ៊ុន»
ធារិទ្ធ ក៏ស្ងាត់ ហើយសម្តែងការដឹងខុសចំពោះពួកយើង
« សុំទោស! ខ្ញុំដូចជាអត្តនោម័តច្រើនដងហើយ តែមកពីខ្ញុំបារម្ភថាដល់ថ្ងៃបើកហាង គ្មានមនុស្សធ្វើការ »
ថ្វីបើបញ្ហាបុគ្គលិក ត្រូវបានដោះស្រាយរួចរាល់ ប៉ុន្តែសម្ភារៈចាំបាច់មួយចំនួនដែលត្រូវដំឡើងក្នុងហាង ដូចជាកាមេរ៉ា សុវត្ថិភាព តុ កៅអី counter គឺមិនទាន់បានសម្រេចនៅឡើយ ក៏ព្រោះតែការពិភាក្សាមិនអាចត្រូវរូវគ្នាទាល់តែសោះ។ ម្នាក់ណែនាំហាងផ្គត់ផ្គត់ពីមិត្តភក្តិអ្នកនេះ ឬសាច់ញាតិអ្នកនោះ តែតម្លៃវិញហួសថ្លែងណាស់។ សម្រាប់ខ្ញុំ ហាក់រអារនឹង ពាក្យថាគ្នាឯងស្រាប់ផង និងជាអ្នកទទួលបន្ទុកកាន់លុយផង ក៏សម្រេចថា សុំចិត្តអ្នកទាំងអស់គ្នា ដើរជ្រេតម្លៃគ្រប់កន្លែង ទោះបីពេលវេលា ប្រថុចញុចខ្លាំងក៏ដោយ។
« រិទ្ធ អ្ហា!!! រឿងអស់ហ្នឹង កុំបារម្ភពេក ឱ្យតែលុយដល់ ដំឡើងមួយថ្ងៃ វារួចហើយ សំខាន់សល់ពេល ១ខែជាងទៀតដែរ ឯងចង់ដើរជ្រេតម្លៃទំនិញសិន » និយាយបណ្តើរ ខ្ញុំលើកដៃទះស្មាមិត្ត មុនបន្ត « ទុកចិត្តលើឯងទៅ កុំស្ត្រេសច្រើន »
ក្រោយសន្យានឹងគ្រប់គ្នាលើរឿងនេះ ខ្ញុំក៏ចំណាយពេលរាល់យប់ ស្វែងរកហាងផ្គត់ផ្គង់ធ្វើតុទូតាម Facebook ដើម្បីប្រៀបធៀបតម្លៃ និងយកពេលសម្រាកចុងសប្តាហ៍ ធ្វើដំណើរទៅកាន់ទីឆ្ងាយៗជាយក្រុងដើម្បីសាកសួររោងចក្រ ដំឡើងសម្ភារៈទាំងអស់នោះ។
កន្លងទៅជិត ២សប្តាហ៍ ខ្ញុំនៅតែមិនទាន់ហ៊ានសម្រេចចិត្តជ្រើសយកហាងផ្គត់ផ្គង់ណាទាំងអស់ ខណៈរោងចក្រធ្វើ ដែលមានតម្លៃថោក ក៏មិនទទួលការកុម្ម៉ង់ពីខ្ញុំ ព្រោះតែចំនួនតិច។ ហើយទីបំផុត! ខ្ញុំក៏សម្រេចចិត្តចាប់ផ្តើមពិភាក្សា ជាមួយក្រុមហ៊ុនឈ្មួញកណ្តាលដែលគេទទួលកុម្ម៉ង់ធ្វើសម្ភារៈផ្សេងៗសម្រាប់ហាងកាហ្វេ ឬក្រុមហ៊ុន ដែលមាន វ៉ាន់ដេត និង ចែជីង ទៅជាមួយ។
