ថ្ងៃចុងសប្ដាហ៍…
“ម៉ែ! កូនសុំទៅបោះតង់ជាមួយពួកម៉ាកនៅព្រៃទឹកធ្លាក់!”
“ទីនោះឆ្ងាយណាស់ម៉ែមិនឱ្យទៅទេ!”
“មិនអីទេម៉ែ កូនទៅគ្នាច្រើនតើ!”
“តែឆ្នាំហ្នឹងកូនឯងគត់ឆ្នាំយល់ល្អកុំទៅអីកូន!”
“បាទ!”
ថាហើយនាយដែនក៏ដើរចូលទៅក្នុងបន្ទប់គេងរបស់នាយទាំងទឹកមុខស្រពោន។
នាយដែនឆ្នាំនេះមានអាយុ២០ឆ្នាំហើយ ដែលចាស់ៗច្រើនតំណាលថាជាឆ្នាំគត់ងាយនឹងមានគ្រោះថ្នាក់ហើយអាចនឹងប៉ះពាល់ដល់អាយុជីវិតទៀតផង។
នៅរំពេចនោះសំឡេងទូរសព្ទដៃរបស់នាយដែនក៏បន្លឺឡើង។
“ផានិត!”
នាយដែនទាញទូរសព្ទពីហោប៉ៅក៏ឃើញថាលេខដែលខលមកនោះមានលោតឈ្មោះផានិតនៅលើអេក្រង់នាយក៏ប្រែទឹកមុខហាក់សប្បាយចិត្តពេលផានិតទូរសព្ទមក។
ផានិតជាមិត្តរបស់នាយដែន ហើយផានិតនេះឯងជាអ្នកបបួលមិត្តភ័ក្តិទៅបោះតង់នៅព្រៃទឹកធ្លាក់។
ពេលនិយាយទូរសព្ទជាមួយផានិត ដែនក៏បានប្រាប់ថា ខ្លួនមិនបានទៅបោះតង់ជាមួយពួកគេនោះទេ ព្រោះម្ដាយមិនឱ្យទៅ ប៉ុន្តែផានិតបដិសេធមិនព្រមឱ្យខ្វះវត្តមានរបស់ដែន ភ្លាមនោះផានិតក៏រៀបគម្រោងឱ្យដែនលួចទៅជាមួយពួកគេ រួចចាំធ្វើដំណើរបានឆ្ងាយហើយចាំទូរសព្ទទៅប្រាប់ម្ដាយជាក្រោយ។
នាយដែនយល់ព្រមនឹងសំណើររបស់ផានិតហើយក៏ធ្វើតាមអ្វីដែលផានិតប្រាប់គ្រប់យ៉ាង។
…
បន្ទាប់ពីជិះម៉ូតូអស់រយៈពេលបីម៉ោងកន្លះ ពួកគេក៏ឈប់សម្រាកញ៉ាំបាយនៅក្រោមម្លប់ដើមឈើធំមួយតាមផ្លូវ ព្រោះមើលទៅម៉ោងក៏ជិតមួយរសៀលទៅហើយម្នាក់ៗហេវបាយសឹងតែគ្មានកម្លាំងធ្វើដំណើរបន្ត។
បន្ទាប់ពីញ៉ាំបាយរួចគ្រប់គ្នាមានទឹកមុខស្រស់ស្រាយនិងមានកម្លាំងក្នុងការធ្វើដំណើរបន្តទាំងផានិត នាយយុទ្ធ នាយដន និងនាយផុន លើកលែងតែនាយដែនដែលកំពុងឈរច្រតចង្កេះមុខខ្មៅអែហាក់នឹកស្ដាយដែលខ្លួនហ៊ានលួចចេញដើរលេងទាំងដែលម្ដាយបានហាម។
“អាដែន ឯងទូរសព្ទទៅប្រាប់មីងឱ្យហើយទៅព្រោះនៅផ្លូវខាងមុខមិនមានសេវាទេ។”
ផានិតរំឮកឱ្យនាយដែនទូរសព្ទទៅប្រាប់ម្ដាយដើម្បីកុំឱ្យគាត់ភ័យនឹងដើររក។
ផានិតនិយាយចប់នាយដែនក៏ទូរសព្ទទៅម្ដាយភ្លាម។
“អាកូនចោរម្សៀតមកផ្ទះវិញឱ្យឆាប់! បើមិនឃើញមកផ្ទះថ្ងៃនេះទេកុំហៅអញម៉ែឱ្យសោះ!”
ម្ដាយរបស់នាយដែនគ្រាន់ឮកូនប្រាប់ថាចេញដំណើរទៅជិតដល់កន្លែងបោះតង់ គាត់ខឹងយ៉ាងខ្លាំងក៏កំហកឱ្យនាយដែន។ សំឡេងខ្លាំងៗរបស់ម្តាយនាយដែនបានឮដល់មិត្តភ័ក្តិរបស់គេដែលនៅក្បែរនោះ។
“គិតច្រើនធ្វើស្អីអ្ហ៎ា! គាត់ឱ្យអ្ហែងទៅវិញបើអ្ហែងមិនទៅក៏មែនគាត់មកតាមអ្ហែងដល់នេះណា!”
នាយដននិយាយបន្ទាប់ពីនាយដែនបញ្ចប់សន្ទនាជាមួយម្ដាយ។
“កុំខ្វល់ពេកអ្ហា! បោះតង់តែមួយយប់សោះ!”
នាយផុតនិយាយទាំងកំពុងទាញមួកសុវត្ថិភាពមកពាក់ដើម្បីធ្វើដំណើរបន្ត។
ភ្លាមនោះផានិតក៏បន្ទរ ៖
“មែនតើ ចាត់ទុកថាដើរលេងឱ្យស្រឡះខួរក្បាលមុនប្រឡងឆមាស!”
គ្រាន់ផានិតនិយាយចប់ភ្លាមនាយយុទ្ធក៏ពោលភ្លែត ៖
“ស្អីហ៎ា រៀនដល់ថ្នាក់ទី១២ហើយនៅមិនទាន់ចេះសម្រេចចិត្តខ្លួនឯងទៀត!”
