ហេតុអ្វីអ្នកនិពន្ធខ្លះស្អប់ការពិពណ៌នាក្នុងប្រលោមលោក?

ចម្លើយខ្លី គឺ«មកពីពិបាកសរសេរ!» អ្នកនិពន្ធបានឆ្លើយតបបែបនេះទៅនឹងសំណួរមិត្តអ្នកអានយើង។ អ្នកនិពន្ធ ម៉ីសន សុធារីបន្ថែមថា   ប្រសិនមិនពូកែពិពណ៌នា យើងនឹងបាត់­គ្រឿងទេស ដែលចូលទៅបន្ថែមនូវរសជាតិដល់សាចរឿងទាំងមូល។

អ្នកស្រីបញ្ជាក់ថា ការពណ៌នាបានល្អ ក្នុងបរិមាណត្រឹមត្រូវបានជួយឱ្យប្រលោមលោកមានជីវិតរស់រវើក។

«អ៊ីចឹងកុំឆ្ងល់ថា ហេតុអ្វីអានមិនចូល មិនស្លុង? ព្រោះខ្សោយការទាញអារម្មណ៍ បានត្រឹមសរសេរឃ្លាសន្ទនាចុះឡើង ចប់មួយរឿងទាំងអ្នកអានមិនមើលឃើញទិដ្ឋភាពអ្វីទាំងអស់!»អ្នកស្រីពន្យល់បន្ថែម។

ការពណ៌នាល្អ ដែលបង្កប់សំឡេង រូប និងសកម្មភាព ជាការបង្កើតរូបភាពក្នុងសំណេរសម្រាប់កន្ត្រាក់ភ្នែកឱ្យចង់អានបន្ត ឯការដែលពណ៌នាអំពីអារម្មណ៍តួអង្គបានល្អ ជាការទាញយកបេះដូង​អ្នកអានតាមរយៈនិទានកថា ពេញលក្ខណៈ។

ការពណ៌នា ជាចំណុចលំបាក​កម្រមានអ្នកនិពន្ធអាចធ្វើបានល្អណាស់ លើកលែងតែពួកគេដាក់អារម្មណ៍ កំណត់ចរិតលក្ខណៈតួអង្គច្បាស់ អាចបង្កើតកាយវិកា​ដែលឆ្លើយតបនឹងចរិតនោះ ។ ចំណែក​ទិដ្ឋភាពដែលអាច​ឱ្យអ្នកអានព្រមជឿ គឺអ្នកនិពន្ធត្រូវការ​ចូលរួមច្រើន​ដើរច្រើន ក្នុងមជ្ឃដ្ឋាន​ច្រើន មិនអានអង្គុយសំងំ​សរសេរតាមលំនាំរឿងទូរទស្សន៍ទេ។

កន្លែងដែលយើងមិនធ្លាប់បានទៅឃើញ ទៅស្តាប់សំឡេង ឬស្រង់ក្លិនផ្ទាល់ ការសរសេរមិនបានល្អទេ អាចថា អ្នកអានមានអារម្មណ៍ឆ្គង ខុសៗ ហើយមិនជក់ចិត្ត​។

អ្វីដែលនៅក្នុងគំនិតរបស់អ្នកនិពន្ធមុនសិន ទើបអ្នកអានទទួលបានខ្លះជាក្រោយ។ តែបើគំនិតនោះមិនស៊ីសង្វាក់ សមទំនងនិងការពិតនៃជំនឿ ឬអ្វីដែលជាក់ស្តែងនោះទេ អ្នកអាន​អាចនឹងណាយលែងចង់អាន។

អ្នកស្រី ម៉ីសន សុធារីផ្តែផ្តាំទៀតដែរថា ក្នុងនាមជាអ្នកនិពន្ធ យើងគួរតែស្មឹងស្មាធឱ្យមានរូបភាពច្បាស់លាស់នៃទីកន្លែង តួអង្គ និងព័ត៌មានលម្អិតនៅក្នុងប្រលោមលោករបស់យើងសិនទើបអាចធ្វើការពណ៌នាបាន​ មិនធ្វើ​ឱ្យអ្នកអានរបស់យើងមាន​ក្តីស្រមៃខុសគ្នាខ្លាំង។