ហាក់ដូចជាទេវតាជួយ ក្រុមហ៊ុនទីមួយដែលពួកយើងទៅជួប ថ្វីបើជាក្រុមហ៊ុនថ្មីទើបដំណើរការបាន ២ខែ តែយល់ពីគ្រប់យ៉ាងដែលអ្នកចាប់ផ្តើមដូចយើងចង់បាន ដែលមានCEO កន្លែងនេះ ជាអ្នកប្រឹក្សាយោបល់ឱ្យយើងផ្ទាល់។
ក្រោយសេចក្តីសម្រេច ទាក់ទងនឹងទំហំ និងចរចាតម្លៃត្រូវរូវគ្នាអស់ហើយ ត្រឹម ១សប្តាហ៍ប៉ុណ្ណោះ សម្ភារៈគ្រប់យ៉ាង ក៏មកដល់ ហើយដោយសារតែអាចរកសម្ភារៈល្អប្រណិត ដែលមានតម្លៃទាបជាងទីផ្សារ ខ្ញុំក៏កាន់តែទទួលបានការទុកចិត្ត ឱ្យកាន់ការចាត់ចែងគ្រប់យ៉ាងក្នុងហាង ដែលមានន័យថា ការសម្រេចចិត្តធំលើខ្ញុំ។
ពីចំណុចនេះទៅ ភាពរកាំរកូសក្នុងក្រុមអ្នកជំនួញវ័យក្មេងនេះ ក៏ចាប់ផ្តើមកើតមានឡើ្ងងមកដែរ។ ពេលខ្លះ ខ្ញុំហាក់បង្ហាញឥទ្ធិពលថា ខ្ញុំឈរលើភាពត្រូវជានិច្ច។ ម៉្យាង ក៏តែងទទួលបានការគាំទ្រពីម្ចាស់ភាគហ៊ុនផ្សេងទៀតផង រាល់ការសម្រេចចិត្តនានា។ ឯធារិទ្ធ ដែលតែងសាងកំហុសមិនលស់នោះ ក៏ត្រូវបានភាគហ៊ុនទាំងពីរ ស្នើរសុំឱ្យធ្វើតួនាទី ត្រឹមជាអ្នករិះគិតមធ្យោបាយទាក់ទាញភ្ញៀវបានហើយ ក៏ព្រោះតែនេះ ជាអ្វីដែល ធារិទ្ធ មានជំនាញស្រាប់។
ជាក់ស្តែងទៅ ពួកយើងក៏មិនចង់ធ្វើបែបនេះដាក់ធារិទ្ធដែរ ប៉ុន្តែមនុស្សនេះ និងប្រពន្ធ កើតមកជាមួយនឹងភាពស្រណុក មិនធ្លាប់លំបាក និងតែងចាយលុយដូចសេដ្ឋី ហើយរឹតតែមិនដឹងពីតម្លៃទីផ្សារទៅទៀត ទើបយើងរាល់គ្នាស្នើរឱ្យគេ មិនបាច់រវល់នឹងរឿងរ៉ាវទាំងអស់នេះ តែនៅរក្សាការផ្តល់របាយការណ៍ជូនគ្នាជានិច្ច។
១ខែ បន្ទាប់
ក្រោយរុះរើ និងកែកុនហាងរួច ពួកយើង ក៏មកជជែកគ្នាជាថ្មី រឿងនិមន្តព្រះសង្ឃមកសូត្របោសព្រំ តែចែជីង ចង់ឱ្យធ្វើតាមបែបខ្មែរផង និងចិនផង ក៏ព្រោះតែគាត់មានសែស្រឡាយចិន ហើយជឿលើគ្រូហុងស៊ុយជាង របៀបខ្មែរ។ គ្រាន់តែចែជីងនិយាយពីតម្លៃ គ្រូហុងស៊ុយ ធារិទ្ធស្រែកចាច៖ « អីគេ! ៣៥០០ដុល្លារ?! »
យើងមិនជំទាស់រឿងហុងស៊ុយអីនេះទេ តែម្នាក់ៗយល់ថាបើអញ្ជើញគ្រូចិនសែមកទៀត ការចំណាយកាន់តែធំឡើងហើយ ដូច្នេះ ខ្ញុំក៏ផ្តើមលើកហេតុផលជាមួយចែជីង ខណៈគាត់នៅទាមទារចង់អញ្ជើញគ្រូចិនសែ ដោយចាយលុយគាត់ផ្ទាល់។