គ្រប់គ្នាស្ដាប់មិនខុសនោះទេ ពួកគេជាសិស្សថ្នាក់ទី១២ដែលក្នុងចំណោមពួកគេនាយដែនមានអាយុច្រើនជាងគេក្នុងក្រុម។ នេះក៏ព្រោះកាលពីក្មេងនាយដែនឧស្សាហ៍ឈឺជាប្រចាំទើបចូលរៀនថ្នាក់ទី១នៅអាយុ៩ឆ្នាំ។ បើរាប់ទៅទោះបីនាយដែនចូលរៀនយឺតយ៉ាវជាងក្មេងដ៏ទៃពិតមែនប៉ុន្តែពេលបានជាសះស្បើយនាយក៏ខំប្រឹងរៀនសូត្រមិនដែលត្រួតថ្នាក់នោះទេ។
…
ផ្ទាំងថ្មក្បែរមាត់អូរ!
“ពួកយើងបោះតង់លើថ្មមាត់អូរនេះហើយងាយស្រួលលេងទឹក។”
ថាហើយពួកគេក៏ចាប់ផ្ដើមចែកតួនាទីគ្នាដោយផានិតនិងដែនជាអ្នកដំឡើងតង់ ចំណែកផុនជាអ្នករៀបចំតុកៅអីសម្រាប់អង្គុយអាំងសាច់ញ៉ាំជុំគ្នានាពេលល្ងាច រីឯយុទ្ធនិងដែនជាអ្នកទៅរកឧសមកដុត។ និយាយទៅពួកគេក៏បានត្រៀមធ្យូងមកដែរតែដោយសារពេលជិះឆ្លងស្ពានឈើផ្លូវចូលមកព្រៃទឹកធ្លាក់ដោយស្ពាននោះមានសភាពសើមនិងរអិលព្រោះទើបរាំងភ្លៀងផានិតជាអ្នកឌុបនាយដែនដោយរអិលរ៉េម៉ូតូតែសំណាងដែលមិនដួលគ្រាន់តែជ្រុះធ្យូងចូលទៅក្នុងទឹកអូរ។
នៅមុនពេលមកបោះតង់នេះនាយយុទ្ធមិនសូវពេញចិត្តដែលមានវត្តមានរបស់នាយដែនមកជាមួយនោះទេ។ ដោយនាយដែនជាប្រធានថ្នាក់មានតួនាទីរាយការណ៍អំពីសកម្មភាពមិនគប្បីរបស់មិត្តរួមថ្នាក់ទៅកាន់អ្នកគ្រូបន្ទុកថ្នាក់ ហើយអ្នកដែលត្រូវបានរាយការណ៍នោះគឺនាយយុទ្ធដែលតែងតែលួចខ្ចិលម៉ោងកីឡា កសិកម្ម ថែមទាំងគេចវេសរាល់វេនសម្អាតថ្នាក់ទៀតផង។
នាយយុទ្ធជាសិស្សពូកែតែគេចូលចិត្តរៀនតែមុខវិជ្ជាដែលគេចង់រៀនប៉ុណ្ណោះ ដូច្នេះហើយទើបគេតែងរកលេសមិនចូលរួមម៉ោងកីឡានិងកសិកម្ម។ តាមពិតនាយដែនក៏ធ្លាប់និយាយដាស់តឿននាយយុទ្ធហើយតែគេម្នាក់នេះរឹងទទឹងណាស់ ហើយថែមទាំងនិយាយបញ្ជោះឱ្យនាយដែនទៅប្រាប់អ្នកគ្រូបន្ទុកថ្នាក់របស់ពួកគេទៀតផង។ តែដោយយល់ដល់មិត្តភាពនាយដែនក៏ធ្វើជាមិនដឹងមិនឮខ្លះដើម្បីទុកឱកាសឱ្យនាយយុទ្ធកែខ្លួន នាយយុទ្ធដឹងថានាយដែនជាមនុស្សចិត្តទន់គេក៏កាន់តែបានចិត្តមិនខ្វល់ពីអ្វីដែលនាយដែនបានណែនាំឡើយ។ ប៉ុន្តែរឿងមិនចប់ត្រឹមនេះនោះទេព្រោះសិស្សរួមថ្នាក់ទាំងអស់លើកលែងតែនាយដែន នាយដន នាយផុន និងនាយផានិតដែលជាមិត្តសម្លាញ់របស់នាយយុទ្ធ ក្រៅពីនោះសិស្សរួមថ្នាក់ទាំងអស់បានទៅប្រាប់អ្នកគ្រូបន្ទប់ថ្នាក់អំពីទង្វើរបស់យុទ្ធហើយក៏បន្ថែមទៀតថាមេប្រធានថ្នាក់ជាអ្នកជួយកាងឱ្យនាយយុទ្ធ។
បន្ទាប់ពីអ្នកគ្រូបានស្តាប់ពួកគេនិយាយរួច អ្នកគ្រូក៏ឱ្យសិស្សម្នាក់ទៅហៅនាយដែននិងនាយយុទ្ធមកបន្ទប់ទីចាត់ការ។ ក្រោយបានសួរនាំដឹងរឿងហើយអ្នកគ្រូក៏និយាយអប់រំណែនាំពួកគេឱ្យភ្ញាក់រឭកអំពីទង្វើមិនគប្បីរបស់ពួកគេទាំងពីរក្នុងនាមជាសិស្ស រួចអ្នកគ្រូបានសម្រេចចិត្តដាក់ពិន័យនាយយុទ្ធដោយពិន្ទុសរុបឆមាសខាងមុខនេះត្រូវយកមកចែកជាពីរ ចំណែកនាយដែនត្រូវសម្អាតបន្ទប់ទឹករយៈពេលមួយសប្ដាហ៍។
នាយយុទ្ធព្រមទទួលពិន័យនឹងធ្វើតាមការណែនាំរបស់អ្នកគ្រូ ប៉ុន្តែនាយយុទ្ធនៅតែមានកូនចិត្តលួចខឹងនឹងនាយដែនដែលមិនព្រមជួយនិយាយឱ្យខ្លួន នៅពេលអ្នកគ្រូសម្រេចយកពិន្ទុសរុបរបស់គេមកចែកជាពីរ។ នេះក៏ដោយសារនាយយុទ្ធជាមនុស្សស្រឡាញ់ពិន្ទុហើយតែងយកចំណាត់ថ្នាក់របស់ខ្លួនទៅទាមទារសុំការដូពីគ្រួសារជារៀងរាល់ខែ។
…
ត្រឡប់មកបរិយាកាសបោះតង់យើងវិញ!
