ស្នេហាជារឿងស្មុគស្មាញមួយដែលពួកយើងសែនរវល់ជាមួយ។ ខ្ញុំមានមិត្តស្រីជាច្រើន ដែលធ្លាប់ពាក់ព័ន្ធគ្នា តែច្រើនឆ្នាំកន្លងទៅ ខ្ញុំមានតែនារីម្នាក់ប៉ុណ្ណោះដែលខ្ញុំបានទៅក្រៅជាមួយហើយនឹកនារហូតមក។
នាងឈ្មោះ វីណាយ៉ា អាយុ២២ឆ្នាំ មានការងារជាអ្នកហាត់ការ។ មិនដឹងទេថា យប់ដំបូងរបស់ពួកយើង បានបណ្តាលឱ្យនាងមានផ្ទៃពោះ។
ខ្ញុំបានបាត់មុខនាងជាងមួយខែ ក៏នៅតែនឹកនាង។ កាលនោះគឺ តែដោយសារខ្ញុំមានធុរៈចេញទៅស្រុកថៃធ្វើការដែលក្រុមហ៊ុនចាត់ឱ្យខ្ញុំទៅ។ ពីស្រុកថៃ ខ្ញុំទាក់ទងនាងមិនបាន។ វីណាយ៉ាមិនឆ្លើយឈែតនិងខលទេ។ ខ្ញុំគិតថានាងមិនពេញចិត្តចំណងទាក់ទងពួកយើង តែខ្ញុំនៅតែបន្តនឹកនាង នឹករឿងផ្អែមល្ហែមរវាងពួកយើង។ ខ្ញុំគ្រាន់តែសម្រេចចិត្តថា គោរពតាមការគិតរបស់នាងទៅចុះ។
ពេលមកដល់ភ្នំពេញវិញ សន្តិសុខចិត្តរបស់ខ្ញុំត្រូវបានបំផ្លិចបំផ្លាញ។ ខ្ញុំស៊ើបដឹងថា វិនីយ៉ាដែលមិនហៅត្រឡប់រាល់ការហៅទូរស័ព្ទរបស់ខ្ញុំ មកពីនាងមានផ្ទៃពោះ។
យប់នោះខ្ញុំពិបាកចិត្តមែនទែន ហើយទីបំផុតទៅ ពីរថ្ងៃក្រោយមក ខ្ញុំបានសម្រេចចិត្តទៅរកនាងដល់កន្លែងធ្វើការ។ នាងមិនអនុញ្ញាតឱ្យខ្ញុំឡើងទៅទេ ខ្ញុំអង្គុយចាំលុះនាងចប់ម៉ោង។
ល្ងាចនោះ យើងចេញដើរលេង រកកន្លែងនិយាយគ្នា។ នៅពេលខ្ញុំនិយាយថា ខ្ញុំដឹងរឿងនាងនិងកូនក្នុងពោះអស់ហើយនាងក៏យំ។ ចិត្តខ្ញុំពិតបាកណាស់ ពេលនាងសារភាពប្រាប់ខ្ញុំថា នាងពិតជាមានផ្ទៃពោះជិតបីខែហើយ មិនដឹងប្រាប់អ្នកផ្ទះបែបណា។
ខ្ញុំគិតថា ចិត្តខ្ញុំមិនគិតសូម្បីតែបន្តិច ថាបានស្តាយក្រោយ។ ខ្ញុំទទួលស្គាល់ថា មិនដូចស្រីមុនៗទេ ខ្ញុំពិតជាមានស្នេហាជាមួយនាង។ ខ្ញុំនឹងទទួលខុសត្រូវ ហើយយើងនឹងមានកូននេះ។
ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់នាង។
ពេលយើងជិះម៉ូតូជាមួយគ្នា នាងអង្គុយនៅពីក្រោយខ្ញុំហើយបន្តយំសោក។ ខ្ញុំចេះតែសួរនាងថា តើហេតុអ្វីបានជានាងមិនសប្បាយចិត្តនឹងស្នេហានេះ ខ្ញុំប្រាកដប្រជាណាស់ ណាមួយខ្ញុំក៏មានការងាររឹងមាំដែរ។ តាមផ្លូវ មនុស្សម្នាសម្លឹងមើលមកពួកយើង ដូចជាខ្ញុំហៀបនឹងរត់ចោលនាងឬនាងតាមអង្វរខ្ញុំបែបនោះដែរ។ ខ្ញុំឱ្យនាងឈប់យំ។
