រឿង៖ ភរិយាដែលបាត់ខ្លួន

បងសីហា​បាននិយាយពន្យល់ខ្ញុំទៀតថា ពីរបីថ្ងៃមុនមាន​អ្នកទាក់ទងមកសួរគាត់ថា តើប្រពន្ធរបស់បងយ៉ានៅឯណា? ពេលនេះឯងដែលបងសីហា​ទើបនឹងចាប់ភ្លឹកថា គ្រប់យ៉ាងមិនប្រក្រតី។

គាត់និយាយប្រាប់ខ្ញុំទៀតថា៖

«ប្តីប្រពន្ធវាស្រឡាញ់គ្នាណាស់! នាងឈ្មោះ ថាវី! ហើយចំពោះរឿងមីនា គឺអាយ៉ាមិនដែលស្គាល់គ្នាទេ! ណាមួយក៏មិនដែលមានចិត្តចូលស្ដីដណ្ដឹងមីនាអីផង ដូច្នេះហេតុអីបានជាថាវាមកធ្វើអំពើអាគមអីលើមីនា? គ្មានទំនងសោះ!»

ខ្ញុំនៅស្ងៀមបន្តិចក៏កេះគាត់សួរ៖

«បង! យើងគិតម៉េចរឿងនេះ?»

ដៃគាត់ចុចទូរសព្ទរាវរកលេខមិនឈប់ឈរ តែមាត់គាត់ខ្សឹបតបនឹងខ្ញុំ៖

«មិនទាន់ដឹង! ប៉ុន្តែបងសង្ស័យពេលដែលនិយាយរឿងទាំងនេះត្រឡប់ឡើងមកវិញ ក៏នឹកឃើញថា ពីមុនធ្លាប់មានមិត្តភក្តិខ្លះសង្ស័យប្រពន្ធអាយ៉ាលែងវាចោល និងថា មិនបានទៅរៀន បណ្ឌិតនៅស្រុកក្រៅអីទាំងអស់! ប្តីប្រពន្ធទើបតែរៀបការជាមួយគ្នាបានប្រហែលជាមួយឆ្នាំជាង គ្មានកូន មានរឿងអីនាងចាកចេញទៅ? ពួកគេតែងតែនិយាយថា អាយ៉ាដូចជាមានអាថ៌កំបាំងមិនទាក់ទងជាមួយមិត្តភក្តិណាទាំងអស់ចាប់តាំងពីប្រពន្ធរបស់គេលែងនៅជាមួយគេ!»

«ចឹង តើនាងទៅណា ?» ខ្ញុំហើបមាត់សួរក៏គ្មានចម្លើយអ្វី។

ពេលនោះហើយពួកយើងក៏សម្រេចចិត្តត្រឡប់ទៅមន្ទីរពេទ្យ ដោយមិនបាច់យកអ្វីទៅតាមទាំងអស់ ព្រោះហាក់បីដូចជាភ័យខ្លាចសុវត្ថិភាពមិនាជាងអ្វីគ្រប់យ៉ាង គិតថាពេលស្អែកចាំត្រលប់មកយកអីវ៉ាន់ចេញក៏មិនទាន់យឺតពេលដែរ។

ប៉ុន្តែនៅពេលពួកយើង ដើរកាត់ផ្ទះវីឡាតឿខាងមុខបែរជា បងសីហាប្រាប់ខ្ញុំថាឱ្យទៅពេទ្យមុនទៅ គាត់ត្រូវការចូលឆែកមើលថាតើមិត្ត​របស់គាត់មានអ្វីលាក់កំបាំងនិងពួកយើង។

ទោះបីជាយ៉ាងណា ខ្ញុំបានរិះគន់គំនិតនេះ ព្រោះថាការលុកលុយចូលលំនៅឋានរបស់អ្នកដទៃមិនមែនជារឿងល្អ។ ពេលនោះ បងសីហាបានទាញខ្ញុំទៅក្រោមដើមឈើ រួចព្យាយាមបពន្យល់ខ្ញុំនូវហេតុផលថា នេះជាឱកាសមួយសម្រាប់រកការពិត។

ប្រសិនបើជាមីនាត្រូវគេធ្វើអំពើខ្មៅងងឹត  ប្រាកដជាមានអ្វីមួយបន្សល់នៅក្នុងបន្ទប់វីឡានេះ។ ក្រែងលោយើងអាចរកឃើញនឹងសង្គ្រោះនាង​ខ្ញុំក៏នៅទ្រឹងស្ងៀមពិចារណាចុះឡើង។