បន្ទាប់ពីផានិតដែលជាអ្នកជំនាញបោះតង់បានចែកតួនាទីក្នុងក្រុមរួចមក ពួកគេក៏ចាប់ផ្តើមសកម្មភាពរៀងខ្លួន។ ចំណែកនាយដែននិងនាយយុទ្ធជាការរៀបចំរបស់ផានិតដែលឱ្យពួកគេទៅរកអុកជាមួយគ្នា ព្រោះផានិតចង់ឱ្យមិត្តភាពរវាងដែននិងយុទ្ធត្រឡប់មកល្អដូចដើម។
នាយយុទ្ធនិងនាយដែនដើររកមើលអុសនៅម្ដុំក្បែរកន្លែងបោះតង់ប៉ុន្តែវាត្រូវបានសើមដោយសារភ្លៀងមុននេះអស់ទៅហើយ នាយដែនក៏បបួលនាយយុទ្ធទៅរកមើលនៅខាងលើភ្នំក្រែងមានមេឃឈើស្ងួតខ្លះគ្រាន់បានប្រើ។
នៅពេលឡើងមកដល់ពួកគេក៏ប្រទះឃើញឈើងាប់តូចធំជាច្រើនដែលខ្លះសើម ខ្លះទៀតសើមពាក់កណ្ដាលនឹងស្ងួតពាក់កណ្ដាល ហើយមានឈើងាប់មួយចំនួនតូចដែលស្ងួតដោយស្ថិតក្រោមម្លប់នៃស្លឹកឈើធំៗ។ ឃើញដូច្នេះនាយដែនក៏ឱ្យនាយយុទ្ធប្រមូលឈើស្ងួត ចំណែកនាយប្រមូលឈើដែលសើមពាក់កណ្ដាលស្ងួតពាក់កណ្ដាល។ កំពុងតែប្រមូលក៏ស្រាប់តែមានពស់មួយក្បាលពណ៌ខ្មៅប៉ុនកដៃវារសំដៅប្រុងនឹងចឹកនាយដែនទៅហើយតែសំណាងដែលនាយយុទ្ធឃើញទាន់ក៏ច្រាននាយដែនទៅម្ខាង ប៉ុន្តែដោយភ្លាមៗនាយយុទ្ធមិនបានគិតនោះទេថានៅម្ខាងដែលនាយរុញនាយដែនទៅនោះគឺជាជ្រោះ។
«អាយុទ្ធ!!»
ផាំង!!!
សំឡេងធ្លាក់ចុះមកឮសូរតែផាំង! នាយយុទ្ធស្លុតអស់ស្មារតី ទន់ជង្គង់ទច់នឹងដីខ្លួនញ័រទទ្រើក! នាយវារយឺតៗប៉ប្រះនឹងមាត់ជ្រោះរួចអើតមើលទៅខាងក្រោមក៏ឃើញសភាពនាយដែនដេកស្លាប់នៅលើផ្ទាំងថ្មធំមួយដែលមានទឹកហូរកាត់រិញៗដោយមានឈាមហូរនៅផ្នែកក្បាលចំណែកភ្នែកទាំងគូបើកគ្រលួងសម្លក់មករកនាយយុទ្ធ។ សំឡេងស្រែកឆ្វាចភ្លាមៗទាំងព្រឺរក្បាលពេលនាយយុទ្ធឃើញរូបភាពស្លាប់យ៉ាងអាណោចអាធម៌របស់នាយដែន។ ដោយរន្ធត់ចិត្តសឹងតែគាំងបេះដូងទៅហើយនាយយុទ្ធក៏ស្ទុះក្រោករត់ទៅរកមិត្តភ័ក្តិបីនាក់ទៀតនៅកន្លែងបោះតង់។
នាយយុទ្ធរត់ផងស្រែកហៅឈ្មោះពួកគេផងប៉ុន្តែដំណើរស្លន់ស្លោមិនទាន់នឹងទៅដល់ពួកគេផង ក៏ឮសំឡេងស្រែកឆ្វាចរបស់ផានិតដែលកំពុងក្បង់ទឹកមកលុបលាងមុខខណៈដែលខ្សែទឹកហូរចុះមកជាឈាមដែលចេញពីសពនាយដែន។ ដោយឮសំឡេងស្រែកនៅខាងមុខនាយយុទ្ធក៏ដឹងថាជាសំឡេងមកពីកន្លែងបោះតង់នាយកាន់តែរត់ឱ្យលឿនជាងមុន។
លុះចុះមកដល់ខាងក្រោមនាយយុទ្ធក៏ដើរសំដៅយឺតៗទៅក្បែរពួកគេដែលកំពុងឈរជុំគ្នាមើលទៅផ្ទៃទឹក។
“មានរឿងអី?!”
នាយយុទ្ធដើរចូលទៅយឺតៗព្រមជាមួយសំណួរ។
ភ្លាមៗគ្រប់គ្នាក៏បែរមករកម្ចាស់សំឡេង។ ទឹកមុខដ៏ស្លេកស្លាំងរបស់នាយយុទ្ធធ្វើឱ្យផានិតស្ទុះគ្រលៀសភ្នែករកមើលនាយដែន។
“ឯណាអាដែន?!”
សំឡេងគំហកសួរយ៉ាងតក់ក្រហល់របស់ផានិត។
ភ្លាមនោះនាយយុទ្ធក៏តបទាំងអួលណែនពេញទ្រូង ៖
“អាដែនវា! វា អាដែនវាស្លាប់ហើយ!”
“ហ៎ាស!!!”
នាយផុនស្លុតនឹងសម្ដីនាយយុទ្ធ។
ចំណែកនាយដនបើកភ្នែកធំៗពោលដោយសំឡេងស្រាលហាក់គ្មានវិញ្ញាណ៖
“អា…អាដែនស្លាប់!”
