សមាគមអ្នកនិពន្ធ បើកវគ្គ “សរសេរអត្ថបទភាពយន្ត” កំណត់យកសិក្ខាកាមត្រឹម ២០នាក់

យោងតាមការជូនដំណឹងរបស់ គណៈកម្មការបណ្តុះបណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្តីពី វគ្គបណ្តុះបណ្តាលអ្នកនិពន្ធ ជំនាន់ទី៣៦ បានឱ្យដឹងថា សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាតែងនិពន្ធលើមុខជំនាញ “ការសរសេរអត្ថបទភាពយន្ត” ចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដោយជ្រើសរើសសិក្ខាកាមត្រឹម ២០រូបប៉ុណ្ណោះ។

តាមការបញ្ជាក់ សម្រាប់វគ្គបណ្តុះបណ្តាលលើមុខជំនាញនេះ នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៤ថ្ងៃ/សប្តាហ៍ ពោលគឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៥:៣០នាទីល្ងាច ដល់ម៉ោង ៧:៣០នាទីយប់ (រយៈពេលសិក្សាសរុប ៣០ម៉ោង) ។

ទន្ទឹមនឹងការផ្តល់ឱកាសសម្រាប់សិក្ខាកាម ២០រូបនេះ គណៈកម្មការបណ្តុះបណ្តាល បញ្ជាក់ដែរថា ចំពោះអតីតសិក្ខាកាមជំនាន់ទី ៣៤ និង ៣៥ ដែលមានបំណងបន្ត ឬបំពេញបន្ថែមជំនាញនេះ គឺត្រូវបានលើកទឹកចិត្ត និងផ្តល់អទិភាពជូន។

គួរជម្រាបថា សម្រាប់អ្នកដែលមានបំណងចង់ដាក់ពាក្យសិក្សា អាចស្វែងរកដាក់ពាក្យនៅទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ ដែលស្ថិតក្នុងបរិវេណវត្តបទុមវតីបាន ឬអាចផ្ញើតាមរយៈ​អុីម៉ែលសមាគម [email protected] ឬ ទំនាក់ទំនងទៅកាន់ ០១៦ ៧៤០ ៦៥៩ (Telegram) ០៩២/០៨៦ ៧៨៨ ៩៩០ (Telegram) ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*