ចំណូលចិត្តខ្ញុំនៅពេលទំនេរគឺអង្គុយអានសៀវភៅប្រលោមលោក។
មិនថាសៀវភៅរបស់អ្នកនិពន្ធណាទេគឺជាអាយដល(Idol)ក្នុងចិត្តខ្ញុំទាំងអស់។ ពួកគាត់មានសីលវិធីខុសៗគ្នាក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំឱ្យអង្គុយអានតាំងពីរទំព័រដើមរហូតដល់ទំព័របញ្ចប់ ជាពិសេសបានធ្វើឱ្យខ្ញុំឈ្លក់វង្វេង អង្គុយស្រមើស្រមៃម្នាក់ឯងដូចមនុស្សឆ្កួត។
ចួនកាលខ្ញុំនេះក៏ស្រាប់តែដេកយល់សប្តថា តួប្រុសក្នុងសៀវភៅស្រាប់តែបង្ហាញខ្លួននៅចំពោះមុខ មកសារភាពស្នេហ៍ បង្កើតឈុតឆាកដូចខ្លួនឯងនឹងជាតួឯកស្រីអ៊ីចឹង។
ខ្ញុំមិនដឹងថាអ្នកដទៃរវើរវាយដូចជាខ្ញុំឬអត់ទេ តែសម្រាប់ខ្ញុំអាចនិយាយបានថាវាគឺជាសេចក្តីសុខមួយក្នុងចំណោមសុភមង្គលទាំងអស់ ទោះបីវាមិនបានលេចចេញជារូបរាងបង្អួតភ្នែកអ្នកគ្រប់គ្នាក៏ដោយ។ ខ្ញុំក៏សង្ឃឹមថាស្នេហាខាងក្រៅរបស់ខ្ញុំដូចនឹងគូស្នេហ៍ប្រលោមលោកយ៉ាងដូច្នេះដែរ។
បរិយាកាសដ៏សែនមនោរម្យនាមាត់ទន្លេធ្វើឱ្យការអានសៀវភៅរបស់ខ្ញុំកាន់តែរលូនទៅមុខ។ ចប់មួយទំព័រចូលមួយទំព័រ ស្នាមញញឹមដែលលួចក្នក់ក្នាញ់តួអង្គក្នុងសាច់រឿងកាន់តែធ្វើឱ្យមនុស្សនៅជុំវិញខ្លួនសម្លឹងមើលមកខ្ញុំយ៉ាងចម្លែក។ តែខ្ញុំមិនខ្វល់ទេ សំខាន់ខ្ញុំកំពុងជក់អារម្មណ៍នឹងសាច់រឿងនេះ ចង់ដឹងណាស់ថា គូស្នេហ៍មួយគូនេះនឹងទៅជាយ៉ាងណាទៅ?
មិនប៉ុន្មានម៉ោងទេខ្ញុំស្រាប់តែអានវាចប់ដោយមិនដឹងខ្លួន។ ស្នេហាដែលអ្នកនិពន្ធតាក់តែងបានចូលមកគ្របដណ្តប់អារម្មណ៍ហេងហាងរបស់ខ្ញុំសារជាថ្មី។ ធ្វើឱ្យខ្ញុំនៅមិនស្រណុកអង្គុយឆ្ងល់ អង្គុយច្រណែនតែម្នាក់ឯង។
«អស្ចារ្យណាស់! តើបុរសអាយុ៣០ឆ្នាំ អាចមកស្រឡាញ់មនុស្សស្រីអាយុ១៨ ឆ្នាំបានយ៉ាងម៉េចទៅន៎?»
ខ្ញុំលាន់មាត់សួរទាំងមិនអស់ចិត្តហើយក៏នៅតែសម្លឹងឈុតឆាកស្នេហាដែលតួឯកប្រុសនឹងតួឯកស្រីផ្អែមល្អែមដាក់គ្នាមិនដកភ្នែក។ អានហើយអានទៀត ទាល់តែអៀនឡើងរឹងខ្លួនទៅហើយ។
ពេលនោះខ្ញុំស្រាប់តែចាប់អារម្មណ៍នឹងសំឡេងហ្គីតាស្រាលៗដែលរសាត់មកប៉ះត្រចៀកទាំងគូ។ បទភ្លេងដែលប្រគំដោយដៃចំណានលាន់សូរពីរោះរណ្តំធ្វើឱ្យខ្ញុំងាកភ្លែតសម្លឹងមើលទៅម្ចាស់តូរ្យតន្រ្តីដែលអង្គុយនៅមិនឆ្ងាយពីខ្ញុំ។ គាត់មានដឹងទេថាសំឡេងតន្រ្តីរបស់គាត់ជាបាលីខាបដួងចិត្តក្រមុំនោះ?
គ្រាន់តែឃើញគាត់ភ្លាមខ្ញុំស្រាប់តែនឹកដល់តួឯកប្រុសក្នុងប្រលោមលោករបស់ខ្ញុំ៖
«គាត់ដូចជាតួអង្គក្នុងសាច់រឿងអ៊ីចឹង! គាត់សង្ហាណាស់! តើជីវិតខាងក្រៅរបស់គាត់ដូចនឹងសាច់រឿងដែរឬអត់ន៎?» ខ្ញុំសើចខ្លួនឯងហួសចិត្ត។
ខ្ញុំនិយាយនេះមិនមែនគិតថាគាត់មិនទាន់មានប្រពន្ធព្រោះតែរង់ចាំមនុស្សស្រីដូចរឿង “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” របស់អ្នកនិពន្ធ គីមឌីណា នេះទេ តែខ្ញុំចង់ដឹងណាស់ថា គាត់មានចិត្តស្រឡាញ់ក្មេងស្រីដែលប្អូនគាត់ដល់ទៅដប់ឆ្នាំជាងឬអត់? តែបើមែនយ៉ាងម៉េច? នាងម៉ាលីនកុំឆ្កួតតាមសាច់រឿងណា ឯងមានសង្សារហើយ។
គាត់ចំណាស់ជាងខ្ញុំមែនពិត តែសង្ហាណាស់ រាងរ៉ៅសមមាឌ កម្ពស់ក៏បាន ហើយចេះលេងហ្គីតាយ៉ាងពីរោះទៀត។ គាត់ជាបុរសក្នុងសុបិនខ្ញុំទេតើ…អត់ទេៗ ទោះជាស្រឡាញ់ ចូលចិត្តប៉ុនណាក៏មិនអាចស្រមៃផ្តេសផ្តាសដែរ ធ្វើយ៉ាងនេះដូចជាមិនគប្បីនឹងតួហេងពេកហើយ។ ទោះគេមានចរិតយ៉ាប់និយាយគ្នាយ៉ាងណាក៏គេជាសង្សាររបស់ខ្ញុំដែរ។
«ហ៊ើយ…»
មិនចង់គិតដល់ភាពរកាំរកូសរបស់ខ្ញុំជាមួយតួហេងទេ ព្រោះវាគួរឱ្យធុញ ហើយនាំតែខូចអារម្មណ៍។ ខ្ញុំបែរមើលទៅទឹកទន្លេ លើកដៃត្រដាងស្រូបយកចំហាយទឹកត្រជាក់ដែលបក់ភាយតាមខ្យល់ជំនោរមកប៉ះផ្ទៃមុខ ជាមួយអារម្មណ៍ស្រស់ថ្លារកអ្វីនិយាយប្រាប់មិនត្រូវ៖