ភ្លាមនោះផានិតក៏និយាយទៅកាន់នាយយុទ្ធថែមទាំងចង្អុលទៅជ្រោះខាងលើ៖
“ឯងកុំប្រាប់ថាឈាមដែលហូរពីខាងលើ…!”
គ្រាន់ឮផានិតសួរបញ្ជាក់ដូច្នេះនាយយុទ្ធក៏ហូរទឹកភ្នែកសស្រាក់ហើយតបទាំងញ័រមាត់ ៖
“ឈាមអាដែន…!”
“ហើយម៉េចបានទៅជាអ៊ីចឹងអាយុទ្ធ?!”
បានឮចម្លើយផានិតក៏ស្ទុះក្របួចកអាវនាយយុទ្ធព្រមទាំងគំហកខ្លាំងៗ។ ផានិតគំហកសួរទាំងស្រក់ទឹកភ្នែកម៉ាត់ៗ។
“មុននេះពេលកំពុងរើសឧសសុខៗស្រាប់តែមានពស់ធំមួយវាវារប្រុងចឹកអាដែន អញក៏រុញអាដែនទៅម្ខាងតែពេលហ្នឹងវាភ្លាមៗពេកអញអត់បាននឹកឃើញទេថាស្ដាំដៃវាមានជ្រោះ! អញសុំទោស! អញគ្មានចេតនាឱ្យវាធ្លាក់ចុះទេ!”
នាយយុទ្ធនិយាយរៀបរាប់ទាំងទឹកភ្នែកសឹងតែខ្សោះពីខ្លួនឯរាងកាយក៏ល្ហិតល្ហៃទន់អស់ជើងដៃហើយក៏ដួលដោយអស់កម្លាំង។
គ្រប់គ្នាបន្តសោកសៅមួយស្របក់ នាយផានិតក៏បន្លឺឡើង ៖
“តស់! ទៅនាំអាដែនទៅផ្ទះវិញ!”
ផានិតនិយាយខណៈខ្លួនកំពុងជូតទឹកភ្នែក។
បន្ទាប់ពីគ្រប់គ្នាសម្រួលអារម្មណ៍រួចមកពួកគេក៏នាំគ្នាដើរឡើងជម្រាលថ្មតាមមាត់អូរដែលមានដុំថ្មតូចធំនឹងមានទឹកហូររិញៗហើយផ្លូវក៏មិនចោតដែរ។ លុះដើរជិតទៅដល់កន្លែងសពនាយដែនទៅហើយដែលមើលពីចម្ងាយទៅអាចឃើញពណ៌អាវរបស់នាយដែន ក៏ស្រាប់តែឮសំឡេងឆ្កែចចកលូទ្រហឹងកងរំពងពេញព្រៃធ្វើឱ្យពួកគេបង្អក់ដំណើរ។ ភ្លាមនោះម្នាក់ៗរួមទាំងនាយផានិតផងភ័យញ័រខ្លួននិងផ្តើមព្រឺរសម្បុរខ្ញាកៗ ស្របពេលនោះដែរខ្យល់ត្រជាក់បែបព្រឺរព្រួចក៏រសាត់មកប៉ះនឹងរាងកាយរបស់ពួកគេកាន់តែធ្វើឱ្យព្រឺរឆ្អឹងខ្នង។
នាយដន នាយផុន និងនាយយុទ្ធសម្លឹងមើលជុំវិញខ្លួនដោយភាពភ័យខ្លាច ខុសពីផានិតដែលកំពុងសម្លឹងមើលទាំងក្ដុកក្ដួលនឹកស្តាយស្រណោះជាខ្លាំងចំពោះនាយដែន។ អារម្មណ៍ដែលផានិតមាននៅពេលនេះគ្រប់យ៉ាងហាក់កណ្ដោចកណ្ដែង និងវិប្បដិសារីដែលមិនអាចហៅពេលវេលាឱ្យត្រឡប់បាន។ ភ្លាមៗក្នុងខួរក្បាលរបស់ផានិតក៏ផុសឡើងនៅពាក្យដែលនាយដែនបានប្រាប់មុនពេលចេញមកបោះតង់ថា “ម៉ែអញថាឆ្នាំនេះអញគត់ឆ្នាំគាត់អត់ឱ្យទៅបោះតង់ទេខ្លាចមានបញ្ហា!” សំឡេងរបស់នាយដែនឮខ្ទ័រពេញខួរក្បាលរបស់ផានិតកាន់តែធ្វើឱ្យគេឈឺចាប់ពេញទ្រូងនិងបន្ទោសខ្លួនឯងថាជាដើមហេតុដែលធ្វើឱ្យនាយដែនមកស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងបរិយាកាសកណ្ដាលព្រៃដ៏ស្ងាត់ជ្រងំគួរឱ្យស្រងេះស្រងោច។
ភ្លាមនោះផ្ទៃមេឃទាំងមូលក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងៗក្រោយពន្លឺព្រះអាទិត្យលិច។ ផានិតឃើញមេឃជិតងងឹតក៏ប្រាប់ឱ្យពួកគេប្រញាប់ទៅយកសពនាយដែន។ នៅពេលពួកគេកម្រើកខ្លួនប្រុងដើរបន្តក៏ស្រាប់តែមានខ្យល់បក់ខ្លាំងធ្វើឱ្យសំឡេងឆ្កែចចកកាន់តែគ្រលួចខ្លាំងឡើងស្របពេលនោះដែរសំឡេងប៉ះទង្គិចរបស់មេឃឈើឮងឺតង៉តគ្រីតគ្រឺតខ្ទ័រទ្រហឹងក៏បង្កើតបានជាសំឡេងដែលហាក់ដូចជាសំឡេងសើចផងនិងគ្រហឹមផង ខណៈនោះក៏មានលាយឡំក្លិនអសោចមកតាមខ្យល់ផងដែរ។
ដោយមិនអាចគ្រប់គ្រងអារម្មណ៍ភ័យខ្លាចក្នុងស្ថានការណ៍មួយនេះបាន នាយដន នាយផុន និងនាយយុទ្ធក៏បែរក្រោយរត់ចុះទៅក្រោមវិញ ឯផានិតហាក់ឈរភ្លឹកដោយសេចក្ដីសោកសៅតែក៏ត្រូវបាននាយផុនរត់មកទាញដៃហើយរត់ចុះទៅក្រោមទាំងអស់គ្នា។
