«ភាពនារី! តាមមើលថ្ងៃនេះដឹកកាដូរទៅផ្ទះវិញខ្លួនឯងមិនអស់ទេ!»
នាងញញឹមទាំងអំណរក្រោយសម្លឹងឃើញបាច់ផ្កាស្រស់ តុក្កតា ព្រមទាំងរបស់ប្រើប្រាស់ដែលជាវត្ថុពេញនិយមក្នុងការជូនដល់អាយដល(Idol)ជាទីស្រលាញ់ និងតបទៅក្រុមការងារ៖
«មើលទៅពួកគេលង់នឹងសំឡេង តែមិនបានឃើញរូបពិតប៉ុណ្ណោះ!»
គេពែបមាត់និងភាពដាក់ខ្លួនរបស់នាងហើយសម្លឹងលើក្រោម ធ្វើឱ្យអៀនអន់៖
«អ្នកណាថា! សម្បុរស្បែកសណ្តែកបាយរបស់ឯងនេះ ប្រុសអឺរ៉ុបចូលចិត្តបំផុតហើយ!»
នាងសើចហួសចិត្តប្រកែកចរិតចំអន់របស់មេកើយ៖
«បងហុង ប្រិយមិត្តខ្ញុំមិនមែនអឺរ៉ុបទេ កូនខ្មែរសុទ្ធដែលស្តាប់ល្ខោននិយាយទាំងនេះ ហើយប្រហែលជាខ្មែរអង្គរទៀតផង!»
«ហ៊ើយ! ឈប់ប្រកែកហ្នឹងឯងហើយ បងប្រញាប់ទៅរៀបចំកាលវិភាគថតបន្ទាប់ នែ! បើថាដឹកយកទៅផ្ទះមិនអស់ទេ ហៅតុកៗដាក់ទៅ!»
«ចាសអរគុណបងហុង!»
នាងឱនថើបក្លិនផ្កាស្រស់បាច់ធំនៃកុលាបពណ៌ក្រហម ដែលតែងទទួលបានតែហាក់គ្មានតម្រុយថាជារបស់ប្រិយមិត្តណាដែលចូលចិត្តចំណាយលុយផ្តល់ជូននាងស្ទើរតែរៀងរាល់សប្តាហ៍។ បើទោះខំប្រឹងវែកមើលរកសឹងគ្រប់ដើមនៃកុលាបក៏គ្មានអ្វីសម្គាល់។
រាល់ចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលជាមួយប្រិយមិត្តដែលតេចូលរួមផ្តល់យោបល់ ឬនិយាយគ្នាលេងពីល្ខោននិយាយដែលនាងបានដើរតួ នាងតែងសំណូមពរសុំកុំឱ្យមិត្តអ្នកគាំទ្រនិងរាប់អានចំណាយលុយធំដោយទិញជាបាច់ផ្កាថ្លៃយ៉ាងនេះមកលើនាង ត្រឹមគាំទ្រស្តាប់សំឡេង ចូលចិត្តប្រភេទល្ខោននិយាយដែលជាមរតកនៃវប្បធម៌សិល្បះខ្មែរ គឺគ្រប់គ្រាន់ តែមិនដឹងជាអ្នកណាទេ នៅតែផ្តល់មកនាងជាបាច់ផ្កាស្រស់ស្អាតនេះដដែលជាដដែល។
នាងដាក់វាបាំងពីមុខហើយថតសែលហ្វីដាក់ស្តូរីផេកវិទ្យុអរគុណដល់ម្ចាស់បាច់ផ្កា ជាទម្លាប់ដែលនាងលក់សំឡេងតែមិនធ្លាប់បង្ហាញមុខដល់ទស្សនិកជន។
សំឡេងសម្រិបជើងញាប់រន្ថាន់ទៅមកៗ ភាពនារីក្រឡេកឃើញបងហុង ជាបុរសដែលមានចរិតទន់ភ្លន់ជាងស្រ្តីឆ្លេឆ្លាដើរចុះដើរឡើងមិនដឹងកំពុងរកអ្វីឱ្យប្រាកដ។
គេដើរហួសវឹងមិនខ្វល់ចាប់អារម្មណ៍និងវត្តមាននាងដែលឈរនៅកន្លែងដដែល តែភាពនារីចាប់ដៃសួរ៖
«មានរឿងអីបងហុង? មើលទៅដូចតឹងតែងម្ល៉េះ?»
«ភាពនារី…ល្អណាស់ដែលមិនទាន់ទៅ! ជួយគ្នាមួយដៃមួយជើងទៅ!»
«ជួយរឿងអី?»
«កុំសួរច្រើន មើលៗ! កន្លែងយើងរៀបរយឬនៅ មានខ្វះខាតអីឬអត់ ហីក៏គ្មានតែ គ្មានកាហ្វេស្តុកទេ! អូ! ជួយទៅរៀបចំឆុងក្តៅៗត្រៀមទុកណា!»
គេនិយាយមិនចប់ចុងចប់ដើមក៏ចេញបាត់ ធ្វើឱ្យនាងជ្រួញចិញ្ចើមមិនដឹងរឿង តែក៏នៅដើរទៅរកបន្ទប់បាយតូចក្បែរបន្ទប់ផ្សាយតាមបញ្ជាទាំងមិនអស់ចិត្ត។
ភាពនារីឃើញមិត្តរួមការងារឯទៀតរលះរលាំងរៀបចំបាច់ផ្កាលើតុ ខ្លះទៀតជួយបោសរលាស់តុ សាឡុងទទួលភ្ញៀវ ម្នាក់ៗដូចមិនទំនេរ សូម្បីមនុស្សម្នាក់នៅបន្ទប់ផ្សាយក៏គ្មាន។
«ប្រុងប្រៀបអីក្បាច់ក្បូរម្ល៉េះ ស្ទូឌីយោស្អាតស្រាប់ហើយទេតើ?»