« បង! ខ្ញុំយល់បំណងបង ហើយខ្ញុំក៏ជឿរឿងអ៊ីចឹងដែរ តែថាទៅ! ផ្ទះនេះ មុនក្លាយជាហាង គឺស្ថិតក្រោមកម្មសិទ្ធសាច់ញាតិរបស់ ធារិទ្ធ ២ជំនាន់ទៅហើយ។ ពីដើមមក គឺមានជំនៀងផ្ទះ ឯខាងលើមានរានទេវតា ដែលមិនដែលដកចេញឡើយ អ៊ីចឹងខ្ញុំយល់ថា បើចង់សុំសេចក្តីសុខចម្រើនជួយបើកផ្លូវរកសុី យើងក៏គួរប្រណិបត្តិត្រឹម ម្ចាស់ផ្ទះនេះទៅ វាល្អពេកហើយ» ស្តាប់ហេតុផលខ្ញុំចប់ ចែជីង ក៏ងក់ក្បាលយល់ស្រប ហើយការពិភាក្សារបស់យើង ក៏បន្តទៅមុខទៀតដោយរលូន និងសន្មត់ថា អញ្ជើញព្រះសង្ឈសូត្រមន្ត្តប្រោសព្រំ ដោយកំណត់យកថ្ងៃសុក្រ ព្រោះទម្លាប់ ខ្មែរយើងជឿតា សុក្រ នាំសុខសិរីសួស្តី។
សល់តែជាង ១ សប្តាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលយើងប្រកាសចាប់ផ្តើមដំណើរការហាងកាហ្វេនេះហើយ តែគំនិតថ្មីមួយ ក៏ត្រូវបាន propose ឡើងដោយចែជីង ធ្វើឱ្យ ធារិទ្ធ ក្រេវក្រោធខ្លាំង និងផ្តើមតឹងសសៃកដាក់គ្នា៖
« បងគិតថា ដោយសារតំបន់នេះ ជាតំបន់អគារក្រុមហ៊ុន និងធនាគារស្រាប់! យើងគួរតែបន្ថែមអាហារថ្ងៃត្រង់ និងព្រឹក »
« ចេះតែមានហើយបង! គម្រោងបើកហាងកាហ្វេ មកថែមលក់បាយអី? »
ធារិទ្ធ ប្រើសំឡេងឮៗនឹងចែជីង ខណៈខ្ញុំនិង វ៉ាន់ដេត មិនទាន់ហ៊ាននិយាយអ្វី បណ្តោយឱ្យអ្នកទាំងពីរនិយាយគ្នាសិន។
ចែជីង ចាប់ផ្តើមម៉ូវដែរ ក៏តបបែបខុសសព្វមួយដង
« នេះគ្រាន់យោបល់បងទេ មិនបានបង្ខំថាត្រូវតែបើកឡើយ »
ចែជីង និង ធារិទ្ធ តឹងសសៃកដាក់គ្នាមួយសន្ទុះ ខ្ញុំក៏និយាយកាត់ « ឥឡូវ យើងយកយោបល់ចែជីង ទៅគិតសិនទៅហុី ធារិទ្ធ »
ខ្ញុំដឹងថាធារិទ្ធ មិនសប្បាយចិត្តនឹងយោបល់ថ្មីនេះ ព្រោះសូម្បីខ្ញុំ ក៏ហាក់មានអារម្មណ៍ថា ដំណើរការរកសុីនេះ ដូចជាដើរហួសជំហានគម្រោងច្រើនពេក។ ខ្ញុំចេះតែបារម្ភថា ទុនបម្រុងអាចអស់ ព្រោះគ្រប់យ៉ាងដែលគ្រប់គ្នាលើកឡើង សុទ្ធតែជាគំនិតបន្ថែមក្នុងគម្រោងបន្ទាន់។