«ខ្ញុំចូលចិត្តមាត់ទន្លេ អង្គុយអានសៀវភៅក៏ល្អ ហើយនៅទីនេះ…អាចឱ្យខ្ញុំគេចចេញពីបញ្ហាស្មុគស្មាញបានគ្រប់យ៉ាង…»
គ្មានកន្លែងណាដែលអាចឱ្យខ្ញុំមានសេចក្តីសុខជាងទីនេះទេ។ មិនមែនមកពីមានពូសន្យាអង្គុយកំដររាល់ថ្ងៃទេដឹង? ហិហិ…មិនប្រាកដដែរ។ មិនដឹងថាជានិស្ស័យអ្វីទេ បានជាបណ្តាលឱ្យពួកយើងមកចួបគ្នានៅទីនេះរាល់ថ្ងៃ។ គាត់ចូលចិត្តលេងហ្គីតា ឯខ្ញុំចូលចិត្តអានសៀវភៅ បើជាគូស្នេហ៍នឹងគ្នាពិតជាអស្ចារ្យណាស់។
ថ្វីដ្បិតតែពួកយើងទាំងពីរមិនដែលនិយាយរកគ្នាសូម្បីមួយម៉ាត់ តែខ្ញុំមានអារម្មណ៍ថាចូលចិត្តគាត់ ហើយស្គាល់គាត់ច្បាស់ទៀតផង។ រវើរវាយដល់កម្រិតហើយខ្ញុំ។ អារម្មណ៍ឆ្កួតឡប់មួយនេះក៏ស្រាប់តែទាញខ្ញុំឱ្យចាប់កាន់ប៊ិកមកសរសេរនៅទំព័រចុងក្រោយនៃសៀវភៅប្រលោកលោក រៀបរាប់ពីបុរសក្នុងសុបិនដោយមិនដឹងខ្លួន។
«បើមានបុរសណាម្នាក់អាចមកស្រែកហៅឈ្មោះរបស់ខ្ញុំទៅកាន់ទឹកទន្លេម្តងក្នុងមួយថ្ងៃ ឱ្យបានពេញមួយឆ្នាំ ខ្ញុំនឹងព្រមស្រឡាញ់គេពេញមួយជីវិត ហាសហា យល់សប្តទាំងថ្ងៃទៅកើត…»
«ម៉ាលីន!»
ខ្ញុំភ្ញាក់ព្រើតពេលឮសំឡេងតួហេងហៅឈ្មោះខ្ញុំ។ ទឹកដមនៃសំឡេងគ្មានរសគួរឱ្យចង់ឆ្លើយតបសោះ មុខវិញក្រម៉ូវដូចគេជំពាក់លុយរាប់ឆ្នាំមិនសង។ សង្ស័យមុនមកចួបខ្ញុំមានរឿងជាមួយអ្នកណាទេដឹង? ឬខឹងដែលខ្ញុំណាត់ចួបនៅមាត់ទន្លេនេះ? ឱ! សង្សាស្ទាវអើយ អូនមិនចង់ចូលហាងនាំតែអស់លុយទេ។
«អូនត្រូវប្រឈមមុខនឹងការពិត មិនមែនឈ្លក់វង្វេងនឹងក្តីសុបិនបែបហ្នឹងទេ OK?»
ខ្ញុំបញ្ឈប់ការអានសៀវភៅ ហើយក៏សម្លឹងមើលទៅគេទាំងហួសចិត្ត៖
«ចង់មានន័យថាម៉េច?»
«មកចួបគ្នាឬមកអានរឿង? អាននោះអាន…គិតថាជីវិតពិតវាដូចប្រលោមលោកមែន? បានហើយម៉ាលីន សម្រាកទៅ…យើងល្មមបែកគ្នាហើយ!»
ខ្ញុំស្រាប់តែស្រឡាំងកាំងរកនិយាយអ្វីមិនត្រូវ។ ទោះកន្លងមកស្នេហានេះមិនពេញលេញដូចស្នេហាអ្នកដទៃ តែខ្ញុំមិនដែលគិតថាវានឹងបញ្ចប់ទៅទាំងបែបនេះទេ។ ខ្ញុំស្រឡាញ់គេដោយបេះដូងបរិសុទ្ធ ទោះគេមិនមែនជាបុរសក្នុងក្តីសុបិនរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនដែលគិតថាពួកយើងនឹងបែកគ្នាដែរ តែគេវិញ ហាស្តីគ្មានក្រែងចិត្តខ្ញុំអីបន្តិចសោះ ម៉េចក៏សុំបែកស្រួលៗម្ល៉េះ?
គេមិនខ្វល់ពីអារម្មណ៍ឈឺចាប់របស់ខ្ញុំ មិនចាំស្តាប់ថាខ្ញុំយល់ព្រមបែកពីគេឬអត់ទេ មនុស្សប្រុសអន់ចរិតម្នាក់នេះស្រាប់តែដើរចេញយ៉ាងចិត្តដាច់។
«ហេង…»
គេក៏ឈប់តាមសំឡេងខ្ញុំស្រែកហៅ។ គិតថាខ្ញុំស្រណោះលោកណាស់មែនទេ បុរសសក់ពណ៌ត្រួយចេក? ពួកយើងទាំងពីរគ្មានចំណុចណាដែលសមគ្នាទេ ហើយក៏មិនស័ក្តិសមធ្វើជាសង្សារនឹងគ្នាយូរណាស់មកហើយ។
គ្រាន់តែគេបែរមុខមកភ្លាមសៀវភៅប្រលោមលោកនៅនឹងដៃខ្ញុំក៏ហោះទៅប៉ះចំកណ្តាលមុខគេមួយទំហឹង។ ខ្ញុំគប់តាមកម្សួលចិត្តដែលខឹងខ្លាំង។ មិនមែនខឹងព្រោះតែគេសុំបែក តែខឹងព្រោះចរិតគេក្អេងក្អាងពេក។
គេគ្មានប្រតិកម្មតបតែសម្លក់ខ្ញុំចង់ជ្រុះគ្រាប់ភ្នែកដល់ដី។ ចង់សងសឹកណាស់ទៅអី? ខ្ញុំគិតថាលោកមិនហ៊ានទេ។ តាមចិត្តខឹងចង់តែហក់ទៅដាល់ចំកណ្តាលមុខឱ្យឈាមច្រមុះម្តង។ បំណាច់នឹងថាបែកគ្នាហើយកុំឱ្យនៅជាប់កម្មពារអី ខ្ញុំក៏ដោះនាឡិការដែលគេទិញឱ្យនៅថ្ងៃកំណើតគប់ទៅលើគេសារជាថ្មី។
មនុស្សប្រុសអន់ចរិតម្នាក់នេះស្រាប់តែរត់ទៅរើសនាឡិការឡើងបោសផ្លុំធ្វើដូចជាបារម្ភនឹងរបស់ណាស់ គេចង់បញ្ចាក់ថាគេមិនស្តាយខ្ញុំអីបន្តិចទេ គេស្តាយនាឡិការច្រើនជាង។ ចិត្តខ្ញុំកាន់តែឆួលក្តៅខឹងគេខ្លាំងលើសកម្រិត៖
«ទៅ…! ម៉េចក៏មិនទៅ!»
