រឿង៖ សូមទោសប្រពន្ធ

ខ្ញុំមិនធ្លាប់គិត មិនហ៊ានសូម្បីស្រមៃ ថារឿងបែបហ្នឹងវាអាចកើតឡើងបាន ប៉ុន្តែរឿងគឺចាប់ផ្តើមពីចំណុចនេះ

«បើProject នេះបរាជ័យព្រោះកាធ្វេសប្រហែសរបស់លោក ខ្ញុំមិនលើកលែងឱ្យលោកដាច់ខាត!»

ខ្ញុំជាបុគ្គលិកមកថ្មី ហើយក៏ជាក្រុមតែមួយជាមួយនាង តែមិនគួរណាថ្ងៃដំបូង ខ្ញុំត្រូវគេយល់ច្រឡំកម្រិតធ្ងន់ធ្ងរ ទាំងមិនទាន់ស្គាល់កន្លែងផឹកទឹកផង ហើយខ្ញុំទៅធ្វើឱ្យកាហ្វេប្រឡាក់ឯកសារនាងយ៉ាងម៉េចបាន?

ខ្ញុំហួសចិត្តដែលគេមិនទុកឱកាសឱ្យខ្ញុំបានបកស្រាយអ្វីបន្តិច បើគ្រាន់តែថ្ងៃទីមួយធ្វើឱ្យគេស្អប់ម្លឹងហើយ ខ្ញុំអាចទៅធ្វើការជាមួយគេបានប៉ុន្មានទឹក?

នាងឈ្មោះភក្រណា ជាមេពិធីការ ដែលល្បីថាពូកែ ម៉ឺងម៉ាត់ ស្ទុះស្ទា មានគំនិតច្នៃប្រតិដ្ឋ មួយម៉ាត់ទៀតដែលឮមកក្រៅពីការងារ គឺសោះកក្រោះខ្លាំង ហើយរាល់គម្រោងរបស់នាងមិនសូវបរាជ័យធ្លាក់ទៅដៃគូប្រកួតប្រជែងឡើយ។

គម្រោងដែលមិនដឹងអ្នកណាធ្វើឱ្យកាហ្វេកំពប់ប្រឡាក់ ហើយមកចោទខ្ញុំដែលអង្គុយក្បែរនោះ ព្យាយាមជូតសម្អាត តែត្រូវគេចោទជាអ្នកធ្វើ គឺផ្សារទំនើបធំរបស់អ្នកវិនិយោគជប៉ុន ហើយនាងត្រូវធ្វើបទបង្ហាញថ្ងៃនេះ។

ខ្ញុំអត់ដឹងធ្វើអីមានតែអង្គុយបន់ឱ្យគេចិត្តទូលាយប៉ុណ្ណឹងឯង យ៉ាងណាគ្រាន់តែឯកសារប្រឡាក់ អាចព្រីនថ្មីបាន វាអាចថានិងយឺតបន្តិចតែ…

«ពេលវេលាសំខាន់ណាស់លោកមិនមែនមិនដឹងទេ? បើគ្រាន់តែរឿងប៉ុណ្ណឹងគ្រប់គ្រងមិនបាន ចង់ឱ្យគេមកទុកចិត្តបោះលុយរាប់លាន ធ្វើការជាមួយលោកយ៉ាងម៉េច?»

ខ្ញុំស្តាប់ហើយមានអារម្មណ៍ថាហួសចិត្ត តែក៏មិនតវ៉ា បើមើលទៅនាងគ្មានហេតុផលយ៉ាងនេះ។ សំខាន់ខ្ញុំមិនមែនក្មេងទេ ហើយក៏មិនមែនចូលធ្វើការថ្ងៃទីមួយដែរ តែឧបទ្ទវហេតុវាកើតឡើងអ្នកណាទៅមើលឃើញ? ហើយវាជាកំហុសខ្ញុំ?

គេកញ្ឆក់ឯកសារចេញទាំងមិនភ្លេចសម្លក់។ យ៉ាងហោចណាស់គួរយល់ខ្ញុំជាអ្នកមកថ្មី ថ្ងៃដំបូង តែមិនស្មានគេលេងស្វាគមន៍យ៉ាងចាស់ដៃ ល្អដែលបន្ទប់នេះមានតែពីរនាក់ ចុះបើអ្នកដទៃឃើញរឿងហេតុនេះ? ខ្ញុំត្រូវខ្មាសគេប៉ុនណា?

ខ្ញុំទៅផ្ទះវិញទាំងមិនអស់ចិត្ត អ្នកណាទៅអារម្មណ៍ល្អកើត មកចួបមិត្តរួមការងារបែបនេះថ្ងៃទីមួយ។

តែសំណាងខ្ញុំមានប្រពន្ធល្អម្នាក់ដែលយល់ចិត្ត បើទោះតប់ប្រមល់យ៉ាងណា ខ្ញុំធូរស្រាលពេលឃើញស្នាមញញឹមនាង។

«យ៉ាងម៉េចដែរការងារបងថ្ងៃដំបូង?»