ប្រជុំគ្នាចប់ដោយភាពមិនសប្បាយចិត្តរៀងខ្លួន ខ្ញុំក៏ជូនចែជីងទៅផ្ទះ និងបានឆ្លៀតនិយាយគ្នាពីគំនិតរបស់គាត់ផងដែរ៖
« មូលហេតុដែលបងគិតអ៊ីចឹង! ក៏ព្រោះតែយល់ថា វាជួយបង្កើនចំណូលយើងផង »
ទោះភ្នែកកំពុង សម្លឹងមើលផ្លូវ ឯដៃក៏រវល់កាន់ចង្កូតឡាន តែខ្ញុំនៅអាចបែកចែកអារម្មណ៍ស្តាប់ ចែជីង និយាយ យ៉ាងយកចិត្តទុកដាក់។
« មួយរយៈនេះ អូនឯងក៏ឃើញហើយ រាល់ថ្ងៃត្រង់បុគ្គលិកក្រុមហ៊ុន ចេញឈូរឆស្វែងរកបាយថ្ងៃ ចុះបើយើងថែមអាហារស្រាប់ថ្ងៃត្រង់ទៀត មិនល្អ! »
ទោះនេះមិនស្ថិតក្នុងគម្រោង តែស្តាប់យោបល់គាត់ហើយ ខ្ញុំក៏យល់ថាល្អម៉្យាង គួរតែសាក…
ខ្ញុំបន្តស្តាប់គាត់រអ៊ូពី ធារិទ្ធ ដែលជំទាស់ដាច់អហាំងការនឹងយោបល់គាត់ តែក៏ឆ្លៀតលួងលោមគាត់បន្តិចដែរ៖
« ខ្ញុំយល់ថាម៉្យាងដែរ ឥឡូវខ្ញុំសាកនិយាយនឹង ធារិទ្ធ ម្តងទៀត បងកុំខឹងអី »
« អុឺម »
និយាយចប់ដឹងរឿង ក៏ដល់ផ្ទះគាត់ល្មម។ ក្រោយជូនចែជីងដល់ផ្ទះ ខ្ញុំក៏ឆែកទូរសព្ទឃើញសារមួយពីធារិទ្ធកន្លះម៉ោងមុន ដែលមិនទាន់មើល “ ជូនគាត់ដល់ផ្ទះហើយ មកជួបឯងបន្តិច! និយាយរឿងគំនិតគាត់ ”
ច្បាស់ណាស់! តាមចរិត ធារិទ្ធ មានបញ្ហាអីមួយ ដេកមិនលក់ទេ! មនុស្សនេះចូលចិត្តឱ្យចងហើយស្រាយភ្លាមៗ ទើបព្រមស្ងាត់ស្ងៀម។ មិនអែរអង់ឡើយ ខ្ញុំក៏ដើរតួជាមនុស្សកណ្តាល ដើម្បីផ្សារគំនិតយើងឱ្យរួមគ្នាទៅបាន។
ក្នុងយប់នេះ ខ្ញុំហាក់ហត់នឿយខ្លាំងណាស់ ព្រោះជិតពាក់កណ្តាលយប់ទៅហើយ នៅជំនុំគ្នាលើកហេតុផលជាច្រើនប្រាប់ ធារិទ្ធ ទម្រាំតែស្រុះស្រួលគ្នា…
ថ្ងៃបន្ទាប់
ក្រោយសម្រេចថាបន្ថែមបាយថ្ងៃត្រង់នៅហាងហើយ យើងក៏បន្តពិភាក្សារើសចុងភៅម្នាក់ភ្លាមៗ ដោយប្រកាសរើស តាមហ្វេសប៊ុក។ ដោយភ្លាមៗបែបនេះ យើងក៏សម្រេចផ្តល់ប្រាក់ខែចុងភៅ ក្នុងចំនួនមួយលើសពីអ្នកគ្រប់គ្រងហាង ដល់ទៅ ១០០ដុល្លារ ជាហេតុធ្វើឱ្យភរិយា ធារិទ្ធ មិនសប្បាយចិត្តផងដែរ។
