សំឡេងបេះដូង
ចាក់…ចូកចាក់ ធីញៗធីញ ចូកធីញ…
ភ្លេងដែលបង្កើតពីសំឡេងរបស់មនុស្សប្រុស បានបន្លឺចូលមកក្នុងសោតវិញ្ញាណរបស់ខ្ញុំ ស្របពេលដែលខ្ញុំកំពុងតែអង្គុយចុចកុំព្យូទ័របណ្តើរ រកនឹកនិពន្ធប្រលោមលោកថ្មីបណ្តើរ តាមអារម្មណ៍ដែលជាអ្នកនិពន្ធកំលោះ ដែលមានវ័យ២៨ឆ្នាំ។
ខ្ញុំបែរតាមរកមុខម្ចាស់សំឡេង។ នាយរាងខ្ពស់ សក់រួញខ្លីពណ៌មង្ឃុត ពាក់អាវខ្មៅ និងក្បិនពណ៌ឈាមជ្រូក។ គេលើកដៃម្ខាងដែលកាន់ដំបងឡើងខ្ពស់ផុតក្បាល ដៃឆ្វេងពត់កោងដាក់ត្រឹមចង្កេះ ឯជើងរបស់គេវិញកន្ធែកចេញតាមក្បួនខ្នាតក្បាច់ល្ខោនខោល នាយលើកដំបងគ្រវីលឿន រួចលើកជើងស្តាំឡើងបន្តិច កាន់តែមើលពេលណាខ្ញុំកាន់តែជក់ភ្នែកដល់ថ្នាក់បណ្តាលឱ្យម្រាមដៃ ចុចវាយអក្សរបង្កើតជាពាក្យ រៀបជាប្រយោគលើកសរសើរពីសម្រស់នាយ ឱ្យចូលជាតួអង្គឯករបស់ខ្ញុំភ្លាមៗ។
ណយៗៗៗ…
នាយពត់ពែនដៃជើងចុះឡើង ស្រាប់តែកែវភ្នែករបស់គេក្រឡេកមកចំខ្ញុំ គេហាក់ប្រញាប់ងាកចេញវិញដូចជាខ្ញុំដែរ តែហេតុអ្វីបានជាការប្រសព្វភ្នែកគ្នាមិនដល់មួយនាទីផង វាបានធ្វើឱ្យបេះដូងរបស់ខ្ញុំញាប់ញ័រដូចជាខ្លួនជាជនដែលមានកំហុស មិនហ៊ានសូម្បីសម្លឹងកែវភ្នែកទៅកាន់គេវិញ។
ឬវាជាស្នេហា?
ក៏ប្រហែលជាខុសវ័យគ្នាដែរ…
….
រាត្រីកាលដ៏អន្ធិកា មានត្រឹមតែចន្ទមួយចំណិតតូចរះប្រណាំងជាមួយភាពងងឹត ឯខ្ញុំវិញបែរជាអង្គុយសម្លឹងកុំព្យូទ័រថ្មែដោយមិនធ្វើអ្វីទាំងអស់ ដោយសារតែកំពុងភ្លឹកគិតទៅដល់នាយសង្ហា ដែលពត់ពែនរាំរបាំនៅពីមុខរបស់ខ្ញុំកាលពីព្រឹកមិញនេះនៅឡើយ។
“តើនាយមានឈ្មោះអ្វីទៅ នាយសក់ពណ៌មង្ឃុត? មែនហើយខ្ញុំហៅនាយថា នាយសក់ពណ៌មង្ឃុត!”
ខ្ញុំនិយាយចប់ក៏កម្រើកម្រាមដៃកចុចកុំព្យូទ័រ វាយពាក្យ(នាយសក់ពណ៌មង្ឃុត)ចូលនៅក្នុង Word ប្រលោមលោករបស់ខ្ញុំ ។
តែថា…
ធ្វើយ៉ាងម៉េចខ្ញុំអាចដឹងឈ្មោះពិតរបស់គេទៅ?
….
១សប្តាហ៍កន្លងផុតទៅហើយ ដែលខ្ញុំតែងតែមកអង្គុយមើលគេហាត់សម្តែងជាមួយមិត្តៗជាច្រើនអ្នកទៀតរបស់គេ ខ្ញុំបានដឹងមកថា សាលាដែលគេកំពុងតែរៀននឹងមានកម្មវិធីធំមួយ ទើបបានជាគេតែងតែហាត់រាំ ដើម្បីត្រៀមទទួលស្វាគមន៍អ្នកមុខអ្នកការដែលនឹងមានវត្តមាននៅក្នុងពិធីនោះអំឡុង២០ថ្ងៃខាងមុខនេះឯង។ ព្រោះតែគេរៀនជំនាញរបាំបុរាណនោះអី!!
គេរាំបានមួយស្របក់ធំ ខ្ញុំស្រាប់តែនឹកមានគំនិតលួចថតយកវីដេអូដែលគេរៀនសម្តែង ទុកយកមកសរសេរអត្ថាធិប្បាយក្នុងប្រលោមលោក។ គិតរួចដៃរបស់ខ្ញុំស្រាប់តែទាញបានទូរស័ព្ទដៃមកចុចកាំមេរ៉ារួចជាស្រេច ដល់ខ្ញុំបែរទៅរកតួសម្តែង ស្រាប់តែបាត់គេទៅណាបាត់ក៏មិនដឹង។ ខ្ញុំក៏ទម្លាក់ទូរស័ព្ទចុះវិញដោយអស់សង្ឃឹមរួចក៏និយាយខ្សឹបៗតែម្នាក់ឯង៖
“គួរឱ្យស្តាយណាស់!”
