សកលភាវូបនីយកម្ម និងអន្តរកម្មបច្ចេកវិទ្យា ក្រៅពីនាំមកនូវទំនើបកម្ម ក៏បានបង្កើតជារឿងរំខានបន្តបន្ទាប់ ហើយទាមទារឱ្យបុគ្គលិកម្នាក់ៗ ត្រូវមានចំណេះរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និង ជំនាញទន់។
អ្នកនិពន្ធម៉ីសន សុធារី បានលើកឡើងថា «ខ្ញុំហៅជំនាញនេះ ថាជាមនុស្ស ព្រោះវាជាវិធីដែលញាំងឱ្យបុគ្គលិកអាចធ្វើការក្នុងកម្រិតប្រាស្រ័យទាក់ទងយ៉ាងប្រសើរ មិនដូចជំនាញរឹង ឬជំនាញបច្ចេកទេស ដែលមានលក្ខណៈជាក់លាក់និងមិនបត់បែន!»
អ្នកនិពន្ធសង្កត់ធ្ងន់ថា ជំនាញទន់រួមបញ្ចូល នូវសមត្ថភាពជាច្រើន ដូចជាការជជែក ផ្តល់ព័ត៌មាន សេចក្តីពន្តល់ ការចរចា ភាពជាអ្នកដឹកនាំ លើកទឹកចិត្ត និងការគ្រប់គ្រងគុណតម្លៃ ភាពជាសហគ្រិន ការសម្របខ្លួន និងមធ្យោបាយអាចរៀនសូត្រមិនចេះធុញទ្រាន់។
ដោយសារជំនាញទាំងនេះនឹងមានតម្រូវការរឹតតែខ្ពស់ ឡើងទៅអនាគត អ្នកស្រីបានខិតខំចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែក ដោយមិនចង់បានអ្វីមកវិញ ក្រៅពីមានបំណងឃើញជំនាញទាំងនេះចូលទៅបំពេញបន្ថែមដល់សមត្ថភាពកូនខ្មែរជំនាន់ក្រោយ។
អ្នកនិពន្ធ ម៉ីសន សុធារីបញ្ជាក់ថា ការផ្លាស់ប្តូរវិជ្ជមាន នូវពេលមនុស្សយើងផ្តោតទៅលើជំនាញទន់និងនាំឱ្យជំនាញរឹង ត្រូវបានវាយតម្លៃ និងវាស់វែងបានយ៉ាងងាយថែមទាំងមានប្រសិទ្ធិភាពជាងមុន ។
«ការសិក្សានៅប្រទេសជឿនលឿនបង្ហាញថា មុខរបរដែលទាមទារចាំបាច់នូវជំនាញទន់ នឹងកើនឡើងក្នុងអត្រា ៣.៧ ដងនៃការងារ ក្នុងវិស័យច្រើន ហើយសិល្បៈទំនាក់ទំនង ការជំរុញទឹកចិត្ត មានចំណែកយ៉ាងសំខាន់ក្នុងលក្ខខណ្ឌការងារទាំងអស់នៅឆ្នាំ ២០៣០។»អ្នកនិពន្ធគូសបញ្ជាក់។
លោកស្រី បន្ថែមផងដែរថា នៅពេលដែលស្វ័យប្រវត្តិកម្មរីកចម្រើន ឬ វត្តមាន AI មកលើទីផ្សារកាន់តែនឹងនរច្រើន ជំនាញរឹងអាចនឹងលែងប្រើបានប្រសិនយើងមិនអភិវឌ្ឍខ្លួន។ មានតែសមត្ថភាពសង្គម និងអារម្មណ៍ដែល ម៉ាស៊ីនឬ Robo មិនអាចចម្លងជំនួសមនុស្ស។
ជំនាញទន់ ដូចជាការងារជាក្រុម កិច្ចសហការគ្នា និងភាពធន់នឹងបញ្ហា ធ្វើឱ្យបុគ្គលិកដែលមានទស្សនៈខុសៗគ្នា និងរួមចំណែកធំដុំឡើងដល់ភាពជោគជ័យរបស់ក្រុម។
ចុចទីនេះសម្រាប់វីដេអូពេញ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