លុះចុះមកដល់ក្រោមផានិតក៏បបួលពួកគេឡើងទៅម្ដងទៀតតែក៏ត្រូវពួកគេបដិសេធនិងសុំត្រឡប់ទៅផ្ទះវិញដើម្បីហៅគេឱ្យមកជួយពីព្រោះព្រៃទឹកធ្លាក់នេះជាកន្លែងដាច់ស្រយាល ម្យ៉ាងមេឃក៏ជិតងងឹតដែរបើត្រូវនៅរងចាំដល់ភ្លឺពួកគេប្រាកដជាភ័យខ្លាចដល់ឆ្គួតមិនខាន។ ដោយមានការស្រែកយំអង្វរពីពួកគេ ផានិតក៏សម្រេចចិត្តចេញពីព្រៃទឹកធ្លាក់ដើម្បីទៅសុំជំនួយ។
រយៈពេលមួយម៉ោងដែលពួកគេជិះចាកចេញពីព្រៃទឹកធ្លាក់រហូតមកដល់ភូមិមួយ តែនៅតាមផ្លូវស្ងាត់ជ្រងំមានតែពន្លឺអំពូលភ្លើងមួយៗនៅចម្ងាយពីគ្នាដោយសារផ្ទះអ្នកភូមិនេះនៅឆ្ងាយៗពីគ្នា។ ក្រឡេកមើលទៅខាងមុខហួសបន្តិចក៏ឃើញមានស្លាកមួយដែលបំភ្លឺដោយអំពូលសូឡាគឺស្លាកប៉ុស្តិ៍នគរបាល ដោយឃើញដូច្នេះផានិតក៏វាយភ្លើងសញ្ញាជិះបត់ចូលទៅប៉ុស្តិ៍។
ផានិតនិយាយរៀបរាប់ហេតុការណ៍គ្រប់យ៉ាងប្រាប់ដល់ប៉ូលិសប្រចាំតំបន់។ បន្តិចក្រោយមកក្រុមសមត្ថកិច្ចក៏ចាប់ផ្តើមចេញប្រតិបត្តិការដោយអ្នករួមដំណើរមានផានិតនិងក្រុមសមត្ថកិច្ចចំនួន៦នាក់ ចំណែកអ្នកផ្សេងទៀតក៏នៅរងចាំនៅប៉ុស្តិ៍។ ឆ្លៀតពេលផានិតនិយាយហេតុការណ៍ប្រាប់ប៉ូលិស នាយដនក៏ទូរសព្ទទៅក្រុមគ្រួសាររបស់នាយដែនផងដែរ។
ហេតុផលដែលផានិតស្ម័គ្រចិត្តជាអ្នកនាំក្រុមសមត្ថកិច្ចទៅកន្លែងកើតហេតុដោយមិនមានវត្តមានមិត្តភ័ក្តិរបស់គេទៅជាមួយក៏ព្រោះផានិតឃើញសភាពភ័យខ្លាចរបស់ពួកគេ ហើយវាអាចនឹងធ្ងន់ធ្ងរជាងនេះបើឱ្យពួកគេរួមដំណើរទៅយកសពរបស់នាយដែននៅឯព្រៃទឹកធ្លាក់នោះ។ ហើយអ្នកដែលពិបាកនឹងសន្និដ្ឋានជាងគេនោះគឺនាយយុទ្ធព្រោះសភាពរបស់គេពេលនេះមិនអាចគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរហូតបាត់បង់ស្មារតីនិយាយមិនដឹងរឿង ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយមាននាយដនទៅជាមួយ។ ចំណែកនាយផុននៅរងចាំទទួលឪពុករបស់នាយដែនដែលកំពុងធ្វើដំណើរមក ហើយទន្ទឹមគ្នានេះដែរនាយផុនក៏កំពុងរងចាំដំណឹងពីក្រុមសមត្ថកិច្ចនិងផានិតដូចគ្នា។
…
បាត់សព!!
“ឯណាអាដែន?!”
ផានិតនិយាយទាំងភ្ញាក់ផ្អើលនិងក្រឡេកមើលជុំវិញបរិវេណនោះដោយពន្លឺភ្លើងពិល។
“ប្អូនច្បាស់ទេថាសពរបស់មិត្តប្អូននៅត្រង់ហ្នឹង?!”
នាយប៉ូលិសនាំមុខម្នាក់ចោទសួរភ្លាមៗពេលមិនឃើញសពរបស់នាយដែននៅទីតាំងដែលផានិតនាំមក។ នាយប៉ូលិសដែលបង្ហើរវាចាយ៉ាងម៉ឺងម៉ាត់ម្នាក់នេះត្រូវបានស្គាល់ថាជាលោកមេប៉ុស្តិ៍។
“បាទលោកប៉ូលិសនៅត្រង់នេះច្បាស់ណាស់ខ្ញុំចាំបានថាមានផ្កាពណ៌ក្រហមមួយដើមគត់ដែលនៅចន្លោះខាងក្រោមថ្មសពរបស់នាយដែន!”
ផានិតតបដោយឈួលពិលបង្ហាញដើមផ្កាពណ៌ក្រហមមួយដើមនោះទៅកាន់ក្រុមប៉ូលិស។
ដោយមានអំណះអំណាងពីផានិត លោកមេប៉ុស្តិ៍ក៏ដើរសង្កេតម្ដុំនោះបានបន្តិចក៏ពោលឡើងថា៖
“ផ្ទាំងថ្មនេះនៅក្បែរមាត់ជ្រោះមានទឹកហូរកាត់រិញៗវាមិនអាចធ្វើឱ្យសាកសពអណ្ដែតហូរទៅតាមខ្សែទឹកបាននោះទេម្យ៉ាងពេលឡើងមកពួកយើងក៏សង្កេតតាមផ្លូវមករហូត ហើយបើថាមានសត្វព្រៃមកយាយីក៏ត្រូវមានស្លាកស្នាមខ្លះតែបរិវេណនេះមើលទៅដូចធម្មតា មិនមានអ្វីគួរឱ្យកត់សម្គាល់សោះ!”