“បងចង់ថតខ្ញុំមែន?” សំឡេងមនុស្សប្រុសជំទង់ បន្លឺសឹងតែក្បែគុម្ពត្រចៀករបស់ខ្ញុំ ធ្វើឱ្យខ្ញុំប្រញាប់ក្រឡេកទៅមើលគេវិញយ៉ាងប្រញាប់សឹងតែធ្លាក់ពីកន្លែងដែលខ្ញុំអង្គុយ។
រាងស្តើង កម្ពស់បាន បង្ហាញស្នាមញញឹមចេញថ្ពាល់ខួច ទាំងសង សក់ខ្លីរមូររួញពណ៌មង្ឃុតរបស់គេរង្គើរតិចៗពេលដែលត្រូវជាមួយកម្លាំងខ្យល់បក់ ដែលផាត់នាំទាំងក្លិនផ្កាចំប៉ីដែលដាំក្នុងបរិវេណសាលានេះមកក្បែរច្រមុះរបស់ខ្ញុំផងដែរ។
“មាន…មានឯណា! បងមិនបានលួចថតឯងទេ”
“មែនហ្អី? តែមុននេះខ្ញុំឃើញបងថត…”
“អត់…អត់មានទេ!”
ខ្ញុំបដិសេធទាំងមិនមើលមុខគេចំឡើយ តែខ្ញុំនៅតែអាចដៀងភ្នែកឃើញថាគេកំពុងតែញញឹមមិនឈប់ដូចជាចង់អស់សំណើចនឹងខ្ញុំ។ ចំណែកខ្ញុំវិញមិនគិតឈរយូរក៏ប្រញាប់ដើរចេញពីមុខរបស់គេបានប្រហែល៥ជំហាន។
“ខ្ញុំឈ្មោះ វឌ្ឍនា! លើកក្រោយបងថតខ្ញុំបាន!”
សំឡេងជំទង់ គ្រាន់តែស្តាប់ក៏ដឹងថាពីរោះនិយាយចេញមកកាន់ខ្ញុំធ្វើឱ្យខ្ញុំលួចញញឹមដោយមិនបែរមុខមើលទៅកាន់គេវិញឡើយ។
វឌ្ឍនា..
ខ្ញុំឈប់ជើងដែលបម្រុងដើរចេញ រួចក៏បែរមុខមកញញឹមទៅគេវិញដែលពេលនេះគេនៅតែបង្ហាញភាពសង្ហាជាមួយឯកសណ្ឋានសំពត់ក្បិនអាវខ្មៅ។
“បង…ឧស្សាហ៍! ឈ្មោះបងគឺ ឧស្សាហ៍!”
ខ្ញុំនិយាយទាំងស្ទាក់ស្ទើរ ព្រោះឈ្មោះរបស់ខ្ញុំវាហាក់ចម្លែកសម្រាប់រូបរាងរបស់ខ្ញុំមិនសមថាឈ្មោះឧស្សាហ៍ បែរជាមនុស្សប្រុសទៅវិញមិនមែនជាស្រី។
“បាទ! បងឧស្សាហ៍”
គេញញឹមហៅឈ្មោះខ្ញុំឮៗដែលធ្វើឱ្យខ្ញុំស្តាប់បានច្បាស់ តែមិនដឹងថាខ្ញុំកើតអីទេ ស្នាមញញឹមរបស់គេហាក់ធ្វើឱ្យបេះដូងដែលស្ងៀមស្ងាត់ចាប់ផ្តើមលោតខ្លាំងឡើង ស្ទើរតែផ្ទុះចេញមកខាងក្រៅ។
វឌ្ឍនា…ឈ្មោះអ្វីក៏ពីរោះម៉្លេះ?
២.ឈ្មោះពីរោះ
អធ្រាត្រយប់ស្ងាត់ ខ្យល់បក់នៅក្នុងទីក្រុងភ្នំពេញតិចៗមកប៉ះជាមួយស្បែករបស់ខ្ញុំ ដែលកំពុងតែអង្គុយក្បែរបង្អួចសម្លឹងទៅខាងក្រោមជាផ្លូវដែលមិនសូវជាមមាញឹកឡើយ។ ដៃសន្សឹមចុចឃីបត កុំព្យូទ័រផង និងឆ្លៀតញញឹមតិចៗដោយមិនដឹងខ្លួនសោះ រឿងរ៉ាវទាំងឡាយ ដែលខ្ញុំនិងក្មេងជំទង់ម្នាក់នោះបានសន្ទនាគ្នា ខ្ញុំបានសរសេរចូលមកជាសកម្មភាពតួអង្គរបស់ខ្ញុំទាំងអស់ មែនហើយ ពេលនេះតួឯករបស់ខ្ញុំមានឈ្មោះហើយ។
“វឌ្ឍនា ឈ្មោះពីរោះថែមទាំងសង្ហា!ហុហុ..”
ខ្ញុំនិយាយម្នាក់ឯងហើយក៏ទាំងកាច់កសើចតែម្នាក់ឯងដូចមនុស្សឆ្កួតហើយពេលនេះ
“តែឈប់សិន បើសិនជាស្រលាញ់មនុស្សប្រុសក្មេងជាងខ្លួនអ៊ីចឹងសមអត់?”
ទទួលស្គាល់ហើយ ថាបានលង់នឹងប្រុសជំទង់..
….