ពេលនោះបងសីហា​មិនរង់ចាំទេ  គាត់បានសម្រេចចិត្តចូលទៅក្នុងតាមវិធីរបស់គាត់។ ពេលនោះ មិនដឹងថាគាត់ចូលតាមទ្វារក្រោយដោយគាស់បង្អួចឬក៏អ្វី ប៉ុន្តែខ្ញុំឈរេរាខាងក្រៅផ្ទះ។

រលឹមនៅក៏មិនទាន់ដាច់គ្រាប់ ខ្ញុំឆ្លៀតខលទូរស័ព្ទជម្រាបរឿងគ្រប់យ៉ាងទៅលោកតាអាចារ្យលាវគាត់បានប្រាប់ថាការធ្វើដូចបងសីហាគឺជារឿងល្អបើសិនជាចូលទីនោះ គ្រូឃើញអ្វីត្រូវនិយាយប្រាប់គាត់ភ្លាម។

មិនទាន់បានហៅបងសីហា​ផង ខ្ញុំវិញហ្វាឡានមួយបាញ់ចូលមកប្រកៀកៗ។ ដោយកត្តាភ័យនិងរអៀសខ្លួន ខ្ញុំថយដោយយ៉ាងរហ័សបំពួនក្បែរចំណុចរបងខ្មៅស្ទង់។

គឺបងយ៉ា!

គាត់ស្រាប់តែបកឡានមកវិញ?

គាត់ឃើញអ្វី?

មែនហើយ​! ម្ចាស់ផ្ទះពេញដោយអាថ៌កំបាំងម្នាក់នេះកំពុងតែសម្លឹងទៅក្នុងផ្ទះ។ អាចទេ? បើគាត់តាមដាន​Lineទូសព្ទយើងមុននេះ គាត់ដឹងថា បងសីហា​នៅទីនេះនៅឡើយ។ វរមិនខាន!​ ខ្ញុំរាវហោប៉ៅរកទូរស័ព្ទចុច​ខលឱ្យដំណឹង​ដល់បងសីហា តែគ្មាន​សញ្ញាលើកទេ។

បងសីហាបានបិទសំឡេងមុននេះហើយ។

ច្បូតមុខទាំងសុញចិត្ត​! ដឹងថាពួកគេនឹងមានបញ្ហា​នឹងគ្នាមិនខាន។ បងយ៉ាបង្កើនជំហានរត់ញាប់ចូលទៅ បានន័យថា គាត់ដឹងរឿងគេលុកលំនៅ? គាត់ចូលទៅក្នុងហើយ!

ខ្ញុំ​រារែកខ្លាំងណាស់ មុនពេលសម្រេចឈានទៅសម្រួលជម្លោះពួកគេមិនយូរប៉ុន្មាន ដើរបានបីបួនជំហាន ខ្ញុំកើតចិត្ត​សង្ស័យដោយ​មិនចង់មានទោសលុកលំនៅដ្ឋានអ្នកដទៃ​បានសម្រេចចិត្ត​ឈប់ស្ងៀមវិញរង់ចាំមើលសភាពការណ៍សិន។

រឿងនេះ​ក៏ដោយសាររារែកថា ប្រពន្ធកំពុងតែមានសុខភាពមិនល្អ  ខ្ញុំមិនចង់មានរឿងក្តីក្តាំបន្ថែមមួយជាន់ទៀតនោះទេ។

ខ្ញុំធំដឹងក្តីឡើងមក ភាគច្រើនធ្លាប់ឮអំពីរឿងរ៉ាវជំនឿអរូបីជាទម្លាប់នៃអ្នកស្រុកខ្ញុំ តែខ្ញុំផ្ទាល់ដូចមិនដែលជឿអ្វីទាំងនេះងប់ទេ​ ព្រោះមិនធ្លាប់ចួប តែក៏មិនប្រមាថដែរ។

មុននេះ ខ្ញុំបានឃើញបងយ៉ាសូត្រធម៌នៅក្នុងផ្ទះ ពេលនេះញ្ញាណទាំងប្រាំផ្តើមប្រុងប្រៀបផ្តោតមើល។ ខ្ញុំយល់ថាចម្លែក បើប្រពន្ធខ្ញុំត្រូវឈឺព្រោះមន្តអាគមបើពួកគេមិនធ្លាប់ទាំងស្គាល់គ្នា​ផង​ មិនា ទៅមាន​សត្រូវពីណាមក?