កុំឱ្យតែនឹកឃើញមុខគ្មានជាតិម្នាក់ហ្នុង ខ្ញុំលែបបាយតឹងចិត្តណាស់។

«ត្រូវគេស្វាគមន៍យ៉ាងចាស់ដៃ!»

ប្រពន្ធខ្ញុំលើកចិញ្ចើមសម្លឹងមុខ៖

«ក្រុមការងារកាចៗណាស់បង? ឬចូលភ្លាម បានប៉ះគម្រោងធំភ្លាម?»

«គឺប៉ះមនុស្សស្រីមានបញ្ហាផ្លូវចិត្តច្រើនជាង!»

ប្រពន្ធខ្ញុំសើចដែលមិនធ្លាប់ឃើញប្រតិកម្មខ្ញុំបែបនេះពីមុនមកទេ នាងលួចស្តីថាខ្ញុំម៉េចក៏ចេះចិត្តចង្អៀត ប្រកាន់ច្រើន ទាំងដែលពីដើមខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ។

ខ្ញុំធ្ងន់ណាស់ទេតើ ទើបមិនតបតទៅនាងនៅក្រុមហ៊ុនពេលហ្នុងទេ ចាំមើលស្អែក ខ្ញុំមិនសង្ឃឹមថាមនុស្សស្រីដូចនាងនិងចេះនិយាយសុំទោសឬអត់ តែខ្ញុំមិននិយាយរកមុនដាច់ខាត បើទោះខ្ញុំជាអ្នកថ្មីក៏ដោយ។

ធានីដែលជាអ្នកគ្រប់គ្រងគឺជាមិត្តសម្លាញ់ខ្ញុំគេហៅប្រជុំព្រឹកនេះបន្ទាន់ដូចដឹងថាខ្ញុំនិងភក្រណាមិនស្តីរកគ្នា។

«គេសម្រេចហើយចុះកុងត្រាបីឆ្នាំ ធ្វើបានល្អណាស់ភក្រណា!»

គម្រោងជោគជ័យ មេសរសើរតែខ្ញុំមិនឃើញនាងញញឹមអ្វីបន្តិច មុខស្មើឱ្យដូចទឹកសមុទ្ទដែលគ្មានខ្យល់ ខ្ញុំហ៊ានថា លើកទីមួយហើយដែលខ្ញុំចួបមនុស្សស្រីខ្សត់ស្នាមញញឹម ខ្សត់សម្តីជាមួយមិត្តរួមការងារដូចនាងបែបនេះ បើទោះខ្ញុំប្រឡូកជិតប្រាំឆ្នាំក៏ដោយ។

គេអង្គុយធ្មឹងសម្លឹងមុខធានី។ ពូហ្នឹងក៏ដូចយល់ចិត្តកូនចៅគេម្នាក់នេះច្បាស់ដែរ ទើបអត់មានប្រតិកម្មអីទៅនឹងចរិតនាង។ តែគេក៏បែរមកញញឹមដាក់ខ្ញុំហើយនិយាយបន្ត៖

«ក៏ព្រោះបានជំនាញជិះម៉ូតូអត់ដង្ហើមរបស់ពុទ្ធី ទើបឯកសារបានទៅដល់ភក្រណាទាន់ពេល»

នាងដកភ្នែកចេញពីធានីហើយទម្លាក់មុខចុះ។ អូ! ការពិតដឹងហើយមែន? ថាខ្ញុំជាអ្នកប្រថុយយ៉ាងណាជិះម៉ូតូកន្លុកកន្លៀតគេចស្ទះផ្លូវយកទៅឱ្យនាងទាន់ពេលទាំងមិនគិតពីសុវត្ថិភាពខ្លួនឯង ទើបបានជាព្រឹកមិញ គ្រាន់តែមិនស្តីរកខ្ញុំធម្មតា តែមិនបានសម្លក់? អ៊ីចឹងសោះ។

«ហើយក៏ចង់ប្រាប់ដែរថា កាហ្វេនោះ ជារបស់ខ្ញុំទេ…បែបនេះណាភក្រណា ទើបខ្ញុំប្រញាប់រត់ទៅព្រីនឯកសារ​ចួនពេលដែលពុទ្ធីជួយសម្អាត…គឺអ៊ីចឹងឯង! សូមទោស!»