ហុឺម! ដល់ដំណាក់កាលនេះ យើងម្នាក់ៗ រៀងចង់រាថយបន្តិចហើយ ព្រោះផ្តើមខ្វែងគំនិតគ្នាផង ធ្វើអីក៏ប្រថុចញច់ផង តែយ៉ាងណា ខ្ញុំនៅតែព្យាយាមបង្រួមមនុស្សមួយក្រុមនេះ ព្រោះយើងដើរដល់ចំណុចនេះហើយ មិនអាចដកថយឡើយ ឯលុយក៏ចាយទៅច្រើនហើយដែរ។
គ្រាន់តែប្រកាសភ្លាម មានអ្នកទាក់ទងភ្លាម ចែជីង និងខ្ញុំ ក៏ទទួលខុសត្រូវលើការរើសសម្ភាសនៅថ្ងៃបន្ទាប់ ដោយមិនអែរអង់យូរឡើយ…
ថ្ងៃបើកដំណើរការហាង
ថ្វីបើក្នុងថ្ងៃបើកដំណើរការហាង ជាថ្ងៃសំខាន់ តែក្នុងចំណោមពួកយើង សុទ្ធតែមានភារកិច្ចរៀងខ្លួន ដែលតម្រូវឱ្យមានទំនួលខុសត្រូវខ្ពស់នៅក្រុមហ៊ុន ដែលពួកយើងបម្រើការ ហេតុនេះ ក្នុងថ្ងៃបើកដំបូងនេះ មិនមានអ្នកណាម្នាក់ បានទៅជួយឡើយ…គឺនៅតែបុគ្គលិក និងប្រពន្ធធារិទ្ធ ដែលជាអ្នកគ្រប់គ្រងហាងផ្ទាល់ប៉ុណ្ណោះ។
សម្រាប់ដំណើរការថ្ងៃដំបូងនេះ មានមនុស្សមកមួយៗប៉ុណ្ណោះនៅពេលព្រឹក ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ក្នុងថ្ងៃទី១នេះ មានភ្ញៀវចូលទទួលទានបាយថ្ងៃត្រង់នៅហាងរបស់យើងច្រើន ឡើងគ្មានកន្លែងអង្គុយ។ ម្នាក់ៗមើលតាមកាមេរ៉ាសុវត្ថិភាព ក៏មានអារម្មណ៍វិលមុខជួសអ្នកនៅធ្វើការផ្ទាល់ដែរ…។
របរនេះ ដំណើរការយ៉ាងរលូនត្រឹម ១សប្តាហ៍ប៉ុណ្ណោះ ប្រពន្ធធារិទ្ធ ក៏ចាប់ផ្តើមកិចកុចចង់ដំឡើងប្រាក់ខែ ចង់បន្ថែមថ្ងៃសម្រាក ព្រោះហត់…
ក្នុងពេលវេលាចាប់ផ្តើមនេះ យើងក៏មកប្រទះនឹងបញ្ហាជាថ្មី ដែលហួសពីសមត្ថភាពខ្ញុំដោះស្រាយ ហើយខ្ញុំក៏ប្រគល់រឿងនេះជូន ចែជីង ផ្តាច់មុខ។ ម៉្យាង ព្រោះគាត់ជាអ្នកចាស់ទុំជាងគេក្នុងចំណោមពួកយើង។ ចែជីង ក៏សម្រេចស្នើរចិត្ត ចាន់ណា ដោយកុំអាលសុំដំឡើងប្រាក់ខែ ព្រោះហាងមិនទាន់ចំណេញអ្វីជាដុំកំភាន់ឡើយ ឯចំណាយក៏ច្រើនទៅទៀត ដោយប្តូរពីការសុំឡើងប្រាក់ខែ មកជាឱ្យចាន់ណា ធ្វើការតែ ៤ថ្ងៃក្នុង ១សប្តាហ៍វិញ។