ម៉េចក៏ឯងស្រាប់តែក្លាហានដេញគេទាំងចិត្តដាច់យ៉ាងនេះម៉ាលីន? ឯងធ្វើចិត្តបានឬគ្រាន់តែសម្តែងធ្វើជាខ្លាំងនៅពីមុខគេទេ?
«នៅមានទៀត!»
«នៅស្អីទៀត និយាយឱ្យអស់មក?»
ហួសចិត្តណាស់ដែលគេនិយាយទាមទារគ្មានភាពខ្មាសអៀនយ៉ាងនេះ ធ្វើមើលតែខ្លួនឯងនឹងទិញកាដូរឱ្យខ្ញុំច្រើនខ្លាំងណាស់អ៊ីចឹង។
«ស្បែកជើងនោះខ្ញុំជាអ្នកទិញឱ្យ ដោះឱ្យខ្ញុំបានអត់?»
«ចង្រៃយក!»
គេស្រាប់តែចង្អុលមកស្បែកជើងទាំងគូរដែលខ្ញុំកំពុងតែពាក់។ ខ្ញុំឃើញគេញញឹមឌឺបែបគិតថាខ្ញុំស្រឡាញ់ស្បែកជើងមួយគូនេះខ្លាំងណាស់ហើយ។ គ្មានអីអស្ចារ្យទេ តែហេតុអីក៏ស៊យម្ល៉េះ? ស្រាប់តែពាក់វាមកចំថ្ងៃគេទារយកទៅវិញ។
តាមអំណាចចិត្តខឹងខ្ញុំចង់តែគុបស្បែកជើងឱ្យចំកណ្តាលមុខដូចមុនទេ តែធ្វើបែបនោះខ្ញុំគឺជាមនុស្សគ្មានសីលធម៌ពេកហើយ ខ្ញុំបានត្រឹមតែបោះវាទៅក្បែរជើងរបស់គេ៖
«អស់នៅ?»
«អស់ហើយ! អូ…! លុយចាយរួមគ្នាខែនេះមិនបាច់គិតទេ ព្រោះដើរលេងចេញលុយស្មើរគ្នា!»
ហ៊ឹស! លោកអើយ…ខ្ញុំរកនិយាយអ្វីតបទៅសង្សារស្ទាវកំពូលអន់ចរិតនេះមិនចេញទេ សូម្បីតែលុយដើរលេងរាល់ដងដែលខ្ញុំសឹងតែជាអ្នកចេញទាំងអស់សោះ ក៏គេគិតចង់ទូទាត់ទារពីខ្ញុំវិញដែរ។ បែបនេះហើយ តើឱ្យខ្ញុំនឹងស្តាយស្រណោះគេដែរទេ? មើលចុះ គេរើសស្បែកជើងដើរចេញ ទាំងញញឹមឌឺទៀត។ គេទុកខ្ញុំជាស្អី? គេរកបានសង្សារថ្មីហើយបានជាធ្វើឬកឡូយមកសុំបែកខ្ញុំយ៉ាងនេះ?
«អែ៎…! ខ្ញុំសូមជូនពរលោក សូមឱ្យសង្សារថ្មីលោកឯង ទាត់ក្បាលចោលឆាប់ៗ! មនុស្សអន់ចរិតដូចជាលោក គ្មានថ្ងៃចួបស្នេហាពិតទេ!»
«មើលមាត់អ្អែស! អត់ខ្វល់យល់អ្ហេស? អត់ខ្វល់!»
«អាមនុស្សឆ្កួត!»
គេកាន់ស្បែកជើងដើរចេញ ហើយក្រវីគូទក្រវីស្មាឌឺដាក់ខ្ញុំយ៉ាងព្រៃផ្សៃ។ ខ្ញុំឈឺចិត្តណាស់ចង់តែហក់ទៅធាក់គេពីក្រោយឱ្យបាក់ចង្កេះទេ មនុស្សប្រុសអីក៏អាក្រក់ខ្លាំងម្ល៉េះ? គេចាត់ទុកស្នេហារបស់ខ្ញុំជាអ្វីទៅ? ហួសចិត្តណាស់នាងម៉ាលីន ហេតុអីក៏ឯងមកចួបមនុស្សប្រុសឆ្កួតឡប់បែបនេះ យកធ្វើជាសង្សារទៅកើត? មិនគួរទេ…!
ពេលគេចេញទៅបាត់ អារម្មណ៍ឈឺចាប់ស្រាប់តែជៀតចូលក្នុងចិត្តរបស់ខ្ញុំ។ ទោះគេមិនស័ក្តិសមឱ្យខ្ញុំស្តាយស្រណោះ តែហេតុអីខ្ញុំមានអារម្មណ៍ថាឈឺចាប់ មកពីខ្ញុំស្រឡាញ់គេមែនទេ? ខ្ញុំសម្លឹងមើលសៀវភៅសំណព្វចិត្តដែលត្រូវខ្ញុំគប់ចោលនៅលើដី។ វាគ្មានកំហុសសោះ តែម៉េចក៏ខ្ញុំមិនចង់រើសវាយកមកវិញ? ខ្ញុំមិនចង់ឃើញសំណេរដែលខ្លួនសសេរនៅទំព័រចុងក្រោយ ហើយក៏លែងជឿជាក់រឿងស្នេហ៍ពិតអីទៀតហើយ វាមានតែក្នុងប្រលោមលោកទេ។
ខ្ញុំសម្រេចចិត្តដើរចេញមិនរើសសៀវភៅមកវិញមែន។
«អេ…ក្មេងតូច!»
ខ្ញុំងាកក្រោយវឹងឃើញពូសន្យាឱនរើសសៀវភៅប្រលោមលោកនោះ។ គាត់ដើរមកក្បែរ ហើយហុចវាមកឱ្យខ្ញុំ៖
«ភ្លេចសៀវភៅហើយ!»
«ខ្ញុំមិនត្រូវការទេ!»
ខ្ញុំនិយាយធ្វើហី នៅនឹកឃើញដល់រឿងឈឺចិត្តនោះនៅឡើយ។ សៀវភៅនេះអាចនឹងធ្វើឱ្យខ្ញុំចងចាំរឿងរ៉ាវថ្ងៃនេះ ម្លោះហើយខ្ញុំក៏សម្រចិត្តនិយាយបែបនោះ។ តែគាត់មិនបញ្ឈប់ទេ នៅដេញដោលមកខ្ញុំទៀត៖
«ហេតុអី? អូ…! ឬមួយក៏សៀវភៅមួយក្បាលនេះ ក្មេងប្រុសម្នាក់នោះគេទិញឱ្យដែរ?»
«ពូគិតថា គេចេះអានសៀវភៅល្អអ៊ីចឹងដែរ? បើមែនគេនឹងប្រមូលខ្ទេចគ្មានសល់ហើយ។»
ខ្ញុំនិយាយទាំងមិនសប្បាយចិត្ត តែគាត់បែរជាសើចទៅវិញ។ គាត់ប្រហែលអស់សំណើចដែលហួសចិត្តនឹងចរិតតួហេងដែរទេដឹង? មែនហើយនឹកឃើញចង់តែសើច ខ្ញុំមិនដែលឃើញមនុស្សប្រុសបែបហ្នឹងទេលោក។
«ហើយម៉េចក៏ទុកចោល? ក្មេងនេះខឹងគោវាយរទេះហើយទេតើ។ សៀវភៅមានខុសអីឯណា មិនខ្លាចគេគិតថា…យើងជាក្មេង…»
«បានហើយៗ មិនបាច់និយាយទេពូ! បើពូចង់បានសៀវភៅហ្នឹងខ្ញុំឱ្យ!»