ខ្ញុំគ្រឺតអាធានីចង់ឡើងស្លេះហើយ វាញញឹមដាក់ខ្ញុំព្រោះយល់ថាខ្ញុំចង់ធ្វើស្អីវា។ បើពេលនេះមិនមែននៅក្រុមហ៊ុន ហើយវាឋានៈចៅហ្វាយខ្ញុំ ម្ល៉េះសមខ្ញុំប្រដៅវាចេញម្តង ល្អណាស់ដែលឱ្យកូនចៅវាមកជេរខ្ញុំអស់ចិត្តហើយទើបចេញមុខមកនិយាយ។

ហើយគេក៏នៅបន្តស្ងាត់មាត់ ខ្ញុំអត់ឆ្ងល់សមត្ថភាពធ្វើការរបស់នាងទេ ព្រោះដឹងថាគេពូកែ តែខ្ញុំឆ្ងល់រាល់ថ្ងៃគេរស់នៅបែបម៉េចជាមួយមនុស្សជុំវិញខ្លួន? បើនិយាយស្តីខ្លាចធ្លាក់ព្កុលមាសយ៉ាងនេះ។

បន្ទាប់ពីនោះយើងក៏ត្រូវមានគម្រោងថ្មីជាមួយគ្នា។ តាមថានាងចង់ធ្វើវាម្នាក់ឯង តែធានីចង់ឱ្យនាងបង្រៀនខ្ញុំ វាគេចពីការពិភាក្សា ឬនិយាយរកគ្នាចៀសមិនរួចនោះទេ តែបើនាងធ្វើបានដោយមិននិយាយរកខ្ញុំសោះគឺអស្ចារ្យពេកហើយ។

ហើយក៏ជាស្រីអស្ចារ្យដែលខ្ញុំមិនប្រទះសោះ។

អង្គុយក្បែរគ្នាមើលគម្រោងជាមួយគ្នានាងមិននិយាយបែរជាសរសេរសារ?

រឿងហេតុបង្ហាញច្បាស់ណាស់ថាមិនមែនជាកំហុសខ្ញុំ នាងមួយម៉ាត់មិនសូមទោស សូម្បីសម្លឹងមើលខ្ញុំបន្តិចដើម្បីបញ្ជាក់ថានាងខុសជេរខ្ញុំច្រឡំក៏គ្មាន ហ៊ឹម…ខ្ញុំក្នាញ់បើថាអាចលេបបានខ្ញុំលេបនាងទុកក្នុងពោះ។

«ឯងប្តូរយើងចេញទៅធានី!»

វាសើចគោះស្មារខ្ញុំមិនខ្វល់អារម្មណ៍ធុញទ្រាន់ដែលខ្ញុំត្រូវទ្រាំធ្វើការជាមួយភក្រណាស្រីលេងចរិតនោះ។ ខ្ញុំតប់ប្រមល់ណាស់ ប្រុសសង្ហាដូចខ្ញុំមានតែស្រីៗរោមក្បែរ មានភាពទាក់ទាញ រួសរាយ ធ្វើការងារអ្វីក៏រលូនដែរ តែមកប៉ះនាង បំបាក់សុភាពបុរសខ្ញុំអស់ គ្មានអារម្មណ៍ធ្វើការ។

«ភក្រណាបែបហ្នឹងតាំងពីដើម មិនមែននាងលេងចរិត តែធម្មជាតិនាងបែបនេះ! តែឯង មានសង្កេតឃើញអ្វីផ្សេងទេ?»

ខ្ញុំសម្លឹងមុខវាហើយក៏គិតមុនពេលលើកវីសស្គីមកក្រេប៖

«គេចូលចិត្តនិយាយត្រង់ទៅត្រង់មក! ស្ងៀមស្ងាត់ តែឯងដឹងទេ យើងឧស្សាហ៍ឃើញនាងលួចញញឹមម្នាក់ឯងក្រោយខ្នងតែញ៉យ!»

«ហ្នឹងហើយ!»

វាវាយស្មារខ្ញុំខ្លាំងដៃជាងមុន ចង់ប្រាប់ថាសម្បកក្រៅនាងរឹងរុស តែទន់ភ្លន់ខាងក្នុង?

«យើងមិនសូវខ្វល់រឿងទាំងនោះទេពេលស្គាល់នាងច្បាស់ សំខាន់ នាងប្រឹងធ្វើការ មានសមត្ថភាព!»

ខ្ញុំនឹកដល់រឿងឧស្សាហ៍ ភាពខំប្រឹងប្រែងយកចិត្តទុកដាក់របស់នាង ពិតជាគ្មានអ្នកប្រៀបឡើយ ភក្រណាជាបុគ្គលិកដែលស្រលាញ់គម្រោងជាងស្រលាញ់ខ្លួនឯង នាងតែងចេញយប់ស្ងាត់ ហើយពេលខ្លះដេកក្នុងក្រុមហ៊ុនក៏មាន ដូចនេះទើបនាងមានគម្រោងធំៗជាច្រើនក្នុងដៃ ហើយឆាប់ឡើងតំណែង។

ក្នុងនាមជាដៃគូ ខ្ញុំបែរមិនហ៊ានចេញទៅផ្ទះចោលនាង តែភក្រណាមិនដែលយល់ព្រម នាងតែងសរសេរសារផ្ញើមកខ្ញុំ៖

«ទៅមុនទៅ! ខ្ញុំនៅម្នាក់ឯងធ្លាប់ហើយ!»