រំពេចនោះ ខ្ញុំហាក់ឮសូរសំឡេងគ្រហឹម និងប្រទ្រូសគ្នា​លាន់មកពីខាងក្នុងផ្ទះ។

ខ្ញុំងាកយ៉ាងទាន់ហន់ទៅរកប្រភពសូរស័ព្ទ ថែមទាំងឈានទៅមុខដើម្បីឃ្លាំពិនិត្យ​មើល…ទ្វារផ្ទះចំហ​មាន​ពន្លឺភ្លើងខ្លះ មិនភ្លឺច្បាស់ទែងទេ​ តែខ្ញុំអាចសម្លឹងពីក្រៅធ្លុះទៅដល់ទ្វារក្រោយ។

គ្មានអ្នកណាទាំងអស់!

«អ្ហែងឆ្កួតហើយអាយ៉ា!»

សំឡេងនេះទាញខ្ញុំឱ្យបែរមកស្តាំ។ សំឡេងឆ្ងាយ ង៉ុល ខ្ទរ ទោះណាជាបងសីហា​ខំស្រែកតែឮខ្សោយ។ ខ្ញុំរត់ចូលហើយស្រែកឮៗថា៖

«…ស្អីគេហ្នឹង?»

ខ្ញុំភ័យណាស់។ ទ្វារមួយនៅក្រោមជណ្តើរ​ជាប្រភពនៃសូរសព្ទប្រទុស្ត្ររាយគ្នា។ ឬមួយផ្ទះនេះមាន​ជាន់ខាងក្រោម?

ខ្ញុំរត់ទៅក្បែរហើយរុញ។ មិនរង្គើទេ! តាមមើល ខ្ញុំយល់ច្បាស់ណាស់ថា បងយ៉ាមកដល់ពេលឃើញបងសីហា​ចុះទៅក្រោមទ្វារ​ហើយក៏បិទពីក្នុងមកវិញជាប់។​ គាត់គិតធ្វើអ្វីបងសីហា? ខ្ញុំគិតដល់រឿងជាច្រើន ដូចជា ខលរកជំនួយ​រកប៉ូលីស ស្រែករកអ្នកក្បែរៗ តែទីបំផុតទៅមិនបានធ្វើអីទាំងអស់ ជ្រួលច្រាលបំបុកទ្វារ។

ទម្រាំទ្វាររបើកខ្ញុំត្រូវធាក់ហត់គឃូស។

ក្លិនស្អុយអាសោចភាយចេញមកហើយ ខ្ញុំសឹងធាក់ថយ តែបងសីហា​ស្រែកដង្ហោយឱ្យជួយ។

«ចុះមក ប្តីមិនា! ឱ្យលឿន​ចុះមក!»

ខ្ញុំររត់ត្រេចុះ និងកាច់បត់។ ពុទ្ធោ! បន្ទប់ក្រោមដីជ្រៅណាស់។ កាច់បួនដប់ជណ្តើរទើបចុះដល់។ ហេតុអ្វីមនុស្ស​ដូចបងយ៉ាមាន​លាក់បន្ទប់ក្រោមដីជ្រៅយ៉ាងនេះ?

គ្មានពេលគិតទេ!

ជិតដល់ចុងនៃជណ្ដើរខាងក្រោម  ក៏ត្រូវភាំងព្រោះឃើញបងយ៉ាកំពុងចាប់អាវរបស់បងសីហា​ ហើយទាញក្លេគូបដិបក្ខយ៉ាងជាប់កាច់ទៅក្រោយឱ្យបងសីហា​ស្រែកអូយយ៉ាងឈឺចាប់។ ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណាទេ ក្លិនស្អុយដូចគំរង់កំពុងរាតត្បាត​តែដៃបងសីហា​បម្រុងតែនឹងត្រូវកាច់បាក់។

«ឈប់ភ្លាម!»

ខ្ញុំស្រែកបង្អាក់ហើយរត់ចុះត្រេ បណ្តាល​ឱ្យម្ចាស់ផ្ទះកំណាចទាញបងយ៉ាដកថយទៅក្នុងបន្ទប់ដែលស្រគាំក្រោមពន្លឺភ្លើងក្រហមព្រាលៗ។

«បងឯងលែងបងសីហា!»