ថាហើយសមត្ថកិច្ចរូបនេះក៏ចេញបញ្ជាឱ្យបំបែកជាពីរក្រុមដោយក្រុមទីមួយនៅពិនិត្យបរិវេណដែលផានិតរាយការណ៍ និងមួយក្រុមទៀតត្រូវបន្តឡើងទៅខាងលើ។
ក្រឡេកមកអ្នកខាងនេះវិញកំពុងស្រូតដំណើរទៅកាន់ប៉ុស្តិ៍នគរបាលព្រៃទឹកធ្លាក់តាមការប្រាប់របស់នាយដន។ តែដោយពេលនេះសភាពផ្លូវចិត្តរបស់ឪពុកនាយដែនមិននឹងនរ ប្អូនប្រុសរបស់គាត់ក៏ស្ម័គ្រខ្លួនជាអ្នកបើកឡាន ហើយក៏មានបុរសពីរនាក់ទៀតជាអ្នកភូមិផងរបងក្បែរគ្នាដែលឪពុកនាយដែនបានពឹងឱ្យទៅជាមួយ។
…
ប៉ុស្តិ៍ !!
“ពួកយើងព្យាយាមហើយតែនៅមិនទាន់រកឃើញសពកូនរបស់លោកពូនៅឡើយទេ! ម្យ៉ាងយប់នេះមេឃងងឹតស្លុបបើបន្តរកទៀតខ្លាចតែលុបដាននោះទេ ទើបខ្ញុំសម្រេចចិត្តទៅទីនោះម្ដងទៀតនៅព្រឹកស្អែក។”
លោកមេប៉ុស្តិ៍និយាយទៅកាន់ឪពុករបស់សពដោយបង្ហាញចិត្តជួយយ៉ាងពេញទំហឹងក្នុងការស្វែងរកសាកសពរបស់នាយដែនដែលបាត់សូន្យពីកន្លែងកើតហេតុ។
ក្រុមសមត្ថកិច្ចនិងផានិតបានធ្វើដំណើរត្រឡប់ទៅប៉ុស្តិ៍វិញដើម្បីត្រៀមខ្លួនមកម្ដងទៀតនៅព្រឹកស្អែកក្រោមហេតុផលតែមួយដែលលោកមេប៉ុស្តិ៍បានប្រាប់ទៅឪពុករបស់នាយដែន។
សាកសពដែលទុកចោលក្នុងព្រៃប្រហែលជាពីរម៉ោងជាង តើអាចទៅរួចទេដែលសាកសពបាត់ដោយសារសត្វសាហាវនៅក្នុងព្រៃនោះ?! តែបើជាសកម្មភាពសត្វសាហាវគួរណាតែមានតម្រុយខ្លះ ពីព្រោះក្រុមសមត្ថកិច្ចដែលរួមដំណើរទាំង៦នាក់នេះសុទ្ធតែជាអ្នកជំនាញភូមិសាស្រ្តនៅតំបន់នេះ វាមិនអាចនោះទេដែលសាកសពបាត់សូន្យហាក់ដូចជាគ្មានអ្វីកើតឡើងសូម្បីតែក្លិនក៏មិនមានផង!
ដោយឮលោកមេប៉ុស្តិ៍និយាយដូច្នេះ ឪពុកនាយដែនគ្មានជម្រើសអ្វីក្រៅពីអង្គុយរង់ចាំបើទោះបីជាគាត់អន្ទះសារយ៉ាងណាក៏ដោយក្ដី។
ស្ថានការណ៍នៅក្នុងប៉ុស្តិ៍ពេលនេះហាក់ស្ងប់ស្ងាត់ដោយអ្នកខ្លះអង្គុយសម្រាកក្នុងប៉ុស្តិ៍ ហើយខ្លះទៀតចងអង្រឹងដេកនៅខាងក្រៅដើម្បីសម្រាកយកកម្លាំងបំពេញភារកិច្ចនៅថ្ងៃស្អែក។ នៅយប់ដ៏ស្ងប់ស្ងាត់នេះឪពុកនាយដែនអង្គុយយំខ្សឹបខ្សួលតែម្នាក់ឯងនៅក្បែរមាត់ទ្វាប៉ុស្តិ៍ គាត់សម្លឹងមើលទៅផ្ទៃមេឃដែលងងឹតសូន្យសុងព្រមជាមួយអារម្មណ៍ដែលកើតទុក្ខជាខ្លាំងសូម្បីដង្ហើមក៏ពិបាកដក រាល់ដង្ហើមចេញចូលមានតែភាពឈឺចុកចាប់ពេញទ្រូង។
ភ្លាមនោះក៏មានលោកប៉ូលិសវ័យចំណាស់ម្នាក់ដើរសំដៅទៅរកឪពុករបស់នាយដែនព្រមទាំងហុចកាហ្វេក្ដៅមួយកែវដោយពោលដូច្នេះថា៖
“លោកប្អូនអើយកាត់ចិត្តខ្លះទៅ មានចួបមានបែកជានិស្ស័យកម្មដែលជាប់ជំពាក់! និយាយអ៊ីចឹងតើលោកប្អូនជឿលើរឿងហួសនិស្ស័យដែរទេ?”
“ហួសនិស្ស័យ?!”