«មែនអ្ហី?!»
គាត់សួរខ្ញុំបញ្ជាក់អរប្លែក។ ពូសន្យាសប្បាយចិត្តអីខ្លាំងដល់ថ្នាក់នឹង? មកពីគាត់បានសៀវភៅអានដោយមិនអស់លុយ ឬក៏មានចេតនាអ្វីផ្សេងទេដឹង? តែគាត់មិនអន់ឯណា បើចង់បានសៀវភៅមួយក្បាលនេះមានអីទៅពិបាក។ មិនយល់ទេ ឃើញគាត់ជក់អានខ្ញុំកាន់តែមិនយល់ពីគាត់ហើយ។
«អរគុណហើយណា ខ្ញុំសន្យាថាខ្ញុំនឹងរក្សាវាឱ្យបានល្អ។»
«ស្រចតែពូចុះ!»
ខ្ញុំក៏ដើរចេញពីគាត់ទាំងគ្មានអារម្មណ៍រីករាយអ្វីបន្តិច។ បើជាថ្ងៃធម្មតាខ្ញុំអាចនឹងពិបាកធ្វើខ្លួនឱ្យត្រូវពេលបាននិយាយជាមួយគាត់ តែនេះវិញ្ញាណខ្ញុំដូចមិននៅក្នុងខ្លួនទេ តិចវាហោះទៅចងកម្មនឹងតួហេងទេដឹង?
«ខ្ញុំនឹងសាកល្បងក្មេងតូច»
ខ្ញុំភ្ញាក់បន្តិចនឹងសំឡេងស្រែករបស់គាត់ពីក្រោយខ្នង។ មិនប្រាប់ក៏ដឹងថាគាត់បានអានសំណេររបស់ខ្ញុំហើយ។ តែអំឡុងពេលនេះខ្ញុំរកតែញញឹម រកតែរីករាយនឹងពាក្យសន្យារបស់គាត់បន្តិចមិនមានសោះ ព្រោះអារម្មណ៍ឈឺចាប់នៅរងំក្នុងចិត្តនៅឡើយ ហើយម្យ៉ាងក៏មិនជឿជាក់ទៅលើតួឯកក្នុងសុបិនឆ្កួតឡប់ទៀតនោះដែរ។
«មិនអាចទៅរួចទេ បំភ្លេចវាទៅពូ!»
…………………………
មិននឹកស្មានថាបរិយាកាសនាមាត់ទន្លេនៅតែបរិសុទ្ធដរដែល គិតទៅខ្ញុំខានមកទីនេះជិតមួយឆ្នាំហើយ សូម្បីតែមុខពូសន្យាក៏លែងបានចួប។ ចង្រៃមកពីសង្សារហេងស៊យរបស់ខ្ញុំនឹងហើយ បើមិនព្រោះតែគេយកទីនេះជាការសុំបែកផ្លូវគ្នាទេ ខ្ញុំក៏មិនរអានឹងមកអង្គុយដ្រាម៉ា អានសៀវភៅលេងដូចពេលមុនដែរ។ គិតទៅនៅខឹងមិនទាន់បាត់ផង។
ទឹកទន្លេហូរទៅហើយមិនត្រឡប់ក្រោយទេ មិនបានប៉ុន្មានផងរលកថ្មីក៏ចូលមកដល់។ ចុះខ្ញុំចាំបាច់អីនៅស្តាយស្រណោះស្នេហាគ្មានរសជាតិនោះធ្វើអ្វីទៀត ម៉េចក៏មិនរងចាំអ្នកថ្មីចូលមកជំនួសដូចជារលកទឹកដែលបោកបក់ទៅ? សង្ឃឹមថាជំនោរខ្យល់នាមាត់ទន្លេ នឹងរុញច្រានអតីតកាលដ៏អស់សំណើចមួយនេះចេញពីជីវិតខ្ញុំឱ្យឆ្ងាយ ហើយជួយរុញសុភមង្គលថ្មីឱ្យខ្ញុំបានឆាប់ផង។
«ម៉ាលីន…!»
ខ្ញុំភ្ញាក់ដូចគេចាប់កន្ត្រាក់។ កំពុងឈរអណ្តែតអណ្តូងសម្លឹងទឹកទន្លេ ចុះអ្នកណាមកស្រែកហៅឈ្មោះខ្ញុំលាន់ដូចជាមេក្រូអ៊ីចឹង? ខ្ញុំសម្លឹងមើលជុំវិញខ្លួន ស្រាប់តែឃើញពូសន្យាឈរលើបង់ដែលគេអង្គុយស្រែកហៅឈ្មោះខ្ញុំទៅកាន់ទឹកទន្លេខ្លាំងៗ ធ្វើឱ្យខ្ញុំស្រឡាំងកាំងគាំងនិយាយអ្វីមិនចេញ។ គាត់កំពុងធ្វើអី? ព្យាយាមធ្វើជាបុរសក្នុងក្តីសុបិនរបស់ខ្ញុំមែនទេ?
«ម៉ាលីន….!»
«ពូសន្យា!»
ខ្ញុំដើរទៅស្រែកហៅគាត់ពីក្រោយជាមួយអារម្មណ៍ច្របូកច្របល់។ ក្នុងចិត្តខ្ញុំយ៉ាងណាឱ្យប្រាកដខ្ញុំក៏មិនទាន់ច្បាស់ដែរ ព្រោះសុខៗស្រាប់តែមនុស្សប្រុសល្អម្នាក់ដែលខ្ញុំតែងតែគិតប្រាថ្នា មកតាំងខ្លួនធ្វើជាបុរសក្នុងក្តីសុបិនរបស់ខ្ញុំទៅវិញ។
ពូសន្យាចុះមកញញឹមពព្រាយដាក់ខ្ញុំ។ តាមឬកពារនិងទឹកមុខរបស់គាត់ មើលទៅដូចជាសប្បាយចិត្តណាស់ គាត់ត្រេកអរព្រោះឃើញខ្ញុំ ឬយ៉ាងណា? តែខ្ញុំនៅតែប្រកាន់ចិត្តខឹងចំពោះគាត់ដរដែល៖
«ពូធ្វើអី? នេះចង់មកឈរហៅឈ្មោះខ្ញុំឱ្យគ្រប់៣៦៥ដងអ៊ីចឹងហី?»
«តែខ្ញុំបានសន្យា…»
លោកអើយខ្ញុំដឹងហើយនៅសួរបញ្ជាក់ទៀត។ មើលចុះទឹកមុខគាត់ប្រែជាស្រពាប់ស្រពោនបែបគិតថាខ្ញុំខឹងនឹងគាត់ទេដឹង? តែពូមិនដឹងទេថា ខ្ញុំនេះអរចង់ហោះដល់ឋានព្រះឥន្ទទៅហើយ។ ខ្ញុំមិនចង់ជឿទេថា មានមនុស្សប្រុសសង្ហា ល្អទាំងព្រមបែរជាយកចិត្តទុកដាក់នឹងខ្ញុំខ្លាំងដល់ថ្នាក់នេះ។
ទោះយ៉ាងណាក៏ដោយខ្ញុំនៅតែប្រកាន់ឬកធ្វើជាមិនពេញចិត្តនឹងអ្វីដែលគាត់កំពុងធ្វើនេះដរដែល៖
«ពូឯងម៉េចហ្នឹង? នៅលើលោកនេះមានមនុស្សដូចពូប៉ុន្មាននាក់ទៅ? ពូធ្វើបែបនេះធ្វើអី?»