នាងត្រៀមរៀបរកកាហ្វេនិងតែតាមសម្តីបងហុង ទាំងមិនទាន់ដឹងថាមានរឿងអីប្រាកដ។ រកមើលម្សៅគ្រីម និងទឹកដោះគោ ស្ករកញ្ចប់ តែក៏ត្រូវភ្ញាក់និងសំឡេងក្រោយខ្នងច្រែតៗ៖
«មានគ្រប់អស់ឬនៅ? បើខ្វះទៅទិញភ្លាម!»
នាងលើកដៃរឹតទ្រូងបន្ថយភាពលស់ព្រលឹងបកទៅបុរសមេកើយ៖
«បងហុង! ស្លន់អីយ៉ាងនេះ មិនមែនស្ព័នស័រធំ មកលេងទាំងថ្មល់នេះទេ? ហើយបើមែន ក៏មិនសមថាធ្វើឱ្យគ្រប់គ្នាឆ្លេឆ្លាអីម្លឹងដែរបង?»
«ធំជាងស្ព័នស័រទៅទៀតឯងដឹងទេ?»
នាងរកនឹកដល់មនុស្សពិសេសណាដែលធ្វើឱ្យបុគ្គលិកចែកជើងគ្នាចលាចល តែនឹកមិនឃើញ។ ស៊ាងហុងវាយស្មានាងស្តីឱ្យច្រែតៗ៖
«មេធំ! ឯងនេះគ្មានដឹងខ្យល់អីមែន!»
បេះដូងនាងផ្តើមលោតរន្ថាន់ កែវកាហ្វេក្នុងដៃស្ទើរតែរបូតប្រាវ កុំតែស្មារតីនៅនឹងនរអាចទម្លាក់វាលើតុវិញបាន ម្ល៉េះសមធ្លាក់បែកត្រូវគេស្តីឱ្យ។ ស៊ាងហុងមិនចាប់ភ្លឹកអាការចម្លែកនាងក៏បន្ទាន់ឡើងមុនដើរចេញ៖
«ឆុងឱ្យឆ្ងាញ់ណា!»
នាងនៅធ្មឹងភ្លឹកទាំងវិលវល់រអ៊ូតិចៗម្នាក់ឯង៖
«គេមកទីនេះធ្វើអី?»
មេធំដែលគ្រប់គ្នារីករាយនិងស្វាគមន៍ព្រោះកម្រមានវត្តមាននៅការិយាល័យផ្សាយ និងជាមនុស្សដែលបុគ្គលិកគ្រប់គ្នាគោរពស្រលាញ់ តែជាមនុស្សដែល ភាពនារី មិនចង់ប្រឈមមុខ មិនចង់នឹកដល់។
នាងទុកពែងកាហ្វេ និងបញ្ជារបស់ស៊ាងហុងចោល ហើយប្រុងប្រមូលរបស់របរដើរចេញពីការិយាល័យមុនពេលវត្តមានគេមកដល់ តែមិនស្មានតុកៗដែលហៅមិនទាន់លេចមុខផង ស្រាប់តែរថយន្តមួយគ្រឿងបើកបត់ចូលមកមុន។
ភាពនារីត្រូវរត់ប្រញាប់លាក់ខ្លួនក្រោយផើងផ្កាធំតែរបស់របរនាងច្រើនដែលប្រមូលមិនអស់ក៏ត្រូវទុកចោលនៅមាត់ជណ្តើរឡើងទៅការិយាល័យ។
ហុងឈាង ឧត្តមជេស្តា ហៅ ខៃណា ជាកូនប្រុសឧកញ៉ា ពង្ស ហុងឈាង អគ្គនាយក ITC (Imperial Trading Corporation ដែលជាក្រុមហ៊ុនបណ្តុំដោយសាជីវកម្មច្រើនប្រភេទ គឺជាអ្នកបោះទន់បង្កើតវិទ្យុផ្សាយ «សំឡេងល្ខោន» ក្នុងគោលបំណងជួយផ្សព្វផ្សាយនិងលើកកម្ពស់ សិល្បករខ្មែរ ក៏ដូចជាចូលរួមថែរក្សាកេរដំណែលល្ខោនវិទ្យុ ល្ខោននិយាយ សម្រាប់មនុស្សជំនាន់ក្រោយ។
បើទោះជា ITC មានអាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ តែការដាក់ទុនលើវិទ្យុ ត្រូវបានឪពុកនិងអ្នកបណ្តាក់ទុនរារាំងមិនឱ្យបង្កើត តែក្រោមហេតុផល ដែលគ្មានអ្នកណាដឹងស៊ីជម្រៅពីក្នុងចិត្តកូនប្រុសច្បងត្រកូល ហុងឈាង គេបានជម្នះ ព្យាយាមលើគម្រោងការណ៍មួយនេះរហូតចេញជារូបរាង។
អ្នកប្រុសទី១ចុះពីរថយន្តក្រោមការបើកទ្វារនៃមនុស្សជំនិត និងបុគ្គលិកវិទ្យុតម្រៀបគ្នារង់ចាំ តែគេមិនបានសម្លឹងមើលអ្នកគ្រប់គ្នាដែលញញឹមស្វាគមន៍ព្រោះគ្រាន់តែដាក់ជើងដល់ដីភ្លាមគេទាក់ភ្នែកនឹងបាច់ផ្កាស្រស់មួយបាច់ត្រូវបានគេទុកចោលក្បែរផើងផ្កានៅចុងជណ្តើរ។
ស៊ាងហុងចាប់អារម្មណ៍ខ្សែភ្នែកមេធំតម្រង់ទៅ ក៏ភា្ញក់បិទមាត់និយាយខ្សឹបតែឯងពេលឃើញរបស់របរភាពនារី៖
«យីអើ! ភាពនារីមិនបាននៅឆុងកាហ្វេ បែប្រមូលរបស់មកដាក់ចោលទើសផ្លូវ?»