ខ្ញុំថាហើយងាកឆ្វេងស្តាំរកអ្វីមួយជាអាវុធ ដ្បិតអី ភ្នែកបងយ៉ាក្រហម​ដោយកំហឹង។ ងាកមកក្រោយខ្ញុំភាំង…ពីនេះទៅក្នុង​បន្ទប់​គេងដែលមាន​ភាពស្ងប់ស្ងាត់ទាំងស្រុងនិងមានពន្លឺច្រើន ខ្ញុំឃើញសាកសព…រលួយ ឃើញច្បាស់ណាស់ ទោះណាជា មានដុតទានធូបច្រើន មានដុតខ្លឹមចន្ទ មាន​អ្វីៗមកបំបិទក្លិនគំរង់ តែខ្ញុំនៅតែធំក្លិនសពជាជាងក្លិនផ្សែងទាំងអស់នោះ។

បងយ៉ា​បង្ខំ​ខ្លួនគាត់​ឱ្យ​ងាក​មើល​តាមខ្ញុំដែ។

«ស្អីគេនេះ?»

ខ្ញុំសួរញ័រៗតែខ្ញុំទន់ជើង អង្គុយមកលើ​ជណ្តើរកាំក្រោមៗ។ សព​ដេក​នៅ​ក្នុងបន្ទប់ខាងក្រោម​ជណ្ដើរ​គ្មាន​ចលនា ប្រហែល​ជា​ស្លាប់យូរហើយព្រោះក្លិនអាសោច និងខ្មៅកខ្វក់​។

បងសីហា​ស្រែកភ្លាត់សំឡេងពន្យល់ខ្ញុំ៖

«ខ្មោចប្រពន្ធវា!»

ខ្ញុំស្រក់ទឹកភ្នែក ព្រោះធ្លាប់តែឃើញក្នុងកុន។

«ទូរស័ព្ទហៅប៉ូលីសមក! ​វាឆ្កួតហើយ!»

ខ្ញុំងក់ក្បាលទាំងខ្លួនស្អិតប្រតោងនឹងដៃជណ្តើរ នេះជារឿងតែមួយគត់ដែលយើងត្រូវធ្វើទាំងញ័រខ្លួនប៉ុន្តែធ្វើមិនបាន​មិនដឹងទូរស័ព្ទនៅណា សូម្បីហានិយាយក៏មិនចង់ចេញ។

សំឡេងបងយ៉ាលាន់មកញាប់ញ័រ៖

«កុំ! កុំហៅប៉ូលីស! ថាវីជិតដឹងខ្លួនហើយ! នាងមិនស្លាប់ទេ បងធ្វើជិតបានសម្រេចហើយ!»

បងយ៉ាងលែងដៃបងសីហា​ហើយស្ទុះទៅពាំងពីមុខទ្វារបន្ទប់សាកសពប្រពន្ធគាត់?

ខ្ញុំឃើញបងសីហា​គ្រាដៃខ្លួនគាត់ដែលបាក់ ដើរមករកខ្ញុំបន្តិចម្តងៗ។ ជំហានគាត់ញ័រតិចៗ បញ្ចេញភាពតក់ស្លុតពេញខ្លួន។ គាត់កំពុងដកដង្ហើមដង្ហក់តែប្រឹងនិយាយ៖

«អាយ៉ាឆ្កួតហើយ!»

ពួកយើងសម្លឹងទៅប្តីប្រពន្ធគួរឱ្យខ្លាចមួយគូនេះ។ បន្ទាប់មកក៏ឮស្នូរដកដង្ហើមធំរបស់បងយ៉ា។

«ថាវីក្រោកឡើងៗៗៗ ពួកគេជិតមកដល់ហើយ ក្រោកឡើង។»

យើងមើលមុខគ្នា ហើយសម្លឹងជុំវិញបន្ទប់។ ​នៅលើជញ្ជាំងពោរពេញទៅដោយអក្សរបុរាណ ។ យើងមិនដឹងទេថា មានអ្វីកំពុងកើតឡើង។

ប្រពន្ធគេហេតុអ្វីបានជាស្លាប់? ​ហេតុអ្វីគេកុហកគ្រប់គ្នាថានាងទៅរៀន? ហើយហេតុអ្វីបងយ៉ាងរក្សាសពនាងនៅទីនេះ?