ទីបំផុតទៅនាងបានសារភាពប្រាប់ខ្ញុំថា នាងក៏មិនដឹងថា ខ្ញុំជាឪពុកកូននេះមែនឬអត់ ឬជានរណាទេ។ ខ្ញុំសឹងបាត់ជំហរដួលម៉ូតូ។
មិនស្មានទេថា រយៈពេលខ្លីនេះសោះ នាងហ៊ានឆ្លងកាត់ពេលវេលាសាកល្បងជាមួយបុរសផ្សេងទៀត? ពិតជាដាច់ដាបមែន។
ស្រីមុខស្លូតម្នាក់នេះ បានបោកប្រាស់បេះដូងរបស់ខ្ញុំ ទាំងពេលខ្ញុំធ្វើដំណើរទៅបំពេញបេសកកម្មនៅស្រុកក្រៅមិននឹកនាដល់អ្នកណា ខ្ញុំនឹកតែនាងម្នាក់។
ពិភពលោកទាំងមូលរបស់ខ្ញុំបានប្រែក្លាយខ្មៅកខ្វក់ ពិតជាខ្វាក់ពេកហើយខ្ញុំ។
សារភាពប្រាប់ខ្លួនឯងពេលនេះថា ខ្ញុំមិនដឹងការពិតអ្វីទាំងអស់ ខ្ញុំមិនដឹងទេថា នាងជានរណា ជាស្រីប្រភេទណាទេ។
ហើយ…តើខ្ញុំនេះជានរណា។ អាវែក?
ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានគេលេងសើច មើលទៅដូចជាសម្រាប់មនុស្សប្រុសល្ងង់ល្ងីល្ងើម្នាក់ក្នុងវ័យ២៦ឆ្នាំ។
ពិតជាមនុស្សល្ងីល្ងើដែលចង់បានកូនអ្នកដទៃ មកកសាងគ្រួសារតូចមួយឱ្យជីវិតខ្លួនឯង។ ដោយអាម៉ាស់ ខ្ញុំបានឈប់ម៉ូតូហើយ ដេញនាងចុះចេញ។
យប់នោះ ខ្ញុំបានទៅផឹកស្រវឹង។
សុរាមិនអាចជួយបំបាត់ក្តីស្អប់ខ្ពើមនិងអាម៉ាស់នេះបានទេ តែខ្ញុំបានផ្តើមធ្វើវារាល់យប់ព្រោះឈឺចាប់និងអៀនខ្មាសលើទង្វើខ្លួនឯង។
មិនដឹងហេតុអ្វី រាល់ពេលស្រវឹង ខ្ញុំបានជិះក្រវែលផ្ទះនាង ឬកន្លែងណាក្តី ដែលសង្ស័យថា នាងអាចនឹងមានវត្តមាន។
សូម្បីតែនៅពេលដែលខ្ញុំរវល់ធ្វើអ្វីមួយខ្ញុំនៅតែលបនឹកនាង។ ខ្ញុំមានសំណួរជាច្រើនមិនអស់មិនហើយថា តើនាងបានចួបប៉ាក្មេងនោះឬនៅ ? ពួកគេទទួលស្គាល់គ្នាទេ? នាងបានគេថែទាំដែរ? ឬនាងចង់ទម្លាក់ទារក ឬបញ្ចប់ជីវិតហេចហាចរបស់នាង?
នៅពេលដែលខ្ញុំមិនចង់គិត ក៏អារម្មណ៍នេះនៅវិលវល់ជាដដែល។ រាល់វិនាទី និងជារៀងរាល់ថ្ងៃ។ ពេលនោះហើយខ្ញុំ គិតថា ខ្ញុំស្រលាញ់នាងយ៉ាងឈឺចាប់គ្រាំគ្រា។
ខ្ញុំដើរជុំវិញប្លុកដែលនាងរស់នៅដូចមនុស្សឆ្កួត។
រំពឹងថា ខ្ញុំនឹងទទួលបានព័ត៌មានអំពីនាង បន្តិចក៏ដោយ។
ម្តងហើយម្តងទៀតនាងមិនទាក់ទងមកខ្ញុំទេ។ នាងមានផ្ទៃពោះ ហើយបានលាក់បាំងពីគ្រប់គ្នា ប៉ុន្តែតើនាងអាចលាក់បានយូរប៉ុនណា?