គេនៅភ្លឹកសមឹ្លងមិនដាក់ភ្នែកហើយបែរទៅរកមើលក្នុងចំណោមបុគ្គលិកដែលឈរចាំ តែមិនឃើញវត្តមាននាង ក៏មិនបានដឹងថាម្ចាស់បាច់ផ្កាកំពុងបែកញើសស្រាក់ក្បែរផើងពីក្រោយនេះមិនដល់សាមសិបម៉ែត្រផង តែគេមើលមិនឃើញព្រោះមេឃងងឹតណាស់ទៅហើយ ចំកន្លែងនោះគ្មានអំពូលជះទៅដល់។
«ទាំងអស់គ្នាចូលទៅមុន តិចទៀតប្រជុំ!»
ម៉ោងការងាររបស់ភាពនារីបានបញ្ចប់ហើយ គេមានសិទ្ធិមិននៅចូលរួម ព្រោះការមកដល់របស់នាយកមិនបានប្រាប់ជាមុន ជាការមកលេងគ្មានគម្រោង ទើបគេយកការគេចចេញមិននៅស្ទូឌីយោ ជាជាងឈរទទួល ឬប្រជុំអង្គុយមើលមុខ ព្រោះគ្មានអ្នកអាចចាប់កំហុសថានាងគេចមិនទទួលមេធំ ក្រៅពីស៊ាងហុងទេ។
គ្រប់គ្នាដើរចូលទៅក្នុង មានតែជំនិត រាជឧត្តម ជាមនុស្សនៅគ្រប់ជំហាននិងទីកន្លែង ជាអ្នកដែលខៃណាទុកចិត្ត ក៏ជាមនុស្សដែលដឹងរឿងការងារ ផ្ទាល់ខ្លួនទាំងអស់របស់ចៅហ្វាយ។ រាជយល់ចិត្តពេលណា គេដើរតម្រង់ទៅរកផ្កានោះ តែក៏ត្រូវខៃណាឃាត់៖
«មិនបាច់! កុំឱ្យគេដឹង!»
នាងមិនបានឮគេនិយាយអ្វី តែភ័យឡើងស្លេកមុខទៅហើយ ពេលឃើញជំហានជើងរាជដើរតម្រង់ទៅនាង ស្មានថាគេបានឃើញនាងពួននៅក្រោយនោះ។
រាជឧត្តមថយក្រោយស្របពេលនោះតុកៗដែលភាពនារីបានហៅតាមអេបក៏ស្រាប់មកដល់។ សំឡេងទូរសព្ទនាងរោទ៍ភ្លាម ភាពនារីកាន់តែស្លន់ប្រញាប់រាវរកទូរសព្ទក្នុងកាបូបមកទទួលនិយាយខ្សឹប៖
«ចាសពូ! ចាំមួយភ្លែតខ្ញុំទៅឥឡូវហើយ!»
ត្រចៀកជេស្តារវៃ គេស្តាប់បានសំឡេងទូរសព្ទ ក៏ឱ្យសញ្ញារាជដើរចូលទៅមុន ឯគេនៅទូទាត់ចរិតលាក់លៀម គេចមុខរបស់នាងដោយខ្លួនឯង។
រាជសម្តែងទឹកមុខស្មើសម្លឹងចៅហ្វាយខ្លួន ហាក់មិនស្តាប់តាមការបញ្ជា ក្នុងចិត្តគេមានរឿងត្រូវបារម្ភ ហើយវាជារឿងអ្វី ខៃណាខ្លួនឯងដឹងច្បាស់ណាស់ តែគេនៅតែនិយាយបង្គាប់មករាជ៖
«ទៅក្នុង សួរសុខទុក្ខពួកគេ ហើយប្រញាប់ទៅវិញ!»
គេដឹងចៅហ្វាយប្រុងធ្វើអី គេមិនសប្បាយចិត្ត ហើយក៏ច្បាស់ថាឃាត់មិនបាន ក៏មានតែបង្ខំចិត្តដើរចូលទៅក្នុង ទុកឱ្យខៃណាតម្រង់ទៅក្បែរផើងផ្កាដែលភាពនារីលាក់ខ្លួន។
«តុកៗចាំ!»