ព្រឹកថ្ងៃថ្មី ហើយក៏ជាថ្ងៃទី៨ ដែលខ្ញុំបានឃើញគេរាប់ចាប់ទាំងពីពេលដែលខ្ញុំបានឃើញគេដំបូង។ ថ្ងៃនេះខ្ញុំដូចជាមិនសូវខ្លាចគេឃើញថាខ្ញុំលួចថតគេទេ គឺខ្ញុំលើកកាំមេរ៉ាមកថតយកសកម្មភាពរបស់គេទុកតែម្តង។
ព្រោះគេបានអនុញ្ញាតខ្ញុំរួចកាលពីម្សិលមិញនោះអី!
គេហាត់សមបានបន្តិច ស្រាប់តែបែរមុខមកញញឹមដាក់ខ្ញុំមិនឈប់សោះ ម្តងក៏បាត់ ហើយមួយភ្លែតក៏ញញឹមមកទៀត ប្រុសជំទង់នេះពិតជាមិនដឹងថា អ្នកនិពន្ធម្នាក់នេះមុខក្រហមដោយសារសកម្មភាពសាមញ្ញៗរបស់គេបែបនេះសោះដល់ថ្នាក់ខ្ញុំមិនអាចបន្តឈរមើលគេញញឹមមករកខ្ញុំបែបនេះបាន រួចក៏ចាកចេញទៅ។
មួយសន្ទុះក្រោយ ខ្ញុំក៏ត្រឡប់មកកន្លែងគេហាត់សមវិញជាមួយទឹកសុទ្ធមួយដបជាប់ដៃផង។
“ហ្អក៎! យកទៅ បង…ឱ្យ…ឯង! អរគុណសម្រាប់ការឱ្យថតវីដេអូហាត់សម្តែង!”
ខ្ញុំហុចទឹកទៅកាន់មុខរបស់គេដែលកំពុងតែមានញើសហូរពេញផ្ទៃមុខ។
“តាមពិតមិនបាច់ក៏បាន តែបងទិញមកហើយសម្រេចថាខ្ញុំទទួលយកទៅចុះ អរគុណច្រើន!”
គេនិយាយចប់ និងទ្រដៃមកយកទឹកពីខ្ញុំ ដោយមិនភ្លេចរាយមន្តស្នេហ៍តាមរយៈការបង្ហាញស្នាមញញឹមពិឃាតបេះដូងមួយនេះមកកាន់ខ្ញុំសោះ។
គេបើកគម្រប រួចផឹកទឹកដែលខ្ញុំបានឱ្យអស់ភ្លាមៗនៅចំពោះមុខរបស់ខ្ញុំ ទើបគេដាក់ខ្លួនអង្គុយចុះក្បែរ
កន្លែងដែលខ្ញុំអង្កុយ។
“បងជាអ្នកយកព័ត៌មានមែន?”
“អ្នកព័ត៌មាន?” ខ្ញុំឮសំនួរភ្លាមនឹកចង់សើចភ្លែត មិនដឹងថាខ្ញុំរៀបចំខ្លួនបែបណាបានជាគេគិតថា ខ្ញុំគឺជាអ្នកយកការណ៍ឱ្យសារព័ត៌មានទៅវិញ?
“ឬខ្ញុំថាខុស?” គេបន្តសួរមកកាន់ខ្ញុំទាំងទឹកមុខខ្យូតៗមិនដែលរីងស្ងួតភាពរីករាយរបស់គេ។
“ខុសមែនហ្នឹង! នេះបងទុកឱកាសឱ្យម្តងទៀត បើទាយត្រូវ បងនឹង…!”
ខ្ញុំនិយាយមិនទាន់ចប់ស្រាប់តែគេនិយាយកាត់៖
“ប៉ាវបាយ! បងប៉ាវបាយល្ងាចខ្ញុំមួយពេលយ៉ាងម៉េចដែរ?” គេនិយាយស្នើរដាក់លក្ខខណ្ឌមកកាន់ខ្ញុំទាំងញញឹមពព្រាយ។
“ចឹងក៏បាន! ស្មានតែខ្លាច?”
ខ្ញុំរាងអំនួតដាក់គេ តែធាតុពិតចង់ឱ្យគេទាយត្រូវដើម្បីបានបានស្គាល់គ្នាបន្ថែមទៀតសោះ។
“ខ្ញុំតែងឃើញបងមកចុចកុំព្យូទ័រ ហើយមើលខ្ញុំសម្តែងរហូត ខ្ញុំទាយថាបងកំពុងតែសរសេរពីខ្ញុំ…អ៊ីចឹងមានតែបងជា…អ្នកនិពន្ធ?”
គេនិយាយទាំងលើកម្រាមដៃស្រឡូនៗរបស់គេចង្អុលមកកាន់ខ្ញុំជាប់ ដើម្បីរង់ចាំខ្ញុំប្រាប់ថាត្រូវឬមួយក៏ខុស។
“ហាសហា៎..” ខ្ញុំមិនតប ដោយប្តូរមកជាសើចស្រស់ទៅកាន់គេជំនួសវិញ ដែលពេលនេះគេកំពុងតែធ្លាក់ទឹកមុខចុះ បែបជាគេកំពុងតែគិតថាគេបានឆ្លើយខុសហើយមើលទៅ។
“ខ្ញុំឆ្លើយខុសហ្អែស? គួរឱ្យស្តាយមែន!”
គេនិយាយទាំងមិនមានស្នាមញញឹមលើផ្ទៃមុខសោះ ហាក់ដូចជាក្មេងល្អិតដែលសុំលុយម៉ែទិញស្ករគ្រាប់មិនបាន ដែលទឹកមុខគេពេលនេះកាន់តែធ្វើឱ្យខ្ញុំទប់សើចមិនបាន ហិហិ..