កំពុងជិះម៉ូតូនិងមិនបានបន្ថយល្បឿនខ្ញុំត្រូវភ្លាត់ជំនិះហើយដួល។ ខ្ញុំគ្រាន់តែដឹងថា ក្រោកមកវិញ ខ្ញុំត្រូវនៅក្នុងមន្ទីរពេទ្យ។ ដំណើរការមិនល្អ កំពុងកើតឡើងក្នុងជីវិតនេះ។ ខ្ញុំនឹកគេដល់ថ្នាក់នេះ វិះស្លាប់ ចំណែកគេ គ្រាន់តែជាមនុស្សក្បត់ចិត្តម្នាក់។
ប្រាំមួយសប្តាហ៍កន្លងមក ខ្ញុំព្យាយាមព្យាបាល ហើយរកគ្រប់វិធីបំភ្លេចនាង។ ពេលល្ងាចមួយ នាងបានទូរស័ព្ទមកខ្ញុំ ហើយប្រាប់ខ្ញុំថាបានរំលូតកូនហើយ។ នាងយំទៀត។
«អូនចង់ចួបបង!»
នាងនិយាយអង្វរនិងផ្ញើសារមក។ សញ្ញានេះគឺនាងចង់ត្រលប់មកចំណងទាក់ទងវិញ។
ហើយ…អ្នកណាឃាត់ខ្ញុំបាន?
ពួកយើងបានផ្សាភ្ជាប់ និងណាត់ចួបគ្នាជាសង្សាររយៈពេលប្រមាណជាប្រាំមួយខែទៀតយ៉ាងស្អិតរមួត។ ជារៀងរាល់ថ្ងៃខ្ញុំកាន់តែស្រលាញ់បាត់មុខនាងមិនបាន តែងចង់ដឹងថា នាងនៅឯណា កំពុងធ្វើអ្វីជាមួយអ្នកណា? គ្រប់នាទីដែលនាងមិននៅជាមួយខ្ញុំ ក្បែរៗខ្ញុំ ជាពេលវេលាដែលខ្ញុំតែងចង់បានចម្លើយ។
ខ្ញុំចង់ដឹងថា ហេតុអ្វីបានជាកាលពីមុននាងក្បត់ចិត្តខ្ញុំ។ ដោយរបៀបណា ហើយវានោះជានរណា?
ដោយការស្រលាញ់ ខ្ញុំមានចិត្តចង់ឈ្លបយកការណ៍ពីនាង។ ខ្ញុំបានធ្វើចារកម្មលើសកម្មភាពនាង ខ្ញុំចង់ចេញទៅក្រៅជាមួយមនុស្សស្រីផ្សេងទៀត ដើម្បីសាកចិត្តនាង ពេលខ្លះចិត្តខ្ញុំសង្ស័យពេកដល់ចង់សម្លាប់ខ្លួនឯងព្រោះគ្រាន់តែនាងស្ងាត់។
ខ្ញុំមានអារម្មណ៍ថា ស្នេហាគ្មានទំនុកចិត្ត គឺវាវេទនាណាស់។
ហើយទីបំផុតនាងមិនអាចទទួលយកខ្ញុំក្នុងសភាពដេញដោល ប្រចណ្ឌបែបនេះបានទេ។ នាងបានសុំបែកគ្នាពីខ្ញុំ។
«បើខ្ញុំខុសម្តង បងលែងទុកចិត្ត យើងរស់នៅជាមួយគ្នាមានន័យអ្វី?»