គេនិយាយស្រាល ឯនាងធ្ងន់ខ្លួនកណ្តុកវីសតែនឹងដួលទៅដីព្រោះបាត់ជំហរ។
ជេស្តាមុខស្មើសម្លឹងនាងដែលយឺតៗដើរចេញពីក្រោយទីលាក់កំបាំង។ ភាពនារីឱនមុខចេញមិនប្រឈមនឹងគេ នាងរហ័សទៅប្រមូលរបស់ដែលបានទុកចោលមុននេះព្រោះយោងគេចមិនរួចហើយក៏ត្រូវគេដឹងថានាងបានលាក់ខ្លួនក្បែរនេះ ប្រញាប់ដើរចេញទៅរកតុកៗក្រោមក្រសែភ្នែកស្មើធេងដែលខៃណាមើលនាងមិនដាក់ភ្នែក។
គេមិនបាននិយាយឬធ្វើអី្វលើសពីតាមមើលនាងរត់ចុះឡើងដាក់អីវ៉ាន់លើតុកៗហើយចាកចេញទាំងមិននិយាយស្តីរកនាយមួយម៉ាត់។
គេបណ្តោយឱ្យនាងចេញទៅ ក៏ព្រោះទីនេះមានកាម៉េរាសុវត្ថិភាពមិនអាចមានសកម្មភាពអ្វីដែលអាចត្រូវគេថតជាប់ច្រើនជាងនេះ។ តុកៗភាពនារីបើកចេញបាត់ទើបខៃណាដើរចូលទៅក្នុង។
ឯនាង រឹតទ្រូងដកដង្ហើមធំក្រោយក្រឡេកមើលទៅក្រោយមិនបានឃើញឡានគេតាមមក។
«ផ្កានោះជារបស់គេទេដឹង?»
ចរណៃ មិត្តសម្លាញ់ម្ចាស់ផ្ទះដែលភាពនារីស្នាក់នៅ លាន់មាត់ផ្តល់យោបល់ក្រោយស្តាប់រឿងដែលភាពនារីរៀបរាប់ប្រាប់ពីអ្វីបានកើតឡើងមុននេះ។
នាងក្រឡេកមើលទៅផ្កាក៏គិតយល់ថាគ្មានប្រិយមិត្តណាស្រលាញ់នាងដែលបញ្ចេញតែសំឡេងមិនធ្លាប់មានអ្នកស្គាល់មុខ ហើយសុខចិត្តចំណាយលុយច្រើនម៉ឺនដើម្បីទិញផ្កាជូននាងជាកាដូរសឹងតែរាល់អាទិត្យជាប់គ្នា ក្រៅតែពីរមនុស្សមានទំនាក់ទំនង?
ចរណៃញញឹមសប្បាយអរជាងសាមីខ្លួនដែលនៅស្ងៀម។ នាងរហ័សវឹងទៅកៀកភាពនារីធ្វើជាច្របាច់ដៃច្របាច់ជើងយកចិត្ត៖
«អ៊ីយ៉ា! មិត្តសម្លាញ់ខ្ញុំបន្តិចទៀតក្លាយជាកូនប្រសាផ្ទះឧកញ៉ាហើយ!»
មិនស្មាននាងស្លេកមុខ ហើយនិយាយគំរាមទៅមិត្តភ្លាម៖
«កុំភ្លេចសន្យាចរណៃ! មិនអាចឱ្យអ្នកណាដឹងរឿងនេះ ក្រៅតែពីយើងបួននាក់ទេ!»
នាងប្រែទឹកមុខអស់សប្បាយទៅតាមមិត្តភ្លាម តែក៏នៅនិយាយជំទាស់៖
«អារី! វាមិនមែនជាសម័យវិធាវី ដែលត្រូវម្តាយបង្ខាំងព្រោះឋានៈ មិនឱ្យកូនមានសេ្នហាតាមបេះដូងខ្លួនឯងទៀតទេវ៉ី!»
«ទោះសម័យនេះក៏ដោយ ឯងធ្លាប់ឃើញមនុស្សស្រីសាមញ្ញណាម្នាក់រៀបការជាមួយកូនឧកញ៉ាទេ?»
«តែ…គេច្បាស់លាស់ជាមួយឯងតាំងពីដើម! បើមិនអ៊ីចឹង មិនមែនហ៊ានប្រឆាំងនិងប៉ាគេបើកស្ទូឌីយោមួយសម្រាប់ឯងនោះទេ!»
«វាជាផ្នែកមួយនៃជំនួញដែលគេអាចរកលុយបាន!»
«តែក៏ស្ថិតនៅក្រោមហេតុផលដែលគេចង់ចួបឯង!»
