អ្នកនិពន្ធ មុីសន សុធារី ណែនាំថា “ធ្វើការងារសំខាន់ៗម្តងមួយៗឱ្យម៉ត់ចត់”

បំណងថា ធ្វើការងារជាច្រើនក្នុងពេលតែមួយ ហើយរហ័សផង មិនមែនអាចប្រើបានគ្រប់តែពេលទេ។ ប្រភេទ The five-minute rule (ក្បួន៥នាទី) គឺអាចទៅរួចសម្រាប់តែប្រភេទការងារតូច និងបន្ទាន់ តែមិនមែនមកអង្គុយសរសេរ Proposal ឬ Action Plan មួយ ហើយប្រើ The five-minute rule ឡើយប្អូន។ នេះជាការលើកឡើងរបស់អ្នកនិពន្ធ មុីសន សុធារី ក្នុងន័យចែករំលែកបទពិសោធការងារដល់សាធារណជន ពិសេសយុវវ័យ ក្នុងពេលបំពេញកិច្ចការអ្វីមួយ។

ក្នុងការបំពេញអ្វីមួយ អ្នកនិពន្ធរូបនេះ ណែនាំថា ការងារបន្ទាន់ ត្រូវតែជាអទិភាពចម្បងគេដែលយើងត្រូវបញ្ចប់ រួចសឹមបិទទ្វារបន្តការងារសំខាន់ ពោលជាប្រភេទការងារដែលត្រូវការផ្ចង់ ច្នៃ និងស្រាវជ្រាវស្ងប់ស្ងាត់ មិនខឹង មិនរំជួលចិត្ត និងបំពេញកិច្ចការនោះឱ្យកាន់តែមានស្តង់ដារខ្ពស់ឡើងៗជានិច្ច ពីលទ្ធផលមួយទៅមួយថ្មីទៀត។ អ្នកស្រីថា “ជាទម្លាប់ខ្ញុំ ខ្ញុំនិយមឱ្យឈ្មោះកិច្ចការ ឬគម្រោងធំៗថា New Baby ដែលអាចត្រូវការថ្នមដៃ ចំណាយពេលជាមួយ និងយកចិត្តទុកដាក់ខ្លាំង” ។

អ្នកស្រីបន្តដូច្នេះថា ទោះយ៉ាងណា ចន្លោះពេលវេលាដែលប្លុកនោះក្តី ត្រូវមានការសម្រាកខ្លះ។ ធម្មតាពី ២ម៉ោងទៅមួយព្រឹក ត្រូវបង្អង់ចេញមកសិន សម្រាក!!! កាត់បន្ថយភាពតានតឹងទោះបីមិនទាន់ចប់ក្តី។ ក្រៅពីសម្រាកខ្លីៗជាញឹកញាប់ ពី១០-២០នាទី អាចសម្រាកចន្លោះថ្ងៃត្រង់ ពីម៉ោង១២ ដល់ម៉ោង ២រសៀល (នេះឯងដែលគេឃើញថា មានការសម្រាកខុសគ្នារវាងអ្នកសរសេរគម្រោងធំៗនិងអ្នកធ្វើការងារបន្ទាន់តូចៗ)។ មន្ត្រី ឬបុគ្គលិក ដែលមានសក្តានុពលប្រភេទនេះ គេមិនវាស់ម៉ោងពេលគាត់ទៀតទេ គេមើលលើលទ្ធផលធំៗយកជាសូចនាករតែម្តង ធ្វើអីធ្វើទៅ សម្រាកម៉េចសម្រាកទៅ តែ Deadline ត្រូវកំណត់ឱ្យច្បាស់ និងទៀង ម៉ាត់ប្រាយ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*