“ម៉ោង៦នេះ ញ៉ាំបាយល្ងាចជាមួយគ្នាទេ?”
គ្រាន់តែខ្ញុំថាចប់ភ្លាម ខ្ញុំក៏ឃើញពីការប្តូរទឹកមុខរបស់គេស្ទើរ៣៦០ដឺក្រេ មកជាញញឹមស្រស់វិញត្រឹមមួយប៉ព្រិចភ្នែក ដែលសកម្មភាពនេះខ្ញុំនឹងចងចាំទុក សម្រាប់អារម្មណ៍របស់តួអង្គឯករបស់ខ្ញុំ។
….
ពេលរសៀល…
ខ្ញុំអង្គុយទាំងរសាប់រសល់នៅក្នុងខ្លួនរកថាមិនត្រូវនៅក្នុងហាងអាហារមួយកន្លែងនៅជាន់ទី២ ដែលអាចឱ្យយើងមើលទៅកាន់ទេសភាពខាងក្រៅបាន មានទាំងផ្លូវ និងមានខ្សែទឹកជាទន្លេបួនមុខ ក្បែរព្រះបរមរាជរាំង។
បានមួយភ្លែត ជំហានមនុស្សប្រុសជំទង់បានបើកទ្វារចូលមកដល់។ នាយពាក់អាវយឺតពណ៌សពីខាងក្នុងអាវក្រៅកឌុបដៃខ្លីពណ៌ខៀវស្រាល ជាមួយខោខូប៊ូយ បូករួមទាំងស្បែកជើងប៉ាត់តាពណ៌សផង តាមស្ទីលយុវវ័យដែលគេនិយម តែគេនៅចំពោះមុខរបស់ខ្ញុំនេះកាន់តែសង្ហាប្លែកជាងសព្វមុនទៅទៀត ដល់ថ្នាក់ខ្ញុំសម្លឹងមើលគេដល់ថ្នាក់ភ្លឹកមិនដឹងខ្លួនឡើយ។
គេបានដើរចូលមកដល់តុដែលខ្ញុំកំពុងតែអង្គុយរង់ចាំគេ ទាំងដែលគេមិនចោលស្នាមញញឹមដែលខ្ញុំតែងតែចង់ឃើញនោះសោះ។ និយាយមែនលង់នឹងស្មាមញញឹមហ្នឹងខ្លាំងហ្មង!
៣.ស្នាមញញឹមរបស់គេ
“ហេឡូ បងឧស្សាហ៍! ខ្ញុំមកដល់ហើយ!”
សំឡេងផ្អែមស្រទន់បានដាស់អារម្មណ៍របស់ខ្ញុំ ឱ្យភ្ញាក់ពីការលង់ជាមួយសម្រស់របស់ក្មេងជំទង់ ដែលកំពុងមានវត្តមានចំពោះមុខរបស់ខ្ញុំត្រង់ភ្លឹងដូចគោរពទង់ជាតិ តែដៃស្តាំរបស់គេកំពុងតែបក់ម្តងទៅឆ្វេង ម្តងទៅស្តាំជាការសួស្តីបែបលោកខាងលិច។
“មកហើយហ្អែស? ឆាប់អង្គុយមក!” ខ្ញុំនិយាយទាំងទាក់ទើរ ព្រោះទើបតែភ្ញាក់ពីការសម្លឹងមុខសង្ហារបស់គេនោះអី។
“បាទ!”
“និយាយអ៊ីចឹង ឯងចង់ហៅអី ក៏ហៅមក បងអ្នកប៉ាវតាមសន្យាណា!” ខ្ញុំនិយាយចប់ អ្នករត់តុស្រីម្នាក់ក៏បានដើរមកឈប់ក្បែរពួកយើង បន្ទាប់មកនាងក៏ហុចសៀវភៅមឺនុយពីរក្បាលមកឱ្យយើងម្នាក់មួយក្បាលដើម្បីកុម៉្មង់ម្ហូបញ៉ាំ។
និយាយអ៊ីចឹងមិនដឹងថាខ្ញុំថ្ងៃនេះកើតអ្វីទេ មានអារម្មណ៍ថាដូចជាមិនមានព្រលឹងនៅក្នុងខ្លួនយ៉ាងម៉េចក៏មិនដឹង ពេលដែលបានអង្គុយទល់មុខរបស់គេ ដែលជាមនុស្សមានស្នាមញញឹមគ្រប់ពេល វាស្រាប់តែធ្វើឱ្យបបូរមាត់របស់ខ្ញុំចាប់ផ្តើមចេះញញឹមតាមគេដោយមិនដឹងខ្លួន ឯផ្ទៃមុខចាប់មានអារម្មណ៍ថាក្តៅអ៊ុនៗដូចចង់គ្រុន តែខ្ញុំបែរជាមានអារម្មណ៍ថាតាមពិតមុខរបស់ខ្ញុំកំពុងតែឡើងក្រហមទៅវិញទេ ពិសេសពេលដែលត្រូវបានគេចាប់បានថាខ្ញុំលួចសម្លឹងមុខរបស់គេម្តងៗខ្ញុំសឹងតែងាកមុខចេញមិនទាន់ ហើយរកកលដល់ថ្នាក់ភ្លេចដកដង្ហើមទៀតផង។
លួចពេញចិត្តប្រុសក្មេងម្តងហេតុអ្វីក៏ពិបាកម៉្លេះ?