គេមិនទម្លាប់មានអ្នកយកចិត្តទុកដាក់ទើបមិនត្រូវការជំនួយខ្ញុំដែលចង់នៅកំដរ។ នាងកាន់តែហាម ខ្ញុំកាន់តែមិនចង់ទៅចោល ព្រោះបារម្ភពីសុវត្ថិភាពគេ។ ខ្ញុំបន្លំធ្វើដូចខ្លួនឯងរវល់ តែនាងដឹងច្បាស់ថាខ្ញុំរឹងរុស ទើបបង្ខំចិត្តបិទកុំព្យូទ័រដើម្បីទៅផ្ទះ ហើយខ្ញុំក៏ដើរពីក្រោយគេស្ងាត់ៗ។

ផ្លូវទៅផ្ទះជួលនាងគឺផ្លូវដឿងហែមងងឹតស្លុង ខ្ញុំមិនដាច់ចិត្តឱ្យនាងជិះម៉ូតូម៉ោង៩ស្ងាត់ម្នាក់ឯងក៏បើកតាមពីក្រោយ។

ភក្រណាលើកដៃស៊ីញ៉ូឱ្យខ្ញុំបកត្រលប់ទៅវិញច្រើនដង តែបើមិនឃើញគេចូលដល់ក្នុងផ្ទះ ខ្ញុំមិនអស់ចិត្ត។

ក្រៅពីធ្វើការមិនគិតសុវត្ថិភាព នាងក៏ជាមនុស្សស្រីខ្ជីខ្ជា មិនសូវខ្វាយខ្វល់សុខភាពខ្លួនឯងទេ។ ព្រឹកណាក៏ខ្ញុំឃើញនាងខកខានអាហារពេលព្រឹកដែរ មិនដែលហូបឆ្អែត ត្រឹមសេនវិចមួយ​ ឬនំប៉ាវមួយកាហ្វេមួយកែវឆ្អែតដល់ថ្ងៃហើយសម្រាប់នាង។

បែបនេះ ទើបរាល់ពេលចូលទិញអារហារពេលព្រឹក ខ្ញុំត្រូវខ្ចប់មួយចំណែកសម្រាប់គេ ហើយទម្លាប់បែបនេះកើតមានតាំងពីពេលណាខ្ញុំមិនដឹង ច្បាស់តែថា ពួកយើងមិននិយាយរកគ្នាសោះក្រៅពីសរសេរសារ តាំងពីថ្ងៃដំបូងដល់ឥឡូវនេះ តែខ្ញុំស្រាប់តែសប្បាយចិត្តនិងតាមផ្គាប់គេ។

មិនស្មានថាថ្ងៃមួយនៅពិធីជប់លៀងក្រុមហ៊ុនពួកយើងនាំគ្នាច្រៀងលេងនៅ Sky Bar ហើយមានឱកាសអង្គុយនិយាយគ្នាពីរនាក់ នាងក៏ដាច់ចិត្តហាមខ្ញុំ៖

«តាំងពីដើមមក ខ្ញុំមិនដែលខ្លាចរឿងជិះម៉ូតូយប់ស្ងាត់ទេ! ហើយក៏មិនខ្លាចដេកម្នាក់ឯងនៅក្រុមហ៊ុនដែរ!»

ខ្ញុំស្ងៀមមិនតប តែបេះដូងស្រាប់តែឈួលសោកដោយអារម្មណ៍អន់ចិត្ត? ខ្ញុំព្យាយាមសម្លឹងមុខគេចង់ដឹងថា តើវាជាការំខានណាស់បើខ្ញុំគ្រាន់តែបារម្ភពីសុវត្ថិភាពនាង? គេអត់ដឹងទេថា ខ្ញុំត្រូវដកពេលវេលាស្និទ្ធស្នាលមួយល្ងាចជាមួយប្រពន្ធដើម្បីកំដរគេ?

ខ្ញុំលើកកែវស្រាផឹកទាំងតប់ប្រមល់ នាងក៏បន្ត៖

«ហើយ…ខ្ញុំចេះចិញ្ចឹមខ្លួនឯងហើយ!»

នាងហាមខ្ញុំមិនឱ្យខ្វល់ មិនបាច់ទិញបាយព្រឹក នាងឃាត់ខ្ញុំកុំធ្វើជាវីរបុរសដែលជូននាងទៅផ្ទះពេលយប់ស្ងាត់ នាងចង់បានអ្វី? ខ្ញុំធ្លាប់ជាមនុស្សតវ៉ាច្រើន តែបែរគមិនស្តីពេលនៅក្បែរនាង។

គេឈប់និយាយហើយទាញកែវស្រាដើរចេញ។

ពួកយើងក៏ដូចពីមុនគឺមិននិយាយរកគ្នា ហើយកាន់តែអាក្រក់ទៅទៀត សូម្បីសារក៏គ្មាន។

ខ្ញុំនៅរកមូលហេតុមិនទាន់ឃើញនៅឡើយ ថាហេតុអីគេបែរជាស្អប់ ធុញថប់នឹងការយកចិត្តទុកដាក់របស់ខ្ញុំយ៉ាងនេះ តែ ខ្ញុំក៏យកពេលនោះមកសួរខ្លួនឯងដូចគ្នា ហេតុអី? ខ្ញុំស្រាប់តែខ្វល់ពីគេលើសពីមិត្តរួមការងារ?