បន្ទាប់ពីដកដង្ហើមជ្រៅៗបានពីរបីដង ខ្ញុំបានប្រមូលកម្លាំងដើម្បីក្រោកឈរឡើងនិយាយខ្សាវៗ៖

«បងឯងធ្វើមន្តអាគមអីមកលើមិនា?»

​កត់​សម្គាល់ឃើញ​ថា បងយ៉ាមិនរវល់នឹងសំណួរនេះ ហើយគាត់ផ្តើមធ្វើដូចជាគ្មានវត្តមានពួកយើងកំពុងមើលគាត់។ គាត់អង្គុយ​ចាប់ដៃនាងមកកាន់ធ្វើឱ្យខ្ញុំឈ្ងោកក្អួតចាក់ទីង។

កំអួតចេញសឹងអស់ពីទ្រូង ខ្ញុំនិយាយមិនរួច​ស្រែកមិនចេញ។

សាកសពរបស់នាង​ប្រឡាក់ទៅដោយទឹករងៃ ដង្កូវចោះនឹងស្អុយម៉ឺនសែនយោជន៍ ម្តេចគាត់កាន់ដូចជាកំពុងឃើញនាងនៅមានជីវិត។

បងសីហាស្ទុះឡើងលើមុន គាត់រត់ចេញ តែប្រហែលមកពីមិនឃើញខ្ញុំទៅតាម បានជាគាត់ឈប់ជើងសិន ហើយស្រែកហៅ«ឡើងមក!»

​«អញជិតបានសម្រេចហើយ ថាវីជិតរស់ឡើងវិញហើយ អាសីហា ឯងបំផ្លាញ​អធិដ្ឋាន​របស់យើង!»

ខ្ញុំព្យាយាមទាញខ្លួនឯងរត់ឡើងជណ្តើរ តាមបងសីហា ទាំងត្រចៀកនៅឮសំឡេងបងយ៉ាយំយ៉ាងចម្កួត ។ គាត់មិនខ្វល់ថា  នាងជាសពពេញដោយ ស្នាមគំរង់ ប្រឡាក់ស្អុយ នៅលើគ្រែនោះ តែគាត់នៅស្អិតជាមួយនាង​។

គាត់ឆ្កួតមែនហើយ!

ពីរបីជំហានទៀតប៉ុណ្ណោះ  អ្វីមួយបានទាញជើងខ្ញុំ ទាញខ្លាំងណាស់ រហូត​ខ្ញុំដួលមកវិញ  ក្បាល​ទង្គិចនឹង​​គែមជញ្ជាំង​ជណ្តើរ។

ជំហរខ្ញុំដួល ខ្ញុំស្រែកមួយទំហឹង៖

«បងសីហា!»

បងសីហា​រត់បកមកវិញទាំងដៃគាត់របួស។

ទាំងបែកអំពិលអំពែក ឈឺខ្លាំង តែខ្ញុំនៅឃើញ​ថា អ្នកដែលចាប់កជើងខ្ញុំមិនមែន​បងយ៉ា​ទេ។ បងយ៉ា​នៅ​ឱបប្រពន្ធគាត់យំ។

ដៃដែលចាប់ខ្ញុំ ជ្រួញ ចាស់​តែខ្លាំងណាស់។

«ឱ! ខ្មោច!»

បងសីហាស្រែកឡើង។ ខ្ញុំខំងើបក្បាលមើល។ នោះជាស្ត្រីម្នាក់ ចាស់ សែនចាស់ សក់វែង សក្បុស មុខស្គមជ្រួញ​ ភ្នែកម្ខាងតូចម្ខាងធំ។

ខ្ញុំទធាក់យ៉ាងណា​ក៏ដៃគាត់មិនរបូតដែរ មិនរបូតដាច់ខាត។

ដៃម្ខាងយាយកញ្ចាស់មានកាន់កន្ត្រៃធំមួយលើកឡើងយ៉ាងខ្ពស់។

ខ្ញុំលើកជើងធាក់យាយនេះ ធាក់ហើយធាក់ទៀតតែចិត្តខ្ញុំគាំង។

ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ មិនបានចួបមុខប្រពន្ធទៀតទេ។

សម្រាប់ ករណីមន្តអាគម​ភាគនិរតីនេះ ខ្ញុំធ្លាប់បានឮរឿងជាច្រើនដែលបានកើតឡើងជំវិញអំពើអាបធ្មប់ ប៉ុន្តែអំពីរឿងយកសពមកលាក់ទុក និងធ្វើមន្តអាគមខ្ញុំធ្លាប់តែឃើញក្នុងរឿង។