«ខ្ញុំមិនដឹងទេ…»
គាត់និយាយមិនទាន់បញ្ចប់ឃ្លាផងស្រាប់តែលើកសៀវភៅប្រលោមលោកនោះមកបង្ហាញច្បាស់នៅពីមុខខ្ញុំ។ ធ្វើឱ្យខ្ញុំនឹកឃើញនូវសំណេរដែលខ្លួនសរសេរនៅទំព័រចុងក្រោយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ តែនៅលាក់អារម្មណ៍ទោះជាចង់ញញឹមក៏ត្រូវបិទបាំងសិនដែរ។
«ដឹងត្រឹមថាខ្ញុំចង់បំពេញបំណងម្ចាស់សៀវភៅនេះ …»
ទឹកមុខស្រពាប់ស្រពោនរបស់លោកពូកាន់តែធ្វើឱ្យខ្ញុំរីកថ្លើមប៉ុនចង្អេរ។ ខ្ញុំនៅតែបន្តធ្វើមុខក្រញូវក្បត់បេះដូងដែលលោតរណ្តំព្រោះតែភាពរីករាយ ហើយទាញសៀវភៅពីដៃគាត់មកកាន់ធ្វើហី៖
«តែខ្ញុំមិនបានគោរពតាមពាក្យសន្យានឹងទេ…ខ្ញុំរៀបការរួចហើយ!»
គាត់បញ្ចេញប្រតិកម្មគួរឱ្យស្រឡាញ់។ សម្លឹងមុខខ្ញុំជាមួយនឹងកែវភ្នែកស្រទន់ ហើយព្យាយាមញញឹមទាំងអួលដើមក ខ្ញុំដឹងច្បាស់ណាស់លោកពូ សម្តីរបស់ខ្ញុំវាយប្រហាទឹកចិត្តពូប៉ុនណា តែពូនៅក្លែងធ្វើជាសប្បាយចិត្តជំនួសខ្ញុំដើម្បីបន្លប់អារម្មណ៍ឈឺចាប់។
ពូសន្យាដាក់បង្គុយលើបង់ថ្មទាំងអស់សង្ឃឹម។ ខ្ញុំលួចញញឹមជាសម្ងាត់ហើយអង្គុយក្បែរគាត់ចាំស្តាប់ពាក្យបរិយាយបន្ត៖
«ដូចខ្ញុំប្រាប់អ៊ីចឹង! ខ្ញុំគ្រាន់តែចង់បំពេញក្តីស្រមៃរបស់លីន។ ខ្ញុំចង់ឱ្យលីនសប្បាយចិត្ត! ហើយឥឡូវ…តួនាទីរបស់ខ្ញុំចប់ហើយ»
ពូខូចចិត្តមែនទែនឬធ្វើលេងនឹង? បើអ៊ីចឹង…មានតែពូស្រឡាញ់ខ្ញុំហើយ? ពូពិតជាតួឯកក្នុងប្រលោមលោករបស់ខ្ញុំមែនទេ?
ពូសន្យាដើរទៅទាញហ្គីតារបស់គាត់ដែលបញ្ឈរចោលផ្អែកនឹងបង់អង្គុយ។ គាត់ប្រុងនឹងចាកចេញទាំងបែបនេះអ្ហែស? មិននិយាយតវ៉ាជាមួយខ្ញុំមួយម៉ាត់ទេអី? គ្រាន់តែខ្ញុំថារៀបការរួចភ្លាមចង់រត់ចេញតែម្តង បែបហ្នឹងហៅថាស្រឡាញ់ដែរ?ខ្ញុំខ្លាចគាត់រត់ចោលបាត់ ក៏រកនឹកសំនួរសួរផ្តេសផ្តាស ដើម្បីឃាត់ដំណើរគាត់៖
«ពូអាយុប៉ុន្មានហើយ?»
«ថាម៉េច?»
គាត់បែរក្រោយវឹងជ្រួញចិញើ្ចមសួរខ្ញុំយ៉ាងចម្លែក បែបមិននឹកស្មានថាខ្ញុំសួរគាត់យ៉ាងហ្នឹងទេ។ ខ្ញុំសម្លឹងមុខគាត់ តាមរយៈក្រសែភ្នែកដែលមានប្រៀបខ្លាំងលើបេះដូងរបស់គាត់៖
«សាមក្រាស់ចូលសែហើយទេដឹង? ម៉េចក៏ពូមិនព្រមយកប្រពន្ធ? មកចំណាយពេលធ្វើតាមសន្យាឆ្កួតឡប់មួយនេះធ្វើអី?»
គាត់នៅស្ងៀមមិនឆ្លើយ សូម្បីតែមុខរបស់ខ្ញុំក៏គាត់មិនខ្ចីសម្លឹងដែរ ដូចជាកំពុងរកនឹកចម្លើយកុហកខ្ញុំមិនឃើញទេដឹង? បើអ៊ីចឹងហើយ ម៉េចក៏មិននិយាយថា ពូស្រឡាញ់ក្មួយឱ្យចប់រឿងតែម្តងទៅ អាលនឹងខ្ញុំតបទៅវិញថា ខ្ញុំមិនទាន់រៀបការទេ នៅរង់ចាំសន្យាមួយនេះដដែល។
លោកពូស្រាប់តែដាក់អង្គុយនៅលើបង់ជាមួយនឹងទឹកមុខស្រពោន បើប្រាប់ការពិតពីឥឡូវបែបលែងបានឃើញមុខក្រញូវរបស់គាត់ទៀតហើយ។ ខ្ញុំអង្គុយក្បែរគាត់យ៉ាងកៀកស្និទ្ធយកតែមែនទែន តែគាត់ធ្វើធម្មតា ដូចជាគ្មានអារម្មណ៍រំភើប រំជើបរំជួលអ្វីបន្តិចសោះ ម្លោះហើយខ្ញុំនៅតែតាមជម្រេញមិនឈប់៖
«ហេតុអី?»
«វាជាទម្លាប់របស់ខ្ញុំ ដែលចូលចិត្តធ្វើឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្ត»
គាត់ព្យាយាមញញឹមទាំងដួងចិត្តកំពុងឆេះសន្ធៅ ព្រោះពាក្យលេងសើចរបស់ខ្ញុំ។ ពូសន្យាស្រាប់តែទាញសៀវភៅប្រលោមលោកពីដៃខ្ញុំហើយលើកបង្ហាញខ្ញុំសារជាថ្មី៖
«អរគុណសម្រាប់សៀវភៅនេះ! អានច្រើនដងពេក ខ្ញុំអាចចាំរាល់ពាក្យសន្ទនារបស់តួអង្គទាំងអស់ ហើយសឹងតែក្លាយខ្លួនទៅជាអ្នកនិពន្ធទៅហើយ។»
ខ្ញុំស្រាប់តែផ្ទុះសំណើច។ មិននឹកស្មានថាបុរសវ័យចំណាស់ម្នាក់ដែលមមាញឹកនឹងការងារ ស្រាប់តែចោលពេលវេលាទៅដោយឥតប្រយោជន៍មកធ្វើរឿងទាំងនេះដើម្បីបំពេញក្តីស្រមៃក្មេងស្រីធម្មតាដូចខ្ញុំទៅវិញ។ ខ្ញុំសម្លឹងមុខគាត់ពេញដោយក្តីស្រឡាញ់ និងអាណិតពេញបេះដូង៖
«តាំងពីតួហេងបានបោកប្រាស់ខ្ញុំមក ខ្ញុំមិនជឿរឿងស្នេហាក្នុងសៀវភៅនេះទៀតទេ។ ខ្ញុំគិតថា…វាគ្រាន់តែជារឿប្រតិដ្ឋតែប៉ុណ្ណោះ!»