ពួកយើងផ្លាស់វេណគ្នាម្តងម្នាក់ ដើម្បីជំនួសថ្ងៃដែល ចាន់ណា មិនធ្វើការ ដោយមិនយកកម្រៃអ្វីទាំងអស់។
ពីមួយថ្ងៃទៅមួយថ្ងៃ ចាន់ណា តែងមានរឿងថ្មីឱ្យយើងឈឺក្បាលបន្តបន្ទាប់។ ការចាត់ចែងក្នុងហាង ចាន់ណា ធ្វើឱ្យយើងតឹងទ្រូងណាស់! បើមើលតាមកាមេរ៉ា យើងកំណត់បានថា មួយថ្ងៃ ការរកសុីរបស់យើង មមាញឹកតែវេលាថ្ងៃត្រង់ប៉ុណ្ណោះ ចំពោះភេសជ្ជៈ យើងអាចលក់ចេញបានត្រឹមរង្វង់ពី ២០-៣០កែវប៉ុណ្ណោះ! វាពិតជាតិចខ្លាំង! អ៊ីចឹងបើនិយាយពីភាពហត់នឿយ យើងស្ទើរតែមើលមិនឃើញ តែចាន់ណា តែងរអ៊ូប្រាប់ ធារិទ្ធ ថា ហត់ខ្លាំង…ធ្វើឱ្យធារិទ្ធ មកជំរុញយើងដំឡើងប្រាក់ខែឱ្យប្រពន្ធរបស់ខ្លួន។
ដើរមកដល់ចំណុចនេះ យើងម្នាក់ៗចាប់ផ្តើមកាន់តែមិនសប្បាយចិត្តនឹង ចាន់ណា ហើយ អាចនិយាយបានថា ហាស្លាក់ខ្ជាក់ស្លែង។ ម្នាក់ៗចាប់ផ្តើមទាញកិច្ចការរបស់នាងមករ៉ាប់រងកាន់តែច្រើនឡើង រហូតលែងមានអ្វីធ្វើ ក្រៅពីគិតលុយ និងឆុងកាហ្វេម្តងម្កាល។
មិនយូរប៉ុន្មាន យើងក៏ទទួលបាន report ពីបុគ្គលិកចំពោះការគ្រប់គ្រងរបស់នាង ខណៈនាងក៏ចោទទៅបុគ្គលិកវិញ។ ជម្លោះរវាងអ្នកគ្រប់គ្រង និងបុគ្គលិក ពិតជាធ្វើឱ្យយើងពិបាកដោះស្រាយខ្លាំង។ ព្រោះនាងតែងបង្ហាញភាពទន់ជ្រាយ ចំពោះមុខ ធារិទ្ធ ឯយើងមិនអាចនិយាយអ្វីបាន។ ពេលខ្លះ គ្រាន់តែសួរនាំដើម្បីដឹងរឿង ក៏នាងយល់ថា ពួកយើងមិនទុកចិត្តនាង សួរចម្លើយនាងដូចអ្នកទោស… (វេទនាណាស់)
ជម្លោះរវាងអ្នកគ្រប់គ្រង និងបុគ្គលិកនេះ ក៏បន្តបានជាង ១០ថ្ងៃ ហើយបុគ្គលិក ក៏សម្រេចចិត្តលាឈប់តែម្តង ក្រោយយើងក៏មិនមានដំណោះស្រាយអ្វីឱ្យប្រសើរបាន។ ក្រោយបុគ្កលិកឆុងកាហ្វេ លាឈប់ ពួកយើងសម្រេចថា មិនរើសបុគ្គលិកថ្មីឡើយ ព្រោះកាហ្វេ ក៏មិនសូវលក់ដាច់អីប៉ុន្មានដែរ។ បន្តមកទៀត វេលាឈឺក្បាលជាថ្មី ក៏ឈាន់មកដល់ ក៏ព្រោះតែចុងភៅស្នើរដំឡើងប្រាក់ខែដែរ តែយើងបដិសេធ ព្រោះហាង ដំណើរការមិនទាន់បាន ១ខែផង។
ហុឺម!!! ស្អីក៏មានដែរ….