ទាំងនេះ ខ្ញុំមិនអាចបញ្ជាក់យ៉ាងណា  ប៉ុន្តែវាពិតជាបានកើតឡើងចំពោះខ្ញុំ។

ខ្ញុំទាត់ធាក់ដូចបាវខ្សាច់ហើយ តែយាយនោះមិនលែងដៃពីកជើងខ្ញុំសោះ បងសីហា​ទាំងដៃកំពុងបាក់ គាត់ស្ទុះគ្រហឹមមក ធាក់យាយធ្មប់ហ្នឹងបន្ថែមតែមិនឃើញយាយនេះឈឺឡើយ។

ប្រូស! គាត់រុញបងសីហា​ខ្ទាតទៅម្ខាង។

ខ្ញុំយល់ហើយ ដែលបងយ៉ាព្រមទទួលពួកខ្ញុំនៅ គេអាចនឹងត្រូវការបណ្តេញព្រលឹងអ្វីមួយចេញពីប្រពន្ធ ខ្ញុំ នោះហើយជាមូលហេតុដែលខ្ញុំឃើញគាត់សូត្រមន្តក្នុងផ្ទះពួកយើងហើយមិនាឈឺយ៉ាងចម្លែក។

«អ្នកអណិកជនមុន ក៏ពួកយាយឯងជាអ្នកសម្លាប់ដែរ !!!! មីមេធ្មប់​អញដឹងអស់ហើយ!»

ខ្ញុំស្រែកជំទាលខឹងសម្បា ធ្វើឱ្យដៃ​ដែលចាប់អូសកជើង​ខ្ញុំកាន់តែរឹងមាំ។ នេះជាបទពិសោធន៍ដ៏ឈឺចាប់មួយនៅក្នុងគំនិតរបស់ខ្ញុំ ប៉ុន្តែអាចប្រែប្រួលពេលខ្ញុំនឹកឃើញដល់លោកតាលាវ ។

«លោកតាអើយជួយខ្ញុំផង!»

«តាមកដល់ហើយ!»

សំឡេងគាត់នៅជាន់លើផ្ទះបាន​មកសង្គ្រោះព្រលឹងរន្ធត់របស់ពួកយើងដូចជាថ្នាំទិព្វ។

សម្រាប់អ្នកដទៃដែលមិនចួបដូចខ្ញុំ ទោះជាយ៉ាងណាក៏មិនជឿថា តាលាវមកទាន់ដែរ។

និយាយទៅគាត់មានសីល។ ការព្រមានដោយយុត្តិធម៌ចំពោះនរណាម្នាក់ មិនថាមនុស្សឬសត្វដែលគ្មានកំហុស គង់តែសាបសូន្យ តួយ៉ាងបងយ៉ានិងក្រុមគាត់។

ពីមុនខ្ញុំគិតថា ប្រហែលជាអ្នកដែលលេងអំពើខ្មៅដាក់គេឯងមកពី អាក់អន់ចិត្ត ឬអ្នកនោះទៅរំខានកន្លែងគេ ឬក៏ធ្វើបំពានអ្វីមួយ បានជាគេចិញ្ចឹមចិត្ត​យកព្រលឹងយើងបាន តែនេះមិនាមិនបានស្គាល់អ្នកណានៃគ្រួសារនេះឡើយ។ នាង​រងគ្រោះដោយមិនដឹងអ្វីទាំងអស់។

លោកតាលាវមិនបានមកម្នាក់ឯងទេ គាត់មានមនុស្សប្រុស​​បីនាក់ទៀតមកជាមួយ។ ម្នាក់មានកាន់កាំភ្លើងវែងខ្ញុំធូរចិត្ត​វិញ។

បងម្នាក់មកទាញខ្ញុំឡើងខណៈយាយរូបអាក្រក់ដកថយសំដៅទៅបន្ទប់បងយ៉ា។ បងម្នាក់នេះជាមេឃ្លាំងដែលនៅក្បែររបង។ ខ្ញុំយល់ថា គាត់បានសង្ស័យទីនេះយូរហើយ អាចថាមុននឹងខ្ញុំមកផង ឬអាចថាពេលលោកតាលាវមកដល់បានរកអ្នកជិតខាងជាកម្លាំងជំនួយ។

