អង្គការតម្លាភាពកម្ពុជា (TI Cambodia) បានប្រកាសការប្រកួតគំនូរយុវជន លើប្រធានបទ “អំពើពុករលួយ និងអភិបាលកិច្ចអាកាសធាតុ” ដែលបើកឱកាសសម្រាប់យុវជនកម្ពុជាទាំងអស់ ដែលមានអាយុពី ១៥ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ដើម្បីចូលរួមបង្ហាញនូវសមត្ថភាព ដោយកំណត់យកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទឈប់ទទួលស្នាដៃ របស់បេក្ខភាព។
នេះបើតាមការផ្សព្វផ្សាយឱ្យដឹង ពីអង្គការតម្លាភាពកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ។
ក្នុងសេចក្តីប្រកាសនេះ បញ្ជាក់ថា ការប្រកួតប្រជែងគំនូរលើប្រធានបទលើប្រធាននេះ គឺដើម្បីជាការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជាក្នុងសកលលោក។ តាមរយៈសិល្បៈគំនូរ បេក្ខភាពចូលរួម ក៏អាចចាប់យកឱកាសប្រកួតប្រជែងគំនូរយុវជននេះ ដើម្បីបង្ហាញសមត្ថភាព និងស្វែងយល់ពីទំនាក់ទំនង ដ៏សំខាន់ រវាងអំពើពុករលួយ និងបញ្ហាប្រឈមផងដែរ។
សម្រាប់ការប្រកួតប្រជែងគំនូរយុវជននេះដែរ អង្គការតម្លាភាពកម្ពុជា បានរៀបចំប្រាក់រង្វាន់ជយលាភី ចំនួន ៣ ចាប់ពី ៣០០ដុល្លារ ដល់ ៥០០ដុល្លារ សម្រាប់ជយលាភី លេខ១ ដល់លេខ៣ រួមនិងប្រាក់លើកទឹកចិត្ត ១០០ដុល្លារ ចំនួន ៨រង្វាន់ផងដែរ។
បើតាមអង្គការតម្លាភាពកម្ពុជា ការប្រកួតប្រជែងគំនូរយុវជននេះ ក៏ជាឱកាសដើម្បីបង្ហាញនូវស្នាដៃគំនូរ នៅពិព័រណ៍សាធារណៈ និងការដាក់បញ្ចូលក្នុងសៀវភៅ ដែលនឹងត្រូវបានចែកចាយដល់ភាគីពាក់ព័ន្ធសំខាន់ៗ របស់អង្គការតម្លាភាពកម្ពុជាថែមទៀតផង។ សម្រាប់បេក្ខភាពដែលមានបំណងចូលរួម អាចចុះឈ្មោះ និងសាកសួរព័ត៌មានបន្ថែមពីគោលការណ៍ណែនាំលម្អិតនៃការប្រកួតតាមរយៈហ្វេសប៊ុកផេក របស់ង្គការតម្លាភាពកម្ពុជាបាន៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