“បងចូលចិត្តខ្ញុំទេ? មើលចុះខ្ញុំទំនងជាសាច់ខ្ចីអត់? ប្រហែលជាស្រួលទំពា ហើយផ្អែមថែមទៀត!!”
គេនិយាយមកខ្ញុំបែបនេះ តើគេដឹងថាខ្ញុំគិតអីមែនទេ?
“…” តែខ្ញុំមិនតបបានត្រឹមអង្គុយអៀនរមួលខ្លួនតែម្នាក់ឯង ដូចឆ្គួត។
“បង! បងឮខ្ញុំសួរអត់?” គេដំឡើងសំឡេងបន្តិចទើបធ្វើឱ្យខ្ញុំភ្ញាក់ទាំងភាំងៗ ទើបគេនិយាយបន្ត៖
“ខ្ញុំសួរថា បងចូលចិត្តញ៉ាំសាច់គោស្ទេកឬអត់? មើលទៅទំនងជាស្រួលទំពា!”
ឮបែបនេះហើយខ្ញុំបានត្រឹមហួសចិត្តនឹងខ្លួនឯងជាខ្លាំង គេនិយាយបែបនេះ បែរជាស្តាប់ចេញបែបណាឯណោះឆ្កុយ!!
ហ្អើយ…ខ្ញុំ! ស្អែកត្រូវទៅឱ្យពេទ្យពិនិត្យម្តងហើយ។
….
“ថាម៉េច? គេជាអ្នកណា? ឈ្មោះអី? គ្រប់១៨ឬអត់? នែ! ប្រយ័ត្នតែជាប់ទោសពីបទបៀតបៀនក្មេងមិនទាន់គ្រប់អាយុណាវ៉ើយ!”
អាពេទ្យ មិត្តជំនាន់វិទ្យាល័យ បែរមកសួរខ្ញុំជាប់ៗរកពេលដកឃ្លាគ្មាន។
“ហ្អើយ! អាពេទ្យ! ឯងប្រុងសួរយើងមួយលានសំណួរក្នុងពេលតែមួយឬយ៉ាងម៉េច? រកតែយើងរកពេលដកដង្ហើមគ្មាន!”
ខ្ញុំនិយាយបកទៅវិញ ព្រោះថាខ្ញុំមិនដឹងត្រូវឆ្លើយសំណួរណាមុនពិតមែន ខំមករកពេទ្យឱ្យជួយមើលវិបត្តិ បែរជាត្រូវជាប់ទោសបំពានក្មេងទៅវិញ។
“អឺ…យើងចេះតែព្រួយទៅ នៅសុខៗមកប្រាប់ពេទ្យថាបានទៅលង់ជាមួយក្មេងជំទង់ ចុះបើគេមិនទាន់គ្រប់អាយុមែននោះ តើឯងនិងធ្វើម៉េច?”
“មានយ៉ាងម៉េច? គឺយើងនិងដាក់មេប្រូចនោះអី!ហាសហា..!” ខ្ញុំតបបែបលេងសើច។
“ឥឡូវ ឆាប់ប្រាប់យើងភ្លាមមកថា…ចួបគេយ៉ាងម៉េច? ហើយចួបពីពេលណា? មានបាន…នែក…ដេកជាមួយគ្នាឬនៅ?”
ផាច់!
“អាឈ្លើយ! នេះឯងគិតថាយើងចង់ស៊ីស្មៅខ្ចីហ្អែស?” អាពេទ្យលើកដៃអង្អែលស្មាក្រោយពីត្រូវខ្ញុំដាក់មួយដៃ។
“យើងគ្រាន់តែសួរតើ នឹងបានការពារគ្រាន់ជាងមិនការពារនោះអី!” នេះចំជាមិត្តរបស់ខ្ញុំមែន។
“គ្មានទេ! យើងនិងគេស្គាល់គ្នាបាន១០ថ្ងៃ អាយុរបស់គេយើងមិនទាន់ដឹងផង ដឹងតែថា…”
ខ្ញុំ្ញញញឹមទាំងមុខក្រហមទើបនិយាយបន្ត៖ “គេឈ្មោះ វឌ្ឍនា ហើយគេញញឹមស្រស់ណាស់ ពេលដែលយើងចួបគេដំបូងក៏លង់និងស្នាមញញឹមរបស់គេនោះតែម្តង! មិនដឹងជាក្មេងស្អីមិនដឹង ស្អាតក៏ស្អាត ថែមទាំងឈ្មោះពីរោះទៀត!” ខ្ញុំនិយាយទាំងលោដៃទៅចាប់ជាយអាវរបស់អាពេទ្យញីញក់ឡើងពេញហ្នឹង។
“យើងថាឯងធ្ងន់ធ្ងរមិនខាន!!”
៤.ចុងបញ្ចប់បែបណា?