ធ្វើការធម្មតាមិនសូវជាអស់កម្លាំងទេ តែភាពព្រងើយកន្តើយរបស់ដៃគូសហការណ៍រូបនោះពិតជាអាចបំបាក់ស្មារតីកម្លាំងប្រយុទ្ធរបស់ខ្ញុំពិតណាស់ ខ្ញុំទទួលបានការឆ្លើយតបពីភ្ញៀវក៏ហាក់មិនសប្បាយទៅរួចព្រោះគេបានសុំធានីឱ្យប្តូរខ្ញុំលែងធ្វើជាកូនចៅគេទៀត គ្រាន់តែសុំរៀនសូត្រចំណេះរៀបចំកម្មវិធីពីគេប៉ុណ្ណឹងក៏មិនស្មាគមន៍ផង មានសង្ឃឹមអីអាចបាននៅជិតស្និទ្ធស្នាលនឹងគេទៀត?

«មានរឿងអី? ឃើញបងអង្គុយសម្លឹងទូរសព្ទយូរហើយ មិនទៅងូតទឹកហូបបាយសោះ!»

ហើយក៏ព្រោះរឿងនោះ ឱ្យតែមកដល់ផ្ទះពេលណាខ្ញុំក៏បានប្តូរទម្លាប់ពីជួយរៀបចំម្ហូបបាយល្ងាចប្រពន្ធ បែរខ្វល់តែនឹងអង្គុយសម្លឹងសារក្រែងគេតប។

ខ្ញុំល្វើយណាស់ ទាញអាវក្រៅដើរចេញពីសាឡុងមិនស្តីមួយម៉ាត់តបទៅលីកា ហើយបន្តដំណើរវង្វេងវង្វាន់ផ្លូវចិត្តមួយនោះឡើងទៅបន្ទប់សំងំគេងទាំងគ្មានកម្លាំង។

«មកពីម្នាក់ឈ្មោះភក្រណាហ្នឹងទៀតហើយ?»

ខ្ញុំត្រូវភ្ញាក់បើកភ្នែកភ្លាមពេលឮសំឡេងប្រពន្ធនៅក្បែរឯគ្រែគេងទាំងមិនដឹងនាងបើកទ្វារចូលមកតាំងពីពេលណា។

ទឹកមុខគេបារម្ភ ទើបសម្លឹងខ្ញុំមិនដាក់ភ្នែក តែខ្ញុំបែរមិនចង់និយាយស្តីអ្វីសោះ ហើយក៏កើតអារម្មណ៍ធុញទ្រាន់នឹងសំឡេងដែលចេះតែតាមសួរម្តងហើយម្តងទៀតមួយនេះមិនដាច់ពីត្រចៀក។

«បងល្វើយណាស់ ចង់សម្រាកសិន!»

«អូខេ! អូនបោកខោអាវរួចល្មម ចាំបងបាត់ល្វើយ ចាំហូបបាយជុំគ្នា!»

ភាពក្រៀមក្រោះក្នុងបេះដូង កើតពីបម្រាមផ្លូវចិត្ត នៃអារម្មណ៍ស្និទ្ធស្នាលពីមនុស្សស្រីម្នាក់ដែលគ្មានឋានៈ ហើយក៏អាចធ្វើឱ្យខ្ញុំបន្តគេងដោយរំលងអាហាររបស់ប្រពន្ធដែលខំរៀបចំ។

ខ្ញុំបើកភ្នែកតិចៗទាំងអស់កម្លាំង ក៏ឃើញប្រពន្ធកំពុងអង្គុយនៅក្បែរហើយញញឹមរក៖

«បងក្រោកហើយ? អូនប្រុងថាដាស់បងឱ្យហូបអាហារខ្លះ មិនចង់ឱ្យបងគេងទាំងពោះទទេ ខ្លាចមិនស្រួលខ្លួន!»

ម្តងជាពីរដង បើទោះបីស្វាងងងុយមែន តែខ្ញុំនៅមិនទាន់ស្វាងចិត្តដែលធុញទ្រាន់ទឹកមុខនិងសំឡេងបារម្ភខ្វល់ខ្វាយរបស់ប្រពន្ធ ដែលខ្ញុំធ្លាប់តែចូលចិត្តស្តាប់។ ម្តេចពេលនេះវាប្រែប្រួលទៅជាតប់ប្រមល់យ៉ាងនេះ?