ប្រុសម្នាក់ទៀត​ស្លៀកពាក់​អាវ​ធំ​ពណ៌​ខ្មៅ ក្រោយមកទើបខ្ញុំដឹងថា គាត់ជាមិត្តរបស់ស្ត្រីអណិកជនដែលស្លាប់នៅកន្លែងនេះ។ គាត់មិនបានបញ្ឈប់ការស៊ើបអង្កេតទេ។ ចំណែកម្នាក់កាន់កាំភ្លើងជាទាហាន និងជាបងជីដូនមួយអណិកជន។

«យើងត្រូវរកអ្វីម្យ៉ាងដែលជាកម្មសិទ្ធិរបស់ប្រពន្ធក្មួយ គេយកមកធ្វើមន្តអាគមនៅទីនេះ! បើរកឃើញទើបដោះអំពើចិញ្ចឹមវិញ្ញាណឱ្យប្រពន្ធក្មួយជាវិញ​ដូចដើមបាន!»

លោកតាលាវស្ទុះចុះទៅមុនហើយ​និយាយបែបនេះឮៗ នាំឱ្យយាយនោះប្រញាប់ទាញបិទទ្វារបន្ទប់សព ហើយគាត់និងបងយ៉ានៅក្នុងនោះ។ តាលាវប្រញាប់ស្រែក៖

«បើកទ្វារឡើង!»

ទាហាននោះស្ទុះទៅ បងម្ចាស់ឃ្លាំងក៏ជួយ តែមុនពេលពួកគេគាស់ទ្វារបាន គឺមាន​ផ្សែងហុយចេញទ្រលោម។

«មិនបានទេ! ពួកនេះសម្លាប់ខ្លួនហើយ!»

បងសីហាស្រែករន្ធត់ព្រោះភ្លើងឆេះលាយក្លិនសាំង និងមានផ្ទុះប្រេះប្រស់។

«ឡើងលើៗសិន នាំគ្នាឡើងទៅលើ ប្រយត្ន័ពុលផ្សែង!»

ភ្លើងសន្ធោខ្លាំងណាស់ព្រោះម្ចាស់ផ្ទះហាក់បានត្រៀមរួចហើយក្នុងការកម្ទេចចោលព័ស្តុតាង គេបានស្តុកប្រេង និងមាន​ទៀន មានភ្លើងជាស្រេចសម្រាប់បញ្ចប់ខ្លួនគេ។

ទម្រាំយើងពន្លត់បាន គឺភ្លើងបានឆេះឆាបកម្ទេចវីឡានេះទាំងស្រុងសល់តែគំនរបាក់បែក។ ដំបូងខ្ញុំនិងបងសីហាភ័យណាស់ ថាតើមិនានឹងជាវិញបានដែរទេ? តែលោកតាលាវបានបញ្ជាក់ថា អាគមសាបហើយក្រោយគ្រូឬអ្នកដែលដាក់នោះស្លាប់បាត់។

បានបួនថ្ងៃក្រោយមក នាងបានសះស្បើយនិងចេញមកកំពង់ចាមវិញ។

បន្ទាប់ពីនោះ ឱ្យតែនិយាយដល់ខេត្តកោះកុង នាងមានអារម្មណ៍នៅតែខ្លាច។

ហ៊ឹម! នៅ​ពី​ក្រោយ​រឿង​ជា​ច្រើន​កន្លងមកនេះ តាមពិតគឺ​ជា​រឿង​អាស្រូវបង្កឡើងដោយគ្រួសារបងយ៉ាមិនទាក់ទងនឹងពលរដ្ឋល្អៗផ្សេងៗនៅកោះកុងទេ។

ការចិញ្ចឹម​ព្រលឹងគឺជារឿងរ៉ាវដ៏ឆោតល្ងង់ ត្រូវបានបង្កើត និងគ្រប់គ្រងលើបងយ៉ាដោយឥទ្ធិពលនៃជំងឺម្យ៉ាងតំណពូជ។ សំឡេងនិង វិញ្ញាណគឺជាការបំភាន់ក្នុងវិចារណញាណ របស់គាត់ដែលមូលដ្ឋាន​ចិត្តវិទ្យាបញ្ជាក់ថា  គ្មានអ្វីក្រៅពីការគំរាមកំហែងផ្លូវចិត្តខ្លួនឯងដោយដំណឹងមិនពិតដែលខួរក្បាលបានប្រាប់មកនោះទេ។