ធ្មេចបើកៗ ថ្ងៃដែលគេត្រូវសម្តែងក៏ចូលមកដល់។ ក្នុងកម្មវិធីពិព័រណ៍ស្នាដៃនិស្សិតដែលមានប្រាំមហាវិទ្យាល័យចូលរួម។ និស្សិតតាមមហាវិទ្យាល័យនីមួយៗបានរៀបចំការពិព័រណ៍ជាច្រើនត្រូវតាមមុខជំនាញរបស់ពួកគេ ហើយអ្វីដែលសំខាន់គឺថានៅពេលយប់និងមានការសម្តែងទស្សនីយភាពបុរាណជាច្រើនទម្រង់ កាន់តែពិសេស យប់នេះខ្ញុំក៏នឹងបានមើលវឌ្ឍនាសម្តែងផងដែរ។
ពេលវេលាសំខាន់បានចូលមកដល់ សំឡេងភ្លេងបុរាណបន្លឺឡើងពីរោះគ្រលួច បានបន្តិចតួល្ខោនក៏ចេញសំឡេងមក។ សម្រាប់ខ្ញុំ ទោះជាល្ខោនខោលតម្រូវឱ្យតួទាំងអស់ត្រូវបានពាក់ខ្មុក តែខ្ញុំនៅតែអាចចំណាំបានថាអ្នកណាជាវឌ្ឍនាដែលខ្ញុំតែងតែសរសេរគេជាតួឯករបស់ខ្ញុំ។
មួយសន្ទុះការសម្តែងបានបញ្ចប់ ជាមួយសំឡេងទះដៃសាទរយ៉ាងរំពង។ ក្មេងជំទង់ដែលខ្ញុំស្គាល់គេបានដោះមុខខ្មុកចេញ ហើយញញឹមពីលើវេទិកាសម្តែងមកកាន់ទស្សនិកជនដែលកំពុងតែអង្គុយមើលត្រៀបត្រា។ តែមិនដឹងយ៉ាងម៉េច ខ្ញុំគិតថាគេបែរជាកំពុងតែញញឹមផ្តោតមកកាន់ខ្ញុំទៅវិញ។
តើគេមានអារម្មណ៍ដូចជាខ្ញុំដែរទេ?
បើគេដឹងថាខ្ញុំកំពុងតែស្រលាញ់គេ តើគេអាចរើសអើងចំពោះការស្រលាញ់ភេទដូចគ្នាដែរឬទេ?
៣ខែក្រោយមក…
ទីបំផុតប្រលោមលោករបស់ខ្ញុំបានចេញបោះពុម្ពផ្សាយហើយ រឿងនេះមានចំណងជើងថា ស្នេហ៍នេះខ្ញុំនិពន្ធ។ ទោះមិនប្រាប់ប្រហែលជាអ្នកទាំងអស់គ្នាដឹងថា តួឯករបស់ខ្ញុំជាអ្នកណា។ ខ្ញុំសង្ឃឹមថា គេនឹងបានអានប្រលោមលោកមួយនេះ ដើម្បីឱ្យគេអាចយល់ពីអ្វីដែលខ្ញុំចង់និយាយប្រាប់គេពេលកន្លងមក។
មិត្តអ្នកអានជាច្រើនបានកំពុងនឹងចូលរួមក្នុងកម្មវិធីសម្ពោធប្រលោមលោកស្នាដៃទី៣របស់ខ្ញុំ។ ពិតហើយថា វាមិនមែនជាលើកទី១ដែលខ្ញុំនឹងត្រូវឡើងនិយាយពាក្យពេចន៍ខ្លះៗ ទាក់ទងជាមួយការសរសេរប្រលោមលោកនេះឡើង តែនេះបែរជាកម្មវិធីដែលខ្ញុំភ័យរំភើបខ្លាំងផងដែរ។
ប្រាវ!!!
ស្នូរទះដៃលាន់កងរំពង នៅពេលដែលខ្ញុំបានឡើងទៅលើវេទិកា។ ខ្ញុំដកដង្ហើមវែងៗ បន្ទាប់មកក៏ប្រឹងសម្លឹងមើលជុំវិញនេះសង្ឃឹមថា គេនឹងអាចមកចូលរួមបាន តែមិនអាចទេ ខ្ញុំដឹងច្បាស់ ដឹងចាប់តាំងពីពេលដែលខ្ញុំសារភាពចំពោះគេដំបូងមកម្ល៉េះ…
៣ខែមុន…
វឌ្ឍនា ចុះពីឆាកហើយក៏ដើរសំដៅមកក្បែរខ្ញុំ។ នៅយប់នោះ យើងបានដើរមើលពិព័រណ៍ជាមួយគ្នា ញ៉ាំអាហារតាមស្តង់ជាមួយគ្នា វាហាក់បីដូចជាការសាងអនុស្សាវរីជាមួយគ្នាយ៉ាងអ៊ីចឹង។
“បងមានរឿងចង់ប្រាប់!” ខ្ញុំនិយាយទៅកាន់គេនៅខណៈពេលដែលគេបែរមកមើលមុខរបស់ខ្ញុំដោយការងឿងឆ្ងល់។
“បាទ?”
“ឯង…ឯងគិតយ៉ាងណា…បើបងប្រាប់ថាបងស្រឡាញ់ឯង!”
ខ្ញុំនិយាយចេញពីភាពក្លាហានដែលមាននៅក្នុងខ្លួន។ វាមិនមែនជារឿងងាយនោះទេដែលត្រូវសារភាពស្នេហ៍ទៅកាន់មនុស្សម្នាក់ដែលយើងមិនដឹងថាគេស្រលាញ់យើងវិញឬមួយក៏អត់?
“បងនិយាយលេងមែន?”