នាងបាត់មាត់មិនប្រកែកដ្បិតវាជាការពិតនៅពីក្រោយស្ទូឌីយោវិទ្យុ«សំឡេងល្ខោន»ត្រូវបានបង្កើតឡើង។
ភាពនារី ជាអ្នកធ្វើមាតិកាអានរឿងខ្លីដែលនាងសរសេរ ក៏ដូចជារឿងអក្សរសិល្ប៍ខ្មែរក្នុងកម្មវិធីសិក្សាបង្ហោះលើធិនធឺណិត។ នាងមានអ្នកតាមដានច្រើនក៏ព្រោះសំឡេងធម្មជាតិ សែនពីរោះរណ្តំរបស់នាង ហាក់ដូចនឹងសំឡេងតួឯករឿងកាលពីសម័យសង្គមរាស្រ្តនិយម ជាមួយនិងសិល្បះនៃការសម្តែងដើរតួរបស់នាង ធ្វើឱ្យកក្រើកលើបណ្តាញសង្គម ល្បីដល់ជេស្តាដែលបានស្តាប់ម្តង ស្រាប់តែចូលចិត្តហើយតាមដាននាងរាល់ពេលបង្ហោះមិនដែលខាន។
គេជាមនុស្សរស់ក្នុងត្រកូលអ្នករកស៊ី ដឹងតែពីរៀនឱ្យទាន់សម័យកាល សេដ្ឋកិច្ច បច្ចេកវិទ្យា ពិភពលោក តែមិនស្មានគ្រាន់តែបានស្តាប់រឿងនិទានរបស់ភាពនារីម្តង ធ្វើឱ្យគេលង់ចិត្ត ទន់អារម្មណ៍លើមនោសញ្ចេតនា និងចាប់អារម្មណ៍លើនាងដែលលាក់មុខជាខ្លាំង។
អំឡុងពេលដែលជេស្តាសិក្សានៅបរទេស គេមានអារម្មណ៍ធូរស្រាលពីបញ្ហា និងភាពនឿយណាយ គ្មានអ្នកណាដឹងថា មកពីគេមានសំឡេងភាពនារីជាកម្លាំងចិត្ត។ ស្តាប់នាងនិយាយគេប្រៀបបានខ្លួនឯងកំពុងនៅលើទឹកដីខ្មែរដ៏វិចិត្រដែលគេនឹករឮកទាំងយប់ថ្ងៃ។
គ្រួសារគេខ្ពស់ខ្ពស់ តម្រូវការបរិបទជីវិត ត្រូវតែទាន់សម័យ ស៊ីវីល័យ តែគ្មានអ្នកដឹងថា រសនិយមរបស់ជេស្តាគឺវង់ភ្លេងតន្រ្តី ឧបករណ៍សម័យបុរាណដែលគេលង់ចិត្តមិនជិនណាយ។
បើបានស្តាប់សំឡេងខ្លុយទៀត គេញញឹមភ្លេចអស់ហើយទុក្ខកង្វល់។ តែចំណូលចិត្តទាំងនេះ មានតែរាជឧត្តមទេដែលច្បាស់ ឯក្រុមគ្រួសារ ត្រូវបានគេលាក់បាំងមិនចង់ឱ្យដឹង។
វាមិនមែនជាការខាតបង់ដល់សេដ្ឋកិច្ចគ្រួសារ ឬប៉ះពាល់អ្នកណាទេពីចំណូលចិត្តទាំងនេះ តែជេស្តាមានមូលហេតុដែលត្រូវទុកវាជារឿងសម្ងាត់ និងមានអ្នកដឹងតិចបំផុតពីចំណូលចិត្ត និងបេះដូងរបស់គេ។
គេមានបំណងចង់ស្គាល់មុខពិតរបស់ភាពនារី ម្ចាស់សំឡេងដែលធ្វើឱ្យគេអណ្តែតអណ្តូង ទើបមានគំនិតបង្កើតស្ទូឌីយោ«សំឡេងល្ខោន»ដើម្បីមានឱកាសអូសទាញភាពនារីមកដាក់ពាក្យធ្វើជាតួឯកស្រីសម្រាប់ល្ខោននិយាយដែលចាក់តាមវិទ្យុគេ។ នាងពិតជាមកមែន ព្រោះវាជាការងារក្នុងក្តីស្រមៃរបស់នាង។
«បានហើយភាពនារី! យើងងងុយ ឯងនៅអង្គុយពិចារណារឿងឯងនិងអ្នកប្រុសខៃបន្តទៅ!»
មិត្តសម្លាញ់ក្រោកពីសាឡុងប្រុងដើរចេញ តែមិនស្មានបានឮសម្តីមិត្ត៖
«យើងចង់ឈប់ពីសំឡេងល្ខោន ណាចរណៃ!»
គេងាកក្រោយរហ័សសម្លឹងមុខភាពនារីដែលក្រៀមក្រំហាក់មិនមែនសម្តីមុននេះនិយាយលេងសើច តែភាពតានតឹងក្នុងចិត្តមិត្តធ្វើឱ្យនាងបន្តជំហានមិនរួចត្រូវមកអង្គុយកន្លែងដើមដើម្បីសួរនាំនាង៖
«ដល់ថ្នាក់ត្រូវលាឈប់?»
នាងជ្រប់មុខពិបាកចិត្តពេកណាស់ ដែលត្រូវចាកចេញពីការងារដែលនាងស្រលាញ់បំផុតក្នុងជីវិត។ តែទំនាក់ទំនងមិនច្បាស់លាស់ និងគ្មានថ្ងៃថាអាចទៅរួចរវាងនាងនិងជេស្តា ពិបាកឱ្យភាពនារីត្រូវពុះពារដើម្បីអាជីពដែលខ្លួនប៉ងប្រាថ្នា។
ចរណៃចាប់ដៃមិត្តដែលគ្មានចម្លើយ។ នាងឱបភាពនារីក្នុងប្រអប់ទ្រូងដែលមិនធ្លាប់ឃើញមនុស្សស្រីណាដែលរឹងមាំដូចនាង ដ្បិតយ៉ាងនេះធារីកានៅតែយល់ថា ការពិតនាងប៉ិនសម្តែង លាក់បាំងភាពឈឺចាប់ និងអួលណែន មិនព្រមចែករម្លែក បើទោះបីគ្មានទឹកភ្នែកមួយតំណក់បានធ្លាក់រមៀលលើផែនថ្ពាល់ទាំងគូ។
«គេអាចនឹងដោះលែងឯង ឬឯងជាអ្នកដោះលែងគេ!»
«យើងមិនដែលចង់បានអ្វីដែលមិនមែនជារបស់យើង! គេមិនដល់ថ្នាក់ត្រូវទទួលខុសត្រូវរឿងអចេតនាមួយនោះ អនាគតយើងនិងគេនៅឆ្ងាយគ្នាណាស់ រឿងនេះយើងគួរដកខ្លួនយូរណាស់មកហើយចរណៃ!»