ខ្ញុំក៏ក្រោកពីគ្រែហើយឆ្លើយតបទាំងមិនសប្បាយចិត្ត៖

«បងមិនឃ្លាន! អូនហូបទៅ មិនបាច់ចាំបងទេ!»

ខ្ញុំមិនបានងាកក្រោយសម្លឹងទឹកមុខប្រពន្ធពេលនោះយ៉ាងណា ហើយខ្ញុំទទួលស្គាល់ដំណាក់កាលនេះថា ខ្ញុំប្រែប្រួល ខ្ញុំលែងទុកក្តីខ្វល់ខ្វាយផ្លូវចិត្តប្រពន្ធក្នុងបេះដូង ព្រោះពេលនេះ…

តើខ្ញុំពិតជាខ្វល់ពីភក្រណាជាងប្រពន្ធខ្លួនឯង?

ខ្ញុំស្រលាញ់គេ?

ខ្ញុំកំពុងក្បត់ប្រពន្ធ?

ខ្ញុំមិនអាចឆ្លើយសំណួរទាំងនេះ គ្មានចម្លើយសម្រាប់ខ្លួនឯង ដឹងត្រឹមថាខ្ញុំកើតទុក្ខ មិនរីករាយ ហើយក៏ប្រែទម្លាប់មួយចំនួនក្នុងជីវិតទៅជាយ៉ាប់យឺន។ ដូចពេលនេះខ្ញុំត្រូវអង្គុយក្នុងបន្ទប់ទឹក ទុកឱ្យទឹកផ្កាឈូកធ្លាក់មកឈូឆរទាំងមិនខ្វល់។

«បង!!! យ៉ាងម៉េចហើយ?»

ខ្ញុំមិនតបហើយប្រញាប់ក្រោកបិទទឹករៀបចំខ្លួនចេញមកក្រៅ។ លីកានៅតែផ្តល់ស្នាមញញឹមមកជានិច្ច នាងជាមនុស្សស្រីម្នាក់ដែលថ្នមចិត្ត យកចិត្ត និងស្រលាញ់ខ្ញុំគ្រប់គ្រាលំបាកឬសប្បាយ តែមើលមកខ្លួនឯងពេលនេះ គឺអាត្មានិយម ហើយចោលម្សៀត។

«អូនងូតទឹករួចហើយ?»

«ចាស!»

«បើអ៊ីចឹងឆាប់គេងទៅ!»

«តែបងមិនទាន់ហូប…!»

«បងមិនឃ្លានទេ! ចង់សម្រាក!»

«ចាំអូនផ្លុំសក់ឱ្យបង! កុំគេងទាំងទទឹកអី!»

ខ្ញុំអង្គុយចុះទុកឱ្យប្រពន្ធបំពេញការងារដែលរាល់ដងយើងធ្លាប់ធ្វើជាមួយគ្នាយ៉ាងរីករាយ តែពេលនេះខ្លួនឯងគ្មានអារម្មណ៍និងក្តីសុខអ្វីបន្តិចទេ ព្រោះតែបេះដូងកំពុងមានអ្នកទីបី។ លីកាតែងលួចសម្លឹងមុខខ្ញុំក្នុងកញ្ចក់ នាងសួរនាំ លើកទឹកចិត្តព្រោះដឹងត្រឹមថាខ្ញុំមិនសប្បាយចិត្ត ស្មុគស្មាញជាមួយការងារថ្មីដែលហាក់មិនចុះសម្រុង តែគេមិនបានដឹងថា​ ខ្ញុំខូចចិត្តព្រោះកំពុងត្រូវបានស្រីផ្សេងម្នាក់បដិសេធស្នេហ៍។

យប់នេះខ្ញុំគេងឱបប្រពន្ធ តែបេះដូងលួចនឹកអ្នកផ្សេង។

«ល្មមៗដកខ្លួនទៅ កុំឱ្យវាធ្ងន់ជាងនេះ!»

ហើយអារម្មណ៍ក្បត់លួចលាក់មួយនេះត្រូវបានខ្ញុំទម្លាយនៅចំពោះមុខធានី ដែលគេជាមិត្តស្និទ្ធហើយទទួលដឹងរឿងគ្រប់យ៉ាងពីជីវិតខ្ញុំ។

ស្រាវីស្គីយប់នេះមានអារម្មណ៍ថាចត់ខ្លាំង វាពិបាកលេប តែខ្ញុំនៅតែបន្តផឹករហូតអស់ពីកែវ។ ខ្ញុំនៅស្ងៀម គេក៏បន្តនិយាយ៖

«រឿងមិននឹកស្មានដល់ តែយើងក៏ទទួលបានចម្លើយហើយ ថាហេតុអី ភក្រណាធ្វើការសុខៗក៏សុំលាឈប់!»