មិនប៉ុន្មានថ្ងៃក្រោយស្នើរឡើងប្រាក់ខែផង យើងក៏ចាប់បានថា ចុងភៅលួចកិបទុកលុយដែលលក់បានរាល់ថ្ងៃ តាមរយៈកាមេរ៉ាសុវត្ថិភាព…មិនឱ្យអូសបន្លាយយូរឡើយ យើងក៏សម្រេចរើសចុងភៅភ្លាមៗ និងបញ្ឈប់ចុងភៅចាស់នោះតែម្តង។
ដំណើរការហាង ប្រព្រឹត្តិទៅធម្មតា ទោះមិនទាន់រលូនល្អក៏ដោយ តែយើងមើលឃើញថា ភ្ញៀវជក់ចិត្តនឹងម្ហូបយើង មិនថាជនបរទេស ឬខ្មែរឡើយ…
ដោយសារតែពួកយើងជាហូបរើសស្រាប់ ទើបអ្វីដែលយើងសម្រេចផ្តល់ឱ្យភ្ញៀវ ក៏ល្អទៅតាមនោះដែរ! សូម្បីប្រភេទអង្ករដែលយើងរើស ក៏ប្រភេទអង្ករផ្ការំដួល ដោយសារតែវាទន់ហើយឈ្ងុយ ម៉្យាងយើងអាចស្វែងរកការផ្តត់ផ្គង់ពីកសិករផ្ទាល់បាន ក្នុងតម្លៃទាបជាងទីផ្សារខ្លាំង។
ប៉ុន្តែហានិភ័យមើលមិនឃើញ ក៏កើតមានឡើង…
អាជីវកម្មដែលកំពុងដំណើរការល្អសន្សឹមៗទៅហើយ ត្រូវស្ងាត់បាត់ភ្ញៀវមួយរំពេចត្រឹមតែដំណឹងក្នុងស្រុកផ្សាយថា “ រកឃើញជនជាតិចិនម្នាក់ផ្ទុកមេរោគកូវីដ១៩ នៅក្រុងព្រះសីហនុ ” ។ ដោយសារតែ ហាងយើង បើកនៅតំបន់ប្រជុំក្រុមហ៊ុនចម្រុះជាតិសាសន៍ ហើយក៏មានភ្ញៀវប្រចាំជាជនជាតិចិនផងនោះ! ក្នុងកាលៈទេសៈនេះ អ្នកណាៗ ឱ្យតែឃើញកឺៗ គឺចៀសឆ្ងាយ១០០ម៉ែត្រតែម្តង។ មិនយូរប៉ុន្មាន ភាពធ្ងន់ធ្ងរនៃវីរុសថ្មីនេះ បានធ្វើឱ្យមនុស្សម្នា លែងហ៊ានបាយក្រៅ។ ហាងយើងក៏មានត្រឹមតែអ្នកមកខ្ចប់បាយមួយៗដែរ…
របររកសុី ចាប់ផ្តើមធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ លុយបម្រុងក៏ប្រើអស់ ចំណាយកាន់តែច្រើន ឯចាន់ណា នៅតែទាមទារ ដំឡើងប្រាក់ខែតាមសន្យា។ មិនយូរប៉ុន្មាន ការស្តីបន្ទោសគ្នា ចាប់ផ្តើមកើតមាន រហូតមានជម្លោះធំកើតឡើង៖
« ឈប់រកសុីហ្មងទៅអ៊ីចឹង! » ធារិទ្ធ ជះកំហឹងដាក់ពួកយើង ខ្ញុំជាមនុស្សដែលមិនសូវមានការអត់ធ្មត់នឹងអ្នកដែលប្រើសំដីខ្លាំងៗផង ក៏ឆេវឆាវអូខេតាមហ្នឹង ហើយផ្តើមសេងហាងបន្តឱ្យគេតែម្តង ដើម្បីចែកលុយគ្នា… សូម្បីតែទំនាក់ទំនងក៏ត្រូវបញ្ចប់ត្រឹមហ្នឹងដែរ ព្រោះចិត្តខ្លាំងរៀងខ្លួន៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