បទនិពន្ធដែលមិនបាន​ពិពណ៌នា​លម្អិត​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចាប់​ផ្ដើម​ទេនោះ អ្នក​អាន​នឹង​មិន​អាច​ភ្ជាប់​អារម្មណ៍ជាមួយ​នឹងសាច់​រឿង​​បាន​ឡើយ គ្រប់យ៉ាង​​ស្រពិចស្រពិលឬគ្មានរូបរាងសោះ វាគ្រាន់ជាការសរសេរថើៗ ដែលអ្នកអាននឹងមិនជាប់អារម្មណ៍ចង់អានបន្ត។

«សម្រាប់បទពិសោធន៍ខ្ញុំ ការរួមបញ្ចូលការពិពណ៌នាច្រើននៅក្នុងប្រលោមលោកមិនដែលហួសហេតុទេ! កាន់តែច្រើន វាអាចកាន់តែធ្វើឱ្យសាច់រឿងរបស់យើងអូសទាញអ្នកអានស្លុងចូល។ ការពិពណ៌នាធ្វើឱ្យការសរសេរយឺត​ហត់ និងទាមទារច្រើន ។ អ្នកនិពន្ធជាច្រើនធុញនឹងការពិពណ៌នា​ហើយគាត់ចង់រំលង ជាវិធីរបស់គាត់តែ ការផ្លោះទៅសន្ទនាជំនួសមិនមែនជាវិធីសាស្ត្រល្អឡើយ! ការបង្ហាញតែងតែល្អជាងការប្រាប់ចំៗ! ខ្ញុំឧទាហរណ៍ រវាងការឱ្យតួនិយាយថា អូយ ខ្ញុំដួលហើយ ខ្ញុំឈឺណាស់ គេក្បត់! អ្នកនិពន្ធដែលថ្នឹកជំនាញ មិនប្រើសន្ទនា​ទេ គាត់អាចសរសេរថា នាងថយមកប៉ះជញ្ជាំង! ជើងនាងទន់! ដៃក្តាប់! ភ្នែករលើប! មាត់នាងញ័រ! វាជាសញ្ញានៃការឈឺចាប់ដែលមិនអាចបរិយាយ!»

អ្នកស្រីបន្តថា អ្នកនិពន្ធដែលអានតិច ដើរតិច ស្វែងយល់តិច នឹងពិបាកក្នុងការពណ៌នាបង្ហាញ បានជាគាត់ត្រូវសរសេរប្រាប់ចំៗ តែការសរសេរបែបនោះមិនចូលបេះដូងអ្នកអានទេ នៅថើៗ ធ្វើឱ្យការអានទៅជាធុញទ្រាន់។

«ពិតណាស់យើងមិនគួរព្យាយាមពណ៌នាគ្រប់យ៉ាងឱ្យបានលម្អិតទេ តែ ផ្ទុយទៅវិញ ផ្តោតលើព័ត៌មានលម្អិតណាដែលគួរឱ្យចាប់អារម្មណ៍ និងមានអត្ថន័យភ្ញោច។ ការពិពណ៌នាដ៏ល្អ និងមានប្រសិទ្ធភាពទាក់ទាញអ្នកអានឱ្យចូលទៅក្នុងរឿងដោយអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍រវើរវាយតាមរយៈព័ត៌មានលម្អិតដែលប្រព្រឹត្តិតាមសំណេរ!ហើយ​ជួយ​រំកិល​សាច់រឿង​ទៅមុខយ៉ាងរហ័សមិនធុញថប់!ហេតុអ្វីរឿងខ្លះ១០ទំព័រ អ្នកអាន​ថាខ្លី? ហេតុអ្វីរឿងខ្លះពីរបីទំព័រសោះគេអានរំលង?»

ការពិពណ៌នាមិនមានន័យថាជាការបំពេញ ឬជាឱកាសសម្រាប់អ្នកនិពន្ធដើម្បីបង្ហាញថា ខ្លួនចេះពាក្យ​និងវាក្យសព្ទសម្បូរបែបទេ តែជា ការពិពណ៌នាល្អមានគោលបំណង ឆ្លុះបញ្ចាំងពីតួអង្គដែលកំពុងនៅទីនោះ ឬពិពណ៌នាអំពីសកម្មភាពមួយយ៉ាងលម្អិត ដោយបន្ថយល្បឿនឱ្យមិត្តអ្នកអាន សង្ស័យ ខ្វល់ ខឹង និងកម្សត់។

លី យ៉ារ៉ា

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*