“រឿងផ្ទះព្រាយកន្លង” ដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្តធំៗរបស់កម្ពុជា និងទទួលបានចាប់អារម្មណ៍ខ្លាំងពីស្រទាប់ យុវវ័យ គឺជាស្នាដៃនិពន្ធរបស់ លោក ពៅ មករា អ្នកនិពន្ធមួយរូប ដែលមានស្នាដៃលើអត្ថបទភាពយន្ត ចម្រៀង និងរឿងខ្លីជាច្រើនចំណងជើងមកហើយ។ តាមរយៈរឿងនេះ អ្នកនិពន្ធបញ្ជាក់ថា លោកចង់រំលេចនូវចំណុចធំៗ ដែលបង្ហាញពី ក្តីស្រលាញ់រវាងគ្រួសារ ទំនាក់ទំនងសង្គម សហគមន៍ ក៏ដូចជាការខ្វះការពិចារណា ដែលនាំមកនូវសេចក្តីវិនាសជាដេីម។ លោកថា រឿងនេះទៀតសោត ក៏បានបង្ហាញពីទំនៀមទំលាប់ និងជំនឿមួយចំនួនដែលតែងតែរស់នៅជាមួយខ្មែរ តាំងពីដេីមរហូតមកដល់ពេលបច្ចុប្បន្ន។
ក្រោយបញ្ចេញស្នាដៃនិពន្ធភាពយន្តខ្នាតធំដំបូងរបស់ខ្លួន អ្នកនិពន្ធរូបនេះបង្ហើបឱ្យដឹងដែរថា «រឿង ភូមិគ្រឹះអាគម» ដែលដឹកនាំផលិតដោយ Peypeydy និងត្រៀមចាក់បញ្ចាំងឆាប់ៗនេះដែរ គឺជាស្នាដៃទី២ របស់លោក។
គួរជម្រាបថា មុនឈានដល់ការនិពន្ធរឿងខ្នាតកុនរឿង «ផ្ទះព្រាយកន្លង» នេះ អ្នកនិពន្ធរូបនេះ ធ្លាប់បានសាងស្នាដៃជាច្រើនរួចមក ហើយ ដោយផ្នែកនិពន្ធអត្ថបទភាពយន្តសម្រាប់រឿងភាគទូរទស្សន៍ គឺរួមមាន រឿង ក្រយាស្នេហ៍; រឿង ប្តីខ្ញុំជូនឱ្យនាង; រឿង ស្នេហ៍ពីរភព (ចាក់បញ្ចាំងនៅប៉ុស្តិ៍បាយ័ន); រឿង បើមេឃគ្មានផ្កាយ; រឿង Dear ម៉ាប់ៗ និង រឿង Don’t Kiss Me (ចាក់បញ្ចាំងនៅប៉ុស្តិ៍ហង្សមាស) ជាដើម។
ក្រៅពីការនិពន្ធអត្ថបទភាពយន្ត លោកក៏ធ្លាប់បាននិពន្ធរឿងខ្លីសម្រាប់ស្ថាប័នឯកជន និងអ្នកផលិតមាតិកា ផងដែរ ដូចជា រឿង ឡានយើង; កំហុស; សំណាងខ្ញុំនៅឯណា?; សង្សារបង់រំលស់; ចុងឆ្នាំ សម្រាប់ក្រុមហ៊ុន លី ហួរ បង់រំលស់ និងរឿង ស្នេហ៍ចុងក្រោយ (ហង្សមាស) ក៏ដូចជារឿង Just Friend The Series (Peypeydy Team)។
ក្នុងអាជីពជាអ្នកនិពន្ធប្រមាណជា ១០ឆ្នាំ លោក ពៅ មករា ធ្លាប់ធ្វើជាជំនួយការដឹកនាំរឿងមួយចំនួនផងដែរ ដូចជារឿង ខោល; រឿង ទេពមច្ឆា; រឿង Don’t Kiss Me; រឿង ល្ខោន; រឿង មួយរយដុល្លារ; រឿង សុបិន្តវេទមន្ត; រឿង ឡានយើង (រឿងខ្លី) និងចម្រៀងភាពយន្ត «អ្នកម្តាយ» ។ ដោយឡែក រឿង បង់រំលស់ និងរឿង Just Friend The Series គឺលោកមានតួនាទីជា Co-Director ។
លើសពីនេះ លោកក៏មានស្នាដៃលើការតែងនិពន្ធទំនុកច្រៀង សម្រាប់តារាចម្រៀងល្បីៗមួយចំនួនផងដែរ ដូចជា
សង្សារចាស់ និង សុំបែកលេងៗ- ច្រៀងកញ្ញា កែវ សុបញ្ញា; ព្រោះអូនមិនមែនគេ ច្រៀងដោយអ្នកនាង សុខ ស្រីនាង; មួយម៉ាត់ ច្រៀងដោយលោក សេម ។
ងាកចេញពីជំនាញនិពន្ធសម្រាប់ការផលិត លោកក៏មានស្នាដៃប្រលោមលោក រឿងខ្លី និងរឿងកុមារផងដែរ រួមមាន៖
-ប្រលោមលោកបែបអភិនីហារ រឿង «មកតាមសន្យា ភាគ១» ឆ្នាំ២០២១។
-ប្រលោមលោកបែបអភិនីហារ រឿង «ម៉ឺនឯក» ឆ្នាំ២០១៩ ។
-រឿង ហៃអើ និងរឿងខ្លីដទៃទៀត បោះពុម្ពឆ្នាំ ឆ្នាំ២០១៨ ។
លោកបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងជំនាញលើការតែងនិពន្ធរឿងកុមារ គឺលោកធ្លាប់បានសិក្សាវគ្គបណ្តុះបណ្តាល រឿងកុមារ និងរចនារូបគំនូរកុមារ ពីអង្គការ រ៉ូមធូរីតកម្ពុជា និងបាននិពន្ធរឿងកុមារ សម្រាប់អង្គការរ៉ូមធូរីត និង តស់អាន Let’s Read ដែលជាគម្រោងរបស់អង្គការមូលនិធីអាស៊ីផងដែរ។
ទន្ទឹមនេះ លោកក៏បានណែនាំដល់យុវនិពន្ធជំនាន់ក្រោយ និងអ្នកគាំទ្រដែរថា “បេីអ្នកធ្លាប់ចង់ក្លាយជាអ្នកនិពន្ធ ឬជាអ្វីមួយ សូមតាមចាប់ក្តីស្រមៃរហូតដល់សម្រេច ដ្បិតបំណងប្រាថ្នាទាំងនោះនៅឆ្ងាយមិនអាចមេីលឃេីញក្តី”។
គួរជម្រាបថា លោក ពៅ មករា បានចាប់ផ្តើមអាជីពជាអ្នកនិពន្ធនេះ តាំងពីឆ្នាំ ២០១៤ ហើយអ្វីដែលជំរុញចិត្តលោក ឱ្យចាប់យកអាជីពនេះ ក៏ព្រោះតែជាការស្រលាញ់ និងជាបំណងប្រាថ្នាពីកុមារភាព។ ម៉្យាង ពេលដែលលោក បានអានស្នាដៃអ្នកនិពន្ធរៀមច្បង និងភាពយន្តរបស់ពួកគាត់ ធ្វើឱ្យលោកកាន់តែចង់ក្លាយជាអ្នកនិពន្ធទ្វេឡេីង៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