ជាងមួយឆ្នាំមុន

អ្នកគ្រូថាវី បានសរសេរVlog ដែលមាន​តែ​បទពិសោធន៍​ចម្លែកៗ​មួយ​ចំនួនពិបាករក​ការ​ពន្យល់

«ក្រោយពីបានមករស់នៅផ្ទះចាស់របស់ប្តីខ្ញុំ ខ្ញុំចេះតែមាន​អារម្មណ៍មិនស្រណុកចិត្ត​។ យើងរស់នៅតែពីរនាក់​ហើយខ្ញុំបានរៀបចំ​គម្រោងក្រុមហ៊ុននាំចេញផលនេសាទសមុទ្រ ឯប្តីខ្ញុំគាត់ធ្វើការរាជការ។ យើងរស់នៅបានល្អ តែខ្ញុំចេះតែយល់ថា មានអ្នកផ្សេងបំពួន​រស់នៅក្នុងផ្ទះនេះដែរ គ្រាន់តែមិនដែលចាប់បាន។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ខ្លាច និង​ពោរពេញ​ដោយ​អាថ៌កំបាំង។ មិនយូរប៉ុន្មានខ្ញុំបានដឹងថា នៅជាន់ក្រោមវីឡា មាន​ជាន់ក្រោមពីរជាន់ទៀត! ទីនោះមាន​ក្លិនឈាម សត្វ ក្បាលមាន់ក្រៀម និងទ្រុងឆ្មា​ដែលស្លាប់ដោយរងទុក្ខ។ ខ្ញុំយល់ថា អ្នកណាម្នាក់ជាអ្នកលេងមន្តអូមអាម​!»

នេះមិនមែនជារឿងសើចទេ។ មានអ្នកជ្រកភ្លៀងម្នាក់ ជាអ្នកដឹកជញ្ជូនត្រីបានប្រាប់ប៉ូលីសថា យប់មួយគាត់បានចូលជ្រកភ្លៀងក្នុងសំយ៉ាបខាងក្រោយនៃវីឡា។ គាត់បានឮសូរឈ្លោះគ្នា«នរណា​? ហេតុអីខ្ញុំ​អត់​ដឹង?» «​​ជា​ជីដូនរបស់បង គាត់រស់នៅក្រោមហ្នឹង!»«បងថាគាត់​​ស្លាប់ហើយ!»«តែវេទមន្តក្រោមដីជួយ​ឱ្យគាត់រស់វិញបាន!»

គឺប្រុសស្រីបានទាស់គា្ន។

​គ្មានអ្នកណាដឹងថា អ្នកគ្រូថាវីស្លាប់នៅយប់នោះឬយ៉ាងណាទេ ។ ព្រោះពួកគេទាំងបីបានក្លាយជាផេះអស់ទៅហើយ។

លោកតាលាវបានបកស្រាយថា យាយរបស់គេអាចជាសពដែលត្រូវបានរក្សាដោយថ្នាំបុរាណហើយត្រូវបានសណ្ឋិតដោយវិញ្ញាណ តែប៉ូលីសគ្រវីក្បាលចំពោះការបកស្រាយនេះ។

គ្មានអ្នកណាជឿថា​មាន​មនុស្ស​រស់នៅបន្ទប់ជ្រៅក្រោមដី គ្មានពន្លឺថ្ងៃ ហើយគ្មានជំងឺតម្កាត់នោះទេ។ អ្នកយាមខ្លាំងក្បែរខាងបានសារភាពថា ធ្លាប់ឃើញបងយ៉ាទិញទំនិញច្រើនៗ ដូចជាមានមនុស្ស​រស់នៅច្រើនក្នុងផ្ទះ។ បងប្រុសនិងម្តាយ​របស់ខ្ញុំដែលមកលេង បានព្រមានកុំឱ្យបន្តសំណួរអ្វីអំពីរឿងបងយ៉ាតទៅទៀត​គាត់ថា មន្តអាគមនឹងទាញខ្ញុំឱ្យពាក់ព័ន្ធជាមួយក្រុមគេនោះ បើខ្ញុំនៅតែជក់ចិត្ត​នឹងរឿងពួកគេម្ល៉ោះហើយ ខ្ញុំក៏​ឈប់​ជជីក​មែនព្រោះមាន​អារម្មណ៍​ខ្ញុំ​មិនសូវ​ស្រួល​ខ្លួនទេរាល់ពេលរំឮក៕

ចប់!!!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*