«ចុះអូនតូចមិនគិតថា…រឿងប្រតិដ្ឋក្នុងប្រលោមលោក តែងតែឆ្លុះបញ្ជាំងពីរឿងពិតទេ?»
ពូសន្យាបើកភ្នែកធំសម្លឹងមើលខ្ញុំ ហាក់ចង់បញ្ជាក់ថា គាត់ជឿជាក់លើរឿងស្នេហាក្នុងប្រលោមលោកនេះខ្លាំងណាស់។ ហ៊ឹស…គិតថាក្មេងស្រីៗនឹងលង់ស្រឡាញ់កំលោះចាស់សង្ហាទាំងអស់មែនទេ? កុំតែពូជាមនុស្សប្រុសដែលគួរឱ្យស្រឡាញ់ទេ កុំអីខ្ញុំក៏មិនស្រឡាញ់ដែរ។
«ខ្ញុំមិនជឿទេ! ហើយខ្ញុំគិតថា គ្មានមនុស្សប្រុសណាហ៊ានធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីស្នេហាស្មោះអីនឹងដែរ។ ចុះពូ…កំពុងព្យាយាមសម្តែងធ្វើតួឯកមែនអ្ហែស?»
គាត់ញញឹមសោះកក្រោះងាកមុខចេញពីខ្ញុំ អារម្មណ៍របស់គាត់ពេលនេះដូចជាស្រស់ថ្លាជាងពេលមុនបន្តិច៖
«ស្រេចតែម៉ាលីនគិតចុះ តែខ្ញុំបានបំពេញសន្យាខ្ញុំរួចរាល់ហើយ»
ចេះមកបោកក្មេងទៅកើត។ មិនដឹងថាម៉ាក់គាត់ស្គាល់និស្ស័យកូនប្រុសតាំងពីចាប់កំណើតមកហើយទេដឹង បានជាដាក់ឈ្មោះត្រូវអីយ៉ាងនេះ។ ឬមួយក៏មកពីគាត់ឈ្មោះសន្យា បានជាចូលចិត្តគោរពតាមសន្យារបស់អ្នកដទៃទាំងម្ចាស់ខ្លួនគេមិនដឹងយ៉ាងហ្នឹង?
«ធ្វើម៉េចខ្ញុំដឹងថា…ពូមកទីនេះរាល់ថ្ងៃទៅ?»
«គិតថាខ្ញុំកុហកក្មេងមែន?»
«ខ្ញុំមិនដឹងទេ! ពូ…មួយឆ្នាំមុនបើសិនជាពូរៀបការប្រហែលជាមានកូនមួយហើយមែនអ្ហែស?»
ពាក្យសម្តីតែប៉ុន្មានម៉ាត់របស់ខ្ញុំស្រាប់តែធ្វើឱ្យលោកពូសើចបញ្ចេញស្នាមជ្រួញនៅចុងកន្ទុយភ្នែក ដូចអារម្មណ៍សោកសៅរបស់គាត់បានរសាយចេញពីខ្លួនខ្លះហើយ។ បើដឹងថាខ្ញុំនៅរង់ចាំគាត់ពេញមួយឆ្នាំទៀត មិនដឹងថាអរហោះដល់ឋានណាទេលោកពូ។
«ឱ្យខ្ញុំរៀបការម៉េចទៅ? បើតួឯកស្រីរបស់ខ្ញុំមិនព្រមបង្ហាញខ្លួនផង!»
ខ្ញុំស្រាប់តែអៀនឡើងចង់រឹងខ្លួន មិនប្រាប់ក៏ដឹង តួឯកស្រីរបស់គាត់ប្រាកដជាសំដៅមកខ្ញុំហើយ។ មិនដឹងជាចាស់ស្អីទេ មកនិយាយខាបអារម្មណ៍ក្មេងយ៉ាងហ្នឹង៖
«ចុះពូមិនខ្លាចគេគិតថា…ពូជាគោចាស់ចង់ស៊ីស្មៅខ្ចីទេអ្ហែស?
«អ្នកណាថា បើគោចាស់សង្ហាជាងស្មៅខ្ចីទៅទៀតនោះ!»
«ពូសន្យា…! ពូចង់ថាខ្ញុំមុខចាស់មែន?»
ស្តាប់គាត់និយាយចុះសរសើរខ្លួនឯងឱ្យទាល់តែបាន ហើយមកនិយាយឌឺដងថាខ្ញុំជាក្មេងស្រីមុខចាស់ទៀត។ ឃើញខ្ញុំមុខជូរគាត់ស្រាប់តែសើចបញ្ចេញថ្ពាល់ខួចទាំងសង។ ស្នាមញញឹមនេះហើយដែលធ្វើឱ្យខ្ញុំចេះតែស្រមៃឃើញបុរសក្នុងសុបិនមិនដែលបាត់មួយយប់សោះ។
«នៅសើចទៀត! ខ្ញុំនេះឆ្កួតហើយ ដែលចំណាយពេលមកអង្គុយឃ្លាំមើលពូរាល់ថ្ងៃនោះ។»
លោកពូស្រាប់តែបើកភ្នែកធំសម្លឹងខ្ញុំ។ អ៊ីយ៉ាៗ…សង្ស័យអរដល់ថ្នាក់គាំងរកនិយាយអ្វីមិនចេញហើយ៖
«ពិតមែន? នេះក្មេងតូចមកអង្គុយចាំមើលខ្ញុំរាល់ថ្ងៃ?»
ខ្ញុំបានឃើញពន្លឺអ្វីម្យ៉ាងនៅក្នុងកែវភ្នែករបស់គាត់។ គ្រាន់តែដឹងថាខ្ញុំមកតាមឃ្លាំមើលគាត់រាល់ថ្ងៃភ្លាមស្រមោលព្រាលៗដែលជាស្រមោលសោកសៅនោះក៏រសាត់អស់ពីថ្ងាសទូលាយ។ បេះដូងចាប់ផ្តើមដំណើរការវិញហើយមិនដឹង៖
«ចា…! បើមិនមកម៉េចនឹងខ្ញុំដឹងថា ពូជាមនុស្សឆ្កួតជាមួយពាក្យសន្យាក្នុងសៀវភៅនឹងទៅ!»