«ឯងស្រលាញ់គេទេ ភាពនារី?»
នាងសួរច្រើនដងរហូតដល់បានឃើញទឹកភ្នែករបស់ភាពនារីដែលរមៀលស្រក់។ គេមិនអាចហាមាត់បដិសេធអ្វីដែលបេះដូងនិងខួរក្បាលកំពុងប្រឆាំងជជែកដេញដោល។ ដ្បិតគេមិនទទួលភាសាស្នេហាដែលកំពុងលោតក្នុងទ្រូង គេបានត្រឹមកុហកចរណៃចំពោះមុខ តែមិនអាចកុហកខ្លួនឯងបានឡើយ។
ភាពនារីយកដៃជូតទឹកភ្នែក សំឡេងទូរសព្ទបានរោទ៍កាត់ផ្តាច់ការឈឺចាប់ តែបានបន្ថែមភាពតានតឹងក្នុងចិត្តនាងព្រោះជាលេខដែលជេស្តាខលមក។
នាងសម្លឹងមិនព្រមទទួល ចរណៃយកទូរសព្ទហុចទៅមិត្តទាំងនិយាយតឿន៖
«លើកទៅ! ឯងនិយាយជាមួយគេឱ្យច្បាស់លាស់ទៅភាពនារី! ថាគេមានចិត្តគិតឯងទៅអនាគតឬអត់? យើងមិនចង់ឱ្យឯងបោះបង់ចោលឱកាសទាំងមិនទាន់បានដឹងចម្លើយទេ!»
នាងស្ទាក់ស្ទើរព្រោះមិនហ៊ានប្រឈមនិងពាក្យបដិសេធ តែចរណៃបារម្ភមិត្តខ្មាសអៀនព្រោះវត្តមាននាង។ មិត្តសម្លាញ់ដែលយល់ចិត្តបានដើរចេញ ទុកឱ្យភាពនារីបង្ខំចិត្តក្លាហានទទួលទូរសព្ទជេស្តានៅពេលដែលគេខលចូលជាលើកទី២៖
«ភាពនារី!»
សំឡេងរបស់គេនៅតែស្រទន់ពេលដែលគេហៅឈ្មោះនាង តែវាមិនមែនជាទម្លាប់ដែលគេប្រើរាល់ដងឡើយ។ ទោះបីឈ្មោះ «ភាពនារី» ជាឈ្មោះក្រៅដែលនាងដាក់ពេលនិយាយល្ខោនវិទ្យុ តែជេស្តាចូលចិត្តហៅឈ្មោះពិតរបស់នាងជាង។ ម្តេចពេលនេះគេប្រែ?
«មានការអី?»
បើទោះបីតំណក់ទឹកភ្នែកស្រក់ បេះដូងសែននឹកស្រលាញ់ តែបបូរមាត់ត្រូវសម្តែងពោលពាក្យសោះកក្រោះបំផុតទៅកាន់មនុស្សប្រុសម្នាក់នេះ។
«ខ្ញុំនឹងមិនឱ្យនាងគេចផុតទេ បើនៅមុខក្រុមហ៊ុនគ្មានកាមេរ៉ា!»
«លោកចង់យ៉ាងម៉េច?»
សំឡេងនាងដំឡើងដោយសារបេះដូងចាប់ផ្តើមលោតកន្រ្តាក់។ គេចាប់អារម្មណ៍នឹងភាពប្រែប្រួល សំឡេងខ្សឹកខ្សួលតិចៗបើទោះគេមិនច្បាស់ពីទឹកមុខ តែឮសំណួរនាង គេហាក់ដឹងថានាងខូចចិត្ត?
គេប្រែយកចិត្តទុកដាក់ ហើយបារម្ភ៖
«កាន់ហា! មានរឿងអី?»
នាងដកទូរសព្ទឆ្ងាយពីត្រចៀកសម្រួលបេះដូងដែលតឹងថប់៖
«លោកមិនខ្វល់តែខ្ញុំខ្វល់ខៃណា! សូមអង្វរ…កុំធ្វើបែបនេះនៅមុខមនុស្សគ្រប់គ្នាទៀត ខ្ញុំនិងលោកគ្រាន់តែជាចៅហ្វាយនាយនិងកូនចៅ…!»
«នាងយល់ច្រឡំអីមិនដឹង?»
បេះដូងនាងជ្រុះធ្លាក់ប្រៀបទងកូលាបដែលរុះរោយព្រោះគ្មានសន្សើមនិងស្វិតក្រៀម។ ពាក្យគេមួយម៉ាត់យ៉ាងខ្លីតែនាងយល់ថាគេកំពុងបញ្ជាក់ពីភាពស្រពិចស្រពិល បញ្ជាក់ពីសំណួរដែលនាងលាក់ទុក ថាគេពិតជាគ្មានមនោសញ្ចេតនា ស្នេហា អនាគត កន្លងមកដែលស្មានថាគេបារម្ភពីចិត្តនាងចំពោះរឿងយប់នោះដែលកើតឡើង តែធាតុពិតគឺទទេ។
«យល់ច្រឡំ! មែនហើយ…!»
«កាន់ហា! ចួបគ្នាឥឡូវនេះ ខ្ញុំមានរឿងចង់និយាយ!»
«តែខ្ញុំគ្មាន…!»