ឪពុកនាយដែនតបទាំងងឿងឆ្ងល់នូវពាក្យដែលលោកពូប៉ូលិសនិយាយមុននេះ។
ទឹកមុខស្រពេចស្រពិលរបស់ឪពុកនាយដែនបង្ហាញឱ្យឃើញថាគាត់ពិតជាមិនយល់នូវអ្វីដែលលោកពូប៉ូលិសបានសួរមកគាត់នោះទេ។
សំណួររបស់លោកពូប៉ូលិសមុននេះគាត់មានចេតនាចង់សាកល្បងនូវការយល់ឃើញរបស់ឪពុកនាយដែន ពីព្រោះគាត់មានរឿងចង់និយាយប្រាប់តែខ្លាចភាគីម្ខាងទៀតមិនអាចទទួលយកហើយមើលមកគាត់ជាមនុស្សងប់ងល់នឹងជំនឿ។
“ខ្ញុំនិយាយតាមត្រង់ទៅចុះ ក្រុមសមត្ថកិច្ចដែលទៅរកសពកូនរបស់លោកប្អូនសុទ្ធតែជាមន្រ្តីជំនាញបើសពបាត់ពួកគេប្រាកដជារកមូលហេតុឃើញជាមិនខាន តែបើសពស្រាប់តែបាត់ដោយគ្មានមូលហេតុបែបនេះគឺមិនមែនជារឿងធម្មតានោះទេ! ខ្ញុំចង់ណែនាំឱ្យលោកប្អូនទៅអញ្ជើញលោកអាចារ្យឬអ្នកចេះមន្តវិជ្ជាការដើម្បីមកបើកផ្លូវ ព្រោះអាចនឹងមានអ្នកបិទបាំងមិនឱ្យពួកយើងរកសពរបស់ក្មួយដែនឃើញ។ រឿងនេះអាចនឹងពិបាកក្នុងការជឿតែខ្ញុំក៏ធ្លាប់បានឮចាស់ៗតំណាល ហើយក៏បានដឹងដោយសារមានការចែករំលែកពីអ្នកដែលធ្លាប់ជួបហេតុការនេះផ្ទាល់ផងដែរ ដូច្នេះហើយទើបខ្ញុំត្រូវនិយាយរឿងនេះជាមួយលោកប្អូនដោយផ្ទាល់។”
“ខ្ញុំអរគុណលោកបងហើយដែលប្រាប់ខ្ញុំពីរឿងនេះ និយាយត្រង់ខ្ញុំមិនដែលដឹងរឿងនេះពីមុនមកទេ!”
ឪពុករបស់នាយដែនតបទៅលោកពូប៉ូលិស ស្រាប់តែពេលនោះគាត់ក៏នឹកដល់សម្ដីរបស់លោកតាធ្យាន។លោកតាធ្យានជាចាស់ទុំក្នុងភូមិម្នាក់ដែលចេះមន្តវិជ្ជាការហើយគាត់តែងតែជួយដល់អ្នកភូមិដែលចួបទុក្ខលំបាកពាក់ព័ន្ធនឹងរឿងអបិយជំនឿ។
នៅមុនថ្ងៃកើតហេតុលោកតាធ្យានក៏បានដឹងមុនទៅហើយថានឹងមានរឿងកើតឡើងចំពោះនាយដែន ប៉ុន្តែលោកតាធ្យានក៏មិនអាចជួយអ្វីបានច្រើនដែរព្រោះជាកម្មរបស់បុគ្គលដូច្នេះមានតែពឹងលើសម្ពាយបុណ្យរបស់នាយដែនហើយ។ ដោយចិត្តមិនដាច់មិនអាចធ្វើជាប្រងើយកន្តើយបានលោកតាធ្យានក៏ទៅដាស់តឿនឪពុកម្តាយរបស់នាយដែនរឿងគត់ឆ្នាំ។ ដោយឪពុករបស់នាយដែនជាប់រវល់ការងារមិនសូវនៅផ្ទះ មានតែម្ដាយនេះហើយដែលជាអ្នកស្ដីថា តែដូចដែលបានដឹងពីខាងដើមមកហើយថានាយដែននៅតែមិនធ្វើតាមអ្វីដែលម្ដាយរបស់គេបានណែនាំឡើយ ទើបរឿងរ៉ាវបានផ្លាស់ប្ដូរពីសប្បាយក្លាយជាទុក្ខ។
…
“ហេឡួម៉ាក់វា បងចង់ឱ្យអូននិងក្មួយចក្រទៅជម្រាបអញ្ជើញលោកតាធ្យានមកព្រៃទឹកធ្លាក់ពាក់ព័ន្ធនឹងរឿងកូនដែន បងបានទេទៅប្រាប់ក្មួយចក្ររួចហើយតែអូនមិនបាច់មកទេ ទុកឱ្យក្មួយចក្រជូនលោកតាមកបានហើយ។”
ដោយស្វាមីនិយាយផ្ដែផ្ដាំចប់ ម្ដាយរបស់នាយដែនក៏ធ្វើតាមគ្រប់យ៉ាងដោយមិនសួរដេញដោលអ្វីឡើយ ព្រោះអ្នកស្រីយល់ចិត្តស្វាមីរបស់គាត់ច្បាស់ថាបើមិនមានផលវិបាកអ្វីទេស្វាមីរបស់គាត់ប្រាកដជាប្រាប់ឱ្យក្បោះក្បាយអំពីរឿងនេះ។
ពេលវេលាចេះតែរំកិលទៅមុខ ចំណែកឪពុករបស់នាយដែនក៏ភ្លេចខ្លួនគេងលក់នៅមាត់ទ្វា។ កំពុងតែលង់លក់ដោយសេចក្ដីហត់នឿយរំពេចនោះក៏ឮសំឡេងមាន់រងាវ ស្របពេលនោះដែរសន្ធឹកឡានក៏រំកិលចូលមកតាមមាត់ក្លោងទ្វាប៉ុស្តិ៍ ពន្លឺរថយន្តក៏ចាំងសាចធ្វើឱ្យគ្រប់គ្នាភ្ញាក់ពីដំណេក។
លោកតាធ្យានចុះពីរថយន្ត ឪពុកនាយដែនក៏រត់ទៅទទួលស្វាគមន៍។
បន្ទាប់ពីបានសំណេះសំណាលគ្នាមួយសន្ទុះ មេឃក៏ចាប់ផ្តើមភ្លឺ គ្រប់គ្នាព្រមទាំងនាយយុទ្ធដែលទើបនឹងត្រឡប់មកពីមន្ទីរពេទ្យក៏រៀបចំខ្លួនដើម្បីចេញដំណើរទៅរកសពរបស់នាយដែននៅឯព្រៃទឹកធ្លាក់។