ពូសន្យាញញឹមឡើងពព្រាយ ធ្វើឱ្យខ្ញុំអៀនខ្លាំងមិនហ៊ានប្រឈមមុខនឹងគាត់ទៀត។ តែពេលនោះតួហេងស្រាប់តែមានវត្តមាននៅពីមុខយើងទាំងពីរនាក់យ៉ាងច្បាស់ចែស កាត់ផ្តាច់អស់មនោសញ្ចេតនាស៊ីអារម្មណ៍របស់យើងទាំងពីរ។ ខ្ញុំភ្ញាក់ព្រើតដូចជាន់ចំកពស់វែក។ ពូសន្យាសម្លឹងមុខខ្ញុំធ្វើឱ្យភាពរីករាយទាំងអម្បាលម៉ានរលាយហ្មត់ដូចអំបិលត្រូវទឹក។
មុខតួហេងស្រពាប់ស្រពោនខ្លាំងណាស់ហាក់ដូចមានវិបត្តិយ៉ាងធ្ងន់ធ្ងរ៖
«ម៉ាលីន!»
ខ្ញុំក្រោកឈដើរទៅរកតួហេងទាំងមិនបានចាប់អារម្មណ៍ពីពូសន្យាថាគាត់បញ្ចេញកាយវិការបែបណាទេ៖
«ម៉េចក៏នៅទីនេះ? ហេងសុខសប្បាយតើអី?»
គេចេះតែឱនមុខចុះមិនហ៊ានសម្លឹងខ្ញុំចំ។ កុំប្រាប់ណាតួហេង ថាសង្សារថ្មីលោកទាត់លោកចោលមែន។ បើអ៊ីចឹងឱ្យសមមុខចុះ។ ទំនាយរបស់ខ្ញុំច្បាស់ជាស័ក្តិសិទ្ធិអ៊ីចឹងហើយ។ មួយសន្ទុះក្រោយទើបគេព្រមហើបមាត់និយាយថ្នមៗ៖
«មិនសុខទេ… ព្រោះខ្ញុំនឹកម៉ាលីន!»
«នឹកខ្ញុំ? ហាស ហាស គួរឱ្យចង់សើចណាស់។»
ខ្ញុំអស់សំណើចពិតមែន វាមិនមែនជាការសម្តែងដើម្បីឌឺដងឱ្យសង្សារចាស់នោះទេ។ ខ្ញុំចង្អុលខ្លួនឯងទាំងហួសចិត្តពេលឮគេនិយាយថានឹកខ្ញុំ តែមើលទៅគេចុះ ម៉េចក៏គួរឱ្យអាណិតខ្លាំងអីដល់ថ្នាក់នេះ? មុខដូចជាចង់យំហើយ។
«ហើយចុះមិត្តស្រីរបស់លោក?»
«កុំរឭកពីនាងអី នាងមិនមែនជាស្នេហាពិតរបស់ខ្ញុំទេ!»
ជ្រេញណាស់លោកបងសក់ពណ៌ត្រួយចេក។ ចេះមកនិយាយរឿងស្នេហាពិតមិនចេះអៀនមាត់សោះ ហើយចុះពាក្យសម្តីដែលនិយាយគ្នាកាលពីមួយឆ្នាំមុនបាត់ទៅណាអស់ហើយ? ក្រែងថាមិនខ្វល់ពីស្នេហាពិតឯណាហី? ចេះមកនិយាយបោកគ្នាទាំងរស់ទៅកើត បើគេមិនមែន ចង់ថាខ្ញុំឬដែលជាស្នេហាពិតរបស់លោក?
«រួចចុះខ្ញុំ? ខ្ញុំជាស្នេហាពិត? អូខេ…ខ្ញុំអត់ឱនទោសឱ្យលោកចុះ!»
តួហេងអរលោតកញ្ឆេង គេសប្បាយចិត្តខ្លាំងណាស់មើលទៅបានជាមកចាប់ដៃខ្ញុំយ៉ាងស្អិតបែបនេះ។ មុខលោកហ្នឹងអ្ហែសទុកខ្ញុំជាស្នេហាពិត? សប្បាយសិនទៅសង្សារស្ទាវ។ ហ៊ឹម…និយាយបែបហ្នឹងមិនដឹងថាពូសន្យាមានអារម្មណ៍យ៉ាងណាទេ តិចគាត់ស្រាប់តែរត់ទៅផ្ទះបាត់ទៅ? អំឡុងពេលដែលមុខតួហេងរីកដូចគ្រាប់ជី គាត់ប្រហែលកំពុងចងមុខដូចគេចាប់វាយហើយ។
«អរគុណណាស់ HONEY»
«ប៉ុន្តែ…ខ្ញុំចង់ឱ្យលោកបង្ហាញស្នេហ៍ពិតដល់ខ្ញុំ»
គេញញឹមក្របួចដូចជាជឿជាក់ខ្លួនឯងណាស់ហើយ៖
«បង្ហាញស្នេហ៍ពិត…បាន! អូនចង់ឱ្យបងធ្វើអ្វីប្រាប់មកចុះ!»
«វាងាយស្រួលទេតួហេង! លោកគ្រាន់តែលោតចូលទៅក្នុងទឹកទន្លេ ហើយហែលទឹកលេងរយៈពេលមួយម៉ោងទៅ! ម៉េច? លោកអាចធ្វើបានទេ?»
គេព្រលែងដៃខ្ញុំចេញយ៉ាងប្រញាប់។ អ៊ីយ៉ាបែបសើចលែងសមហើយតើ? ច្របូកច្របល់ខ្លាំងណាស់អីបានជាឡេងឡង់មើលឆ្វេងស្តាំមិនឈប់យ៉ាងនេះ។ ខ្ញុំលួចងាកមើលទៅពូសន្យា មិនដឹងសោះថាគាត់អង្គុយសើចយ៉ាងសម្ងាត់។ បែបហួសចិត្តនឹងលក្ខខណ្ឌដែលខ្ញុំដាក់ឱ្យតួហេងហើយមើលទៅ។
ខ្ញុំដើរទៅអង្គុយក្បែរពូសន្យាឱបដៃធ្វើហី។ មើលគេចុះ ដើរលបៗទៅអើតទឹកទន្លេមុខស្លេកដូចមាន់ស្ងោរ។ គ្រាន់តែរឿងប៉ុណ្ណឹងសោះ ធ្វើដូចមេឃរលំបាក់សង្កត់លើអ៊ីចឹង។ បើខ្លាំងមែនម៉េចក៏មិនលោតទៅ។
អ៊ីយ៉ាៗ…ប្រភីសប្រភូសវីសតែនឹងដួលខ្ពោកចូលទន្លេគ្រាំទៅហើយ។ ល្អសើចណាស់មួយឆាកនេះ សង្សារស្ទាវអើយខ្ញុំក៏មិនចង់ធ្វើបាបបងប៉ុន្មានដែរ តែមកពីបងមើលមិនឃើញតម្លៃអូនខ្លួនឯងទេតើ។ ខ្ញុំបានចិត្តក៏និយាយតឿនគេបន្ថែម៖
«តួហេងលឿនឡើង!»
គេស្រាប់តែបែរក្រោយសម្លក់ខ្ញុំទាំងកំហឹងពេញមុខហើយស្រែកឡើងមួយទំហឹង៖
«អត់ទេ……..!»
………………………….
«ទីតៗៗៗ»
ជាសំឡេងកាប៉ាល់ធំទេតើ!
«អាលីន!»