ខ្ញុំងាកសម្លឹងធានីជាមួយអារម្មណ៍កាន់តែវង្វេង វាមិនមែនព្រោះរសជាតិអាកុលដែលកំពុងរត់រសឹបក្នុងសរសៃឈាម តែព្រោះខ្ញុំកំពុងឈឺចាប់។ គ្រប់យ៉ាងគឺមកពីខ្ញុំដែលបណ្តោយអារម្មណ៍ឱ្យឆ្កួតលីលាមិនព្រមគ្រប់គ្រង គេជាមនុស្សស្រីត្រឹមត្រូវម្នាក់ គេមិនចង់ធ្វើជនទីបី ទើបសុខចិត្តចាកចេញ ចោលការងារដែលគេស្រលាញ់។

«ឯងទទួលហើយ?»

«យើងមិនចង់បាត់បង់បុគ្គលិកល្អទាំងគ្មានមូលហេតុ! ទុកពេលឱ្យគេពិចារណា តែយើងគ្រាន់តែនឹកមិនដល់ ថារឿងកើតឡើងធ្ងន់ធ្ងរបែបនេះ! យើងសូមដាស់តឿនឯងក្នុងនាមជាមិត្តពុទ្ធី! ក្បត់គឺក្បត់! ពាក្យថាសារជាតិមនុស្សប្រុស អីអស់នេះ យើងឮ តែមិនគួរឱ្យក្លាយជាទម្លាប់ វាមិនមែនជាធម្មជាតិទេ វាជាចរិតរបស់មនុស្ស!»

ខ្ញុំស្វាងនឹងពាក្យធានីដូចត្រូវគេដាល់មួយដៃចំកណ្តាលមុខ។ ខ្ញុំមានប្រពន្ធហើយ ខ្ញុំត្រូវទន្ទេញពាក្យនេះមួយថ្ងៃឱ្យបានច្រើនដងដើម្បីដាស់សតិខ្លួនឯង ខ្ញុំទទួលស្គាល់ថាមនោសញ្ចេតនាពិបាកឃាត់ព្រោះវាជាអារម្មណ៍ តែខ្ញុំក៏ទទួលយកថា ក្បត់មិនមែនជាសារជាតិ គឺចរិត បើខ្ញុំហាមខ្លួនឯងមិនឱ្យស្រលាញ់គេ ហេតុអីខ្ញុំមិនគេចចេញ? ដូចពេលនេះដែលគេជ្រើសរើសការចាកចេញព្រោះចង់គេចពីខ្ញុំ មិនចង់ឱ្យរឿងផិតក្បត់ ឬរឿងឈឺចាប់ត្រូវកើតឡើង។

«យើងយល់ហើយ! តែឯងមិនបាច់ទទួលពាក្យលាឈប់របស់គេទេ! ចំណងនេះយើងអ្នកចង ទុកឱ្យយើងជាអ្នកស្រាយ! យើងខុស ហើយមិនគួរបំផ្លាញអនាគតអ្នកណាម្នាក់ ព្រោះភាពអាត្មានិយម!»

ខ្ញុំសម្រេចចិត្តចាកចេញព្រោះមិនអាចឱ្យប្រពន្ធដែលស្មោះត្រង់ ហើយស្រលាញ់ខ្ញុំស្មើជីវិតត្រូវខកចិត្ត ទំនួលខុសត្រូវដែលខ្ញុំត្រូវស្ពាយជាប់ក្នុងជីវិតមិនថាកាលៈទេសៈណាទេគឺ«ស្មោះជាមួយប្រពន្ធ»។

«ភក្រណា!»

គេទម្លាប់និយាយតិច ហើយកាន់តែតិចបំផុតរហូតដល់គេចចេញមិនចង់ចួបមុខក្រោយដឹងថាខ្ញុំមានអារម្មណ៍ស្រលាញ់ទៅលើនាង មានតែពេលនេះដែលគេដឹងថាខ្ញុំបានលាឈប់ ទើបព្រមនៅស្ងៀមស្តាប់ខ្ញុំនិយាយជាមួយគេលើកចុងក្រោយ។

«សូមទោស!»

ខ្ញុំគ្រាន់តែចង់ពោលពាក្យមួយឃ្លានេះ មុនពេលដែលពួកយើងឈានដល់ដំណាក់កាលមួយដែលថា គេខឹងស្អប់រហូតដល់ទោះចួបមុខខ្ញុំទៅថ្ងៃក្រោយក៏ដើរចេញធ្វើមិនស្គាល់ គឺអ្នកដទៃ ដែលត្រូវតែលុបចោលពីក្នុងការចងចាំ។

គេមិនបានឆ្លើយតបហើយក៏ដើរចេញ គេប្លុកខ្ញុំចោលគ្រប់បណ្តាញទំនាក់ទំនងដែលធ្លាប់មាន ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ស្តាយក្រោយចំពោះរឿងទាំងអស់ដែលកើតឡើង។

ហើយកាន់តែឈឺចាប់ពេលដែលខ្ញុំដឹងថា ការពិតលីកាមិនមែនមិនដឹងប្តីខ្លួនឯងក្បត់ ចង់សាងទំនាក់ទំនងស្នេហានិងអ្នកថ្មី តែនាងសម្តែងធ្វើមិនដឹង នាងលែបលាក់ការឈឺចាប់គ្រប់យ៉ាង ក្លែងធ្វើជាញញឹមចំពោះមុខសូម្បីតែដឹងថាប្តីកំពុងនឹកស្រីថ្មី។

ហេតុអី?

