មិនចាំបាច់ជាក្មេងជំទង់ ទើបអាន​ប្រលោមលោករបស់វ័យជំទង់បាននោះទេ

សៀវភៅ​សម្រាប់​មនុស្ស​វ័យ​ជំទង់ ត្រូវបានមនុស្ស​មួយចំនួនគិតថា គ្មានប្រយោជន៍។ មិនថា ​​ជា​សៀវភៅប្រលោម​លោកឬប្រភេទអ្វីផ្សេង ​​សៀវភៅវ័យនេះ តែងតែផ្ទុកនូវ​ផ្នត់គំនិត​រីក​ចម្រើន ​​និងស្រស់បំព្រង។

ខ្ញុំដឹងថា គណៈកម្មការកំណែសៀវភៅឬដាក់ពិន្ទុសៀវភៅច្រើនមើលស្រាលលើប្រលោមលោក ឬសៀវភៅប្រភេទដែលចងក្រងឡើងសម្រាប់មនុស្ស​ជំទង់ ដូច្នេះហើយបានជាទម្រង់នៃការរីកចម្រើនផ្នត់គំនិតនៅប្រទាំងប្រទើសច្រើនក្នុងប្រទេសយើង។

មនុស្ស​ប៉ុន្មាន​ភាគរយ ដែលសរសើរថា​សៀវភៅប្រលោមលោក ឬសៀវភៅផ្សេងៗដែលវ័យជំទង់ចូលចិត្ត​ បង្កប់ការអប់រំល្អ? ទេ! មានតិចណាស់ ភាគច្រើនមិនចាប់អារម្មណ៍ ឬមិនខ្វល់និយាយដល់តែម្តង បើឱ្យរើស ពួកគេចង្អុលការស្រាវជ្រាវ សៀវភៅសិក្សាជាមួយប្រធានបទជាក់លាក់ ឬប្រវត្តិសាស្ត្រ…..ទើបទុកថាជាសៀវភៅល្អ។

ជាមួយនឹងកំណត់ចំណាំបែបនោះហើយ ពួកគេមិនខ្វល់ឡើងថា សៀវភៅល្អដែលពួកគេ​លើកសរសើរ អាចធ្វើឱ្យវ័យជំទង់អានឬមិនអាន​?

មួយវិញទៀត យើងមិនចាំបាច់ជាក្មេងជំទង់ ទើបចូលអាន​ប្រលោមលោករបស់វ័យជំទង់បាននោះដែរ។ទោះណាជាមនុស្សពេញវ័យមិនចូលចិត្តឈុតឆាក ក្លឹប ស្គី ហ្គេម រូបភាព រូបថ្លុក ឬគ្រាមភាសាទ្រគោះត្រង់ភ្លឹងពេក តែខ្ញុំគិតថា សៀវភៅប្រភេទនោះ ជួយលោកអ្នកឱ្យបានយល់ច្រើនអំពី ផ្លូវចិត្តក្មេងជំទង់ក្នុងផ្ទះ ជាកូនឬប្អូន ក្មួយ ក្មេងដែលធ្វើការជាមួយ សិស្ស​ ឬអ្វីផ្សេងៗ។

តើហេតុអ្វីគេគិតថា សៀវភៅវ័យជំទង់គ្មាន​ពុទ្ធិអ្វី? សួរថា តើអ្នកណាជាអ្នកសរសេរសៀវភៅ Young Adults ល្បីៗលើលោក? ៩៩%ភាគរយនៃពួកគេគឺជាមនុស្សពេញវ័យ ក៏ជាអ្នកដែលមានចិត្តគំនិតបើកចំហរ សិក្សា​ពីភាពរីកចម្រើន​នៃក្រុមមនុស្ស​បន្តវេនបាន​ជាប់លាប់ ថែមទាំងយល់អំពីភាពសំខាន់នៃ វត្តមាន​ក្រុមមនុស្សវ័យជំទង់ ថែមទាំងចេះគ្រប់គ្រងមនុស្ស​ជំទង់។

ប្រលោមលោកវ័យជំទង់ រឿង ថ្ងៃណាមួយ និពន្ធដោយ ម៉ីសន សុធារី

ជាទូទៅ Young Fictions គឺច្រើនមានប្រជាប្រិយភាពលើប្រភេទរឿងប្រឌិតដែលមានតួអង្គមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ សូម្បីភាពយន្ត​របស់ Disney ឬ Hollywood ក៏ដូចគ្នា​។ ខ្លះប្រើតួអង្គក្មេងជាងនេះទៅទៀត ដែលមានបន្ថែមតួអង្គចាស់ៗពាក់ព័ន្ធ។ ប្រលោមលោកនេះកំពុងក្លាយជាប្រភេទដែលរីកចម្រើននិងបានការ​ពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសជឿនលឿន ។

តើយើងចង់អប់រំមនុស្សជំទង់ដូចម្តេចបើមិនព្រមសរសេរប្រភេទសៀវភៅដែល ពួកគេចង់អាន? ហើយមួយវិញទៀត ដែលរឹតគួរកត់សម្គាល់នោះគឺថាប្រលោមលោកដែលឆ្លុះបញ្ចាំងពីយុវវ័យ មិនមែនជាប្រលោមលោកសម្រាប់អប់រំតែលើយុវវ័យនោះទេ។ ដូចយ៉ាងក្នុងរឿង ថ្ងៃណាមួយ តួអង្គវ័យជំទង់ជេមស៍ ដែលខ្ញុំបានបំពាក់ឡើង ជាជីវិត​ប្រុសស្រលាញ់ប្រុស ដែលមាតាបិតាគួរតែមានការយល់ដឹងអំពីជីវិត​របស់ពួកគេ​នៅក្នុងបរិបថបច្ចុប្បន្ន។

ជាទូទៅ សៀវភៅក្មេងជំទង់ មិនថាអំពីអ្វីក្តី ខ្មោច ព្រាយ ស្នេហា ការសិក្សា​ ឬរវើរវាយក្តី រមែងបានប្រាប់អ្នកអាន​ពីទស្សនៈរបស់កុមារ និងមនុស្ស​វ័យជំទង់។ ប្រសិនលោកអ្នកជាមាតាបិតា ជាគ្រូបង្រៀន មិនគួររំលងសៀវភៅប្រភេទនេះឡើយ។

ចុចទីនេះអានអត្ថបទ វិធីតែងនិពន្ធសៀវភៅវ័យជំទង់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*