នាងយំលែងលាក់ហើយគេក៏បានដឹងពីអារម្មណ៍ម្ចាស់ខ្សែទូរសព្ទម្ខាង។ គេទទូចចួប តែនាងនៅបដិសេធ ហើយបិទទូរសព្ទលែងឆ្លើយឆ្លង។
ប្រអប់ដៃត្រូវដាក់នៅលើទ្រូងដើម្បីសម្រួលចង្វាក់បេះដូងដែលឈឺចាប់។ នាងយំព្រោះចាញ់ ចាញ់ស្នេហ៍ដែលខ្លួនឯងគ្មានសង្ឃឹមតាំងពីថ្ងៃចាប់ផ្តើម ចាញ់ខួរក្បាលដែលមិនព្រមស្តាប់បញ្ជាព្រោះតែចង់តាមបេះដូងដែលគ្មានសតិ ដឹងថាគេជាផ្កាយរះសែនឆ្ងាយពីដៃ ម្តេចនៅស្រមៃស្រវាថ្លៃមិនប្រមាណខ្លួន។
ចរណៃបានត្រឹមសម្លឹងអាណិតមិត្តពីចម្ងាយ។ គេពិតជាចង់ទៅលួងលោមនាង តែពេលវេលាបែបនេះ នាងចង់ឱ្យភាពនារីប្រឈមមុខតែម្នាក់ឯងឱ្យស្ងប់ចិត្តបើទោះកំពុងឈឺចាប់ខ្លាំងក៏ដោយ។ ឃើញសម្លាញ់យំឈឺចាប់ នាងពិតជាខឹងនឹងអ្នកប្រុសខៃតែហាក់មិនអាចធ្វើអ្វីទៅលើគេបានទើបប្រញាប់រកទូរសព្ទចុចខលទៅជំនិតគេ ដែលនាងធ្លាប់ឈ្លោះគ្នាជាច្រើនដងដើម្បីបញ្ចេញកំហឹង។
តែចុចយ៉ាងណាក៏រាជឧត្តមមិនទទួល នាងចង់អូសទាញគេមកទទួលកំហុសដែលធ្វើឱ្យមិត្តនាងឈឺចាប់ទាំងមិនបានធ្វើអ្វីសោះ តែបើខលមិនព្រមលើកធ្វើឱ្យចរណៃខឹងគុណទ្វេ។
«មនុស្សចង្រៃនេះ រវល់វក់នឹងស្រីណាទៅ!»
បើជាស្នេហាគឺប្រចណ្ឌ តែសម្រាប់អ្នកទាំងពីរមានតែខ្សែភ្នែកគុំគួនរាល់ពេលឃើញគ្នា ហើយតែងប្រើពាក្យសម្តីឌឺដងមិនឈប់ដូចសត្រូវតជាតិ គឺច្បាស់ចេះតែជេរគេតាមចិត្តខឹង ទាំងមិនដឹងថា ខាងនេះកំពុងរវល់ជិះឡានតាមអ្នកប្រុសដែលសុខៗស្រាប់តែទាញម៉ូតូជិះកណ្តាលយប់ភ្លាមៗមិនបានផ្តល់ដំណឹងដល់គេមួយម៉ាត់។
ត្រឹមកន្លះម៉ោងមិនលើសមិនខ្វះ សំឡេងម៉ូតូលាន់ទ្រហឹងមុខផ្ទះក្រមុំទាំងពីរ។
ខៃណារហ័សបោះមួកសឹងមិនទាន់ដាក់លើកញ្ចក់ម៉ូតូបម្រុងសម្រុកចូលទៅក្នុងផ្ទះគេទាំងគ្មានការអនុញាត តែបើឱ្យរឿងនេះកើតឡើងបានហើយបើមានគេឃើញយកទៅបង្ហោះនិយាយផ្តេសផ្តាស គឺរាជឧត្តមអសមត្ថភាពក្នុងការការពារពេកហើយ។
កំលោះមានល្បឿនលឿនជាងអ្នកប្រុសទើបរហ័សចាប់ដៃគេជាប់ហើយទាញចូលទៅក្នុងឡានបន្ទាន់៖
«អ្នកប្រុសចង់ធ្វើអី?»
គេនិយាយផងសម្លឹងឆ្វេងស្តាំផងមុនពេលយល់ក្រសែភ្នែកចៅហ្វាយប្រុសដែលសម្លឹងគេធ្មឹងមិនមាត់មួយម៉ាត់ ធ្វើឱ្យរាជឧត្តមត្រូវតែលែងដៃដែលចាប់ណែន៖
«សូមទោសអ្នកប្រុស!»
«ឯងរំជួលចិត្តជាងយើងទៅទៀត! បារម្ភពេកប្រយ័ត្នដេកមិនលក់!»
«អ្នកប្រុសទើបសម្រាន្តមិនលក់ធ្វើរឿងផ្តេសផ្តាស បានជាមករកគេទាំងកណ្តាលយប់ ចុះបើលោកឧកញ៉ាជ្រាប?»
គេដកដង្ហើមធំរំសាយភាពតានតឹងពីក្នុងចិត្តទើបព្រមអង្គុយស្ងៀមមិនសម្លឹងមុខ មិនតបតទៅកូនចៅ ដូចផ្តល់សិទ្ធិឱ្យរាជកាន់តែបានដៃស្តីបន្ទោស៖
«គេណាត់អ្នកប្រុសមក?»
«អត់ទេ! តែគេកំពុងយល់ច្រឡំអីហើយ យើងចង់មកបញ្ចាក់!»