បើកផ្លូវ…
ដំណើរឡើងឆ្ពោះទៅកាន់ចំណុចទីតាំងសពរបស់នាយដែនដែលនាំផ្លូវដោយផានិត និងលោកមេប៉ុស្តិ៍ ចំណែកលោកតាធ្យានក៏ដើរបន្ទាប់ពីអ្នកទាំងពីរ ព្រមទាំងមានធូបមួយដើមនៅជាប់នឹងដៃផង។ ដើរបានមួយស្របក់ក៏មកដល់កន្លែងសពរបស់នាយដែន។ ឪពុកនាយដែនគ្រាន់ឃើញសពរបស់កូនប្រុសភ្លាមគាត់រន្ធត់ចិត្តបេះដូងលោតសឹងតែផ្ទុះជាបំណែក គាត់យកដៃជ្រោងសក់ហើយខ្ញាំក្បាលខ្លួនឯងខណៈដែលទឹកភ្នែករបស់គាត់ហូរដូចជាទឹកបាក់ទំនប់។ កាន់តែមើលកាន់តែឈឺចាប់ទ្រូងជាឪពុកដែលមកឃើញសពរបស់កូនដេកស្លាប់នៅកណ្ដាលព្រៃដ៏ស្ងាត់ជ្រងំហើយថែមទាំងសភាពសពបិទភ្នែកមិនជិតស្លេកស្លក់ដោយឈាមហូរខ្សោះអស់ពីខ្លួន។ ឪពុកសម្លឹងមើលទៅសពកូនទាំងស្រមៃដល់ភាពឈឺចាប់ពេលកូនរបស់គាត់ធ្លាក់ពីទីខ្ពស់ចុះមក វាកាន់តែធ្វើឱ្យគាត់ចុកចាប់ក្នុងទ្រូងពន់ពេកដែលមិនអាចបរិយាយពីទុក្ខមួយនេះបាន។
លោកតាធ្យានបានធ្វើពិធីមួយចំនួននៅបរិវេណក្បែរសពរបស់នាយដែន រួចទើបសែងសពរបស់នាយដែនចុះទៅក្រោម។ អំឡុងពេលដែលគ្រប់គ្នាដើរចុះទៅក្រោម វិញ្ញាណរបស់នាយដែនក៏ឈរមើលពីខាងក្រោយ កែវភ្នែករបស់គេមើលទៅកាន់នាយយុទ្ធដោយក្រសែរភ្នែកក្រហមឆ្អៅព្រមជាមួយទឹកមុខដែលពពេញទៅដោយកំហឹងចងអាឃាត។ នាយដែនបានយល់ថាការដែលនាយយុទ្ធច្រានខ្លួនទម្លាក់ជ្រោះក៏ព្រោះនាយយុទ្ធខឹងនឹងខ្លួនដែលមិនបានជួយនិយាយជាមួយអ្នកគ្រូទើបគេត្រូវកាត់ពិន្ទុ។
“មិនស្មានថាគ្រាន់តែរឿងប៉ុណ្ណឹងអ្ហែងហ៊ានលើកដៃសម្លាប់អញ់! អាយុទ្ធ!!”
វិញ្ញាណនាយដែនពោលទាំងកំហឹង ភ្លាមនោះនាយយុទ្ធក៏ទទួលបានអារម្មណ៍ត្រជាក់យ៉ាងព្រឺរព្រួច។ ខណៈនោះនាយដែនប្រុងច្រាននាយយុទ្ធពីក្រោយឱ្យរមៀលធ្លាក់តាមជម្រាលថ្មទៅហើយតែក៏ត្រូវលោកតាធ្យានឃាត់ទាន់។ លោកតាធ្យានបានប្រើដួងចិត្តរបស់គាត់និយាយជាមួយនាយដែន ដែលការសន្ទនានេះមិនមានអ្នកណាបានឮនោះទេក្រៅពីលោកតាធ្យាននិងវិញ្ញាណនាយដែន។
លោកតាធ្យានបាននិមិត្តបង្ហាញសកម្មភាពនៅមុនពេលដែលនាយយុទ្ធច្រាននាយដែន ក៏ព្រោះមានពស់ធំមួយក្បាលប៉ុនប៉ងឆក់យកអាយុជីវិតរបស់នាយដែនទើបនាយយុទ្ធច្រានឱ្យផុតពីពស់នោះតែក៏មិនមានចេតនាឱ្យនាយដែនធ្លាក់ជ្រោះឡើយ។
នាយដែនឃើញរូបភាពនោះហើយក៏ស្រែកយំជាខ្លាំង នាយនឹកស្រណោះខ្លួនឯងដែលត្រូវបង់ជីវិតទាំងវ័យក្មេង និងអាណិតដល់ឪពុកម្ដាយដែលកំពុងមានទុក្ខជាទម្ងន់ ហើយនាយក៏បន្ទោសខ្លួនឯងដែលវីសនឹងសម្លាប់មិត្តសម្លាញ់ព្រោះតែការយល់ច្រឡំទៅហើយ នេះក៏ព្រោះមុនស្លាប់រូបភាពដែលដក់ជាប់នៅក្នុងការចងចាំរបស់នាយដែនគឺរូបភាពដែលនាយយុទ្ធច្រានខ្លួនឱ្យធ្លាក់ស្លាប់។
…
លុះពេលសពរបស់នាយដែនបានយកទៅដល់ផ្ទះ ក្រុមគ្រួសារក៏ចាត់ចែកធ្វើបុណ្យតាមប្រពៃណី។
បន្ទាប់ពីសពរបស់នាយដែនបានបូជារួច វិញ្ញាណរបស់នាយដែនក៏ក្រាបសំពះសុំខមាទោសអ្នកមានគុណទាំងពីរដែលមិនអាចនៅមើលថែរក្សាពួកគាត់ពេលចាស់ជរា ខណៈនោះក៏មានលោកតាធ្យានជាអ្នកប្រាប់អំពីសកម្មភាពនេះទៅកាន់ឪពុកម្ដាយរបស់នាយដែនផងដែរ។ ហើយជាចុងក្រោយនាយដែនក៏ក្រាបសំពះលាឪពុកម្ដាយជាលើកចុងក្រោយ ភ្លាមនោះវិញ្ញាណរបស់នាយដែនក៏រលាយបន្តិចម្ដងរហូតបាត់សូន្យពីលោកនេះទៅ។
“ចៅដែនទៅកាន់សុគតិភពហើយ!”
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