គេសួរមកកាន់ខ្ញុំ រួចក៏ថយក្រោយឆ្ងាយពីខ្ញុំមួយជំហាន។ ទង្វើរបស់គេបានធ្វើឱ្យខ្ញុំដឹងភ្លាមថា ខ្ញុំកំពុងតែត្រូវបានបដិសេធ។
“បង…បងសូមទោស!” ខ្ញុំនិយាយសូមទោសព្រមទាំងឈានមួយជំហានទៅក្បែរគេ តែគេស្រាប់តែថយមួយជំហានឆ្ងាយពីខ្ញុំ បន្ទាប់មកគេក៏ដើរចេញពីខ្ញុំដោយមិននិយាយអ្វីទាំងអស់។
ត្រឡប់មកកាន់បច្ចុប្បន្ន…
“សួស្តីមិត្តអ្នកអានទាំងឡាយ! ជាដំបូងខ្ញុំសូមអរគុណសម្រាប់ការគាំទ្រស្នាដៃនិពន្ធរបស់ខ្ញុំកន្លងមក។ ខ្ញុំជាអ្នកនិពន្ធមួយរូបដែលសរសេរពីជ្រុងមួយរបស់មនុស្ស ដែលមានមនុស្សជាច្រើនមិនដែលទទួលស្គាល់ នោះគឺ ការស្រលាញ់ភេទដូចគ្នា! ខ្ញុំដឹងច្បាស់ថា មិនងាយស្រួលទេ ដែលកែផ្នត់គំនិតរបស់មនុស្សឱ្យមកធ្វើអ្វីតាមយើងត្រូវការ តែខ្ញុំជឿថាតាមរយៈប្រលោមលោកនេះ យើងនឹងអាចប្តូរការគិតមួយចំនួនរបស់មនុស្សឱ្យមកគិតតាមផ្លូវវិជ្ជមានបាន ដោយលុបបំបាត់ការមើលរំលងថាការស្រលាញ់ភេទដូចគ្នាជារឿងដែលមិនអាចទៅរួច!”
ខ្ញុំនិយាយរួច ស្នូរទះដៃបានបន្លឺឡើងម្តងទៀត ភ្លាមនោះ មនុស្សម្នាក់ដែលខ្ញុំមិនគិតថាគេមានវត្តមាននៅទីនេះស្រាប់តែបង្ហាញខ្លួនឡើងនៅចំពោះមុខខ្ញុំ។ គេដើរចូលមករកមុខឆាកដោយមិនដែលចោលស្នាមញញឹមដែលធ្វើឱ្យខ្ញុំឈ្លក់វង្វេង គេឈប់ដំណើរ រួចក៏និយាយមកកាន់ខ្ញុំ៖
“រឿងនេះខ្ញុំអានចប់ហើយ សុំហត្ថលេខាពីអ្នកនិពន្ធផង!”
គេហុចសៀវភៅនៅក្នុងដៃមកឱ្យខ្ញុំទាំងរក្សាស្នាមញញឹមដដែលជាដដែល ដូចជាកាលយើងបានចួបគ្នាដំបូង។ ខ្ញុំញញឹមទាំងស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគ្រប់គ្នា តែប្រហែលជាគ្មានអ្នកណាដឹងឡើយថាខ្ញុំយំដោយសារអ្វី?
“អានចប់លឿនម្ល៉េះ?បងទើបតែដាក់លក់ថ្ងៃនេះទេ!”
ខ្ញុំនិយាយឡើងខណៈពេលដែលសម្រួលអារម្មណ៍ នឹងជូតទឹកភ្នែកចេញអស់។
“ព្រោះតួអង្គក្នុងនេះជាខ្ញុំ!” គេឆ្លើយមកកាន់ខ្ញុំដោយរក្សាស្នាមញញឹមជាប់ដដែល។
“បើអ៊ីចឹងមែន មានពាក្យរិះគន់មកកាន់អ្នកនិពន្ធទេ?” ខ្ញុំសួរទៅគេ តែគេស្រាប់តែសើចស្រស់មកកាន់ខ្ញុំរួចទើបឆ្លើយតប៖
“ខ្ញុំស្តាយណាស់ ដែលបងបញ្ចប់រឿងតែត្រឹមនោះ!” គេធ្លាក់ទឹកមុខបន្តិច រួចនិយាយបន្ត៖
“បងអាចឱ្យខ្ញុំបញ្ចប់រឿងនេះឱ្យរីករាយនៅចុងបញ្ចប់បានដែរទេ?”
“…” ខ្ញុំមិនតបដោយរវល់តែនៅគិតពីពាក្យសម្តីរបស់គេ គេសម្លឹងមកមើលមុខខ្ញុំជាប់។
“ខ្ញុំសូមទោសផង ដែលចាកចេញចោលបងនៅយប់នោះ! ពេលនោះខ្ញុំមិនអាចសម្រេចចិត្តបាន ខ្ញុំមិនដឹងថា តើខ្ញុំមានអារម្មណ៍បែបណាចំពោះបង ហើយកាន់តែមិនហ៊ានទទួលយកក្តីស្រលាញ់របស់បងបាន តែ…តែពេលដែលខ្ញុំលែងបានឃើញមុខរបស់បងរយៈពេល៣ខែ ទើបខ្ញុំដឹងថា ខ្ញុំនឹកបងខ្លាំងប៉ុនណា ខ្ញុំយល់ពីអារម្មណ៍របស់បងហើយ! តើបងផ្តល់ឱកាសឱ្យខ្ញុំបញ្ចប់…រឿងនេះជាមួយបងបានដែរទេ?”
គេនិយាយច្រើនជាងរាល់ដងដែលខ្ញុំបាននិយាយគ្នា ខ្ញុំជឿថា អ្នកអានប្រលោមលោកប្រាកដជាដឹងថាគេកំពុងតែសារភាពថាគេក៏ស្រលាញ់ខ្ញុំដែរ តែខ្ញុំកាន់តែសរសើរដែលតួឯករបស់ខ្ញុំសារភាពស្នេហាដោយមិនប្រើពាក្យថា ស្រលាញ់សូម្បីតែមួយម៉ាត់នៅក្នុងប្រយោគដែលគេនិយាយមកកាន់ខ្ញុំអម្បាញ់មិញ។
ចុះអ្នកអានវិញ យល់ថាខ្ញុំគួរតែកែរឿងដែលខ្ញុំបានបញ្ចប់ហើយដោយរបៀបណា?