ខ្ញុំត្រូវបាននាងផ្តាច់ការចួប ។
មិត្តខ្ញុំជាច្រើន ទូន្មានឱ្យខ្ញុំកាត់ចិត្តពីនាង។
ពួកគេមិននិយាយថានាងមិនល្អទេ ប៉ុន្តែ ថារឿងពួកយើងពិបាកចុះសម្រុងណាស់។ ទំនុកចិត្តដូចជាក្រដាសស វាមិនស្អាតឡើងវិញបានទេ ព្រោះសម្អាតយ៉ាងណាក្តី។
ប៉ុន្មានខែក្រោយមក ខ្ញុំបានទៅចួបអតិថិជននៅសណ្ឋាគារមួយ ជាកន្លែងខ្ញុំមកលើកដំបូងនាងនៅទីនោះ ធ្វើការ ជាអ្នកឆុងកាហ្វេ។
ខ្ញុំដឹងថា ពេលនេះ ចិត្តក៏ចាប់ផ្ដើមលែងឈឺ ពេលនឹកដល់នាង។ ខ្ញុំដើរតម្រង់នាងទាំងញញឹម។ យ៉ាបានឃើញភ្លាម មុខនាងប្រែជាក្រហម ហើយក៏ញញឹមតបមកវិញ។
ល្ងាចនោះ ខ្ញុំមកលបមើលនាង។
ខ្ញុំបានឈរនៅខាងក្រៅជិតពីរម៉ោង ក្រោយមកខ្ញុំបានឃើញនាងពិតជាដើរចេញ ដោយពាក់អាវស្អាត រលោងនិងដៃតូច មានឡានមួយមកដឹកនាងទៅ ជាមនុស្សប្រុស។ សភាពពួកគេ ជាសង្សារគ្នា។
នាងមិនខ្វះមនុស្សប្រុសទេ។
៥ឆ្នាំក្រោយមកទៀត ខ្ញុំបានរៀបការ ហើយមានកូនស្រីម្នាក់។ ពេលយើងទៅលេងសួនកុមារ ខ្ញុំបានឃើញនាងជាមួយមនុស្សប្រុសផ្សេងម្នាក់ទៀត មិនមែនអ្នកដែលបានដឹកឡាននាងកាលពីមុននោះទេ។ នាងមានកូនប្រុសតូចម្នាក់ប្រហែលជា៣ឆ្នាំ តែបុរសនោះចាស់បន្តិច ហើយពួកគេស្និទ្ធគ្នាជាចំហ។
ពួកយើងញញឹមហើយខ្ញុំមិនរាក់ទាក់អ្វីពេកឡើយ។
ក្រោយមកទៀត ឮថានាងបានបាក់បែកគ្នា។ ចៃដន្យខ្ញុំទៅកន្លែងដដែលចួបនាង។ យើងបាននិយាយគ្នាខ្លះ នាងប្រាប់ថា ប្តីនាងប្រចណ្ឌពេក នាងមិនអាចទទួលយកបាន។
ខ្ញុំមកដល់ផ្ទះវិញ ខ្ញុំគិតថា អតីតកាលមួយនោះគឺជាសំណាងហើយ ដែលជីវិតទាំងមូលបានរួចផុតពីភាពរញ៉េរញ៉ៃព្រោះនាង។ ភរិយាខ្ញុំនេះមិនស្អាតដូចនាងទេ តែខ្ញុំមានទំនុកចិត្តជាមួយគ្នា១០០ភាគរយ។
ខ្ញុំដឹងថា របួសពីការផិតក្បត់ រមែងបានបោះត្រាលើបេះដូងយើងជារៀងរហូត។ មិនត្រឹមតែប៉ុណ្ណឹងទេ ការក្បត់នឹងមិនអាចកើតមានទេ ប្រសិនបើខ្ញុំមិនបានធ្វើជាមនុស្សល្ងីល្ងើ និងតាមចង់ឃុំគ្រងស្រីស្អាតដែលរាយមាយ។
មិនបានប៉ុន្មាននាងបានណាត់ខ្ញុំចេញក្រៅនិយាយគ្នាទៀត។ ខ្ញុំបានបដិសេធហើយប្រាប់នាងថា រឿងពួកយើងចប់ហើយ។ មិនថាយើងធ្លាប់ស្រលាញ់ខ្លាំងប៉ុនណាទេស្នេហាដែលមិនស្មោះត្រង់ នឹងស្លាប់ទៅតាមអតីតកាល។
ចុងក្រោយទៅ យើងគ្រាន់តែចង់មានគ្រួសារមួយស្ងប់សុខ លែងមានហ្គេមតណ្ហាទៀតហើយ។ ស្រីស្អាតដែលធ្វើឱ្យខ្ញុំគ្រាំគ្រាត្រឹមតែជាមេរៀនបានមកពីចិត្តភ្លើតភ្លើនរបស់ខ្ញុំនិងនាង បើយើងចួបគ្នាអាចនឹងមានក្មេងកំព្រាហោចណាស់ម្នាក់។
កុំធ្វើជាមនុស្សក្បត់ ព្រោះគេអាចលើកលែងតែពិបាកបំភ្លេចនឹងទុកចិត្តជាថ្មីឡើងវិញណាស់។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