ខ្ញុំភ្ញាក់ព្រើត បើកភ្នែកសម្លឹងមើលឆ្វេងស្តាំ។ ខ្ញុំឃើញគ្រប់យ៉ាងរក្សាសភាពដដែល សូម្បីតែពូសន្យាដែលអង្គុយដេញហ្គីតាក៏នៅដដែល មើលមកខ្លួនឯងវិញទាំងចិញ្ចើមជ្រួញចូលគ្នាពិចារណា…សម្លៀកបំពាក់ខ្ញុំមិនបានប្តូរ ស្បែកជើងក៏អត់? អូ…ខ្ញុំចាំបានថា អម្បាញ់មិញ តួហេងបានយកស្បែកជើងខ្ញុំទៅបាត់ហើយ បើអ៊ីចឹងមានន័យថា អម្បាញ់មិញខ្ញុំដេកយល់សប្ត?
ខ្ញុំអង្គុយចាំមិត្តភក្តិរហូតដល់ដេកលក់ ហើយស្រមៃវែងឆ្ងាយយ៉ាងនេះផង?
ខ្ញុំខំរកមើលតួហេងក្រែងអម្បាញ់មិញជាការពិត តែគ្មានឃើញស្រមោលគេទេ ឃើញតែម៉ាណែតមិត្តសម្លាញ់របស់ខ្ញុំដើរមកញញឹមស្រស់កាន់ស្បោងម្ជូរសំដៅមករកខ្ញុំ។ យ៉ាងម៉េចអ៊ីចេះ? អង្គុយផ្អែកខ្នងជាប់ដងទង់ជាតិមួយភាំងអម្បាញ់មិញសោះយល់សប្តវែងឆ្ងាយដល់ម្លឹងអី?
ប្រហែលជាសំឡេងស្រែករបស់តួហេងក្នុងយល់សប្តបូកនឹងសំឡេងស៊ីផ្លេទូកនេះហើយដែលធ្វើឱ្យខ្ញុំភ្ញាក់ដឹងខ្លួនវិញនោះ។ ម៉ាណែតអង្គុយក្បែរខ្ញុំ រួចដាក់ស្បោងម្ជូរនិងកែវទឹកអំពៅនៅចំកណ្តាល មើលនាងចុះសើចញឹមៗមិនដឹងជាកើតស្អីទេ។
«កុំប្រាប់យើងថាឯងដេកលក់ណា»
ខ្ញុំធ្វើមុខជ្រេញសម្លក់នាងជើងល្អម្នាក់នេះ។ នៅមកនិយាយឡូយទាំងមិនដឹងខ្លួនខុសទៀត បើកុំតែគេមកយឺតដល់ទៅជិតមួយម៉ោង ស្មានថាខ្ញុំអាចអង្គុយដេកនៅទីសាធារណៈខ្មាសគេយ៉ាងនេះទេ។ ខ្ញុំឆ្លើយធ្វើហីមិនមើលមុខគេ៖
«អ៊ឹម…ថែមទាំងយល់សប្តិទៀតផង»
«យល់សប្ត? ហើយមួយភ្លែតហ្នឹង? ប៉ិឯងយល់សប្តឃើញអី?»
ខ្ញុំខឹងនឹងស្រីឆ្កួតនេះណាស់ដែលមកភ្ញាក់ផ្អើលឌឺដងស្រែកសឹងតែបែកទឹកទន្លេ…តែបើនិយាយពីរឿងយល់សប្តអម្បាញ់មិញនេះវិញ ខ្ញុំស្រាប់តែមានអារម្មណ៍ល្អ ហើយសប្បាយចិត្តចម្លែក។ ខ្ញុំមិនខ្វល់តបនឹងមិត្តសម្លាញ់តែលួចមើលទៅពូសន្យាដែលអង្គុយដេញហ្គីតានៅមិនឆ្ងាយពីទីនោះ។ ម៉ាណែតក៏ស្រាប់តែសរសៀរមកក្បែរខ្លួនខ្ញុំ
«អ្ហេ…! គាត់សង្ហា ច្រៀងក៏ពីរោះ…អ្ហែងចូលចិត្តគាត់មែនពួកម៉ាក?»
គ្មានអ្នកណាដឹងចិត្តខ្ញុំ ហើយស្គាល់ខ្ញុំច្បាស់ជាងយាយចាស់ម្នាក់នេះទេ។ គេធ្វើឱ្យខ្ញុំអៀនមុខក្រហមង៉ូវ បានត្រឹមតែទំពារម្ជូរដែលនៅក្នុងមាត់បន្លប់ខ្សែភ្នែកដេញដោលរបស់គេ ហើយងក់ក្បាលតិចៗជាសញ្ញា។ នាងនោះស្រាប់តែបើកភ្នែកធំក្រឡោត ចង្អុលមុខខ្ញុំជាប់៖
«កុំប្រាប់យើងថាឯងយល់សប្តឃើញគាត់ហាស…?»
«The man in dream !!! »
ពួកយើងទាំងពីរលាន់មាត់ដំណាលគ្នា សើចសឹងតែផ្អើលអ្នកដែលនៅម្តុំនោះ
« អ៊ើយស្រីឆ្កួត…មនុស្សចាស់ក៏ឯងមិនលើកលែងដែរ។ តែ…ចាស់សង្ហា…»
ម៉ាណែតកាន់តែនិយាយធ្វើឱ្យខ្ញុំអៀននឹងពាក្យចំអន់របស់នាងយ៉ាងខ្លាំង។ មានអី…! សូម្បីតែយាយកញ្ចាស់មិត្តខ្ញុំក៏មើលឃើញពូសន្យាសង្ហាដូចជាខ្ញុំដែរ។ ពួកយើងទាំងពីរនិយាយសើចៗ តែមិនដឹងថាពូសន្យាបានឮពីកិច្ចសន្ទនារបស់យើងដែឬអត់ បើសិនជាគាត់ពិតជាបានស្តាប់ឮមែន មិនរស់ទេខ្ញុំ…!
ខ្ញុំចេះតែលួចសម្លឹងមើលទៅពូសន្យាជាញយដង ពេលនោះខ្ញុំឃើញគាត់ឈប់ដេញហ្គីតាហើយលើកសៀវភៅប្រលោមរបស់ខ្ញុំមកបង្ហាញមុនពេលដែលគាត់ចាប់បើកទំព័រសៀវភៅនោះអាន។ តើគាត់ចង់បង្ហាញពីអ្វីឱ្យប្រាកដទៅ? ពាក្យសម្តីនិងកាយវិការរបស់គាត់ តើពិតដូចក្នុងសុបិនដែលខ្ញុំបានឃើញអម្បាញ់មិញនេះដែទេ? គាត់ពិតជាចង់ធ្វើតួឯកក្នុងចិត្តរបស់ខ្ញុំមែនអ្ហែស? ឬមួយមកពីខ្ញុំគិតច្រើនម្នាក់ឯងពេកទេដឹង? ហ៊ឹម…ដូចជាពិបាកសន្និដ្ឋានដល់ហើយ បើខ្ញុំចេះសីល ខ្ញុំនឹងចូលទៅក្នុងបេះដូងរបស់ពូ ដើម្បីឱ្យដឹងថាពូគិតមកលើខ្ញុំយ៉ាងណាឱ្យពិតប្រាកដ។ ឬមួយការយល់សប្តរបស់ខ្ញុំទាំងកណ្តាលថ្ងៃនេះ គ្រាន់តែជាការយល់សប្តទេ????
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