ខ្ញុំមិនតបជាមួយគេ តែខ្ញុំបានដើរទៅរកក្បាលម៉ៃក្រូហ្វូន ហើយនិយាយទៅកាន់មិត្តអ្នកអានរបស់ខ្ញុំថា៖
“ខ្ញុំសូមទោសមិត្តអ្នកអាន ដែលខ្ញុំមិនអាចបញ្ចប់ប្រលោមលោកមួយនេះដោយភាពរីករាយបាន!”
គ្រប់គ្នារួមទាំងវឌ្ឍនា នាំគ្នាធ្លាក់ទឹកមុខគ្រប់គ្នា ហើយខ្ញុំបានឃើញគេ កំពុងតែចង់ស្រក់ទឹកភ្នែកទើបខ្ញុំនិយាយបន្ត៖
“ខ្ញុំដឹងថា អ្នកអានប្រលោមលោក តែងចង់បានចុងបញ្ចប់មួយដែលរីករាយ ដោយមិនត្រូវការឱ្យតួអង្គដែលទាំងអស់គ្នាកំពុងតាមដានសោកសៅឡើយ! តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា! ជីវិត គឺមិនចេះតែរីករាយរហូតឡើយ…ថ្ងៃខ្លះកើតទុក្ខយើងក៏យំ ថ្ងៃខ្លះសប្បាយយើងក៏សើច ហើយដូចគ្នាជាមួយប្រលោមលោកនេះដែរ ពេលខ្លះអ្នកនិពន្ធក៏បញ្ចប់រឿងដោយឱ្យអ្នកអានរំភើបរីករាយ ហើយពេលខ្លះក៏ចៀសមិនផុតពីបញ្ចប់រឿងដោយទុកនៅភាពសោកសៅ គឺដើម្បីតែរំឮកថា នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ មានភាពសប្បាយ និងភាពសោកសៅដើរទន្ទឹមគ្នា ហើយយើងត្រូវឆ្លងកាត់មិនចេះចប់ឡើយ ទោះមិនសោកសៅថ្ងៃនេះ ក៏គង់មានថ្ងៃណាមួយយើងក៏សោកសៅ បើមិនរីករាយនៅថ្ងៃនេះ ក៏គង់មានថ្ងៃណាមួយរីករាយជាមិនខាន ដូចនេះ យើងគួរតែរស់នៅឱ្យសប្បាយជាមួយពេលវេលាដែលយើងមាននៅពេលនេះជាជាងពេលណាៗទាំងអស់!” ខ្ញុំនិយាយចប់ គ្រប់គ្នាក៏បានទះដៃយ៉ាងកងរំពង តែមនុស្សម្នាក់ស្រាប់តែងើបឈរឡើងហើយសួរមកកាន់ខ្ញុំថា៖
“បើអ៊ីចឹង ចុះរឿងនេះមានវគ្គ២ដែរទេ?”
ខ្ញុំពេញចិត្តនឹងសំនួរនេះណាស់ ខ្ញុំចង់ឆ្លើយតបពេលនេះថា៖
“ប្រាកដណាស់ ខ្ញុំមិនអាចយកសៀវភៅដែលបោះពុម្ពហើយមកបន្ថែមសាច់រឿងជាក្រោយឡើយ! តែ…” ខ្ញុំសម្លឹងមើលមុខរបស់ប្រុសជំទង់ដែលមានវត្តមាននៅទីនេះទើបថាបន្ត៖
“តែខ្ញុំអាចសរសេរវគ្គបន្តបាន! តើយើងអាចសរសេរវគ្គ២រួមគ្នាបានទេ?” ខ្ញុំនិយាយចប់ក៏ដើរទៅជិតគេ ហើយញញឹមយ៉ាងមានក្តីសុខ គេក៏រត់មកឱបខ្ញុំជាប់រួចនិយាយថា៖
“បាន! ខ្ញុំនឹងសរសេរវាជាមួយបង!”
គ្រប់គ្នាក្នុងសាលនាំគ្នាទះដៃព្រមគ្នា ធ្វើឱ្យខ្ញុំរំភើបដល់ស្រក់ទឹកភ្នែក។
កម្មវិធីសម្ពោធសៀវភៅបានបញ្ចប់ គ្រប់គ្នាដែលបានជាវសៀវភៅក៏បានសុំហត្ថលេខា និងថតរូបជាមួយខ្ញុំ ពិសេស ពេលដឹងថាតួអង្គពិតក៏មានវត្តមាននៅទីនេះ ពួកគេក៏សុំវឌ្ឍនាថតជាមួយដែរ។
ចុងក្រោយ ខ្ញុំឈរសម្លឹងទៅកាន់មុខមនុស្សដែលខ្ញុំស្រលាញ់ត្រូវបានអ្នកគាំទ្រសុំថតរូបជាមួយយ៉ាងមានក្តីសុខ។ ខ្ញុំមិនដឹងថាថ្ងៃខាងមុខជីវិតស្នេហាយើងទាំងពីរបន្តជាបែបណា ដែលខ្ញុំនឹងសូមជ្រើសរើសមានក្តីសុខជាមួយអ្វីដែលកំពុងកើតមាននៅពេលនេះ ខ្ញុំមិនស្តាយក្រោយចំពោះការសម្រេចចិត្តនេះឡើយ។
ចប់!!!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