សម្តីខ្សាវៗប៉ុន្មានឃ្លានេះធ្វើឱ្យកូនចៅដកដង្ហើមធំផ្អែកខ្នងផឹងទៅកៅអីឡានទាំងហួសចិត្ត។
«លោកឧកញ៉ាជិតត្រឡប់មកពីកម្មវិធីវិញហើយ គួរតែបានឃើញវត្តមានអ្នកប្រុសនៅផ្ទះធំ!»
«ឯងមិនចេះដោះសារទេ?»
«តែ…!»
«យើងចង់ចួបភាពនារី និយាយគ្នាប៉ុន្មានម៉ាត់ បើនៅស្ទូឌីយោយើងបាននិយាយជាមួយគេ ពេលនេះយើងក៏មិនបាច់មករកដល់ផ្ទះដែរ!»
រាជនៅបន្តអេះអុញមិនយល់ស្រប ចរិតលោកឧកញ៉ាម៉ឺងម៉ាត់ តែងមានកិច្ចពិភាក្សាជាមួយកូនប្រុសពីមុខជំនួញស្ទើរតែរាល់យប់ តែក៏មិនពិបាករកលេសកុហកចៅហ្វាយដើម្បីឱ្យអ្នកប្រុសបានសម្រាករកពេលវេលាផ្ទាល់ខ្លួន ជាងខ្លាចមានអ្នកឃើញហើយយកទៅជម្រាបលោកពីរឿងទំនាក់ទំនងលួចលាក់របស់កូនប្រុសច្បង និងបុគ្គលិកល្ខោនវិទ្យុខ្លួនដែរ។
នេះជាលក្ខខណ្ឌវង្សត្រកូលគ្រួសារដែលជំនួយការ ឬជាអ្នកការពារដូចគេត្រូវគោរពតាមដាច់ខាត។
ចេស្តាទម្លាក់ជើងបើកទ្វារឡានប្រុងចាកចេញតែក៏នៅត្រូវរាជពោលកាត់៖
«អ្នកប្រុស…!»
គេមិនមែនឃាត់ដាច់ខាតតាមបញ្ជាចៅហ្វាយធំគ្រប់ម៉ាត់ គ្រាន់តែរាជចេះមានលក្ខខណ្ឌទប់ទល់ដើម្បីងាយស្រួលដោះស្រាយរាល់ពេលបញ្ហាកើតឡើង ព្រោះមិនស្មានថា គេស្រាប់តែហុចមួកកាតិបមួយ ដើម្បីឱ្យអ្នកប្រុសពាក់បិទបាំងមុខមាត់ខ្លះកុំឱ្យមានអ្នកមកស្គាល់។
ខៃណាញញឹមសរសើរចរិតហ្មត់ចត់របស់គេ ហើយទទួលពាក់វាដើរទៅឈរចុចទូរសព្ទនៅមុខរបងផ្ទះគេដែលបិទជិត។
«ចេញមកនិយាយគ្នា!»
គេផ្ញើសារខ្លី តែមិនទទួលបានការឆ្លើយតប។ ប្រុសម្នាក់នេះចិត្តមិនសូវជាចេះអត់ធន់ប៉ុន្មានទេ ទើបមួយនាទីរំលងពីការផ្ញើសារផុតគេចុចតេទៅខាងស្រីភ្លាម។
ទោះយ៉ាងណាក៏នៅតែគ្មានការឆ្លើយតបធ្វើឱ្យអ្នកប្រុសទី១ឆ្លេឆ្លាពេញនៅមុខផ្ទះ មានទាំងឆ្កែលូពីអ្នកជិតខាងទ្រហឹងផង ធ្វើឱ្យរាជកាន់តែបារម្ភពីសំឡេងអឺងកងស្វាគមន៍សត្វអ្នកជិតខាងទាំងកណ្តាលយប់ថ្មើរនេះ។
ពេលនោះវត្តមាននារីម្នាក់ក្នុងចំណោមអ្នកទាំងពីរបានបង្ហាញខ្លួនតាមស្រមោលភ្លើងអំពូលពងមាន់មុខផ្ទះ។ ចេស្តាញញឹម តែមិនស្មានថាអ្នកដែលចេញមករកគឺជាចរណៃ។
គ្រាន់តែឃើញនារីជាគូបដិបក្សភ្លាម រាជស្ទុះចុះពីលើឡានទៅឈរបាំងមុខអ្នកប្រុសហើយស្រែកនិយាយទៅម្ចាស់ផ្ទះទាំងមិនគួរសម៖
«កុំក្បាច់ក្បូរពេក ប្រាប់មិត្តនាងឱ្យចេញមក!»
ខលមិនលើកដើម្បីស្តាប់ពាក្យជេរមធ្យម ងំមករញ៉េរញ៉ៃមុខផ្ទះគេទាំងយប់ហើយសម្តីឈ្លើយទៀត។
ចរណៃបើកពិលនៅដៃឈួលទៅមុខជំនួញការ ធ្វើឱ្យអ្នកកំលោះរហ័សបាំងមុខផង ការពារអ្នកប្រុសពីពន្លឺផង ឆ្លៀតមកត្រូវនាងស្តីឱ្យច្រែតៗមិនក្រែងចិត្តអ្នកប្រុសនៅក្បែរ៖
«សុជីវធម៌មិនចេះទេអ្ហែស? មករញ៉េរញ៉ៃមុខផ្ទះគេទាំងយប់ហើយ នៅមកនិយាយព្រហើនទៀត?»
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