គឺហេតុអីដែលខ្ញុំត្រូវសងការឈឺចាប់ទៅឱ្យមនុស្សស្រីម្នាក់ដែលជាប្រពន្ធ នឹងព្រមសូម្បីតែអាចលះបង់ជីវិតដើម្បីខ្ញុំ? គេរងទុក្ខបង្កើតកូន ហើយផ្លាស់ប្តូរខ្លួនឯងក៏នៅបំពេញតួនាទីជាភរិយាល្អ ចុះខ្ញុំគ្រាន់តែមានចិត្តស្មោះមួយនឹងមួយជាមួយមនុស្សស្រីដែលខ្ញុំបានរៀបការពេញច្បាប់ សំពះក្បាលដល់កន្ទេលនៅមុខចាស់ទុំ ក៏ធ្ងន់ណាស់?

មកដល់ផ្ទះខ្ញុំឱបប្រពន្ធ ទើបខ្ញុំនឹកឃើញពីទឹកភ្នែកដែលគេលួចយំពីក្រោយខ្នងមិនឱ្យខ្ញុំដឹង ព្រោះតែខ្ញុំវក់នឹងចិត្តក្បត់ទើបខ្ញុំមិនបានចាប់អារម្មណ៍ ពេលនេះទើបខ្ញុំដឹងថា ទឹកភ្នែកប្រពន្ធ គឺមានតម្លៃណាស់ ខ្ញុំមិនអាចចេះតែធ្វើឱ្យគេយំ ហើយឈឺចាប់បែបនេះទេ។

ខ្ញុំប្រឡែងលេងនឹងភ្លើងដូចជាសត្វមមាច សំណាងដែលខ្ញុំលង់ស្រលាញ់ប៉ះមនុស្សដូចភក្រណា ចុះបើខ្ញុំលេងៗ ចំមនុស្សស្រីដែលគេមែន គ្រួសារតូចខ្ញុំនេះនឹងទៅជាយ៉ាងណា?

លទ្ធផលចុងក្រោយខ្ញុំត្រូវបែកបាក់ លីកាខូចចិត្ត ហើយតើខ្ញុំនឹងមានសុភមង្គល ឬត្រូវស្ពាយកម្មក្បត់តាមខ្លួនក្រោយពេលរឿងក្បត់នេះត្រូវបានកើតឡើង។

ខ្ញុំសំណាងដែលមានប្រពន្ធដែលបានផ្តល់ឱកាសឱ្យខ្ញុំបានធ្វើជាប្តីល្អរបស់គេសារជាថ្មី ហើយខ្ញុំសន្យាជាមួយខ្លួនឯង មិនឱ្យរឿងនេះកើតឡើងជាលើកទីពីរដាច់ខាត។

«យើងសួរឯងត្រង់ ឯងធ្លាប់មានអារម្មណ៍បែបនេះទេ?»

ខ្ញុំសួរទៅធានីពេលយើងចួបគ្នាតាមទម្លាប់ក្រោយរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយ។

«ដូចយើងប្រាប់ឯងហើយពុទ្ធី! ក្បត់ គឺចរិត មិនមែនសារជាតិរបស់មនុស្សប្រុសទេ! តែយើងមិនបដិសេធពីការកើតឡើងនៃមនោសញ្ចេតនា គ្រាន់តែយើងនឹងមិនបណ្តោយឱ្យវាក្លាយទៅជារឿងធំ យើងអាចគ្រប់គ្រង កុំឱ្យវាមកបំផ្លាញទំនាក់ទំនង និងសុភមង្គលនៅចំពោះមុខ! មិនមែនមនុស្សគ្រប់គ្នាដូចភក្រណា ក៏មិនមែនមនុស្សស្រីសុទ្ធតែចិត្តធ្ងន់ដូចប្រពន្ធឯង នឹងព្រមលើកលែងទោស ចួនកាលជំហានទៅមុខដែលខ្វះការពិចារណា នឹងអាចធ្វើឱ្យឯងស្តាយក្រោយអស់មួយជីវិត!»

«គឺយើងសំណាងដែលមានឯងជាមិត្ត ហើយដាស់តឿនឱ្យយើងភ្ញាក់ខ្លួនទាន់ពេល!»

«ល្អហើយ! បើអ៊ីចឹង យប់នេះឯងជាអ្នកចេញលុយ!»

«គ្មានបញ្ហាទេ!»៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*